ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ​មាន​សញ្ញា​កាន់តែ​ប្រសើរ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​នានា​បាន​លើកឡើងថា ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ​មាន​សញ្ញា​ល្អប្រសើរ ស្របពេល​អ្នកវិនិយោគ​បានផ្តល់​លក្ខ​ខ័​ណ្ឌ​នៃ​ការទិញ​លក់​ល្អប្រសើរ ដើម្បី​លើកទឹកចិត្ត​អតិថិជន។

លោក​ឧកញ៉ា​ចេង ខេង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Hutton CPLបាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២ ធ្នូ​នេះ​ថា ទីផ្សារ​ខុន​ដូ​មាន​តម្រូវការ​ល្អប្រសើរ ព្រោះ​ខេត្ត​ព្រះសីហនុ ជាទី​តាំង​មាន​សក្តានុពល​សម្រាប់​វិនិយោគ ស្របពេល​អ្នកវិនិយោគ​អន្តរជាតិ ពិសេស​អ្នកវិនិយោគ​ចិន​ចូលទៅ​កាន់តែច្រើន ហើយ​អ្វី​កាន់​ពិសេស​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​មាន​ភាពអំណោយ​ផល។

លោក​បន្តថា “ស្រប​ពេលដែល​តម្លៃ​ស្នាក់​នៅតាម​សណ្ឋាគារ​ឡើងថ្លៃ បន្ទប់​សណ្ឋាគារ​កំពុង​ខ្វះខាត ការវិនិយោគ​ខុន​ដូ​សម្រាប់​ជួល​ពិតជា​ល្អប្រសើរ ដោយ​អ្នកទិញ អាច​ជួល​ត្រលប់​បានទទួល៨ភាគរយ​នៃ​ទុនវិនិយោគ​របស់​ពួកគេ។

លោក​ឧកញ៉ា​ចេង ខេង​បាន​បន្តថា អតិថិជន​ជាវ​ខុន​ដូ​នេះ នឹង​ទទួលបាន​ការផ្តល់ជូន​នូវ​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​មួយឈុត ហើយ​លំនៅដ្ឋាន​របស់​ពួកគេ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា Smart Home ដែល​អាច​បញ្ជា​បិទ​បើក​ប្រ​ព័​ន្ឋ​អគ្គិសនី ដោយ​ប្រើប្រាស់​ត្រឹម​ទូរស័ព្ទដៃ និង​ការបញ្ជា​ពី​ចម្ងាយ។

បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​មាន​គំរោង​ខុន​ដូ​ជាច្រើន​កំពុង​សាងសង់​ដូចជា​គំរោង Blue Bay, Sunshine Bay, DSeaview, Royal Bay,និង​គំរោង​Ocean city Condominium ជាដើម។

អ្នកនាង អាន សុធី​នា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ ដែល​រំពឹង​ដាក់ចូល​ទីផ្សារ​ឆ្នាំនេះ មាន​ប្រមាណ៨០០យូ​នី​ត ខណៈ​គំរោង​ភាគច្រើន​កំពុង​សាងសង់ និង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​អ្នកវិនិយោគ​នានា។អ្នកនាង​បន្តថា ចំនួន​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ​នៅមានកម្រិត​នៅឡើយ ខណៈ​អ្នកវិនិយោគ​ជាច្រើន​កំពុង​ឆ្ពោះទៅកាន់​ខេត្ត​នេះ ដែល​ធ្វើ​ឲ្យ​មាន​តម្រូវការ​លំនៅដ្ឋាន​កើនឡើង​យ៉ាង​ប្រសើរ។

អ្នកនាង​បន្តថា “ទោះជា​យ៉ាងណា​អ្នក​ខេត្ត​ព្រះសីហនុ មិនទាន់​យល់​និង​ចាប់អារម្មណ៍​វិនិយោគ​លើ​ខុន​ដូ​ទេ អ្នកវិនិយោគភាគច្រើនៗតែ​អ្នក​ទៅ​ពី​ចម្ងាយ និង​ជនបរទេស។អ្នកនាង​បន្តថា “តម្លៃ​ខុន​ដូ​នៅ​ទីនោះ​គិត​ជា​មធ្យម​មានតម្លៃ​ចន្លោះ​ពី១០០០ទៅ១៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ជា​តម្លៃ​ដែល​ខ្ញុំ​គិតថា​មាន​ភាពសមរម្យ​សម្រាប់​ស្ថានភាព និង​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ច​របស់​ខេត្ត​នេះ។

ទោះជា​យ៉ាងណា​លោក​ឡឹប សាលី​ប្រធាន​ផ្នែក​លក់​នៃ​គំរោង​ខុន​ដូ Ocean city Condominium ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ស្ថានភាព​ទីផ្សារ​ខុន​ដូ​បច្ចុប្បន្ន​មិនសូវមាន​ភាពល្អប្រសើរ​នោះទេ ចាប់តាំងពី​កំដៅ​នយោបាយ​បាន​កើនឡើង និង​ការប្រកួតប្រជែង​កាន់តែ​មាន​ភាព​តានតឹង នៅក្នុង​ទីផ្សារ​ខុន​ដូ​និង​ដីធ្លី​ក្នុង​ខេត្ត​នេះ​កើនឡើង​ខ្ពស់៕

ទស្សន៖ ផ្សារ​ទំនើប​ដុះ​កាន់តែច្រើន តែ​មិនសូវ​ស្រូ​ម​យក​ផលិតផល​ខ្មែរ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សំគាល់ តាមរយៈ​ការជំរុញ​ពី​វិស័យ​សំខាន់ គឺ​វិស័យ​ទេសចរណ៍ វាយ​ន​ភណ្ឌ កសិកម្ម និង​ឧស្សាហកម្ម​សំណង់។ ការ​នេះ​បានធ្វើអោយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​ធូ​ធា​ជាង១០មុន ដោយ​ពួកគេ​បាន​ដើរ​ទិញ​សម្ភារៈ និង​ប្រើប្រាស់​វត្ថុ​ដែល​នាំចូល​មកពី​ក្រៅប្រទេស​នៅក្នុង​ផ្សារទំនើបៗ ឬ​ម៉ា​ត​ក្នុងប្រទេស​កម្ពុជា។

តាមរយៈ​នេះ ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បានឃើញ​ប្រជាពលរដ្ឋ​មាន​ឪ​កាស​ប្រើប្រាស់​ទំនិញ​បរទេស ដែល​ដាក់តាំង​លក់​ក្នុង​ផ្សារ​ទំនើប​បែបនេះ ហើយ ក៏​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់ដែរ នៅពេល​ឃើញ​មាន​ផ្សារ​ទំនើប​ដុះ​កាន់តែច្រើន​ក្នុងប្រទេស​កម្ពុជា តែ​ខ្ញុំ​គ្មាន​មោទនភាព​ឡើយ​នៅពេល​ឃើញ​គ្មាន​ផលិតផល​ខ្មែរ ដាក់តាំង​លក់​ច្រើន​ដើម្បី​បង្អួត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យកទៅ​ប្រើប្រាស់។

ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​បង្អួត​គ្នា ពី​ការប្រើប្រាស់​ផលិតផល​បរទេស ដោយបាន​ទិញ​មកពីផ្សារ​ទំនើប​នេះ ឬ​ផ្សារ​ទំនើប​នោះ​ក្នុង​ទីក្រុង​ជាដើម ហើយ​ហាក់ដូច​ជាមាន​មោទនៈភាព​យ៉ាងខ្លាំង នៅពេលដែល​ខ្លួន​បាន​ប្រើប្រាស់​ផលិតផល​របស់​បរទេស ដោយ​ភ្លេច​គិតថា​ខ្លួន​កំពុង ជួយ​អោយ​សេដ្ឋកិច្ច​បរទេស​កាន់តែ​រី​ចម្រើន​ទ្វេដង។

ចំណែក​ជនបរទេស​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ឯណេះ​វិញ ហាក់​ស្វែងរក​ផលិតផល​ក្នុងស្រុក ជាជាង​ទិញ​ផលិតផល ដែល​ខ្លួន​ធ្លាប់បាន​ប្រើប្រាស់​នៅ​ស្រុក​របស់​ពួកគេ រហូត​មាន​បរទេស​មួយចំនួន បាន​សុំ​ថវិការ​ពី​រដ្ឋាភិបាល​របស់គេ​ជួយ​បង្ហាត់បង្រៀន​អោយ​ពលរដ្ឋ​ខ្មែរ​ចេះ បង្កើត​មុខរបរ​ឬ​បង្កើន​ផលិតផល​ក្នុងស្រុក​អោយបាន​ច្រើន ដើម្បី​ដាក់លក់​ក្នុង​ផ្សារ​ទំនើប​ជាជាង​នាំចូល។

និន្នាការ​ថ្មី​មួយ​ត្រូវបាន​គេ​លើកឡើង យកមក​ជជែក​គ្នា​ស្ទើរ​គ្រប់​ទីកន្លែង​នោះ​គឺថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ឡើយ ពួកគេ​ចូលចិត្ត​ប្រើប្រាស់​របស់​បរទេស ខ្មែរ​មិន​លើក​ដំកើង​ផលិត​របស់​ខ្មែរ ផលិតផល​ខ្មែរ​គ្មាន​ស្តង់ដារ ផលិតផល​ខ្មែរ​មានតម្លៃ​ថ្លៃ​ជាង​ផលិតផល​របស់​បរទេស​ជាដើម​បើ​ប្រៀបធៀប​ក្នុង​តំលៃ​ទីផ្សារ។ ការ​នេះ​បានធ្វើអោយ​កសិករ ឬ​អ្នក​ផលិត​ខ្មែរ​ហាក់​សំដែង​ការ​អាក់អន់ស្រពន់ចិត្ត ដោយបាន​បោះបង់​អាជីវកម្ម​របស់ខ្លួន សុខចិត្ត​ទៅធ្វើ​ការ​អោយគេ ឬ​បង្កើត​មុខរបរ​តួច​តាច​ណាមួយ ដែល​អាច​ចឹ​ញ្ចឹ​ម​ខ្លួន​បាន។ ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ធ្លាប់មាន​ប​បទពិសោធ​បើក​អាជីវកម្ម​កែច្នៃ​ផលិតផល​សម្រាប់​លក់​ចែកចាយ​ក្នុងស្រុក ត្រូវបាន​បោះបង់ចោល​វិញ ដោយសារតែ​ការចំណាយ​ច្រើនជាង​ចំណូល មិនអាច​ផ្គត់ផ្គង់​សម្ភារៈ ឬ​បុគ្គលិក​របស់ខ្លួន។

ប្រទេសមួយ​ដែលមាន​និរន្តរភាព​សេដ្ឋកិច្ច (Economical Sustainability) និង អំណាច​សេ​ដ្ខ​កិច្ច (Economic Power)  គឺមាន​ផលិតផល​ក្នុងស្រុក​ប្រើប្រាស់​ច្រើនជាង​ការនាំ​ចូល។ សំនួរ​សួរថា តើ​ប្រទេស​កម្ពុជា​អាច​រស់រាន​បានទេ បើ​គ្មាន​ការនាំ​ចូល​ផលិត​បរទេស? ចំ​ម្លើ​យ អាចរ​ស់បាន ប៉ុន្តែ​រស់​យ៉ាង​ត្រដាបត្រដួស។  ដូច្នេះ បង្ខំ​អោយមាន​ការនាំ​ចូល​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ។ បើ​យើង​ក្រ​ឡេង​មើល​ក្នុង​ទីផ្សារ​នានា រួមទាំង ផ្សារ​ទំនើប​ផង​នោះ​ស្ទើរ ៩០ ភាករយ​ទៅហើយ ដែលមាន​សុទ្ធសឹង​ផលិតផល​បរទេស​ដាក់​តាំ​លក់​យ៉ាង​ព្រោងព្រាត។

ការលើកឡើង​នេះ មិនមែន​មានន័យ​មិនអោយ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ផលិតផល​បរទេស​នោះទេ តែ​គ្រាន់តែ​ព​ញ្ជា​ក់​ស្មារតី​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​មានគំនិត​បង្កើត​ផលិតផល​ក្នុងស្រុក ឬ​ក្រុមហ៊ុន​កែឆ្នៃ​អោយបាន​ច្រើន និង​មាន​ស្តង់ដារ ដើម្បី​ជួយ​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​ផ្សេងទៀត និង​ជួយ​សេដ្ឋកិច្ចជាតិ​អោយ​កាន់តែ​រីកចម្រើន  និង​រឹងមាំ​ដើម្បី​បង​កួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក។

ជាការ​ស្នើរ​សុំ​របស់ខ្ញុំ រដ្ឋាភិបាល​គួរតែមាន​គោលនយោបាយ​ជាក់លាក់​ណាមួយ ក្នុងការ​លើកទឹកចិត្ត​ពលរដ្ឋ​ខ្លួន អោយមាន​គំនិត​បង្កើត​អាជីវកម្ម ឬ បង្កើត​ផលិតផល​ក្នុងស្រុក អោយបាន​ច្រើន​បន្ថែមទៀត មាន​ទាំង​ផ្តល់​ប្រឹក្សា​យោបល់ ផ្តល់ប្រាក់​កម្ចី​ក្នុង​អត្រា​កា​ប្រាប់​ទាប ដើម្បីអោយ​ពួកគេ​មាន​ដើមទុន និង​បង្រៀន​ប​ច្ចេ​ទេស​ដល់​ពលរដ្ឋ​អោយបាន​ត្រឹមត្រូវ ទើប​មាន​ផលិតផល​ក្នុងស្រុក​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​នានា ពេលនោះ​ទាំង​សេដ្ឋកិច្ចជាតិ និង​ប្រាប់​ចំណូល​ប្រជាពលរដ្ឋ​កាន់តែ​ធូ​ធា​ទ្វេ​រដង៕

គន្លឹះនៃការចាប់ផ្តើមធ្វើអាជីវកម្ម

0

 

លោក អ្នកប្រហែលជាគិតថាការចាប់ផ្តើមធ្វើអាជីវកម្មគ្រប់ប្រភេទ ពិតជាងាយស្រួល ហើយក៏បានចាប់ផ្តើមធ្វើតៗគ្នាដោយមិនដឹងពីការចាប់ផ្តើមថាត្រូវធ្វើអ្វីខ្លះនោះទេ។ នៅប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប្រជាជនរបស់គេ មានគំនិតចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯង និងអាចផ្តល់ការងារធ្វើដល់ប្រជាជនគេថែមទៀត។ ដើម្បីដំណើរអាជីវកម្មមួយទៅបាន គេហទំព័រ properyerea.asia នឹងនាំលោកអ្នកមកស្វែងយល់ពីគន្លឹះសំខាន់ៗខ្លះ ក្នុងការចាប់ផ្តើមអាជីវកម្មដូចខាងក្រោម ៖

១ សុំអាជ្ញាប័ណ្ណអាជីវកម្ម និងការអនុញ្ញាត

អ្នកត្រូវតែសុំអាជ្ញាប័ណ្ណ និងការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន មុននឹងចាប់ផ្តើមបើកអាជីវកម្មប្រភេទណាមួយ ដើម្បីជៀសផុតពីហានីភ័យដែលកើតឡើងជាយថាហេតុ ។ សូមចាំថា ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ត្រូវមានអាជ្ញាប័ណ្ណអាជីវកម្ម។  “អាជ្ញាបណ្ណ និងបណ្ណអនុញ្ញាត” នៅក្នុងផ្នែកជំនួញខ្នាតតូច នឹងជួយចង្អុលបង្ហាញអ្នកក្នុងទិសដៅត្រឹមត្រូវ។

២ ការទិញអាជីវកម្មសហគ្រិនដែលមានសក្តានុពលមានជម្រើសជាច្រើនក្រៅពីការចាប់ផ្តើមអាជីវកម្មពីដំបូងបង្អស់រួមទាំងការទិញអាជីវកម្មដែលមានស្រាប់ ឬសិទ្ធិផ្តាច់មុខ។ ប៉ុន្តែមុនពេលដែលអ្នកទិញ ត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវ ដោយចាប់ផ្តើមធ្វើការស្រាវជ្រាវរបស់អ្នកអោយយល់ច្បាស់ពីអ្វីដែលអ្នកកំពុងទទួល។ ផ្នែកនេះគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់នៃការទិញអាជីវកម្មដូចជាការទិញយីហោជាដើម(Franchise) ។ ប៉ុន្តែអ្នកក៏ត្រូវការយល់ដឹងអំពីតម្លៃ និងអ្វីដែលត្រូវរំពឹងទុកនៅពេលទិញអាជីវកម្ម។

៣ ការជ្រើសរើសឈ្មោះពាណិជ្ជកម្មរបស់អ្នកតើអ្វីទៅជាឈ្មោះអាជីវកម្ម? ជាការពិតណាស់នៅពេលនិយាយអំពីការចាប់តផ្តើមអាជីវកម្ម លោកអ្នកត្រូវដាក់ឈ្មោះអាជីវកម្មរបស់អ្នក ព្រោះវាជារឿងសំខាន់ក្នុងការជ្រើសរើសឈ្មោះដើម្បីអោយមនុស្ស ឬអតិថិជងាយស្រួលចងចាំ និងពិពណ៌នាអំពីមុខជំនួញរបស់អ្នក ប៉ុន្តែត្រូវដាក់ឈ្មោះអាជីវកម្មណាដោយមិនយកឈ្មោះពីគេមកដាក់ដែលមានពីមុនមក ដើម្បីជាការរក្សាសិទ្ធិ។

៤ បង្កើតផែនការពាណិជ្ជកម្មអាជីវកម្មដែលទទួលបានជោគជ័យទាំងអស់ត្រូវមានផែនការអាជីវកម្មមួយដែលបង្ហាញអំពីគោលដៅរបស់ក្រុមហ៊ុននិងផែនការប្រតិបត្តិ។ ផែនការអាជីវកម្មមិនត្រឹមតែជួយរក្សាគ្រប់គ្នានៅក្នុងស្ថាប័ននោះទេ ប៉ុន្តែក៏មានតួនាទីជាប្រវត្តិរូបរបស់ក្រុមហ៊ុន និងអាចជួយដល់ការខិតខំប្រឹងប្រែងផ្តល់មូលនិធិផងដែរ។ ផ្នែកនេះគ្របដណ្តប់លើមូលហេតុនៃការសរសេរផែនការអាជីវកម្មនិងវិធីសរសេរមួយរួមទាំងផែនការគំរូនិងធនធានពាក់ព័ន្ធ។

៥ ជំហានដំបូងដើម្បីចាប់ផ្តើមអាជីវកម្មការចាប់ផ្តើមអាជីវកម្ម គឺមិនងាយស្រួលទេហើយក៏មិនជោគជ័យដែរ។ ការជឿជាក់គឺមានសារៈសំខាន់បំផុត ប៉ុន្តែវាគឺជាការវាយតម្លៃដោយស្មោះត្រង់អំពីផែនការអាជីវកម្មដោយការយល់ដឹងអំពីទិដ្ឋភាពផ្នែកច្បាប់នៃភាពជាសហគ្រិន និងការរំពឹងទុកជាក់ស្តែងពីរបៀបដែលអាជីវកម្មរបស់អ្នកនឹងរកលុយ ។

៦ ការចាប់ផ្តើមផ្តល់ហិរញ្ញប្បទាននៅពេលចាប់ធ្វើអាជីវកម្មថ្មី ការផ្តល់ហិរញ្ញប្បទានទំនងជាស្ថិតក្នុងចំណោមអ្វីដែលសំខាន់បំផុត។ ប៉ុន្តែការចាប់ផ្តើមការផ្តល់ហិរញ្ញប្បទានក៏ជាភារកិច្ចដ៏លំបាកបំផុតមួយសម្រាប់សហគ្រិនដោយផ្តោតលើការដាំដុះនៃការទុកចិត្តក្នុងការប្រឈមមុខនឹងហានិភ័យ។ មិនថាអ្នកកំពុងបន្តការវិនិយោគសាច់ប្រាក់ពីមិត្តភក្ដិ និងគ្រួសារ ការខ្ចីលុយពីធនាគារ ការផ្តល់មូលនិធិសមធម៌ មូលធន ឬប័ណ្ណឥណទាន ការរៃអង្គាសប្រាក់ដែលទទួលបានជោគជ័យ  ក៏តម្រូវឱ្យមានវិធីសាស្រ្តជាយុទ្ធសាស្ត្រ និងការអត់ធ្មត់ឱ្យបានច្រើន។

៧ ចាប់ផ្តើមធនធានអាជីវកម្មការចាប់ផ្តើមអាជីវកម្មអាចមើលទៅហាក់ដូចជាភារកិច្ចគួរឱ្យភ័យខ្លាច – ពីការធានានូវដើមទុនចាប់ផ្តើម ការជួលមនុស្សឱ្យបានត្រឹមត្រូវ  និងរកអថិជនជាដើម។ ដូច្នេះ លោកអ្នកត្រូវតែមានធនធានគ្រប់គ្រាន់ ដើម្បីដំណើរអាជីវកម្មអោយបានជោគជ័យ ៕

 

 

៥ឆ្នាំខាងមុខគួរវិនិយោគលើអចលនទ្រព្យអ្វីខ្លះ ?

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៥ឆ្នាំខាងមុខជាពេលវេលាស័ក្តិសមមួយ សម្រាប់ការវិនិយោគលើវិស័យអចលនវត្ថុនានានៅកម្ពុជា ប៉ុន្តែសំណួរសំខាន់ថាតើគួរវិនិយោគលើអចល​នទ្រព្យអ្វី ដើម្បីទទួលបានផលចំណេញច្រើន និងបញ្ចៀសហានិភ័យ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៩ ខែធ្នូ នេះថា សម្រាប់គំនិតរបស់លោកគិតថា រយៈពេល៥ឆ្នាំក្រោយ គួរតែទិញដីទុកសម្រាប់អ្នកមានលទ្ឋភាព ហើយបើចង់សាងសង់ខុនដូ​គួរទិញនៅតំបន់ទួលគោក និងភ្នំពេញថ្មី តំបន់ជ្រោយចង្វារជាដើម។ លោកបន្តថា ប៉ុន្តែប្រសិនជាចង់ទិញដីសាងសង់បុរី លោកគិតថាគួរទិញដីដែលមានចម្ងា​យ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ នៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីភ្នំពេញ មិនខុសនោះទេ។

លោកបន្តថា “តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុងនឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពលរដ្ឋ”។ លោកបន្តថា “តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយខ្ញុំយល់ស្រប”។ លោក គីម ហ៊ាង បានបន្តថា បទពិសោធន៍បែបនេះ បានកើតមានរួចហើយ​ នៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ដែលប្រជាជន ពិសេសយុវជនចូលមកកាន់ទីក្រុងរកការងារធ្វើ និងមកសិក្សា ហើយពួកគេនឹងមិនត្រលប់ទៅវិញនោះទេ។

អ្នកនាង Grace Rachny Fong នាយិកាគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Century21 Mekong បានថ្លែងឲ្យដឹងផងដែរថា ក្នុងរយៈពេល​៥ឆ្នាំខាងមុខ សេវាអាផាតម៉ិននឹងកើនឡើងខ្លាំង ដោយសារការផ្លាស់ប្តូរខុនដូមក​កាន់សេវាអាផាតម៉ិន ហើយផ្សារទំនើបៗនឹងកើនឡើងកាន់តែច្រើន ពិសេសខេត្តព្រះសីហនុ និងក្រុងភ្នំពេញ នឹងមានការរីកលូតលាស់នូវសណ្ឋាគារលំដាប់ផ្កាយ​៥ ឬផ្កាយ៦ ។

អ្នកនាងបន្តថា ប្រសិនជានិយាយពីឳកាសវិនិយោគវិញ អ្នកមានលទ្ឋភាពគួរទិញដីធ្លីទុកយកចំណេញ ប៉ុន្តែគួររកទីតាំងល្អ ដោយត្រូវពិនិត្យមើលលើតម្រូវការជំវិញ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ គំរោងវិនិយោគលើវិស័យម្ហូបអាហារ និងភេសជ្ជៈនានា ដែលសុទ្ឋតែជាសកម្មភាពអភិវឌ្ឍន៍ធ្វើឲ្យតម្លៃដីឡើងថ្លៃ។ អ្នកនាង Grace Rachny Fongban បន្តថា “អ្នកវិនិយោគគួរសម្លឹងមើលដីនៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ និងទីតាំងមួយចំនួនទៀត ដែលមានសក្តានុពល”៕

ស្វែងយល់ពីអាគារពាណិជ្ជកម្មថ្មីពិភពលោកនៅបុរីNew York

0
  • ដោយ : វុត្ថា
    ភ្នំពេញ : ក្រោយការដួលរំលំនៃការបើកយន្តហោះបុក អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុង New York កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ វត្តមានអាគារពាណិជ្ជកម្មពិភពលោកទី១ថ្មីនៅទីក្រុងនេះ បានលេចឡើងក្នុងឧត្តមភាព។
    តើអាគារពាណិជ្ជកម្មពិភពលោកថ្មី ដែលមានឈ្មោះថា One World Trade Center មានលក្ខណៈសាងសង់ ពិសេសយ៉ាងដូចម្តេច ? គេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីអាគារដ៏អស្ចារ្យមួយនេះដូចតទៅ :
    មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទី១, 1 WTC ឬអគារសេរីភាព គឺជាអគារដ៏សំខាន់ បន្ទាប់ពីបានសាងសង់ឡើងវិញ ជំនួសអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (World Trade Center) នៅក្នុងតំបន់Lower Manhattan ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក។ វាជាអគារខ្ពស់ជាងគេបំផុតនៅអឌ្ឍគោលខាងលិច និងជាអគារខ្ពស់លំដាប់ទី៦ នៅលើពិភពលោក។

ចេង ខេង អភិវឌ្ឍ​ន​ខ្លួន​ពី​លុយ១០ដុល្លារ​ក្លាយជា​ឧកញ៉ា​អចលនទ្រព្យ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ ៖ បទយកការណ៏៖ «អតីតកាល​កំសត់ បច្ចុប្បន្ន​អត់ធ្មត់ អនាគត​រុងរឿង»………គឺជា​សុភាសិត​បុរាណ​ខ្មែរ​បានលើកឡើង​ចង់​ឲ្យ​មនុស្ស​ចេះ​តស៊ូ កុំ​ចុះចាញ់​នឹង​ព្រហ្ម​លិខិត គង់​ថ្ងៃ​ណាមួយ​បាន​ជោគជ័យ​មិន​ខាន។ តួយ៉ាង​ដូចជា​លោក​ឧកញ៉ា ចេង ខេង ធ្លាប់ជួបភាពបរាជ័យលើមុខជំនួញរហូតសល់​ប្រាក់​ត្រឹមតែ១០ដុល្លារ​ក្នុង​ហោប៉ៅ ដៃគូ​ភាគហ៊ុន​បរទេស​ក៏រត់ចោល​ ប៉ុន្តែដោយសារ​ការតស៊ូ​មិន​បោះបង់គោលដៅ បានធ្វើ​ឲ្យ​លោក​អភិវឌ្ឍ​ន៍ក្រុមហ៊ុនដែលធ្លាប់ជួបហានិភ័យ រហូតមាន​ប្រាក់​វាល់​លាន​ដុល្លារ និង​ក្លាយជា​ឧកញ៉ា​មានទ្រព្យ​ស្តុក។

នៅពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកព័ត៌មាននៅនឹងការិយាល័យនៃក្រុមហ៊ុនអចលនទ្រព្យ CPL លោក​ឧកញ៉ា ចេង ខេង បានមាន​ប្រសា​ស​ន៍ថា ​នៅក្នុង​ឆ្នាំ១៩៩៧ លោក​បាន​ជួប​វិនិយោគិន​សញ្ជាតិ​អាមេរិក​ម្នាក់​ ដែលជា​អ្នកជំនួញ​ដ៏​មាន​សក្តានុពល​មួយ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ដែលមាន​សាខា​នៅ​ប្រទេស​ថៃ ហុងកុង និង​ហ្វីលីពីន ហើយក៏ជា​អ្នក​ចាប់​អារ​ម្ម​ណ៍ដំបូងបង្អស់​មកលើ​រូបលោក​ក្នុងការ​សហការវិនិយោគ​លើ​វិស័យនេះ​នៅក្នុង​ប្រទេស​កម្ពុជា។ ​ក្រោយមក​ក៏​មានការ​ព្រមព្រៀងគ្នា ដោយ​លោក​ត្រូវបានតែងតាំង​ជាអគ្គនាយក​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ (ស៊ី​ភី​អិ​ល ខេ​ម​បូ​ឌា) តាំងពី​ពេលនោះ ដោយបាន​បោះទុន​រួមគ្នា​ដំបូង​ចំនួន៣ម៉ឺន​ដុល្លារ។

ក្រោយពី​បាន​បោះទុន​រួច នៅក្នុង​ឆ្នាំ១៩៩៧នោះ វិស័យ​អចលនទ្រព្យ​ពុំមាន​សន្ទុះ​កើនឡើងទេ​នៅ​កម្ពុជា ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​ជាមួយ​ជនជាតិ​អាមេរិកកាំង​រូបនេះ ត្រូវបាន​ខាតបង់​ជារឿយ​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ គឺ​មិនតិចជាង៧ម៉ឺន​ដុល្លារ​នោះទេ ក្នុងអំឡុង​ឆ្នាំ​នោះ។ ករណីនេះ​លោក​ត្រូវបាន​បាត់បង់​ទំនុកចិត្ត ពី​ដៃគូ​វិនិយោគ​ជាច្រើន ហើយក៏​មានការ​ថ្នាំងថ្នាក់ខ្លះៗជាមួយ​ក្រុមគ្រួសារ​ផងដែរ រហូតដល់​ជនជាតិ​អាមេរិកកាំង​នោះ ចាក​ចេញពី​ក្រុមហ៊ុន ដោយ​មិនបាន​ប្រាប់​មួយ​ម៉ាត់ ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ឯការបំផុត ហើយ​ជនជាតិ​អាមេរិក​នោះបាន​ត្រឹម​ផ្ញើ​សារ​អេ​ឡិ​ចត្រូ​និក អោយ​លោក​ប្រឹងប្រែង​តស៊ូ​បន្តទៀត ហើយ​ប្រាក់​ថា​បើសិនជា​លោក​បាន​ជោគជ័យ​មែន​នោះ លោក​នឹង​ក្លាយជា​មនុស្ស​ពូកែ ស្ទើរ​រក​ដៃគូ​ប្រកួតប្រជែង​មិនបាន ប្រសិនបើ​អាច​ស្រោចស្រង់​ក្រុមហ៊ុន​នេះ​ឲ្យ​ឈរ​ងើប​ឡើងវិញ​បាន សារ​អេ​ឡិ​ក​ត្រូ​និក​នោះ​សរសេរថា «ពេលនេះ​ទូក​កំពង់​លង់​នៅ​កណ្តាល​មហាសាគរ គ្មាន​កោះ​គ្មាន​ត្រើយ បើសិនជា​លោក​អាច​ស្រង់​ទូក​នោះ​វិញ​បាន អ្នកនឹង​ក្លាយទៅជា​មនុស្ស​ដ៏​ពូកែ​អស្ចារ្យ»។

ក្រោយពី​ទទួលបាន​សា​នេះ ភាព​អស់សង្ឃឹម​ក៏បាន​ធ្លាក់​មកលើ​អារ​ម្ម​ណ៏​កាន់តែខ្លាំង ធ្វើ​ឲ្យ លោក​រស់នៅ​ឯការ​ស្ទើរ​គ្មាន​អ្នក​រាប់រក ប្រៀបដូចជា​ទូក​កំពង់​លង់ នៅ​កណ្តាល​សមុទ្រ​នោះ​មែន ប៉ុន្តែ​ទោះជា​មានរឿង​កើតឡើង​ចំពោះ​ខ្លួន​ដូច្នេះ​ក្តី លោក​នៅតែ​តាំងចិត្ត​ថា ត្រូវ​ដើរទៅ​មុខ​ឲ្យ​ដល់​គោលដៅ​ជានិច្ច ធ្វើយ៉ាងណា​នឹង​ស្រោចស្រង់​ក្រុមហ៊ុន ឲ្យ​ងើបឈរ​ឡើងវិញ​បាន ។

យ៉ាងណា​នោះ​នៅ​ថ្ងៃមួយ​ខណៈពេលដែល​លោក ពិបាកចិត្ត​ក៏​ស្រាប់​តែមាន​គ្រូទាយ ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​ទៅដល់​ការិយាល័យ​ធ្វើការ​របស់លោក ហើយ​ថា​លោក​គឺជា​មនុស្ស​ដែលមាន​សំណាង មាន​លុយ​កាន់​ក្នុង​ដៃ​ច្រើន​សឹង​ចាយ​មិន​អស់ មាន​ឡាន​ទំនើប​ជិះ​នៅត្រឹម​រយៈ៣ទៅ៤ខែ​ខាងមុខ។ ពាក្យ​គ្រូទាយ​នេះ​បានធ្វើ​ឲ្យ​លោក​រឹតតែ​ខកចិត្ត​ខ្លាំង ដោយហេតុថា​ក្រុមហ៊ុន​កំពុង​ក្ស័យធន មិនមាន​ទុនបម្រុង​សូម្បី​តែមួយ​កាក់​មួយ​សេន ចំណែក​លុយ​នៅសល់​ក្នុង​ហោប៉ៅ​មានតែ១០ដុល្លា​រគត់ ចំណែក​ឡាន​កញ្ចាស់​មួយ​ដែល​កំពុង​ប្រើប្រាស់ ពេលនោះ​ស្ទើ​តែ​ប្រើប្រាស់​លែងកើត​ទៀតផង តើ​ឲ្យ​សង្ឃឹម​អ្វី​ទៀត​ទៅលើ​ពាក្យ​គ្រូទាយ ថា​មាន​លុយ​ចាយ​មិន​អស់នោះ។

យ៉ាងណាក៏ដោយ​ពាក្យ​ថា​អាគម​ន៍ផ្សំ​អាយុ​ស គឺ​ពិតជា​ដូច​គ្រូទាយ​ឥណ្ឌា ទស្ស​ទាយ​ជើង​លេខ​មើលឃើញ​ជោគវាសនា​របស់លោក​មែ​ន ស្រាប់តែ៣ខែ​កន្លងផុតទៅ លោក​បាន​ជួប​វិនិយោគិន​បរទេស​មួយទៀត ដែលមាន​ទំនុកចិត្ត​លើ​រូបលោក ហើយ​បាន​បោះទុន​វិនិយោគ​មក លើ​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល​ចំនួន៥ម៉ឺន​ដុល្លារ សម្រាប់​ជា​ទឹកមន្ត​ប្រោស អាច​ឲ្យ​លោក​មាន​ក្តីសង្ឃឹម​ឡើងវិញ​ជាថ្មី ដើម្បី​បន្ត​អាជីព​លើ​ការដឹកនាំ​ការងារ​ខាង​ផ្នែក​អចល​ទ្រព្យ នៅ​កម្ពុជា​បន្តទៀត ដោយសារ​ពេលនោះ​វិស័យ​អចលនទ្រព្យ ចាប់ផ្តើម​ងើបឡើង​វិញ លោក​ក៏​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​អចល​ទ្រព្យ ដ៏​មាន​សក្តានុពល​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន៩០ ដែល​កំពុង​វិនិយោគ​វិស័យនេះ​មកទល់​បច្ចុប្បន្ន។

 

និយាយ​ពី​ការងារ​វិញ​បច្ចុប្បន្ន​លោក គឺជា​ប្រធាន​ក្រុមហ៊ុន​ប្រធាន​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល ខេ​ម​បូ​ឌា ប្រ​ភើ​ធី លីមីត​ធី​ត ដែលជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​ទិញ​លក់ និង​វាយតម្លៃ​ខាង​ផ្នែក​អចល​ទ្រព្យ ដូចជា​ទិញ​លក់​អាគារ ដីធ្លី ផ្ទះល្វែង ខុន​ដូរ លំដាប់​ VIP មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មកទល់ពេលនេះ មាន​ក្រុមហ៊ុន​និង​បុគ្គល​ឯកជន មិនតិចជាង៥០០០ទេ​ ដែល​ទទួលយក​សេវា​ពី​ក្រុមហ៊ុន​ខាងលើ ប្រកបដោយ​ទុកចិត្ត​និង​មាន​ភាពកក់ក្តៅ​បំផុត។ ហើយ​សេវា​កម្មនេះ​បានផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ ប្រមាណ​ជា​ជិត១០០នាក់ ហើយ​ថា​គ្រោង​នឹង​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរឲ្យ​បាន​រហូតដល់ ៥០០០នាក់ នៅត្រឹម​ដំណាច់ឆ្នាំ ២០២០ ខាងមុខ។ បុគ្គលិក​ដែល​ធ្វើការ​ផ្នែក​នេះ មិនចាំបាច់​មាន​សញ្ញា​បត្រផ្នែក​អចលនទ្រព្យ​នោះទេ សំខាន់​ឲ្យ​តែមាន​សញ្ញា​ប​ត្រប្រហាក់ប្រហែល មានការ​អត់ធ្មត់​ខ្ពស់ ស្មោះត្រង់​ និង​ចង់បាន​ការរីកចម្រើន​ទាំង​ខ្លួនឯង និង​ក្រុមហ៊ុន​ប្រកបដោយ​ការ​ស្មោះ​ស្ម័​គ្រនោះ គឺ​គ្រប់គ្រាន់​តាម​តម្រូវការ​ខាង​ផ្នែក​សេវាកម្ម​អចល​ទ្រព្យ​អ៊ី​ភី​អិ​ល​នេះហើយ ៕

 

ចិន និង UNIDO រូមគ្នាអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្មអេឡិកត្រូនិកនៅកម្ពុជា ស្របតាមបដិវដ្តន៍វោស័យឧស្សាហកម្ម  វិទ្យាស្ថានផ្នែកសេដ្ឋកិច្ចនៃប្រទេសចិន សហការជាមួយអង្គការ UNIDO ក្នុងការចូលរួមអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្ម អេឡិចត្រូនិក សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយឈរលើគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋចិន។

នាយកវិទ្យាស្ថានផ្នែកសេដ្ឋកិច្ច នៃប្រទេសចិន   លោកស្រី SHEN Kaiyan បា​ន​ថ្លែងឲ្យដឹងនៅក្នុងជំនួបជាមួយ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មកាលពីម្សិលម៉ិញនេះថា គោលដៅនៃជំនួបពិភាក្សា គឺចង់សិក្សាស្វែងយល់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ពន្ធឧស្សាហកម្មនៅកម្ពុជា ជាពិសេសគឺកិច្ចសហការ ជាមួយអង្គការ UNIDO ក្នុងការចូលរួមអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( E-Commerce Development for SMEs)  ដោយឈរលើគោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋចិន។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ នៅមជ្ឈមណ្ឌលអន្តរជាតិ ទីក្រុងវីយេន ប្រទេសអូទ្រីស ដោយបានទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា លោកផ្ទាល់ និងលោក លី យ៉ុង អគ្គនាយកអង្គការសហប្រជាជាតិ ដើម្បី អភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម សម្រាប់អនុវត្តកម្មវិធីភាពជាដៃគូប្រចាំ ប្រទេស (PCP) ជាមួយកម្ពុជា។

ទាក់ទងនិងស្ថានភាពសេដ្ឋកិច្ច និងរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាវិញ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ ទំនងដ៏ល្អ នៃការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ចិន ក្នុងនោះវិស័យឧស្សាហកម្មកាត់ដេរសម្លៀក បំពាក់ និងស្បែកជើង មានការរីកចម្រើន ដោយបានដើរតួក្នុងការទាញចំណូលពីការនាំចេញ និងទីផ្សារការងារផងដែរ។

ដោយឡែក ទាក់ទង និងគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់វិស័យ SME លោក ចម ប្រសិទ្ធ បានចាត់ទុកថា មានសារៈខាន់ណាស់សម្រាប់ការធ្វើជំនួញតាមប្រព័ន្ធ Online ដែលកំពុងមាន ការវិវឌ្ឍន៍ខ្លាំងនៅលើសកលលោក ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា៖ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា មិនទាន់លេចចេញជារូបរៀងទេ គឺស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់នៅឡើយ រីឯវិស័យ SME វិញក៏នៅមានការលំបាកខ្លះដែរ ដូចជាទាក់ទងនិងការចុះបញ្ជី ការកំណត់និយមន័យ និងការរៀបចំគោលនយោបាយ លើកទឹកចិត្តជាដើម ដែលសង្ឃឹមថា ភាគីចិននឹងជួយបានច្រើន នូវចំណុចខ្វះខាតទាំងនេះ៕

ដំណឹងល្អ…ផ្សារទំនើបបោះដុំ MAKRO បើកដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ដំណឹងល្អ ថាបើកគឺបើកមែន នៅទីបំផុតផ្សារទំនើបបោះដុំដ៏ធំ​របស់ប្រទេសថៃឈ្មោះ MAKRO នឹងបើកដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះហើយ ដើម្បីស្វាគមន៍អតិថិជននានា។

ផ្សារទំនើបដែលមានលក់ទំនិញដ៏សម្បូរបែបជាមួយមុខទំនិញចម្រុះ ១៥,០០០ ប្រភេទនេះ នឹងបើកដោយឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ដែលមានរហ័សនាមជាស្តេចកោះកុង និងដៃគូរបស់លោក។

ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលមានលោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) បានកាន់កាប់ភាគហ៊ុនចំនួន៧០ភាគរយ និងក្រុមហ៊ុនលីយ៉ុងផាត់គ្រុបកាន់កាប់ភាគហ៊ុនត្រឹម៣០ភាគរយប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនទាំងពីរនេះ បានឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ផ្សារទំនើប Makroនេះ សាងសង់លើផ្ទៃដីប្រមាណជាង៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងពោងពាយស្ថិតនៅភាគខាងជើងទីក្រុងភ្នំពេញ។

លោក លាងគង់ យិន អគ្គនាយកគេហទំព័រ​ Propertyarea.asia ដែលជាគេហទំព័រនាំមុខគេបានលើកឡើងថា ការមកដល់នៃផ្សារទំនើប និងផ្សារបោះដុំនូវមុខទំនិញដ៏ច្រើននេះ ឆ្លុះបញ្ចាំងពីការរីកចម្រើនសង្គម និងសេដ្ឋកិច្ចកម្ពុជា ពិសេសការកើនឡើងនូវក្រុមប្រជាជនវណ្ណៈកណ្តាល ដែលជាអ្វីដែលអ្នកវិនិយោគជាតិ និងអន្តរជាតិមើលឃើញពីកំលាំងទិញនៅក្នុងទីផ្សារនេះ ព្រោះពេលកម្ពុជាក្លាយជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើផ្លូវក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ជាអ្វីដែលកំលាំងទិញនៅក្នុងទីផ្សារ​នេះកើនឡើង។

លោកបន្តថា “ទោះជាយ៉ាងណាវត្តមានផ្សារទំនើបនេះ ក៏ធ្វើឲ្យម្ចាស់អាជី​វកម្មនានា ដែលតែងតែនាំយកទំនិញពីប្រទេសថៃមួយចំនួន បញ្ហាប្រឈមផងដែរ ប៉ុន្តែវាផ្តល់ប្រយោជន៍ច្រើនដល់អ្នកលក់រាយក្នុងស្រុក ដែលមិនចាំបាច់ធ្វើដំនើរ​ឆ្ងាយ នាំឲ្យខាតបង់ពេលវេលានិងថវិការបស់ខ្លួនផងដែរ”។ លោកបន្តថា “ខ្ញុំស្វាគ​មន៍ចំពោះវត្តមានផ្សារទំនើប និងផ្សារបោះដុំនូវទំនិញចម្រុះនេះ ព្រោះវានឹងរួមចំណែកធ្វើឲ្យទីផ្សារកម្ពុជាកាន់តែរសរវើកថែមទៀត” ៕

 

​ក្រុមហ៊ុនជីហ្គៀបង្ហាញបច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LGស៊េរីថ្មី

0

ដោយ ៖ ដួង ចន្រ្ទា

ភ្នំពេញ ៖ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី ​Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ដែលតែងតែចង់បានម៉ាស៊ីនត្រជាក់មានគុណភាពល្អ ជួយសន្សំសំចៃថាមពល នឹងត្រជាក់កាន់តែលឿនរហ័ស​ គុណភាពខ្ពស់ នឹងប្រើប្រាស់បានយូរ ។ បានបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យានៃការតម្លើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាបង្ហាញពីផលិតផលប្រណីតនេះ កាលពីពេលថ្មីៗនេះថា គោលបំណងនៃការរៀប​ចំ​សិក្ខាសាលានេះ គឺចង់បង្ហាញពីបច្ចេកវិទ្យា ម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី ដ៏ក្រុមអ្នកជំនាញ ចែករំលែកបទពិសោធន៏ រាល់ការ​ជួប​ប្រទះ​សព្វថ្ងៃ ជាពិសេសណែនាំនិងបង្ហាត់បង្រៀនបន្ថែម ក្នុងការដំឡើងម៉ាស៊ីនត្រជា​ក់​អោយស្របទៅតាម​ស្ដង់ដា​បច្ចេក​ទេស និងវិជ្ជាជីវៈ។

ក្នុងកម្មវិធីខាងលើក្រុមហ៊ុន LG Electronics បានបង្ហាញនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី គឺ LGDual Inverter Compressor​​ របស់ខ្លួនដែលមានរាងស្ដើង សន្សំសំចៃភ្លើងកាន់តែច្រើន កាន់តែឆាប់ត្រជាក់  ងាយស្រួយ​ដំឡើងគ្រប់ទីតាំង។ អ្វីដែលសំខាន់គឺម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយផ្ដោតទៅលើបច្ចេកវិទ្យាកុំប្រេស​សឺ​ភ្លោះ ( Dual Inverter Compressor ) ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងអាចសន្សំសំចៃ ថាមពលខ្ពស់រហូតដល់៧០ភាគរយឆាប់ត្រជាក់ជាមុន រហូតដល់ទៅ៤០ភាគរយដំណើរការម៉ាស៊ីនត្រជាក់ ស្ងាត់បំផុត ​ធ្វើឲ្យបរិ​យាកាស​នៅក្នុងគេហដ្ឋានពេញ​ដោយ​ផាសុខភាព និងជាម៉ាស៊ីនត្រជាក់ដែលមានការធានានៅលើកុំប្រេសឺ ( Compressor )១០ឆ្នាំដំបូងគេបង្អស់​នៅក្នុង​ប្រទេសកម្ពុជា។​

រីឯបច្ចេកវិទ្យា Gold Fin កញ្ច្រែងមាស មានបំពាក់នូវស្រទាប់អាលុយមីញ៉ូម​និងបន្ទះដែកការពារច្រេះ២ជាន់ ​ជួយ​ឲ្យផ្ទៃខាងមុខរបស់ម៉ាស៊ីនត្រជាក់ទប់ទល់នឹងសំណើម ដែលធ្វើឲ្យច្រេះចាប់បានយ៉ាងល្អនិង ទប់ទល់នូវការប្រែប្រួល​នៃកម្តៅ​ផ្សេងៗ​ ដែលជាកត្តាធ្វើឲ្យម៉ាស៊ីនត្រជាក់នេះ ធន់ប្រើប្រាស់បានយូរ ហើយតាមរយៈមុខងារសំខាន់ៗខាងលើ បានធ្វើឲ្យក្រុមហ៊ុន LG មានទំនុកចិត្តលើផលិ​ត​ផលម៉ាស៊ីនត្រជាក់របស់ខ្លួនថា អាចបំពេញនូវសេចក្ដីត្រូវការ និងការចង់បានរបស់អតិថិជន ដែល​ធ្វើ​អោយការរស់នៅរបស់អតិថិជនទាំងអស់ ពោរពេញដោយផាសុខភាព។

អតិថិជនទាំងអស់អាចរកជាវម៉ាស៊ីនត្រជាក់​ស៊េរីថ្មីនេះ ​នៅគ្រប់ហាង LG Brandshopគ្រប់សាខាខេត្ត​ ​ក្រុង និងហាងលក់គ្រឿងអេឡិចត្រូចនិចទូរទាំងប្រទេស៕

ផ្សារទំនើបThe Bridge Commercial នឹងបើកដំនើរការនៅត្រីមាសទី២ឆ្នាំ២០១៨

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយ The Bridge Commercial នឹងបើកដំណើរការនៅត្រីមាសទី២ ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការប្រែប្រួលទេនោះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ ធ្នូនេះថា ក្រុមហ៊ុន CBRE Cambodia បានទទួលសិទ្ឋជាតំណាងជួលផ្តាច់មុខ នៃផ្សារទំនើបដែលមានទីតាំងនៅក្រោមអាគារ The Bridge ក្បែរកោះពេជ្រ។ ផ្សារទំនើបលំដាប់អន្តរជាតិនេះ ​ចាប់ផ្តើមទទួលការជួលពីអតិថិជនហើយ ដោយយើងរំពឹងថា នឹងសម្រេចបាន​អត្រាជួលគ្របដណ្តប់៧០ភាគរយ នៃផ្ទៃក្រឡាទំហំ ២ម៉ឺនម៉ែត្រការ៉េ នៅពេលផ្សារបើកដំនើរការនៅពេលខាងមុខ។

អ្នកនាងបន្តថា “អ្វីជាក្តីរំពឹងរបស់យើង ផ្សារនឹងទទួលបានជោគជ័យ ដោយ​សារអតិថិជនជួលជាអ្នកវិនិយោគថ្មីៗ ហើយអ្វីដែលជាទស្សនទាននៃការរៀបចំ​ផ្សារនេះ ធ្វើយ៉ាងណាឲ្យមានភាពប្លែកពីគេ”។ អ្នកនាងបន្តថា “ផ្សារនេះមានកំពស់​៥ជាន់ ដែលអាចចតរថយន្តបានប្រមាណ ១០០០គ្រឿង និងម៉ូតូជាច្រើនរយគ្រឿង”។

ផ្សារនេះក៏ផ្តល់នូវការលក់ទំនិញចម្រុះផងដែរ ដូចជា សេវាកម្មកំសាន្ត រោង​ភាពយន្តជាលក្ខណៈគ្រួសារ អាហារនិងភេសជ្ជៈ ផ្សារទំនើបលក់ទំនិញរាយៗ និងសេវាកំសាន្តជាច្រើនទៀត។

អ្នកនាង អាន សុធីតា បានបន្តថា តំបន់នេះ ជាទីតាំងមានប្រជាជនមានជីវភាពមធ្យម ដល់ប្រជាជនមានជីវភាពធូរធារខ្លាំងរស់នៅ គួបផ្សំនឹងផ្សារនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រួមមាន ការិយាល័យ លំនៅដ្ឋាន មជ្ឈម​ណ្ឌ​ល ពាណិជ្ជកម្ម ដែលនឹងជំរុញធ្វើឲ្យផ្សារនេះកាន់តែមានភាពទាក់ទាញ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន ប៊ុណ្ណារៀលធី គ្រុប បានរកឃើញថា កំនើនផ្សារទំនើបនៅកម្ពុជា បានឆ្លុះបញ្ចាំងពីការកើនឡើងនូវប្រជាជនមានជីវភាព មធ្យម ការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំនើននៃកាវិនិយោគ​ពីបរទេស ដែលធ្វើឲ្យទីផ្សារលក់រាយនៅទីក្រុងភ្នំពេញ និងចំនួនផ្សារទំនើបនានា​បានកើនឡើងជាបន្តបន្ទាប់៕

លោក ប៉ែន សុខគា នាយកផ្នែកវាយតំលៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានថ្លែងថា កំនើនប្រជាសាស្រ្តក្នុងទីក្រុង និងការកើនឡើងនូវវណ្ណៈមធ្យមក្នុងទីក្រុងភ្នំពេញ បានទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើន មកវិនិយោគលើផ្សារទំនើប​នៅកម្ពុជា ដោយសារកំលាំងទិញមានការកើនឡើង ប៉ុន្តែទោះជាយ៉ាងណាយើងសង្កេតឃើញថា ការលក់ទំនិញល្បីៗ មិនសូវទទួលបានជោគជ័យនោះទេ ផ្ទុយទៅវិញផ្សារទំនើបទាំងនោះលក់ដាច់ជាងគេនូវប្រភេទអាហារ និងភេសជ្ជៈ ដែលជាមុខទំនិញមានការពេញនិយមជាងគេ៕