ការលក់​ខុន​ដូ​កើនឡើង​នៅ​រាជធានី​ភ្នំពេញ

0

ភ្នំពេញ៖ ការលក់​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ បាន​ងើប​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​ទីផ្សារ​ចាប់ផ្តើម​មាន​សញ្ញា​ល្អប្រសើរ ខណៈ​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ចំនួន​ខុន​ដូ​បាន​កើន​ជិត​ដល់ ៥០,០០០យូ​នី​ត។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​ទើប​បង្ហាញ​របាយការណ៍​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ការលក់​ខុន​ដូ​បាន​កើន​ពី៦០ភាគរយ មកដល់៦១ភាគរយ​នៅ​ដំណាច់​ឆមាស​ទី១ឆ្នាំនេះ ស្របពេល​ចំនួន​ខុន​ដូ​បាន​កើន​ពី១២១ និង​មានផ្ទះ​សរុប​ចំនួន៤៣,៦០៤យូ​នី​ត ដល់១២៥គំរោង និង​មានផ្ទះ​ចំនួន៤៧, ៧០៤យូ​នី​ត​ក្នុង​ឆមាស​ទី១ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ មានន័យថា​ក្នុង​រយៈពេល៦ខែ​ដើម​ឆ្នាំនេះ ចំនួន​ខុន​ដូ​បាន​កើនឡើង​តែ៤គំរោង​ប៉ុ   ណ្ណោះ ក្នុងនោះ​បី​គំរោង​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ និង​មួយ​គំរោង​នៅ​ទីក្រុង​ភ្នំពេញ។

ការសិក្សា​ដដែល​បាន​រកឃើញ​ផងដែរ​ថា ទន្ទឹមនឹងនោះ​តំលៃ​ខុន​ដូ​ក៏បាន​កើនឡើង​ផងដែរ ដោយ​ឆមាស​ទី១កាលពី​ឆ្នាំមុន តំលៃ​ខុន​ដូ​គិត​ជា​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ​មាន​តំលៃ​ចន្លោះ​ពី១៩៣៩ ទៅ២២៩១ដុល្លារ ដល់២០៨៥ទៅ២៥៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ការសិក្សា​នេះ​បាន​រកឃើញថា គំរោង​ដែល​បញ្ចប់​ការសាងសង់​ឆ្នាំនេះ​មាន​ប្រមាណ១៧ភាគរយ កើនឡើង១ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ខុន​ដូ ដែល​បញ្ចប់​ការសាងសង់​ភាគច្រើន​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ខាងមុខនេះ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban living solutions ដែល​បានបញ្ចប់​នាពេលថ្មីៗនេះ​បាន​រកឃើញថា កំនើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង​នឹង​កើន​ឡើងដល់៤លាន​នាក់​នៅ​ឆ្នាំ២០៣០ ការកកស្ទះ​ចរាចរណ៍ ការកើនឡើង​នូវ​បច្ចេកវិទ្យា​សម្រាប់​ជីវិត​មនុស្ស​សម័យថ្មី និង​ចរន្ត​នៃ​យុវជន​វ័យក្មេង​កាន់តែច្រើន ពួកគេ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ​កាន់តែច្រើន​នាពេលនោះ។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​ថ្លែងថា នៅពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ បូក​ទាំង​អ្នករស់នៅ​តាម​បណ្តា​ខេត្ត ដែល​ចេញចូល​រាជធានី​រាល់ថ្ងៃ​មាន​ប្រមាណ៣លាន​នាក់ ហេតុនេះ​នៅ​ឆ្នាំ២០៣០លោក​គិតថា ចំនួន​ប្រជាពលរដ្ឋ​នឹង​កើន​ដល់៥លាន​នាក់​នៅ​ក្រុងភ្នំពេញ។ លោក​បន្តថា ការវិនិយោគ​ខុន​ដូ​របស់លោក ដោយសារ​លោក​សម្លឹង​ឃើញ​ចរន្ត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រោះ​នៅពេល​ប្រទេស​រីកចំរើន​ដី​ឡើងថ្លៃ ប្រជាពលរដ្ឋ​នឹង​សម្រេចចិត្ត​រស់នៅ​តាម​ខុន​ដូ ដោយសារ​ការកកស្ទះ​ចរាចរ ការកើនឡើង​នូវ​តំលៃ​ដីធ្លី និង​លំនៅដ្ឋាន។

លោក​បន្តថា “ខ្ញុំ​មិន​ព្រួយបារម្ភ​ពី​ការផ្គត់ផ្គង់​ទេ ព្រោះ​ពេល​និយាយ​ពី​ខុន​ដូ​ត្រូវ​និយាយ​ពី​ទីតាំង និង lifestyle ព្រោះ​ខុន​ដូ​របស់ខ្ញុំ​គឺ​លក់ lifestyle មិនមែន​លក់​តែ​បន្ទប់​គេង​ទេ។លោក​បន្តថា “ដោយ​នាំមក​នូវ​អ្នកវិនិយោគ​ដែលមាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់ ខុន​ដូ The Bridge ជា​ខុន​ដូ​គំរូ​មួយ ដែល​លក់បាន​ជោគជ័យ​ក្នុង​រយៈពេល​តែ​បី​បួន​ខែ​ប៉ុណ្ណោះ។

លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​ថ្លែងថា កន្លងមក​មានការ​ព្រួយបារម្ភ​ថា ទីផ្សារ​ខុន​ដូ​លើស​តម្រូវការ ប៉ុន្តែ​បើ​មើល​ពី​និ​ន្នា​និង​តម្រូវការ​ជាក់ស្តែង​ក្នុង​ទីផ្សារ និង​ការផ្គត់ផ្គង់​ខុន​ដូ​ជាក់ស្តែង ចំនួន​ខុន​ដូ​ដែល​បាន​ដាក់ចូល​ទីផ្សារ​មិន​លើស​តម្រូវការ​នោះទេ៕

NAKI GROUP បោះទុន ១០លាន​ដុល្លារ​វិនិយោគ​គំរោង​លំនៅដ្ឋាន​តម្លៃ​ទាប

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន NAKI GROUP បានសម្រេច​បោះទុន​វិនិយោគ ១០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​លំនៅដ្ឋាន សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន NAKI GROUP លោក មាស ង៉ែត​វាសនា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១៩ តុលា​នេះ​ថា ដោយសារ​មើលឃើញ​កំនើនសេដ្ឋកិច្ច និង​កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជាជនមាន​ជីវភាព​ថ្នាក់​មធ្យម និង​មធ្យម​កម្រិត​ទាប​កើនឡើង​ខ្លាំង ទើប​លោក​សម្រេចចិត្ត​វិនិយោគ​លំនៅ    ដ្ឋា​ន​មាន​លក្ខណៈ​ជា​បុរី RAVANA នេះ​ឡើង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។លោក​បន្តថា បុរី​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ​ជាង៣ហិកតា និង​លក់​ក្នុងតម្លៃ​ចន្លោះ​ពី៣៥,០០០ ទៅ៦០,០០០ដុល្លារ អាមេរិក​អាស្រ័យ​លើ​ទីតាំង និង​ទំហំ​ផ្ទះ។

លោក​បន្តថា “ខ្ញុំ​គិតថា​គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​ហេតុផល​ខាងលើ ហើយ​ខ្ញុំ​គិតថា​គូ​ស្វាមី​វ័យក្មេង ដែលមាន​ប្រាក់ខែ​បូក​ចូលគ្នា​ចន្លោះ​ពី៥០០ទៅ៦០០ដុល្លារ​ក៏​អាច​សន្សំ​ទិញ​បាន។លោក​បន្តថា“យើង​នឹង​ជួយ​ពួកគេ​អាច​ទទួលបាន​ឥណទាន​ពី​ធនាគារ ដើម្បី​សម្រេចបាន​លំនៅដ្ឋាន​ក្នុង​ក្តី​សុបិន​របស់​ពួកគេ។

បុរី RAVANA ស្ថិតនៅ​ចុង​ផ្លូវ៦០ម៉ែត្រ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ២ (អតីត​ដី​របស់​ស្ថានីយ៍ទូរទស្សន៍ CTN) ស្ថិតក្នុង​សង្កាត់​ព្រែកកំពឹស ខ័​ណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។

លោក មាស ង៉ែត​វាសនា បាន​បន្តថា លោក​គិតថា​ការវិនិយោគ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​បែបនេះ ជាការ​វិនិយោគ​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព សេដ្ឋកិច្ច​កើន​រាល់​ឆ្នាំ ហើយ​ប្រជាជនមាន​ជីវភាព​មធ្យម​ក៏​កំពុងមាន​កំនើន​ខ្ពស់​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ការទិញ​លក់​លំនៅដ្ឋាន នៅតែមាន​ភាពល្អប្រសើរ​សម្រាប់​ឆ្នាំនេះ ដោយសារ​កំនើន​ប្រជាសាស្ត្រ កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​លក្ខ​ខ័​ណ្ឌ​ទទួលបាន​ឥណទាន​ពី​ធនាគារ​នានា​កាន់​តែមាន​ភាពងាយស្រួល។លោក​បន្តថា អ្វីដែល​លោក​មើលឃើញ​ការទិញ​លំនៅដ្ឋាន​ទី២ នៅតាម​បុរី​នានា​បាន​កើនឡើង ប៉ុន្តែ​ប្រសិនជា​មើល​និន្នាការ​ទីផ្សារ លោក​បាន​មើលឃើញថា អ្នកវិនិយោគ​បាន​ចាប់ ផ្តើម​ចាប់យក​ទីផ្សារ​ប្រជាជនមាន​ចំណូល​ទាប និង​ចំណូល​ម​មធ្យម ព្រោះ​ប្រជាជន​ក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន និង​កំពុង​កើនឡើង។

អ្នកនាង​ អាន សុ​ធីតា​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា ទីផ្សារ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ទាប និង​ប្រាក់​ចំ​ណួ​ល​មធ្យម​កំពុងមាន​តម្រូវការ​ខ្ពស់ ដោយសារ​ប្រជាជន​ស្ថិតក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន ហើយ​ជា​មូលដ្ឋាន​ទីផ្សារ​ពិតប្រាកដ ដែល​អ្នកវិនិយោគ​នានា​គួរ​សម្លឹង​ឳ​កាស ដើម្បី​ចាប់យក​ទីផ្សារ​នេះ។

អ្នកនាង​បន្តថា “ពេល​ជួបពិភាក្សា​ប្រឹក្សា​យោបល់​នានា ខ្ញុំ​តែងតែ​ប្រាប់​ពួកគេ​គួរផ្តោត​ការវិនិយោគ​លើ​លំនៅដ្ឋាន​ដែលមាន​ជីវភាព​មធ្យម ព្រោះនេះ​ជាទី​ផ្សារ​ធំ និង​ជា​មូលដ្ឋាន​នៃ​ភាពជោគជ័យ​របស់​ពួកគេ”៕

កម្ពុ​ជាមាន​គម្រោង​នាំ​ចេកពងមាន់​ទៅកាន់​ទីផ្សារ​បរទេស

0

[:en]ភ្នំពេញ៖ កម្ពុជា​គ្រោង​នឹង​នាំចេញ​ចេកពងមាន់ ទៅកាន់​ទីផ្សារ​បរទេស បន្ទាប់ពី​ប្រទេស​នេះ​បាន​នាំចេញ​ចេកអំបូង​លឿង​ដើម្បី​ប្រកួតប្រជែង និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ប្រទេស​ហ្វីលីពីន ថៃ វៀតណាម និង​ប្រទេស​ឡាវ និង​ម្យ៉ាងវិញទៀត​គឺ​លើ​កត​ម្កើ​ន​ផលិត​កសិកម្ម​របស់​ខ្មែរ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក វេ​ង សាខុន បានលើកឡើង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា កម្ពុ​ជាមាន​គម្រោង​នាំចេញ​ចេកពងមាន់ ទៅកាន់​ទីផ្សារ​បរទេស ដើម្បី​ប្រកួតប្រជែង​និង​ដណ្ដើម​ទីផ្សារ​ជាមួយ​ចេក​អំបូរ​លឿង ពី​ប្រទេស​មួយចំនួន និង​លើ​កត​ម្កើ​ន​ផលិតផល​កសិកម្ម​កម្ពុ​ជា។លោក​បន្ថែមថា ចេកពងមាន់​ជា​របស់​ដែល​ដូនតា​ខ្មែរ បាន​បន្សល់ទុក វា​មាន​លក្ខណៈពិសេស​ជាង​ចេកអំបូង​លឿង ប៉ុន្តែ​ក្រសួង​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាលា​ភូមិន្ទ​កសិកម្ម ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ធ្វើយ៉ាងណា​រក្សា​សំបកចេក​ឲ្យ​បាន​មួយ​សប្ដាហ៍ រឺ​ជាង​មួយ​សប្ដាហ៍​កុំ​ឲ្យ​ឡើង​ជាំខ្មៅ  ព្រោះ​ការឡើង​ខ្មៅ​សំបក​នេះ អាចជា​ការរាំងស្ទះ​ដល់​តម្រូវ​ការទិញ។

លោក​បន្តថា “ការជ្រើសរើស​សាលា​ភូមិន្ទ​ជា​ដៃគូរ​ស្រាវជ្រាវ ការថែទាំ​សំបកចេក​ឲ្យ​លឿង​ល្អ​បាន​រយៈពេល​យូរ​នេះ ដោយសារតែ​សាលា​ភូមិន្ទ​មាន​មន្ទីរពិសោធន៍​ច្រើន និង​អ្នកជំនាញ​ផ្នែក​កសិកម្ម​ជាច្រើន។

បច្ចុប្បន្ននេះ​កម្ពុជា​ក៏​ដាំចេក​អំបូង​លឿង ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ដទៃទៀត​ផងដែរ ដោយ​ក្នុងនោះ​លោក វេ​ង សុខុន​បញ្ជាក់ថា  ចេកអំបូង​លឿង​មាន​ដាំ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​ក្នុង​មួយ​សប្ដាហ៍​អាច​នាំចេញ​ច្រើនជាង៣០០ទៅ៤០០តោន។ ចេកអំបូង​លឿង​របស់​ខ្មែរ​ទាំងនេះ ត្រូវបាន​នាំចេញ​តាម​ច្រក​វៀតណាម បន្តទៅ​ចិន ជប៉ុន និង​អូស្ត្រាលី​មួយចំនួន៕[:]

តើ​ប្រទេស​សឹង្ហ​បុរី​មាន​អាគារ​មួយណា​ខ្ពស់​ជាងគេ និង​មាន​ភាព​អស្ចារ្យ​បែបណា?

0

ដោយ៖ បុរស វុត្ថា

ភ្នំពេញ៖ ប្រទេសនីមួយៗតែងតែ​ចង់បង្ហាញ​នូវ​អ្វី ដែល​អស្ចារ្យ​សម្រាប់​ទីក្រុង​ឬ​រាជធានី​របស់ខ្លួន តាមរយៈ​ការសាងសង់​អាគារខ្ពស់ៗ ដើម្បី​ធ្វើជា Landmark របស់​ពួកគេ ក៏ដូចជា​ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម​របស់ខ្លួន​ផងដែរ។

ថ្ងៃនេះ​គេហទំព័រ propertyarea.asia សូម​បង្ហាញ​ពី​ព៌​ត​មាននៃ​អាគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​សឹង្ហ​បុរី ខណៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​នេះ ទើបបាន​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១៧ តុលា​កន្លងមកនេះ។

នៅក្នុង​ប្រទេស​សឹង្ហ​បូរី​មាន​អាគារ​ខ្ពស់​ប្រមាណ​ជា៤៣០០ ដែល​បាន​សាងសង់​រួច​ជា​ស្ថាពរ ហើយ​ចំនួន​អាគារ​ភាគច្រើន​គឺ​ស្ថិតនៅក្នុង​ទីប្រជុំជន។ បច្ចុប្បន្ន​មាន​អាគារ​ខ្ពស់​ប្រមាណ​ជា៧៨ ដែលមាន​កំពស់​ប្រមាណ​ជា១៤០ម៉ែត្រ ប៉ុន្តែ​ក្នុងចំណោម​អាគារ​ខ្ពស់​ទាំងនោះ គឺ​អាគារ​មជ្ឈមណ្ឌល Tanjong Pagar  Center បច្ចុប្បន្ន​ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​ផុត​នៅក្នុង​ប្រទេស​សិង្ហ​បុរី។ វា​មាន​កម្ពស់​ប្រមាណ​ជា ២៩០ ម៉ែត្រ ដែល​ហួស​ពី​ការកំណត់​កម្ពស់​សាងសង់​ត្រឹម២៨០ ម៉ែត្រ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល ( Central Business District)។

អាគារ Tanjong Pagar Centre ជា​អាគារ​ខ្ពស់​ជាងគេ​លំដាប់​លេខ១ ក្នុងប្រទេស​សឹង្ហ​បុរី​ដែលមាន​កម្ពស់ ២៩០ ម៉ែត្រ (ដែល​លើសពី​ច្បាប់​អនុ​ញ្ញា​ត្តិ​ ២៨០ម៉ែត្រ) និង ៦៤ជាន់ ដែល​បាន​កសាងឡើង​នៅក្នុង​ឆ្នាំ ២០១។

ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ការសាងសង់​អាគារខ្ពស់ៗ របស់​ប្រទេស​សិង្ហ​បុរី​បានចាប់ផ្តើម​ឆ្នាំ១៩៣៩ ដែល​ផ្តើមឡើង​ដោយ​អាគារ​ Cathay Building មាន​កម្ពស់​ត្រឹមតែ ១៧ជាន់​ប៉ុណ្ណោះ។ រចនាសម្ព័ន​របស់​វា​មាន ៧០ម៉ែត្រ គឺជា​អគារ​ដែល​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នាពេលនោះ។ អាគារ​មួយ​នេះ​ត្រូវបាន​ជំនួស​ដោយ​អាគារ​របស់​ក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាស៊ី (Asia Insurance Building) មាន​កម្ពស់៨៧ ម៉ែត្រ​ដែល​កសាងឡើង​នៅក្នុង​ឆ្នាំ១៩៥៤  ហើយ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​សិង្ហ​បុរី រហូតដល់​មាន​អាគារ​ថ្មី​មួយទៀត​ឈ្មោះ Shaw Center មាន​កំពស់១០០ ម៉ែត្រ​ត្រូវបាន​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៥។

ប្រទេស​សិង្ហ​បុរី បាន​ឆ្លងកាត់​ការរីកលូតលាស់​អគារសំខាន់ៗនៅ​ទសវត្ស​ឆ្នាំ១៩៧០ និង១៩៨០ ដែល​ធ្វើអោយ​ទីក្រុង​ទាំងមូល​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ក្នុងអំឡុងពេល​នោះដែរ មជ្ឈមណ្ឌល​ធនាគារ​ក្រៅប្រទេស (Overseas Union Bank Centre) បានក្លាយ​ទៅជា​អគារ​ខ្ពស់​ជាងគេ​នៅក្នុង​ទីក្រុង​តែម្តង។ សំណង់​ដែលមាន​កំពស់២៨០ម៉ែត្រ ក៏​ជា​អាគារ​ដែល​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក ដែល​ស្ថិតនៅ​អាមេរិក​ខាងជើង​ដែល​បាន​សាងសង់​ចាប់ពី​ឆ្នាំ ១៩៨៦ រហូតដល់​ឆ្នាំ ១៩៨៩ទើ​បាន​ត្រូវបាន​គេ​ប​បញ្ចប់ ខណៈដែល​ម​មាន​អាគារ Bank of China Tower នៅ​ទីក្រុង​ហុងកុង​បានបញ្ចប់​ផងដែរ​នោះ។ ការរីកចម្រើន​អគារ​កប់​ពពក​បា​នប​ន្ត​ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ១៩៩០ និង​ឆ្នាំ២០០០ ដោយមាន​អាគារ៣០  អាគារ​ដែល​យ៉ាងហោចណាស់​កម្ពស់​របស់១៤០ម៉ែត្រ​ឡើង ដែល​ភាគច្រើន​ជា​ប៉ម​លំនៅដ្ឋាន​សាងសង់​ចាប់ពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ ២០០៨ ។

ចាប់តាំងពី​ឆ្នាំ២០០០មក​មាន​ចំនួន​អគារខ្ពស់ៗ កំពុងស្ថិត​នៅក្រោម​ការ​សាងសង់​នៅក្នុង​តំបន់​ទីក្រុង​ជាពិសេស​នៅ​សង្កាត់ Marina Bay។ គម្រោង​មួយ​ដែល​បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​ដែល​ស្ថិតនៅក្នុង មជ្ឈមណ្ឌល​ម៉ា​រី​ណា (Marina Bay Sand គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Marina Bay ដែលមាន​អគារ​ការិយាល័យ​ចំនួន3 ដែល​ផ្តល់នូវ​ការិយាល័យ​លំដាប់​A មាន​ទំហំ​សរុប២៨០,០០០ ម៉ែត្រការ៉េ និង​មាន​អគារ​ស្នាក់នៅ​ចំនួន២ដែល​ផ្តល់ជូន​នូវ​ផ្ទះល្វែង​ប្រណីត​ចំនួន៦៤០ មាន​ទំហំ១៦.៤០០ ម៉ែត្រការ៉េ និង​មាន​ផ្សារ​លក់ដូរ​ទំហំ១៧៦.០០០ ម៉ែត្រការ៉េ ឈ្មោះ Marina Bay Link Mall ។

មានការ​អភិវឌ្ឍថ្មីៗជាច្រើន​ផងដែរ នៅក្នុង​មជ្ឈមណ្ឌល​ទិញ​ទំនិញ​ក្នុង​ទីក្រុង​អូក​ឆាត​ផងដែរ។ អគារ Orchard Residences គឺជា​អគារ​ដែលមាន​កំពស់២១៨ ម៉ែត្រ​ដែល​កំពុង​សាងសង់​ស្របគ្នា​នឹង ION Orchard ដែលជា​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​មួយ​នៅ​ជិត​ស្ថានីយ៍​អ័​រ​ឃាត។

លើសពីនេះ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មហាសមុទ្រ ( Ocean Financial Centre )ដែលមាន​កំពស់២៤៥ ម៉ែត្រ​ដែលមាន​កំពស់៤៣ជាន់​ត្រូវបាន​សាងសង់ឡើង​នៅ Raffles Place៕

ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​រក្សាបាន​កំណើន​ល្អប្រសើរ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការផ្តល់​ឥណទាន​រប​ស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា សម្រេចបាន​កំណើន​ល្អប្រសើរ​ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី១៨ តុលា​នេះ​ថា ការផ្តល់​ឥណទាន​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ សម្រេចបាន​កំនើន​ល្អប្រសើរ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី១០៣០លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់១៤៧៩លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ស្មើនឹង​កំនើន៤៣,៥ភាគរយ។លោក​បន្តថា រីឯ​ការដាក់​ប្រាក់​បញ្ញើរ​របស់​អតិថិ​ជ​មាន​កំនើន​ខ្ពស់​ផងដែរ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​កំនើន៥៥ភាគរយ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី៥៦៩លាន​ដុល្លារ ដល់៨៨៥លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា “កំណើន​ល្អប្រសើរ​ក្នុងការ​ផ្តល់​ឥណទាន ដោយសារ​អតិថិជន​របស់​ប្រា​សាក់​បាន​ពង្រីក​ជំនួញ​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ឥណទាន​កើនឡើង ហើយ​ទំហំ​ឥណទាន​របស់​ប្រា​សាក់​បាន​ពង្រីក​ដល់៥០ម៉ឺន​ដុល្លារ សម្រាប់​ផ្តល់​ដល់​អតិថិជន។លោក​បន្តថា “ចំណែក​ការដាក់​ប្រាក់​បញ្ញើរ​កើនឡើង ក៏​ជាស​ញ្ញា​ល្អ​ផងដែរ ព្រោះ​វា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​អតិថិជន​កើនឡើង​នៅ​ស្ថាប័ន​របស់​យើង។

លោក ជា ផល្លា​រិ​ន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត ​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ការផ្តល់​ឥណទាន​រប​ស់​អ​ម្រិ​ត​បាន​កើនឡើង១៧ភាគរយ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី៥៥៩លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់៦៦៥លាន​ដុល្លារ​នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។លោក​បន្តថា កំនើន​នៃ​ឥណទាន​នេះ មួយផ្នែក​ដោយសារ​ការ​រីកចំរើន​នៃ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​លំនឹង ដែល​តាម​ការព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ថា កម្ពុជា​នឹង​សម្រេចបាន​កំនើនសេដ្ឋកិច្ច៧,១ភាគរយ នៅ​ឆ្នាំ២០១៧នេះ។

លោក​បន្តថា អ្នក​ខ្ចី​ឥណទាន​ឆ្នាំនេះ ភាគច្រើន​យកទៅ​ពង្រីក​មុខ​ជំនួញ និង​ពង្រីក​ការដាំដុះ​ដំណាំ​កសិកម្ម ប៉ុន្តែ​យើង​ក៏​ជួយ​អតិថិជន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ឥណទាន​របស់​ពួកគាត់​មាន​ភាពសមស្រប និង​អាច​ពង្រីក​មុខរបរ​បាន។លោក​បន្តថា ជាមួយគ្នានេះ ការដាក់​ប្រាក់​បញ្ញើរ​នៅ​អ​ម្រិ​ត​ក៏មាន​កំនើន​ប្រមា ណ១៧ភាគរយ​ផងដែរ ដោយ​ទំហំ​ទឹកប្រាក់​បាន​កើន​ពី២៨៤លាន​ដុល្លារ​កាលពី​ដំណាច់​ឆ្នាំមុន ដល់៣៣០លាន​ដុល្លារ​នៅ​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ។

ជាមួយនឹង​កំណើន​នៃ​ឥណទាន​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល​កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល​ដែល​សង​ត្រលប់​យឺតយ៉ាវ​កើនឡើង។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ថ្លែងថា សុខភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅតែមាន​ភាពល្អប្រសើរ ទោះ​ជាមាន​កំនើន​នៃ​ការសង​ត្រលប់​យឺត​បន្តិច​ក្តី ប៉ុន្តែ​ការផ្តល់​ឥណទាន​ក្នុង​វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ មិនមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះទេ។

លោក​បន្តថា “កំណើន​នៃ​ការសង​ត្រលប់​យឺត មិនមាន​ហានិភ័យ​ខ្ពស់​នោះទេ ព្រោះ​កម្រិត​បំណុល​ស្ថិតក្នុង​ការគ្រប់គ្រង​បាន”៕

បុរី​ប្រណីត​ថ្មី​មួយ​តម្លៃ ១០០លាន​ដុល្លារ នឹង​លេចឡើង​នៅតាម​ផ្លូវជាតិ​លេខ១

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ បុរី​ប្រណីត​ថ្មី​មួយ ដែល​បោះទុន​វិនិយោគ​តម្លៃ១០០លាន​ដុល្លារ នឹង​លេចឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ស្របពេល​ទីផ្សារ​បុរី​កំពុង​ដែលមាន​ដំណើរការ​ល្អប្រសើ​រ។

អគ្គនាយក​ក្រុមហ៊ុន World Bridge Land លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គំរោង​ថ្មី​នេះ​នឹង​ចាប់ផ្តើម​សាងសង់ និង​ប្រកាស​លក់​នៅ​ចុងខែ​កក្កដា​នេះ នៅលើ​ផ្ទៃដី៣,៦ហិកតា មានផ្ទះ​សរុប​ចំនួន២០៤ផ្ទះ និង​ដាក់លក់​ក្នុង​តំលៃ​ចាប់ពី​ជាង៣០ម៉ឺន​ដុល្លារ​អាមេរិក។ គំរោង The Palm សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន World Bridge Land ជាមួយ​ក្រុមហ៊ុន Oxley Holding ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី។លោក​បន្តថា គំរោង​នេះ​ជា​គំរោង​ដែលមាន​ទស្សនទាន នៃ​ការអភិវឌ្ឍ​ប្លែក​ពី​គេ ដែលមាន​អាងទឹក មាន​កន្លែង​ជិះ​អូប័រ​កំសាន្ត និង​មាន Man Make Beach និង​សេវាកម្ម​ជាច្រើន​ទៀត។

លោក​បន្តថា “អ្នកដឹង​ចិត្ត​ខ្ញុំ​ហើយ បើ​ធ្វើ​អ្វីមួយ បើ​មិន​ជោគជ័យ ខ្ញុំ​មិន​ធ្វើ​នោះទេ។លោក​បន្តថា “តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ជា​តំបន់​ល្អប្រសើរ​ណាស់​សម្រាប់​រស់​នៅ បន្ទាប់ពី​ផ្លូវ​នេះ​បានបញ្ចប់​ការសាងសង់។

លោក​ឧកញ៉ា​ សៀ រិ​ទ្ឋី​ បាន​បន្តថា “ប្រសិនជា​អតិថិជន​ចង់​ទិញ​លំនៅដ្ឋាន​បែប ​resort សូម​រង់​ចាំមើល​គំរោង​នេះ ព្រោះ​វា​ជា​គំរោង​ដែលមាន​ទស្សនទាន​នៃ​ការអភិវឌ្ឍន៍​បែប​ថ្មី និង​ខុសប្លែក​ពី​គេ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែងថា ស្ថានភាព​នៃ​ការលក់​បុរី​ចាប់ផ្តើម​ប្រសើរឡើង​ហើយ ដោយ​បុរី​ជាច្រើន​បាន​លក់​យ៉ាង​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​ចុងក្រោយ​នេះ ហើយ​តំបន់​ផ្លូវជាតិ​លេខ១ ក៏​ជា​តំបន់​ល្អ​សម្រាប់​អភិវឌ្ឍន៍។លោក​បន្តថា ការវិនិយោគ​បុរី​សម្រាប់​ប្រជាជនមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​លក់ដាច់​ល្អ ប៉ុន្តែ​បើ​ផ្ទះ​មាន​តំលៃ​ថ្លៃ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ​លក់បាន ប៉ុន្តែ​ក្នុង​ល្បឿនយឺត។

លោក​បន្តថា “ការលក់​លំនៅដ្ឋាន​ល្អ​ឡើងវិញ ដោយសារ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើនជាង​មុន ពួកគេ​មិន​បារម្ភ​ពី​ការបោះឆ្នោត​ទៀត​ទេ គាត់​ចាស់ទុំ​ហើយ លែង​ឈ្លោះ​គ្នា លែង​វ៉ៃ​គ្នា​ពេល​ហែរ​បក្ស នេះ​ជា​រឿង​ល្អ​សម្រាប់​ទាំងអស់គ្នា។

លោក​ គីម ហ៊ាង ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ទីផ្សារ​បុរី​នៅតែ​ទទួលបាន​ជោគជ័យ ដោយសារ​តម្រូវ​ការបន្ត​កើនឡើង ព្រោះ​សេដ្ឋកិច្ចកម្ពុជា​បន្ត​សម្រេច​បាន​កំនើន​ខ្ពស់ លក្ខ​ខ័​ណ្ឌ​នៃ​ការផ្តល់​ឥ ណ​ទាន​កាន់​តែមាន​ភាពងាយស្រួល និង​កំនើន​ប្រជាសាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ។លោក​បន្តថា ទោះជា​យ៉ាងណា​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ហាក់​មាន​ភាពយឺតយ៉ាវ​បន្តិច​ក្នុង​ការលក់ ប៉ុន្តែ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដែលមាន​អ្នកវិនិយោគ​មាន​កេ​រ្ត៍​ឈ្មោះ​បែបនេះ នឹង​នៅតែ​ទទួលបាន​ជោគជ័យ ព្រោះ​អ្វី​សំខាន់​គឺ​ទំនុកចិត្ត៕

សម្តេច​តេ​ជោ​ថា កម្ពុជា​នឹង​ទទួលបាន​ទេសចរណ៍​អន្តរជាតិ ៥,៧លាន​នាក់​នៅ​ឆ្នាំនេះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស ប្រមាណ៥,៧លាន​នាក់​នៅ​ឆ្នាំ២០១៧នេះ ខណៈដែល​វិស័យ​ឯកជន​បាន​យល់ស្រប ដោយសារ​លំហូរ​ភ្ញៀវ​ទេសចរណ៍​ចិន​បាន​កើនឡើង​យ៉ាងគំហុក។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង១ម៉ឺន​នាក់​នៅ​តំបន់​កំបូល​នា​ព្រឹក​ថ្ងៃទី១៨ តុលា​នេះ សម្តេច​តេ​ជោ​បាន​ថ្លែងថា នៅ​ឆ្នាំ២០១៧នេះ​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស៥,៧លាន​នាក់។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក​ទិ​ត្យ ចាន់ថា​បាន​យល់ស្រប​នឹង​ការលើកឡើង​របស់​សម្តេច​តេ​ជោ ដោយ​ឯកឧត្តម​បាន​ថ្លែងថា ប្រសិនជា​យើង​មើល​ពី​កំនើន​ភ្ញៀវ​ទេសចរណ៍​ឆ្នាំនេះ យើង​អាច​សម្រេចបាន​តាម​អ្វីដែល​សម្តេច​បានលើកឡើង ដោយសារ​រយៈពេល៧ខែ​ឆ្នាំនេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ជាង៣លាន​នាក់ ស្មើនឹង​កំនើន​ប្រមាណ១៣ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​បន្តថា “ឆ្នាំនេះ​កម្ពុជា​ទទួលបាន​កំនើន​ភ្ញៀវ​ច្រើន ពិសេស​ក្នុង​រដូវ​សម្បូរ​ភ្ញៀវ​ទេសចរណ៍ ក្រសួង​បាន​សង្កេតឃើញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​កើន ឡើង​ខ្ពស់ ហេតុនេះ​យើង​សង្ឃឹមថានឹង​សម្រេចបាន​នូវ​គោលដៅ។

ក្រសួងទេសចរណ៍​បាន​ពន្យា​ករ​ណ៍​កាលពីដើម​ឆ្នាំនេះ​ថា កម្ពុជា​រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរ​ជា​យិ៥,៤លាន​នាក់ ខណៈ​កាលពី​ឆ្នាំ២០១៦កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ៥លាន​នាក់។

ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​លោក ធួន ស៊ីណាន បាន​ថ្លែងថា ផ្អែក​តាម​អ្វីដែល​សម្តេច​លើកឡើង និង​តួលេខ​ជាក់ស្តែង លោក​យល់ស្រប​នឹង​ការលើកឡើង​របស់​សម្តេច ដោយសារ​ភ្ញៀវ​ទេសចរណ៍​ចិន បាន​កើនឡើង​យ៉ាងគំហុក​នៅ​ខេត្ត​ព្រះសីហនុ ដែល​ពិបាក​រក​បន្ទប់​សម្រាក​ជា​រៀងរាល់​ពេល ហើយ​គោលដៅ​ទេសចរណ៍​ដទៃទៀត ក៏​ភ្ញៀវ​ទេសចរណ៍​ចិន និង​ភ្ញៀវ​អន្តរជាតិ​ដទៃទៀត​កើនឡើង​ផងដែរ។

អ្នកជំនាញ​ទេសចរណ៍​មួយរូប​បាន​និយាយ ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា កម្ពុជា​ពិតជា​សម្រេចបាន​កំនើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ តែ​តួលេខ​នៃ​កំនើន​គួរ​សិក្សា​ឡើងវិញ ដោយសារ​មានការ​ត្អូញត្អែរ​ពី​ម្ចាស់​សណ្ឋាគារ ក្រុមហ៊ុន​ដឹកជញ្ជូន​នានា​នៅ​ខេត្តសៀមរាប ពី​ភាពស្ងប់ស្ងាត់​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នានា ក្នុងពេលដែល​រដូវ​សម្បូរ​ភ្ញៀវ​បានមក​ដល់ ប៉ុន្តែ​ការមកដល់​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាក់ស្តែង​បាន​ថយចុះ ធៀប​នឹង​ឆ្នាំមុន។

លោក​បន្តថា “វិស័យ​ឯកជន​ចង់​ឲ្យ​មានការ​អង្គុយ​ចុះ​រួមគ្នា ពិនិត្យមើល​ទាំងអស់គ្នា​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់​ព័​ន្ឋ ដើម្បី​ពិនិត្យ​បញ្ហា​ជាក់ស្តែង និង​រក​ដំណោះស្រាយ​រួមគ្នា”៕

ស្ថាប័ន​ចំនួន​បី​ផ្តល់​ហិរញ្ញប្បទាន ១៥លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម

0

ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្ថាប័ន​ចំនួន​បី​បាន​រួមគ្នា​ផ្តល់​ហិរញ្ញប្បទាន១៥លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​វិស័យ​កសិកម្ម​នៅ​ខេត្ត​ចំនួន​បួន តាមរយៈ​ការ​សម្រប​ស​ម្រូ​លពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​កិច្ចអភិវឌ្ឍន៍​អន្តរជាតិ (USAID)។

ស្ថាប័ន​ចំនួន​បី​នោះ​រួមមាន មីក្រូហិរញ្ញវត្ថុ​ចំនួន​ពីរ​នៅ​កម្ពុជា​គឺ AMK និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC ព្រមទាំង​ក្រុមហ៊ុន RMA សម្រាប់​មូលនិធិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ និង​ខេត្តពោធិសាត់។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មានបាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៨ តុលា​នេះ​ថា ការប្រកាស​ពី​ភាពជា​ដៃគូ​នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក ក្នុងការ​បង្កើន​ភាព​ដែល​អាច​ទទួលបាន​នូវ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផលិតភាព លើកកម្ពស់​កំណើនសេដ្ឋកិច្ច ដែល​ដឹកមុខ​ដោយ​វិស័យ​កសិកម្ម។ ចាប់តាំងពី​ឆ្នាំ២០១១ ទីភ្នាក់ងារ USAID តាមរយៈ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត (Feed the Future Initiative) បាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម និង​សន្តិសុខ​ស្បៀង​នៅតាម​បណ្តា​ខេត្ត​ចំនួន បួន​ជុំវិញ​បឹង​ទន្លេសាប​តាមរយៈ​កម្មវិធីផ្សេងៗជាច្រើន ដោយ​ផ្តោតលើ​គ្រួសារ​ក្រីក្រ និង​កសិករ​តូច តាច។ ដើម្បី​បំពេញបន្ថែម​លើ​គម្រោង​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត ថ្ងៃនេះ​ទីភ្នាក់ងារ USAID បាន​ចាប់​ដៃគូ​ជាមួយ​វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ពីរ​គឺ វិទ្យាស្ថាន​មីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថាន​មីក្រូ ហិរញ្ញវត្ថុ LOLC និង​ក្រុមហ៊ុន RMA ដើម្បី​ប្រមូលប្រាក់​កម្ចី​រហូតដល់១៥លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​វិស័យ​ក​សិ​វប្បកម្ម។

កម្ចី​ទាំងនេះ នឹង​ពង្រីក​ការវិនិយោគ​លើ​វិស័យ​ក​សិ​វប្បកម្ម​ក្នុង​គោលដៅ ជម្រុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​ការលក់​វត្ថុធាតុដើម​កសិកម្ម​ក្នុង​រយៈពេល៧ឆ្នាំ​នៅតាម​បណ្តា​ខេត្ត​ខាងលើ។

លោកស្រី​ផលី ដាន់​ហ្វ៊​ត (Polly Dunford) នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “យើង​មាន​មោទនភាព​ក្នុងការ​ផ្តល់​ឥណទាន​ដល់​វិស័យ​ឯកជន ដែល​កំពុង​បម្រើការ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែលមាន​ប្រជាជន៧០%នៃ​ប្រជាជន​សរុប​រស់នៅ ពឹង​ផ្អែកលើ​វិស័យ នេះ។ លោកស្រី​បន្ថែមថា៖ “យើង​មានការ​ជឿជាក់ថា​ការ បង្កើន​ឥណទាន​ក្នុង​វិស័យ​កសិកម្ម នឹង​គាំទ្រ​យ៉ាង​សម្បើម ដល់​កំណើនសេដ្ឋកិច្ចរ​បស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់​ផល​វិជ្ជមាន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល មិន​ថា​នៅតាម​ទីជនបទ ឬ​ទីប្រជុំជន​នោះទេ”៕

ផ្សារ​រាត្រី​កុង​ទី​ណ័​រ​មួយទៀត​បើក ដំណើរការ​នៅពេលឆាប់ៗនេះ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ផ្សារ​រាត្រី​កុង​ទី​ណ័​រ​ថ្មី​មួយទៀត នឹង​បើក​ដំណើរការ​នៅពេល​ខាងមុខនេះ ស្របពេល​និន្នាការ​ផ្សារ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បែបនេះ កំពុង​ទទួលបាន​ជោគជ័យ​នៅ​ទីក្រុង​ភ្នំពេញ។

ផ្សារ​រាត្រី​ថ្មី​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុធារស (នៅខាងមុខ​អាគារ ROSE Condo ឬ​ខាងត្បូង​ផ្សារ AEON Mall) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ។

តាម​ព័ត៌មាន​ពី​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ទំនើប​នេះ បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី១៧ តុលា​នេះ​ថា ផ្សារ​រាត្រី​នេះ​នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗខាងមុខនេះ ហើយ​វា​នឹង​ជា​ផ្សារ​មាន​ទំហំ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ។ ផ្សារ​នេះ​នឹង​បើក​ដំណើរការ ២៤ម៉ោង ដោយមាន​លក់ទំនិញ​ច​ម្រុះ មាន​ភោជនីយដ្ឋាន ហាង​លក់​សម្លៀកបំពាក់ និង​តន្ត្រី​បែប​ក្លា​សិ​ក។

ការបើក​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ បាន​រីក​រាលដាល​កាន់តែច្រើន បន្ទាប់ពី​ផ្សា​រាត្រី​ទីមួយ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Jet Group បាន​បើក​ដំណើរការ​និង​ទទួលបាន​ជោគជ័យ​រួចមក។

លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក​ក្រុម​ហ៊ុ Jet Group បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា Jet Container Night Market មាន​តែមួយ​ប៉ុណ្ណោះ ហេតុនេះ​ភាពជោគជ័យ ឬ​បរាជ័យ​របស់​អ្នកវិនិយោគ​ស្រដៀង​គ្នា​នេះ មិន​ពាក់​ព័​ន្ឋ​ជាមួយ​ក្រុមហ៊ុន​របស់លោក​ឡើយ។

និន្នាការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ភាគច្រើន​ធ្វើឡើង​តាម​គ្នា​ដែល​អ្នកជំនាញ​បាន​ព្រមាន​ពី​ហានិភ័យ ក្នុង​ការធ្វើ​ជំនួញ​បែបនេះ ព្រោះ​ការធ្វើ​ជំនួញ បែបនេះ មិន​ទទួលបាន​ជោគជ័យ​ឡើយ ប្រសិនជា​អ្នកវិនិយោគ​គ្មាន​ជំនាញ​ច្បាស់លាស់ ហើយ​ធ្វើ​អ្វី​តាម​គ្នា​នោះ៕

កម្ពុជា​ស្នើសុំ​សឹង្ហ​បុរី​ឲ្យនាំចូល​ផលិតផល​កសិកម្ម​បី​មុខ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សឹង្ហ​បុរី លោ​កវី​វៀន បា​ឡា​គ្រី​ស្នាន ដែល​បាននិងកំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មូ​យ​ថ្ងៃ គឺ​ថ្ងៃទី១៧ តុលា​នេះ​ថា លោក​សូម​ឲ្យ​សឹង្ហ​បុរី​ពិចារណា​នាំចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា ចំនួន​បី​ប្រភេទ​ទៅកាន់​ទីផ្សារ​របស់ខ្លួន។ ផលិតផល​កសិកម្ម​ទាំងនោះ​រួច​មាន ម្រេច អង្ករ និង​ផ្លែស្វាយ។

ជាការ​ឆ្លើយតប​លោ ក​វី​វៀន បា​ឡា​គ្រី​ស្នាន ​បាន​សន្យា​នឹង​លើកសំណើរ​នេះ​ទៅកាន់​រដ្ឋាភិបាល​របស់​លោក​ពិចារណា។ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា សឹង្ហ​បុរី​មាន​ទឹកប្រាក់​ប្រមាណ៣លាន​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ពាណិជ្ជកម្ម​កម្ពុជា សឹង្ហ​បុរី​មាន​ទំហំ​តូច​ប៉ុណ្ណោះ ដោយសារ​ប្រទេស​សឹង្ហ​បុរី​មិនមែនជា​ប្រទេស​ផលិត​ធំ សម្រាប់​នាំចេញ​នោះទេ ព្រោះ​ប្រទេស​នេះ​មាន​ចំនួន​ប្រជាជន​តិច ធៀប​ជាមួយនឹង​កម្ពុជា ហេតុនេះ​សឹង្ហ​បុរី គឺអាច​គ្រាន់តែ​ជាទី​តាំង ស្តុក​ទំនិញ​កម្ពុជា សម្រាប់​នាំចេញ​បន្តបាន។

លោក​បន្តថា “ប៉ុន្តែ​អ្វី​ក៏ដោយ​ឲ្យ​តែមាន​ដំណើរ​ទស្សនកិច្ច​បែបនេះ គឺ​ផ្តល់​ផលចំណេញ​ដល់​ប្រទេស​ទាំងពីរ លើ​វិស័យ​នយោបាយ និង​ពាណិជ្ជកម្ម”៕