សម្តេចតេជោ ៖ «ការចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំពេលនេះ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការសម្រេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយឡើងមកដឹកនាំ គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ ដោយសម្តេចបានបញ្ជាក់ថា៖ «នេះគឺជាការលះបង់ ដើម្បីភាពសុខសាន្តរយៈពេលវែង គឺធានានូវសន្តិភាព និងធានាដល់ការអភិវឌ្ឍ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានលះបង់យកជីវិតធ្វើដើម្បីទុនដើម្បីរំដោះប្រទេស ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីបង្រួបបង្រួមជាតិ ដែលមិនចេះចប់មិនចេះហើយ ព្រមទាំងយកជីវិតនយោបាយរបស់សម្តេច ធ្វើជាដើមទុន នៃកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាជាដើម។«ខ្ញុំបានលះបង់ហើយ ឥឡូវខ្ញុំចង់លះបង់សារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជន យ៉ាងហោចមានមូលហេតុ៤យ៉ាង ដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សព្វផ្សាយនូវលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងការបោះឆ្នោត រហូតដល់ជាង៦.៣លានសំឡេង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តកាន់តំណែងនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នោះទេ ដោយផ្ទេរទៅឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនមួយទៀត ដែលសម្រេចដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចបានលើកឡើងថា ការផ្ទេរឱ្យយុវជនពេលនេះ មានស្ថិរភាពជាងពេលដែលសម្តេច ក៏ដូចជាមានមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាន់តំណែងរហូតដល់ចាស់ស្លាប់។ សម្តេចបានចោទសួរថា តើមាននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ ដែលធ្លាប់បានលះបង់អំណាចដូចសម្តេច ក្នុងពេលដែលខ្លួនមានលទ្ធភាព ធ្វើនាយករដ្ឋមន្ត្រីបាន ៥ ទៅ១០ឆ្នាំទៀត ប៉ុន្តែមិនមែនវាជារឿងល្អទេ នៅពេលដែលកាន់តំណែងរហូតដល់ចាស់ស្លាប់។

កាលពីឆ្នាំ២០១៥ មានការចោទជាសំណួរដោយ លោក ស៊ិនស៊ូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនថា «ក្រោយហ៊ុនសែន ជានរណា?» ដែលសំណួរនេះ ធ្វើឱ្យសម្តេចមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចបានរំលឹកថា បញ្ហាមិនតូចទេ ក្រោយហ៊ុនសែន ជានរណា? វាជាបញ្ហាដ៏ធំ។ សម្តេចបានដាក់ចេញជាសំណួរថា ប្រសិនបើស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក តើនឹងមានរឿងអ្វីកើតឡើង បើយើងមិនបានត្រៀមរៀបចំអ្នកបន្តវេន។ សម្តេចគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះរាជតម្រិះ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានដាក់រាជ្យពេលនោះ ហើយរៀបចំឱ្យព្រះរាជបុត្ររបស់ព្រះអង្គបច្ចុប្បន្ន គ្រងរាជ្យ គឺ៨ឆ្នាំមុនពេលព្រះអង្គសោទិវង្គត។ នេះជាព្រះរាជតម្រិះដ៏អស្ចារ្យរបស់ព្រះវររាជបិតាជាតិយើង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទាក់ទងនឹងការរៀបចំការដឹកនាំនេះ មានសេនារីយ៉ូពីរ ធ្លាប់បានលើកឡើង ក្នុងនោះទីមួយ មានការគិតគូរថា ក្រុមអាចចាស់បន្តដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ១ឆ្នាំ ឬ២ឆ្នាំទៀត ហើយបានចាកចេញរួចប្រគល់ជូនអ្នកជំនាន់ក្រោយ ហើយសេនារីយ៉ូទី២ គឺឱ្យអ្នកបន្តវេនចាប់ផ្តើមពីដើមអាណត្តិតែម្តង។សម្តេចបានបញ្ជាក់ថា «យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្រ្តៃយ៍គណបក្សបានសម្រេចជ្រើសរើស សេនារីយ៉ូទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់មានអន្តរកាលមួយដោយអ្នកចាស់ទេ ធ្វើយ៉ាងនេះដើម្បីយើងផ្តល់អំណាចពេញលេញឱ្យអ្នកបន្តវេន គេមានលទ្ធភាពធ្វើកិច្ចការរបស់គេពេញមួយអាណត្តិតែម្តង»

សម្តេចតេជោ បានបន្ថែមទៀតថា នេះជាការធានាធំបំផុត នៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត ឬមានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់ នោះគឺធានាថាមិនមានរឿងអ្វីកើតឡើងទេ។ សម្តេចបញ្ជាក់ថា «អ្នកជំនាន់ក្រោយ ដែលចូលមកដឹកនាំ គឺពួកគេបានរៀបចំខ្លួនយ៉ាងល្អ ពួកគេមកទទួលអំរែកពីពួកយើង សម្រាប់ដំណើរការរយៈពេលវែងរបស់ពួកគេ»

សម្តេចបានបន្ថែមទៀតថា «ហើយពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយខ្ញុំ គឺខ្ញុំកាន់អំណាចនៅពេលចូលធ្វើនាយករដ្ឋមន្ត្រី គឺមានអាយុត្រឹម៣២ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែពេលនេះនាយករដ្ឋមន្ត្រីថ្មី មានអាយុដល់ទៅ៤៦ឆ្នាំ គឺមានអាយុលើសខ្ញុំ១៤ឆ្នាំ ហើយក្រុមនេះបានហ្វឹកហាត់ល្មមគ្រប់គ្រាន់ហើយ ដែលមួយចំនួនទៀត បានដាក់បញ្ចូលទៅក្នុងរដ្ឋាភិបាលយូរហើយ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គឺជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ លោកក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕

តំបន់អាស៊ានកំពុងងាកទៅរកប្រទេសរុស្ស៊ី និងចក្រភពអង់គ្លេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាមេដឹកនាំតំបន់អាស៊ាន ​កំពុង​បង្កើន​កិច្ច​ពិភាក្សា​ជាមួយ​ចក្រភព​អង់គ្លេស និង​ប្រទេសរុស្ស៊ី ក្នុង​គោល​បំណង​ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​ខាងផ្នែកសេដ្ឋកិច្ច។

លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មបានលើកឡើងថា លោក Duangarthit Nidhi-u-tai អគ្គនាយករងនៃនាយកដ្ឋាននេះ ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំ មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន -ចក្រភពអង់គ្លេសលើកទី៤ (SEOM) កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន- រុស្ស៊ីលើកទី១៥ និងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មអាស៊ាន -អឺរ៉ុបលើកទី៣១ ដែលធ្វើឡើងក្នុងអំឡុងថ្ងៃទី១៤-១៦ ខែកក្កដា នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី។គោលបំណងគឺដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការរៀបចំសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស អាស៊ាន-រុស្ស៊ី និងអាស៊ាន-អឺរ៉ុប នាខែសីហានេះផងដែរ។

លោក Duangarthit បានមានប្រសាសន៍ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-អង់គ្លេស(SEOM)ថា ភាគីទាំងពីរបានពិនិត្យវឌ្ឍនភាព នៃផែនការសហប្រតិបត្តិការរវាងឆ្នាំ ២០២២-២០២៣ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការចំនួន១១ ដូចជា ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន-ចក្រភពអង់គ្លេស ការបើកទីផ្សារ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs)។

លើសពីនេះទៀត ភាគីទាំង២ក៏បានពិភាក្សាគ្នា អំពីគម្រោងដែលមានគោលបំណង លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន សេវាកម្មហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាពផងដែរ។ លទ្ធផល​នៃ​ការ​ពិភាក្សា​ទាំងនេះ ​នឹង​ត្រូវ​បង្ហាញ​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អង់គ្លេស ​ដើម្បី​ពិចារណា​ក្នុង​ខែសីហា​។

ទាក់ទងទៅនឹង កិច្ចប្រជុំ ASEAN-Russia SEOM អ្នកចូលរួមបានពិភាក្សាអំពីផែនការ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងរុស្ស៊ី និងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី៕

ពលរដ្ឋហុងកុងសម្រុកទៅប្រទេសថៃ ដើម្បីទិញផ្ទះតម្លៃថោកៗសម្រាប់ពួកគេរស់នៅ

ដោយ: គង់ លាងហួរ

អន្តរជាតិ: កត្តាតម្លៃរស់នៅទាប និងរបៀបរស់នៅដ៏ល្អប្រសើរ កំពុងទាក់ទាញពលរដ្ឋហុងកុង កាន់តែច្រើនឱ្យផ្លាស់ទីលំនៅទៅកាន់អ្វី ដែលពួកគេហៅថា ទឹកដីនៃស្នាមញញឹម នៅក្នុងប្រទេសថៃ។

លោក David Chan ដែលមានវ័យ៣១ឆ្នាំ បានផ្លាស់ទីលំនៅទៅប្រទេសថៃ ក្នុងឆ្នាំ២០១៩ ហើយពេលនេះ លោកកំពុងធ្វើការជាភ្នាក់ងារអចលនទ្រព្យម្នាក់។ លោកបានជួយដល់ពលរដ្ឋហុងកុងផ្សេងទៀត ក្នុងការស្វែងរកអចលនទ្រព្យ និងតាំងទីលំនៅក្នុងប្រ​ទេស​ថៃ។

លោកបានបន្តថា “ប្រពន្ធរបស់ខ្ញុំដែលជាជនជាតិថៃ មិនសប្បា​យចិត្តនឹងការរស់នៅ ក្នុងទីក្រុងហុងកុងនោះទេ។ ដូច្នេះហើយ នៅពេលដែលភាពចលាចលនយោបាយ ក្នុងឆ្នាំ២០១៩ បានផ្ទុះឡើង ពួកយើងបានសម្រេចចិត្ត ផ្លាស់ទៅកាន់ទីក្រុងបាងកក”។ លោកបញ្ជាក់ទៀតថា “ចាប់តាំងពីពេលនោះមក ខ្ញុំបានសង្កេតឃើញអំពី ការហក់ឡើងរហូតដល់ទៅ៣០ភាគរយ នៃតម្រូវការ និងការសាកសួរពីប្រជាជនហុងកុង ដែលចង់ផ្លាស់ប្តូរទីលំនៅរបស់ពួកគេមកកាន់ប្រទេសថៃ”។

លោក Chan បានអះអាងថា តម្លៃផ្ទះនៅប្រទេសថៃស្មើប្រហែ​លនឹង១ ភាគ៤នៃតម្លៃផ្ទះនៅក្នុងទីក្រុងហុងកុង ហើយចំពោះគ្រួសារដែលមានកូនតូចៗ គឺពួកគេអាចស្វែងរកកន្លែងសិក្សា នៅតាមសា​លា​អន្តរជាតិបានយ៉ាងងាយស្រួលផងដែរ។

លើសពីនេះទៀត ពលរដ្ឋហុងកុងជាច្រើនបាន និងកំពុងប្រើប្រាស់កម្មវិធីស្នាក់នៅផ្សេងៗរបស់ប្រទេសថៃ ដែលអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅរយៈពេលវែងបាន នៅក្នុងប្រទេសនេះ រួមជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

កម្មវិធីទាំងនោះរួមមាន គម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលរដ្ឋាភិបាលថៃ បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីទាក់ទាញអ្នកវិនិយោគ ដែលមានទ្រព្យស្តុកស្តម្ភចំនួន១លាននាក់ ឬជនបរទេស ដែលមានទេពកោសល្យខ្ពស់ ឱ្យចូលមកកាន់ប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈបុរីវិមានសំណាងកំពុងវិវត្តន៍ទៅមុខក្នុងសញ្ញាវិជ្ជមាន

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការសាងសង់ និងការលក់បុរីវិមានសំណាងបាននិងកំពុងដំណើរការជាវិជ្ជមាន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឈន៍បុរីវិមានសំណាង។

លោកឧកញ៉ាបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី២ សីហានេះថា ជាមួយនឹងល្បឿននៃការសាងសង់ និងការលក់ចេះតែបន្តទៅមុខ ក្នុងសញ្ញាវិជ្ជមាន បុរីវិមានសំណាង ដែលសាងសង់វីឡាសម្រាប់អភិជន បាននិងកំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ។

បុរីវិមានសំណាង មានទីតាំងពិសេសមួយ ដែលមានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ និងសាងសង់ឡើងតាមរចនាបទបែ​បសហសម័យ ជាមួយបរិស្ថានរស់នៅជាមួយធម្មជាតិ។ ផ្ទះនិមួយៗ​សាងសង់ឡើងដោយប្រើឥដ្ឋ២០ និងរៀបចំចាក់បេតុងលើជាន់ដំបូ​ល ដើម្បីការពារជម្រាបទឹក និងផ្តល់សេវាកម្មជាច្រើនទៀតសម្រា​ប់អតិថិជន។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ហេដ្ឋារចនាសម្ព័ន្ឋ ផ្ទះគំរូ​ និងផ្ទះសម្រាប់អតិថិជន ដែលបានទិញនៅក្នុងបុរីនេះ បាននិងកំពុងធ្វើឡើង ដែលចំណាយពេលត្រឹម១៨ ទៅ២៤ និងរយៈពេល៣២ខែ។លោកបន្តថា រហូតមកទល់ពេលនេះ ផ្ទៃដីទំហំ២៥ហិកតាក្នុងគំរោងនេះ បាននិងកំពុងរៀបចំឡើង និងសាងសង់ផ្ទះតាមតម្រូវ​ការរបស់អតិថិជន។

លោកឧកញ៉ាបានបន្តថា ការរីកចម្រើនសេដ្ឋកិច្ច សង្គមបានធ្វើឲ្យចំនួនអ្នកមានជីវភាពធូរធារកើនឡើង ស្របពេលនិន្នាការរស់នៅ​របស់ក្រុមអភិជន បានងាកមកកាន់ភាគខាងជើងរាជធានីភ្នំពេញ ដោ​យសារតំបន់នេះ មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗច្រើន ដូចជា ផ្សារទំនើបAEON Mallសែនសុខ ផ្សារទំនើបMAKRO, The Global House និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត។

ពិសេសបច្ចុប្បន្នមានក្រសួង មន្ទីរនានារបស់រដ្ឋាភិបាលបានផ្លាស់ប្តូរមកកាន់តំបន់នេះ ដូចជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្សារដើមគរថ្មីជាដើម៕

ដំណឹងល្អៈ អ្នកធុរកិច្ចចិន សឹង្ហបុរី និងកូរ៉េកាន់តែច្រើនមកស្វែង រកឱកាសវិនិយោគនៅកម្ពុជា

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រោយលទ្ឋផលឆ្នោតបញ្ចប់ និងត្រៀមបង្កើតរដ្ឋាភិបាលថ្មី សញ្ញាវិជ្ជមានបានកើតមានឡើង ដោយអ្នកវិនិយោគអន្តរជាតិ ពិសេសពីប្រទេសចិន សឹង្ហបុរី និងកូរ៉េបានមកស្វែងរកុំឱកាសធ្វើធុរកិច្ចនៅកម្ពុជា។

ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុននានាចំនួន ២៣រូប​ទៀត ​បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ដើម្បីស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ជាពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា​ ​បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា។

ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុន​របស់សិង្ហបុរីទាំងនេះ បានចូលជួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣​ ដើម្បីជម្រាបជូនពីបេសកកម្មបំពេញការងារ ពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់អំពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់​កម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្តេជ្ញាការពា​រ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជា ទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញទៅបោះឆ្នោតខ្ពស់ រហូតដល់៨៤.៥៨% លើសពីការបោះឆ្នោត៤ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។

លោកអូ​ន ព័ន្ឋមុនីរ័ត្នបានបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ត្រឡប់ចូលកម្ពុជាវិញ សម្រាប់ចូលរួមក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ កាលពីចុងខែ កក្កដា ប្រតិភូអ្នកធុតរកិច្ចកូរ៉េមួយក្រុមបានមកសិក្សាលទ្ឋភាព និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ជំនួបនោះ បានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយអ្នកធុរកិច្ចកូរ៉េមួយក្រុម ដែលចង់វិនិយោគលើបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងវិស័យទូរគមនាគមន៍។ប្រតិភូកូរ៉េ ក៏បានសិក្សាពីលទ្ឋភាពវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ សំណង់ និងអចលនវត្ថុផងដែរ។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត លោកជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលដឹកនាំគណៈប្រតិភូវិនិយោគ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ក្រុមវិនិយោគិនចិន នៅក្រុងណឹងប៉ ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោកជា វុទ្ឋីបានបញ្ជាក់ថា នេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានបញ្ចប់ដោយរលូន សន្តិភាព មានយុត្តិធម៌ និងតម្លាភាព។លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមា ពីការវិនិយោគលើវិស័យគន្លឹះនានា ដែលកម្ពុជាមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុន ជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន  ដើម្បីចាប់យកទីផ្សារ ដែលពោរពេញដោយថាមវន្ត និងរួមចំណែក ដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនថា ក្រុមហ៊ុនប្រមាណជាង៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពល វិនិយោគជាក់ស្តែងនៅកម្ពុជា ក្នុងពាក់កណ្តាលខែសីហានេះ៕

 

សម្តេចតេជោៈនាយករដ្ឋមន្រ្តីថ្មីនឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប

ដោយៈ ជេស៊ីកា

        កណ្តាលៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែតនឹងចូលរួមសម្ភោធព្រលានយន្តហោះអន្តរជាតិ ក្នុងខេត្តសៀមរាប នៅខែតុលាខាងមុខនេះ។

សម្តេបាននិងកំពុងថ្លែងក្នុងពិធីសម្ភោធឲ្យ ដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣​នាព្រឹកថ្ងៃទី៣ សីហានេះថា នេះជាលើកចុងក្រោយ ដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា ក្នុងនាមជានាយករដ្ឋមន្រ្តី ហើយលោកហ៊ុន ម៉ាណែតត្រូវបានអញ្ជើញ ចូលរូមសម្ភោធជាផ្លូវការ នូវព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាពេលខាងមុខ។

សម្តេចបានបញ្ជាក់ថា “សម្តេចមិនទៅណា មិនរត់ចោលប្រជាពលរដ្ឋនោះទេ ប៉ុន្តែសម្តេចនឹងនៅពីក្រោយនាយករដ្ឋមន្រ្តីថ្មី”។ ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប គ្រោងសម្ភោធបើកឲ្យដំណើរការនៅថ្ងៃទី១៦ តុលាខាងមុខ។ ព្រលាននេះ បានសាងសង់ឡើងលើផ្ទៃដី១៥០០ហិកតា ដែលបានចំណាយទុនវិនិយោគប្រមាណ​១១០០លានដុល្លារអាមេរិក។ ជាព្រលានប្រភេទ4E ដែលមានសមត្ថភាពទទួលយន្តហោះចុះចតគ្រប់ធុន៕

សម្តេចតេជោៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ចំណាយរហូតដល់៤៦០លានដុល្លារ

ដោយៈ គង់ សូរិយា

        កណ្តាលៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែង៥៣គីឡូម៉ែត្រ ជាផ្លូវចំណាយច្រើនបំផុត។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងពេលសម្តេចបាននិងកំពុងចូលរួមសម្ភោធ កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី៣ សីហា​​​​នេះ ដោយបានអរគុណដល់មិត្តចិន និងក្រុមហ៊ុនសៀងហៃ ខនស្រ្តាក់ស៊ិន ដែលបានកសាងផ្លូវនេះដ៏រឹងមាំ។

សម្តេចបន្តថា ផ្លូ​វនេះចំណាយដោយមិត្តចិន ចំនួន២៥៩លានដុល្លារ និងទឹកប្រាក់២០០លានដុល្លារ ចំណាយដោយរដ្ឋាភិបាលកម្ពុជា ដើ​ម្បីដោះស្រាយសំណងរបស់ប្រជាពលរដ្ឋ ចំណាយលើការទិញដី និងចំណាយលើការទិញដីរបស់ប្រជាពលរដ្ឋជាដើម៕

អន្តរក្រសួងនឹងសហការគ្នារៀបចំសិក្ខាសាលាលើប្រតិបត្តិការ និងការថែរទាំកំពង់ផែទេសចរណ៍ខេត្តកំពត

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងចំនួ​នបី នឹងរៀប​ចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance​-O&M) គម្រោងកំពង់ផែទេស​ចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន”។

ក្រសួងចំនួនបីនោះរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេស​ចរណ៍។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយលកាលពី ថ្ងទី២ខែសីហា បានឲ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៏ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើការ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់នេះ។

សេចក្តីប្រកាសពត៌មានដដែលនេះ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង​ ព័ត៌មានទីផ្សារ តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ លក្ខខណ្ឌនៃការដេញថ្លៃ​ និងក្របខណ្ឌពេលវេលា ក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់​ផែទេសចរណ៍ខេត្តកំពត។កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណ១០លានដុល្លារអាមេរិក។ កំពង់ផែនេះដើរតួនាទីសំខាន់ សម្រាប់តភ្ជាប់ដំណើរទេស​ចរណ៍តាមសមុទ្រនៅកម្ពុជា និងជាមួយប្រទេសជិតខាង។

កំពង់ផែស្ថិតនៅជាប់នឹងដងព្រែក ដែលជាដៃសមុទ្រស្ថិតក្នុងស្រុកទឹកឈូចម្ងាយប្រមាណ​៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេ​សចរណ៍សមុទ្រមួយនេះ សាងសង់ឡើងលើដីទំហំជាង៤ហិកតា និង បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃខែមិថុនា ឆ្នាំ២០២២។ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវសាងសង់រួមមានដូចជា កំពង់ផែប្រវែងជាង១២៣ម៉ែត្រ មានទទឹងជាង១១ម៉ែត្រ អគារអ្នកដំណើរ និងភោជនីយដ្ឋាន ផ្លូវ អគារប្រមូលសំរាម អគារបច្ចេកទេស បន្ទប់ទឹកសាធារណៈ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៕

អាគារការិយាល័យទំហំជាង១៤,០០០ម៉ែត្រការ៉េបានដាក់ចូលទីផ្សារ ខណៈមិនមានការសាងសង់ថ្មី

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ តើវិស័យនេះកំពុងឆ្អែតនៅក្នុងទីផ្សារ ឬបណ្តាលមកពីមិនមានលំហូរទុនវិនិយោគពីបរទេស? ចម្លើយថ្មីមួយត្រូវបានបង្ហាញតាមរយៈការសិក្សា។

យោងតាមការសិក្សារបស់ក្រុមហ៊ុនPropNex Cambodia ដែលបានចេញផ្សាយកាល ពីដើមសប្តាហ៍នេះបានបង្ហាញថា គិតត្រឹមឆ្នាំឆមាសទី១នៃឆ្នាំនេះ គេមិនបានសង្កេតឃើញមានគម្រោងចាប់ផ្តើមថ្មីណាមួយ នៅក្នុងផ្នែកការិយាល័យទេ។ទោះយ៉ាងនេះក្តី គម្រោងបញ្ចប់ថ្មីចំនួន២ ត្រូវបានចាក់ចូលទៅក្នុងទីផ្សារ ដោយតំណាងឱ្យផ្ទៃក្រឡា ទីតាំងលក់ទំនិញរាយ (Net Lettable Area) ប្រមាណជា១៤.៤១២ម៉ែត្រការ៉េ។

ការសិក្សាក៏បានរកឃើញផងដែរថា អត្រាការិយាល័យលក់/ ជួលរួចជាមធ្យម(Average occupancy) បានធ្លាក់ចុះប្រហែល៥% បើធៀបទៅនឹងឆ្នាំ២០២២ ដោយសារតែលំហូរចូល នៃបណ្តាក្រុមហ៊ុនអន្តរជាតិ នៅមានកម្រិត ខណៈដែលការផ្គត់ផ្គង់ នៅតែបន្តកើនឡើង៕

NBCបញ្ជាក់ថា ការលក់ខុនដូមានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា ១២.៩ភាគរយនៅឆមាសទី១

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការលក់ខុនដូ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងអត្រាកំណើន១២.៩ភាគរយ​ បន្ទាប់ពីថមថយប្រមាណជាង២ឆ្នាំមកនេះ ដោយសារវិបត្តិសាកលជំងឺកូវីដ១៩។ នេះបើយោងតាមរបាការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍ដដែលបានបញ្ជាក់ថា ជារួមចំពោះវិស័យសំណង់ និងអចលនទ្រព្យឃើញថា វិស័យសំណង់បានងើបឡើងមកវិញ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ០.៤%។

ចំពោះគម្រោងសាងសង់ ដែលទទួលបានការអនុម័ត តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូ​វបានប៉ាន់ស្មានថា មានកំណើន១,៣ដងធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួនគម្រោងបានថយចុះ-៩ភាគរយ។ចំណែកក្នុងវិស័យអចលនទ្រព្យ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានបង្ហាញថា តម្លៃលំនៅឋាននៅកម្ពុជា ពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ។ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦.៩%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលតម្លៃលំនៅឋាន នៅតាមបណ្តាខេត្តផ្សេងៗកើនឡើង៥.៣%។

អ្វីដែលគួរឲ្យកត់សំគាល់នោះថា វិស័យសំណង់មានការកើនឡើងតិចតួច។ ចំណែកតម្លៃលំនៅឋាននៅកម្ពុជា ពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ ចំពោះសកម្មភាពលក់លំនៅឋាន ជាប្រភេទផ្ទះល្វែង, វីឡាភ្លោះ និងទោល ថយចុះប្រមាណ-៦៤.៧ភាគរយ ក៏ប៉ុន្ដែចំនួននៃការលក់ខុនដូវិញ មានការកំណើនវិជ្ជមានឡើងវិញ ក្នុងអត្រា ១២.៩%។

លោកច្រឹក សុនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានលើកឡើងថា ការកើនឡើងនៃការលក់ខុនដូ ដោយសារតែមានសន្ទុះប្រើប្រាស់ពីអតិថិជនក្នុងស្រុក មានន័យថា ពីមុនខុនដូត្រូវបានពឹងផ្អែកទាំងស្រុងលើអតិថិជនក្រៅស្រុក ប៉ុន្ដែពេលនេះមានទាំងអតិថិជនក្នុងស្រុក ជាហេតុធ្វើឲ្យការលក់មានការកើនឡើង។

លោកបានបន្ថែមថា កត្តាមួយអ្វីទៀត គឺធនាគារបានរឹតបន្ដឹងខ្លាំងលើកម្ចីទិញផ្ទះ ប៉ុន្ដែចំពោះការទិញខុនដូភាគច្រើន ទទួលបានឥណទានពីបុត្រសម្ព័ន្ធ ឬធនាគារនៃម្ចាស់គម្រោងតែម្ដង។ និយាយចំពោះតម្លៃខុនដូ មិនមានការធ្លាក់ចុះឬកើនឡើងឡើយ មានតែការ Promotion មួយចំនួនប៉ុណ្ណោះ។

លោកច្រឹក សុខនីមបានបញ្ជាក់ថា “អ្វីដែលជំរុញខ្លាំង ធ្វើឲ្យការលក់ខុដូកើនឡើង ដោយសារតែមានការគាំទ្រ ពីអតិថិជនក្នុងស្រុក ដែលជាផ្នែកធំ ក្នុងការជំរុញលើការលក់ខុនដូ”។ លោកបន្ថែមថា “បច្ចុប្បន្នប្រជាពលរដ្ឋ ទទួលបានការយល់ដឹងច្រើនពីតម្រូវការ និងអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ”៕