៥ឆ្នាំទៀត ព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏ឆើតឆាយ

0

ភ្នំពេញ៖ ទីក្រុង China Town វិនិយោគដោយក្រុមហ៊ុនចិន ដែលស្ថិតនៅក្នុងសង្កាត់អូត្រេស ខណ្ឌមិត្តភាព ខេត្តព្រះស៊ីហនុ បាននឹងកំពុងសាងសង់យ៉ាងសកម្មលើទំហំដី ប្រមាណជិត ២០ ហិកតា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា និយោគិនចិន បាននិងកំពុងវិយោគយ៉ាងច្រើនក្នុងខេត្តជាប់ឆ្នេរមួយនេះ ដោយក្នុងនោះមានគម្រោងធំៗជាច្រើនបាននឹងកំពុងអនុវត្ត។

ប្រទេសចិនកំពុងឈរក្នុងចំណាត់ថ្នាក់ទី១ ដែលបានវិនិយោគនៅកម្ពុជាក្នុងចំណោមប្រទេសជាច្រើនក្នុងពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៧ កន្លងទៅនេះមានទំហំទឹកប្រាក់ប្រមាណ ១៦ពាន់លានដុល្លារអាមេរិក ហើយចិនកំពុងតែ សកម្មក្នុងការបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន ដូចជាសំណង់ ដីធ្លី កសិកម្ម សណ្ឋាគារ និង កាត់ដេរជាដើម។ការនិយោគលើវិស័យជាច្រើនបែបនេះ ត្រូវបានគេមើលឃើញថា បានជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាអោយប្រសើរបន្ថែមទៀត។

 

ប្រទេសចិន និងកម្ពុជាកំពុង មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំ ស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏ល្អ ដែលនាំអោយអ្នកវិនិយោគិនចិនមាន ទំនុកខ្ពស់ ។

 

ក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង មកកាន់ទឹកដីប្រទេសកម្ពុជាជាលើកដំបូងកាលពីអំឡុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយក្នុងនោះមេដឹកនាំទាំងពីរបានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១៩ ដែលមានទឹកប្រាប់រាប់រយលានដុល្លារធ្លាក់មកលើប្រទេសកម្ពុជា៕

៦ចំណុច ដែល​អ្នក​គួរតែ​រៀនសូត្រ​ពី Jack Ma ប្រសិនបើ​អ្នក​ចង់​ចាប់ផ្ដើម​រកស៊ី

0

បច្ចុប្បន្ន Jack Ma ត្រូវបាន​គេ​ស្គាល់​ថា ជា​បុគ្គលិក​ជោគជ័យ និង​ជា​សេដ្ឋី​មួយរូប​នៅក្នុង​ប្រទេស​ចិន ជាពិសេស​លោក​បានផ្ដល់​ដំបូន្មាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការចាប់ផ្ដើម​អាជីវកម្ម ដែល​វា​ជា​គន្លឹះល្អៗសម្រាប់​យកទៅអនុវត្ត​ន៍។

ដោយឡែក​នៅថ្ងៃនេះ​ផងដែរ​គេហទំព័រ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា Propertyarea.asia ក៏បាន​នាំយក​នូវ​គន្លឹះល្អៗចំនួន ៦ចំណុច ដែល Jack Ma បានផ្ដល់​ឲ្យ​សម្រាប់​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង៖

១) មុននឹង​ចាប់ផ្ដើម​រកស៊ី ត្រូវ​ដឹង​នូ​អ្វីដែល​អ្នក​កំពុង​ធ្វើ

ជាការ​ពិតណាស់ មនុស្ស​ភាគច្រើន​ដែលមាន​បំណង់​ចង់​រកស៊ី គឺ​សុទ្ធសឹងតែ​ចង់​ធ្វើជា​ចៅហ្វាយនាយ​ផ្ទាល់ខ្លួន ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ។ មុននឹង​ចាប់ផ្ដើម​រកស៊ី អ្នក​ត្រូវ​គិតថា អ្នក​ត្រូវ​ចាប់ផ្ដើម​ទៅលើ​អាជីវកម្ម​អ្វី និង​ត្រូវធ្វើ​អ្វីខ្លះ។

 

២) ស្វែងរក​ដៃគូ​ដ៏​ត្រឹមត្រូវ

បើទោះបីជា​អ្នកមាន​លុយ ឬ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្កើត​អាជីវកម្ម​មួយ​ក្ដី ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អ្នក​មិនអាច​ដំណើរការ​អាជីវកម្ម​មួយ​នោះ ដោយ​មិនមាន​ជំ​នូ​យ​ឡើយ។ ជំ​នូ​យ​ដែល​និយាយ​នៅពេលនេះ​គឺជា​បុគ្គលិកជំនាញៗ ដែល​អ្នក​ត្រូវ​ជួល​មក​ដើម្បី​ឲ្យ​កាន់​ទៅលើ​ផ្នែកធំៗនៃ​អាជីវកម្ម​របស់​អ្នក ដូចជា​ផ្នែក​ទីផ្សារ ផ្នែក​គ្រប់គ្រង និង​ផ្នែក​បច្ចេកទេស​ជាដើម។

 

៣) សិក្សា​ពី​កំហុស​របស់​អ្នកដទៃ

ជា​ញឹកញាប់ យើង​ផ្ដោត​តែ​ទៅលើ​ផ្នែក​ដែល​រីកចម្រើន​របស់​បុគ្គល​ដែល​ជោគជ័យ ហើយ​យើង​បាន​បំភ្លេចចោល​នូវ​ចំណុច​បរាជ័យ​របស់​ពួកគេ។ អ្នក​ត្រូវ​ចាំ​ថា ចំណុច​បរាជ័យ​របស់​គូប្រជែង​គឺជា​ចំណុច​ជោគជ័យ​របស់​យើង នៅពេល​យើង​សិក្សា និង​រកឃើញ​ពី​បញ្ហា​ដែល​នាំ​ឲ្យ​គេ​បរាជ័យ នោះ​យើង​នឹង​រកឃើញ​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​ជោគជ័យ។

 

៤) ចូរ​គិត​ស្វែងរក​គំនិត​ច្នៃប្រឌិតថ្មីៗ

បើ​អ្នក​ចង់​ទទួលបាន​នៅ​ភាពជោគជ័យ អ្នក​ត្រូវតែ​មានគំនិត​ច្នៃប្រឌិតថ្មីៗក្នុងការ​បង្កើត​របស់ផ្សេងៗថែមទៀត ដើម្បី​បំពេញ​តម្រូវ​ទៅតាម​អ្វីដែល​អតិថិជន​ចង់បាន។ ជាការ​ពិតណាស់ ផែនការអាជីវកម្ម​ស​ម្រា​ប់​អនាគត​ត្រូវតែមាន ដោយ​ក្នុងនោះ​អ្នក​ត្រូវតែ​កំណត់ថា នៅក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ​ទៀត នឹងមាន​អ្វី​កើតឡើង ហើយ​អ្នក​ត្រូវតែ​បង្កើត​អ្វីមួយ​ថ្មី​សម្រាប់​តម្រូវការ​មនុស្ស​នាពេល៥ឆ្នាំ​មុខ​ទៀត។

 

៥) ហ៊ាន​ប្រថុយ​នឹង​ហានិភ័យ នោះ​ទើប​ជា​ឱកាស​ពិតប្រាកដ

ខ្ញុំ​បានចាប់ផ្ដើម​អាជីវកម្ម​ខាង​ផ្នែក​អ៊ី​ន​ធើ​ណេ​ត​ដំបូង ដែលមាន​ឈ​ឈ្មោះថា China pages ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​បរាជ័យ​ទៅលើ​ជា​អាជីវកម្ម​អន​ឡាញ​ដំបូង​ផងដែរ ប៉ុន្តែ​ខ្ញុំ​មិនបាន​ធ្លាក់​ទឹកចិត្ត​នោះទេ ជា​ចុងក្រោយ​ខ្ញុំ​នៅតែ​មិន​បោះបង់ចោល​ក្ដី​ស្រមៃ​របស់ខ្ញុំ​ចោល ខ្ញុំ​នៅតែ​បន្តធ្វើ​វារ​ហូត​ខ្ញុំ​ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃនេះ។

 

៦) អតិថិជន និង​បុគ្គលិក​គឺជា​បុគ្គល​សំខាន់បំផុត

អាជីវកម្ម​មួយ​ដែល​ដើរ​បាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ​គឺ​អាស្រ័យ​លើ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន និង​អាស្រ័យ​លើ​ការផ្ដល់​សេវាកម្ម​ល្អ​ពី​សំណាក់​បុគ្គលិក។ មនុស្ស​ទាំងពីរ​ជំពូក​នេះ គឺ​សំខាន់បំផុត​សម្រាប់​អ្នក ព្រោះ​បើ​គ្មាន​ពួកគេ​ទេ អាជីវកម្ម​របស់​អ្នក​មិនអាច​ដំណើរការ​បានឡើយ៕

កម្ពុជា រក្សាកំណើនសេដ្ឋកិច្ច ៧% ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ តែកម្ពុជាគឺជាប្រទេសមួយដែលតែងប្រកាន់ខ្ជាប់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហរ។ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីឆ្នាំ២០១១មក កម្ពុជាបានសម្រេចនូវសមិទ្ធផលជាសារវ័ន្ត ជាអាទិ៍ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៣០២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១១ ដែលមានចំនួន ៩១១ ដុល្លារអាមេរិក។

 

តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះ បានធ្វើអោយមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤ និងអត្រាអក្ខរកម្មកើនពី ៧៩.៩% ក្នុងឆ្នាំ ២០១១ ដល់ ៨០.៥% ក្នុងឆ្នាំ២០១៥។ យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកដែលបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទី៦ នៅក្នុងពិភពលោក ក្នុងរង្វង់២០ឆ្នាំចុងក្រោយ។

កម្ពុជាបានចូលជាសមាជិកពេញលេញអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ២០០៤។ ក្នុងនាមជាសមាជិកអង្គការ WTO កម្ពុជាមានកាតព្វកិច្ចដូចប្រទេសសមាជិកដទៃទៀតដែរ គឺត្រូវរាយការណ៍អំពីគោលនយោបាយពាណិជ្ជកម្ម និងការអភិវឌ្ឍ ជូនអង្គការ WTO ហើយដែលកម្ពុជាត្រូវរាយការណ៍ជូនអង្គការ WTO នៅរៀងរាល់៦ឆ្នាំម្តង។ កន្លងមក កម្ពុជាបានការពារដោយជោគជ័យនូវគោលនយោបាយពាណិជ្ជកម្ម និងផែនការអភិវឌ្ឍន៍កម្ពុជានៅឯកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី១ នៅអង្គការ WTO កាលពីថ្ងៃទី១ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។

យន្តការនៃការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ គឺធ្វើទ្បើងក្នុងគោលបំណងធានានូវគោលការណ៍តម្លាភាព និងអនុលោមភាពនៃនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយ ជាមួយនឹងវិធាននានានៃអង្គការ WTO ព្រមទាំងផ្តល់ឱកាសដល់ប្រទេសសមាជិក តួយ៉ាងកម្ពុជា ពិនិត្យនូវវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកំណែទម្រង់លើ វិស័យនានាពាក់ព័ន្ធនឹងរបបពាណិជ្ជកម្ម ក្នុងទិសដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងធានានូវការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ជាគោលការណ៍ ប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវធ្វើការត្រួតពិនិត្យគោលនយោបាយខ្លួនជារៀងរាល់៥ឆ្នាំម្តង រីឯប្រទេសអភិវឌ្ឍន៍ដទៃទៀតត្រូវធ្វើក្នុងរយៈពេល៣ឆ្នាំម្តង៕

អ្នកជំនាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងមានការប្រឈមក្នុងឆ្នាំ ២០១៨

0

ដោយ វុត្ថា

ភ្នំពេញ៖ បរិយាកាសនយោបាយ និងតម្លៃដីធ្លី និងអចលនទ្រព្យហក់ឡើងខ្ពស់កប់ពពកសម្រាប់ឆ្នាំ ២០១៨ គឺជាក្តីព្រួយបារម្ភរបស់អ្នករកស៊ីអចលនទ្រព្យ និងអ្នកជំនួញ ដោយពួកគេគិតថា អាចនឹងមានបញ្ហាប្រឈមខ្លះសម្រាប់ទីផ្សារមួយនេះ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានគេមើលឃើញថា ទីផ្សារអចលទ្រព្យបាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំង លោក ច្រឹក សុខនីម អគ្គនាយ Century12 Mekong បានថ្លែងអោយដឹងថា សម្រាប់ឆ្នាំ ២០១៨ នេះ បានបង្ហាញថា អាចនឹងមានការលំបាកចំពោះការលក់អចលនទ្រព្យដោយសារតម្លៃឡើងថ្លៃកប់ពពក និងការបោះឆ្នោជាតិនឹងឈានជើងមកដល់ឆាប់ៗ ។ លោកបន្តថា តម្លៃអចលនទ្រព្យអាចនឹងហក់ឡើងខ្ពស់ជាងបច្ចុប្បន្ន។

លោកថា «តម្លៃដីនឹងមិនធ្លាក់ចុះទេ ប៉ុន្តែវាពិបាកក្នុងការលក់ចេញ ដោយសារតែចំនួនអ្នកទិញគឺមិនកើនឡើងច្រើន។ ប្រសិនបើតម្លៃដីធ្លីធ្លាក់ចុះ ក៏ពួកគេមិនទិញច្រើនដែរក្នុងឆ្នាំ ២០១៨ នេះ ព្រោះអ្នកវិនិយោគទុនឆ្នាំនេះ ប្រើប្រាស់ប្រាក់កម្ចីពីធនាគារ។ បន្ទាប់ពីឆ្នាំ ២០១៨ តទៅ អ្នកវិនិយោគនឹងប្រើប្រាស់សាច់ប្រាក់របស់ខ្លួនគេដើម្បីទិញដីធ្លី»។

 

លោកបន្តថា សម្រាប់ទីផ្សារខុនដូរវិញគឺមិនមានហានីភ័យទេ ព្រោះចំនួនអ្នកទិញខុនដូក្នុងស្រុកបានកើនឡើង ៥ ភាករយ។ នេះបើយើងមើលតួរលេខទិញ និងលក់។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានអោយដឹងដែរថា តម្លៃដីធ្លីនឹងមានការផ្លាស់ប្តូរ ដោយសារតែកាលពី ២ទៅ ៣ ឆ្នាំមុន អ្នកលក់មានលទ្ធភាពកំណត់តម្លៃដីខ្លួនឯង តែមកដល់ពេលបច្ចុប្បន្ននេះ គឺអ្នកទិញគឺជាអ្នកកំណត់តម្លៃអោយវិញ។

 

លោកបន្តថា «ទីផ្សារគេហដ្ឋានគឺកំពុងតែមានដំណើរការល្អប្រសើរ ប៉ុន្តែគេហដ្ឋានដែលមានតម្លៃសមរម្យគឺកំពុងស្ថិតក្នុងតម្រូវការខ្ពស់»៕

មហាសេដ្ឋី​មកពី​ខេត្តកោះកុង​ លី យ៉ុង​ផាត ចាប់អារម្មណ៍​បណ្តាក់ទុន​លើ​វិស័យ​អចលនទ្រព្យ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខណៈពេលដែល​កម្ពុជា​កំពុង​តែមាន​សន្ទុះ​ខ្លាំង​ទៅលើ​វិស័យ​អចលនទ្រព្យ ដែល​រួមមាន​សំណង់​លំនៅដ្ឋាន សំណង​ខុន​ដូ អា​ផាត​មិន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រីកដុះដាល​យ៉ង​ព្រោងព្រាត​នោះ នៅ​ដើមឆ្នាំ 2018 នេះ តាមរយៈ​ក្រុមហ៊ុន​ដ៏​ធំ​ក្រោម​ការគ្រប់គ្រង​ដោយ​លោក​ឧកញ៉ា លី យ៉ុង​ផាត ដែល​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី​មកពី​ទឹកដី​ខេត្តកោះកុង បានចាប់ផ្តើម​ចំណាយ​ដើមទុន​រាប់លាន​ដុល្លារ ដើម្បី​ធ្វើការ​វិនិយោគ​ទៅលើ​ប្រភេទ​សំណង់​លំនៅដ្ឋាន​ពាណិជ្ជកម្ម​បែប​ទំនើប និង​ប្រណីត​ដំបូង​គេ​នៅ​កម្ពុជា មាន​ឈ្មោះថា ដឹ ព្រេ​មៀ លែ​ន (The PREMIRE LAND) មាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាប់​ផ្សារ​ទំនើប អ៊ី​អន​ទី2 ។

ជាមួយនឹង​ការទទួលបាន​ដំណឹង​បឋម​ខាងលើនេះ​បានឱ្យដឹង​ថែមទៀត​ថា នៅត្រឹម​ព្រឹក​ថ្ងៃទី13 ខែមករា ឆ្នាំ2018 នេះ កម្មវិធី​បញ្ចុះ​បឋម​សីលា បុគគ្រឹះ​សាងសង់​សំណង់​លំនៅដ្ឋាន​ពាណិជ្ជកម្ម​ទំនើប​មួយ​នេះ​នឹង​ត្រូវបាន​ប្រព្រឹត្ត​ក្រោម​ការចូលរួម​ពី​សំណាក់​បុគ្គលិក​ជាន់ខ្ពស់​ដែលជា​អ្នក​តំណាងឱ្យ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ ព្រម​គ្នា​ជាមួយនឹង​ដៃគូ​វិនិយោគ ក៏ដូចជា​មន្ត្រី​តំណាង​រាជរដ្ឋាភិបាល​ជាច្រើន​នាក់​ផងដែរ ។

សម្រាប់​គម្រោង​សាងសង់​សំណង់​លំនៅដ្ឋាន​ពាណិជ្ជកម្ម​បែប​ទំនើប ស្ដង់ដារ​អន្តរជាតិ មួយ​នេះ ត្រូវបាន​សាងសង់​ឡើងជា​ដំណាក់កាលផ្សេងៗគ្នា និង​ច្រើន​អគារ ដោយ​អគារនីមួយៗមាន​កម្ពស់4ជាន់ ហើយ​នៅក្នុង​ជាន់នីមួយៗ ត្រូវបាន​បែង​ចែកចេញជា​យូ​នី​ត (Units) ដែលមាន​លក្ខណៈ​ស្រស់ស្អាត ធំ​ទូលាយ បំពាក់​ទៅដោយ​គ្រឿង​បរិក្ខា​ទំនើប រួម​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ ដោយ​ក្នុង​មួយ​យូ​នី​ត​មានតម្លៃ​មិន​ក្រោម30ម៉ឺន​ដុល្លារ​នោះឡើយ ។

 

សម្រាប់​ព័ត៌មាន​លម្អិត គេហទំព័រ Propertyarea.asia នឹង​ធ្វើការ​ជម្រាប់ជូន​នៅត្រឹម​ព្រឹក​ថ្ងៃទី13 ខែមករា ឆ្នាំ2018 ស្អែក​នេះ ៕

កម្ពុជានឹងសាងសង់ប្រលានយន្តហោះអន្តរជាតិថ្មី នៅទឹកដីខេត្តកណ្តាល

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រោយពីបានចុះហត្ថលេខាកាលពីម្សិលមិញរវាង លោក ពុង ខៀវសែ អគ្គនាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិនដែលដៃជាដៃគូវិនិយោគក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន សាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជាត្រូវបានគេដឹងថានឹងសាងសង់នៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ៅ ហាក់វណ្ណណាល់ រដ្ឋលេខខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីសុំគោលការបង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន» បានឲ្យដឹងថា ព្រលានយន្តហោះថ្មីនេះ ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ដោយកក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ បានមកកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារបានមកពីក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុន OCIC មាន ៩០ ភារយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងរាជរដ្ឋាភិបាលកម្ពុជា មាន ១០ភាករយ៕

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ បាន​ចុះហត្ថលេខា​ដើម្បី​សាងសង​នៅ​ឆ្នាំនេះ ក្នុង​ទំហំ​ទឹកប្រាក់ 2ពាន់​លាន​ដុល្លារ

0

ភ្នំពេញ៖ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នា​វិមាន​សន្តិភាព បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។ ពិធី​ចុះហត្ថលេខា​ខាងលើ​ត្រូវបាន​ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់-ធ្វើ​អាជីវកម្ម-ផ្ទេរ (BOT) ជា​ផ្លូវ ០៤គន្លង មាន​ប្រវែង​សរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក  មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការ​កក​ស្ទៈ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​ការអភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ-ខេត្ត​ព្រះសីហនុ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​រឿង​ចាំបាច់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ជាន់​ទៅមុខ​បន្តទៀត ព្រោះ​ប្រសិនបើ​គ្មាន​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទេ សេដ្ឋកិច្ចកម្ពុជា​នឹងមិន​សម្រេចបាន​កំណើន​ខ្ពស់​បន្ថែម​ទេ ដូច្នេះ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ដែល​ចាំបាច់​បំផុត​ដើម្បី​ឲ្យ​កម្ពុជា​លោត​ផ្លោត​ទៅ​ចំណុច​ថ្មី​មួយ ហើយ​នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវធ្វើ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​រូបនេះ បាន​បន្តទៀតថា បច្ចុប្បន្ននេះ​គឺ​រាជរដ្ឋាភិបាល​បាន​និង​យកចិត្តទុកដាក់​លើ​ការវិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​វិស័យ​ស្នូល​ដ៏​សំខាន់ ហើយ​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​មួយ​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា ដែល​រាជរដ្ឋាភិបាល​គួរតែ​ព​ន្លឿ​ន​លើ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត៕

អ្នកវិនិយោគចិនបានចូលរួមទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនមកកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកវិនិយោគចិននៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុង​ការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា និងទាក់ទាញអ្នកវិនិយោគចិនថ្មីៗជាច្រើនទៀត មកវិនិយោគនៅកម្ពុជា។

លោកតាន់ស្រឺ ជួងចូវវិន អគ្គនាយកក្រុមហ៊ុនស៊ីនហ្សុងវៃ និងលោកឧក​ញ៉ាអ៊ឹង លីហេងបានថ្លែងឲ្យដឹង ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាកម្ពុជានាព្រឹកថ្ងៃទី១១ មករានេះថា លោកស្រីបាននិងកំពុងវិនិយោគជាច្រើននៅកម្ពុជា និងបាននាំពាណិជ្ជករល្បីៗមកពីចិន ដើម្បីមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនផ្សេងទៀត ដើម្បីអោយសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនបន្ថែមទៀត។

 

លោក​តាន់ស្រឺ ជួង ចូវវិនបានឲ្យដឹងថា លោកបានបង្កើតសមាគមមនុស្សធម៌ ឡាយអ៊ិនក្លិបទទួលបានជោគជ័យ ដើម្បីមកជួយវិស័យសុខាភិបាល សាស​នា អប់រំ គឺជាជួយទាំងថវិកា ស្មារតីនិងបទពិសោធន៏នៅកម្ពុជា។

 

សម្តេចហេង សំរិនបានឲ្យដឹងថា កម្ពុជាមានការភ្ជាប់ជើងហោះហើរត្រង់ពីបណ្តាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងពិភពលោកដែលបានជំរុញឲ្យមានកំណើនទេសចរណ៏ និងអ្នកវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាជារៀងរាល់ឆ្នាំ។ សម្តេចបន្តថា ក្នុងចំណោមនោះប្រទេសចិន គឺជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដែលជួយអោយប្រទេសកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន ក្នុងរយៈពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើអោយទុនវិនិយោគចិនមានទំហំទឹកប្រាក់១៦ពាន់លានដុល្លាអាមេរិកឈរនៅលំដាប់ទី១នៅកម្ពុជា ។

 

សម្តេចបន្ថែមថា ក្រោមគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រផ្លូវ១ ខ្សែក្រវ៉ាត១ភ្ជាប់និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានធ្វើឲ្យមានលំហូរចូលយ៉ាងលំហុគលើវិស័យពាណិជ្ជកម្ម ទេសចរណ៏ពីប្រទេសចិន ដែលការណ៍នេះបានបង្ហាញពីទំនាក់ ទំនងយ៉ាងជិតស្និទ្ធ នៃភាពជាដៃគូរយុទ្ធសាស្ត្រកម្ពុជា-ចិន។ សម្តេចបានបញ្ជាក់ថា រយៈពេល២-៣ឆ្នាំចុងក្រោយវិស័យអចលនទ្រព្យនៅកម្ពុជា មានការលូត លាស់ មានអគារខ្ពស់ៗ ល្បីៗលំដាប់អន្តរជាតិកំពុងសាសសង់ ដោយឡែកវិស័យ​ទេសចរណ៏មានការលូតលាស់ នៅតំបនន់ឆ្នេរ ប្រាសាទអង្គរនិងប្រាសាទបូរាណច្រើនទៀត៕









តើកម្ពុជាទទួលបានលទ្ឋផលអ្វីខ្លះពីកិច្ចប្រជុំមេគង្គ ឡានឆាង

0

ដោយ វុត្ថា

ភ្នំពេញ៖ កិច្ចប្រជុំកំពូលមេគង្គ ឡានឆាងលើកទី២ ដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ ដោយទទួលវត្តមានបណ្តាមេដឹកនាំក្នុងតំបន់ចំនួន៦ចូលរូម បានបញ្ចប់ដោយជោគជ័យ តាមរយៈការចេញសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍​រួម។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ពិតជាលើកកំពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងបង្ហាញពីវិបុលភាពកម្ពុជា ដែលបានដើរចេញពីប្រទេសក្រីក្រ​រួចទៅហើយ។

 

សំណួរសំខាន់នៅទីនេះ តើកម្ពុជា និងប្រទេសក្នុងតំបន់ សម្រេចបានលទ្ឋផលអ្វីខ្លះពីកិច្ចប្រជុំនេះ ជាអ្វីដែលយើងទាំងអស់គ្នាចង់ដឹង។

 

សូមអានលទ្ឋផល និងចេញក្តីប្រកាសពីលទ្ឋផលចេញពីកិច្ចប្រជុំដ៏មាន​សារៈសំខាន់នេះ។









តោះទៅមើលអនុស្សរណៈចំនួន១៩ ដែលកម្ពុជាចុះហត្ថលេខាជាមួយចិន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តើប្រមុខរដ្ឋាភិបាលកម្ពុជា និងចិនចុះហត្ថលេខាអ្វីខ្លះ ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈដែលកិច្ចព្រមព្រៀងចំនួន១៩នឹងត្រូវចុះហត្ថលេខានាថ្ងៃនេះ ក្រោមការចូលរូមជាអធិបតីភាពពីនាយករដ្ឋមន្រ្តី​កម្ពុជា ចិន។

 

យោងតាមឯកសារទទួលបានបានឲ្យដឹងថា ឯកសារចំនួន១៩ នឹងត្រូវចុះហត្តលេខា ក្នុងដំណើរទស្សនកិច្ចរបស់លោកលី ខឺឈាងនៅកម្ពុជានាថ្ងៃទី១១នេះ រួមមាន  ទី១ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជាចិន។ ទី២ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការ លើការលើកកម្ពស់គុណភាពផលិតផល។ ទី៣ កិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ ទី៤ លិខិតប្ដូរសារស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ។ ទី៥ លិខិតប្ដូរសារស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់។

 

ទី៦ អនុស្សារណៈនៃការយោគយល់គ្នាស្ដីពី គម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។ ទី៧ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី ការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។ ទី៨ អនុស្សរណៈនៃការយោ​គយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។  ទី៩ កិច្ចព្រមព្រៀងស្ដីពី ការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា។ ទី១០ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោ​ងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី២ ។

 

ទី១១ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ បែកគូស ក្រុងកំពត) ។ ទី១២ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រត្តិការទៅវិញទៅមក។ ទី១៣ កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ។ ទី១៤ កិច្ចព្រមព្រៀងស្ដីពី វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេ​ក​ទេសនិងវិជ្ជាជីវៈ ទី១៥អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មអង្ករ។  ទី១៦ កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី 500 kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់។

ទី១៧ កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទា​ន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា។ ទី១៨. កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី គម្រោងបាញ់បង្ហោះផ្កាយរណបតេជោ១ និងទី១៩ កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគលើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ៕