ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុប ព្រមានពីការធ្លាក់ចុះតម្រូវការធ្វើដំណើរក្នុងឆមាសទី២ឆ្នាំនេះ

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: ឧស្សាហកម្មធ្វើដំណើរ បានជម្នះការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយទទួលបានការកក់ទុក និងប្រាក់ចំណេញយ៉ាងច្រើនមិនធ្លាប់មាន ខណៈតម្រូវការកើនឡើង ក្រោយវិបត្តិកូវីដ-១៩ បានជំរុញការចំណាយលើសំបុត្រយន្តហោះ និងសណ្ឋាគារ។ ទោះជាយ៉ាងណា វាប្រហែលជាចាប់ផ្តើមប្រែប្រួល។

ក្រុមហ៊ុន Ryanair ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុប បើគិតពីចំនួនអ្នកដំណើរ បានព្រមានកាលពីថ្ងៃច័ន្ទ ទី២៤ ខែកក្កដា ថា អតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង អាចធ្វើឱ្យចំណង់ធ្វើដំណើរតាមផ្លូវអាកាស ធ្លាក់ចុះនៅឆមាសទី២ ចុងឆ្នាំនេះ។

តាមរយៈវីដេអូមួយបង្ហោះ លើគេហទំព័ររបស់ក្រុមហ៊ុន Ryanair នាយកប្រតិបត្តិក្រុមហ៊ុននេះលោក Michael O’Leary លើកឡើងថា “យើងព្រួយបារម្ភអំពីផលប៉ះពាល់ នៃនិន្នាការម៉ាក្រូសេដ្ឋ​កិច្ចទាំងនេះ ដែលអាចនឹងប៉ះពាល់ដល់ ការចំណាយរបស់អតិថិជននៅក្នុងឆមាសទី២ ចុងឆ្នាំនេះ”។

ជាការកត់សម្គាល់ ការធ្វើដំណើរបានស្ទុះងើបឡើងវិញយ៉ាងរហ័ស បន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយសារមនុស្សម្នាក់ ត្រូវទៅដើរលេងកម្សាន្តនៅកន្លែងថ្មីៗ ជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិក្រោយពីជាប់នៅតែផ្ទះទៅណាមិនរួច។

កំណើននៃការធ្វើដំណើរនោះ បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនដូចជាក្រុមហ៊ុន Ryanair ជាដើមដំឡើងថ្លៃសំបុត្រធ្វើដំណើរ សូម្បីកំណើនសេដ្ឋកិច្ចបានជាប់គាំង នៅក្នុងទីផ្សារធំៗបំផុតមួយចំនួនរបស់ខ្លួនយ៉ាងណាក្ដី៕ CNN៕

តើទឹកពិសារឋានសួគ៌បូកគោមានចំណុចពិសេសអ្វីខ្លះ?

តំណក់ទឹកភ្លៀង ដែល​មិន​រង​ការបំពុល​ពី​បរិយាកាស និង​ផ្សែង​យានយន្ត​ផ្សេងៗ ត្រូវបាន​យកមកប្រើ​ប្រាស់ ដើម្បី​ផលិត​ទឹក​ពិសារ “​ឋានសួគ៌​បូកគោ​” ដើម្បី​លើក​កំពស់​សុខភាព​អ្នក​ពិសារ និង​មាន​សារធាតុ​ទ្រទ្រង់​រាងកាយ​យ៉ាង​ប្រសើរ​។​

​ដោយមាន​កំពស់​១០៧៥​ម៉ែត្រ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ជា​តំបន់​ដ៏​ពិសិដ្ឋ​មួយ ដែលមាន​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ​កាល​។ តំណក់ទឹក ដែល​ត្រូវបាន​ទាញយក​មកប្រើប្រាស់ សំរាប់​ទឹក​ពិសារ “​ឋានសួគ៌​បូកគោ​” មាន​គុណភាព​ខ្ពស់ ជួយ​សុខភាព​អ្នកពិសារ ប្រៀបដូចជាទឹក​ដែល​ត្រូវបាន​ទាញយក​ពី​ភ្នំ​ហ្វូ​ជី​ប្រទេស​ជប៉ុន​។​

ជាមួយនឹង​សេវាកម្ម ពោរពេញ​ដោយ​ភាព​សំរិតសំរាំងនិង​ការពង្រីក​សេវាកម្ម ចែកចាយ​កាន់តែ​ទូលំទូលាយ ទឹក​ពិសារ​ឋានសួគ៌​បូកគោ​បាន និង​កំពុង​ចាប់ផ្តើម​ពេញ​និយម និង​ជ្រើសរើស​យកមក​ទទួលទាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​។​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ត្រូវបាន​ផលិតនិង​វេច​ខ្ចប់​នៅក្នុង​សហគ្រាស ផលិត​ទឹក​ពិសា​នៅលើ​ភ្នំ​បូកគោ ជា​ប្រភព​ទឹកស្អាត​មិនមាន​សារធាតុពុល​និង​មេរោគ​ផ្សេងៗហើយ​ផ្តល់នូវ​សុខ​ភាពល្អ​ចំពោះ​សុខភាព​មនុស្ស​គ្រប់​វ័យ​។​​លោក សៅ សារិន នាយក​ចាត់ការ​ទូទៅ​ស្តីទី​សណ្ឋាគារ​ឋានសួគ៌​សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​លក្ខណៈពិសេស​របស់ “​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ នៅលើ​កំពូលភ្នំ​បូកគោ ដែលមាន​រយៈកម្ពស់​១.០៧៥​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ ខ្ពស់ជាង​ទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម​”​។​

​លោក​បាន​បន្តថា “​ប្រសិនបើ​ទឹក​ពិសារ​ចេញ ពី​ប្រភព​ទឹកស្ទឹង អូរ អណ្តូង ទន្លេ គេ​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​បំបាត់​ក្លិន​និង​ធ្វើឱ្យ​ថ្លា​។ ប៉ុន្តែ​សម្រាប់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជា​ទឹកធម្មជាតិ ដែល​មិនមាន​សារធាតុ​គីមី​ឡើយ​”​។​

យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ មកពី​ប្រទេស​ម៉ាឡេស៊ី បានការ​កោតសរសើរ និង​ទទួលស្គាល់​ចំពោះ​គុណភាព នៃ​ទឹក​ពិសា​ឋានសួគ៌​បូកគោ​យ៉ាងខ្លាំង ដោយសារតែ​ទឹក​ពិសារ​របស់​យើង មាន​ប្រភព​មកពី​ប្រភពទឹក​ដែលមាន​នីវ៉ូ​ខ្ពស់ មិនមាន​សារធាតុ​គីមី​នានា​ហូរ​ចូល​ឡើយ​។ លោក​បន្តថា ដោយសារ​ភ្នំ​បូកគោ​មាន​កំពស់​ខ្ពស់ ហេតុនេះ​ផ្ទៃ​បឹង​ផ្ទុក​ទឹក​របស់​យើង ស្រូបយក​ដំណក់ទឹក​ភ្ញៀ​ង​ស្អាត ដែលជា​ទឹក​មិន​រង​ការបំពុល​ពី​ផ្សែង​បំពុល និង​សារ​ធាតុគីមី​ផ្សេងៗ​ឡើយ​។​

កម្រិត​PH៨​របស់​ទឹក​ពិសា​ឋានសួគ៌​បូកគោ ជួយ​ពង្រឹង​ជាតិ​អាល់​កា​ឡាំង ដែល​ប្រឆាំងនឹង​ជំងឺ​បេះដូង ប្រឆាំងនឹង​ជាតិ​អាស៊ីត​ក្នុង​រាងកាយ ជាពិសេស​ជួយ​ឱ្យ​សម្ពាធ​ឈាម​ដំណើរ​បានល្អ​។ តាម​ការសិក្សា កម្រិត​PH​លើសពី​៧ ត្រូវបានគេទទួលស្គាល់​ថា ជា​ទឹក​អាល់កាលី​ន ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​វា​អាចជួយ​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន​យើង​។​

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​ជា​ទឹក​ពិសា ដែល​ទទួលស្គាល់​ពី​អង្គភាព​អន្តរជាតិ ដែល​បញ្ជាក់​ពី​សុវត្ថិភាព​ចំណីអាហារ មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ពិសា​។​គ្រប់​​​តំណាក់កាល​នៃ​ការផលិត ត្រូវបាន​ដំណើរការ​យ៉ាង​ល្អ​និង​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដោយ​ត្រូវបាន​ផលិត​ដោយ​ដោយ​ប្រព័ន្ធ​ចម្រុះ Reverse Osmosis និង​សម្លាប់​មេរោគ​ដោយ UV និង​Ozone និង​តាម​ការតម្រូវ​នៃ​ស្តង់ដារ​កម្ពុជា CS 009:2005 សម្រាប់​ទឹក​ពិសារ​ប្រកប ដោយ​អនាម័យ​និង​គុណភាព​ខ្ពស់ ISO 9001-2015 ជា​ទឹក​ពិសា​ដែលមាន​គុណភាព​ទទួលស្គាល់​តាម​កម្រិតស្តង់ដារ​អន្តជាតិ​HACCP​។​

​ទឹក​ពិសា​ឋានសួគ៌​បូកគោ​មាន​បួន​ចំណុះ គឺ​ចំណុះ​៣៣០​មី​លី​លីត្រ ៥០០​មី​លី​លីត្រ​១៥០០​មី​លី​លីត្រ និង​២០​លីត្រ​។​​រោងចក្រ​ផលិត​ទឹក ត្រូវបាន​សាងសង់​នៅលើ​ភ្នំ​បូកគោ ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ប្រើប្រាស់​នូវ​ខ្សែចង្វាក់​ផលិតកម្ម ទំនើប​និង​បច្ចេកវិទ្យា​ខ្ពស់បំផុត​។​

​លោក​សៅ សារិន​បាន​ឲ្យ​ដឹង​ទៀតថា ខ្សែចង្វាក់​ផលិតកម្ម​នេះ​បានចាប់ផ្តើម​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១៧ មាន​សមត្ថភាព​ផលិត​ទឹក​ពិសារ​បានជា​មធ្យម ចំនួន​១.២០០​កេស​ក្នុង​មួយថ្ងៃ សម្រាប់​ចំណុះ​៥០០​មល​និង​៣៣០​មល​។ សម្រាប់​ចំណុះ​១៥០០​មល ជា​មធ្យម​ផលិត​បាន​ចំនួន​១.២០០​ដប​ក្នុង​មួយថ្ងៃ​។​
​លោក អ្នក​អាច​រក​ទិញ​ទឹក​ពិសា​ឋានសួគ៌​បូកគោ ពី​ក្រុមហ៊ុន​ដោយផ្ទាល់​សម្រាប់​ការប្រើប្រាស់ ក្នុង​ការិយាល័យ គេហដ្ឋាន ឬ​ហាង​លក់ទំនិញ​របស់លោក​អ្នក​តាមរយៈ​លេខ​088 94 94 614​។​
​ ​ពិសារ​ទឹក​ឋានសួគ៌​បូកគោ ដើម្បី​លើក​កំពស់​ផលិតផល​ជាតិ និង​លើក​កំពស់​សុខភាព​របស់​អ្នក​៕

អ្នកឧកញ៉ា សុខ គង់ ចែករំលែកយុទ្ធសាស្ត្រជោគជ័យជំនួញ៥ចំណុច

ដោយ: Property Area

ភ្នំពេញ: អ្នកឧកញ៉ា សុខ គង់ ជាអ្នកជំនួញដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។
អ្នកឧកញ៉ាបានឆ្លងកាត់បទពិសោធន៍ជាច្រើន ទាំងក្នុងការធ្វើជំនួញ ការដឹកនាំ និងគ្រប់គ្រងការងារ។ អ្នកឧកញ៉ាបានចែករំលែកយុទ្ធសាស្ត្រចំនួន៥ ដើម្បីដឹកនាំអាជីវកម្មមួយឲ្យជោគជ័យ។

អ្នកឧកញ៉ា សុខ គង់

១. ដឹកនាំជំនួញកុំរួញជើងដៃ ទោះយប់ទោះថ្ងៃប្រឹងគិតប្រឹងធ្វើ

ដើម្បីផ្ដល់ជំនឿចិត្តដល់អតិថិជន ដើម្បីបង្ហាញពីការទទួលខុសត្រូវ និង កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ យើងត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំ ងកាយកម្លាំងចិត្ត។

ក្រៅពីការដឹកនាំ យើងត្រូវចុះអនុវត្តផ្ទាល់ដោយខ្លួនឯងពេញដៃ ពេញជើង ទុកជាបទពិសោធងរៀនពីការងារផង ជាពិសេសការបង្កើតអាជីវកម្ម តូចតាចដំបូងៗ ដែលយើងមិនអាចចំណាយលុយជួលបុគ្គលិក និងខ្លួនឯង អង្គុយចាំធ្វើតែថៅកែនោះទេ។ លើសពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម យើងមិនត្រូវខ្លាចនឿយហត់ ត្រូវការការសម្រាកសៅរ៍អាទិត្យនោះឡើយ។ ឱ្យតែនៅមានខ្លាំង ម៉ោងណាក៏ជាម៉ោងការងារ ម៉ោងរកលុយចំណេញរបស់យើងដែរ។

២. ច្នៃប្រតិដ្ឋបង្កើតថ្មី រកនឹកប្រឹងច្នៃ ឱ្យប្លែកឱ្យល្អ

ការធ្វើអាជីវកម្ម ត្រូវមានភាពរស់រវើក បត់បែន និងត្រូវមានអ្វីដែលថ្មី សម្រាប់អតិថិជន។ ឆ្លើយតបនឹងកាលៈទេសៈ ឬតម្រូវការអតិថិជន ភាពថ្មីនៃ អាជីវកម្ម គេអាចធ្វើវឌ្ឍនភាពផលិតផលមានស្រាប់ ឬបង្កើតថ្មី។

៣. ព្យាយាមកុំបោះបង់ ពុះពារតម្រង់ សម្រេចគោលដៅ

រាល់កិច្ចការទាំងអស់សុទ្ធតែមានផលលំបាករបស់វា បើជំនួញឬអាជីវកម្មកាន់តែធំ ការលំបាក ភាពស្មុគស្មាញ ក៏អាចកាន់តែធំ កាន់តែច្រើនដែរ ឧបសគ្គ នឹងកើតមាននៅថ្ងៃណាមួយមិនខាន។ ម្ចាស់អាជីវកម្មត្រូវត្រៀមខ្លួនដោះស្រាយ ត្រូវមានការតាំងចិត្តខ្ពស់។

ការងារចាប់ផ្តើម បើជួបស្ថានភាពតានតឹង ក៏មិនត្រូវបោះបង់ទេ ត្រូវតែព្យាយាម និងរកដំណោះស្រាយ ត្រួសត្រាយបន្តដំណើរទៅមុខ ដើម្បីសម្រេចគោលដៅ។ បញ្ហាអ្វីក៏មានច្រកចេញដែរ គ្រាន់តែពេលខ្លះ យើងរកមិនទាន់ជួបប៉ុណ្ណោះ។ ត្រូវគិតវិជ្ជមាន ជឿជាក់លើខ្លួនឯងថាយើងអាច ធ្វើបានសម្រេចគោលដៅឱ្យបាន នោះយើងនឹងជោគជ័យ នឹងជួបផលវិជ្ជមាន ទទួលបានផ្លែផ្កាមិនខាន។ ដូច្នេះសេចក្ដីព្យាយាមដោយគិតវិជ្ជមាន គឺជាចំណុចសំខាន់ក្នុងការបំបែកឧបសគ្គ។

Sokha Hotel

៤- កាំបិតមិនមុតត្រូវប្រឹងសំលៀង សំលៀងរឿយៗគង់តែនឹងមុត

គ្មាននរណាកើតមកចេះនោះទេ ហើយក៏គ្មានការចាប់ផ្តើមណា ចេញពី ភាពជោគជ័យនោះដែរ អ្វីៗវានឹងចាប់ផ្ដើមពីការត្រួសត្រាយ ការខិតខំប្រឹងប្រែងដុសខាត់។ ចំណេះដឹង ដែលមានកម្រិត ត្រូវប្រឹងរៀនសូត្រ រៀនសូត្រពីសាលា រៀនសូត្រពីសង្គម រៀនសូត្រពីបទពិសោធទាំងល្អ ទាំងមិនល្អរបស់ខ្លួនឯង របស់អ្នកដទៃ នោះគឺសុទ្ធតែជាគ្រូ។

មនុស្សចាស់ នៅតែជួបបទពិសោធថ្មី ការស្រាវជ្រាវរកឃើញថ្មី ការវិវឌ្ឍគ្មានទីបញ្ចប់។ ដូច្នេះយើងមិនអាចសំលៀងកាំបិតម្តង ប្រើមួយជីវិតនោះទេ គឺត្រូវសំលៀងផង ប្រើផង បើមិនទាន់មុត ត្រូវសំលៀងទៀត។

៥. ចាត់ទុកបុគ្គលិក គឺជាសមាជិកគ្រួសារ

បុគ្គលិកដែលធ្វើការឱ្យយើង គឺរួមចំណែករកប្រយោជន៍ឱ្យយើងជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន។ ការស្រឡាញ់រាប់អាន ការយកចិត្តទុកដាក់ ការផ្តល់ កម្លាំងចិត្ត ផ្តល់ផលប្រយោជន៍ ផ្តល់ឱកាសរស់ ផ្ដល់ការអប់រំណែនាំ ការអធ្យាស្រ័យ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ពួកគេ គេនឹងស្រឡាញ់ក្រុមហ៊ុនដូច ជាគ្រួសារ ចាត់ទុកថ្នាក់ដឹកនាំគឺជាឪពុកម្តាយ មិត្តរួមការងារ គឺជាបងប្អូន នោះគឺជាកម្លាំងសាមគ្គី។

ទោះយ៉ាងណា លក្ខន្តិកៈផ្ទៃក្នុងស្ថាប័ន ច្បាប់ប្រទេស ច្បាប់ការងារ យើងនៅតែត្រូវយកមកអនុវត្ត ទាំងពេលសេចក្តីសុខ ទាំងពេលមានបញ្ហា។

ថៅកែល្អត្រូវការបុគ្គលិកល្អ បុគ្គលិកល្អក៏ត្រូវការថៅកែល្អដែរ ហេតុនេះត្រូវចិត្តទូលាយកុំចង្អៀតចង្អល់ពេក តែមិនខ្ជះខ្ជាយត្រូវចេះថ្លឹងថ្លែង។ ម្យ៉ាងទៀត ក្នុងនាមជាថៅកែ ត្រូវស្គាល់និស្ស័យកូនចៅ ស្គាល់ជំនាញបុគ្គលិក និងប្រើគេឱ្យបានសមស្រប គេក៏សប្បាយចិត្ត នោះការងារមានប្រសិទ្ធភាពកាន់តែខ្ពស់៕

វិភាគៈ គណបក្សដែលអាចយកបានបេះដូងប្រជាពលរដ្ឋ និងយល់ពីតម្លៃសន្តិភាព និងការអភិវឌ្ឍ

ដោយៈ យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea

ភ្នំពេញៈ អ្នកមិនយល់ពីតម្លៃនៃសុខសន្តិភាព អ្នកប្រឆាំងផ្កាប់មុខ ត្រូវបានព្រះបរាហ៍មុខ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាជាង៨លាននាក់ បានទៅបោះឆ្នោតប្រកបដោយស្នាមញញឹម។

ការបដិសេធអំណរសាទររបស់ប្រជាពលរដ្ឋ ដែលយល់និងរីក​រាយនឹងសុខសន្តិភាព ជាការបំផ្លាញខ្លួនឯង និងគណបក្សរបស់ខ្លួននៅចំពោះមុខប្រវត្តិសាស្រ្ត។

សន្តិភាពក្រោមស្នាមញញឹម

នៅគ្រប់មណ្ឌលបោះឆ្នោត ទាំងជាង២០,០០០ការិយាល័យ ប្រជាពលរដ្ឋបានសស្រាក់សស្រាំ ឈរតំរង់ជួរជាមួយទឹកមុខញញឹម ញញែម ដើម្បីត្រៀមគូសសន្លឹកឆ្នោតឲ្យគណបក្ស ដែលពួកគេជឿជាក់ និងស្រលាញ់ពេញចិត្ត ដែលនេះជាការបង្ហាញពីឆន្ទៈរបស់ពួកគេ ក្នុងការចូលរួមថែររក្សានូវសុខសន្តិភាព និងការអភិវឌ្ឍបន្ត បើទោះបីជាពួកគេដឹងថា រាជរដ្ឋាភិបាល៦អាណ្តត្តិកន្លងមក មិនបានបំពេញការងារល្អឥតខ្ចោះក្តី ប៉ុន្តែពួកគេពេញចិត្តនូវសមិទ្ឋផល ដែលពួកគេបានឃើញផ្ទាល់ភ្នែក ហើយប្រជាពលរដ្ឋគ្រប់រូប សុទ្ឋតែបានទទួលបានផលប្រ​យោជន៍ ពីការរីកចម្រើនសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ ប្រកបដោយសមធ៌ម។

កសាងប្រទេសចេញពីបាតដៃទទេ បញ្ចប់សង្រ្គាមស៊ីវិលដែលបានអូសបន្លាយ និងធ្វើឲ្យប្រទេសមានសុខសន្តិភាព១០០ភាគរយ ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន រយៈពេលជាងពីរទសវត្សរ៍ រហូតធ្វើឲ្យប្រ​ទេសនេះ អាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ២០១៥ គឺជាអ្វីដែលសម្តេចតេជោបានលះបង់ និងបានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីនាំកម្ពុជាឆ្ពោះទៅមុខដោយស្វាហាប់ និងឈានទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

ជាមួយនឹងការផ្លាស់ប្តូរទាំងស្រុង នូវមុខមាត់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ជាមួយនឹងចក្ខុវិស័យដ៏មុតស្រួច ក្នុងការកសាងកម្ពុជា សម័យថ្មី ប្រកបដោយវិបុលភាពសម្រាប់ប្រជាជាតិគ្រប់រូប។

កសាងយុទ្ឋសាស្រ្តថ្មី

យុទ្ឋសាស្រ្តចតុកោណ ត្រូវបានដាក់ចេញ និងអនុវត្តន៍ ក្នុងរយៈពេលពីរអាណត្តិកន្លងមកនេះ បានធ្វើឲ្យកម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិ តាមរយៈការធ្វើសមាហរណកម្មប្រទេសនេះ ទៅក្នុងសហគមន៍អន្តរជាតិ និងពិភពលោក ហើយឋានៈនិងតួនាទីរបស់កម្ពុជាមានភាពស្មើមុខស្មើមាត់ ជាមួយមហាអំណាចធំៗលើពិភពលោក ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។

ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បាននិងកំពុងត្រៀមដាក់ចេញយុទ្ឋសាស្រ្តថ្មីរបស់ខ្លួន “គឺយុទ្ឋសាស្រ្តបច្ច​កោ​ណ” ដែលយុទ្ឋសាស្រ្តនេះ ជាការទាញយកនូវកាលានុវត្តន៍ភាព ពីបដដិវត្តន៍ឧស្សាហកម្ម4.០ តាមរយៈបច្ចេកវិទ្យា និងប្រើប្រាស់កំលាំងពលកម្មជំនាញ កាន់តែច្រើនដើម្បីទាញយក និងបង្កើននូវគុណតម្លៃបន្ថែម ពីការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក និងកសាងនូវមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពធន់ និងរីកចម្រើនរយៈពេលវែងបន្តទៀត។

យុទ្ឋសាស្រ្តទឹក ភ្លើង ផ្លូវ មនុស្សរបស់សម្តេចតេជោ ដែលបានដាក់ចេញកាលពីទសវត្សរ៍ទី៨០ ក៏នៅតែត្រូវតាមបរិបទពិភពលោក ប៉ុន្តែស្របពេលបញ្ហាកសកល និងការរីកចម្រើនបច្ចេកវិទ្យា គោលនយោបាយនេះមានភាពប្រែប្រួល ដោយសម្តេចតេជោបានយក”មនុស្ស”ជាអាទិភាពទី១វិញ គឺ“មនុស្ស ផ្លូវ ភ្លើង និងទឹក” ដើម្បីឲ្យកម្ពុជាដើរស្របតាមនិន្នាការ រីកចម្រើនរបស់ពិភពលោក។

ការរិះគន់របស់ពួកក្រុមអគតិ

ការគ្មានវត្តមានរបស់បក្សប្រឆាំង នៅក្នុងការបោះឆ្នោតអាណត្តិទី៧នេះ ប្រៀបដូចជាសួនច្បារ ដែលគ្មានស្មៅកន្រ្តើយមួយដើមប៉ុណ្ណោះ។

មេដឹកនាំ ដែលប្រឆាំងទាំងងងឹត​ងងល់នេះ តែងតែមានចេតនាបំផ្លាញកម្ពុជា ដោយគ្រាន់តែយកពាក្យ “ប្រជាធិបតេយ្យ និងសិទ្ឋ​មនុស្ស” មកធ្វើជាស្រមោលលំអរឆាក​ និងព្យាយាមលាបព៌ណរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើ មិនអាចទទួលយកបានពីប្រជាពលរដ្ឋខ្មែរភាគច្រើន។

សកម្មភាព និងគោលនយោបាយប្រឆាំងនិយមនេះ ត្រូវបានអ្នកជំនាញវិទ្យាសាស្រ្តនយោ​បា​យ អាចវិភាគបានលើទិដ្ឋភាពមួយចំនួន ដូចជា ទី១ ពួកគេបានដឹងថា ជីវិតនយោបាយេរបស់ពួកគេបានឈា​នបញ្ចប់ ទី២ ប្រជាពលរដ្ឋជាង៨លាននាក់ បានកាត់ក្តីពួកគេរួចហើយ តាមរយៈការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។

ទី៣ ក្រុមបញ្ញវ័ន្ត ដែលពីមុនមានភាពស្ទាក់ស្ទើរ និងគាំទ្រគណបក្សប្រឆាំង បានងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងពេញទំហឹង ទី៤ សហគ្រិននានា​ ដែលធ្លាប់មិនហ៊ានពាក់អាវគណបក្សប្រជាពលរដ្ឋ ពួកគេបានចេញមុខយ៉ាងបើកចំហ គាំទ្រ និងចូលរួមហែរឃោសនាបោះឆ្នោត យ៉ាងគគ្រឹកគគ្រេងពេញរាជធានីភ្នំពេញ។

ហេតុនេះ ការរិះគន់របស់គណបក្សប្រឆាំង និងជនបរទេសមួយក្តាប់តូច លើការដឹកនាំរបស់សម្តេចតេជោ គឺជាស​ម្លេងមួយដែលមិនត្រូវបានសាទរពីប្រជាពលរដ្ឋនោះឡើយ វាប្រៀបបាននឹងពាក្យស្លោកមួយបា​នពោលថា “ទោះមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដដែល”។

ការត្រៀមខ្លួនផ្ទេរអំណាចដើម្បីបញ្ចូលឈាមថ្មី?

តាមរយៈកិច្ចសម្ភាសន៍ជាមួយ នឹងសារព៌តមានអន្តរជាតិ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបពីការផ្ទេរអំណាចទៅកាន់លោកបណ្ឌិតហ៊ុន ម៉ាណែតបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត នៅពេលឆាប់ៗនេះ ដែលសេណារីយោនេះ ជាការផ្លាស់ប្តូរកម្ពុជាជាប្រវត្តិសាស្រ្ត ជាមួយនឹងឈាមថ្មី គំនិតថ្មី ស្របតាមបរិបទថ្មី នៃការរីកចម្រើនរបស់សង្គមជាតិ និងការប្រែប្រួលនៃភូមិសា​ស្រ្ត និងបរិបទនយោយាយ ដែលកាន់តែពិបាកទស្សន៍ទាយទុកមុនបាន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានទទួលការគោរពស្រលាញ់ពីប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដោយសារទី១ លោកជាមេដឹកនាំវ័យក្មេង ពោរពេញដោយគុណធ៌ម និងចរិយាធ៌ម ទី២ ជាមេដឹកនាំ ដែលមានចំណេះដឹងជ្រៅជ្រះ ដែលលោកទទួលបានសញ្ញាបត្របណ្ឌិតចំនួន៣ គឺសញ្ញាបត្របណ្ឌិតពីសាលាយោធា ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក West Point សញ្ញាបត្របណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច។

ទី៣ លោកបណ្ឌិតហ៊ុន ម៉ាណែត ក៏ជាបុគ្គលឆ្នើម ដែលទទួលបានការគាំទ្រ ពីថ្នាក់ដឹកនាំគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ ទី៤ លោកក៏ទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាមេដឹកនាំប្រ​ទេសមហាអំណាចធំៗ ដូចជា មហាអំណាចចិន មហាអំណាចជប៉ុន និងមេដឹកនាំប្រទេសជាច្រើនទៀត។

ទី៥ លោកបណ្ឌិតហ៊ុន ម៉ាណែតបានផ្សារភ្ជាប់ជីវិតយ៉ាងជិតស្និទ្ឋជាមួយប្រជាពលរដ្ឋ ទាំងនៅគ្រាលំបាក និងរីករាយជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ការមានមេដឹកនាំដ៏ឆ្នើមមួយរូប ក្នុងប្រវត្តិសាស្រ្តរយៈពេលជាង៥០០ឆ្នាំ ដែលនាំមកនូវសុខសន្តិភាព វិបុលភាពពេញផ្ទៃប្រទេស និងរៀបចំមេដឹកនាំថ្មីប្រកបដោយថាមភាព និងគតិបណ្ឌិតគឺជាភព្វសំណា​ងរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលនឹងនៅតែរក្សាបាននូវស្នាមញញឹម សេចក្តីអំណរសាទរ ដើម្បីរួមគ្នាកសាងកម្ពុជាឆ្ពោះទៅកាន់ឋានៈថ្មី​ជាប្រទេសអ្នកមាន ឬប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។

រួមគ្នារក្សាសន្តិភាព អរគុណសន្តិភាពទាំងអស់គ្នា ដើម្បីសេចក្តីរីកចម្រើន និងបន្តលើកកំពស់កិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ និងពិភពលោកមួយ សម្រាប់ប្រជាជាតិមួយរស់ក្នុងភាពស៊ីវិល័យ និងនិតិរដ្ឋពេញលេញ៕

ប្រទេសចិនគ្រោងពង្រីកពាណិជ្ជកម្មជាមួយអាស៊ានជាមួយគម្រោងជីកព្រែកPingluតម្លៃ១០ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនចូលចិត្តសាងសង់ផ្លូវ និងស្ពានចាប់ពីសម័យកាលជាច្រើន ដែលកន្លងផុតទៅ ដោយសារការតភ្ជាប់ទាំងនោះ បានជួយសម្រួលដល់លំហូរនៃមនុស្ស ទំនិញ និងទ្រព្យសម្បត្តិផងដែរ។

ប៉ុន្តែមានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលអាចមានលទ្ធភាពសាងសង់ប្រឡាយ ដែលត្រូវការកម្លាំងពលកម្មយ៉ាងច្រើន និងទាម​ទារជំនាញបច្ចេកវិទ្យាខ្ពស់។

កាលពីជាង២.២០០ឆ្នាំមុន ក្នុងកំឡុងសម័យរាជវង្ស Qin អធិរាជទី១ ក្នុងប្រវត្តិសាស្ត្រចិន លោកQin Shi Huang បានសាងសង់ប្រឡាយ ឬព្រែកជីក Lingqu ប្រវែង៣៦,៤គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនទាហានទៅវាយដណ្តើម និងពង្រីកទឹកដី។គម្រោងជីកប្រឡាយនេះ បានតភ្ជាប់ទន្លេ Xiang ក្នុងខេត្ត Hunan ដែលជាដៃនៃទន្លេរYangtze ដែលមានប្រវែង៦.៣០០គីឡូម៉ែត្រ ជាមួយនឹងទន្លេLi ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។

ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ២០២២ នៅពេលដែលការសាងសង់ប្រឡាយ Pinglu បានចាប់ផ្តើម គេមិនបានឃើញមានប្រឡាយថ្មីផ្សេងទៀតត្រូវបានសាងសង់ឡើងនោះទេ។

គម្រោងព្រែកជីក Pinglu ត្រូវបានគេមើលឃើញថា មិនត្រឹមតែជាឱកាស ក្នុងការអភិវឌ្ឍតំបន់ព្រំដែន នាភាគនិរតីនៃខេត្ត Guangxi ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបច្ចេកទេសសំណង់ ទំនើបបំផុតនិងការគិតគូរ ជាយុទ្ធសាស្ត្ររបស់ប្រទេសចិន ស្របពេលមានការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស។

គម្រោងនេះមានប្រវែង១៣៥គីឡូម៉ែត្រ និងទំហំទឹកប្រាក់ចំនួន៧២,៧ពាន់លានយ័ន(ប្រហែល១០,១ពាន់លានដុល្លារអាមេរិក)។

លោក Gao Zhendong ទីប្រឹក្សា​ជើងចាស់​ដែល​ជួយ​ក្រុមហ៊ុន​ចិន​ជាច្រើន ដើម្បីស្វែងរក​ឱកាស​វិនិយោគ ​ក្នុង​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍បានលើកឡើងថា គម្រោងព្រែកជីកនេះ គឺប្រៀបស្មើទៅនឹងសរសៃឈាមបន្ថែមទៀត ដើម្បីតភ្ជាប់ប្រទេសចិន ជាមួយនឹងទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយលោកសំដៅដល់ប្លុកអាស៊ានដែលមានសមាជិក១០ប្រទេស។ព្រែកជីក Pinglu គឺជាគម្រោងនៅក្នុងច្រករបៀងពាណិជ្ជកម្មដីគោក- និងសមុទ្រភាគខាងលិចរបស់ប្រទេសចិន ដែលនឹងជីកទៅដល់ឈូងសមុទ្រ Beibu  និងសមុទ្រចិនខាងត្បូង។

យោងតាមរបាយការណ៍ វាយតម្លៃផលប៉ះពាល់លើបរិស្ថានបានបង្ហាញឱ្យដឹងថា ព្រែកជីកនេះត្រូវបានគេរំពឹងថា នឹងអាចផ្ទុកទំនិញបាន១០៨លានតោននៅឆ្នាំ២០៣៥ និង១៣០លានតោននៅឆ្នាំ២០៥០។

ព្រែកជីក Pinglu នឹងអាចឱ្យកប៉ាល់កុងតឺន័រ ឬក្រុមហ៊ុនដឹកជញ្ជូនភាគច្រើន ធ្វើដំណើរពីទីក្រុងណាននីង ទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

គម្រោងខ្នាតយក្សនេះ ក៏ភ្ជាប់ជាមួយក្តីសង្ឃឹមរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើឱ្យប្លុកអាស៊ាន ដែលមានប្រជាជនចំនួនជាង៦០០លាននាក់ និងជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ប្រទេសចិន ក្លាយជាគន្លឹះមួយ ក្នុងការទប់ទល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកផងដែរ៕

អ្នកឧកញ៉ាលឹម ហេងៈ ការបោះឆ្នោតប្រកបដោយស្ថេរភាពនយោបាយនឹងទាក់ទាញអ្នកធុរកិច្ចអន្តរជាតិច្រើនមកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានថ្លែងថា រដ្ឋាភិបាលថ្មីនឹងយកចិត្តទុកដាក់ លើកទឹកចិត្តដល់អាជីវកករនានា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីម្សិលម៉ិញនេះថា ការបោះឆ្នោតនាអាណត្តិទី៧នេះ ជាការបោះឆ្នោតដោយរីករាយ និងអបអរសាទរ និងបង្ហាពីលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនមានអំពើហឹង្សា អសន្តិសុខ និងមិនមានបញ្ហាអ្វីកើតឡើងឡើយ ដែលឆ្លុះបង្ហាញពីសុខសន្តិភាព ស្ថេរភាពនយោបាយ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។ អ្នកឧកញ៉ាលឹម ហេងបានបន្តថា “នេះជាអ្វីដែលអ្នកវិនិយោគចង់បាន ហើយអ្នកវិនិយោគបរទេសផ្សេងៗ នឹងមានចំណាប់អារម្មណ៍មកកាន់កម្ពុជាច្រើន”។ លោកបន្តថា “ដូចយើងបានដឹងស្រាប់ហើយ នៅក្នុងតំបន់អាស៊ាន ដែលមានអស្ថេរភាពនយោបាយ បានធ្វើឲ្យអ្នកវិនិយោ​គផ្សេងៗចាកចេញ និងបានរើមកកាន់កម្ពុជា”។

អ្នកឧកញ៉ាបានបន្តដោយសុទិដ្ឋិនិយមថា “ខ្ញុំជឿថាក្រោយការបោះឆ្នោត ដែលប្រកបដោយស្ថេរភាពនយោបាយនេះ នឹងធ្វើឲ្យអ្នកវិនិយោគ ពីបណ្តាប្រទេសផ្សេងៗ នឹងមើលឃើញកម្ពុជាច្បាស់”។ អ្នកឧកញ៉ាបន្តថា “ពួកគេនឹងមកកាន់កម្ពុជា ស្របពេលដែលយើងបានដាក់ឲ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ដែលមានការលើកទឹកចិត្តច្រើន”។

អ្នកឧកញ៉ាបានបញ្ជាក់ថា អ្វីកាន់តែពិសេស គឺការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយតំបន់(RCEP) ជាមួយនឹងកិច្ចព្រមព្រៀងជាមួយអារ៉ាប់រួម ការលើកលែងពន្ឋពីអង់គ្លេស ការទទួលបានEBAពីសហគមន៍អឺរ៉ុប និងGSPពីអាមេរិក នឹងធ្វើឲ្យមានកំណើនវិនិយោគច្រើនថែមទៀតមកកាន់កម្ពុជា៕

ដំណឹងល្អៈរដ្ឋាភិបាលធ្វើអនុប្បយោគដីទំហំ៦២៣៤ដើម្បីឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ

        ដោយៈ និស្ស័យ

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើអនុប្បយោគលើផ្ទៃដីទំហំ ៦២៣៤ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិបុទុមសគរ ភូមិសាស្ត្រស្រុកបុទុមសាគរ ខេត្តកោះកុង។

ការធ្វើអនុប្បយោគនេះ ដើម្បីជួលឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន ធ្វើការវិនិយោគ។ នេះបើតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ដីនេះ ត្រូវបានកំណត់ជាតំបន់ប្រើប្រាស់ដោយចីរភាព និងបានធ្វើអនុប្បយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជួលឱ្យក្រុមហ៊ុន ដើម្បីវិនិយោគ។

បន្ថែមពីនេះ ការជួលដីនេះ ស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិ​រដ្ឋ និងមានកិច្ចសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់​គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នា​ក់ក្រោមជាតិស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងៈអ្នកវិនិយោគនឹងចូលមកកាន់កម្ពុជាច្រើនក្រោយការបោះឆ្នោត

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានថ្លែងថា អ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគច្រើន ពិសេសផ្នែកដីធ្លី សំណង់នានាច្រើន​ក្រោយការរៀបចំរដ្ឋាភិបាលថ្មី។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៤ កក្កដាថា ពេលណារដ្ឋាភិបាលថ្មីមកកាន់តែលឿន យើងមានអ្វីថ្មីៗ អ្នកវិនិយោគបរទេស នឹងចូលមកវិនិយោគលើវិស័យ ឧស្សាហកម្ម កសិកម្ម សណ្ឋាគារច្រើន។

លោកបន្តថា “បើនិយាយពីវិស័យអចលនទ្រព្យវិញ គឺមិនត្រឹមតែដីធ្លីទេ ប៉ុន្តែពួកគេនឹងវិនិយោគលើវិស័យសំណង់ច្រើន ព្រោះពួកគេរង់ចាំតែតែរដ្ឋាភិបាលថ្មី”។ លោកបន្តថា “ការបោះឆ្នោតដែលបានសុខសន្តិភាព និងមានលទ្ឋផលដូចមនុស្សមួយប្រទេសរំពឹងទុក ហើយដៃគូរបស់ខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ពួកគេនឹងត្រលប់មកវិញនៅរយៈពេល១សប្តាហ៍ ឬ១០ថ្ងៃក្រោយ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា អ្វីពួកគេចង់បានគឺ សន្តិភាព ដីធ្លី ព្រោះបើគ្មានសន្តិភាពតម្លៃដីធ្លី ក៏មិនកើនឡើងដែរ ហេតុនេះអ្វីដែលពួកគេរង់ចាំ គឺលទ្ឋផលនៃការបោះឆ្នោត ហើយលទ្ឋផលបានចេញមកហើយ អញ្ចឹងអ្នកវិនិយោគបរទេស នឹងមកកាន់កម្ពុជាកាន់តែច្រើន៕

លោកយិន លាងគង់ ផ្ញើសារអបអរសាទរ ជូនចំពោះឧកញ៉ា លឹម ហេង ដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»

(ភ្នំពេញ)៖ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រProperty area និង Cambodia Financial Time រួមទាំងបុគ្គលិកទាំងអស់ សូមចូលរួមអបអរសាទរ ជូនចំពោះឧកញ៉ា លឹម ហេង ដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយនិងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា លឹម ហេងក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសមនិងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោកយិន លាងគង់ ផ្ញើសារអបអរសាទរ ជូនចំពោះឧកញ៉ា ថៃ ជាហួត ដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»

(ភ្នំពេញ)៖ លោកយិន លាងគង់ ស្ថាបនិក និងអគ្គនាយកនៃគេហទំព័រProperty Area និង Cambodia Financial Time រួមទាំងបុគ្គលិកទាំងអស់ សូមចូលរួមអបអរសាទរ ជូនចំពោះឧកញ៉ា ថៃ ជាហួត ដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយនិងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ថៃ ជាហួតក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសមនិងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ។
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕