សម្តេចធិបតីៈ ផ្ទៃដីកម្ពុជាដែលបានវាស់វែងបានកើនទំហំដល់១៨១៤៣៦គីឡូម៉ែត្រការ៉េ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ផ្ទៃដីកម្ពុជាបន្ទាប់ពីវាស់វែង រហូតមកទល់ពេលនេះបានកើនទំហំដល់១៨១,៤៣៦គីឡូម៉ែត្រការ៉េ។

សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតនៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកាថា មានប្រជាជនមួយចំនួនបានសាក់ផ្ទៃដីកម្ពុជាក្នុងទំហំ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីយើង បានវាស់វែងដល់ដំណាក់កាលនេះ ទំហំផ្ទៃដីរបស់យើង បានកើនដល់ទំហំ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ដោយមិនទាន់គិតពីកោះនានា ដែលកម្ពុជាកំពុងរៀបចំការចចារនៅឡើយ។

សម្តេចបន្តថា “អ្នកសាក់ផ្ទៃដីកម្ពុជាមានទំហំ១៨១, ០៣៥គីឡូម៉ែត្រ ត្រូវលុបចេញ”៕

 

ទស្សនៈមតិៈ វិស័យអចលនទ្រព្យនៅតែល្អខ្លាំងតែត្រូវលាបព៌ណប្រផេះដោយអ្នកនៅក្នុងវិស័យនេះ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យអចលនទ្រព្យ នៅតែជាវិស័យល្អខ្លាំងនាពេលបចុប្បន្ននេះ តែវិស័យនេះត្រូវបានលាបពណ៌ប្រផេះ ដោ​យអ្នកប្រឡូកក្នុងវិស័យនេះដូចគ្នា។

លោកCooler Tanម្ចាស់គំរោងអភិវឌ្ឍន៍ដីឡូត៍បូកគោលែន និងគំរោងឆ្នេរសមុទ្រកោងកាង នៅក្នុងខេត្តកំពត និងខេត្តកែបបានបង្ហាញទស្សនៈយល់ឃើញរបស់ខ្លួនថា ម្ចាស់គម្រោងខ្លះចាប់ផ្តើមឈានជើងប្រឡូកក្នុងវិស័យនេះ ហើយក៏ចាប់ផ្តើមចូលរួមសំលាប់វិស័នេះផងដែរ ដោយបន្សល់ទុករបួសស្នាមដ៏ឈឺចាប់ ដល់អ្នកស្រលាញ់វិស័យអចលនទ្រព្យ អ្នកទិញលែងហ៊ានទិញ អ្នកលក់លែងហ៊ានលក់។

លោកបញ្ជាក់ថា “សំរាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ យើងត្រូវញែកចេញ រវាងអ្នកអភិវឌ្ឈន៏អចលនទ្រព្យល្អ និងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ ពេលខ្លះយើងទិញចំប៉ះគម្រោងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ លទ្ធផលទទួលបានគឺខាតបង់ បាត់​បង់ របួស និងឈឺចិត្ត”។ លោកបន្ថែមថា “យើងមិនត្រូវដោយសាតែរឿងនេះ ធ្វើអោយយើងបោះបង់ចោលគំនិត វិនិយោគអចលនទ្រព្យទេ អ្វីដែលត្រូវកែគឺត្រូវរៀនសូត្យ ពីរបៀបស្គាល់អោយច្បាស់នូវគម្រោងអភិវឌ្ឈន៏ល្អ និងគម្រោងអភិវឌ្ឈន៏មិនល្អ ពេលចេះជំនាញនេះច្បាស់ហើយ យើងលែងខាតបង់ទៀតហើយ ព្រោះអ្នកដែលគេចេះច្បាស់ គេកំពុងទទួលបានផលជាទីគាប់ចិត្ត សប្បាយចិត្ត និងបន្តទិញថែម និយាយអោយខ្លីបើយើងចេះយើងទិញចំណេញ បើមិនចេះគឺទិញខាតបើមិនយល់​មិនស្គាល់ទិញអត់បានទ្រព្យទេ គេបោកអស់”។

លោកបន្តថា ចំពោះអ្នកលក់អចលនទ្រព្យវិញ ពុំគួរផ្តោតតែលើផលប្រយោជន៏ជាធំទេ ត្រូវផ្តោតលើគម្រោងអភិវឌ្ឈន៍ល្អជាធំ មិនទាមទាបានប្រយោជន៏ច្រើនពេកទេ តែទាមទាបានប្រយោជន៍រហូតយូអង្វែង។ អ្នកលក់ពូកែមិនមែនអោយតែលក់ចេញគឺពូកែទេ ទាល់តែលក់ឈ្នះ ឈ្នះ ឈ្នះ ទាំង3ទើបពូកែ ពោលគឺម្ចាដ់ដីក៏ចំណេញ អ្នកទិញក៏ចំណេញ យើងអ្នកលក់ក៏ចំណេញ បើភាគីណាមួយខាត លក់អត់បានយូទេ ផលក៏អត់បានវែងដែរ។

លោកCooler Tanបានបន្ថែមថា បើយើងមិនចេះបែងចែកគម្រោងល្អ និងគម្រោងមិនល្អទេ យើងនឹងងាយធ្លាក់ចូលផ្លូវទាល់ក្នុងវិស័យលក់អចលនទ្រព្យ នៅពេលគម្រោងមានបញ្ហា ភ្ញៀវមានបញ្ហា យើងក៏មានបញ្ហាដែរ ហើយយើងនឹងក្លាយខ្លួនជាអ្នកចូលរួមសំលាប់វិស័អចលនទ្រព្យដូចគ្នា។

ក្នុងសម័យកាលបចុន្បន្ននេះ បើយើងកំពុងតែបន្តសក​ម្មភាពលក់យ៉ាងសកម្ម មានន័យថាយើងកំពុងខិតខំ លើកស្ទួយវិស័យអចលនទ្រព្យខ្លាំដូចគ្នា ត្រូវខិតខំ តស៊ូ ប្រឹងប្រែងបន្ថែមទៀត ទោះវិស័នេះ ប្រឡាក់ព៌ណប្រផេះខ្លះក៏ដោយ ក្រោយពេលភ្លៀងធាតុដើមព៌ណអ្វី នៅតែជាព៌ណណឹងដដែល។

លោកCooler Tanបានបន្តទៀតថា ប្រសិនបើយើងកំពុងប្រឡូកហើយបាក់ទឹកចិត្ត ចង់បោះបង់ចោល កុំទាន់អស់សង្ឃឹ​ម ពេលខ្លះមិនមែនយើងលក់មិនចេញទេ មកពីយើងនៅជាមួ​យអ្នកលក់មិនចេញដូចគ្នា។ អ្នកនិយាយថាពិបាកលក់ មកពីគាត់លក់មិនចេញ មិនមែនគ្រប់គ្នាសុទ្ធតែលក់មិនចេញទេ។ អ្នកនិយាថាវិស័អចលនទ្រព្យអត់ល្អ មកពីគាត់មិនមានលុយទិញអចលនទ្រព្យទុក។ អ្នកនិយាយថាគម្រោងលក់ដីគឺបោក មកពីគាត់មិនទាន់ ស្គាល់គម្រោងស្រពច្បាប់គឺបែបណា?  អោយតែយើងចេះរើសគម្រោងល្អ នៅជាមួយអ្នកពូកែលក់ មានមេដឹកនាំល្អ យើងនឹងចាប់ផ្តើមលក់ចេញ លែងបាក់ទឹកចិត្តទៀតហើយ។

ឆ្លើយតបចំពោះអ្នកបោះបង់ លោកCooler Tanបានលើកឡោះងថា ចំពោះអ្នកបានបោះបង់អាជីព អ្នកលក់អចលនទ្រព្យរួចហើយ កុំមានគំនិតអវិជ្ជមានពេក បើស្រលាញ់ចូលចិត្តអាចសាកល្បងម្តងទៀត។ ជួនកាលមិនមែនមកពីយើងធ្វើវាមិនបានទេ គឺមកពីយើងចាប់ផ្តើមធ្វើវា តាមផ្លូវមិនត្រឹមត្រូវតាំងពីដំបូងម្លេស។ មិនមែនអោយតែចូលគឺចេះទេ បើចូលមិនត្រូវក្បួនទោះចូល១០ឆ្នាំ ក៏នៅតែមិនបានផលដែរ។

លោកបញ្ជាក់ថា “ទាល់តែយើងរកផ្លូវត្រូវឃើញសិន ទើបអាចបង្កើនល្បឿនបាន បើដើផ្លូវខុស ល្បឿនកាត់តែលឿនខុសកាន់តែខ្លាំង តែទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចចាប់ផ្តើមថ្មីបានទាំងអស់ អោយតែមានភាពក្លាហាន ក្រោកឈរឡើងម្តងទៀត ស្រពពាក្យចាស់ថា ឆាប់ខុសឆាប់ត្រូវ ក្រខុសក្រត្រូវ អត់ខុសអត់ត្រូវដូចគ្នា”៕

 

ទីក្រុងធំៗចំនួន២របស់ប្រទេសចិនប្រកាស​បន្ធូរបន្ថយ​ពន្ធ​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិនបានប្រកាសពីការបន្ធូរបន្ថយពន្ធដើម្បីជំរុញការទិញផ្ទះ ខណៈបញ្ហាក្នុងវិស័យអចលនទ្រព្យនៅតែបន្តអូសបន្លាយ និងជះផលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចចិន។

ចំណែក បណ្តាទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍តាមទីក្រុងទាំង២ខាងលើផងដែរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters។

វិធានការដ៏សំខាន់នេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសឱ្យដឹងពីផែនការបន្ធូរបន្ថយពន្ធមួយចំនួនលើប្រតិបត្តិការទិញផ្ទះ និងដីធ្លីកាលពីសប្តាហ៍មុន។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ប្រជាជនទីក្រុងប៉េកាំង និងសៀងហៃដែលមានបំណងដាក់លក់អចលនទ្រព្យរបស់ពួកគេ នឹងត្រូវបានលើកលែងពីការបង់ពន្ធអាករលើតម្លៃបន្ថែម ដរាបណាពួកគេកាន់កាប់អចលនទ្រព្យនោះបានលើសពី២ឆ្នាំ។

ក្រុមមន្ដ្រីបង្កើតគោលនយោបាយចិនកំពុងទប់ស្កាត់ទីផ្សារអចលនទ្រព្យរបស់ខ្លួនមិនឱ្យបន្តដាំក្បាលចុះ ខណៈវិស័យនេះធ្លាប់ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន។

យ៉ាងណាមិញ ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិនបានធ្វើឱ្យអ្នកដែលមានបំណងទិញផ្ទះនាពេលអនាគតពិបាកធ្វើការសម្រេចចិត្ត។

ការដាក់ចេញវិធានការថ្មីក្នុងខែវិច្ឆិកានេះបានបូកបន្ថែមពីលើចំណាត់ការកាលពីខែកញ្ញា ដូចជាការកាត់បន្ថយចំនួនប្រាក់កក់អប្បបរមាមកនៅត្រឹម១៥% សម្រាប់ប្រភេទលំនៅដ្ឋានទាំងអស់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។

លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit បានលើកឡើងថា “ការជំរុញគោលនយោបាយចាប់តាំងពីខែកញ្ញា មានប្រសិទ្ធភាពក្នុងការស្តារតម្រូវការ ព្រមទាំងផ្តល់ការគាំទ្រដល់តម្លៃលំនៅដ្ឋាន និងភាគហ៊ុន”។

ទោះជាយ៉ាងនេះក្តី លោកបានគូសបញ្ជាក់ថា “សេដ្ឋកិច្ចរបស់ប្រទេសចិនមិនទាន់មានជំហររឹងមាំនៅឡើយ ហើយការគាំទ្រគោលនយោបាយត្រូវតែមានភាពច្បាស់លាស់ និងមាននិរន្តរភាពដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ”៕ប្រភព: Reuters៕

ស្ថាប័នជំនាញវាយតម្លៃថា កំណើននៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនឹងក្លាយជាកាតាលីករដ៏ធំក្នុងវិស័យលំនៅដ្ឋានរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានឱ្យដឹងថា ការកើនឡើងនៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងស្រុក ជាពិសេសនៅទីក្រុងភ្នំពេញ នឹងក្លាយជានិន្នាការជំរុញវិស័យលំនៅដ្ឋានរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសមួយនេះបានសរសេរបន្តថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបន្តដើរតួជាកត្តាសំខាន់នៅពីក្រោយកំណើនជារួមគិតត្រឹមឆ្នាំ២០២៤នេះ។

យោងតាមការវិភាគបង្ហាញថា បច្ចុប្បន្ន ចំនួនប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ទីក្រុងមានចំណែកត្រឹមតែ២៤,២ភាគរយប៉ុណ្ណោះនៃចំនួន
ប្រជាជនកម្ពុជាសរុបទូទាំងប្រទេស។

យ៉ាងណាមិញ ចំណែកនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៣០,៦ភាគរយនៅឆ្នាំ២០៣០ និងបន្តកើនឡើងបន្ថែមទៀតដល់ចំនួន៤១,១ភាគរយនៅឆ្នាំ២០៥០។

យោងតាមក្រុមហ៊ុន ​​Knight Frank បានបញ្ជាក់ឱ្យដឹងទៀតថា ការកើនឡើងយ៉ាងឆាប់រហ័សនៃនគរូបនីយកម្មនេះបង្ហាញពីតម្រូវការក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank បានពន្យល់ថា ស្របពេលប្រជាជនវ័យក្មេងនៅតាមទីជនបទធ្វើចំណាកស្រុកមកកាន់ទីក្រុងដើម្បីទទួលបានឱកាសកាន់តែប្រសើរឡើង ក្នុងពេលដំណាលគ្នានេះ ពួកគេក៏នឹងជួយជំរុញតម្រូវការលំនៅដ្ឋានក្នុងស្រុកផងដែរ។

ដូច្នេះហើយ ការកើនឡើងនៃអត្រានគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ ផ្តល់នូវទស្សនវិស័យវិជ្ជមានសម្រាប់បណ្តាអ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសបង្កើតប្រាក់ចំណេញរយៈពេលវែងលើការវិនិយោគអចលនទ្រព្យលំនៅដ្ឋាន។

លោក Ross Wheble នាយកក្រុមហ៊ុន Knight Frank Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគបរទេសនៅតែបន្តដើរតួជាកត្តាជំរុញដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក​បាន​បន្ត​ថា​ “ការ​វិនិយោគ​បាន​និង​កំពុង​ហូរ​ចូល​មក​កាន់កម្ពុជាពី​បណ្តាប្រទេស​ធំៗ​ដូច​ជា ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ចិន​ដី​គោក តៃវ៉ាន់ និង​ហុងកុង”។

លោក​បាន​បន្ថែម​ថា​ “ការណ៍នេះឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីបណ្តាវិនិយោគិនអន្តរជាតិ​ចំពោះ​ទីផ្សារ​របស់​យើង”។

ស្របពេលជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញផងដែរថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងធ្វើពិពិធកម្មផលិតផលរបស់ពួកគេកាន់តែខ្លាំងឡើង ដើម្បីទទួលបានភាពលេចធ្លោនៅលើទីផ្សារ៕ប្រភព: Knight Frank៕

 

ក្រសួងដែនដីបង្ហាញពីឱកាសវិនិយោគនៅខេត្តព្រះសីហនុដល់អ្នកធុរកិច្ចជប៉ុន

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុនលើវិស័យមួយចំនួននៅខេត្តព្រះសីហនុ។

          ការបង្ហាញនេះធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយ​ករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កាលានុវត្តន៍ភាពនៃការវិនិយោគ ដែលថ្នាក់ដឹកនាំក្រសួងបានបង្ហាញបានលើកឡើងថា ការពង្រីកផែនៅខេត្តព្រះសីហនុ ដែលនឹងប្រែក្លាយផែនេះ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់ដំណើរការ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលបាននិងកំពុងត្រៀមបញ្ចប់ ផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់អភិវឌ្ឍន៍ពហុបំណង ដើម្បីជម្រុញ និងទាក់ទាញការវិនិយោគ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែតបានដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយដាក់ចេញនូវកញ្ចប់លើកទឹកចិត្តជាច្រើន ដល់ម្ចាស់អាគារជាប់គាំងនានា ក៏ដូចជាជម្រុញ​និងទាក់ទាញការវិនិយោគថ្មីៗ ក្រោមលក្ខខ័ណ្ឌអនុគ្រោះនិងលើកទឹកចិត្តជាច្រើន៕

តើគោលនយោបាយលំនៅដ្ឋានរបស់សិង្ហបុរីមានចំណុចសំខាន់អ្វីខ្លះដែលអាចរៀនសូត្របាន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អ្នកជំនាញមួយរូបលើកឡើងថា រដ្ឋាភិបាលថៃគួរតែធានាឱ្យប្រជាជនថៃ អាចមានលទ្ធភាពទិញផ្ទះបាន និងកំណត់តំបន់ជាក់លាក់ណាមួយ សម្រាប់សាងសង់ខុនដូ ដើម្បីលក់ឱ្យជនបរទេស ក្នុងគោលដៅបញ្ចៀសការប្រឆាំង។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (REIC)បានអះអាងថា រដ្ឋាភិបាលថៃអាចរៀនសូត្រ តាមវិធានការស្រដៀងគ្នា ទៅនឹងប្រទេសសិង្ហបុរី ដែលវិធានការទាំងនោះ បានគូសបញ្ជាក់ពីលទ្ធភាពទិញផ្ទះសម្រាប់ពលរដ្ឋរបស់ខ្លួន។

លោកបានបន្តថា “ទោះបីជាប្រទេសសិង្ហបុរី មានទំហំផ្ទៃដីតូចយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាជនសិង្ហបុរី ស្វាគមន៍ជនបរទេស ដោយសារតែរដ្ឋាភិបាលរបស់ពួកគេ បានអនុវត្តន៍គោលនយោ​បាយ និងវិធានការជាច្រើនដើម្បីធានាថា ពលរដ្ឋរបស់ខ្លួនអាចមានលទ្ធភាពទិញផ្ទះ”។

រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញគោលនយោបាយ និងវិធានការមួយចំនួនដូចជា ការអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ ដោយក្នុងនោះយូនីតផ្ទះនីមួយៗ ត្រូវបានដាក់លក់ទៅឱ្យប្រជាជនសិង្ហបុរី ក្នុងតម្លៃសមរម្យ តាមរយៈការឧបត្ថម្ភធនមួយចំនួន។

ជាមួយគ្នានេះ ប្រទេសសិង្ហបុរី ក៏បានបង្កើតមូលនិធិផ្តល់សេវាកណ្តាល(Central Provident Fund) ដោយប្រមូលកៀរគរថវិកាបរិច្ចាគពីនិយោជិត និងនិយោជក ដែលអាចយកមកប្រើប្រាស់ដើម្បីទូទាត់ការបង់កក់ និងការបង់រំលោះប្រចាំខែ។

ប្រទេសសិង្ហបុរី ក៏បានបញ្ចេញកញ្ចប់ជំនួយ និងការឧបត្ថ​ម្ភធនខាងផ្នែកលំនៅដ្ឋានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃផ្ទះកាន់តែមានកម្រិតសមរម្យ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុដល់់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីជួយឱ្យពួកគេមានលទ្ធភាព ទិញផ្ទះលើកដំបូង។

ដើម្បីទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញ និងធានាថា ផ្ទះនៅតែមានតម្លៃសមរម្យ រដ្ឋាភិបាលសិង្ហបុរីបានប្រើប្រាស់វិធានការនានា ដូចជា ការតម្រូវឱ្យបង់ពន្ធប្រថាប់ត្រា នៅក្នុងករណី ដែលប្រជាជនបានទិញអចលនទ្រព្យ ជាច្រើនយូនីត និងជនបរទេស ក៏ដូចជា ការរឹតបន្តឹងគោលនយោបាយផ្តល់ប្រាក់កម្ចីផងដែរ។

យ៉ាងណាមិញ ក្រុមអ្នកវិភាគអចលនទ្រព្យមួយចំនួនបានលើកឡើងថា “វិធីសាស្រ្តនេះ ប្រហែលជាមិនមានប្រសិទ្ធភាពសម្រាប់ប្រទេសថៃទេ ដោយសារថៃមានដីធ្លីច្រើន សម្រាប់ អភិ​​វឌ្ឍខុនដូ ដែលអនុញ្ញាតឱ្យជនបរទេស មកពីប្រទេសផ្សេងៗគ្នាអាចរស់នៅបាន ហើយមិនចាំបាច់រស់នៅជាមួយគ្នា៕ប្រភព: Bangkok Post៕

ក្រុមហ៊ុនធំមួយរបស់ព្រុយបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

0

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភា​ក្សា​ការងារ នៅវិមានសន្ដិភាព។

ជាកិច្ចចាប់ផ្ដើម លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានសម្ដែងនូវការអបអរសាទរ គោរពជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការអបអរសាទរចំពោះភាពជោគជ័យ ក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលថ្មីៗនេះ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចាប់អារម្មណ៍ អំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាធានីភ្នំពេញផងដែរ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ មានគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ នៅក្នុងប្រទេសកម្ពុជា ទៅលើវិស័យជាច្រើន រួមមាន វិស័យសុខាភិបាល វិស័យធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក អាកាសយានដ្ឋាន និងវិស័យធនាគារ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយ នឹងលោកនាយកប្រតិបត្តិក្រុមហ៊ុន ជាថ្មីម្ដងទៀត។

សម្ដេចបវរធិបតីក៏បានសម្ដែង នូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ ជូនលោកនាយកប្រតិ​បត្តិក្រុមហ៊ុន អំពីការដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយន្តការ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រទៅដល់ភាពជោគជ័យ របស់វិនិយោគិននៅកម្ពុជា ក៏ដូចជាការតភ្ជាប់ទីផ្សារ របស់កម្ពុជាចូលទៅក្នុងតំបន់ និងសកលលោក។

សម្ដេចបវរធិបតីក៏បានលើកទឹកចិត្ត ឱ្យលោកនាយកប្រតិបត្តិក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

ក្រុមសេដ្ឋវិទូជំរុញឱ្យប្រទេសចិនបង្កើនការជួយសង្គ្រោះទីផ្សារលំនៅដ្ឋានដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូភាគច្រើនបានលើកឡើងថា ការដាក់ចេញកញ្ចប់ ជំរុញទីផ្សារលំនៅដ្ឋានរបស់ប្រទេសចិន ជាមធ្យោបាយល្អបំផុត ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចចិនប្រហែល៥ភាគរយនៅឆ្នាំ២០២៤។

ប៉ុន្តែក្រុមសេដ្ឋវិទូបានបញ្ជាក់ថា កញ្ចប់ជំរុញលើកទឹកចិត្ដត្រូវតែមានប្រសិទ្ធិភាពជាអតិបរមា ក្នុងការប្រឈមមុខនឹងវិបត្តិអចលនទ្រព្យ ព្រោះវិបត្តិនេះត្រូវបានគេរំពឹងថា នឹងបន្តអូសបន្លាយរយៈពេល៥ឆ្នាំទៀត។

យោងតាមការស្ទង់មតិរបស់សារពត៌មាន Bloomberg ទៅលើបណ្តាសេដ្ឋវិទូចំនួន១៥រូប បានបង្ហាញថា សេដ្ឋវិទូភាគច្រើន បានជំរុញឱ្យមានការអនុវត្តផែនការ ដឹកនាំដោយរដ្ឋាភិបាលចិនកាន់តែខ្លាំងក្លា។

លោក Raymond Yeung ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Australia & New Zealand Banking Group សម្រាប់តំបន់ Greater China បានលើកឡើងថា ប្រទេសចិនត្រូវតែបន្ធូរបន្ថយអត្រាការប្រាក់ ក្នុងទ្រង់ទ្រាយធំជាចាំបាច់ ដើម្បីបញ្ចៀសមិនឱ្យទំហំផលទុនជាតិសរុបធ្លាក់ចុះ។

វិបត្តិអចលនទ្រព្យ​ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់គ្រួសារក្នុងប្រទេសចិន សរុបប្រមាណ១៨ទ្រី​លាន​ដុល្លារ​អាមេរិក​ហើយនេះ ជា​បញ្ហា​ប្រឈម​ដ៏ធំ​បំផុត ​ដែល​សេដ្ឋកិច្ច​ចិន​កំពុងប្រឈមមុខ។

វិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន ក៏បាន​ធ្វើឱ្យប្រជាជន​​រាប់​លាន​នាក់បាត់បង់ការងារធ្វើ បំផ្លាញ​ទំនុក​ចិត្ត​អ្នក​ប្រើ​ប្រាស់ និង​ធ្វើ​ឱ្យ​តម្រូវ​ការ​ផលិតផល ​និងសម្ភារៈសំណង់ផ្សេងៗ ដូច​ជា​ដែក​ធ្លាក់​ចុះ។

គិតចាប់តាំងពីប្រទេសចិន បានបង្ហាញពីផែនការរបស់ខ្លួន ក្នុងការស្តារទីផ្សារអចលនទ្រព្យ ឱ្យស្ទុះងើបឡើងវិញ គេសង្កេតឃើញថា ផែនការទាំងនោះ សម្រេចបានវឌ្ឍនភាពយឺតយ៉ាវ ដែលរួមមានកម្មវិធីផ្តល់មូលនិធិ ពីធនាគារកណ្តាលចិនចំនួន៣០០ពាន់លានយ័ន ដើម្បីជួយទិញផ្ទះលក់មិនដាច់ពីអ្នកអភិវឌ្ឍន៍៕ប្រភព: Bloomberg៕

 

Investors upbeat about Vietnam’s industrial property market

0

Investors are bullish on Vietnam’s industrial property market growth on the back of the nation’s strategic location, sound infrastructure, and increasing demand for industrial space.

The market showed signs of recovery in the third quarter with increases in both supply of warehouse and rental prices in the south.

Some 92,000 square meters of ready-built factories and 174,400 square meters of ready-built warehouses were launched, up 2% and 3%, respectively, from the previous quarter.

The net absorption of industrial land during July-September was 83 hectares, up 14.7% against Q2. Long An, Ba Ria – Vung Tau and Binh Duong provinces emerged as bright spots in investment as they lured various enterprises operating in different industries.

Knight Frank held that the development of new industrial parks is expected to enhance the South’s attractiveness to investors.

In the North, leasing prices for ready-built warehouses averaged 5 USD per square meters per month, up 0.6% quarter-on-quarter and 3.4% year-on-year, reflecting the growing demand for modern and high-standard industrial space.

Bac Ninh has been a hotspot for industrial property leasing, boasting a strategic location and robust infrastructure. The first phase of the Industrial Centre Yen Phong Expansion is under construction while KTG Industrial Yen Phong have lured tenants from various sectors.

In the meantime, BWID ESR Nam Dinh Vu industrial hub in Hai Phong city added more than 70,000 square meters of warehouses to the market.
Despite a surge in supply, the northern industrial zones recorded high occupancy rates, averaging about 90%.

It is positive to see continued construction of ready-built factories, enhancing investment choices when considering Vietnam a destination to start or expand operations. Landlords are competing with each other which invariably creates a good environment for occupants and encourages growth.

The range of products now available is significant and includes developments with environmental accreditation which brings Vietnam more in line with global supply chain requirements, said Alex Crane, Managing Director of Knight Frank Vietnam.

Source: Vnexpress

បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យចំនួន៣នៅកម្ពុជា

0

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកតាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគម ក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា។

លោកប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការ ការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញ ជួសជុលយានយន្ត, សា​លា​បណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។

លោកTAKAHASHI Fumiaki បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោ​គនៅកម្ពុជាលើវិស័យមួយចំនួន ​ដូចជា​៖​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។

លោកប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយ អំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទស​ហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។

សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

 សម្ដេចបវរធិបតីបានបញ្ជាក់ថា “ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស”។

សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច និងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគម ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់​ស្របទៅនឹងតម្រូវការជាក់ស្តែង៕