អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​នៅ​សហរដ្ឋអាមេរិក​ហក់​ខ្ពស់​ខ្លាំង​ធ្វើ​ឲ្យ​អត្រា​លក់​អចលនទ្រព្យ​ធ្លាក់​ចុះ​

ដោយៈ និស្ស័យ

   អាមររិកៈ ទិន្នន័យចុងក្រោយពី Freddie Mac បង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះរយៈពេល៣០ ឆ្នាំស្ថិតនៅកម្រិតប្រហែល ៧,២៨​% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ២០២៣ មក។

កត្តានេះកំពុងរារាំងអ្នកទិញ មិនឱ្យចូលក្នុងទីផ្សារ និងធ្វើឱ្យបរិមាណនៃការលក់ធ្លាក់ចុះ។

ទន្ទឹមនឹងនេះ តម្លៃផ្ទះមិនបានធ្លាក់ចុះខ្លាំងនោះទេ ដោយសារម្ចាស់ផ្ទះដែលមានស្រាប់ជាច្រើន បានជាប់កិច្ចសន្យាអត្រាការប្រាក់កម្ចីទាប ហើយមិនចង់លក់ផ្ទះរបស់ខ្លួន។

Zillow ប៉ាន់ប្រមាណថា តម្លៃផ្ទះក្នុងខែកញ្ញាមានការកើនឡើងត្រឹមតែប្រហែល១% ប៉ុណ្ណោះបើធៀបនឹងឆ្នាំមុន ខណៈដែលចំនួនផ្ទះសម្រាប់លក់ (inventory)មានការកើនឡើង ២,៥% បើធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកម្រិតមុន ពេលមានជំងឺរាតត្បាតចំនួន ១៦,១%។

ចំណុចសំខាន់គឺសហរដ្ឋអាមេរិក កំពុងវិវត្តទៅជាទីផ្សារលំនៅដ្ឋានពីរផ្សេងគ្នា ដោយតំបន់ Midwest និង Northeast៖ មានភាពរឹងមាំគួរសម។

ការផ្គត់ផ្គង់មានកម្រិតបានជួយរក្សាតម្លៃផ្ទះ។ រដ្ឋ Illinois, Connecticut, Indiana, New Jersey និងOhio ស្ថិតក្នុងចំណោមរដ្ឋដែលមានកំណើនតម្លៃប្រចាំឆ្នាំខ្លាំងជាងគេ។

ចំណែកតំបន់Sunbelt និងភាគខាងលិច (West)៖ មានសម្ពាធខ្លាំងជាង។រដ្ឋ Texas, Washington និង Hawaii បានបង្ហាញពីការធ្លាក់ចុះតម្លៃប្រចាំឆ្នាំ ខណៈដែលរដ្ឋ Arizona, Nevada, Oregon និងColorado មានតម្លៃស្ទើរតែមិនប្រែប្រួល។ ការកើនឡើងនៃការសាងសង់ និងចំនួនផ្ទះសម្រាប់លក់ បានផ្តល់ឱ្យអ្នកទិញនូវអំណាចក្នុងការចរចាកាន់តែច្រើន។

វិស័យអចលនទ្រព្យពាណិជ្ជកម្ម មានភាពគួរឱ្យចាប់អារម្មណ៍ជាង
នេះគឺជាផ្នែកមួយដែលខ្ញុំមើលឃើញថាមានសញ្ញាវិជ្ជមាន។

ក្រុមហ៊ុនCBRE រំពឹងថា ទំហំនៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក នឹងកើនឡើងប្រហែល១៦% នៅឆ្នាំ ២០២៦។ ការវិនិយោគលើវិស័យឧស្សាហកម្ម និងភស្តុភារកម្ម (logistics)លំនៅដ្ឋានរួម (multifamily) ហាងលក់រាយ និងការិយាល័យ ត្រូវបានរំពឹងថានឹងមានភាពប្រសើរឡើង ទោះបីជាវិស័យការិយាល័យនៅតែមានភាពខុសគ្នា នៃលទ្ធផលយ៉ាងខ្លាំងក៏ដោយ៕

ធនាគារ ADB គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្តកំពត​

ដោយៈ ម៉ាណា

   កំពតៈ  រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកចាន់ ចេស្ដា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោងជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត។

ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីដឹកនាំដោយលោកស្រី Stefania Dina, Director of Agriculture, Food, Nature and Rural Development នៅសហគមន៍កសិកម្មទំនើបសែនហានចម្រើនផល ខេត្តកំពត។

ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមអមដំណើរពីម​ន្រ្តីពាក់ព័ន្ធ។

បេសកកម្មនេះរៀបចំឡើង ក្នុងគោលបំណងចុះពិនិត្យទីតាំងជាក់ស្តែង លើហេដ្ឋារចនាសម្ព័ន្ធដែលទទួលបានគាំទ្រ ដោយគម្រោង(CFAVC)រួមមាន៖ ផ្លូវធ្វើដំណើរនៅទីជនបទ ឃ្លាំងស្ដុក ស្រះទឹក ឡជីវឧស្ម័ន និងរោងជី ដែលរួមចំណែកជួយដល់ជីវភាពរបស់សមាជិកសហគមន៍កសិកម្មទំនើប សែនហានចម្រើនផល ជាពិសេសលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ៕

របៀបវារៈ​ចំនួន២​ត្រូវ​បាន​លើក​ឡើង​ និង​ដោះស្រាយ​ក្នុង​វេទិកា​រ​វាង​រដ្ឋាភិបាល​ និង​វិស័យឯកជន​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ឆមាសទី១ ឆ្នាំ២០២៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលផ្តោតលើការដោះស្រាយបញ្ហា ប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម វិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផលខ្ពស់ ជាមួយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការនៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន(គ.ស.ឯ.រ.ជ.)។

កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយរលូន និងបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈចំនួនពីររួមមាន ទី១. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញនៅក្នុងវេទិកា GPSF លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ទី២.ការត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) លើកទី២០។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់តំណា​ងក្រសួង-ស្ថាប័នទាំងអស់ និងក្រុមការងារលេខាធិការដ្ឋានគ.ស.រ.ជ. ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងជូនវិស័យឯកជន និងបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តកិច្ចសហការគ្នា ឱ្យកាន់តែស្អិតរមួតទាំងផ្នែករដ្ឋាភិបាល និងវិស័យឯកជន ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) លើកទី២០ សំដៅយ៉ាងណាឱ្យការរៀបចំសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឧបនាយករដ្ឋមន្ត្រីក៏បានលើកបង្ហាញអំពី វឌ្ឍនភាពនូវការងារភស្តុភារកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាពេលកន្លងមក ដែលសុទ្ធសឹងជាបច្ច័យវិជ្ជមានសម្រាប់វិស័យឯកជន នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន ជាក់ស្តែងដូចជា ផែនការពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយច្រករបៀងសំខាន់ៗ, វឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ, ការលើកកម្ពស់សមត្ថភាព និងការធ្វើឌីជីថលូបនីយកម្មកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ, និងគម្រោងគាំទ្រដល់វិស័យភស្តុភារកម្មដូចជាការបើកការដ្ឋាន មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងមកនេះ៕

ក្រុង​តាខ្មៅ​អនាគត​នៃ​ការ​វិនិយោគ​ដីធ្លី​ និង​ការអភិវឌ្ឍ​ជា​មួយ​ចក្ខុវិស័យ​

ដោយៈ ចំណាន

   ភ្នំពេញៈ វាប្រៀបបាននឹងខ័ណ្ឌមួយ ដែលតែងតែទទួលបានផលប្រយោជន៍លឿនជាងគេ ពីការអភិវឌ្ឍនៅរាជធានីភ្នំពេញ ស្របពេលចំនួនប្រជាជនបន្តកើនឡើងនៅទីក្រុងនេះ។

អ្នកជំនាញបានលើកឡើង ពីការផ្តល់អាទិភាពដល់ដីដែលមានផ្លូវតភ្ជាប់ស្រាប់ និងស្ថិតនៅជិតសហគមន៍ ដែលមានប្រជាជនរស់នៅ សាលារៀន តំបន់ពាណិជ្ជកម្ម និងកន្លែងការងារ ជាជាងដីដែលគ្រាន់តែផ្សព្វផ្សាយថា “នៅជិតព្រលានយន្តហោះ” ប៉ុណ្ណោះ។

ការវិភាគទីផ្សារបច្ចុប្បន្ន ក៏បានសង្កត់ធ្ងន់ដូចគ្នាដែរទៅ លើការតភ្ជាប់ និងតម្រូវការជាក់ស្តែងសម្រាប់ការរស់នៅ ឬអាជីវកម្ម ជាជាងគ្រាន់តែគិតគូរពីចម្ងាយ ទៅកាន់ព្រលានយន្តហោះតែមួយមុខ។

ជាមួយនឹងចក្ខុវិស័យនេះ អ្នកអភិវឌ្ឍន៍ទីក្រុងVictoria​Parkland បានជ្រើសរើសទីក្រុងនេះ ជាតំបន់អភិវឌ្ឍន៍បែបស៊ីវិល័យមួយ។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនVictoria Parkland បានសម្លឹងទៅមុខជាមួយចក្ខុវិស័យ និងសុទិដ្ឋិនិយមខ្ពស់សម្រាប់អនាគត។

លោកបានមានប្រសាសន៍ថា “សម្លឹងទៅអនាគត យើងជឿជាក់ពីគុណតម្លៃគម្រោងរបស់យើង ដែលផ្តោតលើការកសាងគុណតម្លៃ មិនមែនលក់តែដីនោះទេ”។លោកបន្ថែមថា “ផែនការរបស់យើងគឺប្រែក្លាយតំបន់នេះ ជាCBDថ្មីមួយ សម្រាប់ភាគខាងត្បូងរាជធានី ជាតំបន់មានសក្តានុពលពលងាយតភ្ជាប់ ជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន”។

Victoria Parkland មានទីតាំងនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាតំបន់មួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគដីធ្លី និងអភិវឌ្ឍន៍គម្រោងផ្សេងៗ។

ជាមួយគ្នានេះ ការវាយតម្លៃជាយុទ្ធសាស្ត្ររបស់អ្នកជំនាញ បានលើកជាអនុសាសន៍ថា ប្រសិនបើអ្នកកំពុងពិចារណា លើតំបន់អភិវឌ្ឍន៍(growth corridor) នៃតំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh)សម្រាប់ឆ្នាំ២០៣០ ខ្ញុំនឹងចាត់ទុកក្រុងតាខ្មៅ តភ្ជាប់ទៅកាន់ស្រុកកណ្តាលស្ទឹង ទៅកាន់ព្រលានយន្តហោះ ជាមួយខណ្ឌកំបូលនិងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញថា ជាតំបន់ដែលគួរតាមដានយ៉ាងយកចិត្តទុកដាក់។

សម្រាប់ការវិនិយោគលើដីធ្លី (land banking) ចាប់អារម្មណ៍ខ្លាំងជាងទៅលើទីតាំងនៅតាខ្មៅ ឬខេត្តកណ្តាលដែលមានការតភ្ជាប់ល្អ និងមានសក្តានុពលអភិវឌ្ឍន៍ក្នុងរយៈពេល៥ ទៅ១០ ឆ្នាំខាងមុខ។

ក្រុងតាខ្មៅនឹងកាន់តែមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធសេដ្ឋកិច្ចទីក្រុង ដែលតភ្ជាប់រវាងភ្នំពេញ និងព្រលានយន្តហោះតេជោ ហើយឱកាសដ៏ល្អបំផុតទំនងជា នឹងស្ថិតនៅក្នុងវិស័យលំនៅឋាន សេវាកម្មពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូន (logistics)ជាជាងការសាងសង់ខុនដូប្រណីតៗ៕

ការព្យាករណ៍ៈ​ មហាវិថីតេជោ​នឹង​ក្លាយ​ជា​ខ្សែ​ផ្លូវ​ដ៏​មាន​សក្តានុពល​ធំ​បំផុត​មួយ​នា​ឆ្នាំ២០៣០​

ដោយៈ ចំណាន

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា នៅឆ្នាំ២០៣១ ខ្សែផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ(KTI) នឹងក្លាយជាតំបន់ដែលមានកំណើនទីក្រុងខ្លាំងបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

តំបន់នេះផ្នែកខាងក្នុង នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល (CBD) ទីពីរនៅភាគខាងត្បូង ហើយផ្នែកខាងក្រៅនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច ដែលផ្តោតលើសកម្មភាពទាក់ទងនឹងព្រលានយន្តហោះ។

ដូច្នេះ ខ្សែផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយទីក្រុងកោះពេជ្រ ទៅកាន់KTI គឺជាតំបន់មួយដែលអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ចំណែកអ្នកវិនិយោគផ្នែកដីធ្លី  លោកយិន លាងគង់ អ្នកតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានលើកឡើងថា សម្រាប់យុទ្ធសាស្ត្រវិនិយោគលើដីធ្លី ត្រូវវាយតម្លៃតំបន់តាមបណ្តោយផ្លូវនានា សម្រាប់ផែនការវិនិយោគរយៈពេល៥ឆ្នាំ ដែលអ្នកមានលំហូរសាច់ប្រាក់ ឬសល់សាច់ប្រាក់ច្រើន គួរផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត លើតំបន់មួយចំនួនដូចជា ទី១ មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវធំៗដែលមានស្រាប់ ទី២ ទីក្រុងនរា ការពង្រីកទីក្រុងនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ទី៣ តំបន់ស្ហថិតក្នុងរង្វង់ទីក្រុងING City និងតំបន់បឹងជើងឯក ដែលតតភ្ជាប់រវាងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ទី៤ ទីក្រុងរណបKTI តំបន់តភ្ជាប់ទៅកាន់ព្រលានយន្តហោះ ដីកសិកម្មដែលស្ថិតនៅឆ្ងាយពីបណ្តាញផ្លូវថ្នល់ដែលមានស្រាប់។

លោកបានបន្តព្រមានថា “កំហុសដ៏ធំបំផុតរបស់អ្នកវិនិយោគកន្ល​ងមក គឺការទិញដីដោយគ្រាន់តែគិតថាវា “នៅជិតKTI”ប៉ុណ្ណោះ​”។ លោកបន្ថែមថា “កត្តាដូចជា ការតភ្ជាប់គមនាគមន៍ ចំនួនប្រជាជន មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ និងផ្លូវថ្នល់ដែលងាយស្រួលប្រើប្រាស់ គឺមានសារៈសំខាន់ជាងទៅទៀត”៕

កម្ពុជា​ និង​ប្រីតថេន​នឹង​សហការ​រៀប​ចំវេទិកា​ពាណិជ្ជកម្ម ​និង​វិនិយោគ​រួម​គ្នា​នៅ​ឆ្នាំ​២០២៧​ ខាង​មុខ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកជំទាវ ចម​ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកដូមីនិក វីល្លៀម ឯកអគ្គរាជទូតព្រីតថេនប្រចាំ កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីទិសដៅការងារបន្តពាក់ព័ន្ធ នឹងការត្រៀមសហការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងព្រីតថេន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងដើមឆ្នាំ២០២៧ ខាងមុខនេះ។

ទំហំពាណិជ្ជកម្មកម្ពុជា ប្រីតថេន(អង់គ្លេស)មានការរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

លោកជំទាវ ចម​ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោកជំទាវ ចម​ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

តម្លៃ​អចលនទ្រព្យ​នៅ​ប្រទេសមីយ៉ាន់ម៉ា​កើន​ឡើង​យ៉ាងខ្លាំង ​ខណៈ​ប្រជា​ជន​ងាក​ទៅ​វិនិយោគ​ដី​ធ្លី

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការដណ្តើមអំណាចដោយយោធា។ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចមីយ៉ាន់ម៉ារបស់ធនាគារពិភពលោក ប្រចាំខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា តម្លៃអចលនទ្រព្យបានកើនឡើង ៤ ដង។

ជាឧទាហរណ៍ អ្នកម៉ៅការម្នាក់នៅទីក្រុង Yangon បានទិញអាផាតមុិនមួយដែលមានទំហំ ៨៤ ម៉ែត្រការ៉េក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ៧៥ លានគ្យាត (Kyats) (ប្រហែល៣០.០០០ដុល្លារបើគិតតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន)។ បច្ចុប្បន្ននេះ អាផាតមុិននោះមានតម្លៃប្រហែល ៣០០ លានគ្យាត។

ការកើនឡើងយ៉ាងគំហុកនៃតម្លៃអចលនទ្រព្យក៏កំពុងរាលដាលទៅដល់ដីទំនេរផងដែរ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា អត្រាអតិផរណាខ្ពស់ ការរឹតបន្តឹងការនាំចូល កង្វះខាតរូបិយប័ណ្ណបរទេស និងជម្លោះដែលកំពុងបន្តកើតមាន បានធ្វើឱ្យការធ្វើអាជីវកម្មជួបការលំបាក។

នៅពេលដែលការនាំចូលកាន់តែមានការលំបាក ហើយអាជីវកម្មជួបការលំបាកក្នុងការស្វែងរកទំនិញសម្រាប់លក់ ពាណិជ្ជករ និងម្ចាស់អាជីវកម្មជាច្រើនបានចាប់ផ្តើមវិនិយោគប្រាក់ដែលនៅសល់របស់ពួកគេទៅលើដីធ្លីវិញ ជំនួសឱ្យការទិញទំនិញ។

ភ្នាក់ងារអចលនទ្រព្យបានឱ្យដឹងថា តម្លៃអចលនទ្រព្យមានស្ថុិរភាពល្អគួរសមក្នុងឆ្នាំ ២០២២ ប៉ុន្តែក្រោយមកបានចាប់ផ្តើមហក់ឡើងថ្លៃយ៉ាងឆាប់រហ័ស ប្រហែល ៤០% ទៅ ៦០% ក្នុងមួយឆ្នាំនៅតំបន់មួយចំនួន។ ជាលទ្ធផល តម្លៃអចលនទ្រព្យមួយចំនួនបានកើនឡើង ៤ ដងចាប់តាំងពីឆ្នាំ ២០២១ មក៕

កម្ពុជា​ អាល្លឺម៉ង់​បង្ហាញ​ឆន្ទៈ​ពង្រឹង ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូនលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសហព័ន្ធអាល្លឺម៉ង់ប្រចាំ កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា យ៉ាងទូលំទូលាយអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់ ដោយផ្តោតលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការទាក់ទាញវិនិយោគ និងការពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា អំពីសារៈសំខាន់នៃកិច្ចការពារអ្នកប្រើប្រាស់ ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខ្សែច្រវាក់តម្លៃសកល ការពង្រឹងសមត្ថភាពផលិតកម្ម ការអនុលោមតាមស្តង់ដារអន្តរជាតិ និងការបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា ដើម្បីពង្រីកការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិផ្សេងទៀត។

ភាគីអាល្លឺម៉ង់បានបន្តបង្ហាញការគាំទ្រ តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាព ដែលផ្តោតលើការពង្រឹងអ្នកផ្តល់សេវាគាំទ្រការនាំចេញ និងការលើកកម្ពស់គុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិ។

ភាគីទាំងពីរបានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោ​យចីរភាព និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕

ក្រុមហ៊ុន​ Pan Pacific Hotels Group ​កំពុង​ពង្រីក​ការ​វិនិយោគ​សណ្ឋាគារ​នៅ​តំបន់អាស៊ាន​រួម​មាន​ទាំង​កម្ពុជា​

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Pan Pacific Hotels Group (PPHG) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ UOL Group កំពុងពង្រីកការវិនិយោគនៅក្នុងតំបន់អាស៊ាន។ នៅឆ្នាំ ២០២៧ ក្រុមហ៊ុនមានគម្រោងបើកដំណើរការសណ្ឋាគារថ្មីចំនួន ៧ និងកែលម្អសណ្ឋាគារដែលមានស្រាប់ចំនួន ៣។

ក្នុងចំណោមគម្រោងបើកសណ្ឋាគារថ្មីទាំងនោះ ក៏មរួមមាននៅកម្ពុជាផងដែរ ដូចជា Pan Pacific Phnom Penh, Parkroyal Siem Reap និងនៅប្រទេសអាស៊ានផ្សេងទៀត ដូចជា ហ្វីលីពីន វៀតណាម និងឥណ្ឌូនេសុី។

គម្រោងជួសជុលសណ្ឋាគារ រួមមាន Parkroyal Serviced Suites Kuala Lumpur, Parkroyal Gurney Bay Penang និងParkroyal Collection Pickering ។

គម្រោងទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ “Version 2.0” របស់ PPHG ដែលមានគោលបំណងធ្វើទំនើបកម្មសណ្ឋាគាររបស់ខ្លួន តាមរយៈការរចនាល្អប្រសើរជាងមុន និរន្តរភាព បច្ចេកវិទ្យា និងបរិក្ខារដែលផ្តោតលើសុខុមាលភាព។

ចាប់តាំងពីឆ្នាំ ២០២០ ផលបត្រជាង៥០ភាគរយរបស់ PPHG ជាសណ្ឋាគារសាងសង់ថ្មី រចនាឡើងវិញ ឬកែលម្អឡើងវិញ។ ក្រុមហ៊ុនបានលើកឡើងថា របៀបរស់នៅរបស់អ្នកធ្វើដំណើរមានការផ្លាស់ប្តូរ ដោយការងារ ការកម្សាន្ត និងសុខុមាលភាពមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។

បច្ចុប្បន្ន ក្រុមហ៊ុន PPHG ដំណើរការសណ្ឋាគារ រមណីយដ្ឋាន និងអាផាតមុិនដែលមានសេវាកម្ម (serviced suites) ជាង ៥០ កន្លែង ក្រោមម៉ាកយីហោចំនួន៣ គឺ Pan Pacific, Parkroyal និង Parkroyal Collection៕

តើ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​លក្ខណៈ​ដូច​ម្តេច​ប្រសិន​បើ​ព្រំដែន​ជា​មួយ​ប្រទេសថៃ​នឹង​បន្ត​បិទ​រយៈ​ពេល​វែង​?​

ដោយៈ ចំណាន

   ភ្នំពេញៈ ការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅខែកញ្ញា ឆ្នាំ២០២៦ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹមតែ៣,០%ប៉ុណ្ណោះក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់៤,០​ភាគរយ នៅឆ្នាំ២០២៧។

ការព្យាករណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា ភាពតានតឹងនៅតាមព្រំដែន បានកាត់បន្ថយវិស័យទេសចរណ៍ផ្លូវគោក និងការផ្ញើប្រាក់ពីពលករ។

បញ្ហាធំបំផុត៖ ខេត្តជាប់ព្រំដែន ក្រុងប៉ោយប៉ែត និងតំបន់ជុំវិញនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។

គិតត្រឹមខែសីហា ឆ្នាំ២០២៦ របាយការណ៍នានាបានបង្ហាញថា រោងចក្រមួយចំនួននៅប៉ោយប៉ែត កំពុងបិទទ្វារ ឬត្រៀមនឹងបិទទ្វារ ដែលធ្វើឱ្យកម្មករប្រហែល៤.០០០នាក់ជួបប្រទះការលំបាក។

ការសិក្សាដោយប្រើគំរូព្យាករណ៍ របស់វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) នៅខែកញ្ញា ឆ្នាំ២០២៦ ក៏បានរកឃើញផងដែរថា ផលប៉ះពាល់នេះ មិនមែនមានតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់ចលនាពលករ ការផ្ញើប្រាក់ វិស័យទេសចរណ៍ និងការវិនិយោគ ដែលសុទ្ធតែជាកត្តាបញ្ជូនផលប៉ះពាល់អវិជ្ជមាន ទៅកាន់សេដ្ឋកិច្ចទាំងមូល។

ប៉ុន្តែមានចំណុចវិជ្ជមានដ៏សំខាន់មួយ គឺកម្ពុជាកំពុងកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ ដោយងាកទៅរកភាពចម្រុះនៃដៃគូសេដ្ឋកិច្ច។

អ្នកស្រាវជ្រាវរបស់ISEAS បានរកឃើញថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាបានបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសចិន និងវៀតណាម ខណៈដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញដ៏សំខាន់របស់ខ្លួន។

ដូច្នេះ ប្រសិនបើព្រំដែននៅតែបន្តបិទក្នុងរយៈពេលយូរ អ្នកវិភាគរំពឹងថាស្ថានភាពនឹងមានការវិវត្ត លើទម្រង់មួយចំនួនដួចជា សេដ្ឋកិច្ចតំបន់ព្រំដែនថៃចុះខ្សោយ កម្ពុជាទាំងមូល នឹងមានកំណើនសេដ្ឋកិច្ចយឺត ប៉ុន្តែអាចសម្របខ្លួនបាន។

ភស្តុភារកម្មជាមួយវៀតណាម/ផ្លូវសមុទ្រ រឹងមាំជាងមុន។ តំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) ទំនងជាមានភាពធន់ជាងប៉ោយប៉ែត។

ក្រុងព្រះសីហនុ/ភស្តុភារកម្ម/ឃ្លាំងស្តុកទំនិញ អាចទទួលបានផលប្រយោជន៍ សម្រាប់យុទ្ធសាស្ត្រវិនិយោគអចលនទ្រព្យនៅកម្ពុជា ចំណុចនេះមានសារៈសំខាន់ណាស់ ការបិទព្រំដែនថៃក្នុងរយៈពេលយូរនឹងធ្វើឱ្យមានការកាត់បន្ថយចំណាប់អារម្មណ៍ លើអចលនទ្រព្យដែលពឹងផ្អែកលើតំបន់ព្រំដែន ហើយងាកមកចាប់អារម្មណ៍ខ្លាំងជាងមុនលើតំបន់ឧស្សាហកម្ម និងច្រករបៀងភស្តុភារកម្ម នៅជុំវិញរាជធានីភ្នំពេញ ឃ្លាំងស្តុកទំនិញ អចលនទ្រព្យដែលគាំទ្រ ដល់វិស័យផលិត​កម្ម និងការតភ្ជាប់ផ្លូវដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម និងក្រុងព្រះសីហនុ៕