តើ​ភស្តុភាកម្ម​ជា​វិស័យ​មាន​អាទិភាព​ខ្ពស់​សម្រាប់​ការ​វិនិយោគ​ចន្លោះ​ឆ្នាំ​២០២៧​ ២០៣០?​

ដោយៈ ចំណាន

   ភ្នំពេញៈ អាជ្ញាធរវិនិយោគរបស់កម្ពុជា ក៏បានកំណត់ជាក់លាក់​ផងដែរថា មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌល​ចែក​ចាយ ប្រព័ន្ធរក្សាទុកទំនិញត្រជាក់ (cold chain) និងឃ្លាំ​ង​ឆ្លាតវៃ គឺជាឱកាសវិនិយោគដ៏សំខាន់។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានរំពឹងថានឹងបញ្ចប់ការសា​ងសង់នៅឆ្នាំ២០២៧ ដែលនឹងជួយពង្រឹងបន្ថែមទៀត នូវច្រករបៀ​ង​ពាណិជ្ជកម្មនៅភាគខាងកើត។

នេះមិនមែនគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះទេ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៩ ដែលកំពុង​ដំណើ​រការ មានកម្មករនិយោជិតចំនួន២៦០,០០០នាក់ និងមានទុន​វិនិ​យោគសរុប១៤,៦ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ទាំងនោះ។

សម្រាប់យុទ្ធសាស្ត្រវិនិយោគ នៅតំបន់ភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើ៖ ១. ច្រករបៀងភាគខាងលិច៖ កំពង់ស្ពឺ ភ្នំពេញ ២. ច្រករបៀងខេត្តកណ្តាល៖ តាខ្មៅ / កណ្តាល​ស្ទឹង ៣. តំបន់ព្រលានយន្តហោះតេជោ / ភាគខាងត្បូងភ្នំពេញ។

៤. ច្រករបៀងភាគខាងកើត៖ ភ្នំពេញ-បាវិត។ ៥. ច្រករបៀងឧស្សាហកម្ម-ភស្តុភារកម្មភាគខាងលិច៖កំបូល។

ខេត្តកំពង់ស្ពឺ គួរទទួលបានការយកចិត្តទុកដាក់ជាពិសេស៖ គម្រោង Cambodia SuperPort ដែលមានទំហំទឹកប្រាក់វិនិយោគ ៣០០លានដុល្លារអាមេរិក បានចាប់ផ្តើមសាងសង់នៅទីនោះក្នុងខែសីហា ឆ្នាំ២០២៦ ដែលនេះជាកត្តាជំរុញដ៏សំខាន់មួយទៀត សម្រាប់វិស័យភស្តុភារកម្ម និងឧស្សាហកម្ម។

គំនិតវិនិយោគដ៏សំខាន់ អ្នកជំនាញនឹងមិនសូវគិតថា “តើដីនៅតំបន់ណាដែលនឹងឡើងថ្លៃ”? នោះទេ ប៉ុន្តែនឹងផ្តោតទៅលើ។

តើកម្មកររាប់ពាន់នាក់ រោងចក្រ រថយន្តដឹកទំនិញ ឃ្លាំង និងអាជីវកម្មនានា នឹងត្រូវការអចលនទ្រព្យនៅឯណា?  ចំណុចនេះនាំឱ្យខ្ញុំងាកទៅរកការវិនិយោគ លើវិស័យឧស្សាហកម្ម ភស្តុភារកម្ម  លំនៅដ្ឋានសម្រាប់កម្មករ ឬអ្នកមានចំណូលមធ្យម ជាជាងការវិនិយោគធំទៅលើខុនដូប្រណីត។

សម្រាប់ឆ្នាំ ២០២៧-២០៣០ ការវាយតម្លៃដ៏សំខាន់បំផុតរបស់ខ្ញុំសម្រាប់កម្ពុជាគឺ ផ្តោតលើវិស័យឧស្សាហកម្ម ភស្តុភារកម្ម លំនៅដ្ឋាន សេវាកម្មពាណិជ្ជកម្ម ការរួមបញ្ចូលគ្នានេះមានមូលដ្ឋានគ្រឹះនៃតម្រូវការរឹងមាំជាងការរំពឹងទុក លើការឡើងថ្លៃដីធ្លីតែមួយមុខ៕

ទូតអារ៉ាប៊ីអាអូឌីត​សហវែងយល់​ពី​និតិ​វិធី​វិនិយោគ​នៅ​កម្ពុជា ​និង​បង្ហាញ​ឆន្ទៈ​ចូល​រួម​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត Thamer Mohammed A Algosaibi បានសាកសួរអំពីនីតិវិធីក្នុងការចាប់ផ្តើមវិនិយោគនៅកម្ពុជា និងបង្ហាញបំណងក្នុងការចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) និងព្រឹត្តការណ៍ពាក់ព័ន្ធនានា។

ភាគីទាំងពីរ ក៏បានបេ្តជ្ញាចិត្តក្នុងការបន្តអនុវត្តន៍ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា-អាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មក្រៅ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយប្រសិទ្ធិភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរ។

នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែលម្អបិរយាកាសធុរកិច្ចនៅកម្ពុជា និងសម្របសម្រួលការ តភ្ជាប់ទំនាក់ទំនងរបស់វិស័យឯកជន ដើម្បីស្វែងយល់ឱ្យបានទូលំទូលាយ នូវកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៃប្រទេសទាំងពីរ៕

ការ​ទិញដី​បែប​ Land Banking នៅ​កម្ពុជា​សមស្រប​ឬទេ ​ក្នុង​ស្ថាន​ភាព​នេះ​?​

ដោយៈ ចំណាន

   ភ្នំពេញៈ ស្ថានភាពបច្ចុប្បន្ន ពិតជាបង្កើតឱកាសសម្រាប់អ្នកទិញដែលមានភាពអត់ធ្មត់ ដោយសារការធ្លាក់ចុះ នៃតម្លៃអចលនទ្រព្យបានធ្វើឱ្យតម្រូវការ និងលទ្ធភាពទទួលបានឥណទានចុះខ្សោយ។

ធនាគារពិភពលោក (World Bank)រាយការណ៍ថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា នៅតែមានសភាពស្ងប់ស្ងាត់ ខណៈដែលអត្រាឥណទានមិនដំណើរការ (NPLs)បានកើនឡើងដល់ ៨,៩% ក្នុងឆ្នាំ ២០២៥។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា កំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញពីប្រហែល៣% ក្នុងឆ្នាំ២០២៦ ទៅ៤% ក្នុងឆ្នាំ ២០២៧ ប៉ុន្តែនៅតែចាត់ទុកវិស័យអចលនទ្រព្យ ជាចំណុចងាយរងគ្រោះដ៏សំខាន់មួយ។

យុទ្ធសាស្ត្ររបស់អ្នកជំនាញសម្រាប់ការទិញដីទុក បានកំណត់ផែនការរយៈពេល៥ ទៅ១០ឆ្នាំ ហើយទិញតែដីដែលមានកត្តាជំរុញតម្រូវការច្បាស់លាស់នៅពេលអនាគតប៉ុណ្ណោះ។

គោលដៅល្អបំផុតមាននៅតំបន់មួយចំនួន ដូចជា ១. តំបន់ដែលមានសក្តានុពលរីកចម្រើនជុំវិញរាជធានីភ្នំពេញ (Greater Phnom Penh) ជាពិសេសតំបន់ដែលទទួល បានផលប្រយោជន៍ពីផ្លូវថ្នល់ធំៗ ស្ពាន អាកាសយានដ្ឋាន និងការពង្រីកតំបន់ឧស្សាហកម្ម។

ទី២. តំបន់ឧស្សាហកម្ម និងភស្តុភារកម្មនៅខេត្តកណ្តាល ឬកំពង់ស្ពឺ ដែលជាដីអាចប្រើប្រាស់សម្រាប់រោងចក្រ ឃ្លាំង ឬលំនៅដ្ឋានរបស់កម្មករនៅពេលអនាគត។ ទី៣. តំបន់ជុំវិញគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ប៉ុន្តែត្រូវធ្វើឡើងតែចំពោះគម្រោង ដែលមានថវិកាគាំទ្រពិតប្រាកដ ឬកំពុងដំណើរការសាងសង់ប៉ុណ្ណោះ មិនមែនគ្រាន់តែជាគម្រោងដែលប្រកាសចេញនោះទេ។

ទី៤. ដីនៅជិតតំបន់ដែលមានកំណើនប្រជាជន និងការងារស្រាប់ ដែលមានសុវត្ថិភាពជាងការទិញ ដោយសារតែដីមានតម្លៃថោក។ ទី៥. ដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ និងមានផ្លូវចូល-ចេញងាយស្រួល ព្រោះលទ្ធភាពក្នុងការលក់ចេញបានលឿន (liquidity) គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលទីផ្សារធ្លាក់ចុះ៕

ក្រសួង​ពិភាក្សា​​ជាមួយ​ក្រុមហ៊ុន​ចំនួន៤​លើ​ការ​ដេញ​ថ្លៃ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ផ្លូវជាតិលេខ៧​

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងក្រុមហ៊ុនឯកជនចំនួន៤ បានកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន ដែលបានជ្រើសរើសឱ្យចូលរួមដេញថ្លៃ ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការអនុវត្ដគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៧ (ភាគខាងជើង)។

លោកជំទាវ ម៉ម រមនា រដ្ឋលេខាធិការ និងជានាយករងគម្រោង បានដឹកនាំកិច្ចប្រជុំ ពិភាក្សា ជាមួយក្រុមហ៊ុនដែលបានជ្រើសរើសឱ្យចូលរួមដេញថ្លៃចំនួន៤ក្រុមហ៊ុន ក្នុងការងារអនុវត្ដគម្រោងធ្វើឱ្យប្រសើ​រឡើងវិញផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្ដក្រចេះ ទៅត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ឯកឧត្ដមនា​យករងគម្រោង ឯកឧត្ដមប្រធានគម្រោង និងសមាជិកគម្រោង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងណែនាំ ដល់ក្រុមហ៊ុនទាំង ៤ ឱ្យចុះសិក្សាទីតាំងជាក់ស្ដែង ដើម្បីត្រៀមលក្ខណៈចូលរួមដេញថ្លៃជាពិសេសដើម្បីពន្លឿន ឱ្យគម្រោងខាងលើ អាចបើកការដ្ឋានបាននៅចុងឆ្នាំ ២០២៦ នេះ៕

ក្រុម​មន្រ្តី​ និង​វិស័យឯកជន​រួម​គ្នា​ព្រាង​ “អនុក្រឹត្យ​ស្តីពី​ការ​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុនតូច​ និង​មធ្យម​”

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តី និងវិស័យឯកជន បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យឯកជនលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម” និង “អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម (ស.ត.ម)”។

កិច្ចប្រជុំនេះប្រព្រត្តឹទៅក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិភាក្សា និងទទួលធាតុចូលពីវិស័យ​ឯកជនពាក់ព័ន្ធ ការរៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរខាងលើ តបតាមការចង្អុលបង្ហាញក្នុង “យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ដោយតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពបទប្បញ្ញាត្តិ ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

សេចក្តីព្រាងអនុក្រឹត្យស្តីពី ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងកំណត់អំពីគោលការណ៍ លក្ខខណ្ឌ និងយន្តការសម្រាប់ ការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដល់សហគ្រាសពាណិជ្ជកម្ម ដែលត្រូវបានចាត់ថ្នាក់ជាសហគ្រាសធុនតូច និងមធ្យម (ដែលសរសេរអក្សរកាត់ថា ស.ត.ម.)ដូចបានកំណត់ក្នុងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមចំណែកក្នុងការជំរុញផលិតកម្មក្នុងស្រុក និងការតភ្ជាប់ ស.ត.ម. ជាមួយនឹងសហគ្រាសមានប្រភពទុនវិនិយោគផ្ទាល់ពីបរទេស បង្កើតការងារ និងលើកកម្ពស់ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។

សេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងវដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ត្រូវបានកំណត់បែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្ដអាជីវកម្ម របស់សហគ្រាសធុនតូច និងមធ្យម ដែលគិតចាប់ ពីការចាប់ផ្ដើមអាជីវកម្ម ការធ្វើប្រតិបត្តិការអាជីវកម្ម រហូតដល់ការបិទអាជីវកម្ម ដែល សរសេរអក្សរកាត់ថា ស.ត.ម. ដើម្បីផ្ដល់ស្ថានភាពស្របច្បាប់ និងសម្រួលដល់ការធ្វើអាជីវកម្ម ឱ្យបានជាអតិបរមា សំដៅចូល រួមជំរុញការអភិវឌ្ឍ ស.ត.ម. ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ៕

 

តើ​ខុនដូ​នៅ​ទីក្រុងម៉ានីល​របស់​ប្រទេសហ្វីលីពីន​មាន​តម្លៃ​ដូច​ម្តេច?​

ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ខុនដូមួយយូនីយនៅក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីនជាទូទៅមានតម្លៃចន្លោះពី ៥ លាន ទៅ ១០ លានប៉េសូ ដោយខុនដូប្រភេទទី២ (resale) មានតម្លៃជាមធ្យមប្រហែល ៧ លានប៉េសូ។

ទឹកប្រាក់ចំនួន ៥ លានប៉េសូ ជាទូទៅអាចទិញបានបន្ទប់ខុនដូប្រភេទស្ទូឌីយោ (studio) ឬខុនដូមានបន្ទប់គេងមួយដែលមានទំហំតូច។

ទឹកប្រាក់១០ លានប៉េសូ អាចទិញបានខុនដូមានបន្ទប់គេងមួយដែលមានទំហំធំជាងមុន ខុនដូបន្ទប់គេងពីរមួយចំនួន ឬបន្ទប់ដែលមានទីតាំងល្អប្រសើរ។

ទឹកប្រាក់១០លានទៅ២០ លានប៉េសូអាចទិញបានខុនដូដែលមានទំហំធំជាង និងមានគុណភាពខ្ពស់ជាង នៅតំបន់កណ្តាលទីក្រុង។ ចំណែក ទឹកប្រាក់២០លានប៉េសូឡើងទៅអាចទិញបានខុនដូលំដាប់ខ្ពស់ និងប្រណីត។

តម្លៃខុនដូក្នុងមួយម៉ែត្រការ៉េក៏ជាកត្តាសំខាន់មួយដែរ។ បើខុនដូមានតម្លៃប្រហែល ១៦៧,០០០ ប៉េសូក្នុងមួយម៉ែត្រការ៉េ ថវិកា ៥ លានប៉េសូអាចទិញបានខុនដូទំហំប្រហែល ៣០ ម៉ែត្រការ៉េ។ ប៉ុន្តែប្រសិនបើខុនដូមានតម្លៃ២៥០,០០០ ប៉េសូក្នុងមួយម៉ែត្រការ៉េ ថវិកា ៥ លានប៉េសូដដែលនោះអាចទិញបានត្រឹមតែ ២០ ម៉ែត្រការ៉េប៉ុណ្ណោះ។

ការផ្គត់ផ្គង់ខុនដូលើសតម្រូវការនៅក្នុងទីក្រុងម៉ានីល កំពុងផ្តល់ឱ្យអ្នកទិញនូវអំណាចក្នុងការចរចាតម្លៃកាន់តែច្រើន ជាជាងធ្វើឱ្យតម្លៃខុនដូធ្លាក់ចុះយ៉ាងគំហុក។ ខុនដូប្រហែល ៨២,៩០០ យូនីតកំពុងដាក់លក់នៅក្នុងគម្រោងនានាទូទាំងតំបន់ Metro Manila៕

ព្រឹត្តិការណ៍​ទេសចរណ៍​នា​រដូវ​កាលបៃតង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

ដោយៈ ចំណាន

កំពតៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានអំពាវនាវ មកទស្សនាកម្ពុជានារដូវកាលបៃតង មកស្គាល់សម្រស់ថ្មី មកភ្លក្សរសជាតិម្ហូបប្រចាំតំបន់ និងមកទទួលភាពកក់ក្តៅពីប្រជាជនយើង។ ទេសភាពអាចធ្វើឱ្យអ្នកចង់មក ប៉ុន្តែភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗ នឹងធ្វើឱ្យអ្នកចង់ត្រឡប់មកវិញ”។

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរ ក្នុងរដូវកាលបៃតង”។

ព្រឹត្តិការណ៍ទេសចរណ៍ ក្នុង​រដូវកាលបៃតងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្ស​សម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទា​ន “ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី” “ ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី” ជាពិសេស ការជំរុញចលនាទេស​ចរណ៍ក្នុងស្រុក និងការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្ដល់នូវភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរ មកពីគ្រប់ទិសទីទូទាំងសកលលោក។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក តាក​ ហាប់​ ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីពាក់ព័ន្ធ និងវិស័យឯកជនក្នុងវិស័យនេះ។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរ​សើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំ របស់ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកំពត លោកប្រធានក្រុមប្រឹក្សាខេត្តកំពត, ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតគ្រប់ជំនាន់ ដែលបានបន្សល់ទុកនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដល់ថ្នាក់ដឹកនាំជំនាន់ក្រោ​យ ដើម្បីបន្តអភិវឌ្ឍខេត្តកំពត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ​​​។ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃរបស់ លោកបណ្ឌិតអភិបាលខេត្ត រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត គ្រប់ផ្នែក គ្រប់ថ្នាក់ បានចូលរួមពូនផ្តុំ និងបន្តបង្កើតសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទន​ ដែលធ្វើឱ្យខេត្តកំពត បានអភិវឌ្ឍមុខមាត់កាន់តែស្រស់ស្អាត កាន់តែប្លែកភ្នែក កាន់តែមានភាពទាក់ទាញ និងកាន់តែមានភាពល្បីល្បាញ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនថា ការបំប្លែងរដូវ​កា​ល​  “Green Season” មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវ សម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចី គ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានេះ លោកហួត ហាក់ ក៏បានគូសរំលេចបន្ថែមថា  “ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង” គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជានារដូវកាលបៃតង។ តាមរយៈព្រឹត្តិការ​ណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនិងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយ សម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំការស្វែងយល់ និងការរុករក។

“ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង” ដំបូងនៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះបានបន្តដំណើរ ទៅកាន់តំបន់បេតិកភណ្ឌ និងវប្បធម៌ដ៏ល្បីល្បាញ នៅខេត្តសៀមរាប បន្ទាប់មកបន្តទៅស្វែងយល់ពីសម្រស់ធម្មជាតិ និងសក្តានុពលអេកូទេសចរណ៍ដ៏សម្បូរបែប នៅភូមិភាគឦសាន និងបន្តមកកាន់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា នៅខេត្តកំពត ដើម្បីបង្ហាញពីភាពស្រស់ស្អាត អត្តសញ្ញាណ និងបទពិសោធទេសចរណ៍ដ៏សម្បូរបែបនៅតាមតំបន់នីមួយៗ ដែលរួមគ្នាបង្កើតជាបទពិសោធដំណើរកម្សាន្តដ៏មានតម្លៃ និងគួរឱ្យចងចាំសម្រាប់ភ្ញៀវទេសចរ៕

តើ​ទស្សន​វិស័យ​សម្រាប់​ទីផ្សារអចលនទ្រព្យ​មាន​សញ្ញាណ​ដូច​ម្តេច​នៅ​ឆ្នាំ​២០២៧​ខាង​មុខ?​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យអាស៊ានត្រូវបានគេរំពឹងថា នឹងឈានចូលដល់ឆ្នាំ ២០២៧ ជាមួយនឹងកំណើនមធ្យម ដែលគាំទ្រដោយការពង្រីកសេដ្ឋកិច្ច នគរូបនីយកម្ម ការកើនឡើងនៃប្រាក់ចំណូលគ្រួសារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

ទីផ្សារធំៗដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណា ម៉ាឡេស៊ី និងហ្វីលីពីន នឹងបន្តទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន ។ ប៉ុន្តែ ស្ថានភាពទីផ្សារទាំងនេះនឹងមានភាពខុសគ្នាអាស្រ័យលើកត្តាអត្រាការប្រាក់ ការប្រែប្រួលតម្លៃរូបិយប័ណ្ណ លទ្ធភាពក្នុងការទិញលំនៅឋាន និងគោលនយោបាយរបស់រដ្ឋាភិបាល។

ប្រទេសសិង្ហបុរីត្រូវបានរំពឹងថា នឹងរក្សាបាននូវតួនាទីរបស់ខ្លួនជាទីតាំងវិនិយោគដ៏មានសុវត្ថិភាពនៅក្នុងតំបន់ ខណៈវៀតណាម និងឥណ្ឌូណេស៊ីអាចនឹងទទួលបានអត្ថប្រយោជន៍ពីតម្រូវការក្នុងស្រុកដ៏រឹងមាំ ព្រមទាំងការរីកចម្រើននៃវិស័យផលិតកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។

វិស័យអចលនទ្រព្យឧស្សាហកម្ម ភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ នឹងក្លាយជាទីផ្សារដែលមានស្ថានភាពល្អប្រសើរបំផុតនៅឆ្នាំ ២០២៧។

ការបន្តរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល ការផលិតបន្ទះឈីប (semiconductor) និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ កំពុងជំរុញឱ្យក្រុមហ៊ុនពហុជាតិសាស្ត្របង្កើត ឬពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន។

វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មានលក្ខណៈអំណោយផលខ្លាំងក្នុងការទាក់ទាញការវិនិយោគលើតំបន់ឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។

ទន្ទឹមនឹងនេះ ទីផ្សារលំនៅឋាននឹងអាស្រ័យលើទីតាំង ដោយតម្រូវការនឹងផ្តោតសំខាន់ទៅលើទីក្រុងធំៗ និងគម្រោងអភិវឌ្ឍន៍ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធល្អ។

ទោះជាយ៉ាងណា ទស្សនវិស័យនេះនឹងមិនអាចជៀសផុតពីបញ្ហាប្រឈមនានានោះទេ។ តម្លៃអចលនទ្រព្យខ្ពស់ កង្វល់អំពីលទ្ធភាពទិញ ការផ្លាស់ប្តូរផ្នែកបទប្បញ្ញត្តិ ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ អាចនឹងជះផលប៉ះពាល់ដល់កំណើនទីផ្សារផងដែរ៕

មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សាការងា​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​នៃ​ការ​ទទួលទាន​គ្រឿងស្រវឹង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូតំណាង សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ (International Alliance for Responsible Drinking – IARD) ដឹកនាំដោយ លោក Julian Braithwaite ដែលជានាយកប្រតិបត្តិ និងជាប្រធាន IARD។

នៅក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូIARD និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម និងការប្តេជ្ញាចិត្តរបស់IARD ក្នុងការលើកកម្ពស់ការយល់ដឹង អំពីការបរិភោគគ្រឿងស្រវឹងដោយទទួលខុសត្រូវ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងសង្គម និងការជួយជំរុញស្តង់ដារប្រតិបត្តិការ ប្រកបដោយការទទួលខុសត្រូវ ក្នុងឧស្សាហកម្មគ្រឿងស្រវឹងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ ជាមួយវិស័យឯកជនត្រង់ទៅត្រង់មក ដោយតម្លាភាពនិងជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង, ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច រវាងរដ្ឋនិងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM។

យន្តការទាំងនេះ គឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកបដោយការទុកចិត្ត និងភាពស្និទ្ធស្នាលបំផុត។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគោលនយោបាយ សកម្មភាពចម្បងៗ និងកិច្ចសហប្រតិបត្តិការរបស់IARD ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ លោកប្រធាននាយកប្រតិបត្តិ ក៏បានលើកឡើងពីយុទ្ធសាស្ត្រការងាររបស់ខ្លួននាពេលអនាគត ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពការងាររបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក បានលើកទឹកចិត្តឱ្យIARD បន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួ​យក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀ​បចំកម្មវិធីអប់រំសាធារណៈ ការទប់ស្កាត់ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងការលើកកម្ពស់ការទទួលខុសត្រូវសង្គម របស់ក្រុមហ៊ុនឯកជន (CSR)៕

 

តើ​ប្រទេសណា​ខ្លះ​ក្នុង​ទ្វីប​អាហ្រ្វិក​ដែល​ទាក់​ទាញ​លំហូរ​FDI​ច្រើន​ជាង​គេ​ក្នុង​វិស័យ​អចលនទ្រព្យ?​

ដោយៈ ចំណាន

   អាហ្រ្វិកៈ សន្ទស្សន៍ភាពទាក់ទាញនៃការវិនិយោគ នៅតាមបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិករបស់ RMB សម្រាប់ឆ្នាំ ២០២៥/២៦ បានចាត់ថ្នាក់ដែលជាប់លំដាប់កំពូលទាំង៥ បានទៅលើប្រទេសអេហ្ស៊ីប អាហ្វ្រិកខាងត្បូង និងម៉ារ៉ុក ឱ្យស្ថិតក្នុងចំណោមគោលដៅកំពូលទាំងប្រាំរបស់ទ្វីបនេះ។

ទន្ទឹមនឹងនេះ ការវាយតម្លៃលើកំណើនវិស័យអចលនទ្រព្យសម្រា​ប់​ឆ្នាំ២០២៦ បានព្យាករថា ប្រទេសនីហ្សេរីយ៉ា នឹងមានកំណើនអច​ល​នទ្រព្យប្រចាំឆ្នាំក្នុងអត្រា៦,៩% រហូតដល់ឆ្នាំ ២០២៩ ដែលជាអត្រាខ្ពស់ជាងប្រទេសកេនយ៉ា(៥,១%) និងអាហ្វ្រិកខាងត្បូង (៣,០%)។

ទិន្នន័យនេះ វាក៏មានភាពខុសគ្នាខ្លាំងផងដែរ រវាងទីផ្សារដែល “សក្តិសមបំផុតសម្រាប់ការវិនិយោគ” និងទីផ្សារដែលមាន “កំណើនលឿនបំផុត”។

អាហ្វ្រិកខាងត្បូងគឺជាទីផ្សារ ដែលមានស្ថាប័នរឹងមាំបំផុត ដោយវាគ្របដណ្តប់ប្រហែល ៩២% នៃតម្លៃទីផ្សារ REIT (មូលនិធិវិនិយោគអចលនទ្រព្យ) នៅអាហ្វ្រិក។ ចំណែកឯនីហ្សេរីយ៉ាវិញ គឺជាទីផ្សារដែលមានកំណើនខ្ពស់ ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។

ទស្សនៈរបស់ខ្ញុំចំពោះការវិនិយោគនៅឆ្នាំ ២០២៦ ប្រទេសល្អបំផុតរួមមាន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប ម៉ារ៉ុក កេនយ៉ា និងប្រទេសនីហ្សេរីយ៉ា។

 ១.អាហ្វ្រិកខាងត្បូង🇿🇦

ជាទីផ្សារអចលនទ្រព្យ និងទីផ្សារស្ថាប័នវិនិយោគដែលមានភាពចាស់ទុំ និងស៊ីជម្រៅបំផុតនៅអាហ្វ្រិក; មានទីផ្សារREIT ដ៏ធំធេង និងមានហេដ្ឋារចនាសម្ព័ន្ធផ្នែកច្បាប់ និងហិរញ្ញវត្ថុដ៏រឹងមាំ។

២. អេហ្ស៊ីប 🇪🇬

មានប្រជាជនច្រើន ការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស គម្រោងធំៗនៅទីក្រុងគែរ (Cairo)និងរដ្ឋធានីថ្មី (New Capital) ព្រមទាំងមានតម្រូវការក្នុងស្រុកដ៏រឹងមាំ។

៣. ម៉ារ៉ុក 🇲🇦

វិស័យទេសចរណ៍ និងការផលិត/ភស្តុភារកម្មមានភាពរឹងមាំ មានទីតាំងជិតទ្វីបអឺរ៉ុប និងមានបរិយាកាសវិនិយោគ ដែលគួរឱ្យទាក់ទាញ។

៤. កេនយ៉ា🇰🇪

ទីក្រុងណៃរ៉ូប៊ី (Nairobi) គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅអាហ្វ្រិកខាងកើត មានតម្រូវការខ្ពស់លើផ្នែកលំនៅដ្ឋាន ភស្តុភារកម្ម និងអចលនទ្រព្យពាណិជ្ជកម្ម។

៥. នីហ្សេរីយ៉ា🇳🇬

មានសក្តានុពលកំណើនខ្ពស់បំផុត ជាពិសេសនៅទីក្រុង Lagos និងAbuja ដោយសារកត្តាប្រជាជន ការរីកចម្រើននៃទីក្រុង និងកង្វះខាតលំនៅដ្ឋាន ប៉ុន្តែមានហានិភ័យខ្ពស់ទាក់ទងនឹងរូបិយប័ណ្ណ និងការអនុវត្តគម្រោង៕