ដំណឹងល្អ!!! ស្ពានបាឡេពីតំបន់ជ្រោយចង្វារមកផ្លូវជាតិលេខ៥ នឹងបញ្ចប់មុនចូលឆ្នាំខ្មែរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ដំណឹងល្អ ! ក្រុមហ៊ុន OCIC កំពុងពន្លឿនការសាងសង់ស្ពានបាឡេតភ្ជាប់ពីតំបន់ជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបញ្ចប់និងដាក់ឲ្យដំណើរ​ការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មករានេះថា បច្ចុប្បន្នក្រុមការងារកំពុងពន្លឿនការរៀបចំ​សាងសង់ស្ពាននេះ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ៣០ភាគរយហើយ។ នៅ​ពេលការបុកគ្រឹះបញ្ចប់ស្ពានបាឡេប្រវែង៥០០ម៉ែត្រនេះ នឹងអាចចាប់គ្រោងដែក ដើម្បីដំណើរការឆ្លងកាត់បានហើយ។លោកបន្តថា ស្ពាននេះនឹងជួយសម្រួលការ​ធ្វើដំណើរនៅតំបន់នេះ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ស្ពាន​ជ្រោយចង្វារ ខណៈដែលស្ពានជ្រោយចង្វារទី១បានបិទធ្វើការជួសជុល។

 

លោកបន្តថា “ស្ពាននេះមានប្រវែងសរុបចំនួនជាង ៥០០ម៉ែត្រ និងចំណាយ​ថវិកាសរុបប្រមាណ ៩លានដុល្លារអាមេរិក”។

លោកទូច សំណាងបានបន្តថា ក្រៅពីស្ពានបាឡេនេះ ក្រុមហ៊ុនកំពុងធ្វើកា​រសិក្សា និងឈានបុកគ្រឹះសាងសង់ស្ពានបេតុង យោងដោយខ្សែកាបនៅក្រោយ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ស្ពានបេតុងដ៏ស្រស់ស្អាតនេះ គ្រោងចំណាយថវិកា សាងសង់សរុប៣៥លានដុល្លារអាមេរិក ដែលថវិកាទាំងនេះ ​បានមកពីការជួលដីទីក្រុងរណបជ្រោយចង្វាររបស់រដ្ឋាភិបាល៕









បច្ចេកវិទ្យាកំពុងជំរុញឲ្យ FMI វិនិយោគកាន់តែច្រើន

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ស្ថាប័នមីក្រូហិរញ្ញវត្ថុ (FMI) នានាបាននិងកំពុងវិនិយោគកាន់តែច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ក៏ដូចជាជួយសម្រួលដល់អ្នកប្រើប្រាស់សេវាកម្មរបស់ពួកគេ។

 

អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិតលោក ជា ផល្លារិន បានថ្លែងឲ្យដឹង​តាមទូរស័ព្ទកាលពីម្សិលម៉ិញថា គ្រឹះ​ស្ថា​នរបស់លោកបាននិងកំពុងវិនិយោគលើ​ប្រព័ន្ឋបច្ចេកវិទ្យា ដោយឆ្នាំ២០១៨នេះលោកគ្រោងវិនិយោគជាង១លានដុល្លា​រ លើប្រព័ន្ឋនេះ ដើម្បីសម្រួលដល់សង្វាក់ការងារផ្ទៃក្នុងរបស់យើង ក៏ដូចជាផ្តល់ភាពងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់របស់អតិថិជន ព្រោះបច្ចេកវិទ្យាវាជួយឲ្យមានភាពចំណេញច្រើន ទាំងពេលវេលា និងចំណេញសាច់ប្រាក់។

 

លោកបន្តថា “ការវិនិយោគលើប្រព័ន្ឋបច្ចេកវិទ្យា ក៏ជួយសម្រួលដល់ការគ្រប់គ្រងផលបត្ររបស់យើង និងជួយសម្រួលដល់ការទូទាត់សាច់ប្រាក់ជាមួយអតិថិជន ដែលពួកគេមិនចាំបាច់មកកាន់ការិយាល័យរបស់យើង គឺពួកគេអាចប្រើប្រាស់សេវាទូទាត់តាមទូរស័ព្ទដៃ ឬស្មាតហ្វូន”។

 

អគ្គនាយកមីក្រូហិរញ្ញវត្ថុវិថី លោកបណ្ឌិតប៊ុន មុនីបានទទួលស្គាល់ថា ប  ច្ចេកវិទ្យា ពិតជាមានចំណុចល្អជាច្រើន និងជាការបង្ហាញពីវឌ្ឍនភាពរបស់យើង ដើម្បីយើងឈានទៅមុខមួយកម្រិតទៀត ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតនៅឡើយ ដែលចេះប្រើប្រាស់បច្ចេកវិទ្យា។ ហេតុនេះយើងត្រូវ​អប់រំពួកគេ ដើម្បីធ្វើឲ្យប្រព័ន្ឋនេះដំណើរការកាន់តែទូលំទូលាយ។

 

លោក សាយ សូនី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ឲ្យ​ដឹងផងដែរថា ប្រាសាក់បានវិនិយោគលើប្រព័ន្ឋបច្ចេកវិទ្យានេះជាយូរមកហើយ តាមរយៈប្រព័ន្ឋ E Payment, ATM, Smart Phone, Internet ជាដើម ដើម្បីជួយសម្រួលការងារបានលឿនជាងមុន មិនសូវមានកំហុសផ្សេងៗកើតឡើង ដោយសារវាជួយសម្រួលការងារបានច្រើន ជាងការធ្វើដោយដៃដែលខាតពេលវេលា។

 

លោកបន្តថា “ទោះជាយើងប្រើប្រាស់​បច្ចេកវិទ្យាកាន់តែច្រើនក្តី ប៉ុន្តែរហូតមកទល់ពេលនេះ យើងមិនឃើញមានប៉ះពាល់ដល់ការងារនោះទេ ពោលគឺមិនមានការ​កាត់បន្ថយបុគ្គលិកទេ មានតែរើសបុគ្គលិកបន្ថែមទៀត”។

 

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ប្រព័ន្ឋបច្ចេកវិទ្យា ពិតជាជួយសម្រួលច្រើនក្នុងសេវាកម្មទូទាត់សាច់ប្រាក់ ដែលធ្វើឲ្យអ្នកប្រើប្រាស់ចំណេញទាំងពេលវេលា ចំណេញ​លុយ និងទទួលបានសេវាកម្ម ក៏ដូចជាព៌តមានច្បាស់លាស់ជាងមុន៕









ប្រាក់ចំណេញរបស់អេស៊ីលីដាថយចុះ ៣០%

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា បានថយចុះ ៣០ភាគរយ​ដោយទំហំសាច់ប្រាក់បានថយចុះពី ១២០លាន មកនៅត្រឹម ៨០លានដុល្លារអាមេរិក ប៉ុន្តែកំណើនឥណទានមានភាពល្អប្រសើរ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ី លោក អ៊ិន ចាន់នី បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មករានេះថា​ សុខភាពក្នុងវិស័យនេះ វា​ពាក់ព័ន្ឋនឹងការរីកលូតលាស់សេដ្ឋ​កិច្ចកម្ពុជា ដែលសេដ្ឋកិច្ចរបស់យើងនៅតែមានកំណើនក្នុងរង្វង់ ៧ភាគរយ ហេតុនេះ យើងបានដាក់ផែនការសម្រេចឲ្យបានកំណើន ៩ភាគរយនៅឆ្នាំ២០១៨”។​ លោកបន្តថា “ប្រាក់ចំណេញរបស់យើងថយចុះ ដោយសារបទបញ្ញត្តិមួយចំនួនរបស់ធនាគារជាតិ ដែលតម្រូវឲ្យធនាគារបង្ការហានិភ័យជា​មុន ក្រែងមានគ្រោះទឹកជំនន់ឬគ្រោះរាំងស្ងួត”។

 

លោកបន្តថា “យើងកំពុងគិតយ៉ាងណាឲ្យកម្រិតនៃការលូត​លាស់ ឥណទានរបស់យើងស្ថិតក្នុងកម្រិតមួយសមស្រប ដូច្នេះការផ្តល់ឥណទានរបស់យើង មានការប្រុងប្រយ័ត្នជាងមុន ដោយតម្រូវឲ្យអតិថិជនត្រូវមាន​របាយការណ៍ហិរ​ញ្ញវត្ថុទាក់ទងនឹងចំណូល ចំណាយ និងលំហូរសាច់​ប្រាក់ច្បាស់លាស់”។

 

ទោះជាយ៉ាងណាការផ្តល់ឥណទានរបស់ធនាគារអេស៊ីលីដា សម្រេចបានកំណើនល្អប្រ​សើរ ដោយទំហំទឹកប្រាក់បានកើនពី ២៧៧០លានដុល្លារកាលពីឆ្នាំ២០១៦ ដល់ ៣០២២លានដុល្លារអាមេរិកក្នុងដំណាច់ឆ្នាំ២០១៧។

លោក អ៊ិន ចាន់នី បន្តថា ចំណែកប្រាក់បញ្ញើរវិញ គឺសម្រេចបានកំណើនខ្ពស់ ដោយទំហំទឹកប្រាក់បានកើនពី ៣០៥១កាលពីឆ្នាំ ២០១៦ ដល់ ៣២៥០លានដុល្លារនៅដំណាច់ឆ្នាំ២០១៧។ ជាមួយនឹងកំនើនប្រាក់បញ្ញើរនេះ ធ្វើឲ្យមូលដ្ឋាន​សាច់ប្រាក់របស់យើងល្អ ដោយមិនចាំបាច់ខ្ចីឥណទានពីក្រៅប្រទេស សម្រាប់​ផ្តល់ឥណទានរយៈពេលខ្លីនោះទេ ប៉ុន្តែឥណទានរយៈពេលវែងយើងនៅតែត្រូវការ។

 

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ស្ថានភាពហិរញ្ញវត្ថុ និងកម្រិតនៃលំហូរឥណទានរបស់កម្ពុជា គឺមាន​លំនឹងល្អ និងមានភាពសមស្របនឹងស្ថានភាពសេដ្ឋកិច្ចជាទូទៅរបស់យើង ដោ​យសារស្ថាប័នជាតិរបស់យើង មានសមត្ថភាពគ្រប់គ្រងកំនើនបានសមរម្យ ហើ​យ​បើមានហានិភ័យអ្វី គឺមានធនាគារជាតិរបស់យើងគ្រប់គ្រងបាន។

 

លោកបន្តថា “សេដ្ឋកិច្ចសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយ ជារឿងល្អ​ស​ម្រាប់ប្រទេសរបស់យើង ហើយសុខភាពក្នុងវិស័យហិរញ្ញវត្ថុ ក៏មិនមានសញ្ញាអ្វីគួរឲ្យ​បារម្ភនោះទេ ដោយសាររដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ និងបានដាក់ចេញបទបញ្ញត្តិនានាយ៉ាងត្រឹមត្រូវ”៕









ចង់ដឹងទេហេតុអីក្រុងព្រះសីហនុរីកចម្រើនលឿនបែបនេះ??

0

ដោយ គង់ សូរិយា

ភ្នំពេញ​៖ ហេតុអ្វីខេត្តព្រះសីហនុមានការរីកចម្រើនដ៏លឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ? វាមិនមែនជារឿងចៃដន្យនោះទេ ប្រសិនជាមិនមានការ​រៀបចំបានត្រឹមត្រូវ និងមានមូលដ្ឋានគាំទ្រគ្រប់គ្រាន់ទេនោះ។

 

ហេតុផលនៅពីក្រោយការរីកចម្រើនរបស់ខេត្តនេះ មានកត្តាជាច្រើនដែល​បាននិងកំពុងទាក់ទាញការវិនិយោគនានា ដែលស្ថាបនិកគេហព៌តមានទំព័រអចលនទ្រព្យ ​និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia នឹងវិភាគជូនពីមូលហេតុ កាលានុ​វត្តន៍ភាព និងបញ្ហាប្រឈមចំពោះមុខនឹងកើតមាន ប្រ​សិនជាគ្មានការគ្រ​ប់គ្រងឲ្យបានច្បាស់លាស់ទេនោះ។

 

កត្តាសំខាន់ៗដែលជម្រុញឲ្យខេត្តជាន់មាត់សមុទ្រនេះរីក ចម្រើនរួមមាន ទី១ គោលនយោបាយរបស់រដ្ឋាភិបាល ជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧ​   ស្សាហ​កម្មឆ្នាំ២០១៥ ២០២៥ ដែលបានបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែ តុលា ឆ្នាំ២០១៥ បានដាក់ខេត្តព្រះសីហនុទាំងមូល ជាខេត្តសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទី២ ខេត្តព្រះសីហនុស្ថិតនៅក្នុងផែនទី នៃ​គោលនយយោបាយផ្លូវសូត្រ (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) របស់ប្រទេសចិន ដែល​បច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ដែលបានបោះទុនជិត៤០០​លានដុល្លារអាមេរិក និងមានរោងចក្រសហគ្រាសជាង១០០ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពល​រដ្ឋជិត២០ម៉ឺននាក់។

 

ទី៣ ទំនាក់ទំនងនយោបាយដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលបានចាប់ផ្តើមយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០។ ជាទំនាក់ទំនងដ៏រ៉ឹងមាំដូចដែកថែប ដែលធ្វើឲ្យចិនបានជំរុញឲ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន និងកំពុងឈានមុខគេលើគ្រប់វិស័យ ទី៤ កត្តាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរយៈពេលវែងនៅកម្ពុជា ពិសេ​សច្បាប់វិនិយោគ និងច្បាប់ពន្ឋ ដែលបានផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា។

 

ទី៥ កត្តាភូមិសាស្រ្ត ខេត្តព្រះសីហនុមានទីតាំងភូមិសាស្រ្តល្អ និងជាខេត្ត មានហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប សម្រាប់ជំរុញការវិនិយោគនានា រូមមានកំព​ង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ព្រលានយន្តហោះលំដាប់​អន្តរជាតិ ដែលទើបបញ្ចប់ការសាងសង់ ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនដែលនឹងសាងសង់​នៅពេលខាងមុខនេះ ទី៦ ខេត្តព្រះសីហនុកំពុងក្លាយជាទីក្រុងshenzhenទី២ ដោយសារគំរោងវិនិយោគរបស់ចិន បានផ្តោតលើកាស៊ីណូ ខុនដូនិងមជ្ឈ​មណ្ឌលពាណិ​ជ្ជ​កម្មដទៃទៀត។

 

ទី៧ ខេត្តព្រះសីហនុជាខេត្តមួយ នៃខេត្តស្ថិត​នៅតំបន់ឆ្នេរ ដែលមានប្រវែ​ង៤៥០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលបានដាក់ឆ្នេរខ្សាច់កម្ពុជា ចូលក្នុងក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក ដែលធ្វើឲ្យខេត្តនេះ ក៏ដូចជា តំបន់ឆ្នេរដទៃទៀត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន។

 

ជាមួយនឹងទំនាក់ទំនងដ៏ល្អ កំនើននៃការវិនិយោគក្នុងខេត្តនេះ អ្នកជំនាញ​មួយចំនួនក៏សម្តែងការព្រូយបារម្ភផងដែរ ដោយលោកហូ វណ្ឌីទីប្រឹក្សាសមាគម​ទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្តែងការព្រួយបារម្ភទាក់ទងនិរន្តរភាពបរិស្ថាន និងជំរុញឲ្យអាជ្ញាធរ រួមទាំងស្ថាប័នពាក់ព័ន្ឋយកចិត្តទុកដាក់អភិរ័ក្សតំបន់ឆ្នេរ ពិសេសជំរុញការកសាងប្រព័ន្ឋចម្រោះទឹកកខ្វក់ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឈ​និងអភិរ័ក្សដើរទន្ទឹមគ្នា។

 

លោកបន្តថា “ការអភិវឌ្ឈនិងអភិរ័ក្សដើរទន្ទឹមគ្នា យើងត្រូវធ្វើយ៉ាងណាកុំ ឲ្យការអភិវឌ្ឍន៍បំផ្លាញដល់ធនធានធម្មជាតិ ព្រោះប្រសិនជាធនធានធម្ម​ជាតិបាត់បង់ អ្វីៗក៏នឹងបាត់បង់ទាំងអស់ផងដែរ”។

 

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការចូលមកវិនិយោគកាន់តែច្រើនរបស់ចិនជារឿងល្អ ព្រោះវាសុទ្ឋ​តែ​ផ្តល់ផលប្រយោជន៍ដល់កម្ពុជា ប៉ុន្តែការពឹងផ្អែកចិនតែមួយ មិនមែនជាការល្អ នោះទេ ព្រោះបើចិនមានបញ្ហាកម្ពុជានឹងមានបញ្ហា។

លោកបន្តថា “បើចិនមានបញ្ហាជាមួយយើ​ង យើងនឹងមានបញ្ហា ហេតុនេះយើងគួរមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀត ដើម្បីជាមូលដ្ឋានគាំទ្រដ៏រ៉ឹងមាំដល់កម្ពុជា”។លោកបន្តថា “នៅខេត្តព្រះសីហនុ មានប្រជាជនមួយចំនួនមិនសូវសប្បាយ​ចិត្ត ហេតុនេះយើងគួរស្រលាញ់ចិន ក្នុងកម្រិតមួយដែលប្រជាជនទាំងអស់ទទួ​លយកបាន”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងស្រដៀងគ្នាថា ការពឹងផ្អែកចិនតែមួយ ប្រៀបដូចជាយើងមានរន្ឋច្រមុះពីរ តែអាចដកដង្ហើមបានតែរន្ឋមួយ ដូច្នេះប្រសិនជារន្ឋមួយនោះមានបញ្ហា យើងនឹងមានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនជាយើងមានរន្ឋច្រមុះពីរ ហើយយើងដកបានទាំងពីរក្នុងពេលជាមួយគ្នាជាការល្អ ហើយបើស្ទះរន្ឋណា​មួយ យើងនឹងមានរន្ឋមួយទៀតសម្រាប់ដក។

 

លោកបន្តថា “ទំនាក់ទំនងជាមួយចិន ក៏ដូចគ្នាបើយើងពឹងចិនតែមួយ ដូចយើងបិទរន្ឋច្រមុះមួយ។ ហេតុនេះយើងគួរមានទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់ ដើម្បីយើងមានមូលដ្ឋានសេដ្ឋកិច្ចសម្បូរបែប”។ លោកបន្តថា “ទោះប្រទេសណាមូយមានបញ្ហា ក៏យើងមិនមានបញ្ហាដែរ ព្រោះយើងមានប្រទេសដទៃទៀតពឹងផ្អែក ហើយខ្ញុំគិតថាទំនាក់ទំនងរបស់កម្ពុជា ជាមួយពិភពខាងក្រៅគួរមានតុល្យភាព”៕









ចិនគ្រោងហក់ចូលទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុនចិន China Construction Development Corporation (CCDC) បាននិងកំពុងហក់ចូលទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅកម្ពុជា ក្នុង​គោលដៅរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តីជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីម្សិលម៉ិញ លោកGu Shan និងគណប្រតិភូជាច្រើនរូបទៀត បានបង្ហាញមានបំណងវិនិយោគលើប្រភេទលំនៅឋានមានតម្លៃសមរម្យនៅកម្ពុជា ដោយលោកបានមានប្រសាសន៍ថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ស្របពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រុមហ៊ុនលោកមានបំណងចង់ធ្វើការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។

 

លោកបន្តថា ក្រុមហ៊ុនលោកមានឯកទេសវិនិយោគ លើវិស័យសំណង់ព្រ​លានយន្តហោះ សំណង់អគារខ្ពស់ៗ និងផ្សារទំនើប ជាពិសេសការសាងសង់លំនៅឋានមានតម្លៃសមរម្យ ជូនប្រជាជនដែលមានចំណូលទាប និងមធ្យមជាអាទិ៍ភាព។

 

លោកបន្ថែមថា ក្រុមហ៊ុនលោកក៏មានបំណងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាពវិស័យសំណង់នៅកម្ពុជា ព្រមទាំងគោលនយោបាយ និងឯកសារគតិយុត្តិនានាពាក់ព័ន្ឋនឹងវិស័យសំណង់។ ទន្ទឹមនេះ លោកក៏បានស្នើសុំស្វែងរកព័ត៌មានពាក់ព័ន្ធ នឹងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដើម្បីសុំកិច្ចសហប្រតិបត្តិការធ្វើការវិនិយោគ និងចុះអនុសារណៈយោគយល់គ្នារវាងក្រសួងក្រ​សួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមួយក្រុមហ៊ុន CCDCផងដែរ។

 

ទេសរដ្ឋមន្រ្តី ជា សុផារ៉ា ស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានឆន្ទៈចង់វិនិយោ​​គ លើវិស័យលំនៅឋានតម្លៃមានសមរម្យនៅកម្ពុជា ដើម្បីជាចំណែកមួយក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបន្ថែមទៀត។លោកទេសរដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុននេះ បើកការិយាល័យរបស់ខ្លួនផ្ទាល់នៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រង និងអនុវត្តផ្ទាល់ស្របទៅតាមច្បាប់នៅកម្ពុជា។

ប្រទេសចិនជាប្រទេស ដែលវិនិយោគលើវិស័យសំណង់នៅកម្ពុជាធំជាងគេបំផុតកាលពីឆ្នាំ២០១៧ ដោយមានចំនួន១២៨គម្រោង ក្នុងទំហំទឹកប្រាក់ប្រមា​ណជាង២ពាន់លានដុល្លារអាមេរិក ក្នុងចំណោមទុនវិនិយោគលើវិស័យសំណង់សរុបក្នុងឆ្នាំ២០១៧ មានទឹកប្រាក់ជាង៦ពាន់៤រយលានដុល្លារអាមេរិក។

 

នាយិកកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតាបានថ្លែងថា ទីផ្សារលំនៅដ្ឋានសម្រាប់ប្រជាជន មានប្រាក់ចំណូលទាបកំពុង ទទួលបានជោគជ័យ ដោយសារទីផ្សារលំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានការពិបាក​លក់បន្តិច ដោយសារអ្នកមានប្រាក់បានទិញផ្ទះបានអស់ហើយ ហេតុនេះទីផ្សារ​បានងាកទៅកាន់ប្រជាជនមានប្រាក់ចំណូលមធម្យម ដែលមានចំនួនច្រើនជាងគេ ហើយការវិនិយោគសំដៅលើប្រជាជនក្រុមនេះ នឹងទទួលបានជោគជ័យ។

 

លោកបន្តថា “ទីផ្សារលំនៅដ្ឋានតម្លៃចាប់ពី២ ទៅ៣ម៉ឺនដុល្លារកំពុងលក់ដាច់ខ្លាំង ហើយនេះជានិន្នាការទីផ្សារ ដែលអ្នកវិនិយោគនានាបានចាប់ផ្តើមចាប់អារម្មណ៍”។

 

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បាន​មានប្រសាសន៍ថា ការលក់លំនៅដ្ឋានតម្លៃខ្ពស់ ហាក់មានភាពយឺតយ៉ាវបន្តិចនាពេលនេះ ប៉ុន្តែមិនលំបាកខ្លាំងនោះទេ។ ផ្ទុយទៅវិញលំនៅដ្ឋានតម្លៃមធ្យមមានការលក់ដាច់ខ្លាំង ដោយសារនិន្នាការទីផ្សារបានងាក រកប្រជាជនមានជីវភាពមធម្យម ដែលកំពុងកើនឡើងនៅកម្ពុជា ស្របពេលកម្ពុជាមានសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចល្អប្រសើរ៕









ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បន្តនាំស្វាយរាប់រយគីឡូទៅកាន់ទីផ្សារអឺរ៉ុប

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ដែលគ្រប់គ្រង់ដោយមហាសេដ្ឋីកសិកម្មល្បីឈ្មោះប្រចាំនៅកម្ពុជា លោក ឧកញ៉ា ម៉ុង ឬទ្ធី បានបន្តនាំស្វាយទៅចែកចាយក្នុងទីផ្សារអឺរ៉ុបរាប់រយគីឡូបន្ថែមទៀត កាលពីម្សិលមិញនេះ ក្រោយពីទទួលបានជោគជ័យក្នុងការនាំស្វាយទៅលក់ក្នុងទីផ្សារដ៏ធំមួយនេះ។

លោកឧញ៉ា ម៉ុងឬទ្ធី បានសរសេរក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថា “ថ្ងៃអង្គារទី ០៩ ខែមករា ឆ្នាំ២០១៨ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្ត តាកែវ បានរៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និង ប្រទេសរុស្សី និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប សម្រាប់ជើងទី១២ ឆ្នាំ២០១៧-២០១៨ ទំនិញទាំងអស់នេះ នឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅម៉ោង ៤ និង៥០នាទីល្ងាចនេះ QR0971 មានចំនួន៦ប៉ាឡែត ៤២០កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ២៣០០គីឡូក្រាម”។

 

លោកឧញ៉ាសរសេរបន្តថា “ចំណែកស្វាយរុស្សីគឺមានចំនួន ៨០កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយ” ១១០០គីឡូក្រាម។

 

ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បាននាំស្វាយទៅចែកចាយក្នុងទីផ្សារអឺរ៉ុបមានរយៈពេល ២ទៅ ៣ ឆ្នាំមកហើយ មកដល់ពេលនេះ ។ ស្វាយដែលនាំចេញពីកម្ពុជាត្រូវគេគាំទ្រ និង បញ្ជាទិញជាបន្តបន្ទាប់ព្រោះស្វាយមានគុណភាពល្អ៕









អ្នកជំនាញប្រាប់ពីគន្លឹះចំនួន៥ ដើម្បីលក់ផ្ទះឆាប់ដាច់

0
នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​។ រូបថត៖ សហការី

ដោយ គង់ សូរិយា

ភ្នំពេញ៖ តើលោក អ្នកមានបំណងលក់ផ្ទះឬទេ ហើយបើលក់ផ្ទះចង់ដាច់លឿនក៏មិនងាយដែរ ប្រសិនជាមិនដឹងពីវិធីសាស្រ្ត ដើម្បីទាក់ទាញអតិថិជន។

 

លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltdដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពី​យុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។

 

លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្ត​ចំនួន៥ រួមមាន ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយ​កខ្វក់ និងមានក្លិនមិនល្អ។ ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិន​បើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

 

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវ​រញ៉េរញ៉ៃ​ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ​។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

 

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូប Spay បាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

តោះទៅស្តាប់សារដ៏រំជួលចិត្តរបស់នាយករដ្ឋមន្រ្តីចិនផ្ញើជូនប្រជាជនកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចលំដាប់ខ្ពស់មកកាន់កម្ពុជា ចាប់ពីថ្ងៃទី១០ដល់១២ មករាខាងមុខនេះ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានផ្ញើសារដ៏រំជួលចិត្តមួយទាក់ទងនឹងទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្រ្តរវាងរដ្ឋាភិបាល និងប្រ​ជាជននៃប្រទេសទាំងពីរ។

 

លោកនាយករដ្ឋមន្រ្តីនៃប្រទេសមហាអំណាចទី២ លើពិភពលោកនេះបានផ្ញើសារដ៏កក់ក្តៅ និងលន្លង់លន្លោចពីអ្វីដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិងកំពុងធ្វើ និងប្រវត្តិសាស្រ្តដ៏យូរលង់នៃប្រជាជាតិទាំងពីរ។

 

ក្នុងដំណើរទស្សនកិច្ច និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាងលោក លី ខឺឈាង បានលើកឡើងជាច្រើនទាក់ទងនឹងកិច្ចសហប្រិតបតិ្តការឡានឆាង-មេគង្គជាច្រើន។

 

គេហទំព័រព័ត៌មានអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia សូមបង្ហាញជូននូវការបកប្រែក្រៅផ្លូវការដូចតទៅ។

 

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនចេញផ្សាយអត្ថបទដាក់ឈ្មោះក្រោមចំណងជើងថា “សង់ស្ពាន និងក្រាលផ្លូវ ដើម្បីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងចំណងមេត្រីភាពចិននិងកម្ពុជា” តាមប្រព័ន្ធសារព័ត៌មានកម្ពុជានៅថ្ងៃទី ៩ ខែមករាដូចតទៅ។

 

ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាលនិងពូនជ្រុំនូវអរិយធម៌។ តាំងពីបុរាណកាលមកមនុស្សជាតិ រស់នៅតាមបណ្តោ​យទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ ទន្លេឡានឆាងនិងទន្លេមេគង្គ ដែលមានទីប្រភពនៅប្រទេសចិនបានលាតសន្ធឹងជិត ៥០០០គីឡូម៉ែត្រ ជាទន្លេដែលហូរកាត់ប្រទេសច្រើនបំផុតនៅអាស៊ី ដែលបានស្រោចស្រពលើដីដ៏មានជីជាតិ និងស្រស់បំព្រងដែលស្ថិតនៅតាមបណ្តោយច្រាំងទន្លេ និងកកើតបានជាវប្បធម៌ដ៏ត្រចះត្រចង់បីដូចរស្មី នៃដួងតារានៅក្នុងតំបន់ ។

 

ទន្លេដ៏ធំមួយខ្សែនេះ ជាអំណោយពីធម្មជាតិដែលជាទីបង្អែកសម្រាប់ការរស់នៅរបស់យើង ហើយកាន់តែជាចំណងធម្មជាតិ នៃការជួយយកអាសាគ្នារបស់យើងទៀតផង ។ វាបានផ្សារភ្ជាប់ប្រទេសទាំង៦ ដែលហូបទឹកនៃទន្លេតែមួយឲ្យក្លាយជាសហគមន៍ រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធដូចជាមនុស្សក្នុងគ្រួសារតែមួយ។ អាស្រ័​យហេតុនេះ គ្រាន់តែលើកពីគំនិតផ្តួចផ្តើមស្តីពី យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានប្រើឈ្មោះរបស់ទន្លេមួយនេះ ក៏ទទួលបានការឆ្លើយតបយ៉ាងសកម្មពីបណ្តាប្រទេសពាក់ព័ន្ធ ។

 

ទំហំសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសទាំង ៦ មានភាពខុសប្លែកពីគ្នា មានបញ្ហាអ្វីក៏ពិគ្រោះពិភាក្សាជាមួយគ្នា ដោយបានប្រែក្លាយភាពបំពេញបន្ថែមគ្នាផ្នែកសេដ្ឋ កិច្ចឲ្យទៅជាកម្លាំងជួយជំរុញគ្នា ដើម្បីការអភិវឌ្ឍ ដែលផ្តោតលើវិស័យធំៗទាំង៣ គឺសន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍជានិរន្តរភាពសង្គម និងវប្បធម៌មនុស្សជាតិ ស្របតាមឧត្តមភាពជាប្រទេសជិតខាង ក្នុងន័យជីកកកាយរកឲ្យបានកាន់តែស៊ីជម្រៅ នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ហើយបានធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាយ៉ាងទូលំទូលាយលើវិស័យការតភ្ជាប់ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែនធន​ធានទឹកកសិកម្ម និងការកាត់បន្ថយភាពក្រីក្រជាដើម ។

 

ដោយឈរលើមូលដ្ឋាន នៃចំណងមិត្តភាពប្រពៃណីដ៏យូរលង់ និងការអភិវឌ្ឍប្រកបដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដែលជាក្តីបំណងរួមរបស់យើង ដែលជាហេតុញ៉ាំងឲ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គទទួលបានផ្លែផ្កា ដោយសារមានលក្ខណសម្បត្តិគ្រប់គ្រាន់រួចជាស្រេច ។ គម្រោងជាសមិទ្ធផលដំណាក់កាលដំបូងចំនួន៤៥ ដែលបានកំណត់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកដំបូងកាលពីឆ្នាំ ២០១៦ បាននិងកំពុងដំណើរការទៅតាមផែនការ ពោលគឺហិរញ្ញប្បទានពិសេស នៃកិច្ចសហការផ្នែកសមត្ថភាពផលិត ដែលមានតម្លៃ៥០០០ លានដុល្លារអាមេរិកបានសម្រេច ដោយលើសទំហំដែលបានគ្រោងទុក ហើយ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង- មេគង្គគ្រោងនឹងផ្តល់ការគាំទ្រលើគម្រោងចំនួន១៣២ ដែលលើកឡើងដោយប្រទេសទាំង​៦ បានបង្កើ​តជាល្បឿនឡានឆាង-មេគង្គ ដែលមានភាពវិវឌ្ឍរីកចម្រើនជារៀងរាល់ថ្ងៃ មានផ្លែផ្កាជារៀងរាល់ខែ និងឈានដល់កម្រិតខ្ពស់ថ្មីជារៀងរាល់ឆ្នាំ ។

 

កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលកកើតឡើងដោយសារទឹក និងចម្រើនរុងរឿងដោយសារទឹក បានវិវឌ្ឍជាយន្តការសហប្រតិបត្តិការអនុតំបន់ដែលពោរពេញទៅដោយភាពរស់រវើក និងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ ។ ក្នុងនាមជាផ្នែកមូលដ្ឋានមួយនៃ កិច្ចសហប្រតិបត្តិការតំបន់ ក្រោមបរិបទបច្ចុប្បន្នដែលមានភាពផ្ទុយពីការធ្វើសកភាវូបនីយកម្ម និងការងើបឡើងនៃការគាំពារនិយម ក៏ដូចជាកម្លាំងចលករមិនគ្រប់គ្រាន់ នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ វាមិនត្រឹមតែមានអំណោយផល សម្រាប់ការបង្រួញ នូវគម្លាតអភិវឌ្ឍន៍នៃផ្ទៃក្នុងអាស៊ានផ្តល់ជាកម្លាំងចលករ សម្រាប់ការធ្វើសមាហរណកម្មអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ចូលនូវប្រភពទឹករស់រវើក និងកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេ​សកំពុងអភិវឌ្ឍន៍ រហូតដល់ដំណើរវិវឌ្ឍនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយភាពកាន់តែបើកចំហ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យ​ភាព និងឈ្នះ-ឈ្នះទៀតផង ។

 

ទន្លេឡានឆាងនិងទន្លេមេគង្គដែលមានតាំងពីសម័យបុរាណមក វាបានផ្ទុកនូវភាពលំបាកជូរចត់ ភាពរុងរឿង និងក្តីសុបិនដ៏មោទនៈភាពនៃប្រទេសតាមបណ្តោយទន្លេ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នឹងហូរឆ្ពោះទៅកាន់អនាគត ដែលវាប្រាកដជានឹងហូរកាត់នូវការសម្រេចសុបិន និងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នារបស់យើងជាក់ជាពុំខាន ។

 

ឆ្នាំថ្មី អ្វីៗក៏ថ្មី ។ ខ្ញុំរំពឹងថានឹងអាចធ្វើការពិគ្រោះពិភាក្សាគ្នាជាមួយគ្រប់ភាគីអំពីផែនការប្រតិបត្តិនាពេលអនាគត តាមរយៈកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី២ដែលនឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ក្នុងន័យស្រោចស្រពឲ្យបាន ផ្លែផ្កាកាន់តែសម្បូរលើវិស័យធារាសាស្ត្រ អប់រំ វប្បធម៌និងយុវជនជាដើម ។

 

កាលពីឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេស​កម្ពុជាប្រកបដោយភាពជោគជ័យ ដែលបានជំរុញឲ្យកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសចិន និងកម្ពុជាឈានដល់កម្រិតថ្មីថែមទៀត ។ លើកនេះខ្ញុំមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដោយតបតាមការអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារំពឹងថា នឹងមានការសំណេះសំណាលយ៉ាងស្និទ្ធស្នាល អំពីចំណងមេត្រីភាពដ៏ល្អប្រពៃរវាងប្រទេសទាំងពីរម្តងទៀត ។

 

ឆ្នាំនេះត្រូវជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកម្ពុជា ។ និយាយចំពោះមហាជនចិន កម្ពុជាគឺជាប្រទេសមួយដែលញ៉ាំងឲ្យពួកយើងមានភាពស្និទ្ធស្នាលជាអនេក។ នេះវាមិនត្រឹមតែដោយសារទំនាក់ទំន​ងជាអ្នកជិតខាងដ៏ស្អិតល្មួតរវាងចិន និងកម្ពុជាដែលអាចស្វែងរកប្រភពនៅជាង ២០០០ឆ្នាំមុន ហើយក៏មិនត្រឹមតែដោយសារវប្បធម៌ខ្មែរ ដ៏ត្រចះត្រចង់ និងប្រសាទបុរាណអង្គរ ដែលល្បីរន្ទឺទូទាំងពិភពលោកដែលញ៉ាំងឲ្យអ្នកផងទាំងពួងនឹកភ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៅទៀត គឺដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងកម្ពុជាបានជួបប្រទះរឿងប្រវត្តិសាស្ត្រស្រដៀងគ្នា និងបានឆ្លងកាត់ការរួមគ្នាតស៊ូប្រយុទ្ធ ជាហេតុនាំឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នា ក្នុងភាពមោះមុត ហើយក៏ដោយសារតែក្នុងពេលដែលប្រឈមនឹងបញ្ហា ដែលពាក់ព័ន្ធដល់ផលប្រយោជន៍ ជាស្នូលរបស់សមភាគី និងរឿងធំនិងសំខាន់ដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ឈរលើគោលការណ៍នៃការគាំពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ក៏ដូចជាអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ជាតិ ប្រទេសចិននិងកម្ពុជាមានការយល់ឃើញដូចគ្នាលើតម្លៃនៃមិត្តស្មោះក្នុងគ្រាលំបាក និងការប្រកាន់ខ្ជាប់នូវការគាំពារសច្ចភាពទៅវិញទៅមក។

 

ចំណងមិត្តភាពដ៏មហិមារវាង ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់ដែលបានឆ្លងកាត់អស់រយៈពេលកន្លះទសវត្សរ៍បានចារឹកជារឿងតំណាលដ៏អស្ចារ្យ ទាំងក្នុងទំព័រប្រវត្តិសាស្ត្រទំនាក់ទំនងរវាងចិន និងកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ ។ ជាការពិតណាស់ នៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនចិន ប្រទេសកម្ពុជានិងព្រះនាមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋសុទ្ធតែជាការចងចាំនៃយុគសម័យមួយដែលមិនអាចលុបបំបាត់បាន ។មានគេនិយាយថា រឿងតំណាលដ៏អស្ចារ្យនេះ គឺបានសបង្ហាញឲ្យឃើញពីឥរិយាបថ ចំពោះមនុស្ស និងការដោះស្រាយបញ្ហា ដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ជនជាតិចិន និងបានឆ្លុះបញ្ចាំងពីកម្លាំងទាក់ទាញ នៃសច្ចភាពរបស់ប្រទេសចិនថ្មីដែលប្រកបដោយភាព ឯករាជ្យម្ចាស់ការនិងកិច្ចការទូតសន្តិភាព ។ ថ្វីបើពេលវេលាបានរំកិលទៅមុខ ពិភពលោកមានការប្រែប្រួលក្តី ក៏ប៉ុន្តែការថែរក្សានិងឲ្យតម្លៃរបស់យើងទៅលើចំណងមិត្តភាព ប្រពៃណីរវាងចិននិងកម្ពុជា ការប្រកាន់ខ្ជាប់របស់យើងលើទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ បរិយាប័ន្ន និងគោលការណ៍ណែនាំស្តីពី កិច្ចការទូតជាមួយប្រទេសជិតខាង គឺការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង ចាត់ទុកប្រទេសជិតខាងជាដៃគូ ការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយ ជាមួយប្រទេសជិតខាង និងទស្សនសច្ចភាពនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ ដែលយើងបានប្រកាន់ខ្ជាប់ គឺជាការបន្តវេននៃឥរិយាបថនិងសច្ចភាពរបស់ប្រជាជាតិចិន វាមិនកែប្រែជាដរាប ពោលគឺពេលវេលារឹតតែយូររឹតតែរឹងមាំ ។

 

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសដែលដាក់ឈ្មោះ តាមកំពង់ផែក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍយ៉ាងផុលផុស ដែលបានស្រូបទាញសហគ្រាសចិននិងបរទេសជាង១០០ ទៅធ្វើអាជីវកម្ម បានផ្តល់ឱកាសការងារក្នុងតំបន់ជិត២ ម៉ឺននាក់ គឺដូចជាគម្រោងសហប្រតិបត្តិការ ជាក់ស្តែងដទៃទៀតរវាងចិននិងកម្ពុជាដូច្នោះដែរ វាបាននិងកំពុងបន្តចារឹកនូវទំព័រថ្មី សម្រាប់យុគសម័យនៃចំណងមិត្តភាពចិន និងកម្ពុជាតាមវិធីដែលផ្តល់សេចក្តី សុខសុភមង្គលពិតប្រាកដជូនដល់ប្រជាជន ។ ពេលបានមើលឃើញប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាក បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ នៅលើមាគ៌ាអភិវឌ្ឍន៍ ប្រជាជនចិនមានសេចក្តីត្រេកអរយ៉ាងស្មោះអស់ពីដួងចិត្ត ។ ក្នុងដំណើរដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ និងការដឹកនាំឲ្យប្រទេសជាតិខ្លាំងក្លាប្រជាជនសម្បូរសប្បាយ ប្រទេសចិន និងកម្ពុជាកាន់តែត្រូវចាប់ដៃគ្នាដើរឆ្ពោះទៅមុខ តស៊ូពុះពារឧបសគ្គជាមួយគ្នា ។

 

ប្រទេសចិនរីករាយ ក្នុងការតភ្ជាប់ដោយស៊ីជម្រៅនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងន័យត្រួសត្រាយ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ។ ការបណ្តាក់ទុន បច្ចេកទេស សមត្ថភាព ផលិត និងភ្ញៀវទេសចរដែលមកពីប្រទេសចិន នឹងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ ដល់សេដ្ឋកិច្ចសង្គមរបស់កម្ពុជាដូចគ្រាកន្លងទៅ ។

 

កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសចិននិងកម្ពុជា ក៏ដូចជាឡានឆាងនិងមេគង្គ គឺសុទ្ធតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺជីវភាពរស់នៅនិងការផ្តល់សេចក្តីសុខ សុភមង្គលជូនដល់ប្រជាជនជាទិសដៅណែនាំ ។ ខ្ញុំមានក្តីសប្បាយរីករាយជាពន់ពេក ដែលបានដឹងថា ក្រុមការងារសុខាភិបាលរបស់ចិនក្នុងសកម្មភាព “ដំណើរពន្លឺនៃក្តីសង្ឃឹមតាមទន្លេ មេគង្គ”បានជួយឲ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០០ រូបដែលមានជំងឺភ្នែកឡើងបាយបានជាសះស្បើយ ជឿជាក់ថាអនាគតដ៏ភ្លឺស្វាងនៃការរួមគ្នាអភិវឌ្ឍរបស់យើង នឹងស្ថិតនៅក្នុងក្រសែភ្នែកដែលពោរពេញទៅដោយក្តីសង្ឃឹមរបស់ពួកគាត់ ។

 

ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងរួមជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបើកដំណើរការ នូវសកម្មភាពវះកាត់ជំងឺបេះដូងស្តីពី”ដំណើរសប្បុរសធម៌” ខ្ញុំសូមជូនពរឲ្យអ្នកជំងឺទាំងឡាយឆាប់បានជាសះស្បើយ និងជឿជាក់ថា ចំណងមិត្តភាពរវាងចិននិងកម្ពុជានឹងទទួលបានកម្លាំ​ងចលករកាន់តែយូរអង្វែង ពីក្នុងចង្វាក់បេះដូងរបស់ពួកគាត់ ដែលកាន់តែមានកម្លាំងខ្លាំងក្លា ។

 

មានស្ថិតិបង្ហាញថា ប្រទេសចិនបានជួយកសាងស្ពាននិងផ្លូ​វថ្នល់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំយល់ឃើញថា ក្នុងចំណោមនោះ គ្មានអ្វីគួរឲ្យសង្ស័យឡើយ ស្ពានដែលល្អបំផុត គឺស្ពានមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា។ ឯផ្លូវដែលល្អបំផុតជាការពិតណាស់ គឺផ្លូវរួមគ្នាអភិវឌ្ឍរវាងប្រទេសចិន និងកម្ពុជា ហើយការមកដល់របស់ខ្ញុំលើកនេះ គឺក្នុងគោលបំណងដើម្បីបន្តសាងសង់ស្ពាននិងក្រាលផ្លូវបែបនេះតទៅទៀត ៕









ក្រុមហ៊ុនអាកាសចរណ៍ Avion Express ចុះហត្ថលេខាជួលយន្តហោះដល់ក្រុមហ៊ុន SKY Airline និង Sky Angkor Airlines

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Avion Express បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលយន្តហោះ យន្តហោះ A321 ទៅឲ្យក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុន Sky Angkor Airlines (Cambodia) និងក្រុមហ៊ុនអាកាសចរណ៍Sky Airline (Chile) ដើម្បីបង្កើនឧស្សាហកម្មការដឹកជញ្ជូនផ្លូវអាកាសរបស់ពួកគេ។

ការចុះហត្ថលេខានេះ បើកផ្លូវឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បានជួលយន្តហោះ Airbus A320-200 ចំនួន២គ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍Avion Express ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

 

ជាមួយគ្នានេះដែរយន្តហោះ Airbus A320 ចំនួនពីរគ្រឿង (LY-VEF និង LY-VEI) ត្រូវបានគេដាក់ដំណើរការនៅប្រទេសឈីលី ក្នុងកិច្ចសន្យាតាមរដូវកាល។ នេះនឹងជាការរៀបចំជួលយន្តហោះលើកដំបូង រវាងក្រុមហ៊ុនអាកាសចរណ៍ Avion Express និងក្រុមហ៊ុន SKY Airline ។

 

ក្រុមហ៊ុន SKY Airline ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលមានមូលដ្ឋាននៅ Santiago ប្រទេសឈីលី គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅក្នុងប្រទេស។ នេះបើយោងតាម Skytrax ដែលជាពានរង្វាន់ដែលផ្តល់ដោយអតិថិជនរបស់ខ្លួន។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុន SKY Airline បានទទួលពានរង្វាន់ថ្នាក់ជាតិ ដែលមានឈ្មោះ “Procalidad” នៅក្នុងប្រភេទ “ក្រុមហ៊ុនអាកាសចរណ៍” ដែលមានការពេញចិត្តដល់អតិថិជនល្អបំផុតនៅក្នុងប្រទេសឈីលី។

 

ចំណែកក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បច្ចុប្បន្នមានយន្តហោះ៧គ្រឿងបាន និងកំពុងដំណើរការជើងហោះហើរក្នុងស្រុក ទៅកាន់គោលដៅសំខាន់ៗ គឺហោះហើរទៅប្រទេសចិន និងកូរ៉េខាងត្បូង ពីខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះជាកម្មសិទ្ឋរបស់កម្ពុជា។

 

ក្រុមហ៊ុនអាកាសចរណ៍ Avion Express គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅក្នុងប្រទេសលីទុយអានី (Lithuania) និងជាក្រុមហ៊ុនប្រតិបត្តិករជួលដីសើមធំបំផុតនៅក្នុងពិភពលោក។ ក្នុងអំឡុងឆ្នាំ 2017 ក្រុមហ៊ុនអាកាសចរណ៍ Avion Express បានប្រតិបត្តិការយន្តហោះAirbus 319/320/321គ្រឿងចំនួន១៦ គ្រឿង៕









សេដ្ឋវិទូ៖ សេដ្ឋកិច្ចកម្ពុជានឹងថយល្បឿនក្នុងរយៈពេល៥ឆ្នាំខាងមុខ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ : សេដ្ឋវិទូនានាបានលើកឡើងថា ការសម្រេចបានកំណើនសេដ្ឋកិច្ច៦,៩ភាគរយកាលពីឆ្នាំមុន ជារឿងគួរឲ្យអបអរសាទរ ដែលមានភាពសមស្របនឹងត្រូវខិតខំបន្តទៀត។

 

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ ​បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី ៩ មករានេះថា ការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយបែបនេះ ជារឿងល្អប្រសើរណាស់ ដែលគួរស្រែកជយោ! ជយោ! ព្រោះការសម្រេចបាននេះ ដោយសារការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ធ្វើឲ្យប្រទេសយើងមានភាពរីកចម្រើនបន្តិចម្តងៗ ប៉ុន្តែលោកគិតថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងអាចថមថយនៅ៥ទៅ១០ឆ្នាំខាងមុខ ដោ​យសារមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំ។

 

លោកបន្តថា “ការថមថយកំណើនសេដ្ឋកិច្ចជារឿងធម្មតា ព្រោះមូលដ្ឋាន​សេដ្ឋកិច្ចយើងកាន់តែធំ ប៉ុន្តែបើយើងខិតខំហើយសម្រេចបានក្នុងរង្វង់៧ភាគរយបន្តទៀតជារឿងល្អមែនទែន”។ លោកបន្តថា “វាប្រៀបដូចជាយើងឡើងកាំជណ្តើរ​អញ្ចឹងគឺមួយជំហ៊ានម្តងៗ និងកាន់តែខ្ពស់ទៅៗ”។

 

តើធ្វើយ៉ាងណាដើម្បីសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់បន្តទៀត លោកបណ្ឌិត ម៉ី កល្យាណ បានពន្យល់ថា កម្ពុជាត្រូវតែធ្វើពិពិធកម្មលើវិស័យក​សិកម្ម សេវាកម្ម និងឧស្សា​ហកម្មបន្ថែមទៀត ជាមួយទស្សនវិស័យច្បាស់លាស់ថា យើងកំពុងនៅទីណា និងត្រូវដើរទៅទីណាឲ្យបានច្បាស់លាស់។

ចំណែកលោកបណ្ឌិត​ ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា​បានថ្លែងថា ប្រសិនជាគិតក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ការសម្រេចបានកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦,៩ភាគរយជារឿងល្អ ដែលអាចឲ្យកម្ពុជាអាចឈោ​ងយកកំណើនសេដ្ឋកិច្ចបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយប្រសិ​នជាកម្ពុជារក្សាបាននូវសន្តិភាព នូវស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជានឹង​រក្សាបានកំណើនក្នុងរង្វង់៧ភាគរយ ឬអាចខ្ពស់ជាងនេះទៀត ដោយសារកំណើននៃការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន ពីប្រទេ​សសមាជិកអាស៊ាន អឺរ៉ុបជាដើម។

 

លោកបណ្ឌិតបន្តថា “ខ្ញុំនៅតែមើលឃើញថា អ្នកវិនិយោគចិនកាន់តែច្រើននៅបន្តចូលមកកម្ពុជា ហើយអ្នកវិនិយោគដទៃទៀតក៏បានចូលមក ដោយ​មិនឃើញសញ្ញាថមថយនោះទេ ដែលនេះសុទ្ឋតែជាសញ្ញាល្អ ដែលអាចឲ្យរដ្ឋាភិ​បាលប្រមូលចំណូលបានកាន់តែច្រើន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ខ្លួន”។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​ថ្លែងក្នុងទិវាអបអរជ័យជំនះ៧ មករា លើកទី៣៩ កាលពីម្សិលម៉ិញថា សេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំមុន សម្រេចបានកំណើន៦,៩ភាគរយ និងប្រាក់​ចំណូលប្រជាពលរដ្ឋម្នាក់ៗ ទទួលបាន១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

 

សម្តេចបន្តថា “ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដ៏រ៉ឹងមាំ បានធានាឲ្យកម្ពុជាសម្រេចបានសមិទ្ឋិផលធំៗជាថ្មីទៀត ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន”។

 

សម្តេចបានបន្តថា កំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនវិស័យឧស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម និងសេវាកម្ម ដូចជាទេសចរណ៍ និងអចលនទ្រព្យជាដើម។ ជាមួយគ្នានេះកម្ពុជាបានផ្លាស់ប្តូររចនាសម្ពន្ឋសេដ្ឋកិច្ច ពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែល ពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម៕