ស្ថានភាពទីផ្សារសណ្ឋាគារនៅតំបន់កណ្តាលទីក្រុងគូឡាំឡាំពួរ បង្ហាញសញ្ញាប្រសើរឡើង

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យសណ្ឋាគារនៅប្រទេសម៉ាឡេស៊ីកំពុងសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកការស្ទុះងើបឡើងវិញ ស្របពេលឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរបង្ហាញស្ថានភាពប្រសើរឡើង។

លោកស្រី Datin Christina Toh ប្រធានសមាគមសណ្ឋាគារម៉ាឡេស៊ី បានលើកឡើងថា សណ្ឋាគារនៅតាមបណ្តារដ្ឋជាច្រើនបានទទួលអត្ថប្រយោជន៍ពីការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។

អ្នកជំនាញរូបនេះបានថ្លែងបន្តថា“សណ្ឋាគារនានា ដែលមានទីតាំងនៅចំកណ្តាលទីក្រុង ជាពិសេសសណ្ឋាគារនៅតំបន់ Klang Valley នៃទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា មានអត្រាគ្រប់ដណ្តប់ការស្នាក់នៅខ្ពស់។

លោកស្រីបានបញ្ជាក់ប្រាប់សារពត៌មាន StarBiz ថា “អត្រាគ្រប់ដណ្តប់ការស្នាក់នៅ មិនទាន់បានហក់ឡើងដល់កម្រិតមុនផ្ទុះជំងឺរាតត្បាតក្នុងរង្វង់ប្រមាណ៧០ភាគរយឡើងវិញនៅឡើយទេ”។

លោកស្រីបានគូសបញ្ជាក់ថា “វិស័យសណ្ឋាគារនៅចំកណ្តាលទីក្រុងមានភាពប្រសើរឡើងយ៉ាងខ្លាំង និងកើនឡើងជិតដល់កម្រិតមុនពេលផ្ទុះជំងឺរាតត្បាត។ ទោះយ៉ាងណាក្តី សណ្ឋាគារនៅតាមរដ្ឋតូចៗមួយចំនួនមិនទាន់ឈានដល់កម្រិតនោះនៅឡើយទេ”។

ចាប់ពីខែកក្កដាដល់ខែសីហា ឆ្នាំ២០២៤ សណ្ឋាគារលំដាប់ផ្កាយ៣ ដល់ផ្កាយ៥ នៅចំកណ្តាលទីក្រុងគូឡាឡាំពួរ ត្រូវបានគេមើលឃើញថា អត្រាគ្របដណ្តប់ស្នាក់នៅបានកើនឡើងដល់ជាង៨០ភាគរយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានគូសរំលេចនៅក្នុងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ថា ចំនួនសណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ នៅក្នុងទីក្រុងគូឡាឡាំពួរមានចំនួន១០២អគារ គិតជាបន្ទប់សរុបចំនួន៣៣.៣៧៧បន្ទប់។

គម្រោងអភិវឌ្ឍន៍សណ្ឋាគារភាគច្រើនបំផុតត្រូវបានជ្រើសរើសទីតាំងនៅចំកណ្តាលទីក្រុង ខណៈគម្រោងដែលមានទីតាំងនៅជាយក្រុងគូឡាឡាំពួរ
មានចំណែកប្រហែល២៥ភាគរយ ប៉ុណ្ណោះ៕ប្រភព: The star៕

ក្រសួងសេដ្ឋកិច្ចនឹងធ្វើការជាមួយEuro Cham ដើម្បីបើកសិក្ខាសាលាស្តីពី”ឱកាសវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នឹងធ្វើការរៀបចំសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពី “ឱកាសវិ​និយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា”។

សិក្ខាសាលានេះ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះ គ្រោងនឹងប្រពឹត្តទៅចំនួនកន្លះថ្ងៃ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តាមប្រព័ន្ធ Zoom Conference ជូនដល់បណ្តាក្រុមហ៊ុនអឺរ៉ុប ជាសមាជិក EuroCham Cambodia ដែលមានការិយាល័យនៅប្រទេសកម្ពុជា និងក្រៅប្រទេសមានចំនួនសរុបប្រមាណ២០០នាក់។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលធ្វើបទបង្ហាញ ផ្សព្វផ្សាយ អំពីក្របខ័ណ្ឌគ្រប់គ្រងគម្រោង ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Management Framework) និងបញ្ជីគម្រោង PPP អាទិភាព ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត និងគ្រប់គ្រងគម្រោងPPP ក្នុងគោលបំណង ដើម្បីកៀ​រ​គរវិនិយោគិនបរទេស ពីបណ្ដាប្រទេសអឺរ៉ុបបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕

ក្រុមហ៊ុនអង្ករធំមួយរបស់កម្ពុជាបានចុះMOUជាមួយក្រុមហ៊ុនអាមេរិកលើការកែច្នៃកន្ទក់សរីរាង្គ

ដោយៈ ម៉ាលីនណា

អាមេរិកៈ ក្រុមហ៊ុន Amru Rice (Cambodia)បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុនStabil Nutrition, LLC លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ។

ពិធីចុះអនុស្សរណៈនវ បានធ្វើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពពីលោកស៊ុន ចាន់ថុល ឧបនា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ភាគីហត្ថលេខី តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។

អនុស្សរណៈដែលបានចុះហត្ថលេខា នាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋាន សម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើត រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាមេរិក។

នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោកឧបនា​យករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោ​គ នៅសហរដ្ឋអាមេរិកនាកាសនេះ៕


ADBបន្តព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើន៥,៨ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំក្រោយ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានរក្សាការព្យា​ករកំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៥.៨% សម្រា​ប់ឆ្នាំ២០២៤ និង៦.០ភាគរយសម្រាប់ឆ្នាំ២០២៥ ខាងមុខ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះបានអះអាងថា ការព្យាករណ៍នេះ គឺវាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួច នៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។

ADB បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួន ពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។

លោកស្រី Jyotsana Varmaតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានថ្លែងថា “ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា”។លោកស្រីបន្តថា “វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា”។

ជារួមកម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។

ការសិក្សារបស់ADBបានបញ្ជាក់ទៀតថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ១៦.៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ចំណែក កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១.២% ដែលសម្រេចបាន ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។

ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់ បានកើនឡើង ២៣.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ចំណែកវិស័យកសិកម្មវិញ ត្រូវបានព្យាករថា នឹងកើនឡើង១.២% ក្នុងឆ្នាំ ២០២៤ និង១.៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើង៥.៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត៥.២% នៅឆ្នាំ ២០២៥។

ការព្យាករនេះត្រូវបានគាំទ្រ ដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤.៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

ADBបានបន្តថា លំហូរវិនិយោគពីបរទេស បានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម២.០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី២.១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុន ទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុ មានការថយចុះគួរឱ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។

ហានិភ័យដែលអាចកើតមាន សម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗ ដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារអាកាសធាតុ អាក្រក់ជាដើម៕នេះបើតាមការបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍របស់ADB៕


 

កម្ពុជាជ្រើសរើសខេត្តសៀមរាបជាទីក្រុងស្រស់ប្រឹមប្រិយដើម្បីបង្ហាញក្នុងពិព៌ណ ចិន អាស៊ាន

ដោយៈ គង់ ម៉ាលីនណា

      ប្រទេសចិនៈ ទីក្រុងសៀមរាប ដ៏ស្រស់ប្រិមប្រិយរួមទាំងសិល្បៈទស្សនីយភាពខ្មែរ ជាច្រើនទម្រង់បាននិងកំពុងបង្ហាញនៅក្នុងពិព៌ណចិន អាស៊ាន នៅទីក្រុងណានីង ប្រទេសចិន។

តំណាងរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិព៌ណដ៏ធំនេះ មានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តីវង្សី វិស្សុត រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។

ការរចនាពន្លាជាតិកម្ពុជា៖ ក្រុមការងារបានបំផុសគំនិត ដោយជ្រើសរើសយកប្រាសាទនាគព័ន្ធ។ ប្លង់បាតនៃពន្លាជាតិកម្ពុជារួមមាន៖ ១- ច្រកចូល (អមដោយបង្គោលសីមា ចំនួន៦ មានរចនាបទ ពីប្រាសាទចៅសាយទេវតា, ក្លោងទ្វាកណ្តាលគឺជាក្លោងទ្វាប្រាសាទព្រះខ័ណ្ឌ) ២- ការដាក់តាំងផលិតផល (មាន Kiosk Digital Signage ចំនួន២, Product Information Digital Signage ចំនួន៤ និងធ្នើដាក់តាំងផលិតផលកម្ពុជា ចំនួន៨មុខ (គ្រាប់ល្ង, សណ្តែកក្រហម, សណ្តែកខ្មៅ, អំបិល, គ្រាប់ស្វាយចន្ទី, សណ្តែកខៀវ, ម្រេចកំពត, អង្ករផ្កាម្លិះ) អមដោយ Digital Screen សម្រាប់បញ្ចាំងព័ត៌មានផលិតផល និងវីដេអូនានាពាក់ព័ន្ធនឹងឧបករណ៍ភ្លេងខ្មែរ)។

៣- នាគផុសនៅកណ្តាល (ខ្លួននាគធ្វើ Lightbox ដែលមានផ្ទាំងរចនាផ្សព្វផ្សាយពីផលិត ផលសក្តាលនុពលរបស់កម្ពុជា ដែលរួមមាន (អង្ករ, ស្វាយចន្ធី, ម្រេចកំពត, និងស្ករត្នោតកំពង់ស្ពឺ), នៅកណ្តាល នាគ មានរូបសំណាកព្រះលោកេសូរ ជាព្រះពោធិសត្វនៅក្នុងពុទ្ធសាសនាមហាយាន ដែលជាអ្នកសង្រ្គោះសត្វលោក, បាតក្រោមមានជា PVC យក Pattern ជាថ្មប្រាសាទ) និង៤- Alibaba Stage៖ មានរៀបចំជា Banner ទំហំ 2.81m X 1.78m រំលេច សារអបអរសាទរផលិតផលកម្ពុជាចូលទីផ្សារពិភពលោកតាមរយៈថ្នាល Alibaba.com។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំឱ្យមាន មា នការសម្តែងសិល្បៈ ដោយសិល្បៈករ-សិល្បៈការិនី មកពីក្រ សួងវប្បធម៌និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន១០ របាំ រួមមាន របាំជូនពរ, គោះត្រឡោក, រស្មីដួងច័ន្ទ, ក្រម៉ា, អប្សរា, វិធី (សហសម័យ), ក្ងោកសិល្ប៍, គែន, សែនដាំស្រូវ,  និង ភ្លេចមិនបាន៕

CVEA ប្រជុំលើសំណើរសុំបញ្ចុះតម្លៃសេវាវាយតម្លៃអចលនវត្ថុ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អ្នកជំនាញការវាយតម្លៃ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានបើកកិច្ចប្រជុំកាលពីសប្តាហ៍មុន ដោយផ្តោតលើសំណើរសុំបញ្ចុះតម្លៃ សេវាកម្មវាយតម្លៃ អចលនទ្រព្យ។

ចំនុចសំខាន់ៗនៃកិច្ចប្រជុំនេះ បានផ្តោតលើចំណុចមួយចំនួនដួចជា ទី១ កិច្ចប្រជុំបានស្វែងយល់ពីលទ្ធភាព នៃការកាត់បន្ថយថ្លៃសេវាវាយតម្លៃបច្ចុប្បន្ន។ ទី២ សមាជិកត្រូវពិភា​ក្សា ជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនរៀងៗខ្លួន ដើម្បីកំណត់ភាគរយបញ្ចុះតម្លៃ ដែលបានស្នើ៣ CVEA នឹងចងក្រងសំណើទាំងនេះ ហើយបញ្ជូនអនុសាសន៍រួមមួយទៅកាន់ RPR សម្រាប់ការអនុម័ត។

ជាមួយញគ្នានេះ អ្នកជំនាញនិងថ្នាក់ដឹកនាំសមាគមនឹងពិភាក្សាទទួលយកចំណើរមួយចំនួនផងដែរ រួមមានទី១ សំណើ​នឹងជូនសមាគមត្រឹមថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។ សមាគម នឹងគណនាការបញ្ចុះតម្លៃជាមធ្យម រួចដាក់ជូនអ្នកជំនាញវាយតម្លៃ CVEA ដើម្បីពិនិត្យ។ ទី៣ បន្ទាប់ពីការត្រួតពិនិត្យ សំណើនឹងត្រូវដាក់ជូន សម្រាប់ការបោះឆ្នោតនៅក្នុងកិច្ចប្រជុំពីរសប្តាហ៍។

លើសពីនេះអង្គប្រជុំ ក៏បានណែនាំវិធីសាស្រ្តគណនាថ្លៃកម្រៃជើងសារ ដោយប្រើរូបមន្តExcel និងអនុវត្តការបញ្ចុះតម្លៃជាភាគរយ។ គណៈគ្រប់គ្រងបានរំលឹកឡើងវិញ នូវយុទ្ធសាស្ត្របន្ត និងផែនការអនុវត្ត សម្រាប់កាលបរិច្ឆេទចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ និងបានធ្វើបទបង្ហាញពីសារៈសំខាន់នៃការផ្តល់តម្លៃបឋម ភាពច្បាស់លាស់ និងត្រឹមត្រូវដែលត្រូវអនុវត្ត៕

រដ្ឋាភិបាលអាមេរិកប្រមូលបានពន្ធចំនួន១,៣ពាន់លានដុល្លារពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រមូលបានពន្ធចំនួន១,៣ពាន់លានដុល្លារបន្ថែមទៀតពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគេចវេសពន្ធរបស់ក្រុមអ្នកមាននៅក្នុងប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចមួយនេះ។

ទីភ្នាក់ងារសេវាពន្ធអាមេរិក (IRS) និងក្រសួងហិរញ្ញវត្ថុ បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រាក់ចំណូលពន្ធខាងលើត្រូវបានប្រមូលពីបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៣។

យ៉ាងណាមិញ ក្រុមអ្នកមានទាំងអស់នេះពុំបានចេញសេចក្តីប្រកាស ឬបង់ពន្ធគ្រប់គ្រាន់តាមចំនួនកំណត់នោះទេ។ ប៉ុន្តែ ទំហំប្រាក់ចំណូលពន្ធខាងលើជាលទ្ធផលចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការក្លែងបន្លំពន្ធនៅសហរដ្ឋអាមេរិក។

យោងតាមទីភ្នាក់ងារ IRS បានឱ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរអាមេរិកបានរឹតបន្តឹងការធ្វើសវនកម្មចំពោះបុគ្គលមានទ្រព្យសម្បត្តិលើសពី១លានដុល្លារ ឬច្រើនជាងនេះ និងបានរឹតបន្តឹងការធ្វើសវនកម្មចំពោះបុគ្គលជំពាក់ពន្ធលើសពី២៥ម៉ឺនដុល្លារ។

គិតចាប់ពីដំណាច់ចុងឆ្នាំ២០២៣មក ចំនួនជិត៨០ភាគរយ​នៃមហាសេដ្ឋីអាមេរិកចំនួន១.៦០០រូប ដែលមានជាប់ជំពាក់ពន្ធ បានបង់ពន្ធជូនរដ្ឋក្នុងទំហំទឹកប្រាក់ប្រមាណ១,១ពាន់លានដុល្លារ។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាងថា ប្រតិបត្តិការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំពន្ធ ដោយបង្ខំឱ្យបុគ្គលមានប្រាក់ចំណូលខ្ពស់ត្រូវទូទាត់សងប្រាក់ទាំងអស់ ដែលពួកគេបានធ្វើការជំពាក់។

នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ អត្រានៃការធ្វើសវនកម្មទៅលើក្រុមអ្នកមានទ្រព្យស្តុកស្តម្ភ បានដាំក្បាលចុះចំនួន៨០ភាគរយ ខណៈអត្រានៃការធ្វើសវនកម្មទៅលើប្រជាជនមានប្រាក់ចំណូលក្រោម២០ម៉ឺនដុល្លារបានកើនឡើង។

នៅឆ្នាំ២០១៩​ ចំនួន១ភាគរយនៃជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិខ្ពស់បំផុត ត្រូវបានគេប៉ាន់ប្រមាណថា បានជំពាក់ពន្ធចំនួន២០ភាគរយ និងទុកឱ្យក្រុមប្រជាជនមានប្រាក់ចំណូលធម្មតាត្រូវទទួលបន្ទុកជំនួស។

លោកស្រី Yellen បានលើកឡើងថា ទីភ្នាក់ងារ IRS បាននិងកំពុងតាមដានលើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន១២,៥ម៉ឺននាក់ ព្រោះពួកគេពុំបានដាក់ពាក្យបង់ពន្ធក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

គោលនយោបាយ​ពន្ធ​កំពុង​ក្លាយ​ជា​ចំណុចដ៏សំខាន់ ខណៈ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កាន់តែខិតជិតមកដល់នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកាខាងមុខ។

លោកស្រី កាម៉ាឡា ហារីស បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កំពុងព្យាយាមទាក់ទាញចិត្តក្រុមអ្នកបោះឆ្នោត ដោយលើកឡើងពីផែនការកាត់បន្ថយបន្ទុកចំណាយផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនអាមេរិក៕ប្រភព:CNN៕

ភាគីថៃប្តេជ្ញាពន្លឿនការចរចាជាមួយកម្ពុជា និងប្រទេសចំនួន៤ផ្សេងទៀតលើការបង្កើតយុទ្ធនាការ “ប្រទេស៦ គោលដៅមួយ”

ដោយ: គង់ លាងហួរ
បាងកក: លោក Maris Sangiampongsa រដ្ឋមន្ដ្រីការបរទេសថៃបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងផ្តល់អាទិភាពលើការដោះស្រាយបញ្ហាឆ្លងព្រំដែន។

ជាមួយគ្នានេះ ទីក្រុងបាងកកក៏បានអំពាវនាវស្វែងរកការគាំទ្រពីបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ដូចជា កម្ពុជា​ ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីដោះស្រាយបញ្ហារួម។

លោក Maris ក៏បានលើកឡើងពីការបង្កើតទិដ្ឋាការទេសចរណ៍រួមរបស់បណ្តាប្រទេសក្នុងតំបន់ចំនួន ៦ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងថៃ។

ជុំវិញបញ្ហានេះ លោករដ្ឋមន្ដ្រីការបរទេសថៃ បានប្តេជ្ញាពន្លឿនកិច្ចចរចាដើម្បីធ្វើឱ្យយុទ្ធនាការ “ប្រទេស៦ គោលដៅមួយ”លេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការណ៍នេះអាចលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តនៅបណ្តាប្រទេសទាំង៦កាន់តែច្រើនបន្ថែមទៀត និងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់។

ជាមួយគ្នានេះ ក្រសួងការបរទេសថៃ បានកោះកិច្ចប្រជុំជាមួយឯកអគ្គរាជទូតកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងគោលបំណងដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអាងទន្លេមេគង្គ។

ប្រទេសកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ជាសមាជិកនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ  (ACMECS) ដែលជាអង្គការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្រួមគម្លាតផ្នែកសេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំង៥។

លោក Maris បានគូសបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ថៃ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ និងដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអាងទន្លេមេគង្គក្នុងរយៈពេលវែង ទៅកាន់ឯកអគ្គរាជទូតកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

លោកបានលើកឡើងថា ភាគីថៃនឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានទឹកអន្តរជាតិ ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដូចជា វិទ្យាស្ថានមេគង្គ និងគណៈកម្មការទន្លេមេគង្គដើម្បីធានាការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្តថា “យើងមានគោលដៅអភិវឌ្ឍន៍ប្រព័ន្ធព្រមានពីគ្រោះមហន្តរាយ ប្រតិបត្តិការបូមខ្សាច់តាមដងទន្លេ និងកសាងតំបន់ស្តុកទឹកជន់លិច ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅតាមដងទន្លេមេគង្គ ដើម្បីធានាការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។

លោក Maris បានបន្ថែមថា កិច្ចប្រជុំជាមួយសមាជិកយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាប់អាងទន្លេមេគង្គ ដើម្បីដោះស្រាយស្ថានភាពទឹកជំនន់ដែលកំពុងបង្កផលប៉ះពាល់លើប្រជាជនថៃ និងប្រជាជននៃបណ្តាប្រទេសជិតខាង៕ប្រភព: The Nation៕

សេដ្ឋវិទូជាន់ខ្ពស់មួយរូបអះអាងថា វិបត្តិអចលនទ្រព្យនៅប្រទេសចិនមិនផ្ទុះរាលដាលដល់ពិភពលោកនោះទេ

ដោយ: គង់ លាងហួរ
ប៉េកាំង: ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននៅតែជាហានិភ័យដ៏ធំបំផុតចំពោះការសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៤នេះ ខណៈក្រុមមន្រ្តីបង្កើតគោលនយោបាយចិនហាក់មិនសម្រុកធ្វើការផ្លាស់ប្តូរអ្វីជាដុំកំភួននៅឡើយនោះទេ។

ប៉ុន្តែ ទោះជាយ៉ាងណាលោក Paul Gruenwald ប្រធានសេដ្ឋវិទូសកលនៅក្រុមហ៊ុន S&P Global Ratings បានលើកឡើងថា “ប្រទេសចិនមានទុនបម្រុងសន្សំទុកដើម្បីដោះស្រាបញ្ហានេះ។ វិបត្តិអចលនទ្រព្យចិនមិនជះឥទ្ធិពលរាលដាលទៅកាន់ពិភពលោកខ្លាំងពេកនោះទេ”។

លោកបន្តថា “ដូច្នេះ ពុំមានសម្ពាធពីខាងក្រៅ ឬទីផ្សារ ដើម្បីបង្ខំឱ្យក្រុមមន្រ្តីបង្កើតគោលនយោបាយចិនដោះស្រាយវិបត្តិនេះទាំងប្រញាប់ប្រញាល់នោះទេ។ ពួកគេអាចធ្វើបានអាស្រ័យតាមពេលវេលារបស់ពួកគេ។ប៉ុន្តែ យើងមិនទាន់ធ្លាក់ចុះដល់បាតនៅឡើយទេ”។នេះបើយោងតាមសារពត៌មាន South China Morning Post។

នៅក្នុងខែឧសភា ប្រទេសចិនបានដាក់បង្ហាញនូវវិធានការដើម្បីស្តារស្ថិរភាពនៅក្នុងវិស័យអចលនទ្រព្យ ក្រោយវិស័យនេះបានដាំក្បាលចុះ ចាប់តាំងពីក្រុមហ៊ុន Evergrande Group ខកខានទូទាត់សងបំណុលក្នុងឆ្នាំ២០២១។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿជាក់ថា វិបត្តិនេះនៅតែទាមទារឱ្យមានចំណាត់ការដោះស្រាយខ្លាំងជាងនេះបន្ថែមទៀត។

តម្លៃផ្ទះថ្មីជាមធ្យមនៅទូទាំងទីក្រុងចំនួន១០០នៃប្រទេសចិន បានកើនឡើងត្រឹមតែ០,១១ភាគរយនៅក្នុងខែសីហាធៀបនឹងខែកក្កដា។ នេះបើយោងតាមរបាយការណ៍ពីស្ថាប័នជំនាញផ្នែកស្រាវជ្រាវអចលនទ្រព្យ China Index academy៕ប្រភព:SCMP៕

ក្រុមហ៊ុន Trump Organization គ្រោងអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាននៅភាគខាងជើងប្រទេសវៀតណាម

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Trump Organization របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងធ្វើការអភិវឌ្ឍន៍សណ្ឋាគារ ទីតាំងលេងកីឡាវាយកូនហ្គោល និងរមណីយដ្ឋានកម្សាន្តនៅភាគខាងជើងប្រទេសវៀតណាម។

ក្រុមអ្នកតំណាង​នៃក្រុមហ៊ុន​របស់លោក Trump បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខាងលើទៅកាន់រដ្ឋបាល​ខេត្ត Hung Yen នៃប្រទេសវៀតណាម នៅ​ក្នុង​កិច្ច​ប្រជុំ​មួយកាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Tran Quoc Van ប្រធានរដ្ឋបាល​ខេត្ត Hung Yen បានមានប្រសាសន៍ឱ្យដឹងថា លោកស្វាគមន៍ក្រុមហ៊ុនក្នុងការសិក្សាលទ្ធភាពសម្រាប់ការវិនិយោគដ៏មានសក្តានុពលមួយនេះ។

បច្ចុប្បន្ន ខេត្ត Hung Yen ស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការដឹកជញ្ជូន ឧស្សាហកម្ម និងលំនៅដ្ឋាន។

លោក Nguyen Huu Nghia លេខាគណបក្សកុម្មុយនីសវៀតណាមប្រចាំខេត្តHung Yen បានលើកឡើងថា អាជ្ញាធរមូលដ្ឋាននឹងផ្តល់លក្ខខណ្ឌអំណោយផលក្នុងក្របខ័ណ្ឌច្បាប់ដើម្បីគាំទ្រដល់ក្រុមហ៊ុន Trump Organization ខណៈក្រុមហ៊ុនកំពុងស្វែងរកជម្រើសវិនិយោគ។

កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងតបតាមសំណើរបស់ក្រុមហ៊ុន Hung Yen Group ជាក្រុមហ៊ុនអចលនទ្រព្យដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ហើយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ជាម្ចាស់ភាគហ៊ុន។

ក្រុមហ៊ុន Trump Organization បានគ្រប់គ្រង និងអភិវឌ្ឍន៍រមណីយដ្ឋាន និងទីលានវាយកូនហ្គោលជាច្រើននៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត រួមមានប្រទេសអារ៉ាប់រួម (UAE) ប្រទេសឥណ្ឌូនេស៊ី ប្រទេសកូរ៉េខាងត្បូង ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌា៕ប្រភព: Vnexpress៕