តោះទៅស្តាប់ប្រតិកម្មចម្រុះទាក់ទងព្រលានយន្តហោះភ្នំពេញថ្មី

0
(រូបតំណាង)

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ គ្រាន់តែរដ្ឋាភិបាលប្រកាស និងបានចុះហត្ថលេខាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងតម្លៃទឹកប្រាក់១៥០០លានដុល្លារភ្លាម តម្លៃដី នៅជុំវិញគំរោង ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ បានឡើងថ្លៃស្ទើរមិនគួឬឲ្យជឿ។

(រូបតំណាង)

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងសាងសង់លើផ្ទៃដី២៦,០០០ហិកតា និងសហ​ការសាងសង់ដោយក្រុមហ៊ុន OCIC ជាមួយក្រុមហ៊ុនចិននាពេលខាងមុខ ស្ថិតនៅក្នុងទឹកដីក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹកខេត្តកណ្តាល ប៉ុន្តែទីតាំងព្រលានយន្តហោះជាក់លាក់មិនទាន់ដឹងនៅឡើយទេ។

 

ប្រកាសសាងសង់ព្រលានយន្តហោះថ្មី មានប្រតិកម្មចម្រុះទាំងប្តកម្មវិជ្ជមាន និងអវិជ្ជមាននៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ពិសេសសារ ដែលពួកគេបានផ្ញើរមកកាន់គេហទំព័រ Propertyarea.asia។

 

លោក ជីវិត ដែលជាឈ្មោះដាក់ក្នុងហ្វេសបុករបស់ខ្លួនបានសរសេរថា ជួល​ផ្ទះក្បែរព្រលានយន្តហោះរាល់ថ្ងៃ ថ្លង់តែសម្លេងយន្តហោះឡើងចុះរំខានសឹងអី។លោកបន្តថា ការប្រកាសព្រលានយន្តហោះថ្មីនេះ អាចជាការបោកប្រាស់ប្រជា​ពលរដ្ឋ ដើម្បីអ្នកមានអំណាចលក់ដីរបស់ខ្លួន។

 

ចំណែកលោក Martinee Royce បានសរសេរដោយលើកជាសំណួរថា ឲ្យឡើងយ៉ាងម៉េច លើលោកនេះ ដែលឃើញដីនៅក្បែរព្រលានយន្តហោះមានអនាគតទេ? សូមបញ្ឈប់បំពុលទៅ។

 

លោក Kak Tola បានសរសេរផងដែរថា គ្មានហេតុផលអ្វីដែលត្រូវទៅស្តាប់​ភាពតម្លង់នៃសម្លេងយន្តហោះឡើងចុះនោះទេ។

 

រី​ឯលោក Camnab Ket បានសរសេរថា តំបន់តាខ្មៅគេហៅថាតំបន់អ្នកមាន ឬថ្លៃថ្នូរ ផាសុខភាព តាំងពីជំនាន់ឆ្នាំ២០០៥ម្លេះ។ មានតែអ្នករកស៊ីឆក់ឳកាសទេ ដែលកញ្រ្ជោលដោយសារព្រលានយន្តហោះថ្មី។

 

លោកសុង ពឹងបានលើកឡើងផងដែរថា ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប នៅខេត្តព្រះសីហនុ និងខេត្តកោះកុងជារឿងពិត។ ចំណែកព្រលានថ្មី​នៅលើទឹកដីខេត្តកណ្តាល គ្រាន់តែជាព៌តមានបំប៉ោងប៉ុណ្ណោះ។

 

អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងថា ការប្រកាសសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងខ្លាំង តំបន់ខ្លះកើនឡើងទ្វេរដងឬច្រើនជាងនេះ ហើយម្ចាស់ដីភាគច្រើនពួកគេមិនចង់លក់ដីរបស់ពួកគេឡើយ។

 

អ្នកនាងបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា សុទ្ឋតែជារឿងល្អ​ប្រសើរ សម្រាប់សេដ្ឋកិច្ច និងជាពិសេសវិស័យអចលនវត្ថុ”។

 

ទោះជាយ៉ាងណាលោកលាង គង់ យិន ស្ថាបនិកនិងជាអគ្គនាយកគេហ​ទំព័រ Propertyarea.asia បានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីជារឿងអបអរសាទរ ដែលនេះជាការជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ឲ្យឈានឡើងមួយ​កម្រិតទៀត ប៉ុន្តែប្រសិនជានិយាយពីតំបន់ ស្ថិតនៅក្បែរព្រលានយន្តហោះ មិនមែនសុទ្ឋតែជារឿងល្អនោះទេ ព្រោះទីតាំងនៅក្បែរព្រលានយន្តហោះ ពិសេ​សតំបន់ផ្លូវរត់របស់យន្តហោះ នឹងរងការរំខានខ្លាំងដោយសារសម្លេងយន្តហោះឡើង​ចុះ ហើយទីតាំងនៅក្បែរព្រលានយន្តហោះ មិនអាចសាងសង់អាគារពាណិ​ជ្ជកម្មខ្ពស់ៗនោះទេ។

 

លោកបន្តថា “ខ្ញុំធ្លាប់មានបទពិសោធន៍រស់នៅ និងធ្វើការនៅក្បែរព្រលាន​យន្តហោះដនមឿង ប្រទេសថៃ ធ្លាប់ទទួលរងការរំខានយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃ ដោយសារព្រលានយន្តហោះប្រទេសថៃ មានយន្តហោះចុះចតមួយនាទីម្តងឬច្រើនជាងនេះ”។ លោកបន្តថា “ហេតុនេះការឡើងថ្លៃដីធ្លីនៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី មិនមែនជារឿងល្អ និងល្អសម្រាប់ការវិនិយោគនោះទេ”៕

ក្រុមហ៊ុនផ្ដល់សេវាកម្មទិដ្ឋការ AIMS ចាប់ផ្ដើមឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd  ជាក្រុមហ៊ុនផ្ដល់សេវាកម្មលំដាប់ពិភពលោក សម្រាប់ការស្នើសុំទិដ្ឋការទៅសិក្សា ធ្វើការ និងរស់នៅតាមបណ្តាប្រទេសផ្សេងៗលើពិភពលោក បានឈានជើងចូលទីផ្សារកម្ពុជាហើយ។

មានប្រសាសន៍បន្ទាប់ពីពិធីបើកសម្ពោធ ការមកដល់នៃក្រុមហ៊ុនផ្ដល់សេវាកម្មស្នើសុំទិដ្ឋការ AIMS នាព្រឹកថ្ងៃទី ១៦ ខែមករាឆ្នាំ២០១៨នេះលោក មាស ង៉ែតវាសនា អគ្គនាយកក្រុមហ៊ុន Naki  Group ជាដៃគូរសហការជាមួយក្រុមហ៊ុនAIMS បានថ្លែងថា ការចូលមកដល់នៃក្រុមហ៊ុនផ្ដល់សេវាកម្ម ទិដ្ឋការនេះនឹងជួយជុំរុញឲ្យការស្នើសុំ ទៅរស់នៅបរទេសរបស់ប្រជាជនកម្ពុជាក្នុងគោលបំណងផ្សេងៗកាន់តែងាយស្រួល។លោកបន្តថា ក្រុមហ៊ុននេះមានជំនាញច្បាស់លាស់លើ​ការរៀបចំឯកសារនានាទាក់ទងនឹងទិដ្ឋាការ ដោយសារមានធនធានមនុស្សនិង​កម្រិតជំនាញស្តង់ដាអន្តរជាតិ។

លោកបន្តថា “យើងជឿជាក់ថាសេវាកម្មនេះនឹងទទួលជោគជ័យ ដោយសា​រយើងមានជំនាញលំដាប់ពិភពលោក ហើយកម្រិតជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង ដែលពួកគេចង់ចេញទៅធ្វើការ រស់នៅ និងបញ្ជូនកូនរបស់​ពួកគេទៅសិក្សានៅបរទេស។

 

ក្រុមហ៊ុន AIMS ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ២០០៦ នៅប្រទសសិង្ហបុរីដោយមានការិយាល័យ ចំនួន១២នៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាពិសេសក្រុមហ៊ុននេះបានបញ្ជូនគ្រួសារចំនួន៥០០គ្រួសារជារៀងរាល់សប្ដាហ៍ ចេញទៅរៀនសូត្រ ធ្វើការ ធ្វើជំនួញ និងរស់នៅក្រៅប្រទេសដោយស្របច្បាប់។

 

លោក Pearce Chengនាយកប្រតិបត្តិនៃក្រុមហ៊ុន AIMS ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរីបានលើកឡើងថា ក្រុមហ៊ុន AIMS ផ្ដោតសំខា​ន់លើសេវាកម្មចំនួន៤ដោយមាន ដូចជា ការសុំទិដ្ឋការទៅសិក្សានៅបរទេស ដោយរៀបចំវីសាសម្រាប់សិស្ស និស្សិតដែលមានបំណងទៅសិក្សាបរទេស។ ការសុំទិដ្ឋកា ទៅរស់នៅបរទេសតាមរយៈភាពជំនាញ ដោយរៀបចំផ្ដល់សេវាកម្មសុំវីសារជូនជូនគ្រួសារ និងអ្នកនៅលីវដែលចង់ទៅរស់នៅបរទេស តាមរយៈលកខណៈសម្បត្តិការងារ និងបទពិសោធន៍ការងារ។

 

លោកបន្តថា សេវាកម្មមួយទៀត គឺការសុំទិដ្ឋការទៅរស់នៅបរទេស តាមរយៈការធ្វើជំនួញ និងការវិនិយោគនៅបរទេស គឺផ្ដល់សេវាសុំវិសារ និងសុំសញ្ជាត្តិ​ដល់ម្ចាស់អជីវកម្ម សហគ្រិន និងវិនិយោគគិន តាមរយៈការធ្វើអជីវកម្ម ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើអចលនទ្រព្យ និងការវិនិយោគលើមូលបត្ររបស់រដ្ឋាភិបាលរបស់ប្រទេស ដែលគាត់ចង់រស់នៅនិងចង់បានសញ្ជាតិ។

 

ចំណែកឯសេវាកម្មចុងក្រោយ គឺផ្ដល់ការសុំទិដ្ឋការនិងរៀបចំរើទីតាំងជំនួ​ញទៅបរទេស ដោយភ្ជាប់មកជាមួយការផ្ដល់ប្រឹក្សាយោបល់គ្រប់ជំហ៊ាន រួមមានសហប្រតិប្តិការនៃអជីវកម្ម ការស្វែងរកបុគ្គលិកនៅប្រទេសជាម្ចាស់ផ្ទះ ការស្វែងរកទីតាំងអជីវកម្ម រឺការិយាល័យដែលល្អ និងសេវាជាច្រើនទៀត ដែលធានាបានភាពងាយស្រួល ដើម្បីពង្រឹងអជីវកម្មរបស់អ្នកនៅបរទេស៕

កម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សសេដ្ឋកិច្ចថ្មីមួយទៀត

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ក្នុងសំឡេងគាំទ្រចំនួន ១១៣ សំឡេង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្នែកសេវាកម្ម រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការប្រកួតប្រជែង ព្រមទាំងធ្វើពិពិធកម្មនៃការ ផ្គត់ផ្គង់សេវាកម្ម នៅក្នុងតំបន់អាស៊ាន-ឥណ្ឌា។

 

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដូចខាងក្រោម៖
១) បើកច្រកចូលទីផ្សារបានទូលាយជាងមុន ដល់អ្នកផ្តល់សេវាកម្មនៃប្រទេសសមាជិកហត្ថលេខីទាំងអស់ រួមទាំងកម្ពុជាផងដែរ។ ប្រទេសអភិវឌ្ឍន៍តិចតួចដូចជា កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានទទួលនូវប្រព្រឹត្តិកម្ម ពិសេសនិងដោយឡែក ដូចជាបើកច្រកទីផ្សារផ្នែកសេវានៅក្រៅប្រទេស និងផ្តល់ភាពទន់ភ្លន់ក្នុងការធ្វើ សេរីភាវូបនីយកម្ម ជាជំហានៗ និងតាមវិស័យអាទិភាពស្របតាមកំរិតនៃការអភិវឌ្ឍជាដើម។
២) ជំរុញឲ្យមានការកើនឡើងនូវវិនិយោគទុនផ្នែកសេវា ដែលនឹងបង្កើតការងារ បង្កើនចំណូលពន្ធ ពង្រឹងគុណភាពនិងការប្រកួតប្រជែងនៃការផ្គត់ផ្គង់សេវា នៅក្នុងប្រទេស។
៣) ផ្តល់ភាពទន់ភ្លន់ដល់ភាគីទាំងអស់ ដើម្បីរក្សាការពារ និងដោះស្រាយបញ្ហានៅក្នុងវិស័យសេវា ដែលមានលក្ខណៈរសើប ព្រមទាំងផ្តល់លទ្ធភាពឲ្យភាគីពាក់ព័ន្ធចរចាគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញ ទៅមក។
៤) ពង្រីកពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ទាំងពីរ តាមរយៈការផ្គត់ផ្គង់ និងប្រើប្រាស់សេវាកម្ម ឆ្លងកាត់ព្រំដែនលើផ្នែកសេវាកម្មដែលមិនមានការផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តឲ្យមានការ បង្កើតការិយាល័យអាជីវកម្ម ឬក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រប់គ្រងបម្លាស់ទីរបស់រូបវន្តបុគ្គលជំនាញ។

 

លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអោយដឹងថា ប្រទេសកម្ពុជាគឺជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដែលត្រូវតែមានច្បាប់ធ្វើពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយជាមួយប្រទេសឥណ្ឌា ។ ជាមួយគ្នានេះប្រទេសចំនួន ៩ដែលជាសាមជិអាស៊ានបានអនុម័ត្ររួចហើយ នៅឡើយតែកម្ពុជា។ តែនៅពេលនេះរដ្ឋសភាបានអនុម័តហើយដើម្បីបើកផ្លូវធ្វើពាណិជ្ជកម្មអោយកាន់តែទំលំទំលាយព្រោះប្រទេសឥណ្ឌាមានប្រជាជនច្រើនដែលអាចអោយប្រទេសកម្ពុជាទទួលផលពីការធ្វើពាណិជ្ជកម្មផ្សេងៗបាន។

 

លោកបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឥណ្ឌា នៅមានកម្រិតនៅឡើយទេ ដោយក្នុងនោះប្រទេសកម្ពុជាបាននាំសេវាកម្មធនតូចទៅកម្ពុជាទៅកាន់ប្រទេសឥណ្ឌា។ តែយ៉ាងណាក៏ដោយលោកថា មិនមែនតែកម្ពុជានោះទេ ដែលមានទំហំពាណិជ្ជកម្មនៅមានកំរិត សូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នៅមានកម្រិតដែរ ដូច្នេះ បានជាប្រទេសនីមួយខិតខំប្រឹងប្រែងអនុម័តច្បាប់នេះ អោយបានលឿនដើម្បីបើកផ្លូវអោយធ្វើពាណិជ្ជកម្ម៕

អត្រាគ្មានការងារធ្វើនៅកម្ពុជា មានត្រឹម ០,៣0%

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា អត្រាគ្មានការងារធ្វើនៅកម្ពុជាមានត្រឹម០,៣០ភាគរយ គិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

 

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងលើកឡើងនៅក្នុងវេទិការសាធារណៈស្តីពី ថវិការឆ្នាំ២០១៨ នៅទីស្តីការក្រសួង ថ្ងៃទី១៥ ខែកមរា ឆ្នាំ២០១៨ នេះថា នៅក្នុងអណត្តិ៥ឆ្នាំនេះ រាជរដ្ឋាភិបាលបានបង្កើតការងារជាច្រើនជូនប្រជាជន ទាំងក្របខណ្ឌជាតិ ក្របខណ្ឌក្រោមជាតិ និងប្រជាពលរដ្ឋទូទៅ ដោយបានធ្វើឲ្យអត្រាអត់ការងារធ្វើនៅក្នុងឆ្នាំ២០១៧ មានត្រឹមតែ០,៣%ប៉ុណ្ណោះ។ នេះគឺជាចំនួនតិចតូចបំផុត នៃប្រជាជនអត់ការងារធ្វើ ដូចនេះយន្តការបង្កើនផលកំណើន បានបង្កើតការងារយ៉ាងច្រើនជូនប្រជាជន។

 

លោកបន្តថា “នៅក្នុងក្របខណ្ឌបង្កើតការងារនេះ យើងបានខិតខំជម្រុញចំណូលរបស់ប្រជាជនមានការកើនឡើងជាច្រើន ក្នុងនោះនៅក្នុងក្របខណ្ឌមន្រ្តីរាជការ ប្រាក់បៀវត្សរ៍ក៏បានកើនឡើងច្រើនបំផុត បើគិតពីផលទុនជាតិសរុប(GDP) នៅក្នុងរយៈពេល៥ឆ្នាំ គឺបានកើនឡើងជិត៦០ភាគរយនៃ GDP។ ចំណែកប្រាក់ចំណូលនៃមន្រ្តីរាជការ គឺបានកើនឡើងជិត៣ដង (គឺជិត៣០០%) ក្នុងនោះពាក់ព័ន្ធប្រាក់ចំណូលកម្មករវិញ នៅក្នុងឆ្នាំ២០១៣ទទួលបានប្រាក់ខែ ត្រឹមតែ៨០ដុល្លារនៃប្រាក់ខែគោល ហើយមកដល់ឆ្នាំ២០១៨នេះ បានឡើងដល់១៧០ដុល្លារ គឺបានកើនឡើងជាង២ដង បើធៀបទៅនឹងរយៈពេលពីមុន។ ចំណែកទាក់ទិនប្រាក់ចំណូលប្រជាជនវិញ គឺបានកើនឡើងលើស GDP ដែលជាការឆ្លុះបញ្ចាំងនៃការបែងចែកធនធានប្រកបដោយសមធម៌។

 

ទន្ទឹមនឹងប្រាក់ចំណូលកើនឡើង លឿនជាង GDP បែបនេះ ការចំណាយរបស់រដ្ឋាភិបាល ក៏ត្រូវបានដោះស្រាយសមរម្យ នៅក្នុងអតិផរណា៣%ផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានលុប និងកាត់បន្ថយពន្ធជាច្រើន ពាក់ព័ន្ធនឹងចំណាយរបស់ប្រជាជនទូទៅ ដែលធ្វើឲ្យប្រសើរដល់អ្នកមានចំណូលទាប ហើយចំណាយបង់រំលោះសាធារណៈក៏បានកាត់បន្ថយ លុបបំបាត់ដូចជា ផាស៊ីពន្ធលើថ្លៃតូបជាដើម។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានបង្កើនចំណាយថែមទៀតនៅលើសេវាសាធារណៈថ្មីៗ គឺការការគាំពារសង្គម រួមជាមួយបង្កើនចំណាយសាធារណៈមួយចំនួនទៀត ដើម្បីដោះស្រាយតម្រូវការជីវភាព និងអាជីវកម្មរបស់ប្រជាជន ជាពិសេសនៅតាមតំបន់ជនបទ ក្នុងនោះចំណាយវិនិយោគ សាធារណៈក៏បានកើនឡើងជាច្រើន។លោកវង្សី វិស្សុតបញ្ជាក់ឲ្យដឹង៕

NAKI GROUP នាំចូល AIMS ឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន NAKI GROUP បាននាំយកក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ដែលផ្តល់សេវាកម្មលំដាប់ពិភពលោក ទាក់ទងនឹងសេវាកម្ម សម្រាប់ការសុំទិដ្ឋការទៅរស់នៅបរទេស មកកាន់ទីផ្សារកម្ពុជា  ខណៈដែលសេវាកម្មនេះកំពុងមានតម្រូវការកើនឡើងនៅកម្ពុជា។

 

AIMS Immigration Specialist Cambodia Co, Ltd នឹងផ្តល់សេវាកម្មទាក់ទងនឹងការធ្វើជំនួញនិងការ​វិនិ-យោគនៅបរទេស និងមានជំនាញដែលអាចធ្វើការនៅក្រៅប្រទេសបាន ព្រមទាំងការទៅបន្តសិក្សានៅបរទេសរបស់សិស្ស និស្សិត និងការរៀបចំក្នុងការរើទីតាំងជំនួញទៅបរទេស ​បានឈានជើងចូលទីផ្សារកម្ពុជាហើយ នៅថ្ងៃទី១៦ មករានេះ។

 

AIMS (អេ អាយ អឹម អេស​) ត្រូវបានបង្កើតឡើងដំបូងបង្អស់នៅខែវិច្ឆិកា ឆ្នាំ២០០៦ នៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងភាពជោគជ័យលើការផ្តល់សេវាដល់អតិថិជនរបស់ខ្លួន AIMS (អេ អាយ អឹម អេស​) មានមោទនភាពជាមួយនិងការិយាល័យទាំង១២របស់យើង នៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។

 

តំណាងរបស់ក្រុមហ៊ុន AIMS (អេ អាយ អឹម អេស​) បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd ផ្តោតលើសេវាកម្មសំខាន់ៗ ចំនួនបួនដូចជា ទី១​ ការសុំទិដ្ឋការទៅសិក្សានៅបរទេស (Student visa) គឺការរៀបចំវីសារសម្រាប់សិស្ស និស្សិតដែលមានបំណងទៅសិក្សា នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។ ទី២ ការសុំទិដ្ឋការទៅរស់នៅបរទេ​សតាមរយៈភាពជំនាញ ​(Skilled​ Migration) ជាការរៀបចំផ្តល់សេវាកម្មសុំវីសារជូនគ្រួសារ និងអ្នកនៅលីវ ដែលមានបំណងចង់ទៅរស់នៅបរទេស តាមរយៈជំនាញលក្ខណៈសម្បត្តិការងារ និងបទពិសោធន៍ការងារ។

 

ទី៣ ការសុំទិដ្ឋការទៅរស់នៅបរទេសតាមរយៈការធ្វើជំនួញ និងការវិនិ​យោគនៅបរទេស (Business and Investor Migration) គឺផ្តល់សេវាសុំវីសា និងសុំសញ្ជាតិ ដល់ម្ចាស់អាជីវកម្ម សហគ្រិន និងវិនិយោគិន តាមរយៈការធ្វើអាជីវកម្ម ការវិនិយោគលើអចលនទ្រព្យ និងការវិនិយោគលើមូលបត្ររបស់រដ្ឋាភិបាលរបស់ប្រទេសដែលគាត់ចង់ទៅរស់នៅ និងចង់ទទួលបានសញ្ជាតិ និងទី៤ ការសុំទិដ្ឋការ និងរៀបចំក្នុងការរើរទីតាំងជំនួញទៅបរទេស គឺផ្តល់សេវារៀបចំក្នុងការរើរទីតាំងជំនួញទៅក្រៅប្រទេស ព្រមជាមួយការផ្តល់ប្រឹក្សាយោបល់គ្រប់ជំហ៊ាន រួមមានការសហប្រតិបត្តិការនៃអាជីវកម្ម ការស្វែងរកបុគ្គលិកនៅប្រទេសជាម្ចាស់ផ្ទះ ការស្វែងរកទីតាំងអាជីវកម្មឬការិយាល័យដែលល្អ និង​សេវាជាច្រើនទៀត ដែលអាចធានាបាននូវភាពងាយស្រួលក្នុងការពង្រីងអាជីវកម្មរបស់លោកអ្នកនៅក្រៅប្រទេស។

 

ក្រុមហ៊ុន AIMS Immigration Specialist Cambodia Co.,Ltd នៅកម្ពុជាជាអ្នកដើរតួនាទីផ្តល់សេវា​ប្រឹក្សាយោបល់ និងផ្តល់សេវាកម្មសម្របសម្រួលប្រក​បដោយភាពងាយស្រួល និងចំនេញពេលវេលាដល់អតិថិជន ដើម្បីបញ្ជូនឯកសារពាក់ព័ន្ឋ ទៅការិ​យាល័យកណ្តាលរបស់ក្រុមហ៊ុននេះ ដែលមានទីស្នាក់ការនៅប្រទេសសឹង្ហបុរី ជាកន្លែងដែលមានអ្នកជំនាញអន្តរជាតិ មានបទពិសោធន៍ខ្ពស់ និងធ្វើការប្រកប​ដោយប្រសិទ្ឋិភាពខ្ពស់ សម្រាប់រៀបចំបែបបទស្នើសុំនានា។

 

ជាមួយនឹងការធ្វើការងារប្រកបដោយជំនាញជាក់លាក់ និងច្បាស់លាស់ ក្រុមហ៊ុនលំដាប់ពិភពលោកនេះ តែងតែបញ្ជួនគ្រួសារចំនួន៥០០​គ្រួសារជារៀងរាល់សប្តាហ៍ ចេញទៅរៀនសូត្រ ធ្វើការ ធ្វើជំនួញ និងរស់នៅក្រៅប្រទេសបានដោយស្របច្បាប់ជាមួយទំនុកចិត្ត និងភាពជឿជាក់មកលើ AIMS។

 

“យើងជឿជាក់ថា សេវាកម្មនេះនឹងទទួលបានជោគជ័យនៅកម្ពុជា ដោយ​សារបច្ចុប្បន្ននៅកម្ពុជា មិនទាន់មានកុ្រមហ៊ុនជំនាញ ផ្តល់សេវាកម្មបែបនេះច្បា​ស់លាស់​នៅឡើយ។ ប្រទេសកម្ពុជាបាន និងកំពុងមានការរីកចម្រើនសេដ្ឋកិច្ច និងប្រាក់ចំណូ​លកើនឡើង ដែលធ្វើឲ្យគ្រួសារកម្ពុជាកាន់តែច្រើនបញ្ជូ​ន​កូនទៅសិក្សានៅក្រៅប្រទេស”។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្រុមហ៊ុន AIMS Immigration Specialist នៅកម្ពុជា។

 

អតិថិជនអាចទាក់ទងក្រុមហ៊ុននេះ ដើម្បីទទួលព៌តមាននិងប្រឹក្សាយោប​ល់នៅទីស្នាក់ការកណ្តាល ដែលស្ថិតនៅឡូតិ៍១ ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេ​បាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

 

ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២​ ៤៣៣ ៩១៩  អ៊ីម៉េល [email protected] និងគេហទំព័រ www.aims.sg

តម្លៃ​ដី​នៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ​ កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ហួសការ​រំពឹង

0
  1. ដោយ៖ រ៉ាវី

ភ្នំពេញ៖ បន្ទាប់ពី​មាន​ចេញ​សេចក្ដីប្រកាស​ជា​សាធារណៈ​ស្ដីពី​ការបង្កើត​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ ដោយមាន​ការ​សាទរ និង​គាំ​ទ្ត​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​ដី​ដែល​ស្ថិតនៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​តំបន់​ជិតខាង​ជុំវិញ​ទីតាំង​គម្រោង​បង្កើត​ព្រលានយន្តហោះ មានការ​ឡើងថ្លៃ​យ៉ាង​ពុះកញ្ជ្រោល​ហួស​ពី​ការ​ស្មាន ខណៈដែល​ពេលនេះ​មាន​ឈ្មួញ​ជាច្រើន​កំពុង​ប្រជែង​គ្នា​សម្រុក​ទិញ​យ៉ាង​មមាញឹក​ដោយ​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​អត្រា​ខ្ពស់​ដែល​អាច​ទទួលបាន​ចំណេញ​កប់​ក្តោង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។

 

លោក ប៉ុល សិ​ទ្ឋី ឈ្មួញកណ្តាល​ទិញ-លក់​ដី​នៅក្នុង​ខេត្តកណ្តាល​មានប្រសាសន៍ថា កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ត្រឹមតែ 2ទៅ3កាក់(ដុល្លារ)ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ មិនមាន​ឈ្មួញ​ណា​ទិញ​ផង ប៉ុន្តែ​មកទល់ពេលនេះ​ដី​ឡើងថ្លៃ​ខ្ពស់​ហួសការ​ស្មាន ដោយ​ទីតាំង​ខ្លះ1ម៉ែត្រការ៉េ​ថ្លៃ5ដុល្លារ កន្លែង​ខ្លះទៀត​ឡើងដល់10ដុល្លារ រហូតដល់60ដុល្លារ​ក៏មាន​ទៅតាម​កន្លែងផ្សេងៗ ដែល​ធ្វើឱ្យ​ដី​ឡើងថ្លៃ​ខ្ពស់​ចាប់ពី1ហិកតា 2ពាន់​ដុល្លារ​ឡើងដល់10ម៉ឺន​ដុល្លារ ឬ60ម៉ឺន​ដុល្លារ​ក៏មានដែរ។

ជាមួយគ្នានេះ លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA (Khmer Foundation Appraisal Co, Ltd) ដែលជា​ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់​កិត្តិយស​អន្តរជាតិ​ឆ្នាំ2017 នៅ​ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស លើ​ដំណើរការ​ប្រតិបត្តិ​ល្អ​ក្នុង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​កំពុងធ្វើការ​វិនិយោគ​យ៉ាងសកម្ម​ទៅលើ​វិស័យ​អចលនទ្រព្យ ជាពិសេស លើ​វិស័យ​សាងសង់​សំណង់​លំនៅដ្ឋាន​តែម្ដង (គម្រោង​សំណង់​លំនៅដ្ឋាន The Urban Resort ) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វាល​ថ្លាន សង្កាត់​គង​ន​យ ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​ទំហំ​ជាង4ហិកតា ដែល​ស្ថិតនៅ​ជិត​តំបន់​អភិវឌ្ឍ​ព្រលានយន្តហោះ​ផងដែរ​នោះ បាន​មានប្រសាសន៍​ទទួលស្គាល់​ថា តម្លៃ​ដី​នៅក្នុង​តំបន់​ខាងលើនេះ​ពិតជា​មានការ​ហក់​ឡើង​ខ្ពស់​យ៉ាងពិត​ប្រាកដ​មែន ហើយ​ឱកាស​នេះ​គឺមាន​ភាពល្អប្រសើរ​សម្រាប់​បណ្តា​អ្នក​ដែលមាន​បំណង​ចង់​ធ្វើការ​វិនិយោគ។

 

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «ផ្អែក​តាម​ភាពជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ សម្រាប់​តំបន់​ដែលមាន​អំណោយផល​លើ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ គឺ​រួមមាន​តំបន់​ខាង​ក្រុង​តាខ្មៅ, ខណ្ឌដង្កោ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ។ ភាព​អំណោយផល​ទាំងនេះ​យើង​សុទ្ធតែ​អាច​មើលឃើញ​ដោយផ្ទាល់​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ ដោយ​ដំបូង​ចាប់ពី​ការជួយ​សម្រួល​ឱ្យមាន​ផ្លូវ​ល្អ មាន​ប្រព័ន្ធ​ទឹកស្អាត មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ជាពិសេស​ជួយ​សម្រួល​ដល់​ដំណើរការ​រដ្ឋបាល ដែល​ទាំងអស់​នេះហើយ​ជា​ចលករ​មួយ​ដែល​អាច​ទាក់ទាញ​ឱ្យមាន​ប្រជាជន​មក​រស់នៅ ក៏ដូចជា​ស្រូបយក​លំហូរ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​ចូលមក​ដាក់​ទីតាំង​វិនិយោគ ដូចជា រោងចក្រ សហ​គ្រាស​តូចធំ សំណង់​លំនៅដ្ឋាន​នានា ខណៈដែល​នៅ​តំបន់​នេះ​នឹង​ក្លាយជា​ទីតាំង​សេដ្ឋកិច្ច​ដ៏​ធំ ព្រោះ​វា​ស្ថិតនៅ​ជិត​តំបន់​ច្រ​ល​ព្រំដែន​កម្ពុជា-វៀតណាម មាន​អំណោយផល​លើ​ការដឹកជញ្ជូន»។

 

លោក​ឧកញ៉ា​បាន​បន្ថែមថា ៖«ដោយឡែក​សម្រាប់​គម្រោង​សំណង់​លំនៅដ្ឋាន The Urban Resort ក៏​កាន់​តែមាន​សក្កា​នុព​ល និង​មាន​ភាពល្អប្រសើរ ព្រោះ​ទីតាំង​នេះ​ក៏​ស្ថិតនៅ​តំបន់​អភិវឌ្ឍ​ខាងលើ ហើយ​តម្លៃ​មាន​ភាពសមរម្យ ចាប់ពី 35000-38000ដុល្លារ ដែល​អាចឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ឈ្មួញ​នានា​មានឱកាស​ចំណេញ​ច្រើន។ ចំពោះ​ដី​មិន​កើនឡើង ឬ​រីក​ធំ​ដោយ​កក្តា​ធម្មជាតិ​នោះទេ ក៏ប៉ុន្តែ​ចំនួន​មនុស្ស​គឺ​ត្រូវតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដូច្នេះ តម្លៃ ឬ​តម្លៃ​លំនៅដ្ឋាន​ទៅ​ថ្ងៃ​អ​នា​គត់​មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ» ។

 

ដោយឡែក​លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល ក៏បាន​ទទួលស្គាល់ថា តម្លៃ​ដី​នៅ​ទីនោះ​ពិតជា​ឡើងថ្លៃ​ប្រាកដ​មែន ដោយ​កន្លងមក​ដី​នៅ​ផ្នែក​ខាងក្រោម ឬ​ដី​បាត​បឹង មានតម្លៃ​ត្រឹម 5ដុល្លារ – 6ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ឡើងដល់​ជាង 10ដុល្លារ ហើយ តម្លៃ​ដី​ផ្នែក​ខាងលើ​ដែលមាន​តម្លៃ 7 – 8ដុល្លារ ឡើងដល់60ដុល្លារ​ទៅ70ដុល្លារ​ក៏មានដែរ ។ បើទោះជា​យ៉ាងនេះ​ក្តី លោក​អំពាវនាវ​ឱ្យ​អ្នកទិញ​មានការ​ប្រុងប្រយ័ត្ន មុននឹង​ទិញ​ត្រូវ​ពិចារណា​ឱ្យ​ច្បាស់លាស់​ចៀសវាង​ការខាតបង់ ព្រោះថា​នៅ​ជិត​ព្រលានយន្តហោះ មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា។ គុណសម្បត្តិ​នៅត្រង់ថា តំបន់​នោះ​ក្លាយទៅជា​ទីប្រជុំជន អាច​ប្រកប​របរ​លក់ដូរ ឬ​ធ្វើ​ផ្ទះសំណាក់​ទទួលភ្ញៀវ​បាន ចំណែក​គុណវិបត្តិ​មិនអាច​សង់ផ្ទះ​ខ្ពស់​បាន និង​មាន​សម្លេង​រំខាន​ក៏​ច្រើន​ដែរ ៕

កម្ពុជាមានចំនួនអ្នកដាក់ប្រាក់បញ្ញើ៥,១លានគណនី

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ចំនួនអ្នកដាក់ប្រាក់បញ្ញើរនៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុនានាកើនឡើងដល់៥,១លានគណណី ខណៈទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានឡើងដល់១៣៥,១ទ្រីលានរៀល កើនឡើងប្រមាណជាង២០% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជាដែល Propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី១៥ មករានេះថា កំណើនមូលនិធិកម្ចី ដើមទុនរបស់គ្រឹះស្ថាន និងប្រាក់បញ្ញើរបស់អតិថិជន ក្នុងនោះនៅឆ្នាំ២០១៧កន្លងមកនេះ មូលនិធិកម្ចីបានឡើងដល់១២,៦ទ្រីលានរៀល កើនប្រមា​ណជាង២៥% ដែលធ្វើឲ្យដើមទុនឡើងដល់២៥,៧ទ្រីលានរៀល កើនឡើងជាង២៣ភាគ​រយ។ ចំណែកប្រាក់បញ្ញើអតិថិជនកើនដល់៧៦,៨ទ្រីលានរៀល កើនឡើងជាង២៤ភាគរយ និងឥណទានឡើងដល់៨១,៤ទ្រីលានរៀល កើនឡើងប្រមាណជាង១៨ភាគរយ។ ទន្ទឹមនឹងនេះចំនួនគណនីប្រាក់បញ្ញើរ បានកើនឡើងដល់៥,១លានគណនី និងគណនីឥណទានមានចំនួន២,៦លានគណនីផងដែរ។

 

របាយការណ៍ដដែលបានបង្ហាញថា ការរីកចម្រើននៃសេដ្ឋកិច្ច និងស្ថិរភាពផ្នែកនយោបាយនៅកម្ពុជា គឺជាកំលាំងចលករយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើ​នជំនឿទុកចិត្ត របស់សាធារ​ណជនមកលើប្រព័ន្ធធនាគារ ក្នុងនោះគិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលកំពុងប្រតិ​បត្តិការរួមមាន ធនាគារពាណិជ្ជមានចំនួន៣៩ ធនាគារឯកទេស១៥ ធនាគាររដ្ឋ១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើរពីសាធារណជន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៦៩ គ្រឹះស្ថានឥណទានជនបទ៣១៣ ក្រុមហ៊ុនភតិសត្យាហិរញ្ញវត្ថុ១១ អ្នកដំណើរការគតិយភាគី ១៥ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជា១ ការិយាល័យតំណាងធនាគារបរទេស៦ និងក្រុមអាជីករប្តូរប្រាក់មានចំនួន២៤៧៦កន្លែងផងដែរ។

 

ចំណែកការពង្រីកវិសាលភាពសេវា និងបណ្តាញប្រតិបត្តិនៅតាមរាជធានី-ខេត្តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនដល់ចំនួន២១៦៤កន្លែង មានម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) មានចំនួន១៨០៤។ ម៉ាស៊ីន ដែលជាការពង្រីកប្រតិបត្តិការបានឆ្លើយតប និងតម្រូវការសេវាហិរញ្ញវត្ថុរបស់អតិថិជន ក្នុងការប្រកួតប្រជែង ក្នុងនោះផងដែរការប្រើប្រាស់ឥណទាន និងប័ណ្ណឥណទាន ក៏មានការកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលការប្រើប្រាស់សេវាធនាគារអេឡិចត្រូនិច កាន់តែទូលាយ ងាយស្រួល និងមានសុវត្ថិភាពជាងមុន៕

ឧស្សាហកម្មសាងសង់ប្រឈមការប្រកួតប្រជែងខ្លាំងជាងមុន

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្របពេលនឹងកំនើននៃការវិនិយោគក្នុងវិស័យសំណង់កើនឡើង​កាន់តែខ្លាំង ក្រុមហ៊ុនសាងសង់លំដាប់អន្តរជាតិធំៗ ក៏បានចូលមកកាន់ទីផ្សារនេះ ខណៈក្រុមហ៊ុនសាងសង់ក្នុងស្រុកភាគច្រើននៅក្មេងខ្ចីនៅឡើយ ក្នុងការសាងសង់អាគារធំៗនិងខ្ពស់ៗ។

 

ដោយសារការមកដល់នៃក្រុមហ៊ុនធំៗលំដាប់ពិភពលោក បានធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានបិទទ្វារ និងប្រឈមនឹងការបិទទ្វារផងដែរ។

 

លោក កែវ មាលា នាយករងក្រុមហ៊ុន CAMWORLD PROPERTY Co,.td ដែលក្រុមហ៊ុនរបស់លោកបានបិទទ្វារកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុនរបស់លោកមិនទទួលបានគម្រោងសាងសង់ធំៗទេ ទទួលបានគម្រោងសាងសង់តូចៗតែប៉ុណ្ណោះ ដោយសារតែគម្រោងសាងសង់ធំៗភាកច្រើន ក្រុមហ៊ុនម៉ៅការរបស់ចិនយកទាំងអស់។ លោកបញ្ជាក់ថា នេះដោយសារតែក្រុហ៊ុនម៉ៅការសំណង់របស់ចិនមានទុនបំរ៉ុង និងការទូទាត់ប្រាក់ជាមួយម្ចាស់សំណង់រយៈពេលវែង ជាពិសេសគេសាងសង់គ្រឿ​ងបង្គំរួចហើយ បានទូទាត់ប្រាក់ជាមួយម្ចាស់សំណងអគារជាក្រោយ។

ចំណែកក្រុមហ៊ុនម៉ៅការសំណង់ខ្មែរ អត់មានប្រាក់ទុនបំរ៉ុងចឹងហើយយើងមិនអាចប្រៀបជាមួយគេបានទេ ព្រោះយើងត្រូវទូទាង់ក្នុងមួយខែម្តង ដើម្បីយកប្រាក់មកបើកអោយកម្មករ។

 

លោកបន្តថា ក្រុហ៊ុនម៉ៅការសំណង់ចិន មានសម្ភារៈគ្រប់គ្រាន់ និងចំណា​យរយៈពេលសាងសង់ខ្លី និងលឿនជាងក្រុមហ៊ុនម៉ៅការសំណងខ្មែរប្រមាណជា ៤០ភាគរយ ដោយសារគេអោយកម្មកររបស់គេថែមម៉ោងនិងមានបំពាក់សម្ភារៈ​និងគ្រឿងចក្រទំនើបៗ។ លោកបន្តថា ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រុមហ៊ុនម៉ៅការសំណង់ខ្មែរ មិនសូវទទួលគម្រោងសាងសង់សំណង់ធំៗទេ ហើយមានក្រុមហ៊ុនម៉ៅការសំណង់ខ្មែរជាច្រើងកំពុងប្រឈមនឹងការបិតទ្វារ។

លោក កែវ មាលា បានបញ្ជាក់ថា “បើនិយាយពីប្រសិទ្ធិភាពការងារសាងសង់របស់ក្រុមហ៊ុនខ្មែរ មិនចាញ់ចិនឡើយ ពេលខ្លះយើងល្អជាងចិនទៀត តែចិនវាមានលុយ”។ លោកបន្តថា  “តាំងពីមិនទាន់មានវត្តមានក្រុមហ៊ុនម៉ៅការសំណ​ង់ចិន ក្រុមហ៊ុនម៉ៅការសំណង់ខ្មែរ ទទួលបានគម្រោងសាងសង់ច្រើន ជាពិសេ​សគម្រោងសាងសង់ធំៗជាងនេះទៅទៀត”។លោកបន្តថា “ក្រុហ៊ុនចិនទាំងនោះ ទទួលតែកម្មករចិនគ្នាវាទេ មិនទទួលកម្មករខ្មែរឡើង បើទទួលកម្មករខ្មែរវិញ ទទួលតិចតួចបំផុត”។

 

មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុនចិន និងអ្នកវិនិយោគចិនជាច្រើនបានចូលមករកស៊ី ក្នុងប្រទេសកម្ពុជាស្ទើរតែគ្រប់វិស័យ ដោយក្នុងនោះក្រុមហ៊ុនសំណង់ចិនប្រមាណ៩០ភាករយកំពុងប្រតិបត្តិការ ទាំងនៅក្នុងទីក្រុង និងបណ្តាខេត្តសំខាន់ៗនានារបស់ប្រទេស។ ការណ៍នេះត្រូវត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា វត្តមានក្រុមហ៊ុនចិនក្នុងប្រទេសកំពុងជម្រុញសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន តែយ៉ាងណាក៏យដោយស្របពេលនេះ ក៏មានបញ្ហាប្រឈមនានាជាច្រើនកើតឡើងដែរ។

 

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងថា ធម្មតាម្ចាស់អាគារនិមួយៗ ពេលពួកគេសាងសង់គំរោងអ្វីមួយ ពួកគេមានការប្រុងប្រយ័ត្នខ្លាំងណាស់ ក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ព្រោះគំរោងពួកគេចំណាយទុនច្រើនរាប់លានដុល្លារ ប៉ុន្តែជាមួយគ្នានេះអាជ្ញាធរពាក់ព័ន្ឋដែលមានសមត្ថកិច្ចត្រួតពិនិត្យការងារនេះ គួរមានការចុះត្រួតពិនិត្យគុ ណភាពអាគារ ឬសំណង់នានាជាប្រចាំ។

លោកបន្តថា “អ្វីខ្ញុំមើលឃើញការសាងសង់អាគារខ្ពស់ៗ នៅកម្ពុជាភាគច្រើនធ្វើឡើងដោយក្រុមហ៊ុនអន្តរជាតិធំៗ ជាជាងជ្រើសរើសក្រុមហ៊ុនខ្មែរ ប៉ុន្តែក៏​មានក្រុមហ៊ុនខ្មែរមួយចំនួន មានសមត្ថភាពសាងសង់អាគារខ្ពស់ៗផងដែរ”៕

តោះទៅមើលគំរោងអភិវឌ្ឍន៍ថ្មីៗនៅខេត្តព្រះសីហនុ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ រយៈពេល៥ឆ្នាំខាងមុខ ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ស៊ីវិល័​យមួយ តាមរយៈគំរោងអភិវឌ្ឍន៍អាគារកប់ពពកជាច្រើន ការសាងសង់ទីក្រុង China Town, និងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

បច្ចុប្បន្នអាគារខ្ពស់ៗកប់ពពក កំពុងសាងសង់យ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យសម្លេងសាងសង់លាន់លឺគ្រប់ទីកន្លែង និងអាគារខ្ពស់ៗកាន់តែលូតឡើងលើអាកាសកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាការផ្លាស់ប្តូរមុខមាត់ទីក្រុងជាប់មាត់សមុទ្រនេះ ក្លាយជាទីក្រុងដ៏រសរវើកមួយនាពេលអនាគត។

តាមរយៈការចុះសិក្សាពីល្បឿននៃការអភិវឌ្ឍន៍ទីក្រុងនេះ កាលពីចុងសប្តា​ហ៍មុន ស្ថាបនិកគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា គឺ propertyarea.asia លោកលាងគង់ យិនបានមើលឃើញថា ទីក្រុងព្រះសីហនុកំពុងរីកចម្រើនពីមួយថ្ងៃ ទៅមូយថ្ងៃយ៉ាងលឿន និងឆាប់រហ័សបំផុត ស្របពេលការបំពាក់ភ្លើងបំភ្លឺនា​ពេលរាត្រី បានធ្វើឲ្យទីក្រុងដែលអូរអរតែចុងសប្តាហ៍នេះ ក្លាយជាទីក្រុងដែលមាន​សកម្មភាពរសរវើកជាប្រចាំ។

លោកបន្តថា “ការវិនិយោគរបស់ចិន ជារឿងដ៏គួរឲ្យរីករាយ ព្រោះវត្តមាន​នៃអ្នកវិនិយោគនានាចូលមកកម្ពុជា សុទ្ឋតែផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងរដ្ឋាភិបាល តាមរយៈការបង្កើតការងារ បង្កើនសកម្មភាពខ្សែចង្វាក់សេដ្ឋកិច្ច និងផ្តល់ចំណូលដល់រដ្ឋាភិបាលកាន់តែច្រើន ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។លោកបន្តថា “យើងទាំងអស់គ្នាគួរស្វាគមន៍ និងមានមោទនភាពនិងការសម្រេ​ចបាននូវសន្តិភាព ស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ច ព្រោះបើគ្មានសន្តិភាព កម្ពុជាមិនអាចអភិវឌ្ឍន៍អ្វីបានទេ ហើយក៏មិនអាចទាក់ទាញអ្នកវិនិយោគបាននិះដែរ”។

លោកលាង គង់ យិន បានបន្តថា នៅពេលចិនមកវិនិយោគ មានអ្នកលើកឡើងពីការព្រួយបារម្ភថា ចិនយកដីខ្មែរ ចិនដណ្តើមការងារខ្មែរ ការពិតជាការយល់ច្រឡំដ៏ធំមួយ ព្រោះចិនមកវិនិយោគលើដីខ្មែរ ពួកគេសាងសង់ហេដ្ឋារចនា​សម្ព័ន្ឋនានា ហើយទោះបីពួកគេត្រលប់ទៅវិញ ក៏ពួកគេមិនអាចយកអ្វីទៅជាមួ​យវិញបានទេ ហើយសមិទ្ឋិផលទាំងនោះ នៅតែបន្តពង្រីកចរន្តសេដ្ឋកិច្ចជាតិដដែល។

 

អគ្គនាយិកាក្រុមហ៊ុន AMATAK PROPERTY Service co, Ltd លោកស្រី​តាំង ហួរបានសម្តែងការភ្ញាក់ផ្អើលនឹងល្បឿង នៃការអភិវឌ្ឍដ៏លឿននៅខេត្តព្រះ​សីហនុ ដោយលោកស្រីថ្លែងថា មិនចាំបាច់ដល់រយៈពេល១០ឆ្នាំទៀតទេ គឺរយៈពេល៥ឆ្នាំទៀត ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយ ដោយសារគំ​រោងអាគារពាណិជ្ជកម្មខ្ពស់ៗ អាគារសហកម្មសិទ្ឋនានា បាននិងកំពុងសាងសង់ទាំងយប់ទាំងថ្ងៃ។

លោកស្រីបន្តថា “ជាមួយនឹងកំនើននៃការវិនិយោគរបស់ចិន និងជនបរទេ​សនានា ខ្ញុំគិតថាតម្លៃដីធ្លីនៅខេត្តព្រះសីហនុ នឹងកើនឡើងខ្ពស់បន្ថែមទៀតនាពេលអនាគត”៕

ប្រមុខរដ្ឋាភិបាល ស្វាគមន៍គំនិតផ្តួតផ្តើមឱ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក

0

ដោយ វុត្ថា

ភ្នំពេញ៖ នេះ គឺជារូបគម្រូទូក និងកំពង់ផែដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកដងទន្លេមុខវាំងលើកដំបូង ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ចេញជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ផ្លូវការរបស់ក្រសួង។

គំនិតផ្តួតផ្តើមនេះ ត្រូវបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល ព្រោះវាអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណាលពេលវេលាតិច ក្នុងការធ្វើដំណើរ និងកាត់បន្ថយការចំណាយផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងជំនួបជាមួយសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ី សរុបប្រមាណ ៤,៦៨៥ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ ថា សម្តេចកំពុងមានការសប្បាយចិត្តចំពោះការផ្តួចផ្តើមឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ ហើយទៅក្រុងតាខ្មៅ ដោយមានផែចំណតច្រើន។

សម្តេចតេជោ ថ្លែងថា គឺជាគំនិតផ្តួចផ្តើមក្នុងការដោះស្រាយលើបញ្ហាដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំកំពង់ផែចំណតកាណូត ដឹកអ្នកដំណើរ ១៥ទីតាំង ចេញពីតំបន់ព្រែកព្នៅ ទៅកាន់តាខ្មៅ ដែលអាចនឹងដំណើរការបាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងអាចដំណើរបាននៅមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ (ខែមេសា) ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍។
ឯកឧត្តមទេសរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា តាមគម្រោងនឹងមាននាវាល្បឿនលឿនចំនួន ២០គ្រឿង ដែលក្នុងមួយគ្រឿងអាចផ្ទុកអាចដំណើរប្រមាណ១០០នាក់ នឹងត្រូវឲ្យធ្វើប្រតិតបត្តិការចាប់ពីពេលព្រឹកម៉ោង០៦ រហូតដល់ម៉ោង០៨យប់៕