តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលមានការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលរបាយការណ៍ស្តីពីការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៧ភាគរយមកនៅត្រឹម៣២៩៧,១៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១១ភាគរយដល់៣២៩៦,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,៧៦ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៥២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២២ភាគរយដល់៣៣,៣៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣១ភាគរយដល់១.០៧៦ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៧ភាគរយដល់៩៧៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

តើផ្លូវជាតិលេខ៧១C តភ្ជាប់ពីតំបន់ណាទៅតំបន់ណា?

ដោយៈ និស្ស័យ

    ភ្នំពេញៈ ផ្លូវជាតិដ៏សំខាន់នេះ ទើបបានបើកសម្ភោធជាផ្លូវការកាលពីពេលថ្មីៗនេះ ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

តើផ្លូវជាតិនេះ ដើរតួនាទីសំខាន់បែបណាក្នុងចរន្តសេដ្ឋកិច្ចជាត? យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំង ភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។

នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧១C បាន និងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅខេត្ត ត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹក ជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

ផ្លូវជាតិលេខ៧១C មានប្រវែង ១១៤,៦២គីឡូម៉ែត្រ តភ្ជាប់ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥៕

លោកឌិត ចណ្ណាៈ ស្ថានភាពទីផ្សារអចលនទ្រព្យមានសកម្មភាពច្រើនជាងគេនៅភាគខាងត្បូងរាជធានី

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថាស្ថានភាពទីផ្សារអចលនវត្ថុម្ពុជាបាននិងកំពុងមានសភាពប្រសើរឡើង ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនLucky Realty លោកឌិត ចណ្ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ទីផ្សារអចលនទ្រព្យចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ពិសេសតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយមានអ្នកវិនិយោគទាំងខ្មែរ និងបរទេស ពិសេសជនជាតិចិនបានឆ្ពោះទៅកាន់តំបន់នោះ។

លោកបញ្ជាក់ថា “មូលហេតុដែលតំបន់ភាគខាងត្បូងរាជធានីមានសកម្ម​ភាពគួរឲ្យចាប់អារម្មណ៍ជាងគេ ដោយសារជាតំបន់ព្រលានថ្មី ដែលបើកដំណើរការឆាប់ៗនេះ ជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ”។ លោកបន្តថា “ការជីកព្រែកហ្វូណនតេជោ និងការបើកដំណើរការព្រលានយន្តហោះថ្មី នឹងធ្វើឲ្យលំនៅដ្ឋាន រផងចក្រ សហគ្រាសកាន់តែច្រើនរីកទៅកាន់តំបន់នោះ”។

លោកឌិត ចណ្ណាបានបន្តថា ទោះជាយ៉ាងណា តម្លៃដីធ្លីមិនទាន់ហក់ឡើងនៅឡើយទេ វាត្រូវការពេលវេលាបន្ថែមទៀត ប៉ុន្តែប្រសិនជាសកម្មភាពទិញ ដូរកាន់តែសកម្ម ស្ថានភាពតម្លៃដីធ្លី និងអចលនទ្រព្យ នៅភាគខាងត្បូង នឹងមានសញ្ញាវិជ្ជមានកាន់តែច្រើនបន្ថែមទៀត៕

សមាគមចិនធំមួយនឹងរួមចំណែកទាក់ទាញអ្នកធុរកិច្ចចិនមក វិនិយោគនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា បាននិងកំពុងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងចូលរួមទាក់ទាញអ្នកធុរកិច្ចចិន មកវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។

ព័ត៌មាននេះ ត្រូវបានបង្ហាញក្នុងពេលលោកជា វុទ្ធី អគ្គលេខា​ធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធជាផ្លូវការសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្យ។

លោកបន្តថា “សមាគមនេះនឹងមានបេសកកម្ម រួមចំណែកជា​មួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកៀរគរធុរជន និងវិនិយោគិនមកពីខេត្តហ៊ូប៉ី ក៏ដូចជា ខេត្តផ្សេងៗទៀតនៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យមកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា”។

លោកអគ្គលេខាធិការបានលើកឡើង ពីចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយដែលបច្ចុប្បន្ន កម្ពុជា-ចិន បានឈានដល់កម្រិត ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្យ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយ។

ជាមួយគ្នានេះ លោកជា វុទ្ឋីបានជម្រាបជូនអង្គពិធីពីស្ថានភាពល្អប្រសើរនៃការវិនិយោគនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈកំណើ​នវិនិយោគដ៏គំហុគក្នុងឆ្នាំ២០២៤ និងក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥​។

ទន្ទឹមនឹងនេះ បានលើកទឹកចិត្តដល់សមាគម ក្នុងការបន្តចែករំលែកនូវបទពិសោធន៍ជោគជ័យ របស់បណ្តាក្រុមហ៊ុនមកខេត្តហ៊ូប៉ីដែលបានវិនិយោគនៅកម្ពុជា កន្លងមកឱ្យបានទូលំទូលាយ ដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដែលពោរពេញទៅដោយថាមវន្ត និងភាពប្រកួតប្រជែងខ្ពស់។

លោកអគ្គលេខាធិការបានអំពាវនាវ ដល់វិនិយោគិនចិនដទៃទៀតដែលមិនទាន់មកកម្ពុជា សូមអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបត្តិការ ដ៏ស្អិតល្មួតនៃប្រទេសទាំងពីរកម្ពុជា-ចិន៕

ក្រុមហ៊ុនផលិតរថយន្តដឹកប្រេងឥន្ធនៈចាក់យន្តហោះរបស់ថៃ BAFS គ្រោងពង្រីកខ្លួនមកកាន់កម្ពុជា

ដោយ: គង់ លាងហួរ
បាងកក: ក្រុមហ៊ុន Bangkok Aviation Fuel Services (BAFS) ដែលមានជំនាញខាងសេវាកម្មឥន្ធនៈអាកាសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ថៃគ្រោងពង្រីកខ្លួននៅក្រៅប្រទេស ដែលក្នុងនោះអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជា ជាទីផ្សារគោលដៅបន្ទាប់របស់ខ្លួនក្នុងតំបន់អាស៊ាន។

លោក ML Nathasit Diskul ប្រធានក្រុមហ៊ុន BAFS បានអះអាងថា ក្រុមហ៊ុនកំពុងពង្រីកខ្លួនយ៉ាងសកម្មទៅក្នុងទីផ្សារអន្តរជាតិ ដោយផ្តល់រថយន្តដឹកប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះចំនួន៧គ្រឿង និងរថយន្តជំនួយដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា ដោយសំដៅលើអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។

ក្រុមហ៊ុន BAFS បានបើកដំណើរការអាជីវកម្មរថយន្តដឹកប្រេងឥន្ធនៈចាក់យន្តហោះនៅបរទេសតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Bafs Intech Co.។ក្រុមហ៊ុន BAFS Intech មានជំនាញក្នុងការរចនា ផលិត និងការផ្គុំរថយន្តដឹកប្រេងចាក់យន្តហោះ និងរថយន្តជំនួយសម្រាប់ប្រតិបត្តិការអាកាសយានដ្ឋាន។

ក្រុមហ៊ុនគ្រោងនឹងវាយលុកទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លា តាមរយៈការផលិតរថយន្តដែលមានសមត្ថភាពខ្ពស់ ស្របតាមតម្រូវការអាកាសយានដ្ឋាននានានៅតំបន់អាស៊ី។ លោក ML Nathasit បានមានប្រសាសន៍ឱ្យដឹងថា “យើងមានបំណងពង្រីកទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ក្នុងរយៈពេល៥ឆ្នាំខាងមុខ”។

ក្រុមហ៊ុន BAFS បានដាក់ក្តីរំពឹងថា ការលក់ប្រេងឥន្ធនៈរបស់ខ្លួននៅប្រទេសថៃនឹងកើនឡើង៨ភាគរយ នៅឆ្នាំនេះដល់ចំនួន៥,៤ពាន់លានលីត្រ ដែលនឹងត្រូវបានជំរុញដោយកំណើនរបស់វិស័យទេសចរណ៍ និងភាពល្អប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រលានយន្តហោះ៕

សន្ទុះនៃការលក់ក្នុងទីផ្សារលំនៅដ្ឋាននៅសិង្ហបុរីបង្ហាញសញ្ញានៃការធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់លើការលក់លំនៅដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីនារយៈពេលប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវនៅខែឧសភាចេញផ្សាយដោយក្រុមហ៊ុន Savills Singapore ។

លោក Alan Cheong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Savills Singapore បានលើកឡើងថា “ខណៈសង្រ្គាមពន្ធបានបង្កើនភាពមិនច្បាស់លាស់ដល់បរិយាកាសសេដ្ឋកិច្ច អ្នកទិញផ្ទះអាចមានការប្រុងប្រយ័ត្ន មុនពេលសម្រេចចិត្តទិញផ្ទះ” ។

លោក Alan Cheong បានមានប្រសាសន៍ឱ្យដឹងបន្តថា “ការប្រុងប្រយ័ត្ននេះអាចនឹងនាំឱ្យការលក់លំនៅដ្ឋានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធ្លាក់ចុះនាពេលខាងមុខ”។

សន្ទុះនៃការ​លក់​នៅ​ក្នុង​ទីផ្សារ​លំនៅដ្ឋាន​ឯកជន​របស់សិង្ហបុរីបាន​ធ្លាក់​ចុះ​រួច​ទៅហើយ​ នៅមុន​ពេល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ​បដិការកាលពីខែមេសា។ តួយ៉ាង ការបើកដំណើរការលក់ផ្ទះថ្មីបានធ្លាក់ចុះ៨,៤ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណៈពេលដែលការលក់ផ្ទះថ្មីបានធ្លាក់ចុះ១,៣ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ ការលក់ផ្ទះប្រភេទទី២ បានថយចុះ២ត្រីមាសជាប់ៗគ្នា ដោយបានធ្លាក់ចុះ៣,២ភាគរយបន្ថែមទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២៥។ ក្រុមហ៊ុន Savills បានកត់សម្គាល់ថា ស្របពេលដែលការលក់ផ្ទះថ្មី និងការលក់ផ្ទះប្រភេទទី២បានធ្លាក់ចុះ ការលក់លំនៅដ្ឋានមិនជាប់ដី (Non-landed) ក៏បានធ្លាក់ចុះជាលើកដំបូងផងដែរ បន្ទាប់ពីកើនឡើង៣ត្រីមាសជាប់ៗគ្នា។

ការទិញលំនៅដ្ឋានមិនជាប់ដី ដូចជា ខុនដូ ដោយប្រជាជនសិង្ហបុរីបានធ្លាក់ចុះ២,៦ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនមកនៅត្រឹម៥.៦៩៩យូនីតក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៥ ខណៈការទិញលំនៅដ្ឋានមិនជាប់ដីដោយជនបរទេសបានដាំក្បាលចុះ១៧,៦ភាគរយមកនៅត្រឹមតែ៧០យូនីតប៉ុណ្ណោះក្នុងអំឡុងពេលដូចគ្នានេះ៕ប្រភព: Edgeprop៕

អ្នកវិនិយោគចិនបណ្តាក់ទុនទិញអគារខុនដូនៅក្នុងទីក្រុងដ៏ធំមួយនៅតំបន់មជ្ឈិមបូព៌ា

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅក្នុងទីក្រុងឌូបៃ និងទីក្រុងអាប៊ុយដាប៊ីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) កំពុងទាក់ទាញចំណាប់អារម្មណ៍ និងលំហូរដើមទុនវិនិយោគកាន់តែច្រើនពីបណ្តាអ្នកវិនិយោគនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន Gaw Capital ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានបោះទុនជាង១៥០លានដុល្លារអាមេរិកលើអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងអាប៊ុយដាប៊ីកាលពីពេលថ្មីៗនេះ។ក្រុមហ៊ុនចិន Black Spade Capital ក៏បានបោះទុនក្នុងក្រុមហ៊ុនឈ្មួញជើងសារអចលនទ្រព្យ IFCX ដោយផ្តោតលើការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យ រួមទាំងនៅតំបន់មជ្ឈឹមបូព៌ាផងដែរ។

ទន្ទឹមនឹងនេះ ការសាកសួររបស់អតិថិជនចិនចំពោះការទិញអចលនទ្រព្យនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានហក់ឡើង២៨ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ Juwai IQI ។

ប្រភពទិន្នន័យខាងលើបានបង្ហាញថា បណ្តាវិនិយោគិនបរទេសបានទិញអចលនទ្រព្យក្នុងទំហំទឹកប្រាក់សរុបជាង២ពាន់លានដុល្លារអាមេរិកក្នុងទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ក្នុងឆ្នាំ២០២៤ ហក់ឡើង១២៥ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្រុមហ៊ុន Juwai IQI បានបញ្ជាក់ថា ប្រទេសចិនជាប្រភពដើមទុនវិនិយោគកំពូល រួមជាមួយនឹងសហរដ្ឋអាមេរិក អង់គ្លេស បារាំង កាហ្សាក់ស្ថាន និងប្រទេសរុស្ស៊ី។

ក្រុមហ៊ុន Gaw Capital បានបោះទុនវិនិយោគដើម្បីទិញអគារខុនដូមួយនៅក្នុងគម្រោងមានដង់ស៊ីតេទាប “Mamsha Gardens”ស្ថិតនៅលើកោះ Saadiyat នៅក្នុងទីក្រុងអាប៊ុយដាប៊ី ដែលគម្រោងនេះមានអគារខុនដូសរុបទាំងអស់ចំនួន៧។

លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Juwai IQI បានអះអាងថា ក្រុមហ៊ុន Gaw Capital បានទិញអគារនោះពីក្រុមហ៊ុន Aldar ដែលជាអ្នកអភិវឌ្ឍន៍ធំជាងគេនៅទីក្រុង Abu Dhabi៕ប្រភព: SCMP៕

តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះរបស់ប្រាក់ដុល្លារ និងការព្រួយបារម្ភលើទស្សនវិស័យសារពើពន្ធរបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យសេដ្ឋកិច្ចបន្ថែមទៀតរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹមប្រមាណ៣.៣៤២ដុល្លារក្នុងមួយអោន។ ប៉ុន្តែ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៦ភាគរយដល់៣៣៤៣,៦០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,៩១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,១១ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៣៥ភាគរយដល់៣៣,៤៩ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៤៧ភាគរយដល់១០៨៣,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៧៣ភាគរយដល់៩៨៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេទាំង៤ នៅហ្វីលីពីនជួយជំរុញការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន S&P Global Ratings បានអះអាងថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទាំង៤ របស់ប្រទេសហ្វីលីពីនកំពុងជំរុញការស្ទុះងើបឡើងវិញនៃទីផ្សារ ដោយងាកទៅសាងសង់គម្រោងលំនៅដ្ឋានថ្លៃៗសម្រាប់លក់ទៅឱ្យអតិថិជន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

ទីភ្នាក់ងារវាយតម្លៃឥណទានខាងលើបានព្យាករណ៍ថា ក្រុមហ៊ុន Ayala Land Inc ក្រុមហ៊ុន Megaworld Corp ក្រុមហ៊ុន Robinsons Land Corp និងក្រុមហ៊ុន SM Prime Holdings Inc. នឹងបង្កើនការវិនិយោគរបស់ពួកគេនៅក្នុងគម្រោងលំនៅដ្ឋានថ្លៃកប់ពពកក្នុងរយៈពេលពី១ឆ្នាំទៅ២ឆ្នាំខាងមុខ។

ប្រសិនបើបូកសរុបបញ្ចូលគ្នា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សទាំង៤នេះ គ្របដណ្តប់ចំណែក៦០ភាគរយនៃទំហំមូលធនបត្រទីផ្សារសរុបនៃវិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីន។នេះបើយោងតាមរបាយការណ៍ ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មានហ្វីលីពីន Inquirer.Net។

យោងតាមការសិក្សារបស់ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃឥណទាន S&P បានឱ្យដឹងបន្តថា ការបង្កើនការវិនិយោគរបស់ក្រុមហ៊ុនទាំងនេះលើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់បានជំរុញឱ្យការវិនិយោគដើមទុនរបស់ពួកគេកើនឡើងដល់កម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។

ទីភ្នាក់ងារវាយតម្លៃឥណទានបានចាត់ទុកថា នេះជាយុទ្ធសាស្ត្រកំណើន ដែលអាចជួយដោះស្រាយបញ្ហាមួយចំនួនបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការរបស់អ្នកទិញផ្ទះតម្លៃមធ្យម បន្ទាប់ពីរងផលប៉ះពាល់ដោយសារកម្រិតអត្រាការប្រាក់ និងអត្រាអតិផរណាខ្ពស់។

ក្រុមហ៊ុន S&P បានវិភាគបន្ថែមទៀតថា “ផ្នែកដ៏ធំមួយនៃទីផ្សារក្នុងស្រុក ដែលផ្គត់ផ្គង់លំនៅដ្ឋានមានតម្លៃសមរម្យនឹងនៅតែបន្តជួបប្រទះបញ្ហាផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសនៅក្នុងរដ្ឋធានីម៉ានីល (Metro Manila) ដែលមានខុនដូជាច្រើននៅទំនេរលក់មិនដាច់៕ប្រភព: Inquirer.Net៕

ឯកអគ្គរដ្ឋទូតចិនចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា

នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល និងថតរូបអនុស្សាវីរិយ៍ជាមួយបងប្អូនអាជិវករ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិចំរុះសាសន៍ដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ដ៏រស់រវើក សកម្មភាពចំរុះ និងមានបរិយាកាសស្រស់ស្រាយក្រោមជំនោរខ្យល់ទន្លេចតុមុខដ៏ត្រជាក់ និងបរិសុទ្ធ ដោយក្តីសោមន្សរីករាយ និងស្និទ្ធិស្នាលដែលជាមិត្តភាពដ៏រឹងមាំមិនអាចបំបែកបានឡើយ។

The other day was about Khmer durians — today, His Excellency Wang Wenbin showed interest in and helped promote the fun, vibrant, beautiful, and safe Walk Street in Phnom Penh to Chinese citizens.

On the evening of May 24, 2025, His Excellency HUOT Hak, Minister of Tourism, together with His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Cambodia, attended a public Cambodia-China cultural performance held on the occasion of the official opening ceremony of the “Cambodia-China Tourism Year 2025” at Walk Street along the riverside near Chaktomuk River, Phnom Penh.

On this occasion, the Minister and the Chinese Ambassador also took the time to engage in friendly conversations and take commemorative photos with local vendors, Cambodian citizens, and international tourists of various nationalities who were enjoying their leisure time at Walk Street — a lively, multicultural space with a fresh atmosphere under the cool and clean breeze of the Chaktomuk River. The joyful, friendly environment reflected the deep and unbreakable friendship between Cambodia and China.

#Cambodia
#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទសសនារដូវកាលបៃតងកម្ពុជា
#visitcambodiagreenseason
#ministryoftourismcambodia
#huothak