រដ្ឋាភិបាលដាក់ផលិតផលកសិកម្មថ្មី៥មុខទៀត ទៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមផលិតផលកសិកម្ម ចំនួន៥មុខបន្ថែមទៀត ទៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ។

ការប្រកាសនេះ បានធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ថែមផលិតផលកសិកម្មចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពល គឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង នៅក្នុងស្រុក ដែលជាវត្ថុធាតុដើម ផលិតចំណីសត្វ ដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នា នឹងប្រកាសលេខ២៥២ខាងលើ ស្ដីពី ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ, អង្ករ ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមាន ការផ្ដល់បញ្ជីឈ្មោះ អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឲ្យបានច្បាស់លាស់ ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើន នៅក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្ត ឲ្យក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។

ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មចំនួន ៨មុខ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។

សម្ដេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ជារួមផលិត​ផលកសិកម្មទាំង៨មុខខាងលើនេះ ទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គល មិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវា ឲ្យដល់សហគ្រាស ទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា នៅក្នុងករណី បា​នកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

វិមានសំណាងបុរីដំបូងគេនៅរាជធានីដែលមានព្រែកធម្មជាតិហូរកាត់

ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការមានបឹងនៅក្បែរឬនៅក្នុងគំរោង ជារឿងគួរឲ្យចាប់អារម្មណ៍មួយរួចទៅហើយ ប៉ុន្តែប្រសិនជាមានព្រែកធម្មជាតិ និងមានទឹកហូរខួបប្រាំង ខួបវស្សាទៀតនោះ គឺរឹតតែពិសេសម្រាប់អ្នករស់នៅក្នុងបុរីនោះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់គំរោងបុរីវិមានសំណាងបានអះអាងកាលពីដើមសប្តាហ៍មុនថា បុរីវិមានសំណាងជាបុរីដំបូងគេ ដែលមានព្រែកធម្មជាតិជាង១០០០ម៉ែត្រហូរកាត់ ដែលភាពអំណោយផលនេះ បានធ្វើឲ្យលោកសម្រេចចិត្តសំអាត ថែរក្សា និងរៀបចំសួនច្បារតាមដងព្រែក ដើម្បីឲ្យម្ចាស់គេហដ្ឋាននានា ដើរហាត់​ប្រាណ អង្គុយអានសៀវភៅ និងសំរាកលំហែរបាន។លោកឧកញ៉ាបានបន្តថា បុរីវិមានសំណាងបាន និងកំពុងកសាងសហគមន៍ និងលំនៅដ្ឋានបែបស៊ីវិល័យមួយ ដោយផ្តោតលើធម្មជាតិ បរិស្ថានបៃតង និងផាសុខភាពសម្រាប់លំនៅដ្ឋាននិមួយៗ ដែលលំនៅដ្ឋានក្នុងបុរីនេះ​ សាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អូចធំៗ ដែលផ្តល់ឲ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ ជាអ្វីដែលជាទស្សនទាននៃការអភិវឌ្ឍន៍ថ្មី សស្របតាមនិន្នាការប្រែប្រួលអាកាសធាតុ។លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿនជាស្ថាបត្យករដ៏ល្បី និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជាបានលើកឡើងថា ការសាងសង់លំនៅដ្ឋាន ដែលផ្តោតលើភាពស៊ីវិស័យ គឺផ្តោតលើបរិស្ថានបៃតង ជាមួយដើមឈើ ទឹក ដែលធ្វើឲ្យបរិយាកាសក្នុងលំនៅដ្ឋានមានភាពត្រជាក់ និងមានអ៊ុកស៊ីសែកគ្រប់គ្រាន់ ដោយវានឹងផ្តល់បរិយាកាស ក្នុងការរស់នៅប្រក​បដោយភាពស្រស់ស្រាយ និងផាសុខភាព។

លោកសាស្រ្តាចារ្យបន្តថា “ការរស់នៅជាមួយដើមឈើ និងទឹក នឹងធ្វើឲ្យមានអារម្មណ៍ល្អ និងស្រស់ស្រាយ ហើយមានពន្លឺ និងដង្ហើមខ្យល់ចូលក្នុងផ្ទះជាប្រចាំ”៕

ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង១៨ពាន់លានដុល្លារក្នុងរយៈពេល១០ខែឆ្នាំនេះ

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ  របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន​បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន២០ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ដោយបើគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ពោលគឺមានទំហំប្រមាណ៧,៤ពាន់លានដុល្លារ មានការថយចុះ១,៥ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន៧,៦ពាន់លានដុល្លារអាមេរិក។

បន្ទាប់ពីអាមេរិក ប្រទេសវៀតណាម បានឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើង​ជិត៤០ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានចំនួន១,៦ពាន់លានដុល្លារ។ ដោយឡែកចិនធ្លាក់មក​លេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន១,១៧ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ ធៀបនឹងឆ្នាំ២០២២ មានចំនួន៩៩៧លានដុល្លារ។

ចំណែកការនាំចេញទៅប្រទេសជប៉ុន សម្រេចបានទឹកប្រាក់៩៧៤លានដុល្លារ និងការនាំចេញទៅប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ជាង​ ៦៥៥លានដុល្លារ។

តើទំនិញអ្វីខ្លះ ដែលបាននាំចេញពីកម្ពុជា របាយការណ៍គយ និងរដ្ឋាករបានបញ្ជាក់ថា ទំនិញដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូមជាដើម។

តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រម​ព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏​បានជំរុញទំហំនៃការនាំចេញ របស់កម្ពុជាទៅកូរ៉េ​ ​នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។

កាលពីឆ្នាំ២០២២ កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ចំនួនទឹកប្រាក់២២,៤៨២,៩៣៧​ លាន​ដុល្លារ កើនឡើង១៦,៤ ​ភាគរយ និង​ទំនិញ​ដែល​កម្ពុជា​នាំចូល ​ពី​ទីផ្សារ​អន្តរជាតិ២៩,៩៤១,៦០​ លាន​ដុល្លារ កើនឡើង៤,៣​ ភាគ​​រយ​ផងដែរ៕

តើរដ្ឋាភិបាលចិនប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីសង្រ្គោះវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ ?

ដោយៈ ហ្វីអូណា

      អន្តរជាតិៈ វិបត្តិអចលនទ្រព្យនៅប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភជាសកល ប៉ុន្តែរដ្ឋាភិបាលចិនមិនបានព្រងើយកន្តើយនឹងបញ្ហានេះទេ។

ផ្ទុយទៅវិញ រដ្ឋាភិបាលចិន បានអនុវត្តន៍វិធានការជាច្រើន រាប់ចាប់ពីការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិការទិញផ្ទះ រហូត ដល់ការលើកទឹកចិត្តដល់ការវិនិយោគ។

ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើន ប្រឈមមុខបញ្ហារហូតដល់ដាក់ពាក្យ ការពារក្ស័យធនថែមទៀត។ ប្រឈមមុខវិបត្តិក្នុងវិស័យសំខាន់នេះ ចិនក៏ចាត់វិធានការជួយទ្រទ្រង់ដែរ។

ជាការដោះស្រាយមួយផ្នែក មន្ត្រីចិនបានស្នើសុំក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance Group ឱ្យទិញភាគហ៊ុនគ្រប់គ្រងនៅក្នុង Country Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន ដែលកំពុងជំពាក់បំណុលគេ។

រដ្ឋាភិបាលចិនបានដឹកនាំរដ្ឋាភិបាលខេត្តគ័ងតុង ដែលជាកន្លែងក្រុមហ៊ុនទាំងពីរ មានទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីដើរតួជាអន្តរការី ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុន Ping An ក្នុងការជួយសង្គ្រោះ Country Garden ។

ក្រុមហ៊ុន Ping An ត្រូវបានជ្រើសរើស ដោយសារតែវាជាម្ចាស់ភាគហ៊ុនធំរបស់Country Garden។ មន្ត្រីចិនចង់ឱ្យបញ្ហាសាច់ប្រាក់ងាយស្រួលរបស់Country Garden ត្រូវបានដោះស្រាយនៅក្នុងខេត្តមួយនេះ។

ក្រុមហ៊ុនលំដាប់យក្ស និងជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសចិនCountry Garden មានបំណុលចំនួន១,៤ទ្រីលានយ័ន (១៩០ពាន់លានដុល្លារ) គិតត្រឹមចុងខែមិថុនា ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានគម្រោងប្រហែល៣០០០ ដែលកំពុងសាងសង់នៅចិន។ Country Garden បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ដែលស្ទើរតែជាប់នឹងហានិភ័យ នៃការមិនដំណើរការ។

នេះមិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកទេ សម្រាប់រដ្ឋាភិបាលចិន ប៉ុន្តែប្រសិនបើវាកើតឡើង នេះនឹងក្លាយជាអន្តរាគមន៍ដ៏ធំបំផុតមួយនៅចិនរហូតមកដល់បច្ចុប្បន្ន ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ ដែលកំពុងជាប់ជំពាក់បំណុល និងខ្វះសាច់ប្រាក់ងាយស្រួល។

ទោះបីជាក្រុមហ៊ុនអចលនទ្រព្យចិន ជាច្រើនផ្សេងទៀត រួមទាំងក្រុមហ៊ុន China Evergrande បានសងបំណុលរបស់ពួកគេក៏ដោយ រហូតមកដល់ពេលនេះ គោលនយោបាយរបស់ចិន បានផ្តោតជាសំខាន់លើការកាត់បន្ថយអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយច្បាប់ទិញផ្ទះ។

ដំណឹងជុំវិញក្រុមហ៊ុន Ping Anនេះ ជាសញ្ញាមួយដែលរដ្ឋាភិបាលចិនមានឆន្ទៈ ដើរតួនាទីកាន់ធំក្នុងដំណើរការនេះ។

កាលពីដើមសប្តាហ៍នេះ ភាគទុនិកកំពូលរបស់ China Vanke ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Shenzhen Metro ក៏បានប្រកាសថា ខ្លួនបានរៀបចំថវិកាប្រហែល១០ពាន់លានយ័ន(១,៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុន អចលនទ្រព្យធំទីពីររបស់ចិន។

ទីផ្សារអចលនទ្រព្យចិនមានវិបត្តិ តាំងពីពាក់កណ្តាលឆ្នាំ ២០២១ ។ នៅពេលនោះ អាជីវកម្មជាបន្តបន្ទាប់ ពីរាប់ចាប់ក្រុមហ៊ុនឯកជនធំៗ ដូចជា China Evergrande Group រហូតដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលដូចជា CIFI Holdings កំពុងប្រឈមនឹងការលំបាកលើលំហូរសាច់ប្រាក់ និងសមត្ថភាពក្នុងការសងបំណុល។

ហេតុផលចម្បងនេះ ដោយសារតែគោលនយោបាយ “បន្ទាត់ក្រហមបី” របស់ទីក្រុងប៉េកាំងបានចាប់ផ្តើម ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។ នេះត្រូវបានគេចាត់ទុកថា ជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើន ក្នុងប្រទេសនេះមិនព្រមទទួលខុសត្រូវ។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនប្រហែល៥០ បានលុបចោលសញ្ញាប័ណ្ណបរទេស ជាមួយនឹងទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ JPMorgan ។

អាជីវកម្មដែលគេចផុតពីការក្ស័យធន តែងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយពិបាកក្នុងការខ្ចីដើមទុនថ្មី។

នៅពាក់កណ្តាលឆ្នាំមុន ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយតម្លៃផ្ទះនៅចិនបន្តធ្លាក់ចុះ។ គម្រោងជាច្រើនត្រូវបានផ្អាក ដោយសារកង្វះដើមទុន។ រលកនៃការបញ្ឈប់ការបង់ប្រាក់កម្ចីទិញផ្ទះ បានផ្ទុះឡើងគ្រប់ទីកន្លែង។ យុទ្ធនាការប្រឆាំងកូវីដ-១៩ ដ៏ស្វិតស្វាញរបស់ចិន បានធ្វើឱ្យខូចទំនុកចិត្តទីផ្សារបន្ថែមទៀត។

បច្ចុប្បន្នអចលនទ្រព្យចិន បានរួមចំណែកដល់២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ ដូច្នេះបញ្ហានៅក្នុងវិស័យនេះកំពុងបង្កឱ្យមានការភ័យខ្លាច ក្នុងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុរីករាលដាល។

មើលឃើញបញ្ហានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងស្វែងរកមធ្យោបាយដើម្បីស្តារវិស័យនេះឡើងវិញ។ នៅខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលចិនបានបញ្ឈប់កម្មវិធីសាកល្បងដាក់ពន្ធលើអចលនទ្រព្យ។ ប្រទេសនេះ ក៏បានបន្តជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុជួយដល់វិស័យនេះផងដែរ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងប៉េកាំងបានចាប់ផ្តើមផែនការ ១៦ចំណុច ដើម្បីសង្គ្រោះទីផ្សារអចលនទ្រព្យ ដែលត្រូវបានចាប់ផ្តើមដោយធនាគារកណ្តាលចិន (PBOC) និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) នៅពាក់កណ្តាលខែ។ ផែនការនេះ ផ្តល់ការណែនាំដល់អាជ្ញាធរហិរញ្ញវត្ថុ នៅទូទាំងប្រទេស ផ្តោតលើការដោះស្រាយវិបត្តិសាច់ប្រាក់ ងាយស្រួលនៃអាជីវកម្ម ហើយនឹងបន្ធូរបន្ថយ ការរឹតបន្តឹងជាបណ្តោះអាសន្ន លើការផ្តល់ប្រាក់កម្ចីរបស់ធនាគារ។

នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្នះខ្នែងរបស់ចិន ក្នុងការជួយសង្គ្រោះទីផ្សារ ដែលអតីតទេសាភិបាលធនាគារកណ្តាលចិន Yi Gang ធ្លាប់បានរំពឹងទុកថា នឹងបន្ទន់ឥរិយាបថជុំវិញអត្រាការប្រាក់។ ប៉ុន្មានសប្តាហ៍ក្រោយមក ធនាគារចិនជាបន្តបន្ទាប់បានប្រកាសថាពួកគេនឹងប្រមូលប្រាក់រាប់រយពាន់លានដុល្លារ ទៅក្នុងអចលនទ្រព្យ។ នេះត្រូវបានចាត់ទុកថាជាជោគជ័យដំបូងនៃផែនការនេះ។

ជាក់ស្តែងធនាគាររដ្ឋធំៗចំនួន៦ របស់ចិនគ្រោងនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន១៤០ពាន់លានដុល្លារចូលទៅក្នុងទីផ្សារ។ ដើមទុនខាងលើគឺភាគច្រើន សម្រាប់ការអភិវឌ្ឍអចលនទ្រព្យ កម្ចីទិញផ្ទះសម្រាប់អតិថិជន និងការទិញយកការផ្តល់ហិរញ្ញប្បទាន ខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគមូលបត្របំណុល។

នៅពាក់កណ្តាលឆ្នាំនេះ PBOC បានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចីយ៉ាងច្រើន ដោយបានពង្រីកគោលនយោបាយមួយចំនួន នៅក្នុងកញ្ចប់សង្គ្រោះ១៦ចំណុច រហូតដល់ចុងឆ្នាំ ២០២៤ ។

រដ្ឋាភិបាលចិនក៏បានអនុម័តផែនការ សាងសង់លំនៅឋានតម្លៃទាប និងជួសជុលតំបន់មិនទាន់អភិវឌ្ឍន៍ ជាច្រើននៅក្នុងទីក្រុងធំៗ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ជាងនេះទៅទៀត ចិន ក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួន ដូចជា ការកាត់បន្ថយអត្រាការប្រាក់កម្ចីសម្រាប់អ្នកទិញលើកដំបូង និងកាត់បន្ថយការបង់ប្រាក់ចុះ សម្រាប់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួន។

លើសពីនេះ ធនាគារក៏បានបង្កើតវិធីមួយ ដែលមិនធ្លាប់ប្រើពីមុនមក ក្នុងការលើកទឹកចិត្តដល់ប្រាក់កម្ចីទិញផ្ទះ។ កាលពីដើមឆ្នាំនេះ ធនាគារមួយចំនួននៅទីក្រុងណាននីង ហាងចូវ នីងប៉ និងប៉េកាំង បានដំឡើងកម្រិតអាយុ សម្រាប់អ្នកខ្ចីប្រាក់កម្ចីទិញផ្ទះដល់អាយុ៨០ឆ្នាំ ទៅ៩៥ឆ្នាំ។

នេះមានន័យថាមនុស្ស ដែលមានអាយុ៧០ឆ្នាំក៏អាចខ្ចីបានជាមួយនឹងរយៈពេលបង់ចន្លោះពី១០ ទៅ២០ឆ្នាំ។ នេះជាឧបករណ៍ជំរុញឥរិយាបថអ្នកប្រើប្រាស់ ព្រោះវាអាចកាត់បន្ថយបន្ទុកសងបំណុ​លប្រចាំខែ។

ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន ក៏បានចូលរួមក្នុងការជួយសង្គ្រោះវិស័យនេះ។ នៅខែមិថុនា ឆ្នាំ២០២២ ទីក្រុង Meishan ក្នុងខេត្តស៊ីឈ័ន បានប្រកាសការឧបត្ថម្ភធន សម្រាប់ការទិញផ្ទះថ្មីក្នុងកំឡុងឆ្នាំ។

Wenzhou ដែលជាទីក្រុងមួយក្នុងខេត្តជឺជាំង អនុញ្ញាតឱ្យអ្នកទិញផ្ទះដំបូង បង់ការប្រាក់ត្រឹមតែ៣ឆ្នាំដំបូងប៉ុណ្ណោះ។ Huainan ដែលជាទីក្រុងមួយ នៅខេត្តអានហ៊ុយ បានស្នើឱ្យធនាគារបង្កើនការផ្តល់ប្រាក់កម្ចី និងកាត់បន្ថយរយៈពេលនៃការអនុម័ត ប្រាក់កម្ចីសម្រា​ប់អ្នកទិញផ្ទះលើកដំបូង។

ជាងនេះទៅទៀត ក្រុមហ៊ុនអចលនទ្រព្យខ្លួនឯង ក៏ផ្តល់ការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញអតិថិជនផងដែរ។

នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យCentral China Real Estate បានទទួលការបង់ប្រាក់ជាស្រូវសាលី ដោយបានឧបត្ថម្ភកសិកររហូតដល់ ១៦០ពាន់យ័ន (២៤ពាន់ដុល្លារ) ដើម្បីទូទាត់សម្រាប់ការបង់រំលស់ ដើម្បីទិញផ្ទះនៅក្នុងគម្រោងផ្ទះល្វែង River Mansion របស់ក្រុមហ៊ុននេះនៅខេត្តហឺណាន។ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនក៏បានស្នើឱ្យទទួលយកការបង់ប្រាក់ជាខ្ទឹម ពីអ្នកដែលកំពុងស្វែងរកទិញផ្ទះ នៅក្នុងគម្រោងមួយផ្សេងទៀត នៅក្នុងទីក្រុង Kaifeng ។

យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យចិន មិនត្រូវបានចាត់ទុកថាមានភាពប្រសើរឡើងច្រើននោះទេ។ ទិន្នន័យដែលបានចេញផ្សាយកាលពីខែមុនបានបង្ហាញថា តម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះបីខែជាប់ៗគ្នាគិតត្រឹមចុងខែកញ្ញា។

បើផ្អែកតាមទំហំដី ការលក់អចលនទ្រព្យ ក្នុងខែកញ្ញាធ្លាក់ចុះជិត២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគ លើអចលនទ្រព្យបានថយចុះ៩,១ភាគរយ ក្នុងរយៈពេល៩ខែនៃឆ្នាំនេះ។

អ្នកទិញផ្ទះនានាមានភាពស្ទាក់ស្ទើរ ព្រោះចង់រង់ចាំតម្លៃធ្លាក់ចុះបន្តទៀត។ ផ្នត់គំនិតនេះ កំពុងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ពីព្រោះភ្នាក់ងារអចលនទ្រព្យ ត្រូវការលក់ផ្ទះបន្ថែមទៀត ដើម្បីប្រមូលប្រាក់ និងជៀសវាងការខកខាន។

កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករកំណើនរបស់ចិន នឹងកើនដល់៥,៤ភាគរយនៅឆ្នាំនេះ។ យ៉ាងណាមិញIMF បានព្រមានថាសេដ្ឋកិច្ចចិន នៅតែប្រឈមមុខនឹងហានិភ័យជាច្រើន នៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ស្ថាប័ននេះជឿថា វិស័យអចលនទ្រព្យនៅចិន ក្នុងពេលបច្ចុប្បន្ននេះ«នៅតែទន់ខ្សោយ។

IMF អំពាវនាវឱ្យចិនអនុញ្ញាត ឱ្យក្រុមហ៊ុនអចលនទ្រព្យដែលមិនអាចងើបឡើងវិញបានចាកចេញពីទីផ្សារ។ ស្ថាប័ននេះយល់ថាការអនុញ្ញាតឱ្យអាជីវកម្ម ទន់ខ្សោយរបស់ចិនបន្តប្រតិបត្តិការបានរារាំងការងើបឡើងវិញនៃវិស័យនេះ។

ក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុ នៅទីក្រុងហុងកុង កាលពីដើមសប្តាហ៍នេះ ទេសាភិបាលរង PBOC លោក Zhang Qingsong ក៏បានទទួលស្គាល់ថា វិស័យអចលនទ្រព្យកំពុងធ្លាក់ចុះ។

លោកបានមានប្រសាសន៍ថា “យើងត្រូវតែគ្រប់គ្រងល្បឿននេះឱ្យកាន់តែឆាប់ ដើម្បីជៀសវាងការធ្លាក់ចុះយ៉ាងខ្លាំង និងផលវិបាកដែលមិននឹកស្មានដល់”។ លោកបន្តថា “យើងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ”។

លោក Zhang Qingsong បានអំពាវនាវដល់មន្ត្រីឱ្យស្វែងរកមធ្យោបាយថ្មី ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ព្រោះគំរូចាស់ពឹងផ្អែកលើការវិនិយោគ និងអចលនទ្រព្យលែងមាននិរន្តរភាពហើយ៕

អគ្គនាយកERA Cambodia អ្នកវិនិយោគបរទេសបានចាប់ផ្តើមជំនួសខ្មែរលើទីផ្សារខុនដូនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានអះអាងថា ពីមុនជនជាតិខ្មែរបានកាន់កាប់ ទីផ្សារខុនដូភាគច្រើន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិចិន និងអ្នកវិនិយោគដទៃទៀតបានចាប់   ផ្តើមទិញខុនដូច្រើនឡើងវិញហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះថា បច្ចុប្ប​ន្ននេះ ទីផ្សារខុនដូចាប់ផ្តើមប្រែប្រួលហើយ ដោយក្នុងអំឡុងវិបត្តិកូវីដ១៩ ជនជាតិខ្មែរបានក្លាយជាចំណែកភាគច្រើន នៃអ្នកទិញខុនដូនៅកម្ពុជា ប៉ុន្តែបច្ចុប្បន្នអ្នកធុរកិច្ចចិន កូរ៉េ ជប៉ុន តៃវ៉ាន់ជាដើម បានទិញខុនដូច្រើន និងជំនួសទីផ្សារជនជាតិខ្មែរឡើងវិញ។

លោកបានបញ្ជាក់ថា “អ្នកទិញជនជាតិចិន បានចាប់ផ្តើមសម្លឹងឱកាសនៅកម្ពុជា ដោយសារអត្រាតម្លៃខុនដូ មានភាពល្អប្រសើ​រ ដែលមានតម្លៃទាបជាងទីផ្សារ ចន្លោះពី៣០ទៅ៥០ភាគរយ”។ លោកបន្តថា “ការវិនិយោគខុនដូនាពេលនេះ ជាឱកាសល្អបំផុត ដើម្បីទទួ​លបានប្រាក់ចំណេញនាពេលអនាគត”។

លោកខន គង្គាបានបន្តថា ការទិញដើម្បីទាញយកផលចំណេ​ញពីការវិនិយោគនៅកម្ពុជា នៅតែមានអត្រាចំណេញខ្ពស់ ដោយអត្រាចំណេញមានចន្លោះពី៨ទៅ១២ភាគរយ អាស្រ័យលើគំរោង និងទីតាំងរបស់គំរោងនិមួយៗ។

ទីផ្សារខុនដូនៅកម្ពុជា បានជួបវិបត្តិអំឡុងសម័យកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែស្ថានភាពចុងឆ្នាំនេះ បន្ទាប់ពីការបោះឆ្នោត អ្វីៗមានភាពប្រសើរឡើង ពិសេសក្រោយការរៀបចំ   ​រដ្ឋាភិបាលថ្មី។

លោកខន គង្គាបានបន្តថា ការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារ មិនលើសតម្រូវការ ដូចការលើកឡើងមួយចំនួននោះទេ ព្រោះនៅមានឱ​កាសច្រើននៅទីនេះ ខណៈអ្នកវិនិយោគបរទេស និងជនជាតិខ្មែរនៅ​បរទេស បានចាប់ផ្តើមទិញខុនដូកាន់តែច្រើន ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋក្នុងស្រុក ក៏បានវិនិយោគនិងទិញខុនដូសម្រាប់ការលំហែររបស់ពួកគេបណ្តើរៗផងដែរ៕

ក្រុមហ៊ុនSpaceX របស់Elon Musk នឹងមានតម្លៃឈានដល់៥០០ពាន់លានដុល្លារ នៅឆ្នាំ២០៣០

ដោយៈ តែម សុខុម

សិង្ហបុរីៈ មហាសេដ្ឋីពាន់លានដុល្លារ លោកRon Baron បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានដ៏ល្បីល្បាញ CNBC កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk នឹងមានតម្លៃកើនឡើងដល់ប្រមាណ៥០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

សារព័ត៌មាន CNBC បានឱ្យដឹងថា លោកRon Baron កាន់កាប់ភាគហ៊ុនជាង១ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនបាញ់បង្ហោះផ្កាយរណបបស់លោក Elon Musk មួយនេះ។

លោក Ron Baron បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះនឹងមានតម្លៃចន្លោះពី២៥០ពាន់លានដុល្លារ ទៅ៣០០ពាន់លានដុល្លារ នៅ៣ឆ្នាំខាងមុខ។

ក្រុមហ៊ុន SpaceX នៅពេលបច្ចុប្បន្ន មានតម្លៃប្រមាណ១៥០ពាន់លានដុល្លារ ដែលធ្វើឱ្យវាជាប់ឈ្មោះ ក្នុងចំណោមក្រុមហ៊ុនឯកជន ដែលមានតម្លៃបំផុតក្នុងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។

កាលពីដើមខែនេះ លោក Elon Musk បានប្រកាសថា ក្រុមហ៊ុនStarlink ដែលជាបុត្រសម្ព័ន្ធអ៊ីនធឺណិត ផ្កាយរណបរបស់ SpaceX បានឈានដល់ដំណាក់កាលជោគជ័យហើយ។

Starlink គឺជាក្រុមហ៊ុនផ្កាយរណប ធំបំផុតរបស់ពិភពលោក ហើយអះអាងថា ខ្លួនមានបណ្ដាញផ្កាយរណប ប្រមាណ៥.០០០នៅក្នុងគន្លងតារាវិថីកម្រិតទាប។

ដោយដកស្រង់ប្រភពច្បាស់ការ សារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយកាលពីថ្ងៃច័ន្ទ សប្ដាហ៍មុនថា ក្រុមហ៊ុន SpaceX នឹងទទួលបានប្រាក់ចំណូល ប្រមាណ៩ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ដោយការលក់ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមា​ណ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤៕ Reuters ៕

បុគ្គលិកជាទ្រព្យស្ថាប័ន?

ក្នុងស្ថាប័នមួយ គឺត្រូវការកត្តាចូលរួមជាច្រើន ដើម្បីធ្វើឱ្យអាជីវកម្ម ឬស្ថាប័នមួយរីកចម្រើនបានលឿន និងរឹងមាំយូរអង្វែងតជំនាន់បាន។ ក្រុមហ៊ុនដែលមានការរីកចម្រើនតែងពឹងផ្អែក​ចាំបាច់ លើការសហការគ្រប់ផ្នែកទាំងអស់ ទើបដំណើរការបានល្អ បានន័យថា ទាំងមេដឹកនាំ ទាំងបុគ្គលិក  ក៏ដូចជាបរិយាកាសខាងក្រៅ និងខាងក្នុង បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុនឱ្យទទួលបានសមិទ្ធិផលល្អ ដែលជាដំណើរការនៃអាជីវកម្មឬស្ថាប័នលោកអ្នក។ ក្នុងនោះបុគ្គលិកក៏ជាកត្តាសំខាន់ដែលធ្វើឱ្យអាជីវកម្មរីកចម្រើន ឬធ្លាក់ចុះ។ ការជ្រើសរើសបុគ្គលិក ការថែរក្សាបុគ្គលិក គឺជារឿងដ៏សំខាន់មួយ ក្នុងចំណោមរឿងសំខាន់ដទៃ ដែលជាលំហូរក្នុងការធ្វើឱ្យដំណើរការអាជីវកម្មរបស់លោកអ្នកទទួលបានលទ្ធផលល្អគាប់ប្រសើរ។ ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយហើយ  ប៉ុន្តែស្ថាប័នមួយមានបុគ្គលិកឆ្នើមទៀត នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។៨សំណួរ ដើម្បីឆ្លុះបញ្ចាំង ទៅកាន់បុគ្គលិករបស់លោកអ្នក៖

  1. តើបុគ្គលិករបស់អ្នកមានសមត្ថភាពខ្លាំងហើយឬនៅ?
  2. តើពួកគេមានទឹកចិត្តប្រយុទ្ធនៅក្នុងសមរភូមិការងារមុះមុតខ្លាំងក្លាដែរឬទេ?
  3. តើពួកគេស្រលាញ់គ្នា សហការគ្នា ក្នុងការបំពេញការងារឱ្យមានប្រសិទ្ធភាពខ្ពស់ដែរឬទេ?
  4. តើពួកគេស្រលាញ់ក្រុមហ៊ុនរបស់អ្នកដូចជាក្រុមហ៊ុនរបស់ពួកគេដែរឬទេ?
  5. តើពួកគេបានទុកចិត្ត ជឿជាក់ គោរព ដឹងគុណ មានភាពស្មោះត្រង់ និងអនុវត្តតាមការដឹកនាំរបស់អ្នកដែរឬទេ?
  6. តើពួកគេជួយលើកកេរ្តិ៍ឈ្មោះ ការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់អ្នកខ្លាំងក្លាដែរឬទេ?
  7. តើពួកគេនឹងអាចក្លាយជាកម្លាំងអ្នកដឹកនាំបន្តវេនរបស់អ្នកបានដែរឬទេ?
  8. តើពួកគេជាបុគ្គលិកទ្រព្យ ឬ បុគ្គលិកបំណុល?

ជាការពិតណាស់ស្ថាប័ននីមួយៗ ត្រូវការចំណូលធំជាងចំណាយ ទើបទទួលបានប្រាក់ចំណេញ។ ស្ថាប័នឬអាជីវកម្មណាក៏ដោយ ក៏ចង់ឱ្យអាជីវកម្មរបស់ខ្លួនទទួលបានភាពរីកចម្រើន ជាពិសេសក៏ចង់ទទួលបានបុគ្គលិកទ្រព្យសម្រាប់ក្រុមហ៊ុនផងដែរ។ យ៉ាងណាមិញ លោកអ្នក ជាថ្នាក់ដឹកនាំក្រុមហ៊ុន ឬស្ថាប័ន មានបានចាប់អារម្មណ៍ជាមួយបញ្ហាខាងលើនេះដែឬទេ? ហើយអ្នកគិតថាបុគ្គលិករបស់លោកអ្នក យល់ពីសុខទុក្ខរបស់អ្នក ដូចអ្នកខ្វាយខ្វល់ពីពួកគេដែរឬទេ?គ្មានអ្វីថ្មី ឬចំឡែកនោះទេ បញ្ហារបស់បុគ្គលិក ជាបញ្ហារបស់ស្ថាប័ន ភាពរីកចម្រើនរបស់បុគ្គលិក ជាភាពរីកចម្រើនរបស់ស្ថាប័ន។ ស្ថាប័នគ្រាន់តែជាឈ្មោះតែប៉ុណ្ណោះ ភាពរីកចម្រើនពិតប្រាកដ គឺស្ថិតលើអ្នកដែលជ្រកក្រោមដំបូលស្ថាប័ននោះ។ តើលោកអ្នកបន្តឱ្យក្រុមហ៊ុនរបស់លោកអ្នក បន្តជួបបញ្ហាដោយសាបុគ្គលិក ដល់ពេលណាទៀត?ការវិនិយោគរបស់លោកអ្នក គឺជាការវិយោគដ៏ធំធេងសម្រាប់ភាពរីកចម្រើនក្រុមហ៊ុនរបស់លោកអ្នក។
ចូលរួមកម្មវិធីបង្វឹក “ក្លាយជាបុគ្គលិកឆ្នើម” ថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ធានាថាបុគ្គលិករបស់លោកអ្នកនឹងក្លាយទៅជាធនធានមនុស្សដ៏មានគុណតម្លៃសម្រាប់ក្រុមហ៊ុន និងប្រទេសជាតិយើងទាំងមូល ។
📌ទីតាំងកម្មវិធី៖ អគារ CEO Building  #មិនពេញចិត្តជូនថវិកាវិញ100%
☎️ចាប់អារម្មណ៍ចុះឈ្មោះចូលរួមសូមទាក់ទង
𝟎𝟖𝟕 𝟖𝟖𝟕 𝟕𝟏𝟖 – 𝟎𝟖𝟓 𝟑𝟏𝟏 𝟏𝟖𝟑 – 𝟎𝟏𝟎 𝟑𝟑𝟑 𝟎𝟒𝟏 – 𝟎𝟏𝟎 𝟕𝟖𝟎 𝟏𝟗𝟑
🥇. បុគ្គលិកខ្លាំងក្រុមហ៊ុនខ្លាំង: https://bit.ly/3e5aZIK
🥈. ទ័ពខ្សោយមិនអាចឈ្នះសមរភូមិបានទេ: https://bit.ly/3edXzdf
🔴 𝐅𝐨𝐥𝐥𝐨𝐰 𝐔𝐩:
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: https://www.youtube.com/c/CEOTV
𝗬𝗼𝘂𝗧𝘂𝗯𝗲: https://t.me/ceomasterclubchannel
អត្ថបទ៖ អ៊ឹម ភ័ស

មន្ទីរព្យាបាលធ្មេញសន្តិភាពនិងដៃគូរៀបចំកម្មវិធី“បរិច្ចាគឈាមដើម្បីសង្រ្គោះជីវិតមនុស្សជាតិ”

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្ទីរព្យាបាលធ្មេញសន្តិភាព សហការជាមួយក្រុម CEO PEAK POWER TEAM មូលនិធិឈាមនី មុនីនាថ និងមជ្ឈ​មណ្ឌលជាតិផ្តល់ឈាម បានរៀបចំបរិច្ចាកឈាម ដើម្បីសង្រ្គោះជីវិតមនុស្សជាតិ”។

លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច និងលោកទន្តបណ្ឌិត ភាវ សូវ ស្ថាបនិកមន្ទីរព្យាបាលធ្មេញសន្តិភាព សហការជាមួយមជ្ឈ​មណ្ឌ​លជាតិផ្ដល់ឈាម និងCEO Peak Power Team ក្នុងការបង្កើតកម្មវិធីសប្បុរសធ៌មជាអ្នករៀបចំកម្មវិធីនេះ។

កម្មវិធីនេះធ្វើឡើង ក្រោមវត្តមាន លោកបណ្ឌិត អោម សេងបូរ៉ា និងលោកជំទាវ ស្ថាបនិក CEO Master Club លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងកញ្ញា​នី មុនីនាថ ប្រ​ធា​​នមូលនិធិឈាមនី មុនីនា នៅមន្ទីរព្យាបាលធ្មេញសន្តិភាព សាខានរោត្តម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ការរៀបចំនូវកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាមនេះ បានឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គម ដែលជាការងារមួយរបស់ CEO PEAK POWER TEAM និងសូវហ៊ុចគ្រុប តែងតែធ្វើកន្លង ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគារឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចំបាច់ជារៀងរាល់ថ្ងៃ។

លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ប្រធាននាយកប្រតិបត្តិនៃ មន្ទីរព្យាបាលធ្មេញសន្តិភាព បានមានប្រសាសន៍ថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាកិច្ចការចូលរួមចំណែកជួយដល់សង្គម ដែលជាការងារមួយរបស់ CEO Peak Power Team និង សូវហ៊ុចគ្រុបតែងតែធ្វើកន្លងផលដែរ។

លោកស្រីបន្តថា “ក្នុងនាមជាសហគ្រិនស្រ្តីមួយរូប ដែលឈរជើងជាងដប់ឆ្នាំកន្លងមក ដែលរស់នៅនិងរកទទួលទានពីសង្គមគឺត្រូវតែតបស្នងសងគុណជូនសង្គមវិញ តាមរយៈសកម្មភាពនានា ហើយបើទោះជាកាលៈទេសៈនេះ អ្នករកស៊ីជាច្រើនរួមទាំងនាងខ្ញុំកំពុងឆ្លងការលំបាក ប្រយុទ្ធប្រឆាំងជាមួយវិបត្តិសកលក៏ដោយ យើងខ្ញុំនៅតែព្យាយាមរិះរកមធ្យោបាយនានា ដែលអាចធ្វើទៅបានក្នុងការបន្តជួយដល់សង្គម តាមរយៈការផ្ដល់ឈាមដូចក្នុងថ្ងៃនេះផងដែរ”។ អ្នកស្រីបន្តថា “សូមផ្ដល់ភាពជាគំរូមួយដល់សហគ្រិនទាំងអស់ ក្នុងការចូលរួមជាចំណែកជួយដល់សង្គមជាតិយើង ដូចជាក់ស្ដែងក្នុងថ្ងៃនេះជាការផ្ដល់ឈាមជាដើម”។

អ្នកស្រីបានបន្តទៀតថា “នាងខ្ញុំសូមផ្តល់កម្លាំងចិត្តដល់សហគ្រិនគ្រប់រូបពង្រឹងស្មារតី ខិតខំបន្ថែមឆ្លងផុតដំណាក់កាលលំបាកមួយនេះ នោះយើងនឹងកាន់តែខ្លាំងជាងមុន ហើយនេះជាអ្វីដែល CEO Peak Power Team តែងតែជួយជ្រោមជ្រែងគ្នាជាមួយសមាជិកតាមរយៈការពិគ្រោះយោបល់ និងអញ្ជើញអ្នកមានបទពិសោធមកផ្ដល់ជាការបណ្ដុះបណ្ដាលជាបន្តបន្ទាប់”។

ជាមួយគ្នានេះលោកស្រីបានថ្លែងអំណរគុណ ជូនចំពោះអ្នកចូលរួមស្ម័គ្រចិត្ត បរិច្ចាគឈាមប្រមាណ100នាក់ និងក្រុមហ៊ុនដែលបានឧបត្ថមគាំទ្រកម្មវិធីសប្បុរសធម៌ មានដូចជា ហាងពេជ្រជម្ពូ ហាងរក្សាសម្រស់ហាន់ណា ក្រុមហ៊ុន001VTG Electric គ្រីស្ទីណា សាលាបង្រៀនថែរក្សាសម្ផស្ស អារីតាបេប៊ី Signature Coffee and Pub ក្រុមហ៊ុនវីស្តា​Queen Auto Service ដេប៉ូ វេងងួនហេង បណ្ណាគារ លាង ហេង មន្ទីរសំរាកព្យាបាលឯកទេសបេះដូង និងសម្ភ​ពហេមេតអ៊ឹង សុខទ្រី ផលិតសំបកដបប្លាស្ទីច Niron Floral Boutique & Events Design ភោជនីយដ្ឋានបាយ័ន និងក្រុមហ៊ុន Heng Sreang SH។

ជាពិសេសលោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានសម្របសម្រួលកម្មវិធីផ្តល់ឈាម និងសូមអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជន ដែលមិនទាន់បានស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្តដល់អ្នក ដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តបរិច្ចាគឈាមបន្ថែមទៀត ដើម្បីបង្កើននូវការផ្គត់ផ្គង់ឈាមជា បន្ទាន់សម្រាប់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព៕

 

 

“ទិវាអ្នកនៅលីវ” ឬ Singles Day ក្នុងប្រទេសចិន ជំរុញឱ្យមនុស្សចាយលុយរាប់រយពាន់លានដុល្លារអាមេរិក

តែម សុខុម
សិង្ហបុរីៈ ពេលឮពាក្យថា “ទិវាអ្នកនៅលីវ” ឬ Singles Day ឬ ដែលគេនិយាយបែបលេងសើចថា “ទិវាអ្នកខ្វះលិឍ” វាពិតជាគួរឱ្យចង់សើច និងស្ទើរមិនគួរឱ្យជឿ។

ទោះជាយ៉ាងណា ទិវានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅប្រទេសចិន និងជាព្រឹត្តិការណ៍ដែលមានមនុស្សជះលុយទិញអីវ៉ាន់ ឬ Shopping ច្រើនបំផុតរបស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា។

តើទិវានេះមានប្រវត្តិបែបណា ហើយប្រារព្ធឡើងដើម្បីអ្វី? ដើមឡើយទិវានេះត្រូវបានប្រារព្ធឡើងតែមួយថ្ងៃប៉ុណ្ណោះដើម្បីអបអរភាពនៅលីវដែលផ្ទុយពី “ទិវានៃក្ដីស្រលាញ់” ឬ Valentine’s Day។ ប៉ុន្តែក្រោយមក ទិវានេះបានក្លាយជាព្រឹត្តិការណ៍ទិញអីវ៉ាន់តាមអនឡាញរយៈពេលមួយសប្តាហ៍ដែលនឹងមានមនុស្សសម្រុកទិញអីវ៉ាន់ច្រើនបំផុតនៅថ្ងៃទី១១ ខែវិច្ឆិកា។

ទិវានេះមានប្រភពដើមចេញពីសកលវិទ្យាល័យក្រុងណានជីង (Nanjing University) ក្នុងប្រទេសចិន ក្នុងឆ្នាំ១៩៩៣ ហើយដើមឡើយមានឈ្មោះថា “ទិវាកំលោះចាស់” ឬ Bachelor’s Day។ នៅក្នុងថ្ងៃនោះ អ្នកដែលនៅលីវនាំគ្នាទិញកាដូជូនខ្លួនឯងទុកជាការលើកទឹកចិត្ត ហើយអ្នកខ្លះក៏រៀបចំពិធីជួបជុំ ឬពិធីជប់លៀងផឹកស៊ីសប្បាយផងដែរ។

តើប្រជាជនចំណាយច្រើនប៉ុនណាក្នុងមួយឆ្នាំៗសម្រាប់ទិវាដែលមានរយៈពេល៧ថ្ងៃនេះ? យោងតាមទិន្នន័យពីក្រុមហ៊ុនពិគ្រោះយោបល់អាមររិក Bain បង្ហាញថា កាលពីឆ្នាំមុន តម្លៃសរុបនៃទំនិញដែលត្រូវបានលក់ចេញអំឡុងព្រឹត្តិការណ៍ទិញអីវ៉ាន់ដែលគេស្គាល់ថា “Double 11” ដែរនេះ មានទំហំសរុបដល់ទៅ១៥៧,៩៧ពាន់លានដុល្លារអាមេរិក៕ Reuters ៕

ឪកាសការងារ និងអត្ថប្រយោជន៍និស្សិតIBM

  1. មុខជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ

International Business Management ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិគឺជាការសិក្សាអំពីការគ្រប់គ្រងអាជីវកម្មអន្តរជាតិ ឬប្រតិបត្តិការអាជីវកម្ម រួមបញ្ចូលទាំងការណែនាំនៅក្នុងគោលការណ៍និងដំណើរការនៃការលក់ការនាំចេញការត្រួតពិនិត្យពាណិជ្ជកម្មប្រតិបត្តិការបរទេសនិងបញ្ហាពាក់ព័ន្ធបញ្ហារូបិយវត្ថុគោលនយោបាយជំនួញអន្តរជាតិនិងការអនុវត្តន៍ក្នុងការធ្វើជំនួញនៅក្នុងប្រទេសនិងទីផ្សារជាក់លាក់។

  1. ចំណេះដឹងដែលនិស្សិតទទួលបានក្រោយពីបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំ ៖
  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិ ការគ្រប់គ្រងសង្វាក់ផលិតកម្ម និងនវានុវត្តន៍
  • យល់ដឹងពីច្បាប់និងគោលនយោបាយពាណិជ្ជកម្ម
  • យល់ដឹងពីការស្រាវជ្រាវទីផ្សារ ការគ្រប់គ្រងយុទ្ធសាស្រ្ត ការគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ
  • យល់ដឹងពីការគ្រប់គ្រងការវិនិយោគ
  • មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយទស្សនិកជនផ្សេងគ្នា
  • មានសមត្ថភាពក្នុងការ​ត្រិះរិះ​ពិចារណា
  • មានសមត្ថភាពក្នុងការបង្កើតផែនការនិងការគ្រប់គ្រង
  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា
  • មានសមត្ថភាពក្នុងការស្រាវជ្រាវនិងការវិភាគ
  • មានសមត្ថភាពក្នុងការធ្វើការងារជាក្រុម
  1. អង្គភាព ឬមូលដ្ឋានដែលនិស្សិតចប់នូវជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ អាចទៅបម្រើការងារ ៖
  • អ្នកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្ម
  • អ្នកវិទ្យាសាស្ត្រទិន្នន័យ
  • សវនករខាងក្រៅ
  • ពាណិជ្ជករហិរញ្ញវត្ថុ
  • មន្រ្តីធនធានមនុស្ស
  • នាយកប្រតិបត្តិទីផ្សារ
  • នាយកប្រតិបត្តិគណនេយ្យទំនាក់ទំនងសាធារណៈ
  • នាយក​ប្រតិបត្តិ​ផ្នែក​លក់
  • អ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់
  • មន្រ្តីអនុវត្តតាម
  • មេធាវីថ្លៃដើម
  • អ្នកទីផ្សារឌីជីថល
  • អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
  • ទីប្រឹក្សាគ្រប់គ្រង
  • អ្នករៀបចំផែនការប្រព័ន្ធផ្សព្វផ្សាយ
  • ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈ
  • អ្នកប្រឹក្សាជ្រើសរើសបុគ្គលិក

4.ជ្រើសរើសសាកលវិទ្យាល័យ
CEO Institute
គឺជាវិទ្យាស្ថានបណ្ដុះបណ្ដាល ថ្នាក់ឧត្តមសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជួយឱ្យនិស្សិតក្លាយជា និស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និងអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ផ្ដល់ជូនដោយឥតគិតថ្លៃ ជំនាញភាសាអង់គ្លេស ជំនាញភាសាចិន ជំនាញកុំព្យូទ័រ និងជំនាញនិយាយជាសាធារណៈ ក្នុងកំឡុងពេលសិក្សា។និស្សិតនៅទីនេះរៀនទ្រឹស្ដី ២០% អនុវត្ត៨០% ដែលធ្វើឱ្យនិស្សិតមានគុណភាពនិងមានសមត្ថភាពរកប្រាក់ចំណូលបានចាប់ពីឆ្នាំទី២តទៅ។និស្សិតរៀនចប់មានផែនការអាជីវកម្ម ដោយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការក្រុមប្រឹក្សាភិបាល និងឱកាសជួបជាមួយម្ចាស់អាជីវកម្មដែលជាសមាជិក ដៃគូសហការនៃ CEO Institute។
តោះចូលរួមដាក់ពាក្យប្រឡងទាំងអស់គ្នា https://forms.gle/WmJ5v6nnUDBoTgEM8
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖
015 753 760 – 𝟎𝟔𝟔 𝟓𝟖 𝟕𝟖 𝟖𝟕 – 𝟎𝟗𝟔 𝟒𝟏 𝟗𝟐 𝟓𝟑𝟔
𝟎𝟗𝟕 𝟐𝟖 𝟖𝟕 𝟐𝟎𝟒 – 𝟎𝟗𝟑 𝟕𝟖𝟗 𝟑𝟕𝟕-097 5917492
Pageវិទ្យាស្ថានស៊ីអ៊ីអូ:https://www.facebook.com/ceoinstitute2014
Page អ្នកបន្តវេន: https://www.facebook.com/Neak.bontorvein
អត្ថបទ​ ៖ សេន ស៊ីណា និស្សិតឆ្នាំទី២នៃវិទ្យាស្ថានស៊ីអ៊ីអូ