ពលរដ្ឋ​កម្ពុជា​​អាច​ធ្វើ​ដំណើរ​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​ទៅ​កាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ
ប៉េកាំង: រដ្ឋាភិបាលរបស់ប្រទេសចិនបានចាប់ផ្តើមលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា និងពលរដ្ឋនៃបណ្តាប្រទេសសមាជិកអាស៊ានចំនួន៩ផ្សេងទៀត ដែលធ្វើដំណើរកំសាន្តទៅកាន់ខេត្ត Xishuangbanna របស់ខ្លួន។

ចំណាត់ការនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អាស៊ានចូលទៅកាន់ប្រទេសចិន លើកលែងតែប្រទេសទីម័រខាងកើត។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

នៅក្រោមគោលនយោបាយនេះ ក្រុមភ្ញៀវទេសចរណ៍យ៉ាងតិច២នាក់ ដែលកាន់លិខិតឆ្លងដែនពីបណ្តាប្រទេសអាស៊ានទាំង១០ អាចស្នាក់នៅក្នុងខេត្ត Xishuangbanna ចំនួន៦ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅពេលនេះ ពលរដ្ឋកម្ពុជាអាចធ្វើដំណើរចេញ-ចូលខេត្ត Xishuangbanna តាមរយៈច្រកផ្លូវនានា ដូចជាអាកាសយានដ្ឋានអន្តរជាតិ Xishuangbanna Gasa កំពង់ផែ Mohan Railway Port និងកំពង់ផែ Mohan Highway Port។

បន្ថែមពីលើការទាក់ទាញភ្ញៀវទេសចរណ៍ប្រទេសចិនក៏កំពុងធ្វើការពង្រឹងប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ការធ្វើដំណើរអន្តរជាតិ និងឱកាសអាជីវកម្ម។ នេះជាសញ្ញាបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាលចិនក្នុងការបើកចំហព្រំដែនបន្ថែមទៀតដល់ជនបរទេស។

“Xishuangbanna”ជាឈ្មោះតំបន់ស្វយ័តមួយនៅក្នុងខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ។ តំបន់នេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារវប្បធម៌ “Dai” ប្រាសាទប្លែកៗ និងព្រៃត្រូពិច។

មន្ត្រីចិនមួយរូបនៃរដ្ឋបាលអន្តោប្រវេសន៍ជាតិបានអះអាងថា “គោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍អាស៊ានជាវិធានការដ៏សំខាន់មួយដើម្បីពង្រីកការបើកចំហររបស់ប្រទេសចិន និងជំរុញតួនាទីរបស់ខេត្ត Yunnan ក្នុងនាមជាមជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍”៕ប្រភព: Xinhua៕

ចិនបំបែកកំណត់ត្រាថ្មីឆ្ពោះទៅផលិតថាមពលស្អាតចេញពីគម្រោងស្រាវជ្រាវព្រះអាទិត្យសិប្បនិម្មិត

ដោយ: គង់ លាងហួរ
អន្តរជាតិ: ព្រះអាទិត្យសិប្បនិម្មិត របស់ប្រទេសចិន បានបំបែកកំណត់ត្រាថ្មី របស់ពិភពលោក ដោយអាចឈានទៅអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ​សំយោគ(Fusion Energy) ដើម្បីបង្កើតថាមពលស្អាតសម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង ដែលមិនបង្កជាផលប៉ះពាល់ដល់បរិស្ថាន ។

ព្រះអាទិត្យសប្បនិម្មិតរបស់ប្រទេសចិន ឬហៅថា “China Artificial Sun” ជាគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ក្នុងគោលដៅបង្កើតព្រះអាទិត្យសិប្បនិម្មិតមួយដែលមានសមត្ថភាពដូចជាព្រះអាទិត្យពិត ដើម្បីផលិតថាមពលយ៉ាងច្រើន ដោយប្រើប្រាស់ប្រតិកម្មនុយក្លែអ៊ែរ។

ការបង្កើតព្រះអាទិត្យសិប្បនិម្មិតនេះ មានគោលដៅដើម្បីបង្កើតប្រភពថាមពលដែលអាចប្រើប្រាស់បានក្នុងរយៈពេលវែង និងមិនជះផលប៉ះពាល់ដល់បរិស្ថាន។គម្រោងប្រកបដោយមហិច្ឆិតានេះផ្តោតលើការធ្វើឱ្យមានប្រតិកម្មនុយក្លេអ៊ែរសំយោគ (Fusion) ក្រោមសីតុណ្ហភាពខ្ពស់បំផុត ដូចអ្វីដែលបានកើតឡើងនៅក្នុងផ្ទៃរបស់ព្រះអាទិត្យធម្មជាតិ។

ប្រទេសចិនបានប្រើឧបករណ៍មួយដែលមានឈ្មោះថា EAST (Experimental Advanced Superconducting Tokamak)។ ឧបករណ៍នេះអាចច្របាច់ឧស្ម័នអុីដ្រូសែនបញ្ចូលគ្នាបានក្រោមសីតុណ្ហភាពខ្ពស់បំផុត ដើម្បីបង្កើតជាថាមពល។

ចំណែក ប្រតិកម្មនុយក្លេអែ៊រ Fusion ជាការច្របាច់បញ្ចូលគ្នានៃអាតូមអុីដ្រូសែនដើម្បីបង្កើតអុីល្យូម (Helium) និងផលិតថាមពលយ៉ាងច្រើន។ ប្រតិកម្មប្រភេទនេះមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើថាមពលនុយក្លេអ៊ែរបែបប្រតិកម្មបំបែក (Nuclear Fission) នោះទេ។

ព្រះអាទិត្យសិប្បនិម្មិតនេះត្រូវតែមានកម្រិតសីតុណ្ហភាពខ្ពស់ជាងសីតុណ្ហភាពក្នុងផ្ទៃរបស់ព្រះអាទិត្យពិត។ ជាក់ស្ដែង ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្កើនសីតុណ្ហភាពព្រះអាទិត្យសិប្បនិម្មិតដល់ចំនួន១២០លានដឺក្រេ Celsius ដែលខ្ពស់ជាងសីតុណ្ហភាពរបស់ព្រះអាទិត្យពិត។

ប្រសិនបើគម្រោងស្រាវជ្រាវនេះសម្រេចបានលទ្ធផលជោគជ័យ នោះថាមពលដែលអាចផលិតចេញពីព្រះអាទិត្យសិប្បនិម្មិត នឹងជួយកាត់បន្ថយបញ្ហាផ្នែកបរិស្ថាន ដូចជាការបំភាយឧស្ម័នកាបូនព្រមទាំងជួយដល់បណ្តាប្រទេសផ្សេងទៀតក្នុងការដោះស្រាយបញ្ហាថាមពលនាពេលអនាគត៕ប្រភព:Xinhua៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រធានធនាគារកណ្តាលអាមេរិក(Fed) លោក Jerome Powell បានអះអាងឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា សេដ្ឋកិច្ចអាមេរិកស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយយើងមិនប្រញាប់ប្រញាល់ក្នុងការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនោះទេ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៥ភាគរយដល់២៨៨៨,២៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥១ភាគរយដល់២៩១៧,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,០៤ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៣ភាគរយដល់៣២,២៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៨ភាគរយដល់១០៣៦,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៣ភាគរយដល់៩៩២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕

តាមផែនការមេ៖ ការអភិវឌ្ឍខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ក្នុងរយៈពេល១៥ឆ្នាំ គ្រោងចំណាយទុនប្រមាណជាង២០ពាន់លានដុល្លារ

ដោយ៖ សហការី

ក្រុងព្រះសីហនុ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ខេត្តព្រះសីហនុជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយសង្កេតឃើញពីសក្ដានុពលជាច្រើនក្នុងខេត្តមួយនេះ។

បើតាម លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ជាគម្រោងវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុនេះទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្មឡូជីស្ទីក» និងប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីល្បាយមួយក្នុងអាស៊ាន ដែលមានរយៈពេល១៥ឆ្នាំសម្រាប់អភិវឌ្ឍ។

លោក បានបញ្ជាក់ថា «គម្រោងនេះ នឹងអាចទាក់ទាញវិនិយោគិនពីវិស័យឯកជន និងដៃគូអភិវឌ្ឍប្រមាណជាង ២០ពាន់លានដុល្លារអាមេរិក ហើយចំណូលរបស់ប្រជាពលរដ្ឋក្នុងគម្រោង១៥ឆ្នាំទៅមុខនេះ នឹងអាចឡើងដល់១ម៉ឺនដុល្លារជាងបើគិតជាមធ្យម»៕

សម្ព័ន្ធភាព​​​ BRICS បន្ទន់គោលជំហរក្នុងការ​​​បង្កើត​​​រូបិយបណ្ណ​រួម ក្រោយរងការគំរាមដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ​បណ្តាប្រទេស​សមាជិក​​នៃសម្ព័ន្ធភាព​​​ BRICS ​បាន​បន្ទន់គោលជំហរនៅក្នុងការ​​​បង្កើត​​​រូបិយបណ្ណ​រួម​ ដើម្បី​​​​​​​ដោះដូរ​​​ទំនិញ​​រវាងបណ្តាប្រទេស​ជាសមាជិករបស់ខ្លួន សំដៅជំនួស​ឥទ្ធិពល​​​រូបិយបណ្ណ​​ដុល្លារ​​​របស់​សហរដ្ឋ​អាមេរិក​។​

​ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និង​សម្ព័ន្ធភាព BRICS បាន​​លេចជារូបរាងឡើង​ ក្រោមរដ្ឋបាល​​របស់​អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដោយសារ​តែសង្គ្រាម​​នៅ​អ៊ុយក្រែន និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​រុស្ស៊ី​​​។

ជាមួយគ្នានេះ បន្ទាប់​ពីការ​ឡើង​កាន់​អំណាច​ជាថ្មី​​របស់​ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ លោកបាន​គំរាម​​ដាក់​​ទណ្ឌកម្ម​​ប្រឆាំង​ប្រទេសណា​ ដែល​​​​​​​ជំនួស​​រូបិយបណ្ណ​​​ដុល្លារ​​ ដោយ​ប្រាក់​​របស់ប្លុក BRICS សម្រាប់​ជាមធ្យោបាយ​ដោះដូរ​ទំនិញ​​។

លោក Dmitry Peskov ​អ្នកនាំពាក្យវិមានក្រឹមឡាំងបាន​លើកឡើងកាលពីពេលថ្មីៗនេះថា សម្ព័ន្ធភាព BRICS មិនទាន់ពិភាក្សាអំពីការបង្កើតរូបិយបណ្ណរួមនោះទេ។ ប៉ុន្តែ​​ សម្ព័ន្ធភាពនេះបាន​​និងកំពុងពិភាក្សាគ្នាអំពីការបង្កើតវេទិកាវិនិយោគរួម។

សម្ព័ន្ធភាព BRICS ត្រូវបាន​ផ្តួច​ផ្តើម​បង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយ​នៅ​ឆ្នាំ​២០១១ ប្រទេសអាហ្វ្រិកខាងត្បូងបានចូលរួមជាសមាជិករបស់សម្ព័ន្ធភាពនេះ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤​ ប្រទេស​អេហ្ស៊ីប អេត្យូពី អុីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមបានក្លាយជាសមាជិកពេញសិទ្ធិ។ នៅថ្ងៃទី៦ខែមករា ឆ្នាំ២០២៥​ ប្រទេសឥណ្ឌូនេស៊ីក៏បានចូលរួមជាសមាជិករបស់ប្លុកនេះផងដែរ៕ប្រភព: Anadolu Agency៕

ក្រុមអ្នកវិភាគ: តម្លៃលំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងហក់ឡើងខ្ពស់បន្ថែមទៀត

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងបញ្ហាប្រឈមរួចទៅហើយ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ កង្វះនៃការផ្គត់ផ្គង់ និងការហក់ឡើងនៃតម្លៃផ្ទះ។

ដូច្នេះ ការដំឡើងពន្ធរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ លើទំនិញគ្រប់ប្រភេទពីបរទេស រួមទាំងសម្ភារៈសំណង់នឹងបន្ថែមសម្ពាធកាន់តែខ្លាំងលើទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក។

ជាក់ស្ដែង ចំណែកប្រហែល៣០ភាគរយ នៃឈើប្រភេទ Softwood ដែលប្រើប្រាស់ក្នុងវិស័យសំណង់នៅសហរដ្ឋអាមេរិកត្រូវបាននាំចូលពីក្រៅប្រទេស ដែលភាគច្រើនមានប្រភពមកពីប្រទេសកាណាដា ខណៈក្តារពិដាន(Wallboard)ត្រូវបាននាំចូលពីប្រទេសមុិកសិក។

ហេតុនេះ ផែនការដំឡើងពន្ធចំនួន២៥ភាគរយរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ លើទំនិញដែលនាំចូលពីកាណាដានឹងធ្វើឱ្យផលិតផលសម្ភារៈសំណង់ទាំងនេះមានតម្លៃថ្លៃខ្ពស់ជាងមុន។

រដ្ឋាភិបាលអាមេរិកបានប្រកាសពន្យាររយៈពេល១ខែចំពោះការដំឡើងពន្ធគយចំនួន២៥ភាគរយលើទំនិញ ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក។ប៉ុន្តែ ការណ៍នេះមិនមែនមានន័យថា សហរដ្ឋអាមេរិកនឹងលុបចោលផែនការដំឡើងពន្ធលើប្រទេសមុិកសិក និងកាណាដានោះទេ។

លោក Carl Harris ប្រធានសមាគមជាតិនៃអ្នកសាងសង់លំនៅដ្ឋាន (National Association of Home Builders) បានមានប្រសាសន៍ឱ្យដឹងថា “ចំនួនជាង៧០ភាគរយនៃសម្ភារៈសំណង់ដ៏សំខាន់ទាំង២ ដូចជាឈើប្រភេទ Softwood និងក្តារពិដានត្រូវបាននាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក”។

លោកបន្ថែមថា “ការដំឡើងពន្ធលើការនាំចូលឈើ និងសម្ភារសំណង់ផ្សេងទៀត នឹងបង្កើនថ្លៃដើមសំណង់ និងបង្អាក់គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលនឹងធ្វើឱ្យតម្លៃលំនៅដ្ឋាននៅសហរដ្ឋអាមេរិកកើនឡើងបន្ថែមទៀត”។

តម្លៃផ្ទះនៅប្រទេសមហាអំណាចមួយនេះបានហក់ឡើងជាង៤០ភាគរយចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ និងបានកើនឡើង៣,៨ភាគរយ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ បើប្រៀបធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣។

ការដំឡើងពន្ធគយលើការនាំចូលសម្ភារៈសំណង់ពីក្រៅប្រទេសអាចធ្វើឱ្យអ្នកទិញកាន់តែពិបាកឈានជើងចូលទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក។

លោកស្រី Jaret Seiberg អ្នកវិភាគគោលនយោបាយលំនៅដ្ឋាននៅក្រុមហ៊ុន TD Cowen Washington Research Group បានអះអាងថា “ការដំឡើងពន្ធអាចបង្កផលប៉ះពាល់លើលទ្ធភាពនៃការទិញផ្ទះរបស់ពលរដ្ឋអាមេរិក និងអាចបង្កើនសម្ពាធលើសភាអាមេរិកឱ្យបង្កើតគោលនយោបាយដើម្បីលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង”៕ប្រភព: CNBC៕

ក្រុមហ៊ុនបច្ចេកវិទ្យា Meta កំពុងអូសទាញក្រុមអ្នកផលិតមាតិការបស់ TikTok ឱ្យងាកមកប្រើប្រាស់បណ្តាញសង្គម Facebook

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក Meta បាននិងកំពុងព្យាយាមទាក់ទាញក្រុមអ្នកផលិតមាតិកា នៅលើបណ្តាញសង្គម TikTok ឱ្យងាកមកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagramរបស់ខ្លួនជំនួសវិញ។

ការបោះជំហានរបស់ក្រុមហ៊ុនយក្ស Meta ក្នុងការដណ្តើមយកអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ធ្វើឡើង ស្របពេលដែលអនាគតរបស់បណ្តាញសង្គមចិនមួយនេះនៅសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ទោះបីជាលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បានចេញបញ្ជាឱ្យ Tiktok បន្តដំណើរការនៅក្នុងទឹកដីអាមេរិកចំនួន៧៥ថ្ងៃទៀតយ៉ាងណាក្តី។

ដើម្បីទាក់ទាញក្រុមអ្នកផលិតមាតិកា នៅលើបណ្តាញសង្គម TikTok ឱ្យងាកមកប្រើបណ្តាញសង្គម Facebook និង Instagram ជំនួសវិញ ក្រុមហ៊ុន Meta បានផ្តល់ជារង្វាន់លើកទឹកចិត្តនានា រួមមានដូចជា “Content deals” និងការប្តេជ្ញាជួយធ្វើឱ្យមាតិកា ទាំងនោះមានភាពល្បីល្បាញ និងមានចំនួនអ្នកទស្សនាច្រើន។

លើសពីនេះ ក្រុមហ៊ុន Meta បានប្រកាសថា ក្រុមអ្នកផលិតមាតិការបស់បណ្តាញសង្គម TikTok ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍របស់ក្រុមហ៊ុន Meta នោះពួកគេនឹងអាចរកប្រាក់ចំណូលបានចំនួន៥ពាន់ដុល្លារ ក្នុងរយៈពេល៣ខែ តាមរយៈការបង្ហោះមាតិកា Reels នៅលើបណ្តាញសង្គម Facebook និង Instagram។

ក្រុមអ្នកផលិតមាតិកាលើបណ្តាញសង្គម TikTok នឹងមានលទ្ធភាពទទួលបាន “Facebook Content Monetization” ដែលនឹងអនុញ្ញាតឱ្យពួកគេអាចរកប្រាក់ចំណូលបានពីការបង្ហោះវីដេអូ រូបភាព និងអត្ថបទនៅលើបណ្តាញសង្គម Facebook។

លើសពីនេះទៀត ក្រុមហ៊ុន Meta គ្រោងនឹងផ្តល់ជាកិច្ចព្រមព្រៀងមាតិកា “Content deals”ដើម្បីជួយឱ្យក្រុមអ្នកផលិតមាតិកាទទួលបានចំនួនអ្នកគាំទ្រកាន់តែច្រើនទាំងនៅលើបណ្តាញសង្គម Facebook និង Instagram។

ជាពិសេស ក្រុមអ្នកផលិតមាតិកាមួយចំនួននឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត ដូចជា ការទទួលបាន “Meta Verified” រួមមាន “Verified badge” “Account support” និង “Impersonation protection”ជាដើម។

បណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកបានបើកដំណើរការឡើងវិញ បន្ទាប់ពីបានបិទដំណើរការ អស់រយៈពេល១២ម៉ោង។ បើទោះបីជាបណ្តាញសង្គម TikTok អាចបន្តដំណើរការឡើងវិញនៅសហរដ្ឋអាមេរិកយ៉ាងណាក្តី ប៉ុន្តែបណ្តាញសង្គមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance មួយនេះ ត្រូវបានលុបចេញពីកម្មវិធី App Store និងកម្មវិធី Play Store បាត់ទៅហើយ។

ការណ៍នេះមានន័យថា អនាគតរបស់បណ្តាញសង្គម TikTok នៅតែស្ថិតក្នុងសភាពមិនប្រាកដប្រជា ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានចេញបញ្ជាឱ្យបណ្តាញសង្គមចិនមួយនេះបន្តដំណើរការនៅសហរដ្ឋអាមេរិកក្នុងរយៈពេល៧៥ថ្ងៃទៀតយ៉ាងណាក្តី។

គិតមកដល់ពេលបច្ចុប្បន្ននេះ គេនៅមិនទាន់អាចដឹងថា បណ្តាញសង្គម TikTok នឹងវិលត្រឡប់មកកាន់កម្មវិធី App Store និង Google Play Store នៅពេលណាវិញនោះទេ៕ប្រភព: The Drum៕

ស្ថាប័នវាយតម្លៃអន្តរជាតិមួយថាកម្ពុជាជាទិសដៅវិនោយោគ លំដាប់ទី១កាលពីឆ្នាំ២០២៤

ដោយៈ គង់ សូរិយា

ភ្នំពេញៈ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិ​យោ​គដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុIndex Score ៩៦.១១ លើ១០០។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា ហ្វីលីពីនកាលពីថ្ងៃទី១០ កុម្ភៈកន្លងមកនេះ។

 សម្តេចបវរធិបតីបានបញ្ជាក់ថា “កម្ពុជាបានក្លាយជាទិសដៅចម្បង សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ​(FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុង​បញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមគោលដៅ FDI កំពូលទាំង៥០របស់ពិភពលោក”។

 សម្តេចបានបន្តថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដង ក្នុងចន្លោះឆ្នាំ២០០៧-២០២២។ សម្តេចបន្តថា “លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យ​ក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ”។

កម្ពុជាក៏បានធ្វើទំនើបកម្ម ហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ៕

ស្ថានភាពតម្លៃដីធ្លីនៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅឡើយនៅឆ្នាំ២០២៥នេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បើគិតមកដល់ត្រឹមដើមខែកុម្ភៈ ឆ្នាំ2025នេះ ទីផ្សារអចលនវត្ថុកម្ពុជា បង្ហាញពីទស្សនវិស័យចម្រុះទាក់ទងនឹងតម្លៃដីធ្លី។

ខណៈពេលដែលសេដ្ឋកិច្ចទាំងមូល ត្រូវបានព្យាករណ៍ថានឹងកើនឡើង ជាមួយនឹងការព្យាករណ៍ពី5.5% ទៅ 6.3% ក្នុងឆ្នាំ 2025  វិស័យអចលនទ្រព្យ ប្រឈមនឹងបញ្ហាប្រឈម ដែលអាចមានឥទ្ធិពលលើតម្លៃដីធ្លី។

នៅចន្លោះត្រីមាសទីពីរនៃឆ្នាំ2020 និងត្រីមាសទីពីរនៃឆ្នាំ 2024 តម្លៃដីលំនៅដ្ឋាន និងការិយាល័យសំខាន់ៗ នៅក្នុងទីក្រុងភ្នំពេញ បានធ្លាក់ចុះ34.5% និង35.7% រៀងៗខ្លួន។ ទំនោរធ្លាក់ចុះនេះត្រូវបានសន្មតថា មកពីកត្តាដូចជាការផ្គត់ផ្គង់លើសចំណុះ ការកាត់បន្ថយសាច់ប្រាក់ងាយស្រួល និងការថយចុះនៃការវិនិយោគបរ​ទេស ជាពិសេសពីប្រទេសចិន។

សម្លឹងឆ្ពោះទៅមុខក្រុមហ៊ុនCBRE Cambodia រំពឹងថា វិស័យអចលនទ្រព្យ នឹងបន្តប្រឈមមុខនឹងបញ្ហាពេញមួយឆ្នាំ2025 ជាមួយនឹងការងើបឡើងវិញដ៏មានសក្តានុពល ដែលមិនរំពឹងទុករហូតដល់ឆ្នាំ 2026 ។

ក្រុមហ៊ុននេះបានព្យាករណ៍ផងដែរថា ទោះជាយ៉ាងណាក៏ដោយ ផ្នែកមួយចំនួន ដូចជា ទីផ្សារលំនៅដ្ឋានប្រណិត អាចជួបប្រទះការកែសម្រួលតម្លៃ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ ជាពិសេសនៅក្នុងកណ្តាលទីក្រុងដូចជាភ្នំពេញ ។

ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងគន្លងនៃកំណើន ទីផ្សារអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លី អាចបន្តជួបប្រទះសម្ពាធធ្លាក់ចុះនៅឆ្នាំ2025 មុនពេលមានស្ថិរភាព ឬស្ទុះងើបឡើងវិញនៅឆ្នាំបន្តបន្ទាប់ទៀត៕

តើខេត្តកំពតមានសក្តានុពលសំខាន់ៗអ្វីខ្លះទាក់ទាញការវិនិយោគ?

ដោយៈ គង់ សូរិយា

    កំពតៈ ខេត្តកំពត ប្រទេសកម្ពុជា មានសក្តានុពលវិនិយោគយ៉ាងសំខាន់លើវិស័យជាច្រើន ដោយសារទីតាំងយុទ្ធសាស្ត្រ ធនធានធម្មជាតិ និងឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើន។

ទាំងអស់នេះ គឺជាវិស័យដែលមានសក្តានុពលបំផុត សម្រាប់ការវិនិយោគនៅក្នុងខេត្តដ៏ស្រស់ស្អាតមួយនេះ។

  1. ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ខេត្តកំពតត្រូវបានគេស្គាល់ ដោយសារទេសភាពដៃព្រែក និង

ស្ថាបត្យ កម្មប្រវត្តិសាស្ត្រ។ កំណើនទេសចរណ៍ធម្មជាតិ សណ្ឋាគារ ប៊ូទិក និងរមណីយដ្ឋាននានាតាមដងទន្លេកំពត និងឆ្នេរសមុទ្រ។

    លើសពីនេះ ក្រុមហ៊ុនSokha Real Estateបាននិងកំពុងអភិវឌ្ឍន៍រមណីយដ្ឋានភ្នំបូកគោ និងកំពុងសាងសង់ពុទ្ឋបដិមាដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមពុទ្ឋបដិមាកំពស់ខ្ពស់ៗលើពិភពលោក។

    ពុទ្ឋបដិមានេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ។ នៅពេលពុទ្ឋបដិមានេះ សាងសង់បញ្ចប់ គំរោងនេះនឹងទាក់ទាញអ្នកទេសចរណ៍ អ្នកធ្វើធ​ម្មយាត្រាមកពីតំបន់ និងជុំវិញពិភពលោក។

  • សក្តានុពលសម្រាប់ទេសចរណ៍រួមមាន ការផ្សងព្រេង ការជិះទូកកម្សាន្តតាមដងទន្លេ និងការសម្រាកលំហែកាយ។
  1. កសិកម្ម និងអាជីវកម្មកសិ

ម្រេចកំពតជាផលិតផលលំដាប់ថ្នាក់ពិភពលោក ទទួលស្គា

ដោយអង្គការអន្តរជាតិ និងមានសក្តានុពលនាំចេញ។

ទុរេន ស្វាយ និងផ្លែឈើត្រូពិចផ្សេងទៀត មានទីផ្សារក្នុងស្រុក និងអន្តរជាតិខ្លាំង។

ឱកាសក្នុងការធ្វើកសិកម្មសរីរាង្គ និងកសិ-កែច្នៃសម្រាប់ការនាំចេញ។

  1. អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ

    តម្រូវការកើនឡើងសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច។

ខេត្តនេះ មានសក្តានុពលកំណើនលំនៅដ្ឋានទីពីរ និងសហគមន៍ចូលនិវត្តន៍ សម្រាប់ជនបរទេស។

លើសពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញដៃគូឯកជន វិនិយោគ លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ និងកំពង់ផែ គាំទ្រផ្នែកភស្តុភារ និងពាណិជ្ជកម្ម។

  1. ផលិតកម្ម និងឧស្សាហកម្ម

    ក្រុមហ៊ុនក្នុងស្រុកធំមួយ បាននិងកំពុងអភិវឌ្ឍន៍កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មធុនស្រាល រួមទាំងការកែច្នៃម្ហូបអាហារ និងវាយនភណ្ឌ។

ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ ស្ថិតនៅជិតកំពង់ផែកំពត ធ្វើឱ្យវាក្លាយជាទីតាំងយុទ្ធសាស្ត្រ សម្រាប់ឧស្សាហកម្មដែលជំរុញការនាំចេញ។

  1. ជលផល និងវារីវប្បកម្ម

ខេត្តកំពត ក៏មានឧស្សាហកម្មចិញ្ចឹមត្រីតាមឆ្នេរសមុទ្រ និងតាមដងព្រែកដ៏មានសក្តានុពល ដោយសារតម្រូវការអាហារសមុទ្រកើនឡើង។ លើសពីនេះ ការវិនិយោគលើការនេសាទ ប្រកបដោយនិរន្តរភាព និងការកែច្នៃអាហារសមុទ្រសម្រាប់ការនាំចេញ។

  1. ថាមពលកកើតឡើងវិញ

ខេត្តកំពត មានឱកាសវិនិយោគ នៅក្នុងគម្រោងថាមពលព្រះអាទិត្យ និងវារីអគ្គិសនី ដើម្បីគាំទ្រតម្រូវការថាមពល ដែលកំពុងកើនឡើង ស្របពេលសេដ្ឋកិច្ចប្រទេសនេះ កំពុងមានកំណើនប្រកបដោយថាមភាព។

ខេត្តនេះ ក្រៅពីមានដងព្រែក ក៏មានជួរភ្នំខ្ពស់ៗ ដែលអំណោយផល និងហុចសក្តានុពលសម្រាប់ការវិនិយោគ លើដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពសម្រាប់តំបន់ជនបទ។

  1. ភស្តុភារ និងដឹកជញ្ជូន

កំពង់ផែទឹកជ្រៅកំពត កំពុងសាងសង់ និងនៅពេលបញ្ចប់នាពេលខាងមុខ នឹងលើកកម្ពស់ពាណិជ្ជកម្ម និងភស្តុភារ។

ការវិនិយោគនៅក្នុងឃ្លាំង និងមជ្ឈមណ្ឌលចែកចាយសម្រាប់ពាណិជ្ជកម្មក្នុងតំបន់ ក៏ជាឱកាសដ៏ប្រសើរផងដែរ៕