អ្នកជំនាញពន្យល់ពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃការទិញផ្ទះដោយការបង់រំលស់

ដោយ ៖ រ៉ាវី

ភ្នំពេញ៖  បច្ចុប្បន្ននេះ​សម្រាប់​ការទិញ​ផ្ទះ ដោយ​ការអនុវត្ត​វិធីសាស្ត្រ​បង់​រំលស់ គឺ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងនោះ​រាប់ទាំង​ប្រភេទ​លំនៅដ្ឋាន​ធម្មតា សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​បែប​ប្រណីត ស្ថិតនៅក្នុង​បុរី ដែល​ផ្តោត​សំខាន់​លើ​អ្នកមាន​ចំណូល​ខ្ពស់។

តើ​ការទិញ​ផ្ទះ​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ មាន​ចំណុច​ល្អប្រសើរ និង​ប៉ះពាល់​អ្វីខ្លះ ចំពោះ​អតិថិជន​ដែលជា​អ្នកទិញ? ចម្ងល់​មួយ​នេះ​ត្រូវបាន​បំភ្លឺ​ដោយ​លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោក​ឧកញ៉ា នួន រឹទ្ធី បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយគ្នា​រវាង​ថ្លៃដើម និង​ការប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការប្រាក់​ច្រើន​ក្នុង​មួយខែ។ បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។

មួយវិញទៀត សម្រាប់​អ្នក​ដែលមាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការជួល​ផ្ទះ និង​ការទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។

លោក​ឧកញ៉ា នួន រិ​ទ្ឋី បាន​លើក​ជា​ឧទាហរណ៍​ថា យើង​ស្នាក់​នៅក្នុង​ផ្ទះជួល​ដោយ​ចំណាយ200ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការបង​រំលស់​ត្រឹម200ដុល្លារ ក្នុង​មួយខែ​ដូចគ្នា សួរថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួយ​បន្តទៀត ឬ​ត្រូវ​ទិញ​ផ្ទះ ? ជាការ​ពិត បើ​យើង​បូកសរុប​ចំនួន​នៃ​ការចំណាយ​លើ​ការបង់​សរុប​នៃ​ថ្លៃ​ផ្ទះ គឺមាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការបង់​រំលស់​នេះ គឺ​បាន​បន្ធូរបន្ថយ​ដល់​អ្នកមាន​លទ្ធភាព​ម​ធ្យ​ម និង​ក្រោម​មធ្យម​ទទួលបាន​ផ្ទះ​ស្នាក់នៅ។

លោក​ឧកញ៉ា​បន្តថា និយាយ​រួមការ​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់នៅ និង​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិនទាន់មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ដោយឡែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃបង់​ការប្រាក់​ប្រចាំខែ​ច្រើន៕

តម្លៃ​ស្រូវ​ដើមរដូវ​ឆ្នាំនេះ មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ការប្រមូល​ផល​ស្រូវ​រដូវវស្សា​បានចាប់ផ្តើម​ហើយ នៅតាម​បណ្តា​ខេត្ត​ភូមិភាគ​ពាយ័ព្យ ដោយ​តម្លៃ​នៅ​ដើមរដូវ​ប្រមូល​ផល​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​និង​ជា​អគ្គនាយក​ធនាគារ​ស្រូវ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ការប្រមូល​ផល​ស្រូវ​បានចាប់ផ្តើម​នៅក្នុង​ខេត្តពោធិសាត់ និង​បាត់ដំបងបណ្តើរៗហើយ ដោយ​តម្លៃ​ស្រូវ​ប្រមូល​ទិញ​ឆ្នាំនេះ មានតម្លៃ ១១៥០រៀល​ក្នុង​ស្រូវ​សើម​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​តម្លៃ​ស្រូវ​មាន​ចន្លោះ​ពី៦០០ ទៅ៨០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម។

លោក​ឧកញ៉ា​បាន​បន្តថា “ទិន្នផល​ស្រូវ​ឆ្នាំនេះ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន ហើយ​កសិករ​ក៏​ទទួលបាន​ឳ​កាស​ចំណេញ​ច្រើនជាង​មុន តាមរយៈ​ផ្សារ​ប្រមូល​ទិញស្រូវ​នៅតាម​សហគមន៍។លោក​បន្តថា “ការបង្កើត​ផ្សារ​នៅតាម​សហគមន៍​សម្រេច​បានជា​ង៤០ភាគរយ​ហើយ និង​រំពឹង​បញ្ចប់​នៅ​ឆ្នាំ២០១៨ខាងមុខ សំ​រា ប់​ខេត្តពោធិសាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ។

លោក​ឧកញ៉ា ភួ ពុ​យ បាន​បន្តថា ការបង្កើត​ផ្សារ​សហគមន៍ មាន​ប្រយោជន៍ ណាស់​សម្រាប់​កសិករ​ដូចជា ទី១ ជួយ​កសិករ​មិន​ឲ្យ​បារម្ភ​ពី​កង្វះ​ទីផ្សារ នៅពេល​រដូវ​ប្រមូល​ផល ទី២ ជួយ​ពួកគេ​មិន​ឲ្យ​ពិបាក​ក្នុងការ​ដឹកជញ្ជូន​ឆ្ងាយ ទី៣ ជួយ​ពួកគេ​ឥ្យ​ប្រមូល​ផល​បាន​ច្រើនជាង​មុន ដោយសារ​ការប្រមូល​ផល​មិនសូវ​ជ្រុះ​គ្រាប់ស្រូវ និង​ជួយ​សម្រួល​តម្លៃ​ជី​ដល់​ពួកគេ។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹងថា ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ សម្រេចបាន ៥៣ម៉ឺន​ហិកតា​ហើយ ស្មើនឹង​ផ្ទៃដី ៥៣០,២៦៩ហិកតា និង​ស្មើនឹង ២០ភាគរយ​នៃ​ផ្ទៃដី​ដាំ​ដុះ​ទំហំ ២,៦៤៨,9៤៣ហិកតា៕

សាលា​បណ្តុះបណ្តាល​ជំនាញ​អ​ចនទ្រ​ព្យ​អាជីព​នឹង​ដំណើរការ​នៅ​ឆ្នាំ២០១៨

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ សាលា​បណ្តុះបណ្តាល​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព ក្រោម​ការរៀបចំ​ដោយ​ក្រុមហ៊ុន Century21 Cambodia និង​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេនោះ។

អ្នកនាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ការបណ្តុះបណ្តាល​នេះ អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០១៨ខាងមុខនេះ។ សាលា​ដែលមាន​ការសហការ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង Century21 Cambodia នឹង​ផ្តោតលើ​ជំនាញ​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រឡង​យក​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  អ្នកនាង​បន្តថា បន្ទាប់ពី​ប្រលង​ជាប់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពួកគេ​នឹង​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​នេះ មុនពេល​ពួកគេ​អាច​ដើរតួនាទី​ជា​ភ្នាក់ងារ​ក្នុង​វិស័យនេះ​បាន។

អ្នកនាង​បន្តថា “នៅពេល​និស្សិត​បញ្ចប់​ការបណ្តុះបណ្តាល​ពីសា​លា និង​ជំនាញផ្សេងៗ ពួកគេ​មិនអាច​ធ្វើការ​បានល្អ​ក្នុង​វិស័យនេះ​ទេ ប្រសិនជា​ពួកគេ​មិនបាន​សិក្សា​ពី​ជំនាញ​នេះ ហេតុនេះ​ទាមទារ​ឲ្យ​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល និង​ទទួលបាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ អ្នកនាង​បន្ថែមថា “លក្ខខណ្ឌ​នៃ​ការសិក្សា គឺ​អ្នក​ប្រឡង​ជាប់​ថ្នាក់​ទី១២និស្សិត​បញ្ចប់​ការសិក្សា​មហា វិទ្យាល័យ និង​នាយក​ក្រុមហ៊ុន​នានា អាច​ចូលរៀន​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ​បាន។

ទោះជា​យ៉ាងណា​អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ការសិក្សា​នេះ​ទេ គ្រាន់តែ​បង្ហើប​ថា​វគ្គ​សិក្សា​នេះ​នឹងមាន​តម្លៃ​សមរម្យ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចេញ​សេចក្តីប្រកាស ដែល​នឹង​តម្រូវ​ឲ្យ​ភ្នាក់ងារ​អចលនវត្ថុ​នានា​ត្រូវមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មុនពេល​ពួកគេ​អាច​ដើរតួនាទី​ជា​ភ្នាក់ងារ​អចលនវត្ថុ​បាន។

អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង បាន​បន្តថា វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តោតលើ​ទិដ្ឋភាព​ច្បាប់ ការរៀបចំ​និតិ​វិធី​ចុះ​កុងត្រា ក្រមសីលធម៌​វិជ្ជាជីវៈ និង​ចំណេះដឹង​ជាច្រើន​បន្ថែមទៀត។

លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Century21 Cambodiaបាន​ថ្លែងថា “ចំណេះដឹង​ក្នុង​វិស័យនេះ ជា​មូលដ្ឋានគ្រឹះ​ធំ​បំផុត​ក្នុង​វិស័យនេះ ខណៈ​ពីមុនមក​មានការ​បណ្តុះ​បណ្តាល​ជំនាញ​បែបនេះ​ដែរ ប៉ុន្តែ​ក្នុង​រូបភាព​មិនសូវ​ច្បាស់លាស់ ប៉ុន្តែ​ពេលនេះ​ការបណ្តុះបណ្តាល​មាន​លក្ខណៈ​ច្បាស់លាស់ ដែលមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

លោក​បន្តថា ការបណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើង​ដោយ​គ្រូ​បណ្តុះបណ្តាល​ដែលមាន​ជំនាញ ពិតប្រាកដ​ទាំង​ជាតិ និង​អន្តរជាតិ ព្រោះ​កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ទាក់ទង​នឹង​ចំណេះដឹង និង​ក្រមសីលធម៌​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​នៅក្នុង​វិស័យនេះ។ លោក​បន្តថា “ពេល​ភ្នាក់ងារ​អចលនវត្ថុ​មាន​សមត្ថភាព ពួកគេ​នឹងធ្វើ​ឲ្យ​មាន​ទំនុកចិត្ត និង​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ចូលមកក្នុង​វិស័យនេះ។

លោក ម៉ី វ៉ាន់ អគ្គនាយក​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​រឿង​ល្អប្រសើរ ព្រោះ​វិស័យ​និមួយៗត្រូវការ​ធនធានមនុស្ស ដើម្បី​ពង្រឹង​ការងារ​របស់​ពួកគេ៕

ថា​ល​ពល​អគ្គិសនី​សេ​សាន២ នឹង​ត​ភ្ជាប់​កាន់​ភ្នំពេញ​នៅ​ចុងឆ្នាំ​នេះ

ភ្នំពេញ៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EDC) នឹង​បញ្ជូន​ខ្សែបណ្តាញ​ថាមពល​អគ្គិសនី​សេ​សាន២ មកកាន់​រាជធានី​ភ្នំពេញ​នៅ​ចុងឆ្នាំ​នេះ បន្ទាប់ពី​បាន​សាកល្បង​ខ្សែបណ្តាញ​បញ្ជូន​និង​អនុ​ស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម​ទៅ​ក្រចេះ និង​ស្ទឹងត្រែង។

បើ​យោងតាម​ការជូនដំណឹង​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ (Propertyarea.asia)ទទួលបាន​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹងថា ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់​ពី​អនុ​ស្ថានីយ​កំពង់ចាម ទៅ​ក្រចេះ និង​ស្ទឹងត្រែង​នោះ ត្រូវបាន​អគ្គិសនី​កម្ពុជា (EDC) ដាក់​បញ្ជូន​អគ្គិសនី​សាកល្បង​រួចហើយ ចាប់ពី​ថ្ងៃទី៣០ ខែតុលា កន្លងមកនេះ ដើម្បី​ត្រៀម​ដំណើរការ​ពេញលេញ ក្នុងការ​បញ្ជូន​អគ្គិសនី​ពី​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ មកកាន់​ទីក្រុង​ភ្នំពេញ នៅ​ចុងឆ្នាំ២០១៧ ខាងមុខ ដើម្បី​បំពេញបន្ថែម និង​បង្កើន​បន្ទុក​សម្រាប់​ចែកចាយ​អគ្គិសនី​បន្ត។

អគ្គិសនី​កម្ពុជា​នឹងធ្វើ​ឲ្យ​មានការ​កែលម្អ​ស្ថានភាព​ផ្គត់ ផ្គង់​អគ្គិសនី​ជា​បន្តបន្ទាប់ នៅក្នុង​ខេត្ត​ទាំង៤នៃ​ភូមិភាគ​ឦសាន គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី ដើម្បី​កាត់បន្ថយ​ដល់​ការរអាក់រអួល ឈានទៅដល់​ការ​ដាច់​ចរន្តអគ្គិសនី​ជា​អតិបរមា  ក្នុងទិសដៅ​ជម្រុញ​លើក​គុណភាព​អគ្គិសនី​ឲ្យ​បាន​ប្រសើរ ជាង​មុន ក្នុងនោះ​ថ្លៃ​អគ្គិសនី​នឹង​ថយ​ចុះមក​ស្មើ នឹង​ថ្លៃ​អគ្គិសនី​នៅ​តំបន់​បណ្តាញ​ជាតិ​ផងដែរ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​មល​លោក ស៊ុយ សែន បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពលថ្មីៗនេះ​ថា កម្ពុជា​លែងមាន​ការខ្វះខាត​ទៀតហើយ ព្រោះ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​កំពុង​ផ្គត់ផ្គង់​សព្វថ្ងៃ មាន​ថាមពល៥០៥មេ​ហ្គា​វ៉ា​ត់ រោងចក្រ​វា​រី​អគ្គិសនី​ចំនួន៦កន្លែង  មាន​ថាមពល៩២៨មេ​ហ្គា​វ៉ា​ត់ រួមជាមួយ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនីផ្សេងៗផងដែរ។ ចំណែក​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ មាន​កម្លាំង​ចាប់ពី១១៥ ដល់២៣០គីឡូវ៉ុល បច្ចុប្បន្នកំពុង​សាងសង់​មាន​ប្រវែង​ជាង៥០០គីឡូម៉ែត្រ​ផងដែរ ។

លោក​បន្តថា បច្ចុប្បន្ន​យើង​បាន​ត​ភ្ជាប់​បណ្តាញ ចូល​ភូមិ​បាន​ចំនួន៨០ភាគរយ នៃ​ភូមិ​ទាំងអស់​នៅ​ទូទាំងប្រទេស ក្នុងនោះ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​បាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់ បាន​គ្របដណ្តប់​ចំនួន៦០ភាគរយ។ ចំណែក​អាជ្ញាប័ណ្ណ​ដែល​គ្របដណ្តប់​នៃ​ភូមិ​ទូទាំងប្រទេស បាន​ជាង៩០ភាគរយ​ហើយ​ឈានទៅ​គ្របដណ្តប់​គ្រប់​ភូមិ​ទាំងអស់​នៅ​ឆ្នាំ២០២០ខាងមុខនេះ៕

ស្ពាន​កោះកុង​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ឥត​យកប្រាក់​ចាប់ពី​ថ្ងៃស្អែក

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានប្រកាសថា​ស្ពាន​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​មិនចាំបាច់​បង់ប្រាក់​ចាប់ពី​ថ្ងៃទី២ វិច្ឆិកា​ស្អែក​នេះហើយ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី១ វិច្ឆិកា​នេះ​ថា ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​និយាយ​ជារួម និង​និយាយ​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ក្នុងនាម​រាជរដ្ឋាភិបាល​ខ្ញុំព្រះករុណាខ្ញុំ​បានសម្រេច​ទិញយក ត្រឡប់មកវិញ ស្ពាន​ឆ្លងកាត់​ដៃសមុទ្រ​ខេត្តកោះកុង​ទៅ​ប្រទេស​ថៃ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់ ដើម្បី​ឲ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​ពុំ​ចាំបាច់​បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អុំ​បុក។
សម្តេច​បាន​បន្តថា ចំពោះ​កិច្ច​ការដែល​នៅ​សេសសល់ សូម​ឲ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង សេ​ដ្ធ​កិច្ច និង​ហិរញ្ញវត្ថុ និង​សាលា​ខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​លី យ៉ុង​ផាត់ ដោះស្រាយ​នៅពេល​ក្រោយ។ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផល​ប្រ​យោ​ជ​ន៏​ពី​ការ សម្រេច​នេះ។

ស្ពាន​កោះកុង​មាន​ប្រ​វ​ឬ​ង​សរុប១៩០០ម៉ែត្រ និង​បានដាក់​ឲ្យ​ដំណើរការ​ឆ្លងកាត់​នៅ​ឆ្នាំ២០០២៕

ភ្នំពេញ​ធ្វើដំណើរ​ទៅកាន់​ទសវត្ស​រ៍មាស

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ នៅ​ទីបំផុត​អាគារ​ប៊ូ​ឌី​ញ​ស បាន​បាត់ស្រមោល​ជាមួយ​ពេលវេលា និង​ដំណើរការ​អភិ​វឌ្ឍ​នៃ​ទីក្រុង​ភ្នំពេញ​ដ៏​ឆាប់រហ័ស ដែល​ធ្វើ​ឲ្យ​អាគារចាស់ៗជាច្រើន​បាន​បាត់ស្រមោល​ពី​ក្រសែភ្នែក​ប្រជាពលរដ្ឋ ហើយ​អាគារ​ខ្ពស់កប់ពពក​ជាច្រើន​បាន​រះ​ឡើង​ជាមួយនឹង​ការផ្លាស់ប្តូរ​មុខមាត់​ទីក្រុង​នេះ​ចេញពី​គំនរ​ផេះផង់ ទៅកាន់​ទីក្រុង​មួយ​ដែលមាន​ភាព​ស៊ី​វិ​ល័យ។

 

ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ ទំនងជា​មិន​បញ្ចប់​នៅពេលឆាប់ៗនោះទេ ជាក់ស្តែង​អាគារ​ភ្លោះ​ថៃ​ប៊ុន​រ៉ង ដែលជា​អាគារ​ខ្ពស់​មួយ​ក្នុងចំណោម​អាគារខ្ពស់ៗមួយចំនួន​ក្នុង​តំបន់​អាស៊ាន និង​គ្រោង​ចំណាយ​ប្រាក់​វិនិយោគ៥០០០ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មេដែក​ឆក់​មួយ​ដែល​ផ្តល់​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ថែមទៀត​មកកាន់​ប្រទេស​នេះ​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត ប្រសិនជា​វត្តមាន​អាគារ​នេះ​លេច​រូបរាង​ពិតប្រាកដ។

ការមកដល់​នូវ​អ្នកវិនិយោគ​កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ាឡេស៊ី និង​ចុងក្រោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​ក្នុង​តំបន់​អាស៊ី ជា​ឈ្មោះ​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ប្រ​សិ​ទ្ឋ​នាម​ឲ្យ​ប្រទេស​នេះ​កាលពី​ឆ្នាំមុន។ ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បាន​ចាត់​ចំណាត់ថ្នាក់​ថ្មី​ដល់​កម្ពុជា ចេញពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​កាលពី​ឆ្នាំមុន​ផងដែរ។

ជាក់ស្តែង ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៨,៥៣៤លាន​ដុល្លារ​អាមេរិក កើនឡើង១៥៥,៦៨ភាគរយ ធៀប​រយៈពេល​មួយឆ្នាំ​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ហើយ​ទំហំ​ទុន​ពិត​ប្រក​ដ​ពី​លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា រយៈពេល​ម្ភៃ​ឆ្នាំ​ពី​ឆ្នាំ១៩៩៤ ដល់២០១៤ មាន​ប្រមាណ១៩,២ពាន់​លាន​ដុល្លារ ក្នុងនោះ៤៤ ភាគរយ​គឺជា​ទឹកប្រាក់​នៃ​ការវិនិយោគ​របស់​ចិន។

ក្នុង​រយៈពេល៩ខែ​ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កើនឡើង២២ភាគរយ ដោយមាន​ទំហំ​ទឹកប្រាក់​រហូតដល់៥៦៣៦លាន​ដុល្លារ​អាមេរិក។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែងថា “កំណើន​នៃ​ការវិនិយោគ​នេះ ជា​កំណើន​ដ៏​ល្អ​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ​ប្រកបដោយ​សុទិដ្ឋិនិយម​នូវ​កំណើនសេដ្ឋកិច្ច ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​របស់​ក​ម្ពុ​ជា។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ថ្លែងថា “ការបង្ហាញ​វត្តមាន​អាគារខ្ពស់ៗ វា​ពិតជា​កត្តា​សំខាន់ និង​ធ្វើ​ឲ្យ​កម្ពុជា​លេច​មុខមាត់​នៅក្នុង​តំបន់​អាស៊ី និង​ពិភពលោក។អ្នកនាង​បន្តថា “នៅមុន​ឆ្នាំ២០១០ កម្ពុជា​មិនទាន់មាន​អាគារ​កប់​ពពក​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ វត្តមាន​អាគារខ្ពស់ៗបាន​លេចឡើង​ស្ទើរ​គ្រប់កន្លែង ដែលជា​ការឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ចសង្គម និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​នៅ​ប្រទេស​នេះ។

យោងតាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី ក្រុងភ្នំពេញ​បាន​រកឃើញថា នៅ​រាជធានី​ភ្នំពេញ​មាន​វត្តមាន​អាគារខ្ពស់ៗ ចាប់ពី៥ជាន់​រហូតដល់​ជាង៤០ជាន់​ចំនួន​ជាង៦០០អាគារ​និង​មាន​អាគារ​ជាច្រើន​ទៀត​កំពុង​ចាប់ផ្តើម​សាងសង់ ដែលមាន​កំពស់​រហូត​ដល់៦៣ជាន់។

អ្នកនាង​សុធី​តា​បាន​បន្តថា “ការកើនឡើង​នូវ​វត្តមាន​អាគារខ្ពស់ៗ ទន្ទឹមនឹង​កម្ពុ​ជាមាន​ច្បាប់​កម្ម​សិទ្ឋិ​រឹងមាំ ក៏បាន​រួមចំណែក​ធ្វើ​ឲ្យ​អ្នកវិនិយោគ កាន់​តែមាន​ទំនុកចិត្ត​និង​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន។អ្នកនាង​បន្តថា “ទោះជា​កម្ពុ​ជាមាន​វត្តមាន​អាគារខ្ពស់ៗក៏ដោយ ក៏​កម្ពុជា​មិនទាន់​បទពិសោធន៍​លើ​ការគ្រប់គ្រង និង​គុណភាព​អាគារ​ទាំងនោះ មួយចំនួន​មិនទាន់​ឆ្លើយតប​តាម​ស្តង់ដា​អន្តរជាតិ​នោះទេ។

យោងតាម​ការសិក្សា​រប​ស់​អង្គភាព​ព័ត៌មាន​សេដ្ឋវិទូ​បាន​រកឃើញថា ទំហំ​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង​នេះ​ភ្នំពេញ​មាន​ចំណូល១០.៩០០ដុល្លារ​កាលពី​ឆ្នាំមុន និង​កើន​ដល់៣២.២០០ដុល្លារ​នៅ​ឆ្នាំ២០៣០ខាងមុខ។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា ពីមុន​មនុស្ស​អត់​ផ្ទះ​រស់នៅ បន្ទាប់មក​មនុស្ស​មាន​ផ្ទះ​រស់នៅ ហើយ​មាន​អាគារ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក​ពូកែ និង​មាន​សមត្ថភាព​ពួកគេ​អាច​ក្លាយជា​អ្នកមាន និង​អ្នក​មិនសូវ​ឆ្លាត​នៅតែ​ក្រីក្រ នេះ​ជា​បរិបទ​ទី​ផ្ដា​សេរី។ លោក​បន្តថា ពីមុន​មិនមាន​អ្នកណា​មាន​លុយ​ដើរលេង​ក្រៅប្រទេស មិនមាន​លុយ​ទិញ​រថយន្ត​ទំនើប មិនមាន​វីឡា​ដ៏​ស៊ី​វិ​ល័យ​ទេ ប៉ុន្តែ​ពេលនេះ​មាន​ហើយ វា​បញ្ជាក់ថា​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​រីកចំរើន។

លោក​បន្តថា “កាលពី១០ឆ្នាំមុន ខ្ញុំ​មិន​ហ៊ាន​រំពឹងថា​ក្រុងភ្នំពេញ​មាន​ភាព​រីកចំរើន​បែបនេះ​ទេ តែ​ពេលនេះ​វត្តមាន​អាគារខ្ពស់ៗបាន​រីក​ដូច​ផ្សិត វា​ជា​មោទនភាព​មួយ។លោក​បន្តថា “នៅពេល​ជនបរទេស​ចុះ​ពី​យន្តហោះ ពួកគេ​ឃើញ​ហាងទំនើបៗ អាគារខ្ពស់ៗ រថយន្តទំនើបៗ ពួកគេ​សប្បាយ​ចិត្តនឹង​មក​រស់នៅ និង​វិនិយោគ​នៅទីនេះ។

ភាព​រីកចំរើន​នេះ មិនអាច​កាត់​ផ្តាច់ចេញ​ពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរក្សាបាន​កំនើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះទេ ជាក់​ស្តែក​គិត​ត្រឹម​រយៈពេល​ពីរ​ទសវត្ស​រ៍ កម្ពុជា​សម្រេចបាន​មាន​កំនើនសេដ្ឋកិច្ច៧,៧ភាគរយ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៤ និង​រក្សា​កំនើន​រហូតដល់៧ភាគរយ​បន្ថែមទៀត សម្រាប់​រយៈពេល​មធ្យម​ខាងមុខនេះ។

ទោះជា​យ៉ាងណា​សេដ្ឋវិទូ​កម្ពុជា ជា​សញ្ញា​ល្អ ប៉ុន្តែ​វា​មិន​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ចសង្គម​នោះទេ។

ជា​អ្នកវិនិយោគ​អាគារ​លំនៅដ្ឋាន ដ៏​លេចធ្លោ​មួយរូប​នៅ​ទីក្រុង​ភ្នំពេញ ដែល​បាននិងកំពុង​សាងសង់​គំរោង The Bridge កំពស់៤៥ជាន់ និង​អាគារ​ពាណិជ្ជកម្ម The PeAk តំលៃ​ជិត១០០០លាន​ដុល្លារ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Land Co, Ltd នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការរីកចំរើន​ដែល​កម្ពុជា​កំពុង​សម្រេចបាន​នេះ។

លោក​ឧកញ៉ា សៀ រិ​ទ្ឋី បាន​បន្តថា បើ​យើង​ពិនិត្យ​ទៅលើ​គម្រោង​វិនិយោគ​ផ្នែក​អចលនទ្រព្យធំៗ គឺ​ចាប់ពី​ទំហំ​ទឹកប្រាក់​លើសពី​រយ​លាន​ឡើងទៅ​នៅ​កម្ពុជា គឺមាន​ប្រមាណ៦០ភាគរយ ជាការ​វិនិយោគ​មកពី​បរទេស ជាពិសេស​មកពី​ចិន​តែម្តង ហើយ​ភាគច្រើន​នៃ​គម្រោង​របស់​ពួកគាត់​ទាំងនោះ គឺ​គាត់​បាន​សិក្សា​ទីផ្សារ​យ៉ាងច្បាស់​លាស់ និង​កំណត់​គោលដៅ​របស់ខ្លួន​រួចទៅហើយ។ ពួកគាត់​ក៏មាន​ទាំង​អតិថិជន​មកពី​បរទេស​នៅក្នុង​ដៃ​សឹងតែ​គ្រប់​តម្រូវការ​តែម្តង។

លោក​បាន​ថ្លែងថា “ទីផ្សារ​អចលនទ្រព្យ​នឹង​បន្ត​ដំណើរការ​ទៅមុខ​ជានិច្ច អត់​មាន​អ្វី​ប្រែប្រួល​ប្លែក​នោះទេ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា ការ​មាន​វត្តមាន​អាគារខ្ពស់ៗ ការអភិវឌ្ឍន៍​ប្រទេស ពិតជា​ការខិតខំ​រប​ស់​រដ្ឋាភិបាល ប៉ុន្តែ​នៅពេល​ទីក្រុង​មួយ​មាន​អាគារខ្ពស់ៗច្រើន មាន​មនុស្ស​រស់នៅ​ច្រើន វា​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​កកស្ទះ​ចរាចរ ហេតុនេះ​រដ្ឋាភិបាល​គួរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​មនុស្ស​រស់នៅ​ទីក្រុង​ច្រើនពេក

ិបាលគួរ​ធ្វើយ៉ាងណាកុំឲ្យមានមនុស្សរស់នៅទីក្រុងច្រើនពេក ប៉ុន្តែផ្ទុយទៅវិញគួររៀបចំទីក្រុងមួយដែលសម្គាល់ជាអប៉ុន្តែ​ផ្ទុយទៅវិញ​គួររៀបចំ​ទីក្រុង​មួយ សម្រាប់​សម្គាល់​ជា​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

លោក​បន្តថា “រដ្ឋាភិបាល​មិនគួរ​ធ្វើ​ឲ្យ​ទីក្រុង​ធំ​ពេក​នោះទេ គួររៀបចំ​ទីក្រុង​មួយ​ដែល​អាច​បង្ហាញ​នូវ​អ្វី​ជា​ខ្មែរ ជា​កន្លែង​ដែល​អាច​ឲ្យ​មនុស្ស​រស់នៅ​ស្រួល និង​មាន​បរិស្ថាន​ល្អ។លោក​បន្តថា “មានការ​រិះគន់ថា​ទីក្រុង​ភ្នំពេញ មិនមាន​សាល​តាំង​ពិ​ព៌​ណ មិនមាន​ក​សារៈមន្ទីរ មិនមាន​តំបន់​បៃតង និង​មិនមាន​កន្លែង​សម្រាកលំហែរ​គ្រប់គ្រាន់​នោះទេ។

លោក​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ ពី​ទីក្រុង​វ៉ាស៊ីនតោន​នៅពេល​មួយ​នោះ​គឺ សម្បូរ​ពួក​អភិជន​ស្បែក​ស​រស់នៅ ប៉ុន្តែ​ក្រោយមក​ប្រជាជន​ស្បែក​ខ្មៅ និង​អ្នកក្រីក្រ​ចូលទៅ​រស់នៅ​ច្រើន ជាល​ទ្ឋ​ផល​ពួក​អភិជន​បាន​ចាក​ចេញទៅ​រស់នៅ​ជាយក្រុង ហើយ​អ្នកក្រីក្រ​ភាគច្រើន​រស់នៅក្នុង​ទីក្រុង​វិញ។

បណ្ឌិត​ម៉ី កល្យាណ​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ទ្វីបអឺរ៉ុប​បាន​បន្តថា “ខ្ញុំ​មិន​គិតថា​ការ​មាន​អាគារខ្ពស់ៗច្រើន​នៅក្នុង​ទីក្រុង ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​សេដ្ឋកិច្ច សង្គម​របស់​ប្រទេសមួយ​នោះទេ ប៉ុន្តែ​ប្រជាជន​ខ្មែរ​មួយចំនួន​មិន​គិតបែបនេះ​ទេ ពួកគេ​គិតថា​ឡូយ បើ​ទីក្រុង​មួយ​មាន​អាគារខ្ពស់ៗច្រើន”៕

សេដ្ឋវិទូ៖ អតុល្យភាព​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ សេដ្ឋវិទូ​នានា​បានលើកឡើង​ស្រដៀង​គ្នា​ថា អតុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​រវាង​ពាណិជ្ជកម្ម កម្ពុជា និង​ប្រទេស​ចិន មិនមែនជា​រឿង​អវិជ្ជមាន​ទាំងស្រុង​នោះទេ ប៉ុន្តែ​កម្ពុជា​គួរ​បង្កើន​ការនាំចេញ និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ចិន ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក​បណ្ឌិត ​ម៉ី កល្យាណ ​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុងឱកាស​សន្និសីទ ស្ដីពី​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​តំបន់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែរ​ក្រវ៉ាត់ និង​ផ្លូវ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្មរ​បស់​កម្ពុជា និង​ចិន និង​ប្រទេស​ក្នុង​តំបន់ មិនមែន​មានន័យ​អវិជ្ជមាន​ទាំងស្រុង​នោះទេ ព្រោះ​ប្រទេស​ចិន និង​ប្រទេសធំៗដទៃទៀត​ប្រៀបដូចជា​ប្រទេស​យក្ស​ដោយមាន​ប្រជាជន​ជាច្រើន​លាន​នាក់ ខណៈដែល​កម្ពុ​ជាមាន​ចំនួន​ប្រជាជន​ត្រឹមតែ១៥លាន​នាក់​តែ​ប៉ុន​ណ្ណោះ ហើយ​បញ្ហា​អតុល្យភាព​នេះ​ជា​រឿង​ធម្មតា ប៉ុន្តែ​យើង​ក៏ត្រូវ​ព្យាយាម​បង្កើន​សមត្ថភាព ក្នុងការ​នាំចេញ​របស់​ខ្លួន​ផងដែរ។

លោក​បណ្ឌិត​ ហុង វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ថ្លែងថា បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម កម្ពុជា និង​ប្រទេស​ចិន​នេះ​មិនអាច​គេចផុត​នោះទេ  ព្រោះ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​ធំ ប៉ុន្តែ​កម្ពុជា​ក៏​អាច​បង្កើន​ទំហំ​ការនាំចេញ​របស់ខ្លួន​បានដែរ ដោយ​យើង​អាច​ពិភាក្សា​ជាមួយ​ចិន​ដោយផ្ទាល់ ហើយ​កំណត់​ផលិតផល​ដែល​ចិន​ត្រូវការ​ពី​កម្ពុជា ដោយ​មិនត្រូវ​ទុកជា​ទីផ្សារ​របស់​យើង ជាទី​ផ្សារ​បំ​រ៉ុង​នោះទេ និង​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ចិន​ក្លាយជា​អ្នកវិនិយោគ​ដោយផ្ទាល់ រឺ​ជា​អ្នកទិញ​ដោយផ្ទាល់ លើ​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា ស្វាយចន្ទី ដំឡូង​មី​ជាដើម។

លោក​បន្តថា កម្ពុជា​ក៏​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន តាមរយៈ​ទេសចរណ៍​ផងដែរ ដែល​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ទាក់ទាញ​ទេសចរណ៍​មក​ឲ្យ​បាន​ច្រើន ហើយ​ត្រូវបង្កើត​ផលិតផល​ទេសចរណ៍ ដើម្បី​ឲ្យ​ពួកគេ​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា​ផងដែរ។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​ជា​ដៃគូរ​នាំ​ទំនិញ​ចូល​កម្ពុជា​លំដាប់​លេខ១ចាប់ពី​ឆ្នាំ១៩៩៨កន្លងមក ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​នាំ​អង្ករ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ផងដែរ។ កាលពី​ឆ្នាំ២០១៦ចិន​បាន​នាំ​ចូលមក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់៤.៥៥០លាន​ដុល្លារ​អាមេរិក​ប្រមាណ​ជា៣៦,៩%នៃ​ការ​នាំចូល​សរុប។ ចំណែកឯ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញទៅ​ចិន​វិញ​មាន​ចំនួន​ត្រឹមតែ៦០៩លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ដែល​វា​ស្មើនឹង ៦%នៃ​ការនាំចេញ​សរុប៕

ចង់រកស៊ីក្នុងវិស័យអចលនទ្រព្យគួរមានចំណេះដឹងអ្វីខ្លះ

ដោយ ៖ គង់ សូរិយា

 ភ្នំពេញ មនុស្សកាន់តែច្រើនបានចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យអចលនទ្រព្យ ស្របពេលវិស័យនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ព្រោះការមកដល់នូវអ្នកវិនិយោគធំៗ ដែលបានបង្ហូរទុនរាប់​ពាន់លានដុល្លារនៅកម្ពុជា។ ទន្ទឹមនឹងការរីកចម្រើនវិស័យនេះ អ្នកផ្តល់សេវាកម្ម និងរកស៊ីក្នុងវិស័យនេះក៏មាន​ការកើនឡើងយ៉ាងច្រើន ។ សំណួរសួរថា តើអ្នកចង់រកស៊ីក្នុងវិស័យនេះ ត្រូវមានចំណេះដឹង និងជំនាញអ្វីខ្លះ ទើបអាចទទួលបានជោគជ័យក្នុងវិស័យនេះ ?

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលបានទទួ​លជោគជ័យច្រើនក្នុងវិស័យនេះបានចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះ ដោយលោកបានថ្លែងថា “ដើម្បីរកស៊ីក្នុងវិស័យនេះបានជោគ​ជ័យ​ត្រូវមានចំណេះដឹង ជំនាញ បទពិសោធន៍ និងចេះប្រើធនធានមនុស្ស និងធនធាន​ថវិកា”។

          អ្វីជាចំណេះដឹង?

          ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងដូចម្តេចឲ្យបានគ្រប់ជ្រុងជ្រោយ និង​ត្រូវពង្រាយកំលាំងយ៉ាងម៉េចឲ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានបើកផ្លូវ និងព័ត៌មានពាក់ព័ន្ឋ ក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ស្គាល់ខ្លួនឯង

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនា​ញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយ ចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណា ដែលមានចំណូលរៀងរាល់ខែ គឺអាចទិញផ្ទះ ឬទិញខុនដូសម្រាប់ជួល អាចបានចំណូលប្រចាំខែ ប៉ុន្តែ​ប្រសិនជាទិញដីអាចកប់ដើម មិនមានប្រាក់បង្វិល ព្រោះការទិញដីមិនត្រូវកន្លែងអាចកប់ដើម មិនមានទុនបង្វិល ហើយប្រសិនជាជំពាក់ប្រាក់ធនាគារ នឹងប្រឈមមុខនឹងគ្មានទុនបង្វិល ដែលអាចប្រឈមមុខនឹងធនាគាររឹបអូសទ្រព្យសម្បត្តិ។

ការប្រឹក្សាយោបល់

          ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោ​បល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិ​និយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។

យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេច​ចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។

ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century 21 Mekong ជាអ្នកមានជំនា​ញលើការងារនេះ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។

ការកសាងទំនុកចិត្ត

          ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះ​ជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។

ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែល​អាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យ​បានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា​ ហេតុនេះយើងជាភ្នាក់​ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោល​ដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀ​សបាននូវហានិភ័យចំពោះមុខ។

បញ្ហាប្រឈម

នៅក្នុងវិស័យអ្វីមួយក៏ដោយតែងតែមានហានិភ័យ ដូច្នេះភ្នាក់ងាររប​ស់យើង គឺប្រឈមនឹងហានិភ័យច្រើន ហេតុនេះដើម្បីបញ្ចៀសហានិភ័យ និងការបាត់បង់ទំនុកចិត្ត គឺយើងត្រូវបណ្តុះបណ្តាលភ្នាក់ងាររបស់យើងលើក្រមសីលធ៌ម គឺការផ្តល់ព៌តមានដោយស្មោះត្រង់ អាចជឿជាក់បាន និងមិនបំប៉ោងតំលៃ។ យើងមិនរកស៊ីយកចំណេញច្រើននោះទេ គឺយកចំណេញតិច តែបានរយៈពេលយូរ ដើម្បីសន្សំក្រេឌីត ហើយត្រូវបង្កើនទំនុកចិត្តឲ្យអតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានជំនឿជឿជាក់លើសេវាកម្មរបស់យើង។

អតិថិជនត្រូវយល់ដឹងអ្វីខ្លះ

អតិថិជនត្រូវមានព៌តមាន និងចំណេះដឹងអ្វីខ្លះ ? ទី១ គាត់ត្រូវមានព៌តមានជាបឋមដើម្បីធ្វើការប្រៀបធៀបជាបឋម ពីអចលនទ្រព្យនៅជិតខ្លួន ទី២ ពួកគាត់អាចពិគ្រោះជាមួយភ្នាក់ងារអចលនទ្រព្យ ដែលពួកគេអាចឲ្យយោបល់បានត្រឹមត្រូវ ទី៣ ពួកគាត់(អតិថិជន) អាចឆែកពីព៌តមានពីលំនៅដ្ឋានរបស់អ្នកទិញខាង ដើម្បីធ្វើការសម្រេចចិត្តទិញផ្ទះឬអចលនទ្រព្យបានល្អ៕

 

 

ដំណាច់ត្រីមាសទី៣អាផាតម៉ិនចំនួន ៧៧០០យូនីត បានដាក់ចូលទីផ្សារ

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ស្របពេលតម្រូវការមានការកើនឡើង ចំនួនអាផាតម៉ិនបានដាក់​ចូលទីផ្សារបាននិងកំពុងបន្តកើនឡើង ដោយគិតរហូតដល់ដំណាច់ត្រីមាសទី៣នេះចំនួនអាផាតម៉ិនដាក់ចូលទីផ្សារបានកើនដល់៧៧០០យូនីត។

នាយិកាប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បាន​ថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះថា គិតត្រឹមដំណាច់ត្រីមាសទី៣នេះ អាផាតម៉ិនចំនួន២១គម្រោង និងមានផ្ទះចំនួន១២០០យូនីតបានដាក់ចូលទីផ្សារ ដែ​លធ្វើឲ្យចំនួនយូនីតសរុប ដាក់ចូលទីផ្សារកើនដល់ ៧៧០០យូនីត និងខុនដូបានដាក់ចូលទីផ្សារចំនួន ១៩០០យូនីត ដែលធ្វើឲ្យយូនីតខុនដូដាក់ចូលទីផ្សារកើនដល់ ៦១០៩ យូនីត។

អ្នកនាងបន្តថា អាផាតម៉ិន និងខុនដូមានភាពខុសគ្នា ដោយសារអាផាតម៉ិន ធ្វើឡើងដោយអ្នកវិនិយោគម្នាក់ និងប្រើប្រាស់សម្រាប់ជួ​ល។ ចំណែកខុនដូអភិវឌ្ឍន៍ដោយមនុស្សម្នាក់ដូចគ្នា តែធ្វើឡើងសម្រាប់លក់ ​ដែ​លមានម្ចាស់កម្មសិទ្ឋច្រើននៅក្នុងអាគារនោះ ប៉ុន្តែតម្លៃជួលមានភាពខុសគ្នាផង​ដែរ ដោយអាផាតម៉ិនអាចជួលក្នុងតម្លៃរង្វង់១៨ដុល្លារ និងខុនដូអាចជួលក្នុងរង្វង់​១៥ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ដោយសារយូនីតនៅតាមខុនដូមានទំហំតូចៗ ធៀបជាមួយអាផាតម៉ិន ដែលមានយូនីតធំៗជាង និងមានប្រព័ន្ឋគ្រប់គ្រងល្អជាង។

អ្នកនាងបន្តថា “ការប្រើប្រាស់អាផាតម៉ិននៅតែមានភាពល្អប្រសើរ ដោ​យអត្រាជួលមានប្រមាណ៨១ភាគរយ ខណៈចំនួនខុនដូកំពុងកើនឡើងនូវការផ្គត់ផ្គង់ផងដែរ”។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគអាផាតម៉ិន​​ KFA នៅតំបន់បឹងត្របែកបានថ្លែងថា ទីផ្សារអាផា​តម៉ិននៅតែមានភាពល្អប្រសើរ ដោយសារតម្រូវការបន្តកើនឡើង ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនចូលមកកាន់កម្ពុជា។

លោកបន្តថា សមាហរណកម្មអាស៊ាន ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលធ្វើ​ឲ្យមានលំហូរទូនវិនិយោគ និងទីផ្សារការងារផ្លាស់ប្តូរគ្នាទៅវិញទៅមក សម្រាប់ អ្នកមានជំនាញខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ នៅពេលពួកគេមកកម្ពុជាជាស្វ័យប្រវត្តិពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះអាផាតម៉ិនជាជម្រើសចម្បងរបស់ពួកគេ៕

 

គម្រោង​លំនៅដ្ឋាន​ប្រណីត​នឹង​ឆ្ពោះទៅកាន់​តំបន់​ធម្មជាតិ

ដោយ៖ រ៉ាវី

ភ្នំពេញ៖ នៅពេល​កំណើន​ប្រជាសាស្ត្រ កំនើន​នគរូបនីយកម្ម​និង​ទីក្រុង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម បែបបទ​នៃ​ការរស់នៅ​របស់​អភិជន​នឹង​ងាក​មកកាន់​តំបន់​ជាយក្រុង កន្លែង​ដែលមាន​ខ្ស​ល់​អាកាស​បរិ​សុ​ទ្ឋ អមដោយ​បឹង​ព្រែក​ឬ​ទន្លេ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា បច្ចុប្បន្ន​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ចាប់ផ្ដើម​យល់​កាន់​ច្បាស់​ពី​អត្ថប្រយោជន៍​ការអភិវឌ្ឍ​បែប​ធម្មជាតិ​ហើយ ដូច្នេះហើយ​ទើប​ឃើញថា​ពេលនេះ ចាប់​មាន​គម្រោងធំៗមួយចំនួន បាន​ងាក​ទៅរក​ការអភិវឌ្ឍ​នៅ​តំបន់​ជាប់​មាត់បឹង ឬ​ទន្លេ​វិញ​ម្តង ដូចជា​គម្រោង​វីឡា​ប្រណីត​អ័​រ​គី​ដេ​វីឡា និង​គម្រោង​របស់​ក្រុមហ៊ុន OCIC ស្ថិតក្នុង​តំបន់​ជ្រោយចង្វា និង​គម្រោង​លំនៅដ្ឋាន​ប្រណី​តរបស់ The Palm ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ១ ព្រោះ​អ្នកវិនិយោគ​ទាំងនោះ​មាន​ទស្សនវិស័យ​វែងឆ្ងាយ ក្នុងការ​វិនិយោគ​រយៈ​ពេល​វែង ដោយ​ពួកគាត់​ជឿថា ទៅ​អនាគត​គម្រោង​ក៏ដូចជា​អចលនទ្រព្យ នឹងមាន​ការឡើង​ថ្លៃ​ខ្លាំង។

លោក​បន្តថា “អ្វីដែល​ធ្វើឱ្យ​ខ្ញុំ​ហ៊ាន​អះអាង​បែបនេះ ព្រោះ​យោងតាម​បទពិសោធ​នៃ​ប្រទេស​អភិវឌ្ឍន៍ធំៗមួយចំនួន​ដូចជា សហរដ្ឋអាមេរិក​ដែល​លោក​បាន​ទៅដល់​ជាដើម។ លោក​បញ្ជាក់ថា៖ «យើង​អាច​មើលឃើញ​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូចជា អាមេរិក តម្លៃ​ផ្ទះ​ជាប់​ទន្លេ បឹង ព្រៃភ្នំ​មានតម្លៃ​ថ្លៃ​ណាស់ កន្លែង​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់លាន​ដុល្លារ ព្រោះ​ការរស់នៅ​ក្នុង​តំបន់​បែបនេះ​វា​ធ្វើឱ្យ​អ្នករស់នៅ​មាន​សុខភាព​ល្អ ទាំង​រាងកាយ និង​ប្រាជ្ញា​ស្មារតី ពិសេស​ការរស់នៅ​តំបន់​នេះ​អាចធ្វើឱ្យ​អ្នករស់នៅ​កាត់បន្ថយ​ភាពស្មុគស្មាញ​ពី​ការងារ​បាន​ច្រើន»។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្តថា កម្ពុជា​មានការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​លឿន​គួរឱ្យកត់សម្គាល់ ប៉ុន្ដែ​កម្ពុជា​ហាក់ដូចជា​ដើរ​បញ្ច្រាស់​ទៅនឹង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន ព្រោះ​គេ​មើលឃើញថា វិស័យនេះ​ចាប់ផ្ដើម​អភិវឌ្ឍ​ចេញពី​តំបន់ឧស្សាហកម្ម ពោលគឺ​តម្លៃ​ដី​នៅតាម​តំបន់ឧស្សាហកម្ម​មួយចំនួន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មានការ​កើនឡើង​ខ្ពស់ ដោយសារតែ​សម្បូរ​ទៅដោយ​រោងចក្រ សហគ្រាសធំ។

ទោះជា​យ៉ាងណា​លោក​ឧកញ៉ា នួន រិ​ទ្ឋី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា នេះ​ជា​និន្នាការ​ធម្មតា​ទេ​នៅតាម​បណ្តា​ប្រទេស​នានា ក៏ដូចជា​នៅ​កម្ពុជា ព្រោះ​នៅពេល​ទីក្រុង​កាន់តែ​រីកចម្រើន ទីក្រុង​កាន់តែ​ចង្អៀត​និង​កកកុញ​ដោយ​មនុស្ស និន្នាការ​អភិវឌ្ឍន៍​នឹង​ឆ្ពោះទៅកាន់​តំបន់​ជាយក្រុង​ជា​ស្វ័យប្រវត្តិ៕