ដំណឹងល្អៈ កម្ពុជាជាប់ចំណាត់ថ្នាក់ឈានមុខគេលើការអនុវត្ត គំរោងរេនបូកចំនួន១០

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គម្រោងរេដបូកយ៉ាងហោចណាស់១០ បានធ្វើឱ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក ហើយនាពេលអនាគត កម្ពុជានឹងទទួលបានមូលនិធិ៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបសំដែងការគួរសមនិង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត នាថ្ងៃ ពុធ​ ទី២៦ ខែមីនានេះ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានលើកឡើងថា “កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខ ក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក”។ នេះបើយោងតាមក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា។

លោករដ្ឋមន្រ្តី បានសំដែងសេចក្តីត្រេកអរ ចំពោះលទ្ធផល នៃការអនុវត្តគម្រោងរេដបូកទាំងនេះ ហើយក្រសួងបរិស្ថាន ក៏មានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជា ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

គម្រោងទាំងនោះ ទទួលបានការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូន យកមកអភិរក្សព្រៃឈើ និងអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។

លើសពីនោះ ក៏ទទួលបានបរិមាណឥណទានកាបូន សម្រាប់រាប់បញ្ចូលទៅក្នុងផែនការ នៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០”។

លោករដ្ឋមន្រ្តីអ៊ាង សុផល្លែតបានបញ្ជាក់ទៀតថា “ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែង ដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដបូកនៅកម្ពុជា”។

លោកបន្តថា លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន៤០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

យ៉ាងហោចណាស់ គម្រោងរេដបូក១០ កំពុងតែមានវត្តមាននៅកម្ពុជា។ ក្នុងនោះមានដូចជា គម្រោង​រេដបូកកែវសីមា ជួរភ្នំក្រវាញខាងត្បូង។ ទំរីង (Tumring REDD+Project), គម្រោង​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត តំបន់​ទេសភាព​វាល​ទំនាប​ខាង​ជើង ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និងដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស។ ទោះយ៉ាងណា គម្រោង​រេដបូកភាគច្រើន គឺ​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា និងវាយតម្លៃ​នៅ​ឡើយ។

គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានអនុវត្ត ចាប់ពីចុងឆ្នាំ២០២៣ លើផ្ទៃដី ជាង១៣ម៉ឺនហិកតា រវាងក្រសួងបរិស្ថាន និងអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC)។

ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) លោក ប៊ូ វរសក្ស បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ គម្រោងរេដបូកនេះ គឺកំពុងតែស្ថិតក្នុងដំណាក់កាលធ្វើសវនកម្ម ក្នុងជំហានចុងក្រោយ ដោយក្រុមហ៊ុនសវនកម្មឯករាជ្យមួយឈ្មោះថា SCS Global Services។

លោកបន្តថា ក្រោយពីធ្វើសវនកម្មរួច ក្រុមហ៊ុននេះ នឹងដាក់របាយការណ៍ជូន ភ្នាក់ងារឥណទានកាបូន VERRA។ VERRA គឺជាភ្នាក់ងារអន្តរជាតិឯករាជ្យ ដែលមានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព(Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ។

លោកបញ្ជាក់ថា “ប្រសិនបើការធ្វើសវនកម្មនេះ ទទួលបានជោគ​​ជ័យ នោះនឹងមានការចុះមកផ្ទៀងផ្ទាត់។ នៅឆ្នាំ២០២៦ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ  យើងនឹងបញ្ចេញកាបូនជាលើកទី១”។

ក្រសួងបរិស្ថាន ក៏បានឱ្យដឹងផងដែរថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេស ពីអង្គការអន្តរជាតិពាក់ព័ន្ធ។

ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។

ជាងនេះទៅទៀត ក្រសួងបរិស្ថាន កំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា “ស្ថាប័នមានសម្បទាAccredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ដោយសារកំណើននៃការវិនិយោគទៅលើមាសដើម្បីការពារហានិភ័យ ក្នុងអំឡុងពេលសេដ្ឋកិច្ចរបស់ពិភពលោកងាយរងគ្រោះពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៨ភាគរយដល់៣០៧៣,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៧ភាគរយដល់៣០៨២,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៧,១ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៤,៣១ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៤,៣៣ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥២ភាគរយដល់៣៥,២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៤១ភាគរយដល់១០០៤,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៩ភាគរយដល់៩៨៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

តម្លៃផ្ទះជាមធ្យមនៅក្នុងសង្កាត់ចំនួន៣របស់រដ្ឋធានីសេអ៊ូលបានហក់ឡើងខ្ពស់កប់ពពក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Yonhap បានរាយការណ៍ថា តម្លៃផ្ទះនៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែកុម្ភៈបានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក។

តម្លៃផ្ទះនៅក្នុងរដ្ឋធានីមួយនេះបានកើនឡើង០,១៨ភាគរយក្នុងខែកុម្ភៈ បើធៀបនឹងខែមករា។តួលេខនេះជាអត្រាកំណើនប្រចាំខែខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ (REB)។

ដើម្បីជំរុញសន្ទុះនៃការលក់លំនៅដ្ឋាន រដ្ឋបាលទីក្រុងសេអ៊ូលបានសម្រេចដកហូតសង្កាត់ Gangnam សង្កាត់ Seocho និងសង្កាត់ Songpa របស់រដ្ឋធានីសេអ៊ូលចេញពីប្រព័ន្ធអនុញ្ញាតប្រតិបត្តិការដីធ្លី(LTP)នៅថ្ងៃទី១២ ខែកុម្ភៈ។ ប៉ុន្តែ នៅថ្ងៃទី២៤ ខែមីនា សង្កាត់ទាំង៣នេះត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ LPT វិញ។

បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីប្រព័ន្ធ LPT នេះបានជាង១ខែ តម្លៃផ្ទះនៅសង្កាត់ Songpa បានកើនឡើង០,៩៤ភាគរយ ខណៈតម្លៃផ្ទះនៅសង្កាត់ Seocho បានកើនឡើង០,៧៤ភាគរយ។ រីឯ តម្លៃផ្ទះនៅសង្កាត់ Gangnam បានកើនឡើង០,៦៨ភាគរយនៅក្នុងខែកុម្ភៈ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃលក់ជាមធ្យមសម្រាប់អាផាតមុិនទំហំ៨៤ម៉ែត្រការ៉េនៅសង្កាត់ទាំង៣នេះបានកើនឡើងដល់ទំហំទឹកប្រាក់លើសពី២ពាន់លានវ៉ុន(ប្រហែល១,៣៦លានដុល្លារអាមេរិក)។

បណ្តាធនាគារក្នុងស្រុកបានផ្តល់ប្រាក់កម្ចីប្រមាណ៧៨៧,៣៤ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ កើនឡើង២,២៥ពាន់លានដុល្លារបើធៀបនឹងខែមករា។តួលេខនេះជាការកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ខែ។

ប្រព័ន្ធអនុញ្ញាតប្រតិបត្តិការដីធ្លី(LTP) ជាប្រព័ន្ធ ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគត្រូវស្នើសុំការយល់ព្រមពីសាលាក្រុងសេអ៊ូល មុននឹងអាចទិញដីធ្លី។ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលដៅទប់ស្កាត់ការទិញដីស្តុកទុកសម្រាប់លក់យកប្រាក់ចំណេញ៕ប្រភព: Yonhap៕

ក្រុងឆាងវ៉ុនបង្ហាញបំណងបង្កើនកិច្ចសហការក្នុងវិស័យវិនិយោគនៅខេត្តព្រះសីហនុ

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានអញ្ជើញជាតំណាងលោកអភិបាល ដឹកនដឹកនាំគណៈប្រតិភូខេត្ត ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាង គុមយ៉ុង (Jang Kum-Yung) អភិបាលរងក្រុង ឆាងវ៉ុន នៅសាលាក្រុងឆាងវ៉ុន។

ជាកិច្ចចាប់ផ្តើម លោកអភិបាលរងបានថ្លែងអំណរគុណ ដល់ការរៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ការអបអរសាទរពិធីបុណ្យផ្កាប្រចាំឆ្នាំ ជីនហេគុងហាំងជេ លើកទី៦៣ ព្រមទាំងសម្តែងសមានចិត្ត និងក្តីព្រួយបារម្ភអំពីស្ថានភាពភ្លើងឆេះព្រៃ ដែលប្រជាជនកូរ៉េកំពុងប្រឈម។

ឆ្លៀតក្នុងឱកាសនោះ បន្ថែមពីលើកិច្ចសហការផ្នែកវប្បធម៌ លោ​កអភិបាលរងបានស្នើឱ្យទីក្រុងឆាងវ៉ុន ដែលជាទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុតាំងពីឆ្នាំ២០១៧ ពិនិត្យលទ្ធភាពពង្រឹងកិច្ចសហការលើផ្នែកសេដ្ឋកិច្ច និងវិនិយោគ និងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។

ជាការឆ្លើយតប លោកអភិបាលរងក្រុងឆាងវ៉ុន បានលើកឡើងថា​ ថ្មីៗនេះវិនិយោគិនកូរ៉េ មាននិន្នាការវិនិយោគក្រៅប្រទេស នៅប៉ែកអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា៕

ការវិនិយោគ និងទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនរំពឹងបន្តកើនឡើងនៅឆ្នាំ២០២៥ ខណៈប្រធានាធិបតីចិនគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងខែមេសា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសចិនបានគ្របដណ្តប់ចំណែកជិត៨០ភាគរយនៃលំហូរវិនិយោគផ្ទាល់ពីបរទេសសរុបចូលមកកាន់កម្ពុជាគិតត្រឹមរយៈពេល២ខែដំបូងនៃឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីការបោះជំហានសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំង។

តំបន់សេដ្ឋកិច្ចពិសេស (SEZs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនចិន ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរកាន់តែខ្លាំងក្លានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន China Global South។

ស្ថិរភាពនយោបាយ និងភាពធន់នៃកំណើនសេដ្ឋកិច្ចពិភពលោកបានជះឥទ្ធិពលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២៤ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ៨៥០លានដុល្លារ។

តំបន់សេដ្ឋកិច្ចពិសេសបានលើកកម្ពស់ការប្រកួតប្រជែង ការបង្កើនផលិតភាព និងការពង្រីកទីផ្សារនាំចេញ តាមរយៈការផ្លាស់ប្តូរឧស្សាហកម្មកម្ពុជាពី វិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាវិស័យដែលមានបច្ចេកវិទ្យា ជំនាញ និងតម្លៃបន្ថែមខ្ពស់។

ភាពជាដៃគូសេដ្ឋកិច្ចរវាងចិន និងកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលជំរុញដោយពាណិជ្ជកម្ម ការវិនិយោគជាយុទ្ធសាស្ត្រ និងឱកាស។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេរភាគីប៉ុណ្ណោះទេ។ប៉ុន្តែ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងវិបុលភាពទៅវិញទៅមក។

ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិននៅតែមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ស្របពេលដែលទំនាក់ទំនងទ្វេរភាគីមួយនេះកាន់តែមានភាពស៊ីជម្រៅ កម្ពុជា និងចិនកំពុងដើរលើផ្លូវឆ្ពោះទៅកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយមហិច្ឆតា ក្នុងគោលដៅប្រែក្លាយកម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

នៅក្នុងបរិបទនេះ សក្តានុពលនៃទីផ្សារដ៏ធំធេង និងអំណាចនៃការទិញយ៉ាងរឹងមាំរបស់ប្រជាជនចិនសរុបចំនួនជាង១,៤ពាន់លាននាក់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញភាពរីកចម្រើនរបស់កម្ពុជា។

ពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិន ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥។ ការណ៍នេះសរបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃភាពជាដៃគូរវាងកម្ពុជា និងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេលំដាប់ទី២របស់ពិភពលោក។

លើសពីនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២នៅកម្ពុជានៅក្នុងខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋលើកទី១កាលពីឆ្នាំ២០១៦។

ទំនាក់ទំនងកម្ពុជា-ចិនត្រូវបានពង្រីកពីមួយជំនាន់ទៅមួយជំនាន់ ហើយបន្តវិវត្តន៍ទៅជាមិត្តភាពដ៏រឹងមាំ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការរួមរស់ដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង៕ប្រភព: China Global South៕

រដ្ឋាភិបាលកសាងសមត្ថភាពរៀបចំដែនដី និងបណ្តុះគំនិតជាតិនិយម

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្តើមចេញពីការរៀបចំដែនដី នគរូបនីយកម្ម ក្រសួងរៀបចំដែនដីកំពុងធ្វើកិច្ចការជាច្រើន ដើម្បីលើកកំពស់វុបុលភាព និងគំនិតជាតិនិយម។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ មិនាថា នេះជាពេលវេលាសម្រាប់តម្រង់ទិស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះ ក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃការរីកលូតលាស់ និងការរស់រានមានជីវិតរបស់កម្ពុជា។

 លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ។

លោកសាយ សំអាល់បានបញ្ជាក់ថា គម្រោងនេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការចំនួន២សំខាន់ គឺ៖ ការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេ​ញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតឱ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់ អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា៕

ក្រុមហ៊ុនលក់រាយយក្ស Frasers Group របស់អង់គ្លេសគ្រោងនាំយកម៉ាកយីហោដ៏ល្បីមកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនលក់រាយខ្នាតយក្ស ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស Frasers Group បានបង្ហើបផែនការក្នុងការពង្រីកការបោះជំហានជាសកលសម្រាប់ម៉ាកយីហោ Sports Direct ដ៏ល្បីល្បាញរបស់ខ្លួន។

យោងតាមសារពត៌មាន Yahoo បានចុះផ្សាយថា ក្រុមហ៊ុន Frasers Group គ្រោងនឹងនាំយកម៉ាកយីហោ Sports Direct ចូលទៅក្នុងបណ្តាប្រទេសចំនួន៥ នៅតំបន់អាសុី រួមមានទាំងកម្ពុជា ឥណ្ឌា ហ្វីលីពីន ថៃ និងវៀតណាម ។

ក្រុមហ៊ុនលក់រាយខ្នាតយក្ស Frasers Group ក៏នឹងពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនចែកចាយសម្ភារៈកីឡា និងម៉ូដទាន់សម័យ MAP Active ក្នុងគោលបំណងដើម្បីសម្របសម្រួលដល់ដំណើរការពង្រីកម៉ាកយីហោរបស់ខ្លួន។

កិច្ចសហការនេះត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Frasers Group អាចប្រើប្រាស់បណ្តាញចែកចាយដែលមានស្រាប់របស់ក្រុមហ៊ុន MAP Active និងទទួលបានចំណេះដឹងស៊ីជម្រៅអំពីនិន្នាការទីផ្សារក្នុងស្រុករបស់បណ្តាប្រទេសនីមួយៗ។

ក្រុមហ៊ុន MAP Active ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលក់រាយ PT Mitra Adiperkasa Tbk របស់ឥណ្ឌូនេសុី ដោយគ្រប់គ្រងម៉ាកយីហោផ្តាច់មុខជាង៤០ប្រភេទតាមរយៈហាងចំនួន១.៨៧១ទីតាំង និងវេទិកាអនឡាញចំនួន៣០។

លោក VP Sharma នាយកប្រតិបត្តិក្រុមហ៊ុន PT Mitra Adiperkasa បានលើកឡើងថា “យើងមានមោទនភាពក្នុងការពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន Frasers Group ដោយប្រើប្រាស់បណ្តាញចែកចាយ និងសេវាកម្មរបស់យើងដើម្បីនាំយកផលិតផលលំដាប់ថ្នាក់ពិភពលោករបស់ម៉ាកយីហោ Sports Direct ទៅកាន់អតិថិជននៅទូទាំងតំបន់អាស៊ី”។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Frasers បានឈានជើងចូលទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិកខាងជើង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលមួយទសវត្សរ៍ជាមួយក្រុមហ៊ុន GMG ។

លោក Michael Murray នាយកប្រតិបត្តិ Frasers Group បានអះអាងថា “យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការពង្រីកបន្ថែមទៀតនូវភាពជាដៃគូជាមួយក្រុមហ៊ុន MAP Active ដើម្បីឈានជើងទៅកាន់ទីផ្សារថ្មីចំនួន៥ ដែលយើងសម្លឹងឃើញសក្តានុពលរយៈពេលវែង”៕ប្រភព: Yahoo៕

រដ្ឋាភិបាលថៃគ្រោងបង្កើតគណៈកម្មការមួយដើម្បីពន្លឿនគម្រោងយក្ស Land Bridge តម្លៃ២៩ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងខ្នាតយក្ស Land Bridge ដែលតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងកំពង់ផែតម្លៃ២៩ពាន់លានដុល្លារនេះនឹងអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញនានាអាចបញ្ចៀសការធ្វើដំណើរតាមច្រកសមុទ្រម៉ាឡាការវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

ដើម្បីជំរុញឱ្យគម្រោងនេះអាចបោះជំហានទៅមុខ រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន សុីណាវ៉ាត់ បានរៀបចំសេចក្តីព្រាងច្បាប់ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ក្នុងគោលដៅត្រួសត្រាយផ្លូវសម្រាប់ការសាងសង់គម្រោង។

តាមរយៈសេចក្តីព្រាងច្បាប់នេះ គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងពន្លឿនការអភិវឌ្ឍន៍តំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង(SEC)នៅក្នុងខេត្ត Chumphon ខេត្ត Ranong ខេត្ត Suratthani និងខេត្ត Nakhon Si Thammarat ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនថៃ ដែលដកស្រង់ដោយកាសែត Bloomberg ។

រដ្ឋាភិបាលថៃគ្រោងសាងសង់ផ្លូវដែកចម្ងាយ១០០គីឡូម៉ែត្រ ដើម្បីកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាសុីហ្វិក ដោយ មិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។

គម្រោង Land Bridge គ្រោងបញ្ចប់ការសាងសង់រួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈអ្នកវិនិយោគបរទេសនឹងអាចកាន់កាប់ចំណែកភាគហ៊ុនជាង៥០ភាគរយនៃការបណ្តាក់ទុនរួមគ្នាជាមួយបណ្តាក្រុមហ៊ុនថៃក្នុងស្រុកដើម្បីសាងសង់ផ្លូវដែក។

គម្រោង Land Bridge ជាការសាងសង់ផ្លូវដែក និងផ្លូវហាយវេដើម្បីតភ្ជាប់កំពង់ផែទឹកជ្រៅនៅខេត្ត Chumphon នៃឈូងសមុទ្រថៃ ដែលជាផ្នែកមួយរបស់មហាសមុទ្រប៉ាសុីហ្វិក ជាមួយកំពង់ផែនៅខេត្ត Ranong នៃសមុទ្រ Andaman ដែលជាផ្នែកមួយរបស់មហាសមុទ្រឥណ្ឌា៕ប្រភព: TradeWinds៕

Sports Direct to expand into Southeast Asia including Cambodia

UK-based retail giant Frasers Group has unveiled plans to expand the global footprint of its Sports Direct brand with 350 stores across India and Southeast Asia.

The retailer is expanding its partnership with sports and fashion distributor MAP Active to facilitate this growth.

The ambitious rollout will mark Sports Direct’s entry into five new territories: India, the Philippines, Thailand, Vietnam and Cambodia.

Frasers also aims to strengthen Sports Direct’s presence in Indonesia.

The collaboration is set to leverage MAP Active’s established infrastructure and in-depth knowledge of local markets.

MAP Active, a subsidiary of PT Mitra Adiperkasa Tbk, manages more than 40 exclusive brands through 1,871 stores and 30 online platforms.

PT Mitra Adiperkasa Tbk CEO VP Sharma stated: “We are proud to deepen our partnership with Frasers Group, leveraging our extensive retail network and outstanding service to bring Sports Direct’s world-class offerings to customers across southern Asia. Our shared vision for excellence in sports retail will enable us to create immersive brand experiences, drive engagement and set new standards for the industry in this vibrant region.”

Frasers Group CEO Michael Murray stated: “We’re excited to announce further expansion of our successful partnership with MAP Active to five dynamic new markets where we see potential for long-term growth. Building on Sports Direct’s proven sports retail proposition and MAP Active’s market expertise, we look forward to growing our footprint and offering best-in-class brands to consumers in the region.”

Source: Yahoo

សិង្ហបុរីគ្រោងសាងសង់សណ្ឋាគារដែលមានតម្លៃស្នាក់នៅខ្ពស់កប់ពពក និងរមណីយដ្ឋានជិះស្គីទឹកកកនៅប្រទេសជប៉ុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងបោះទុនវិនិយោគចំនួន១,៤ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់រមណីយដ្ឋានជិះស្គីដ៏ធំនៅតំបន់ខ្ពង់រាប Myoko របស់ប្រទេសជប៉ុន ដែលមានព្រិលធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Patience Capital Group គ្រោងសាងសង់អគារសណ្ឋាគារចំនួន២នៅតំបន់មួយនេះ ដែលនឹងមានតម្លៃស្នាក់នៅខ្ពស់កប់ពពកចំនួន១.៣៥០ដុល្លារអាមេរិកក្នុងមួយយប់។

គម្រោងនេះនឹងបង្កើតឱកាសការងារចំនួន១.០០០កន្លែង និងជំរុញវិស័យទេសចរណ៍របស់ប្រទេសជប៉ុនក្នុងរដូវរងារ។ប៉ុន្តែ ប្រជាជនមូលដ្ឋាន ដែលរស់នៅក្នុងតំបន់ Myoko បានបង្ហាញក្តីបារម្ភថា គម្រោងដែលមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកនេះអាចបំផ្លិចបំផ្លាញវប្បធម៌ប្រពៃណីរបស់ពួកគេ។

កន្លងមក ផ្ទះសំណាក់ តំបន់ជិះស្គី និងភោជនីយដ្ឋានជាច្រើននៅទីក្រុង Akakura ដែលទីក្រុងមួយក្នុងចំណោមទីក្រុងរមណីយដ្ឋានជិះស្គីធំៗចំនួន៥ នៅក្នុងតំបន់ Myoko ត្រូវបានជនបរទេសទិញយក។

ប៉ុន្តែ​ បណ្តាជនបរទេសទាំងនោះ​ចាប់​អារម្មណ៍​តែ​លើ​ព្រិល​ប៉ុណ្ណោះ ហើយ​នៅពេល​ដែល​ព្រិលរលាយ​អស់ អាជីវកម្ម​ទាំង​នោះ​ក៏​បិទទ្វារដែរ។ ការណ៍នេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ នៅពេលរដូវរងារកន្លងផុតទៅ។

តំបន់រមណីយដ្ឋានជិះស្គីនៅលើព្រិលទឹកកកជាផ្នែកមួយដ៏ធំក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍របស់ប្រទេសជប៉ុន ស្របពេលតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍បរទេស៕ប្រភព: CNA៕