រដ្ឋាភិបាលហ្វីលីពីនប្រកាសរឹតបន្តឹងលើការផ្តល់ទិដ្ឋាការទេសចរណ៍សម្រាប់ជនជាតិចិន

ដោយ: គង់ លាងហួរ

ម៉ានីល: រដ្ឋាភិបាលហ្វីលីពីនបានប្រកាសថា ខ្លួននឹងរឹតបន្តឹងច្បាប់ សម្រាប់ការចេញទិដ្ឋាការទេសចរណ៍ដល់ពលរដ្ឋចិន ស្របពេលមានករណី ដាក់ពាក្យស្នើសុំក្លែងបន្លំជាច្រើន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន VNexpress។

សារព័ត៌មាន Philippine Daily Inquirer បានដកស្រង់របាយការណ៍របស់ក្រសួងការបរទេសហ្វីលីពីន មកចុះផ្សាយថា “ក្រោមលក្ខខណ្ឌតម្រូវថ្មី ដែលនឹងត្រូវអនុវត្តន៍ចាប់ពីសប្តាហ៍នេះ អ្នកដាក់ពាក្យសុំទិដ្ឋាការ ត្រូវតែបង្ហាញឯកសារសន្តិសុខសង្គម ដែលចេញដោយរដ្ឋាភិបាលចិន។

ទន្ទឹមនឹងនេះ បេក្ខជនស្នើសុំទិដ្ឋាការ នៅតែត្រូវដាក់ភស្តុតាងបញ្ជាក់ពីសមត្ថភាពផ្នែកហិរញ្ញវត្ថុ វិញ្ញាបនបត្របញ្ជាក់ការងារ និងរបាយការណ៍ធនាគាររបស់ពួកគេ។លោក Jesus Domingo អនុរដ្ឋលេខាធិការក្រសួងសន្តិសុខស៊ីវិល និងកិច្ចការកុងស៊ុល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីជនជាតិចិនមួយចំនួន បានបញ្ជូនឯកសារក្លែងក្លាយ ក្នុងអំឡុងពេលដាក់ពាក្យសុំទិដ្ឋាការ។

កាលពីឆ្នាំមុន រដ្ឋាភិបាលហ្វីលីពីន បានដាក់ឱ្យដំណើរការទិដ្ឋា​ការអេឡិចត្រូនិក សម្រាប់ជនជាតិចិន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានកាន់តែច្រើន ប៉ុន្តែបានផ្អាកទៅវិញក្នុងរយៈពេល៣ខែ ដោយសារតែបញ្ហាបច្ចេកទេស។

ទោះជាយ៉ាងនេះក្តី ប្រទេសចិន​គឺជា​ប្រភព​ភ្ញៀវទេសចរ​ណ៍បរទេស​ដ៏កំពូល​មួយ​សម្រាប់​ហ្វីលីពីន។ ទិដ្ឋាការចូលតែមួយលើក(single-entry) អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ អាចស្នាក់នៅក្នុងប្រទេសហ្វីលីពីន រយៈពេលអតិបរមា៣ខែ ខណៈដែលទិដ្ឋាការចូលច្រើនលើក(Multiple-entry) មានសុពលភាពចាប់ពី៦ខែ ទៅដល់១ឆ្នាំ។

នៅឆ្នាំ២០២៤នេះ ប្រទេសហ្វីលីពីន បានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានចំនួន៧,៧លាននាក់ បើធៀបនឹងភ្ញៀវទេសចរណ៍ អន្តរជាតិចំនួន៥,៤៥លាននាក់ ដែលហ្វីលីពីនបានកត់ត្រាកាលពីឆ្នាំមុន៕ប្រភព: Vnexpress៕

ថៃគ្រោងស្ថាបនាគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះនៅទីតាំងកំពង់ផែបាងកក ដើម្បីទាក់ទាញចំណាប់អារម្មណ៍វិនិយោគិន

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ MT Asset Corporation លើកឡើងថា កំពង់ផែបាងកក(Khlong Toei) មានសក្តានុពលខ្ពស់ និងអាចប្រែក្លាយជាទីក្រុងសេដ្ឋកិច្ចថ្មី ព្រមទាំងដើរ តួនាទីជាប្រភពជំរុញសេដ្ឋកិច្ចថៃ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។

លោក Woraphot Kantapipat នាយកគ្រប់គ្រងក្រុមហ៊ុន MT Asset  បានថ្លែងប្រាប់សារព័ត៌មាន The Nation ថា តំបន់ចំណតនាវាទេសចរណ៍ សណ្ឋាគារ ការិយាល័យ និងអគារប្រើប្រាស់ចម្រុះ អាចនឹងត្រូវបានអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។

លោកបន្តថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងបង្កើតបានការងារ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយផលប៉ះពាល់នៃការបំពុលខ្យល់នៅក្នុងរាជធានី ដោយលោកបញ្ជាក់ទៀតថា ការអភិវឌ្ឍនេះ ក៏ស្របនឹងគោលនយោបាយ របស់លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន ដើម្បីទាក់ទាញការវិនិយោគពីបរទេសផងដែរ។Bangkok Port (Khlong Toei) - Thailand - ท่าเรือกรุงเทพ (ฮ่องเต้)លោក​បាន​អះអាងថា​ “ប្រសិន​បើ​រដ្ឋាភិបាលដាក់ចេញគោល​នយោបាយ​ លើក​កម្ពស់​ទីក្រុង​សេដ្ឋកិច្ច​ថ្មី ​នៅ​សង្កាត់​ Khong Toei នោះតំបន់កំពង់ផែមួយនេះ នឹង​ទាក់ទាញ​អ្នក​វិនិយោគជាក់ជាមិនខាន”។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ បានចាត់តាំងឱ្យក្រសួងដឹកជញ្ជូន អាជ្ញាធរកំពង់ផែថៃ និងរដ្ឋបាលក្រុងបាងកក សិក្សាពីការផ្លាស់ប្តូរទីតាំងកំពង់ផែបាងកក និងអភិវឌ្ឍន៍ផ្ទៃដី ដែលមានទំហំសរុបជិត៣៧៦,៥ហិកតានេះ ឱ្យក្លាយទៅជា “សហគមន៍ឆ្លាតវៃ”។

លោកស្រី Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន បានលើកឡើងថា គណៈកម្មាធិការមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីសិក្សាពីការអភិវឌ្ឍន៍ ដោយបញ្ជាក់ថា ផ្នែកខ្លះនៃតំបន់កំពង់ផែបាងកក នឹងត្រូវរក្សាទុកដដែល ដើម្បីជាប្រយោជន៍សម្រាប់អ្នកធ្វើដំណើរតាមកប៉ាល់ទេសចរណ៍។

លោកស្រីបានបន្តថា ការអភិវឌ្ឍន៍មួយចំនួន ដូចជាគម្រោងប្រើប្រាស់ចម្រុះ អគារការិយាល័យ គម្រោងលំនៅដ្ឋាន ផ្សារទំនើប និងសួនសាធារណៈ នឹងគាំទ្រដល់វិស័យទេសចរណ៍ថៃ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ថាមពលទន់។

លោកស្រី Manaporn បានបញ្ជាក់បន្ថែមថា អគារលំនៅដ្ឋានខ្ពស់ៗនឹងត្រូវបានសាងសង់ឡើង ដើម្បីផ្គត់ផ្គង់ប្រជាជនចំនួន១៣.០០០គ្រួសារ ក្នុងគោលដៅដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅក្នុងសង្កាត់Khlong Toei ហើយ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក៏នឹងត្រូវបានបង្កើតឡើងផងដែរ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន៕ប្រភព: The Nation៕

យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នឹងចាប់ផ្តើមជាផ្លូវការពី ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ បន្ទាប់ពីការសាកល្បង “យុទ្ធនាការកម្ពុជាស្អាត” នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ ក្រសួងបរិស្ថាននឹងប្រកាសចាប់ផ្តើមយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនជាង៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា “ការបើកយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នេះ បានបង្ហាញយ៉ាងច្បាស់ពី កម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈហើយ”។

យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” គឺជាយុទ្ធនាការសុំឱ្យ​សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ការទុកដាក់សំរាម ក៏ជាផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថា ពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងគាំទ្រឱ្យដល់ចលនាសម្អាតបរិស្ថាន តាមរយៈយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ឱ្យបានផុសផុល នៅតាមមូលដ្ឋានបន្ថែមទៀត ជារៀងរាល់សប្តាហ៍ ក្នុងការជំរុញ ការលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពរបស់មូលដ្ឋាន និងដើម្បីកម្ពុជាស្អាត ស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគត។

អនុលោមតាម “យុទ្ធសាស្រ្តបញ្ចកោណ” ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួ​ង​បរិស្ថានបានរៀបចំ “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣- ២០២៨” ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕

តើរាជវង្សស្តេចឌូបៃមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលកម្រិតណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងឌូបៃមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើពិភពលោក ដោយសារទីក្រុងអារ៉ាប់មួយនេះ មានរបៀបរស់នៅដ៏ប្រណីត រាប់ចាប់តាំងពីសំណង់អគារខ្ពស់ៗកប់ពពក រហូតដល់ការរៀបចំពិធីជប់លៀងក្នុងទ្រង់ទ្រាយធំៗជាច្រើន។

លើសពីនេះ ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum និងក្រុមគ្រួសាររាជវង្ស ដែលជាប់ឈ្មោះជាស្តេចឌូ​បៃ (Emir of Dubai)  គឺជាខ្សែរាជវង្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេបំផុតមួយនៅលើពិភពលោក ។នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ ​​Luxury Launches។

ជាក់ស្តែង ព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum មានទ្រព្យសម្បត្តិចន្លោះពី១៤ពាន់លានដុល្លារ ទៅ១៨ពាន់លានដុល្លារ ដែលធ្វើឱ្យព្រះអង្គក្លាយជាស្តេច ដែលមានទ្រព្យច្រើនជាងគេបំផុតមួយអង្គ នៅក្នុងពិភពលោក និងជាបុគ្គលមានបំផុតនៅទីក្រុងឌូបៃ។
ព្រះអង្គម្ចាស់ Sheikh Mohammad រួមជាមួយនឹងព្រះមហេសី និងបុត្រទាំង៦អង្គ គង់នៅក្នុងវិមាន Zabeel ដែលលាតសន្ធឹងលើផ្ទៃដី១៥ហិកតា និងមានបន្ទប់ជាង១៥០បន្ទប់ រួមទាំងបន្ទប់សាលរបាំ សួនសត្វឯកជន និងអាងហែលទឹកជាច្រើន។ វិមាននេះមានតម្លៃ២ពាន់លានដុល្លារ។

ការរៀបអភិសេកដំបូងរបស់ព្រះអង្គម្ចាស់ Sheikh Mohammad បានបំបែកកំណត់ត្រាពិភពលោក Guinness ក្នុងនាមជា “អាពាហ៍ពិពាហ៍ថ្លៃបំផុត”។

ពិធីនេះមានរយៈពេល១ខែ ដោយចំណាយប្រាក់អស់១០០លានដុល្លារ ដោយក្នុងនោះកីឡដ្ឋានមួយ ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ប្រារព្ធពិធីរៀបអភិសេករបស់ព្រះអង្គ។

ស្តេចឌូបៃអង្គនេះមានទ្រព្យសម្បត្តិ ដ៏ច្រើនមហាសាលជាច្រើនផ្សេងទៀត ដូចជា ផ្ទះនៅមាត់សមុទ្រនៅលើកោះ Palm Jumeirah កោះ Zaya Nurai និងអចលនទ្រព្យប្រណីតជាច្រើន នៅក្នុងចក្រភពអង់គ្លេស និងតំបន់អឺរ៉ុបក្នុងចំណោមវត្ថុដ៏មានតម្លៃផ្សេងទៀត។

លើសពីនេះ ព្រះអង្គម្ចាស់ Sheikh Mohammad មានទូក​ទេសចរណ៍ជាច្រើនគ្រឿង ដោយក្នុងនោះ ទូក Dubai Yatch គឺជាទូកថ្លៃបំផុតរបស់ព្រះអង្គ ដែលមានតម្លៃ៤០០លាន​ដុល្លារ​ និងទូក Quattroelle ដែលមានតម្លៃ១៨០លាន​ដុល្លារ​។

ស្តេចឌូបៃអង្គនេះ ក៏មានយន្តហោះ​ឯកជន​ផងដែរ រួម​មាន​ដូចជា យន្តហោះ Boeing 747-400 យន្តហោះ Dubai Air Wing One យន្តហោះ Boeing 737 និងយន្តហោះ Gulfstream G650៕ប្រភព: Thenews.com.pk៕

ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមិនទាន់ស្ទុះងើបឡើងវិញពេញលេញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសជប៉ុន បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំនេះ ខណៈចំនួនភ្ញៀវទេសចរណ៍បរទេស ចូលមកកាន់ប្រទេសនេះ បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងខែមីនា ដែលជំរុញដោយការដាំក្បាលចុះនៃប្រាក់យ៉េន។

តួយ៉ាង កាលពីខែមេសា ប្រាក់យ៉េនរបស់ជប៉ុនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៣៤ឆ្នាំ បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ក្នុងស្រុកមិនបានហក់ឡើងថ្លៃនោះទេ។

ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរ  បានបង្កើនការចំណាយរបស់ភ្ញៀវទេសចរណ៍ ដល់កំណត់ត្រាប្រចាំត្រីមាស នៅឆ្នាំនេះ និងកំពុងជួយឱ្យរដ្ឋាភិបាលជប៉ុន កាន់តែខិតទៅជិតគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញការចំណាយ ពីភ្ញៀវទេសចរណ៍ប្រចាំឆ្នាំចំនួន១៥ទ្រីលានយ៉េន (ប្រមាណ៩៦ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ខាងមុខ។

ចំពោះក្រុមហ៊ុនអាកាសចរណ៍ តម្រូវការដឹកទំនិញអន្តរជាតិ និងជើងហោះហើរ កំពុងចាប់ផ្តើមស្ទុះងើបឡើងវិញ ដោយសារតម្លៃប្រាក់យ៉េនដាំក្បាលចុះ ដែលការណ៍នេះ បានជួយបង្កើនប្រាក់ចំណេញបន្ថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលលក់សំបុត្រគិតជារូបិយប័ណ្ណបរទេស។

ក្រុមហ៊ុន Japan Airlines រំពឹងថា ការលក់របស់ខ្លួននឹងកើនឡើង១៧ភាគរយ ហើយប្រាក់ចំណេញសុទ្ធរបស់ខ្លួន នឹងកើនឡើង៥ភាគរយ ដល់ទំហំទឹកប្រាក់១០០ពាន់លានយ៉េន សម្រាប់ឆ្នាំសារពន្ធ២០២៤  ដែលរាប់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុននេះ មិនបានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់នោះទេ។

ហេតុផលមួយផ្នែក ដែលធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមិនហក់ឡើងថ្លៃ គឺដោយសារតែការដាំក្បាលចុះនៃប្រាក់យ៉េន។

ការដាំក្បាលចុះនៃប្រាក់យ៉េន ប្រៀបដូចជាដាវមុខ២ ដែលមុខដាវម្ខាងអាចទាក់ទាញឱ្យជនបរទេស សម្រុកមកលេងប្រទេសជប៉ុន។ ប៉ុន្តែមុខដាវម្ខាងទៀត គឺធ្វើឱ្យតម្លៃ​ប្រេង​នាំ​ចូល​ ដែល​ត្រូវ​បង់​ជា​ប្រាក់​ដុល្លារ​ បាន​ហក់ឡើង​ថ្លៃ។ ប៉ុន្តែ​បញ្ហា​ធំ​ជាង​នេះ​ គឺ​ការ​ថយចុះនៃ​ការ​ធ្វើ​ដំណើរ​របស់ជនជាតិជប៉ុនទៅ​ក្រៅ​ប្រទេស។

ជាក់ស្តែង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ទោះបីជាចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ចូលទៅកាន់ប្រទេសជប៉ុនមានការកើនឡើងខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែចំនួនអ្នកដំណើរជប៉ុន ដែលចេញទៅដើរលេងកំសាន្តនៅបរទេស បានធ្លាក់ចុះជិត៤០ភាគរយបើធៀបនឹងកម្រិតមុនជំងឺរាតត្បាត ដែលការណ៍នេះជះផលប៉ះពាល់លើលទ្ធភាពរកប្រាក់ចំណេញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុននានា។

ដូច្នេះ ការស្ទុះងើបឡើងវិញពេញលេញ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនអាកាសចរណ៍ និងតម្លៃភាគហ៊ុន នឹងត្រូវពឹងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ដូចជា៖ កំណើនប្រាក់ឈ្នួលលើសពីអតិផរណា ការស្ទុះងើបឡើងវិញនៃការចំណាយក្នុងគ្រួសារ និងស្ថិរភាពនៃប្រាក់យ៉េន៕ប្រភព: Financial Times៕

សម្តេចធិបតីនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេលវែងនៅ កូរ៉េខាងត្បូង

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។

យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងទស្សនកិច្ចនេះ សម្ដេ​ចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ លោកប្រធា​នាធិបតី យូន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហ​ប្រតិ​បត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេ​សទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយ​ចំនួន​ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និងលោកប្រធានរដ្ឋសភា គីម ជីនណូ (Kim Jin-pyo)។

សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួម ក្នុងវេទិកាធុរកិច្ចកម្ពុជា-សា​ធារណរដ្ឋកូរ៉េ និងជួបជាមួយ​ក្រុម​ហ៊ុនកូរ៉េសំខាន់ៗមួយចំនួន។ សម្តេចធិបតី ក៏នឹងជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរ​នៅសាធារណរដ្ឋកូរ៉ផងដែរ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ទៅកាន់សាធារណៈរដ្ឋកូរ៉េជាលើកទី១នេះ ជាការពង្រឹងមិត្តភាព ភាពជាដៃគូយុទ្ឋសាស្រ្តកាន់​តែមានភាពស៊ីជម្រៅ ស្របពេលដែលទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែប្រសើរ ខណៈប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយផងដែរ។

លោកបន្តថា “ស្របពេលរដ្ឋាភិបាលដាក់ចេញ គោលនយោ​បា​យគោះទ្វារវិនិយោគិនដល់ផ្ទះ ដំណើរទស្សនកិច្ចនេះ នឹងផ្តោតលើលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត”។ លោកបន្តថា “គោលដៅនៃទស្សនកិច្ចនេះ គឺធ្វើឡើង ដើម្បីផលប្រយោជន៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់កម្ពុជា”៕

អ្នកជំនាញៈ ទីផ្សារអចលនទ្រព្យត្រូវការភាពអត់ធន់បន្ថែមទៀត

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ នៅតែមិនទាន់មើលឃើញពីភាពប្រ​សើរឡើង ក្នុងវិស័យអចលនទ្រព្យនៅឡើយ ដែលទាមទារឲ្យអ្នកនៅក្នុងវិស័យនេះ មានភាពអត់ធន់បន្ថែមទៀត។

អគ្គនាយកក្រុមហ៊ុន Advance Real estate លោកប៉ូ អ៊ាវគង់ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមនាល្ងាចថ្ងៃទី១៣ ឧសថា វិស័យនេះស្ថិតក្នុងដំណាក់កាលមួយ ត្រូវអត់ធន់ និងធ្វើដំណើរទៅមុខក្នុងស្ថានភាពយឺតៗ ព្រោះទីផ្សារមិនមានការប្រែប្រួលធំដុំទេ ដោយសារភាពប្រឈមពីខាងាក្រៅ និងកត្តាខាងក្នុង។លោកបន្តថា “រាល់ការវិនិយោគ ការទិញ លក់ មិនទាន់មានភាពគំហុកទេ បើទោះជាមានការទិញលក់តិចតួចក្តី”។ លោកបន្ថែមថា “គិតពីសម័យមុនកូវីដ មកដល់បច្ចុប្បន្ន នៅតែមានដំណើរការយឺតៗ ដោយ​សកម្មភាពដាក់លក់ និងការបង្ខំចិត្តលក់អចលនទ្រព្យបាន និងកំពុងបន្តកើនឡើង”។

លោកប៉ូ អ៊ាវគង់បានបន្តថា កំលាំងចលករនៃការទិញ នៅដដែល ដែលធ្វើឲ្យស្ថានភាពទីផ្សារ បានបន្តធ្លាក់ចុះសន្សឹមៗ ហើយព័ត៌មានថា ជនបរទេសមកពីអឺរ៉ុប និងអាស៊ីមួយចំនួន ពួកគេកំពុងសម្លឹងមកកាន់ទីផ្សារនេះ ប៉ុន្តែពួកគេមិនទាន់សម្រេចចិត្តនៅឡើយ។ជាមួយគ្នានេះ លោកឡុង គឹមសួរ អគ្គនាយកក្រុមហ៊ុនCentury21 Advance Propertyបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនាពេលនេះ មិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ស្ថានភាពនៃការទិញ លក់មានសភាពអាក្រក់ជាងឆ្នាំ២០២៣ទៅទៀត។លោកបន្តថា ដើម្បីឲ្យវិស័យនេះងើបឡើងវិញ ទាមទារឲ្យវិស័យដទៃទៀត ដែលជាកំលាំងចលករសេដ្ឋកិច្ច ងើបឡើងជាមុនសិន ហើ​យជាធម្មតាវិស័យអចលនទ្រព្យ តែងតែងើបក្រោយគេ ដោយសា​រវិស័យនេះត្រូវការលំហូរមូលធនធំ។ លោកបញ្ជាក់ថា “អ្វីៗកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ចរន្តទីផ្សារមិនទាន់កំរើកឡើងនៅឡើយទេ”៕

តើទីផ្សារការិយាល័យនៅទីក្រុងធំៗក្នុងតំបន់អាស៊ានមានស្ថានភាព និងតម្លៃបែបណា នៅក្នុងត្រីមាសទី១?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ឬការិយាល័យ នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន មានការប្រែប្រួលខុសៗគ្នា ខណៈតម្រូវការជួលការិយាល័យ នៅក្នុងប្រទេសខ្លះថយចុះ រីឯតម្រូវការនៅប្រទេសខ្លះទៀត មានស្ថានភាពល្អប្រសើរ។

ទីផ្សារការិយាល័យបានវិវត្តន៍ គួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់ ដែលបានធ្វើឱ្យក្រុមហ៊ុននានាតម្រូវឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះ។ និន្នាការនេះបានបន្តកើតមាន ខណៈមនុស្សបានបន្សុំាខ្លួនរបស់ពួកគេ ទៅនឹងការធ្វើការងារពីផ្ទះរួចទៅហើយ ដែលការណ៍នេះ នាំឱ្យអត្រាការិយាល័យទំនេរមានការកើនឡើង។

ខាងក្រោមនេះ គឺជាស្ថានភាពថ្លៃជួលការិយាល័យ នៅក្នុងទីក្រុងធំៗរបស់បណ្តាប្រទេសចំនួន៣ នៅតំបន់អាស៊ាន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤៖

ទី១: ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ថ្លៃជួលការិយាល័យជាមធ្យមនៅតំបន់ Metro Manila មានតម្លៃ១.០៣៥ប៉េសូ(ប្រមាណ១៧,៩ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំនេះ ដែលបង្ហាញសញ្ញាពីការធ្លាក់ចុះ១,២% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន និងធ្លាក់ចុះ២,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ទី២: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៤ ថ្លៃជួលការិយាល័យជាមធ្យម នៅតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល (CBD) នៃទីក្រុងហ្សាការតា មានតម្លៃ១៦៦.៨០០រូពៀ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ក្នុងមួយខែដែលតំណាងឱ្យការកើនឡើង៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

ប៉ុន្តែប្រសិនបើគិត ក្នុងលក្ខខណ្ឌប្រាក់ដុល្លារ ថ្លៃជួលការិយា​ល័យជាមធ្យមបានធ្លាក់ចុះ១,៦ភាគរយ មកនៅត្រឹម១០,៥២ដុល្លារក្នុងម៉ែត្រការ៉េ ដែលបណ្តាលមកពីការដាំក្បាលចុះ នៃប្រាក់រូពៀរបស់ឥណ្ឌូនេស៊ី ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ទី៣: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
អត្រាការិយាល័យប្រណីត (Prime office) ដែលគេទុកទំនេរចោលគ្មានអ្នកជួលនៅទីក្រុងគូឡាឡាំពួរ ស្ថិតក្នុងរង្វង់២៩,៧ភាគរយ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ខណៈការជួលប្រចាំខែមានតម្លៃ១៧,៩១ដុល្លារក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank៕

ក្រុមហ៊ុនកូរ៉េគ្រោងវិនិយោគលើកាកែច្នៃសំរាមជាថាមពលអគ្គិសនី

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytimeបានបង្ហាញពីបំណងវិនិយោគលើការកែច្នៃសំរាមជាថាមពលអគ្គិសនី។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូក្រុមហ៊ុនកូរ៉េ ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនីកាលពីថ្ងៃទី១៣ ឧសភាលកន្លងមកនេះ។

ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន លើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះ ដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះគម្រោងវិនិយោគរបស់ខ្លួន។

តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះ ក្រុមហ៊ុនបានបង្ហាញថា បច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន។

ឆ្លើយតបក្នុងអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគ លើការទាញយកថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនេះ និងស្នើសុំឱ្យក្រុមហ៊ុនផ្ញើជូន ព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕

អេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនបន្ថែមទៀតនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ នាព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CEPA) ហើយតាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។

សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕