ធ្វើ​តាម​វិធី​សាស្រ្ត​ទាំង​នេះ ​ទើប​ លក់​អចលនទ្រព្យ​បាន​ដាច់​លឿន​

0

ដោយ ៖ ដែន ចែងចាំង 

          ក្នុងពិភពនៃការទិញ-លក់អចលនទ្រព្យ អ្នកជំនាញមានវិធីសាស្រ្តផ្សេងៗគ្នាក្នុងការផ្សព្វផ្សាយ និងចចារជាមួយអតិថិជនរបស់ខ្លួន ដើម្បីឲ្យអចលនទ្រព្យរបស់​ខ្លួនលក់ដាច់លឿន។ វាមិនមែនជាការងាយស្រួលដូចត្រឹមការនិយាយនោះទេ តែវិធីសាស្រ្តមួយចំនួនខាងក្រោមនេះទំនងជាមួយលោកអ្នកបាន។

​បញ្ជី​គុណភាព​

យោងតាមការ​សិក្សា​ស្រាវជ្រាវមួយដែលធ្វើឡើងដោយសមាគមជាតិ​ភ្នាក់​ងារ​អចលនទ្រព្យ (​អាមេរិក​) កាលពីពេលថ្មីៗនេះបាន​រកឃើញថា ​ការស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​នៅ​ក្នុង Google.com បាន​កើនឡើង​ 253 ​ភាគរយ នៅ​ 4​ ឆ្នាំ​ចុង​ក្រោយនេះ​ ហើយ​នៅ​ពេល​នេះប្រមាណ​​ 90 ​ភាគរយ នៃមានបំណងទិញផ្ទះ បានប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ធ្វើការ​ស្វែងរក​ទិញ​ផ្ទះរបស់ពួកគេ។

ការ​ស្រាវជ្រាវ​ថ្មីពី We Are Social របស់​សិង្ហ​បុរីក៏បាន​រក​ឃើញផងដែរ​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង 400 ​ភាគរយនៃ​ចន្លោះ​ឆ្នាំ​2015 និង 2016 ​។

ដោយ​សារ​ការ​កើន​ឡើង​យ៉ាង​រហ័ស​ នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​ កម្ពុជា ដែល​បាន​កើន​ឡើង​ដល់​ទៅ 6,70 ​លាន​នាក់​ នៅ​ក្នុង​ឆ្នាំ​ 2016កន្លងមកនេះ បញ្ជី​រគុណភាព​អចលនទ្រព្យ ​ក៏​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​។

ដំបូន្មាន​ដើម្បី​ទទួល​បាន​បញ្ជី​គុណភាព​ខ្ពស់​

ការបង្ហោះ​រូប​ភាព

រូបភាពបង្ហោះ គុណភាព និងសោភ័ណភាពនៃរូបភាពមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញទឹកចិត្តអតិថិជន ព្រោះ​ថារូប​មួយ​សន្លឹក​មាន​ន័យ​រាប់មិនអស់ ។ វា​មាន​សារៈសំខាន់​ណាស់ ដោយ​រូប​ដែល​អ្នក​បង្ហោះ គឺជា​រូប​នៃ​អចលនទ្រព្យ​ដែល​អ្នក​កំពុង​លក់​ពិតប្រាកដ​មែន ដោយ​សារ​រូបនេះ​អាច​បង្ហាញ​ពី​ភិនភាគ​ពិតៗ នៃ​អចនលទ្រព្យ​ទៅ​កាន់​អ្នក​ទិញ​។

​សរសេរ​ពិពណ៌នាពីអចលនទ្រព្យរបស់អ្នក

​            អ្នកលក់អចលនទ្រព្យ អាចផ្តល់​ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើន តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​អ្នក​សរសេរ​ពិពណ៌នា​បញ្ជី​គុណភាព​។ សាក​ស្រមៃ​ថាខ្លួន​អ្នកជា​អ្នកទិញ​។ តើ​អ្នក​នឹង​ចង់​បាន​គុណភាព​យ៉ាង​ណា​ខ្លះ​ពី​អចលន​ទ្រព្យ​មួយ​នេះ​។

ផ្តល់​ព័ត៌មាន​ទំនាក់​ទំនង​ដែលល្អបំផុត

ការផ្សព្វផ្សាយបស់​អ្នក​នឹង​មិន​បាន​ផល​ប្រយោជន៍អ្វី​នោះ​ទេ ប្រសិន​បើ​គេ​មិន​អាច​ទាក់ទង​អ្នក​បាន​។ ហេតុនេះហើយទើបអ្នក​ត្រូវ​ធានា​ថា ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នក​មាន​ភាព​ល្អ និងផ្តល់ភាពជឿជាក់បំផុត ​។ ចុះ​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ និង​អាសយដ្ឋាន​អ៊ីមែល ប្រសិន​បើ​ពេល​ខ្លះ​អ្នក​មិន​មាន​ពេល​លើក​ទូរស័ព្ទ​។

ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត

​            ធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវមានការផ្សព្វផ្សាយឲ្យបានល្អផងដែរ។ ហេតុនេះ​ចំណង​ជើង​អចលនទ្រព្យ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ឬភាសាចិន អ្នកត្រូវតែធ្វើ​វា​ឲ្យបាន​ល្អ​។ ប្រសិន​បើ​វា​មាន​ភាព​សាមញ្ញ ងាយយល់ នោះ​គេ​នឹង​រក​ឃើញ​អចលនវត្ថុ​របស់​អ្នក​មុន​គេ​។

ការដាក់​តម្លៃអចលទ្រព្យរបស់អ្នក​

​            ការដាក់តំលៃទាមទារឲ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តំលៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នក នឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិន​បើ​តម្លៃ​នោះ​អាច​តថ្លៃ​បាន អ្នក​គួរ​តែ​ធានាថា គេ​អាច​ដឹង​តាម​រយៈ​ការ​ពិពណ៌នា​របស់​អ្នក​។

ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការទិញ ឬ​ជួល​អាច​តថ្លៃ​បាន អ្នក​ក៏ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ដឹង​តាម​រយៈ​ការ​ពិពណ៌នា​របស់​អ្នក​ផង​ដែរ​។

ការឆ្លើយ​តប​ជាមួយ​នឹង​ការ​សាកសួរ​រក​ទិញ​ឲ្យបានសមស្រប

ការឆ្លើយតបលឿនមានសារៈសំខាន់ណាស់ នៅ​ពេល​ដែលអ្នកទទួលបានការ​ចាប់អារម្មណ៍សាកសួរពីអតិថិជនរបស់អ្នក។ អ្នក​គួរ​តែ​ឆ្លើយតប​ជា​មួយ​នឹង​ពួក​គេ​ឲ្យ​បាន​លឿន​បំផុត​។ ប្រសិន​បើ​អ្នក​មិន​ឆ្លើយតប​លឿន​ទេ ​នោះ​ពួក​គេ​នឹង​រក​មើល​វត្ថុ​ថ្មី​ទៀត និង​អ្នក​លក់​ថ្មី​ទៀត​ដែល​យក​ចិត្ត​ទុកដាក់​នឹង​ពួក​គេ​។

ការ​បង្កើត​បញ្ជីរ​ថ្មី​មួយ​នៅក្នុង Realestate.com.kh មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ទោះ​បី​ជា​អ្នក​លក់​ឯកជន ម្ចាស់​ដី ឬ​ភ្នាក់ងារ​អចលនទ្រព្យ​។ អ្នក​អាច​លក់​ដោយ​ខ្លួន​ឯង​បាន ហើយ​ពួក​យើង​មិន​យក​កម្រៃ​ជើង​សា​រនោះ​ឡើយ​។

ការធ្វើ​ឲ្យ​បញ្ជី​របស់​អចលនទ្រព្យរបស់អ្នកកាន់តែប្រសើរ

ដោយសារបច្ចុប្បន្ន ​អ្នក​អាច​ធ្វើ​ឲ្យ​បញ្ជី​អចនលទ្រព្យ​សម្រាប់​លក់ ឬ​ជួល របស់​អ្នក​ឲ្យ​ប្រសើរ​ឡើង ដោយ​ដាក់​វានៅជាមួយវេបសាយអចលនទ្រព្យមួយចំនួនតូច ដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អ្នកអាច​ចំណាយ​ត្រឹម​តែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឲ្យអចលនទ្រព្យរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងមើលឃើញលឿន៕

ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរ ប្តេជ្ញា​ជួយ​បង្កើន​ការនាំចេញ​អង្ករ​ពី​កម្ពុជា​បន្ថែមទៀត

0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា បាន​ថ្លែ​ឲ្យ​ដឹង​នៅ​ថ្ងៃទី នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ​ថា តំណាង​ក្រុមហ៊ុន​ចិនធំៗចំនួន​ពីរបាន​ប្តេជ្ញា​ចិ​តេ្ត​របស់​ខ្លួ​ក្នុង​ការជួយជ្រោមជ្រែង ដើម្បី​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​ចិន បន្ថែម​លើ​កូតា ដែលមាន​ស្រាប់ សំដៅ​ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ស្រូវ-អង្ករ​របស់​ប្រទេស​កម្ពុជា ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ចំនួន​ពីរ នៃ​ប្រទេស​កម្ពុជា រួមមាន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម ប៉ាន់ សូរ​សក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន​វិស័យ​ឯកជន ចិន​ចំនួន​ពីរ គឺ​ភាគី​ចិន មាន ឯកឧត្តម LIU Liange ប្រធាន​ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន និង លោក WANG Jiong ប្រធាន​ក្រុមហ៊ុន CITIC Group នៅលើ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ។

ចំណែក​ការចុះ​អនុស្សរណៈ យោគយល់​គ្នា​ផ្សេង​មួយទៀត គឺ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ដ៏​ដែល ជាមួយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន CITIC Construction Co., Ltd. និង​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation ដោយមាន​គោលបំណង​កំណត់​មូលដ្ឋាន​សម្រាប់​រៀបចំ និង​អនុវត្ត​គម្រោង រួមមាន​ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង។

គោលបំណង​នៃ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ គឺ​ដើម្បី​កំណត់​ចំណុចសំខាន់ៗពាក់ព័ន្ធ នឹង​ទស្សនាទាន វិសាលភាព រចនាសម្ព័ន្ធ​អនុវត្ត ប្រភព និង​គំរូ​ហិរញ្ញប្បទាន ព្រមទាំង​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​គម្រោង ជា​សិ​សេស នឹង​ផ្ដល់​ជា​មូលដ្ឋាន​ច្បាស់លាស់ សម្រាប់​ការរៀបចំ និង​ការអនុវត្ត​គម្រោង​ដូចជា ការសិក្សា​សមិទ្ធិ​លទ្ធភាព ការរៀបចំ​ប្លង់ លម្អិត ផែនការ​ហិរញ្ញប្បទាន ការសាងសង់ ប្រតិបត្តិការ និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង យន្តការ​ប្រើប្រាស់​ស្រូវ-អង្ករ​ស្តុក​ក្នុង​ឃ្លាំង​ជា​វត្ថុ​បញ្ចាំ ដើម្បី​ទទួលបាន​ឥណទាន​ពី​ធនាគារ និង​ការបង្កើត​ទីផ្សារ​លក់ដូ​រ​ស្រូវ-អង្ករ។

ពាក់ព័ន្ធ​ការផ្សារភ្ជាប់​ជាមួយ​គម្រោង​នេះដែរ ភាគី​ចិន​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ជ្រោមជ្រែង ដើម្បី​បង្កើន​ការនាំ ចេញ​អង្ករ​កម្ពុជា​ទៅ​ចិន បន្ថែម​ពីលើ​កូតា​ដែលមាន​ស្រាប់ ហើយ​សម្រាប់​គម្រោង​នេះដែរ ត្រូវបាន​រចនា​ឡើង​សំដៅ ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ស្រូវ-អង្ករ​នៅ​កម្ពុជា សម្រាប់​រយៈពេល​វែង និង​ប្រកបដោយ​ចីរភាព ពោលគឺ ដំណោះស្រាយ​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ ហើយក៏​ជាការ​បោះជំហាន​ទៅមុខ​មួយ​ជំហាន មុននឹង​ឈានដល់​ដំណោះ ស្រាយ​សម្រាប់​ដំណាំ និង​ផល្លានុផល​ផ្សេងទៀត។

ដើម្បី​អភិវឌ្ឍ​នូវ​គម្រោង​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ស្នើ​ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជា មានិត​ចិន ដើម្បី​អនុវត្ត​គម្រោង ដោយ​វិនិយោគ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង​ស្តុក​ស្រូវ-អង្ករ និង​ឡស​ម្ងួ​ត នៅ​ទីកន្លែង​ចាំបាច់​ទូទាំងប្រទេស ដើម្បី​ផ្តល់​សេវា​ស្តុក និង​ស​ម្ងួ​ត ជូន​ប្រជាកសិករ និង​ធុរជន ក្នុងតម្លៃ​ទាប សមរម្យ ដែល​កសិករ និង​ធុរជន​អាច​ទទួលយកបាន។ សម្រាប់​គម្រោង​នេះដែរ គឺ​ពុំមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន ដល់​យន្តការ​ទីផ្សារសេរី ក្នុង​វិស័យ​ស្រូវ​អង្ករ​ឡើយ ព្រោះ​មិនមាន​ការសាងសង់​រោង​ម៉ាស៊ីនកិនស្រូវ​បន្ថែម និង​មិន​ធ្វើការ លក់ដូរ​ស្រូវ-អង្ករ​ដោយផ្ទាល់ ដែល​អាចបង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ឈ្មួញ និង​អ្នក​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅ ប្រទេស របស់​ផ្នែក​ឯកជន​ផងដែរ ៕

កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន២ រវាង​អាស៊ាន-ហុង

0

ដោយ៖ វុត្ថា
ហ្វីលីពីន៖ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃទី១០ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​ទីក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមជាមួយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម និង​ឧស្សាហកម្ម ចិន​ហុងកុង​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ចំនួន​ពីរ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អាស៊ាន-ហុងកុង និង​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ រវាង​អាស៊ាន និង​ហុងកុង។

នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក បន្ទាប់ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម និង​អនុម័ត​យល់ព្រម​លើ​ពិធីសារ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​អាស៊ាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។

គោលបំណងសំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ទាំងពីរ​គឺ៖ (១) កាត់បន្ថយ​របាំង​ចំពោះ​លំហូរ​ពាណិជ្ជកម្ម​ទំនិញ សេវា និង​វិនិយោគ ធើ្វ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​នូវ​ការផ្សារភ្ជាប់​សេដ្ឋកិច្ច កាត់បន្ថយ​ចំណាយ​សម្រាប់​ធុរជន បង្កើន​ពាណិជ្ជកម្ម ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​បង្កើត​ទីផ្សារ​កាន់តែ​ធំ​ទូលាយ​ជាមួយ​កាលានុវត្តភាព​ច្រើនជាង​មុន និង​សេដ្ឋកិច្ច​មាត្រដ្ឋាន​កាន់តែ​ធំ​សម្រាប់​ធុរកិច្ច (២) ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី (៣) ផ្តល់​ការអនុគ្រោះ​ពិសេស និង​ដោយឡែក ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ថ្មី ដូចជា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដើម្បី​បង្កើន​ការចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែខ្លាំង​ជាង​មុន និង​ពង្រីក​ការនាំចេញ តាមរយៈ​ការបង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុងស្រុក (៤) ជួយ​ទ្រទ្រង់​ដល់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ និង​ពិភពលោក និង​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នឹងធ្វើ​ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​នូវ​លំហូរ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន រួមមាន​កម្ពុជា​ផង ក៏ដូចជា ហុងកុង។ លើសពីនេះ​ទៀត នឹង​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​អាស៊ាន​ហុងកុង តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និង​វិនិយោគ។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​ហុងកុង ជាទី​ផ្សារ​មូលធន​ដ៏​ធំ។

គួររំលឹកថា កិច្ចព្រមព្រៀង​សំខាន់​ទាំងពីរ ត្រូវបាន​ចាប់ផ្តើម​ចរចា​ដំបូង​នៅ​ឆ្នាំ២០១៤ និង​បានបញ្ចប់​នា​កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម​អាស៊ាន-ហុងកុង លើក​ទី១០ នៅ​ទីក្រុង​បាងកក ថៃឡង់​ដ៏ កាលពី​ខែកក្កដា ឆ្នាំ២០១។ ក្រោយ​នោះ មាន​ការងារ​បច្ចេកទេស​លម្អិត​ជាច្រើន ត្រូវបាន​បន្តធ្វើ ដូចជា​ការងារ​រៀបចំ​ឲ្យ​មានការ​ឯកភាពគ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យពេចន៍​គន្លឹះ​មួយចំនួន តារាង​បញ្ចុះ​ពន្ធគយ​ចុងក្រោយ ទម្រង់​រួម​នៃ​តារាង​ពន្ធគយ។ល។ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រធាន​ក្រុម​ចរចា​បាន​ឈានដល់​ការឯកភាព​គ្នា​ទាំងស្រុង​លើ​អត្ថបទ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង ដែល​រួចរាល់​សម្រាប់​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ជាមួយ​រដ្ឋលេខាធិការ​នៃ​ចិន​ហុងកុង៕

ជំនាញ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​កំពុងមាន​ទីផ្សារការងា​រ​ច្រើន

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា កំពុងមាន​សន្ទុះ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះបាន​ធ្វើឱ្យ​វិស័យ​មួយ​នេះ ត្រូវ​ប្រឈមមុខ​ទៅនឹង​បញ្ហា​មួយចំនួន ដូចជា តម្រូវការ​កម្លាំង​កម្ម​ករ និង​ធនធាន​មន​ស្ស​ដែលមាន​ចំណេះដឹង​ច្បាស់លាស់​ជា​ច្រី​ន។

ឮ​លោក​បណ្ឌិត​ទួ​ស សា​ភឿន អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ធនធានមនុស្ស​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់​អាចឆ្លើយតប​ទៅនឹង​តម្រូវ​នៃ​ការរីកចម្រើន ដ៏​ឆាប់រហ័ស​របស់​វិស័យ​សំណង់​នៅ​កម្ពុ​ជានា​រយៈពេល១ទសវត្សរ៍​ចុងក្រោយ​នេះ​បានទេ។ លោក​បាន​ប្រាប់ទៀតថា ជា​រៀងរាល់​ឆ្នាំមាន​ក្រុមហ៊ុន​ជាច្រើន បានមក​ទាក់ទង​សាកលវិទ្យាល័យ ដើម្បី​ជ្រើសរើស​និស្សិត​ដែល​កំពុង​សិក្សា​ទៅធ្វើ​ការ ប៉ុន្តែ​ពេលខ្លះ​សាលា​មិនអាច​រក​និស្សិត​បាន​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះបានទេ។

លោក​បន្តថា “ការងារ​ក្នុង​វិស័យ​សំណង់​មាន​ច្រើន ដូច្នេះ​និស្សិត​ដែល​សិក្សា​ជំនាញ​ស្ថាបត្យកម្ម និង​សំណង់​ស៊ីវិល មិន​ខ្វះ​ការងារ​ធ្វើ​ទេ។ ជាក់ស្តែង​មាន​និស្សិត​ខ្លះ​មានការ​ងារ​ធ្វើ​ចាប់តាំងពី​ឆ្នាំ​ទី១តែម្តង។

បើតាម​លោក​ទួ​ស សា​ភឿន ក្នុង១ឆ្នាំមាន​និស្សិត​ខ្មែរ​ចន្លោះ​ពី២០០-៣០០នាក់​បានបញ្ចប់​ការសិក្សា​លើ​ផ្នែក​ស្ថាបត្យកម្ម ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​គ្រឹះស្ថានសិក្សា​ពី៥-៦ប៉ុណ្ណោះ ដែល​ទទួល​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ផ្នែក​នេះ។

ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​សំណង់​ស៊ីវិល នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន លោក លឹម សុខ​តៃ​បាន​និយាយថា ធនធានមនុស្ស​ដែលមាន​ចំណេះដឹង​ទាក់ទង​ទៅនឹង​វិស័យ​សំណង់ កំពុងមាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​និស្សិត​ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ចាប់ពី​ឆ្នាំ​ទី៣ឡើងទៅ​ស្ទើរតែ​ទាំងអស់​ត្រូវបាន​ក្រុមហ៊ុន​មក​ទាក់ទង​យកទៅ​ធ្វើការ។លោក​បាន​បន្តថា ការងារ​ទាក់ទង​ទៅនឹង​វិស័យ​សំណង់​នៅ​កម្ពុជា នឹងត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន​បន្ថែមទៀត ជាពិសេស​នៅពេល​ការ​ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈានចូល​មកដល់។

លោក​បាន​បន្តថា “បច្ចុប្បន្ននេះ​និស្សិត ដែល​ចូល​សិក្សា​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​កើន​ឡើងជា​បន្តបន្ទាប់។ ជាក់ស្តែង​បច្ចុប្បន្ននេះ និស្សិត​ដែល​កំពុង​រៀន​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល មាន​ប្រមាណ​ជាង៣០០នាក់ ចំណែក​ខាង​ផ្នែក​ស្ថាបត្យកម្ម និង​នគរូបនីយកម្ម មាន​ប្រមាណ​ប្រហែល១០០នាក់។

លោក​បន្តថា រហូតមកដល់​ពេលនេះ​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​លើ​ផ្នែក​ទាំង២របស់​សាកលវិទ្យាល័យ មាន​ចំនួន​ប្រមាណ​ប្រហែល៣៨០០នាក់​ហើយ។

វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​វិស័យ១ នៅក្នុង​ចំណោម​វិស័យសំខាន់ៗចំនួន៤ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​រួមចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ ជាក់ស្តែង​គិត​ត្រឹម​ដំណាច់ត្រីមាស​ទី៣ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យនេះ​កើនឡើង​ដល់​ទឹកប្រាក់៥៦៣៦លាន​ដុល្លារ កើនឡើង២២ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លោក​ម៉េង ចំរើន ប្រធាន​ក្រុម​វិស្វករ​ប្រចាំ​ការដ្ឋាន​សាងសង់​ក្នុង​គម្រោង​ទីក្រុង Olympia City បាន​ថ្លែងថា បច្ចុប្បន្ននេះ​នៅក្នុង​ការដ្ឋាន​សាងសង់​ទីក្រុង​Olympia City មាន​វិស្វករ និង​ស្ថាបត្យករ​កំពុងធ្វើការ​សរុប​ប្រហែល100នាក់ ក្នុង​នៅ​វិស្វករ​មាន​ប្រហែល៧០ភាគរយ។ លោក​បាន​បន្តថា ក្នុងចំណោម​នោះ​មាន​វិស្វករ និង​ស្ថាបត្យករ​បរទេស​ប្រហែល៥ភាគរយ ដែល​ពួកគេ​ទាំងនោះ​សុទ្ធតែជា​អ្នកជំនាញ ដែលមាន​បទពិសោធ និង​ស្នាដៃ​លើ​គម្រោងធំៗជាច្រើន។

លោក​បាន​ថ្លែងថា “ខ្ញុំ​គិតថា​វិស្វករ និង​ស្ថាបត្យករ​នាពេល​បច្ចុប្បន្ន​សុទ្ធ​តែមាន​សមត្ថភាព អាចធ្វើ​ការ​នៅតាម​ការដ្ឋាន​សំណង់ធំៗបាន ដោយ​យើង​គ្រាន់តែ​យក​អ្នកជំនាញ(មកពី​បរទេស) មកជួយ​បណ្តុះបណ្តាល​តែ​បន្តិចបន្តួច​ប៉ុណ្ណ។

តែ​ទោះបីជា​យ៉ាងណា​លោក​ចំរើន ក៏បាន​បញ្ជាក់ថា “ខ្ញុំ​គិតថា​សមត្ថភាព​របស់​វិស្វករ​កម្ពុជា នឹង​មិនសូវមាន​បញ្ហា​សមត្ថភាព​គ្រប់គ្រាន់​នោះទេ បន្ទាប់ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈានចូល​មកដល់​នោះទេ តែ​អ្វីដែល​ខ្ញុំ​គិតថា​អាចមាន​បញ្ហា​នោះ​គឺ​ខាង​ផ្នែក​ស្ថាបត្យកម្ម ព្រោះ​ការ ​Design របស់​អ្នកជំនាញ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​អាចមាន​សមត្ថភាព​លើសពី​ស្ថាបត្យករ​កម្ពុជា”៕

កម្ពុជា​គ្រោង​សាងសង់​អាគារ​កំពស់៦០០ម៉ែត្រ​មួយ​នៅ​ខាងជើង​ក្រុងភ្នំពេញ

0

ភ្នំពេញ៖ ប្រទេស​កម្ពុជា​គ្រោង​នឹង​សាងសង់​អាគារ​កំពស់៦០០ម៉ែត្រ​មួយទៀត ស្ថិតនៅ​ភាគ​ខាងជើង​ក្រុងភ្នំពេញ ដែលជា​គម្រោង​ដ៏​មហស្ចារ្យ​មួយ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ។

លោក​សាស្ត្រាចារ្យ​ ភឿង សុភ័ណ្ឌ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែលជា​ស្ថាបត្យករ​ផ្តួ​ត​ផ្តើម​រៀបចំ​គំរោង​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា តាម​ផែនការមេ​នៃ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ យើង​គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់៦០០ម៉ែត្រ​មួយ សម្រាប់​ប្រើប្រាស់​ជា​ការិយាល័យ​កណ្តាល​រប​ស់ស​ម្តេច​តេ​ជោ ដែល​លោក​អាច​ត្រួត​ពិនិត្យមើល​ស្ថានភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ចេញពី​អាគារ​នេះ​បាន ព្រោះ​កំពស់៦០០ម៉ែត្រ​អាច​មើលឃើញ​ទូទាំងប្រទេស​ហើយ។

លោក​បន្តថា “អាគារ​នេះ​នឹង​សាងសង់​នៅពេល​ទីក្រុង​នេះ​មា​ប​ថវិកា​គ្រប់ គ្រាន់​សម្រាប់​រៀបចំ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​មួយចំនួន​កំពុង​ចាប់​អារ​ម្ម ណ៍​ចូលរួម​វិនិយោគ​ក្នុង​គំរោង​នេះហើយ។លោក​បន្តថា “ការសាងសង់​ទីក្រុង​នេះ ដើម្បី​រំលឹក​និង​ដឹងគុណ​សម្តេច​តេ​ជោ ក៏ដូចជា​បន្សល់ទុក​ម​រតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ព្រោះ​រយៈពេល៥៨០ឆ្នាំ​ហើយ យើង​មិនដែល​បាន​សាងសង់​ទីក្រុង​ថ្មី​ទេ។

លោក​សាស្ត្រាចារ្យ​ ភឿង សុភ័ណ្ឌ ដែល​បាន​សញ្ញាបត្រ​ស្មើគ្នា​នឹង​សាស្ត្រាចារ្យ​វីរ​ស្ថាបត្យករ​កម្ពុជា លោក​វណ្ណ ម៉ូលីវណ្ណ​ផងដែរ​នោះបាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នឹង​សាងសង់​មជ្ឈមណ្ឌល​អាគារ​ពាណិជ្ជកម្ម អាគារ​ស្នាក់នៅ និង​មជ្ឈមណ្ឌល​កំសាន្ត​នានា​មាន​រូបរាង​ដូច​នាគរាជ ដែល​ត្រូវ​នឹង​ឆ្នាំ​របស់​សម្តេច។លោក​បន្តថា ទីក្រុង​នេះ​នឹង​រៀបចំ​ឲ្យ​មាន​កំពង់ផែ ដើម្បី​ភ្ជាប់​សេវាកម្ម​ដឹកជញ្ជូន ពាណិជ្ជកម្ម​នៅក្នុង​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម​អន្តរជាតិ​សម្តេច​តេ​ជោ ដែល​នឹង​រៀបចំ​ឲ្យ​មាននៅ​ក្នុង​ទីក្រុង​នេះ​ផងដែរ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​ថ្លែងថា កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​រយៈពេល២០ឆ្នាំ​ទៀត ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយសារ​កំនើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ មានការ​កើនឡើង ហើយ​លំហូរ​ទុនវិនិយោគ​ពី​បរទេស នឹង​បន្ត​កើនឡើង​បន្តទៀត។លោក​បន្តថា តាមរយៈ​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើន​ថែមទៀត។

លោក​ឧកញ៉ា​បាន​បន្តថា ការសាងសង់​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ នៅ​ប្រប​នឹង​ទន្លេមេគង្គ និង​ទន្លេសាប​នេះ ពិតជា​មាន​ភាព​វិសេសវិសាល​ណាស់ ព្រោះ​វា​នឹងធ្វើ​ឲ្យ​មុខមាត់​កម្ពុជា កាន់តែ​លេចធ្លោ​នៅ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត និង​អ្វី​ពិសេស​នោះ​ជាការ​ឆ្លើយតប​នឹង​អ្វី​ជា​គុណសម្បត្តិ​របស់​សម្តេច ដែល​បាន​លះបង់​កំលាំងកាយ​ចិត្ត និង​រហូត​ហ៊ាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​សុខសន្តិភាព​នៅ​កម្ពុជា៕

៥ចំណុច​ដែល​អ្នក​គួរ​ដឹង​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

0

ភ្នំពេញ៖ ទោះបី​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​អាស៊ាន​បានធ្វើ​សមាហរណកម្ម​ជាមួយគ្នា​កាលពី​ចុងឆ្នាំ២០១៥ក្តី ប៉ុន្តែ​ប្រជាជន​នៅក្នុង​សហគមន៍​នេះ ទំនង​មិនទាន់បាន​យល់ដឹង​ស៊ីជម្រៅ​ពី​សហគមន៍​នេះ មាន​ភាព​ប្រទាក់ក្រឡា​គ្នា នៅឡើយ​ទេ។

គេហទំព័រ Propertyarea.asia សូម​លើកយក​ចំណុចសំខាន់ៗចំនួន៥ ដើម្បី​ចែករំលែក​និង​ផ្តល់​ការយល់ដឹង​ដល់​មិត្ត​អ្នកអាន បាន​ស្វែងយល់​បន្ថែម។

យោងតាម​ឯកសារ​ផ្លូវការ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​ប្រជាពលរដ្ឋ​ចំនួន ៦២២លាន​នាក់ និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន២.៦ទ្រី​លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៤  និង​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន៤.៦ភាគរយ។ នៅក្នុង​អាស៊ាន​បាន​អនុវត្តន៍​វិធានការណ៍​នានា​របស់​ប្រទេស​ជា​សមាជិក ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ និង​កែសម្រួល​វិធាន​ច្បាប់​ឲ្យ​មាន​ភាពងាយស្រួល ធ្វើ​សុខដុម​នីយកម្ម​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ បទបញ្ញត្តិ សម្រួល​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ព្រំដែន កាត់បន្ថយ​ឬ​លុបបំបាត់​របាំង​មិនមែន​ព​ន្ឋ​គយ និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម ទៀត​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់។

ទី១/ តើ​គេ​ពិ​ព៌​ណ​នា​សង្ខេប​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​យ៉ាងដូចម្តេច?

សហគមន៍​អាស៊ាន​នឹងធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង១០ កាន់តែ​ខិតជិត​គ្នា ដោយ​យើង​នឹងត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ចក្ខុវិស័យ​រួម​នៃ​តំបន់​មួយ ដែល​រ៉ឹង​មាំ​យូរអង្វែង​ប្រកបដោយ​សន្តិរ​ភាព ស្ថិរភាព និង​វិបុលភាព។ ការកសាង​សហគមន៍​មាន​សរសរ​ស្តម្ភ​ចំនួន​បី គឺ​វិស័យ​នយោបាយ សន្តិសុខ វិស័យសេដ្ឋកិច្ច និង​វិស័យ​សង្គម វប្ប​ធ៌​ម។ ការបង្កើត​សហគមន៍ គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការបន្ត​ការវិវត្តន៍​របស់​អាស៊ាន ជា​អង្គការ​មួយ​ដែលមាន​អត្តសញ្ញាណ​តំបន់​រួមមាន​ប្រជាជន៦២០លាន​នាក់ ដែល​ប្រាថ្នា​ចង់បាន “ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ សហគមន៍​តែមួយ។

ទី២/ សហគមន៍​នេះ​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ តើ​យើង​រំពឹងថា​មាន​អ្វី​ផ្លាស់ប្តូរ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ?

ការកសាង​សហគមន៍​អាស៊ាន គឺជា​ដំណើរការ​មួយ​ដែល​កំពុង​ធ្វើ​បន្ត មិនមែនជា​ការផ្លាស់ប្តូ​រភ្លាមៗនោះទេ។ ដើម្បី​រៀបចំ​សម្រាប់​ការចាប់ផ្តើម​សហគមន៍​នេះ ប្រទេស​សមាជិក​អាស៊ាន បាន​អនុវត្តន៍​គំនិត​ផ្តួចផ្តើម​ជាច្រើន​នៅក្រោម​ផែនការ​លំអិត​ទាំងបី​របស់​សហគមន៍​អាស៊ាន ក្នុង​គោលបំណង​ធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​និង​ទូលំទូលាយ។ ថ្នាក់ដឹកនាំ​អាស៊ាន​បានអនុម័ត ចក្ខុ​វ​ស័​យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០២៥ ដែល​បន្តធ្វើ​សមាហរណកម្ម និង​ពង្រឹង​ភាព​រ៉ឹង​មាំ​របស់​យើង​សម្រាប់​រយៈពេល១០ឆ្នាំ​ខាងមុខ។

ទី៣/ តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​យ៉ាងដូចម្តេច?

គោលដៅ​ចំបង​នៃ​សមាហរណកម្ម​តំបន់ តាមរយៈ​សហគមន៍​អាស៊ាន គឺ​ដើម្បី​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​អាស៊ាន។ សេចក្តីថ្លែងការណ៍​កូ​ទ្បា​ទ្បាំ​ពួរ ឆ្នាំ២០១៥ ស្តីពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ចេញ​ដោយ​ថ្នាក់ដឹកនាំ​អាស៊ាន ក្នុង​ឳ​កាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ វិច្ឆិកា ឆ្នាំ២០១៥បានបញ្ជាក់​ពី​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុងការ​បង្កើត “សហគមន៍​មួយ​ដែល​ផ្អែកលើ​ច្បាប់ ដែល​យកចិត្តទុកដាក់​លើ​ប្រជាជន និង​យក​ប្រជាជន​ជាធំ ដែល​ក្នុង​សហគមន៍​នោះ ប្រជាជន​យើង​បន្តធ្វើ​ការចូលរួម និង​ទទួលបាន​ផលប្រយោជន៍​ពេញលេញ​ពី​ដំណើរការ​សមាហរណកម្ម​អាស៊ាន និង​សេរីភាព អ​ព្យា​ក្រិត​ភាព ស​ន្ឋិ​សញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឆ្នាំ១៩៧៦ និង​ពិធីសារ​សម្រាប់​ពង្រឹង​យន្តការ​ដោះស្រាយ ជម្លោះ​ឆ្នាំ២០០៤សម្រាប់​ដោះស្រាយ​ជម្លោះ​ពាក់​ព័​ន្ឋ​នឹង​ផ្នែក​សេដ្ឋកិច្ច។

សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី សមុទ្រ​ចិន​ខាងត្បូង (ឆ្នាំ១៩៩២) និង​សេចក្តីថ្លែងការណ៍​ស្តីពី ការប្រតិបត្តិ​របស់​ប​ណ្តា​ភាគី​សមុទ្រ​ចិន​ខាងត្បូង​ឆ្នាំ២០០២ ក៏បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង។កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី ភាពកខ្វក់​នៃ​ផ្សែង​អ័ព្ទ​ឆ្លង​ព្រំដែន​គឺជា​ឧទាហរណ៍ ទី៣ឆ្លើយតប​ទៅនឹង​សំណួរ​សួរថា តើ​អាស៊ាន​គ្រប់គ្រង​បញ្ហា​ប្រឈម​ឆ្លងដែន​យ៉ាងដូចម្តេច។

ទី៤/ តើ​យើង​អាចធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​តំបន់ ឬ​ធ្វើការ​នៅក្នុង​ប្រទេស​អាស៊ាន​មួយទៀត​បាន​ឬទេ?

កិច្ចព្រមព្រៀង​និង​គំនិត​ផ្តួចផ្តើម​នៅក្នុង​អាស៊ាន បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន និង​មាន​កិច្ចព្រមព្រៀង​ជាច្រើន​ទៀត​កំពុង​ត្រូវបាន​រៀបចំ។ ក្នុង​វិស័យ​ការងារ កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅវិញទៅមក នៅក្នុង​សហគមន៍​អាស៊ាន បានផ្តល់​នូវ​ចរាចរ​ណ៍​ដោយ​សេរី​នៃ​អ្នកមាន​វិជ្ជាជីវៈ​ជំនាញ ដូចជា វិស្វករ គិលានុបដ្ឋាក ស្ថាបត្យករ អ្នក​អង្កេត​ដីធ្លី វេជ្ជបណ្ឌិត​និង​ទន្តពេទ្យ គណនេយ្យករ និង​អ្នកមាន​វិជ្ជាជីវៈ​ទេសចរណ៍។

ទី៥/ ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​មានការ​ខ្វែងគំនិត​គ្នា​ខ្លះ តើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា?

ដូច​នៅក្នុង​គ្រួសារ ប្រទេស​សមាជិក​អាស៊ាន​អាចមាន​ទស្សនៈ​ផ្សេងគ្នា​លើ​បញ្ហា​មួយចំនួន ហើយ​ប្រទេស​មួយចំនួន​នៅមាន​បញ្ហា​ព្រំដែន​ដែល​មិនទាន់​ដោះស្រាយ។ ប្រទេស​សមាជិក​អាស៊ាន​បាន​ប្តេជ្ញា​គោរព​ធម្មនុញ្ញ​អាស៊ាន ជាគោលការណ៍ ណែនាំ​របស់​ពួកគេ ដែល​រួមមាន​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ក្នុងចំណោម​នោះ​តាមរបៀប​អាស៊ាន គឺ​និយាយ​ពី​ការកសាង​សហគមន៍ និង​កុង​សង់​ស៊ី​ល(ស្រុះស្រួល​គ្នា) និង​ការមិន​ប្រើ​ហឹ​ង្សា​ចំពោះ​ការប្រឈមមុខ​ដាក់គ្នា ប្រកាន់​ភាព​និយម   កណ្តាល​ទៅលើ​ភាពជ្រុលនិយម និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

អាស៊ាន​មាន​កិច្ចព្រមព្រៀង​ជាច្រើន ដើម្បី​លើក​កំពស់​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​តំបន់ រួមមាន​សេចក្តីថ្លែងការណ៍​ឆ្នាំ១៩៧១ស្តីពី​សន្តិភាព សាមគ្គីភាព វិបុលភាព និង​សុខដុមរមនា​ក្នុង​អាស៊ាន។

គំរោង​ត​ភ្ជាប់​រូបវ័ន្ត​គ្របដណ្តប់​ទៅលើ​គំនិត​ផ្តួចផ្តើម​ជាច្រើន ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ទំនិញ សេវាកម្ម និង​ប្រជាជន​នៅក្នុង​តំបន់​ដែល​រួមមាន​បណ្តាញ    ហាយ​វេ  កំពង់ផែ​សមុទ្រ​ចំនួន៤៧ ច្រករបៀង​ខ្សែ​បញ្ជូន​ទិន្នន័យ​ល្បឿន​លឿន​អាស៊ាន និង​បណ្តាញ​ចែកចាយ​ថាមពល​អាស៊ាន គំរោង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋធំៗអាទិភាព ដែល​នឹង​ជំរុញ​ការតភ្ជាប់​ឆ្លងកាត់​ព្រំដែន និង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដូចជា ភាព​ប្រកួតប្រជែង​នៃ​បណ្តាញ​ផលិតកម្ម​តំបន់ ពាណិជ្ជកម្ម សេវាកម្ម លំហូរ​វិនិយោគ​ប្រសើរ​ជាង​មុន និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍។

កិច្ចព្រមព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ចំនួន​បី ក៏បាន​រួមចំណែក​ដល់​ការតភ្ជាប់​រូបវ័ន្ត កិច្ចព្រមព្រៀង​ទាំងបី​នេះ គឺ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​ការសម្រួល​ទំនិញ​ឆ្លងកាត់ ការសម្រួល​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​រដ្ឋ​សមាជិក និង​ការដឹកជញ្ជូន​ពហុ​បែប ដែលមាន​គោលបំណង​កាត់បន្ថយ​ចំណាយ និង​ជួយ​ជំរុញ​ចរាចរណ៍​រថយន្ត​ទំនិញ​សេវា​ឆ្លងកាត់​ព្រំដែន។ឧទាហរណ៍ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ទ្បា​វ និង​វៀតណាម បានដាក់​ឲ្យ​ដំណើរការ​ប្រ​ព័​ន្ឋ​ត្រួតពិនិត្យ​តែមួយ​នៅ​ចំណុច​ត្រួតពិនិត្យ​ព្រំដែន​ទ្បា​វ បាវ​ដា​ញ់​សាវ៉ា​ញ​នៅ​ឆ្នាំ២០១៥ ដើម្បី​ជួ​យស​ម្រូ​ល​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​នៅតាម​បណ្តោយ​ច្រករបៀង​សេដ្ឋកិច្ច​លិច កើត។

ប្រទេស​សមាជិក​អាស៊ាន ក៏​កំពុងតែ​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល ដល់​ការធ្វើ​ចរាចរណ៍​ទំនិញ ទាំង​នៅក្នុង​ប្រទេស​និង​តាម​ព្រំដែន​ឆ្លងកាត់​ប្រទេស រួមទាំង​តាមរយៈ​ច្រកចេញចូល​តែមួយ​ថ្នាក់ជាតិ​របស់​ប្រទេស​ជា​សមាជិក​និមួយ។ នៅ​ដើមឆ្នាំ២០១៦ ច្រកចេញចូល​តែមួយ​របស់​អាស៊ាន នឹងត្រូវ​អនុវត្តន៍​ក្នុងចំណោម​សមាជិក អាស៊ាន ដែល​បាន​ត្រៀមលក្ខណៈ​រួចរាល់។ អាស៊ាន​ក៏​កំពុងតែបន្ត​អនុវត្តន៍​ទីផ្សារ​អាកាស​ចរណ៍​តែមួយ  និង​ទីផ្សារ​នាវាចរណ៍​តែមួយ ដែលជា​ផ្នែក​មួយ​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ក្លាយជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម និង​បើកចំហ​ជា​ជំហ៊ានៗថែមទៀត​ដល់​ការវិនិយោគ​នៅក្នុង​តំបន់​អាស៊ាន និង​នៅក្រៅ​តំបន់​អាស៊ាន។

វិធានការណ៍​ត​ភ្ជាប់​ស្ថាប័ន​រួមមាន វិធានការណ៍​នានា​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ដូចជា កន្លែង​ផ្ទុក​ទិន្នន័យ​ពាណិជ្ជកម្ម​អាស៊ាន និង​កន្លែង​ផ្ទុក​ទិន្នន័យ​ពាណិជ្ជកម្ម​ថ្នាក់ជាតិ។ អាស៊ាន​ក៏​កំពុង​ដោះស្រាយ​របាំង​ពាណិជ្ជកម្ម​មិនមែន​ព​ន្ឋ​គយ  ដើម្បី​ជំ​រុ ញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការវិនិយោគ និង​ធ្វើ​សុខដុម​នីយកម្ម​ស្តង់ដា​និង និតិ​វិធី​វាយ​តំលៃភាព​ស្របគ្នា​នូវ​រាល់​ប្រទេស​សមាជិក៕

ក្រុងព្រះសីហនុ​កំពុង​ជំនួស​ខេត្តសៀមរាប​ក្នុងនាម​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ខេត្ត​ព្រះសីហនុ​កំពុង​ដើរតួនាទី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២ បន្ទាប់ពី​រាជធានី​ភ្នំពេញ​នៅក្នុងពេលឆាប់ៗខាងមុខនេះ ខណៈ​សក្តានុពល​ដែល​មិនទាន់​ទាញយក​មកប្រើប្រាស់​កាល​ពីមុន កំពុងមាន​ស​ភាពរសរវើក​តាមរយៈ​លំហូរ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​កំនើន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​យ៉ាងគំហុក។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ​ពិត​ជាមាន​សក្តានុពល ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែច្រើន ពិសេស​អ្វីដែល​លោក​ភ្ញាក់ផ្អើល​នោះ គឺ​លោក​ឃើញ​វត្តមាន​ជន​ជាតិចិន​កាន់តែច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ។លោក​បន្តថា ខេត្ត​នេះ​នៅមាន​សក្តានុពល សម្រាប់​អភិវឌ្ឍន៍​ច្រើន ដោយសារ​មាន​ដី​ទំនេរ​ច្រើន ដែល​ផ្តល់​ជំរើស​ដល់​អ្នក​អភិវឌ្ឍន៍​កាន់​តែមាន​ភាពងាយស្រួល។

លោក​បន្តថា “និយាយ​ពី​ការសាងសង់​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ យើង​ត្រូវ​សួរថា តើ​អ្នក​អភិវឌ្ឍន៍​ផ្តោតលើ​អ្នកណា​ជា​គោលដៅ។ បើ​អ្នកវិនិយោគ​ផ្តោតលើ​ប្រជា ជន​ក្នុងស្រុក​ខ្ញុំ​មិនសូវមាន​ជំនឿ​ចិត្ត​នោះទេ។លោក​បន្តថា “ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ទំនង​មិនសូវ​ចាប់អារម្មណ៍​ខុន​ដូ​ច្រើន​ទេ ពួកគេ​នៅតែ​ចាប់អារម្មណ៍​លំនៅដ្ឋាន​ផ្ទាល់​ដី ដោយសារ​ខេត្ត​នៅសល់​ដី​ទំនេរ​ច្រើន និង​មាន​តំលៃ​ធូរ​ថ្លៃ​នៅឡើយ។

ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​បាន​ក្លាយជា​ប៉ូល​ទី២ ដែល​អ្នកវិនិយោគ​បរទេស​បាន​និង​កំពង​សាងសង់​ខុន​ដូ​នៅ​តំបន់​នេះ​ច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bayview និង​គំរោង​ខុន​ដូ​ជាច្រើន​ទៀត ដែល​បាននិងកំពុង​សាងសង់​ជា​បន្តបន្ទាប់។

លោក ច្រឹ​ក សុន​នី​ម បាន​បន្តថា ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍ ហើយ​រដ្ឋាភិបាល​កំពុង​រៀបចំ​តំបន់​នេះ​ទៅជា​តំបន់​ពាណិជ្ជកម្ម​នាពេល​អនាគត អ្នកវិនិយោគ​ដែលមាន​គោលដៅ​ធ្វើការ​វិនិយោគ​រយៈពេល​វែង​បាន​ងាក​ទៅកាន់​តំបន់​នេះ ដោយសារ​វា​ជា​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​ពេលអនាគត។

លោក​បន្តថា “រដ្ឋាភិបាល​បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវ​ទេសចរណ៍ សុ​ទ្ឋ​តែ​ជា​កត្តា​ហុច​សក្តានុពល​ដល់​អ្នកវិនិយោគ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​នេះ។លោក​បន្តថា “ពេល​បុណ្យទានម្តងៗពិបាក​រក​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ស្នាក់នៅ ដូច្នេះ​ការទិញ​ខុន​ដូ​សម្រាប់​លំហែរ​នឹង​ជា​ជំរើស​មួយ​ផងដែរ។

អ្នកវិនិយោគ​ខុន​ដូ​មួយរូប ដែល​បាននិងកំពុង​វិនិយោគ​ខុន​ដូ​មួយ​ក្នុងចំណោម​ខុន​ដូ​ខាងលើ​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា“ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​តំបន់ឆ្នេរ​មួយ ដែលមាន​ភាពស្រស់ស្អាត និង​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំដាប់​ទី២បន្ទាប់ពី​ខេត្តសៀមរាប ដូច្នេះ​ខ្ញុំ​គិតថាអ្វីៗវា​នឹង​ប្រសើរឡើង​សម្រាប់​ខុន​ដូ​របស់ខ្ញុំ ព្រោះ​ទីនោះ​មិនសូវមាន​ខុន​ដូ និង​អូ​តែ​ល​លំដាប់​ប្រណីត​នៅឡើយ។

“យើង​សាងសង់​ខុន​ដូ​សម្រាប់​ទាក់ទាញ​ជនបរទេស មក​ប្រទេស​របស់​យើង ហើយ​នៅ​ឆ្នាំ២០១៨ ការ​ចម្រាញ់យកប្រេង​កាត​ពី​សមុទ្រ​របស់​យើង នឹង​ចាប់ផ្តើម​ដែល​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​មកកាន់​ទីនេះ។ អ្នកវិនិយោគ​រូបនោះ​បន្ថែម។

លោក ហូ វណ្ឌី​អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ និង​ក្រុមហ៊ុន​បាយ័ន​អ៊ែរ​បានធ្វើ​ការហោះហើរ​រ​វាង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ និង​មាន​អាកាសចរណ៍​មកពី​បរទេស​ធ្វើការ​ហោះហើរ​លក្ខណៈ​ជួល និងយូរៗម្តង​មកកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​បន្តថា “ខេត្ត​នេះ​នឹង​កាន់​តែមាន​សក្តានុពល និង​មានការ​រីកចំរើន​កាន់តែខ្លាំង ប្រសិនជា​អាជ្ញាធរ​រក្សាបាន​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​បរិស្ថាន ព្រមទាំង​សម្បត្តិ ធម្មជាតិ​ទាំង​លើគោក និង​ក្នុង​ទឹកបាន​ល្អ។លោក​បន្តថា “ជោគជ័យ​ឬ​មិន​ជោគជ័យ​លើ​ការសាងសង់​ខុន​ដូ និង​អចលនវត្ថុ​នៅទីនេះ វា​អាស្រ័យ​លើ​ការអភិរក្ស​ធនធានធម្មជាតិ និង​ការរៀបចំ​តំបន់​នេះ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ខុន​ដូ​ចំនួន​បី​បាន និង​កំពុង​សាងសង់​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។លោក​បន្តថា ខេត្ត​ព្រះសីហនុ​ចេះតែ​បន្ត​អភិវឌ្ឍន៍​ទៅមុខ កាន់តែ​លឿន ដោយសារ​រដ្ឋាភិបាល​បានរៀបចំ​ខេត្ត​នេះ ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​នេះ​មាន​ឆ្នេរ​ស្អាត មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​កម្ពុ ជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែច្រើន​ឆ្ពោះ​មកកាន់​ខេត្ត​នេះ។

លោក​បន្តថា “ដោយសារ​សន្តិភាព ទើប​មានអ្វីៗទាំងអស់នេះ។លោក​បន្តថា “ប្រជាជន​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​ចាប់អារម្មណ៍​លើ​ខុន​ដូ​ខុន​ដូ​ច្រើន។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត​សុក ស៊ីផាន់ណា​បាន​ថ្លែងថា តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ដែល​បានដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​បានធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អំណោយផល​នានា ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដោយសារ​វា​ជាប់​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​កម្ពុជា ការពង្រីក​ព្រលានយន្តហោះ​កងកេង ក្លាយជា​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​ល្បឿន​លឿន​ជាដើម សុ​ទ្ឋ​តែ​ជា​សក្តានុពល​របស់​ខេត្ត។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល៥ឆ្នាំ​ខាងមុខ ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប ដោយសារ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​ព្រលានយន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ​មាន​យន្តហោះ​ចុះចត​ចំនួន២៤លើក​ក្នុង​មួយថ្ងៃ ខណៈដែល​អ្នកនាំពាក្យរ​ដ្ឋ​លេខាធិការ​អាកាសច​រណ៍​ស៊ីវិល​លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​លើកឡើងថា លោក​រំពឹងថា​ព្រលានយន្តហោះ​នេះ​នឹង​អាច​ទទួលភ្ញៀវ​ឆ្លងកាត់៨០ម៉ឺន​នាក់​នា​ឆ្នាំនេះ៕

ស្វែងយល់ពីកិច្ចប្រជុំ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)”

0

 ដោយ ៖ ស៊ីវត្ថា

ភ្នំពេញ ៖ ស្របពេលដែលមានកិច្ចប្រជុំរបស់មេដឹកនាំកំពូលៗលើពិភពភលោក ក្នុងកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC)” ក្រោម មូលបទ “ ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ដែលប្រព្រឹត្តទៅនៅទីក្រុងដាណំាង ប្រទេសវៀតណាមនោះ គេហទំព័រ propertyarea.asia សូមនាំយកនៅចំណេះដឹងខ្លះៗទាក់ទងទៅនឹងការបង្កើតស្ថាប័នមួយនេះក្នុងផលប្រយោជន៍អ្វីខ្លះ។

តើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកគឺជាអ្វី?

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាសេដ្ឋកិច្ចថ្នាក់តំបន់មួយដែលបានបង្កើតឡើងនៅឆ្នាំ 1989 ដើម្បីជំរុញដល់ការពង្រឹងគ្នាទៅវិញទៅមកដែលកំពុងតែកើនឡើងនៃតំបន់អាស៊ី – ប៉ាស៊ីហ្វិក។ សមាជិក 21 របស់ APEC មានបំណងក្នុងការបង្កើតភាពរុងរឿងអោយកាន់តែច្រើនសម្រាប់ប្រជាជនក្នុងតំបន់តាមរយៈការជំរុញកំណើនមានតុល្យភាព បញ្ចូលគ្នាប្រកបដោយនិរន្តភាព ភាពច្នៃប្រឌិតថ្មី និងសន្តិសុខ ព្រមទាំងការជំរុញអោយមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល។

តើ APEC ធ្វើអ្វីខ្លះ? APEC បានធានាថាទំនិញ សេវាកម្ម ការវិនិយោគ និងប្រជាជនធ្វើដំណើរយ៉ាងងាយស្រួលឆ្លងកាត់ព្រំដែន។ សមាជិករបស់ APEC នឹងជួយសម្រួលពាណិជ្ជកម្ម តាមរយៈការសម្រួលនីតិវិធីពន្ធគយអោយបានលឿននៅតាមព្រំដែនដើម្បីធ្វើយ៉ាងណាអោយបរិយាកាសអាជីវកម្មមានអំណោយផលបន្ថែមទៀត និងការចងក្រងបទបញ្ជា និងស្តង់ដារមួយនៅទូទាំងតំបន់។ ឧទាហរណ៍ គំនិតផ្តួចផ្តើមរបស់ APEC ដើម្បីធ្វើអោយមានប្រព័ន្ធនិយតកម្មគឺជាជំហានដ៏សំខាន់មួយក្នុងការរួមបញ្ចូលសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក។ ផលិតផលអាចត្រូវបាននាំចេញយ៉ាងងាយស្រួលដោយគ្រាន់តែបង្កើតស្តង់ដាររួមមួយគ្រប់ប្រព័ន្ធសេដ្ឋកិច្ចទាំងអស់។ 

អាស៊ី – ប៉ាស៊ីហ្វិកមានការឯកភាពពិសេស និងប្រកបដោយចីរភាព APEC ធ្វើការដើម្បីជួយដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់អាស៊ី – ប៉ាស៊ីហ្វិកចូលរួមក្នុងការធ្វើអោយសេដ្ឋកិច្ចរីកចម្រើន។ ឧទាហរណ៍គម្រោងរបស់ APEC​ បានផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថលដល់សហគមន៍ជនបទ និងជួយដល់ស្ត្រីជនជាតិដើមភាគតិចក្នុងការនាំផលិតផលរបស់ពួកគេចេញទៅក្រៅប្រទេស។ ដោយទទួលស្គាល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សមាជិករបស់ APEC ក៏អនុវត្តន៍នូវគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានព្រៃឈើ និងធនធានទឹក។ វេទិកានេះមានការសមស្របដើម្បីឱ្យសមាជិកខ្លួនអាចដោះស្រាយរាល់បញ្ហាប្រឈមថ្មីសំខាន់ៗចំពោះសុខុមាលភាពសេដ្ឋកិច្ចក្នុងតំបន់។ នេះរួមបញ្ចូលទាំងការធានានូវភាពធន់ទៅនឹងគ្រោះមហន្តរាយ ការរៀបចំផែនការសម្រាប់ជំងឺរាតត្បាត និងការដោះស្រាយភេរវកម្ម។ ប្រទេសជាសមាជិករបស់ APEC មាន 21 ប្រទេសគឺប្រទេសអូស្ត្រាលី ប្រទេស​ព្រុយ​ណេ​ដា​រូ​សា​ឡឹម កាណាដា ឈីលី សាធារណរដ្ឋប្រជាមានិត​ចិន ហុងកុងប្រទេសចិន ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណៈ​រដ្ឋ​កូរ៉េ ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ប្រទេស​ហ្វីលីពីន សហព័ន្ធរុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

ដំណើរការ APEC APEC: កិច្ចសហប្រតិបត្តិការ និងឯកភាពគ្នា APEC ធ្វើជាវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពហុភាគី។ សេដ្ឋកិច្ចរបស់សមាជិកចូលរួមលើមូលដ្ឋាននៃការសន្ទនាគ្នាដោយបើកចំហរ និងការគោរពចំពោះទស្សនវិស័យទាំងអស់។ នៅក្នុង APEC សមាជិកមានសិទ្ធិនិយាយស្មើៗគ្នា ហើយការសម្រេចចិត្តត្រូវបានសម្រេចដោយមតិឯកច្ឆ័ន្ទ។ មិនមានកាតព្វកិច្ចចង់ ឬកាតព្វកិច្ចសន្ធិសញ្ញាអ្វីឡើយ។ ការប្តេជ្ញាចិត្តត្រូវបានអនុវត្តទៅតាមមូលដ្ឋានស្ម័គ្រចិត្ត ហើយគម្រោងកសាងសមត្ថភាពរបស់សមាជិកអនុវត្តក្នុងការផ្តួចផ្តើមរបស់ APEC ។ រចនាសម្ព័នរបស់ APEC មានមូលដ្ឋានលើវិធីសាស្រ្ត “ពីក្រោមឡើងលើ” និង “ពីលើចុះក្រោម” ។ គណៈកម្មាធិការស្នូលបួននិងក្រុមការងាររៀងៗខ្លួនផ្តល់នូវអនុសាសន៍គោលនយោបាយជាយុទ្ធសាស្ត្រដល់មេដឹកនាំ APEC និងរដ្ឋមន្រ្តីដែលកំណត់ចក្ខុវិស័យជារៀងរាល់ឆ្នាំនូវគោលដៅ និងគំនិតផ្តួចផ្តើមនានា។ បន្ទាប់មកក្រុមការងារត្រូវបានប្រគល់ភារកិច្ចឱ្យអនុវត្តគំនិតផ្តួចផ្តើមទាំងនេះតាមរយៈគម្រោងឧបត្ថម្ភដោយ APEC ។ គម្រោងកសាងសមត្ថភាពរបស់ APEC គម្រោងកសាងសមត្ថភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យគោលដៅរបស់ APEC ក្លាយជាការពិត។ ដោយលើកកម្ពស់សមត្ថភាពរបស់សមាជិកតាមរយៈការបណ្តុះបណ្តាលជំនាញនិងចំណេះធ្វើបច្ចេកវិជ្ជាគម្រោងដែលឧបត្ថម្ភដោយ APEC ពង្រឹងសមត្ថភាពរបស់សមាជិកដើម្បីអនុម័តគំនិតផ្តួចផ្តើមថ្មីៗពីការកែច្នៃគយអេឡិចត្រូនិចទៅជាកំណែទម្រង់ច្បាប់។ គម្រោង APEC ក៏ផ្តោតគោលដៅលើគោលនយោបាយជាក់លាក់ពីការជំរុញលទ្ធភាពប្រកួតប្រជែងសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីជួយសម្រួលដល់ការទទួលយកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនៅក្នុងតំបន់។ អង្គភាពគ្រប់គ្រងគម្រោង APEC ត្រួតពិនិត្យគំរោងដែលឧបត្ថម្ភដោយ APEC ដោយសហការជាមួយក្រុមការងារ។ ថវិកាសម្រាប់គម្រោងនានាត្រូវបានបង្កើតឡើងដោយការចូលរួមវិភាគទានពីសមាជិក APEC ។ អង្គភាពគាំទ្រគោលនយោបាយអេភីអេកផ្តល់ការស្រាវជ្រាវការវិភាគ និងការវាយតម្លៃគោលនយោបាយដើម្បីជួយក្នុងការអនុវត្តន៍របៀបវារៈរបស់ APEC ។ ​ដំណើរការរបស់ APEC ត្រូវបានគាំទ្រដោយលេខាធិការដ្ឋានអចិន្ត្រៃយ៍ដែលមានមូលដ្ឋាននៅសិង្ហបុរី។

 

ក្រុមហ៊ុន​យក្ស​របស់​ជប៉ុន​ថ្មី​មួយ នឹង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុងភ្នំពេញ

0

ដោយ៖ គង់ សូ​រី​យា

ភ្នំពេញ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មួយ​មកពី​ប្រទេស​ជប៉ុន គ្រោង​នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ នៅ​ទីក្រុង​ភ្នំពេញ​ដើមឆ្នាំ២០១៨ខាងមុខនេះ។

យោងតាម​ព៌​ត​មាន​ពី​ស្ថានទូត​ជប៉ុន ដែល Propertyarea.asia ទទួលបាន​នា​ព្រឹក​ថ្ងៃទី១១ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន URATA S.E (Cambodia) Co, Ltdដែលជា​ក្រុមហ៊ុន មាន​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ឆ្នាំ នឹង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់២៣ជាន់​មួយ ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​រាជធានី​ភ្នំពេញ។ អាគារ​ពាណិជ្ជ​កម្មនេះ ផ្តោតលើ​ការផ្តល់​សេវាកម្ម​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ និង​ផ្សារ​ទំនើប​ផងដែរ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន ARATA S.E មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ទុនវិនិយោគ និង​ទីតាំង​ច្បាស់លាស់​នៅឡើយ​ទេ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន កាន់តែច្រើន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន CREED Group ដែល​បាននិងកំពុង​វិនិយោគ​គំរោង​ខុន​ដូ បុរី​មហា​សែន​សុខ បុរី ARATA ក្រុមហ៊ុន TOYOKO INN វិនិយោគ​សាងសង់ សណ្ឋាគារ និង​ក្រុមហ៊ុន​ARAKAWA Co, Ltdដែល​បាន​ទិញយក​អាគារ​ប៊ូ​ឌី​ញ ស និង​កំពុង​វិនិយោគ​ខុន​ដូ​តម្លៃ​សមរម្យ នៅ​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

រហូតមកទល់​ពេលនេះ​មាន​សហគ្រាស និង​ក្រុមហ៊ុន​ជប៉ុន​ជាង១០០០ហើ យ​កំពុង​វិនិយោគ​នៅ​កម្ពុជា។

លោក​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ទំនាក់ទំនង​ជប៉ុន​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ តាមរយៈ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ និង​បន្ទាប់ពី​មាន​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ដែល​បាន​ហោះ​ត្រង់​មក​កម្ពុជា​កាលពី​ចុងឆ្នាំ​មុន។លោក​បន្តថា ការភ្ជាប់​ជើងហោះហើរ​ត្រង់នេះ មិន​ត្រឹមតែ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ​ទេ តែ​ជាការ​បង្ហាញ​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មូ​យ នៃ​នយោបាយ​និង​កា​ទូត​រវាង​ប្រទេស​ទាំងពីរ។

លោក​បន្តថា “ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋាន​ចាំបាច់ សម្រាប់​ការ​ស្នាក់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​រួចហើយ ព្រោះ​ជប៉ុន​មុន​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់ មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ទាំងនោះ។លោក​បន្តថា “បច្ចុប្បន្ន​ជប៉ុន​បាន​វិនិយោគ​លើ​ផ្សារ ទំនើប សណ្ឋាគារ ខុន​ដូ អា​ផាត​ម៉ិ​ន ការិយាល័យ មន្ទីរពេទ្យ និង​ទីលាន​វាយ​កូន​ហ្គោល​ជាដើម ដែល​នេះ​សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​សម្រាប់​ការ​ស្នាក់នៅ និង​វិនិយោគ​រយៈពេល​វែង​នៅទីនេះ”៕

ឧកញ៉ា នួន រិ​ទ្ឋី ប្រាប់​ពី​វិធី​សន្សំ​លុយ និង​វិនិយោគ​ដើម្បី​ក្លាយជា​អ្នកមាន

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ មនុស្សម្នាក់ៗមាន​វិធីសាស្ត្រ​សន្សំ​លុយ និង​យុ​ទ្ឋ​សាស្ត្រខុសៗគ្នា ដើម្បី​ក្លាយជា​អ្នកមាន​ឬ​ឧកញ៉ា ជាក់ស្តែង​ថ្ងៃនេះ Propertyarea.asia សូម​លើកយក​គំរូ​នៃ​ការ​សន្សំ​លុយ និង​យុ​ទ្ឋ​សាស្ត្រ​វិនិយោគ​របស់លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal។

លោក​ឧកញ៉ា នួន រិ​ទ្ឋី ដែលជា​សេដ្ឋី​វ័យក្មេង​បាន​បង្ហើប​ឲ្យ​ដឹង​ពី​វិធីសាស្ត្រ និង​យុ​ទ្ឋ​សាស្ត្រ​សន្សំ​លុយ និង​វិនិយោគ​ដើម្បី​ក្លាយជា​អ្នកមាន​ថា វិធីសាស្ត្រ​សន្សំ​លុយ និង​ការរកស៊ី​របស់ខ្ញុំ​គឺ​ផ្តោតលើ​កក្តា “រៀន​រស់ រៀន​រក រៀន​សន្សំ។ ពិសេស​ការ​សន្សំ​គឺ​សន្សំ​ទាំង​លុយ សន្សំ​ទាំង​ញាតិ សន្សំ​ទាំង​ផៅសន្តាន ព្រោះ​ដើម្បី មុខ​ជំនួញ​បានទទួល​ជោគជ័យ ក្រុមគ្រួសារ​មួយ​មាន​ភាព​ថ្កុំថ្កើង និង​ទទួលបាន ជោគជ័យ​ត្រូវ​ចាប់ផ្តើម​ដោយ​ការ​សន្សំសំចៃ។

លោក​បន្តថា “ការ​សន្សំសំចៃ​របស់ខ្ញុំ គឺ​ផ្តោតលើ​ចំណូល​ប្រចាំថ្ងៃ និង​ចំណែក​ត្រូវ​រក្សាទុក៣០ទៅ៤០ភាគរយ ក្រៅពីនោះ​ខ្ញុំ​យក​វា​ទៅ​វិនិយោគ​លើ​សង្គម វិនិយោគ​លើ​ចំណេះដឹងផ្សេងៗ និង​ចូលរួម​កម្មវិធីផ្សេង។លោក​បន្តថា “ក្រៅពី​ការ​សន្សំ៣០ភាគរយ​នៃ​ថវិកា​យើង​រកបាន យើង​នឹង​យក​ចំណែក​ខ្លះទៅ​វិនិយោគ និង​ត្រូវមាន​ភាព​វ័យឆ្លាត​ដោយ​ទៅ​ខ្ចី​ធនាគារ ដើម្បី​យកមក​វិនិយោគ ដោយ​ផ្តោតលើ​គំរោង​វិនិយោគ ដែល​បាន​អាច​ផ្តល់​លុយ​ប្រចាំថ្ងៃ ប្រចាំខែ និង​ប្រចាំឆ្នាំ​ត្រលប់​មកវិញ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​បន្តថា ក្រៅពីនេះ​លោក​ផ្តោតលើ​ការវិនិយោគ​លើដី​ដែលមាន​សន្តា​នុព​ល និង​ទិញ​តម្លៃ​សមរម្យ ដែល​រយៈពេល៦ខែ​ទៅ១ឆ្នាំ​យើង​អាច​ទទួលបាន​ផលចំណេញ ឬ​ទុក​បន្តទៀត ព្រោះ​វិស័យ​អចលនវត្ថុ​កម្ពុជា​នៅមាន​សក្តានុពល​រយៈពេល​វែង​តទៅទៀត។ លោក​បន្តថា ការទិញ​ដី​នៅ​ទីតាំង​ណាមួយ យើង​ត្រូវ​ពិនិត្យមើល​ពី​យុ​ទ្ឋ​សាស្ត្រ និង​ផែនការអភិវឌ្ឍន៍​រប​ស់​រដ្ឋាភិបាល ព្រោះ​បើ​យើង​មិនមាន​ព៌​ត​មាន និង​មិនអាច​វិភាគ​បាន​ស៊ីជម្រៅ យើង​មិនអាច​សម្រេចចិត្ត​វិនិយោគ​បានទេ។

ឧទាហរណ៍​កន្លែង​មួយ ជា​វាល​រហោ​ដ្ឋា​ន ប៉ុន្តែ​រដ្ឋាភិបាល​មានបំណង​ចង់ ឲ្យ​មនុស្ស​ទៅ​រស់នៅ​កន្លែង​នោះ ដោយ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដូចជា ផ្លូវ ទឹក ភ្លើង​ទៅដល់។ យើង​អាច​ទៅ​ទិញ​ជាមុន នៅពេល​យើង​ទទួលបាន​ព៌​ត​មាន​នោះ។ អ្នកខ្លះ​ទិញ​ដី​ដែល​មិនទាន់មាន​ការកែច្នៃ តែ​អ្នក​ខ្លះទៀត គាត់​មិន​ចង់​ចំណាយពេល​ទេ គឺ​ពួកគេ​ទិញ​ដី​បាន​គឺអាច​វិនិយោគ​សាងសង់​បានតែ​ម្តង។ អ្នក​ទាំងពីរ​នេះ​ដើរ​បញ្ច្រាសទិស​គ្នា តែមាន​គោលដៅ​ស្រដៀង​គ្នា។នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា​នួន រិ​ទ្ឋី។

លោក​ឧកញ៉ា​បន្តថា “សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​ទាំងពីរ​ទាំង​ការវិនិយោគ​ទុក និង​ការអភិវឌ្ឍ​ទន្ទឹមគ្នា ដោយសារ​យើង​ជ្រើសរើស​តំបន់​ណាមួយ​នោះ ជា​តំបន់​មាន​សក្តានុពល គឺ​យើង​អភិវឌ្ឍន៍​មុន​គម្រោង​របស់​រដ្ឋាភិបាល។លោក​បន្តថា “ហេតុនេះ​ព៌​ត​មាន​សំខាន់​ណាស់ ពិសេស​ការជឿជាក់​លើរ​ដ្ឋា​ភិ​បាល​តែម្តង ព្រោះ​អ្នក​មិនមាន​ភាពជោគជ័យ ច្រើន​ជា​អ្នក​មិន​ច្បាស់លាស់ និង​មិន​ជឿជាក់​លើ​រដ្ឋាភិបាល។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​បន្តទៀតថា អ្វីដែល​យើង​គួរផ្តោត​ការ​សម្លឹងមើល និង​ពិចារណា​មួយទៀត គឺ​កំនើនសេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួលបាន ពិសេស​ប្រាក់ចំណូល​ប្រជាជន​កើនឡើង ជីវភាព​កាន់តែ​ធូរធារ ការចាយវាយ​ដែល​សូម្បីតែ​កូនក្មេង​បច្ចុប្បន្ន គេ​ស្គាល់​ផលិតផលប្រេនៗរួចទៅហើយ។ អ្វី​គួរ​ពិចារណា​មួយទៀត គឺ​យើង​ឃើញ​អ្នកវិនិយោគ ពី​បរទេស​ចូលមក​វិនិយោគ​កាន់តែច្រើន ពួកគេ​មក​ចាប់យក​ឳ​កាស និង​ប្រាក់ចំណេញ​នៅទីនេះ ចុះ​ហេតុ​អី​យើង​ម្ចាស់​ប្រទេស​មិន​ហ៊ាន​វិនិយោគ? ហេតុនេះ​យើង​ត្រូវតែ​វិនិយោគ​លើ​ទីតាំង​ល្អ និង​គំរោងល្អៗឲ្យ​បាន​មុនគេ ព្រោះ​បើ​យើង​ម្ចាស់​ប្រទេស​មិន​ជឿជាក់​លើ​ការដឹកនាំ ឬ​ជា​ឪពុកម្តាយ​របស់​ពួកយើង​ផង យើង​យើង​ធ្វើ​ម្តេច​អាចមាន​ឳ​កាស និង​ឈ្នះ​គេ​បាន???៕