តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់​ពី​របាយការណ៍​បង្ហាញថា ទីផ្សារ​ការងារ​​របស់​សហរដ្ឋ​អាមេរិក​នៅ​ខែ​វិច្ឆិកាបាន​​បន្ត​ធ្លាក់ចុះយ៉ាងសន្សឹម​ៗ ដោយ​ទុក​ឱកាស​ឱ្យ​ធនាគារ​កណ្តាល​អាមេរិក​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ជា​ថ្មី​ម្តង​ទៀត។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៦ភាគរយដល់២៦៤២,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២៦៦៤,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣២,៩២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៩,៦០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៣,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,១០ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,០៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៩%ដល់៣១,៤៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៩%ដល់៩៣៧,៤ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៦៦%ដល់៩៧២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

ស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ឋដ៏មានសក្តានុពលខាងសេដ្ឋកិច្ចចំនួន២

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ រាជ​រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជម្រុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅទូទាំងប្រទេស។

    ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ គឺដើម្បីសមាហរណកម្មផ្ទៃក្នុងប្រទេសផង ជម្រុញការបង្ខិតទីក្រុងកៀកនឹងជនបទ ពិសេសជម្រុញការលើកកំពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

    ជាមួយហេដ្ឋារចនាសម្ព័ន្ឋរាប់រយ ដែលបានសាងសង់ និងកំពុងសាងសង់ ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃក​ម្ពុជា យើងគួរទៅសិក្សាលើហេដ្ឋារចនាសម្ព័ន្ឋធំៗ ចំនួន២ ដែលបាន និងកំពុងលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

គំរោងទី១

ស្ពានគីហ្សូណា គឺជាស្ពានទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះ ជាប្រភេទស្ពានបេតុង មានប្រវែង១,៥០០ ម៉ែត្រ ទទឹង១៤ម៉ែត្រ និងកម្ពស់៣៥ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងត្រូវបានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៩៨ ហើយបញ្ចប់ និងបើកសម្ពោធឱ្យប្រើប្រាស់ផ្លូវការ កាលពីឆ្នាំ២០០១។

គំរោងទី២

ទៅលេងកំពតជិះមិនយូរទេ! កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន ទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

ផ្លូវជាតិនេះ អមដោយដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់។

កំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប១៣៤,៨២ គីឡូម៉ែត្រ ចាប់ពីរាជធានីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដែលត្រូវបានសម្ពោធបើកឱ្យប្រើជាផ្លូវការ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕

វិភាគៈកម្ពុជាចាប់ផ្តើមរះនៅមជ្ឈឹមបូព៌ា

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia

        អន្តរជាតិៈ ប្រវត្តិសាស្រ្តចាប់ផ្តើមសសេរទំព័រមាសមួយ សម្រាប់ទំនាក់ទំនងមួយ ដែលក្រាលដោយមាស នៅក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានព្រឹទ្ឋសភាកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាឪពុកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

    ក្នុងដំណើរទស្សនកិច្ចរយៈ

ពេលវែងមួយ ដែលផ្តោតលើប្រទេសចំនួន៤ ដ៏មានភោគទ្រព្យ និងស៊ីវិល័យ ច្បាស់ណាស់អ្នកាទូតដ៏ជំនា​ញរូបនេះ នឹងទាញបានមកនូវផលប្រយោជន៍សម្រាប់កម្ពុជា លើផលប្រយោជន៍​សេដ្ឋកិច្ចទេសចរណ៍ ការវិនិយោគ និងពង្រឹងនូវំនាក់ទំនងដ៏ស៊ីជម្រៅ រវាងប្រជាជាតិនៅតំបន់សម្បូរប្រេងទាំងនោះ។

យុទ្ឋសាស្រ្តកាទូតចម្រុះព៌ណ

    ទាំងអ្នកកាទូតបរទេស រួមទាំងកម្ពុជា ពួកគេសុទ្ឋតែមើលឃើញថា កម្ពុជាបានប្រើប្រាស់កាទូតចម្រុះព៌ណ យ៉ាងប៉ិនប្រស​ព្វ ដើម្បីទាញយកផលប្រយោជន៍ យកមកអភិវឌ្ឍន៍ជាតិរបស់ខ្លួន ព្រោះ​កម្ពុជា មិនអាចពឹងតែដង្ហើមប្រទេសមួយណាមួយ ដោយធ្វើពហិកា មិនធ្វើទំនាក់ទំនងជាមួយប្រទេសឬសម្ព័ន្ឋមិត្តដទៃឡើយ។

    ខណៈកម្ពុជាត្រៀមចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចួចនៅឆ្នាំ២០២៩ កម្ពុជាត្រូវពង្រីកសម្ព័ន្ឋមិត្ត ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀត ស្របពេលប្រទេសនេះបាន និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូ​លខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

    នៅក្នុងយុទ្ឋសាស្រ្តកាទូត មានតែមិត្ត និងផលប្រយោជន៍ គ្មានសត្រូវឡើយ។

ដំំណើរទស្សនកិច្ចពោរពេញដោយក្តីសង្ឃឹម និងភាពកក់ក្តៅ

    ជាមួយនឹងស្នាមញញឹម លើកដៃបក់រវិកៗមកកាន់ក្រុមមន្រ្តីជាន់ខ្ពស់ជូនដំណើរ សម្តេចតេជោហ៊ុន សែន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម សរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត។

នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេរភាគីជាមួយបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។

បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម ប្រធានសភានៃរដ្ឋកាតា និងជាមួយលោកសេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា។

នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេរភាគី ជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ង់ គ័រទុលមុស ប្រធានរដ្ឋសភាតួកគីយេ និងជួបសម្តែងការគួរសមនិងពិភាក្សា ការងារជាមួយលោក រេជីប ថាយយ៉ុប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីតួកគីយេ។ ក្រៅពីនេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗដទៃទៀត រួមទាំងអញ្ជើញទស្សនាទីតាំងជាប្រវត្តិសាស្ត្រ របស់តួកគីយេផងដែរ។

នៅអេមីរ៉ាតអារ៉ាប់រួម សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយលោក សាឃើរ ហ្គោបាហ្ស ប្រធានសភានៃអេមីរ៉ាតអារ៉ាប់រួម និងថ្វាយសវនាការសម្តែងការគួរសម ជាមួយព្រះអង្គម្ចាស់ សេក្ខ មហាម៉េដ ពិន ហ្សេយឺត អាល ណាហ៊ីយ៉ាន ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។

ទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា នៅបណ្តាប្រទេសជាមិត្តខាងលើ ជាការបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ និងតួនាទីកាន់តែសកម្មនៃ “ការទូតសភាដែលជាអាទិភាពមួយនៃ អាទិភាពទាំងពីរ របស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន និងដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។

សហព័ន្ធនៃទីក្រុងធំៗចំនួន៧ របស់អេមីរ៉ាតអារ៉ាប់រួម(UAE) កំពុ​ងលេចត្រដែតឡើង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ របស់តំបន់មជ្ឈិមបូព៌ា។ ទោះបីជាប្រពៃណីអភិរក្សនិយម ត្រូវបានរដ្ឋាភិបាល ប្រកាន់ខ្ជាប់ក្តី ក៏ UAE ត្រូវបានគេមើលឃើញថា ជាប្រទេសសេរីនិយមបំផុត នៅក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសារការលើកលែងមួយចំនួនផ្នែកវប្បធម៌ និងជំនឿផ្សេងៗទៀត។

មុនពេលប្រេង ត្រូវបានរកឃើញក្នុងឆ្នាំ១៩៥០ សេដ្ឋកិច្ចUAE គឺពឹងផ្អែកលើការនេសាទ និងឧស្សាហកម្មគុជខ្យង។ ប៉ុន្តែចាប់តាំងពីការនាំចេញប្រេង ផ្តើមឡើងនៅឆ្នាំ១៩៦២ សង្គម និងសេដ្ឋកិច្ច UAE បានផ្លាស់ប្តូរទៅរកបរិបទថ្មីមួយទៀត។ UAE បានធ្វើពិពិធកម្ម និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ក្នុងតំបន់។ មានក្រុមហ៊ុន UAE យ៉ាងច្រើន កំពុងធ្វើការវិនិយោគនៅឯបរទេស។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ច រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី០៨-១៤ ខែធ្នូ ឆ្នាំ២០២៤នេះ ទី១៖ ប្រទេសអារ៉ាប៊ីសាអូឌីត (ទីក្រុងរីយ៉ាដ), ទី២៖ ប្រទេសកាតា (ទីក្រុងដូហា) ទី៣៖ ប្រទេសតួកគី (ទីក្រុងអង់ការ៉ា) ទី៤៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (ទីក្រុង អាប៊ូដាប៊ី)។

ព្រះអាទិត្យថ្មីរះនៅតំបន់មជ្ឈឹមបូព៌ា

    បើទោះបីជាទំហំពាណិជ្ជកម្ម និងកាវិនិយោគពីបណ្តាប្រទេសទាំងបួនមិនទាន់មានទំហំធំក្តី ប៉ុន្តែកម្ពុជា និងបណ្តាប្រទេសទាំងនោះ បាននិងកំពុងកសាងប្រវត្តិសាស្រ្តថ្មី សម្រាប់ទំាក់ទំនងមួយ ដែលមានភាពប្រសើរជាងមុន ខណៈកម្ពុជា និងប្រទេសអារ៉ាប់អេមីរ៉ាត និងកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយ ជាមួយនឹងលទ្ឋផលនៃលំហូរពាណិជ្ជកម្ម នឹងកាន់តែមានសភាពប្រសើរឡើង។

    ជាមួយនឹងសក្តានុពលវិស័យទេសចរណ៍ កម្ពុជាអាចទាក់ទាញភ្ញៀវទេសចរណ៍ពីបណ្តាប្រទេសទាំងនោះ ប៉ុន្តែកម្ពុជាក៏មានឧបសគ្គមួយ ត្បិតប្រទេសទាំងនោះនិងកម្ពុជា មានវប្បធ៌ម សាសនា ប្រពៃណី វប្បធ៌ម និងអាហារខុសគ្នា ដែលជាបញ្ហាមួយទាមទារឲ្យកម្ពុជាដោះស្រាយបញ្ហារវាងតម្រូវការ និងការផ្គត់ផ្គង់។

    កម្ពុជាបាននិងកំពុងទទួលជើងហោះហើរ ត្រង់ពីក្រុមហ៊ុនAir Amirates, Quatta Airlineផងដែរ ប៉ុន្តែល្បឿននៃលំហូរទេសចរណ៍នៅមានកម្រិត ដោយសារឧបសគ្គដែលបានលើកឡើងខាងលើ។

    ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភាកម្ពុជា នឹងជាស្ពានដ៏សំខាន់មួយ ដើម្បីតភ្ជាប់និងពង្រឹង    ពង្រី​កទំនាក់ទំនងរវាងកម្ពុជា និងបណ្តាប្រទេសទាំងនោះឲ្យកាន់តែប្រសើរឡើងលើលំហូរពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធ៌មគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងប្រជាជាតិតំបន់UAE កាន់តែរីកស្រស់បំព្រងឡើង។

    ការចាប់ផ្តើមឈានជើង ឆ្ពោះទៅកាន់ភាពសុខដុម និងវិបុលភាពសម្រាប់ប្រជាជាតិមួយ ផ្តើមចេញពីជំហ៊ានដំបូង ដើម្បីបោះជំហ៊ានថ្មីជាបន្តបន្ទាប់ជាមួយនឹងផែនការ គោលនយោបាយ និងយុទ្ឋសាស្រ្តដ៏ច្បាស់លាស់របស់មេដឹកនាំនៃប្រជាជាតិនោះ៕

រដ្ឋាភិបាលរៀបចំជម្រុញផែនការស្ថាបត្យកម្មសហសម័យរបស់កម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងនាមដំណាងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។

ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាយើងមានស្ថាបត្យកម្ម ប្រកបដោយអរិយធម៌ ទំនៀ​មទំលាប់ ប្រពៃណីខ្មែរប្រណិតល្អឥតខ្ចោះ គ្រាន់តែយើងនៅមិនទាន់បានប្រែក្លាយឱ្យវិស័យនេះ វិវត្តន៍ទៅតាមសម័យកាល ដោយសារមានរឿងអកុសល ដែលយើងធ្លាប់បានឆ្លងកាត់ជាច្រើន ក្នុងរយៈពេលកន្លងមក។

សិល្បៈ គឺជាការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់បុគ្គល។ សិល្បៈគឺជាការបើកប្រអប់ ឬកញ្ចប់ឱ្យទេពកោសល្យរបស់មនុស្សត្រូវបានបង្ហាញ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បា​យរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ។ ដូច្នេះក្នុងយន្តការនៃការបណ្តុះបណ្តាលស្ថាបត្យករ ឬវិស្វករ ដែលជាអ្នកឆ្លាក់ដួងព្រលឹងជាតិទៅអនាគត គួរពិចារណារប្តូរយុទ្ធសាស្ត្របើកចិត្ត ទទួលយកភាពច្នៃប្រឌិត បន្ថែមការយកចិត្តទុកដាក់លើបំណិនជីវិត អមជាមួយការសិក្សាជំនាញមួយផ្នែកទៀត ដើម្បីបង្កលក្ខណៈអោយការបណ្តុះបណ្តាលធនធានផ្នែកស្ថាបត្យកម្មដ៏កម្រនេះ អាចរីកលូតលាស់បានកាន់តែប្រសើរប្រកបដោយគុណភាព។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តចែករំលែកនូវបទពិសោធន៍ ព្រមទាំងបានផ្តល់នូវអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តឱ្យមានការច្នៃប្រឌិត ជំរុញអ្នកជំនាញ និស្សិត ចូលរួមសិក្សា និងផ្តល់យោបល់ក្នុងការរៀបចំ ទីតាំងលម្ហសាធារណៈនានា ដោយចាត់ទុកថា ជាការរៀបចំផ្ទះសម្បែង និងស្រុកទេសរបស់យើងឱ្យបានស្របទៅតាមតម្រូវការ និងសម័យកាល ដើម្បីចូលរួមកសាងសង្គម រក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាផ្លែផ្កាក្រោមម្លប់សន្តិភាពឱ្យបានគង់វង្ស ដែលជាកេរ្តិ៍តំណែល មិនអាចកាត់ថ្លៃបានបន្ទាប់ពីប្រាង្គប្រាសាទអង្គរ៕

 

ធនាគារពិភពលោកចូលរួមលើគំរោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប

0

ដោយៈ គង់សូរិយា

សៀមរាបៈ ក្រុមការងារធនាគារពិភពលោក(WB) បានគាំទ្រក្នុងគម្រោងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅខេត្តសៀមរាប។

កិច្ចប្រជុំពាក់ព័ន្ឋបញ្ហានេះ ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំគណ:ប្រតិភូ ក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារក្នុងដំណើរបេសកកម្មគាំទ្រគម្រោងលើកទី៣ របស់ក្រុមការងារធនា​គារពិភពលោក(WB) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅខេត្តសៀមរាប ជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាននិងជាប្រធានក្រុមការងារ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ ដែលបានធ្វើឡើងក្នុងបេសកកម្មកន្លងមក និងចុះទៅពិនិត្យទីតាំងទុកដាក់សំរាមចាស់ និងទីតាំងថ្មីដែលនឹងត្រូវសាងសង់នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ក្នុងការពិនិត្យស្ថានភាពការរស់នៅដោយផ្ទាល់របស់បងប្អូន ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

គម្រោងសាងសង់ទីលានចាក់សំរាមថ្មីនេះ នឹងប្រើប្រាស់ផ្ទៃដីសរុបប្រមាណ៤៥ហិកតា ហើយផ្ទៃដីដែលត្រូវអនុវត្តន៍ ក្នុងជំហានដំបូងនេះត្រឹមតែ២៥ហិកតាប៉ុណ្ណោះ។ ទីតាំងនេះ ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

ប្រជាជនសិង្ហបុរីចាប់អារម្មណ៍ខ្លាំងលើទីផ្សារលំនៅដ្ឋាននៅក្នុងរដ្ឋ Johor របស់ម៉ាឡេសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនសិង្ហបុរីបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេសុី ដែលមានព្រំប្រទល់ជាប់ជាមួយសិង្ហបុរី។

យោងតាមតួលេខថ្មីចុងក្រោយបំផុតពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ (Napic) បង្ហាញថា “ការលក់ផ្ទះ ដែលមានតម្លៃចន្លោះពី៧០មុឺនរីងហ្គីតទៅដល់១លានរីងហ្គីតក្នុងមួយយូនីតនៅក្នុងរដ្ឋ Johor សម្រេចបានអត្រាកំណើនខ្ពស់បំផុត បើធៀបនឹងរដ្ឋដទៃទៀត”។

លោកស្រី Lindy Tan ប្រធានសមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅដ្ឋាន (Rehda) ប្រចាំរដ្ឋ Johor បានលើកឡើងថា យើងសង្កេតឃើញមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីអតិថិជនបរទេស ជាពិសេសពីប្រទេសសិង្ហបុរី និងចិន ដែលស្វែងរកទិញអចលនទ្រព្យសម្រាប់ស្នាក់នៅ និងការវិនិយោគ។

លោកស្រីបានបន្តថា “កម្មវិធីគោលនយោបាយម៉ាឡេសុី ផ្ទះទី២របស់ខ្ញុំ ឬ Malaysia My Second Home (MM2H) ក៏មានគោលបំណងទាក់ទាញអ្នកវិនិយោគបរទេសផងដែរ”។

យោងតាមតួលេខរបស់ស្ថាប័ន Napic បង្ហាញទៀតថា ការលក់លំនៅដ្ឋាន ដែលមានតម្លៃចន្លោះពី៧០០.០០១រីងហ្គីតទៅ៨០០.០០០រីងហ្គីតក្នុងមួយយូនីតនៅទីក្រុង Johor បានកើនឡើងចំនួន៤៤% នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ការលក់ផ្ទះ ដែលមានតម្លៃចាប់ពី៩០០.០០១រីងហ្គីតទៅដល់១លានរីងហ្គីតបានកើនឡើងចំនួន៤៣ភាគរយនៅចន្លោះខែកក្កដាដល់ខែកញ្ញា ខណៈការលក់ផ្ទះ ដែលមានតម្លៃចាប់ពី៨០០.០០១រីងហ្គីតទៅ៩០មុឺនរីងហ្គីតក្នុងមួយយូនីត បានកើនឡើង៣៨%។

លោកស្រី Tan បានមានប្រសាសន៍ឱ្យដឹងថា “តម្លៃអចលនទ្រព្យនៅរដ្ឋ Johor អាចនឹងហក់ឡើងថ្លៃក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃតម្រូវការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រ”។

កត្តាសំខាន់ៗ ដែលជួយជំរុញតម្រូវការអចលនទ្រព្យរួមមាន ការសាងសង់ជិតរួចរាល់ទាំងស្រុងនៃគម្រោងប្រព័ន្ធដឹកជញ្ជូនឆាប់រហ័ស (RTS) ព្រមទាំងការប្រកាសបង្កើតតំបន់ហិរញ្ញវត្ថុពិសេស (SFZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី៕ប្រភព: The Star៕

ទីផ្សារ​លំនៅដ្ឋាន​នៅកូរ៉េខាងត្បូងដាំក្បាល​ចុះ​កាន់តែជ្រៅ បន្ទាប់​ពី​កើតមានចលាចលនយោបាយ

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ទីផ្សារអចលនទ្រព្យនៅប្រទេសកូរ៉េខាងត្បូងកំពុងឈានចូលដល់ដំណាក់កាលកាន់តែយ៉ាប់យ៉ឺនជាងមុន បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol ប្រកាសច្បាប់អាជ្ញាសឹក និងត្រូវបានបោះឆ្នោតលុបចោលវិញដោយសភាជាតិ។

ទោះបីជាច្បាប់អាជ្ញាសឹកមានរយៈពេលត្រឹមតែ៦ម៉ោងយ៉ាងណាក្តី ច្បាប់នេះបានបង្កក្តីព្រួយបារម្ភអំពីទីផ្សារលំនៅដ្ឋានក្នុងចំណោមអ្នកទិញ និងអ្នកអភិវឌ្ឍន៍ ដែលកាន់តែមានការមិនទុកចិត្តចំពោះស្ថិរភាពនៃគោលនយោបាយលំនៅដ្ឋាន និងអចលនទ្រព្យរបស់រដ្ឋាភិបាល។

យោងតាមរដ្ឋបាលទីក្រុងសេអ៊ូលបានឱ្យដឹងថា ទំហំនៃការទិញ-លក់អាផាតមុិននៅរដ្ឋធានីសេអ៊ូលបានបង្ហាញសញ្ញានៃការងើបឡើងវិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការលក់អាផាតមុិននៅខែតុលាបានកើនឡើងដល់ចំនួន៣.៧១៤យូនីត បើធៀបនឹងការលក់អាផាតមុិនចំនួន៣.១២៤យូនីតនៅខែកញ្ញា។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញអចលនទ្រព្យបានព្រមានចំពោះសកម្មភាពទីផ្សារក្នុងខែវិច្ឆិកានេះ ដោយសារផលប៉ះពាល់ពីការប្រកាសច្បាប់អាជ្ញាសឹកបានធ្វើឱ្យទំនុកចិត្តទីផ្សារធ្លាក់ចុះ ស្របពេលមានភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយប្រាក់កម្ចីទិញផ្ទះរបស់រដ្ឋាភិបាល។

ការទិញ-លក់អចលនទ្រព្យបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងខែសីហា នៅពេលដែលរដ្ឋាភិបាលបានអនុវត្តបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើប្រាក់កម្ចីទិញផ្ទះ។ ប៉ុន្តែ ការប្រកាសច្បាប់អាជ្ញាសឹកបានបង្កផលប៉ះពាល់បន្ថែមមួយកម្រិតទៀតដល់ទីផ្សារអចលនទ្រព្យ ដោយបង្ខំឱ្យវិនិយោគិនបន្តប្រកាន់យកវិធីសាស្រ្ត“រង់ចាំមើលស្ថានការណ៍”របស់ពួកគេ។

លើសពីនេះ ភាពមិនច្បាស់លាស់ជុំវិញគម្រោងកសាងឡើងវិញនូវអគារអាផាតមុិនចាស់ៗជាកត្តាមួយទៀត ដែលជះឥទ្ធិពលលើឥរិយាបទអ្នកទិញអចលនទ្រព្យនាពេលបច្ចុប្បន្ន ។

ក្រុមអ្នកជំនាញលើកឡើងថា “ប្រសិនបើលោកប្រធានាធិបតីបច្ចុប្បន្នត្រូវបានដកហូតតំណែង នោះគម្រោងកសាងឡើងវិញនូវអគារអាផាតមុិនចាស់ៗអាចបាត់បង់សន្ទុះក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្មី”៕ប្រភព: Korea Times ៕

តើប្រទេសវៀតណាម​អាចទទួល​បានផលប្រយោជន៍អ្វីខ្លះពីរដ្ឋបាលដឹកនាំអាណត្តិថ្មីរបស់​លោកដូណាល់ ត្រាំ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនទីផ្សារមូលធន KB Securities Vietnam (KBSV) បង្ហាញសុទិដ្ឋិនិយម​ថា​ បណ្តាក្រុមហ៊ុន​អាមេរិក​ និង​បណ្តាក្រុមហ៊ុន​មក​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្តរបស់​អាមេរិក​​ អាចនឹង​​បង្វែរមូលដ្ឋានផលិត​កម្ម​​​ទៅ​កាន់​ប្រទេស​វៀតណាម​ ក្នុង​អាណត្តិរបស់​លោក​ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ​ ​ ខណៈរដ្ឋបាលថ្មីរបស់លោកនឹង​បង្កើន​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​​រវាងអាមេរិក​ និងចិន​​។

យោងតាមកាសែត​ The Investor ​ បានរាយការណ៍ថា បណ្តាក្រុមហ៊ុន​សហគ្រាសមកពីប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​ត្រូវ​បាន​ព្យាករណ៍ថា​ នឹង​​​ផ្លាស់ប្តូរ​ផលិតកម្ម​របស់​ខ្លួន​ទៅកាន់ប្រទេសវៀតណាម។ ​នាពេល​បច្ចុប្បន្ន​ បណ្តាក្រុមហ៊ុន​មកពី​ប្រទេស​ទាំង​នេះ​ ​បាន​ចូលរួម​ចំណែក​ជាង​៥០ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ទៅ​កាន់​សហរដ្ឋអាមេរិក​។​

ស្ថាប័ន KBSV បានចង្អុលបង្ហាញថា ​ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​ ជា​មូលហេតុ​ ដែល​ជំរុញឱ្យបណ្តាក្រុមហ៊ុន​សាជីវកម្មពហុជាតិ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ដើម្បីបញ្ចៀសហានិភ័យ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគបានអះអាងថា និន្នាការនេះប្រហែលជាពុំមានទ្រង់ទ្រាយធំខ្លាំងដូចកាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែល​នៅពេលនោះ បណ្តាក្រុមហ៊ុនយក្សដូចជា Apple Intel Foxconn Lego និង Sumitomo Wiring Systems ផ្លាស់​ប្ដូរ​ទីតាំង​ផលិតកម្ម​ចេញពីប្រទេសចិន​នោះទេ​​។

ក្រុមអ្នកវិភាគបានបន្ថែមថា ឧស្សាហកម្មនាំចេញសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាម ជាពិសេសវាយនភណ្ឌ​ និងកាត់ដេរ អាចបង្កើនការប្រកួតប្រជែងជាមួយផលិតផលចិន នៅពេលនាំចេញទៅ​កាន់ទីផ្សារអាមេរិក។

ជាមួយ​គ្នានេះ ទោះបីជាសហរដ្ឋអាមេរិកអាចនឹង​ដាក់ពន្ធចាប់ពី១០ភាគរយទៅ២០ភាគរយ​ ​លើផលិតផលវាយនភណ្ឌរបស់វៀតណាមយ៉ាងណាក្តី ក៏​ផលប៉ះពាល់ជាក់ស្តែង​មានទំហំមិន​គួរ​ឱ្យព្រួយបារម្ភនោះទេ​ បើប្រៀបធៀបទៅនឹងពន្ធបច្ចុប្បន្នចន្លោះពី៨ភាគរយទៅ២៥ ភាគរយ​។

ម៉្យាងទៀត ការដាក់ពន្ធ​ចន្លោះ​ចន្លោះពី១០ភាគរយទៅ២០ភាគរយ​ អាច​​​​​នឹងធ្វើឱ្យវៀតណាមមានសមត្ថភាពប្រកួ​ត​ប្រជែង​ខ្លាំង​ជា​ង​អត្រា​ពន្ធ​ចំនួន៦០ភាគរយ​ ដែលលោក​ ​ត្រាំ​ បានគំរាម​ដាក់​លើ​ទំនិញចិន​។ ​យ៉ាងណា​មិញ​ វៀតណាម​ក៏នៅតែ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​បណ្តាប្រទេសផ្សេង​ទៀត​ផងដែរ។

ទោះ​ជាយ៉ាង​ណា​ក្តី ការដឹកនាំអាណត្តិថ្មីរបស់​លោក ត្រាំ​ អាចបង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ រួម​មាន​ដូចជា ការធ្លាក់ចុះនៃលំហូរ​វិនិយោគផ្ទាល់​ពី​ប្រទេស​ចិន​ ខណៈ​សហរដ្ឋ​អាមេរិក​ក៏អាច​នឹង​ដំឡើងពន្ធ​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​លើផលិតផល​វៀតណាម​ផងដែរ៕ប្រភព: The Investor៕

កំណើនទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទូទាំងពិភពលោកវ៉ាដាច់កំណើនសន្ទស្សន៍ផ្សារហ៊ុនសកល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារស្វីស UBS បានឱ្យដឹងថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីនៅទូទាំងពិភពលោកបានកើនឡើង១២១ភាគរយដល់ចំនួន១៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស UBS បានឱ្យដឹងបន្តថា ចំនួនមហាសេដ្ឋីបានកើនឡើងពី១.៧៥៧នាក់ ដល់ចំនួន២.៦៨២នាក់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

យោងតាមការបោះពុម្ពផ្សាយលើកទី១០ នៃរបាយការណ៍ក្រោមចំណងជើងថា “មហិច្ឆិតាមហាសេដ្ឋី”ប្រចាំឆ្នាំរបស់ធនាគារ UBS ដែលអង្កេតតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោក បានរកឃើញថា កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានវ៉ាដាច់កំណើនទីផ្សារភាគហ៊ុនពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។

លោក Benjamin Cavalli អ្នកជំនាញនៅធនាគារ UBS អះអាងថា របាយការណ៍នេះចងក្រងកំណើន និងការវិនិយោគទ្រព្យសម្បត្តិ ក៏ដូចជាវិធីសាស្ត្ររក្សាទុកទ្រព្យសម្បត្តិសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រើប្រាស់ដើម្បីជះឥទ្ធិពលវិជ្ជមានលើសង្គម។

នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២៤ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទូទាំងពិភពលោកបានកើនឡើង១២១ភាគរយពី៦,៣ទ្រីលានដុល្លារដល់ចំនួន១៤ទ្រីលានដុល្លារ ខណៈសន្ទស្សន៍ភាគហ៊ុនសកល MSCI AC World បានហក់ឡើង៧៣ភាគរយ។

ក្នុងចំណោមនោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យានៅទូទាំងពិភពលោកបានកើនឡើង៣ដងពី៧៨៨,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ចំនួន២,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤។

ធនាគារ UBS បានបន្ថែមថា“កាលពីប៉ុន្មានឆ្នាំមុន ក្រុមមហាសេដ្ឋីបានបោះទុនវិនិយោគលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទូទាត់តាមឌីជីថល។ ថ្មីៗ​នេះ ពួកគេ​បាន​បង្កើត​បច្ចេកវិទ្យា AI ជំនាន់​ថ្មី និង​អភិវឌ្ឍ​ន៍សុវត្ថិភាព​អុីនធឺណេត បច្ចេកវិទ្យា fintech ការ​បោះពុម្ព 3D និង​មនុស្សយន្ត​”៕ប្រភព: Inquirer.Net៕

ក្រុមអ្នកវិភាគ: ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ានចំនួន៤ បង្ហាញពីលទ្ធគាំពារនិយម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា ការដាក់ពន្ធដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកលើការនាំចូលបន្ទះស្រូបពន្លឺព្រះអាទិត្យពីបណ្តាប្រទេសអាស៊ានចំនួន៤ បានរំខានដល់ពាណិជ្ជកម្មពិភពលោក និងជះផលប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្តាប្រទេសក្នុងតំបន់។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធទៅលើការនាំចូលបន្ទះសូឡាពីប្រទេសម៉ាឡេស៊ី កម្ពុជា វៀតណាម និងថៃ ដោយចោទប្រកាន់ថា បណ្តាក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិននៅក្នុងប្រទេសទាំងនេះបានធ្វើឱ្យតម្លៃបន្ទះសូឡាធ្លាក់ចុះ។

លោកស្រី Lee Pei May អ្នកជំនាញខាងនយោបាយនៅសាកលវិទ្យាល័យអុីស្លាមអន្តរជាតិម៉ាឡេស៊ីបានថ្លែងប្រាប់កាសែត Xinhua ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលសហរដ្ឋអាមេរិកកាន់តែប្រកាន់ជំហរគាំពារនិយម។

លោកស្រីបន្តថា “រដ្ឋាភិបាលម៉ាឡេស៊ីយល់ឃើញថា យើងត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ហើយនេះជាហេតុផលមួយ ដែលម៉ាឡេសុីសម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិករបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន(BRICS)”។

លើសពីនេះ លោកស្រី Lee បានសម្តែងការហួសចិត្តចំពោះសហរដ្ឋអាមេរិក ដែលធ្លាប់អះអាងថា ខ្លួនជាអ្នកតស៊ូមតិនាំមុខគេដើម្បីស្វែងរកសកលភាវូបនីយកម្ម និងពាណិជ្ជកម្មសេរី។

អ្នកជំនាញរូបនេះជឿជាក់​ថា​ ប្រទេស​ចិន​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ពិភពលោក​ប្រកបដោយភាព​បើកចំហ​ និង​ភាពស្វាហាប់​ជាង​មុន ដោយ​សង្កត់ធ្ងន់​ឥតងាករេ​លើ​សារៈសំខាន់​នៃ​ការធ្វើពាណិជ្ជកម្ម​ដោយ​យុត្តិធម៌ និង​បើកចំហ​។

ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញការព្រួយបារម្ភអំពីទំនោររបស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយពាណិជ្ជកម្មទៅជាអាវុធនយោបាយ។

ជាមួយគ្នានេះ ចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពគាំពារនិយមរបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Azmi Hassan អ្នកស្រាវជ្រាវជាន់ខ្ពស់នៅស្ថាប័ន Nusantara Academy for Strategic បានអះអាងថា “វិធានការរបស់អាមេរិកពុំមែនជាសញ្ញាបង្ហាញពីភាពរឹងមាំទេ។ ប៉ុន្តែ នេះជាភាពទន់ខ្សោយ ដោយសារតែសហរដ្ឋអាមេរិកយល់ឃើញថា ខ្លួនពិបាកការពារសេដ្ឋកិច្ច និងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន”។

លោក​បាន​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បំពាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​បង្ក​ឡើង​ចំពោះ​បណ្តាប្រទេសដទៃ។

លោក Azmi បានអះអាងទៀតថា ប្រទេសម៉ាឡេស៊ី កំពុងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្ម និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ខណៈបណ្តាប្រទេសផ្សេងទៀតនឹងឈានដល់ការសន្និដ្ឋានដូចគ្នា និងចាត់វិធានការសមស្រប៕ប្រភព: Xinhua៕