គម្រោងខុនដូនៅរាជធានីភ្នំពេញនៅតែបន្តដំណើរទៅមុខទៀតតាមពេលវេលាកំណត់

0

ដោយ ប៊ី
ភ្នំពេញ៖ ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិនិងពិភពលោកដែលបណ្តាលមកពីភាពអាសន្នផ្នែកសុខភាពក៏ដោយ គម្រោងខុនដូនៅរាជធានីភ្នំពេញនៅតែបន្តដំណើរទៅមុខទៀតតាមពេលវេលាកំណត់។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE។

របាយការណ៍របស់ CBRE Cambodia បានឱ្យដឹងថា វិស័យអចលនទ្រព្យនៅទីក្រុងបានបន្ថែមគម្រោងខុនដូចំនួន ៥ ដែលមានចំនួន ២៨៤៣ យូនីតទៅក្នុងទីផ្សារក្នុងត្រីមាសទី ១ នៃឆ្នាំនេះ។
របាយការណ៍នេះបានធ្វើឱ្យចំនួនខុនដូយូនីត សរុបនៅក្នុងរាជធានីភ្នំពេញកើនដល់ ២០.៨៥១ កើនឡើង ៣៦.៦ ភាគរយពី ១៥.២៦៤ កាលពីចុងខែមីនាឆ្នាំមុន។

របាយការណ៍នោះ បានឱ្យដឹងថា ៤៥,៦ ភាគរយនៃយូនីតថ្មីស្ថិតនៅខណ្ឌចំការមន បឹងកេងកង ដូនពេញ និង៧ មករា។
តម្លៃខុនដូយូនីតជាមធ្យមនៅតែមិនមានការផ្លាស់ប្តូរពីមួយត្រីមាសទៅមួយត្រីមាសដោយយូនីតប្រណីត មានតម្លៃប្រហែល ៣.១៦៧ ដុល្លារក្នុងមួយម៉ែត្រការ៉េធ្លាក់ចុះ ០.៥៣ ភាគរយ។
ខុនដូតម្លៃមធ្យមមានតម្លៃប្រហែល ២ ៥៥៩ ដុល្លារធ្លាក់ចុះ ១,៣៩ ភាគរយ និងយូនីតតម្លៃសមរម្យ ១,៥៤៩ ដុល្លារកើនឡើង ០,៣២ ភាគរយ។

ទន្ទឹមនឹងនេះដែរ ការជួលប្រចាំខែជាមធ្យមក្នុងមួយម៉ែត្រការ៉េសម្រាប់យូនិតដែលមានតម្លៃខ្ពស់គឺ ១៤,២១ ដុល្លារធ្លាក់ចុះ ០,៤ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស និង ១១,៧៩ ដុល្លារសម្រាប់យូនីតខ្នាតមធ្យមធ្លាក់ចុះ ០,៦ ភាគរយ។
របាយការណ៍បានឱ្យដឹងថា នៅក្នុងត្រីមាសនេះខុនដូចំនួន ៤.៥២១ យូនីតត្រូវបានដាក់លក់សម្រាប់គម្រោងចំនួន ៨ ។

គំរោងទាំងនោះគឺ The Garden Residency 2, Phnom Penh Galaxy Garden, Parc 21 Residence, The Hexa, AKJ Bright Pearl, Village Urban II-Tower G, Grand Central និង The Golden World International ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យខុនដូនៅកម្ពុជាត្រូវបានអ្នកអភិវឌ្ឍន៍ធ្វើឡើងជា៣កម្រិតរួមមានកម្រិតខ្ពស់សម្រាប់បំពេញតម្រូវការទៅផ្សារមកពីក្រៅស្រុក(ទីផ្សារជនបរទេស) ខុនដូកម្រិតមធ្យម និងកម្រិតសមរម្យសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកដែលជាជនជាតិខ្មែរ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់ទីផ្សារខុនដូកម្រិតខ្ពស់មួយចំនួនគឺទទួលរងនូវផលប៉ះពាល់ដោយ សារតែទីផ្សារគោលដៅភាគច្រើនជាជនជាតិបរទេសដែលកំពុងតែមានភាពប្រឈមខ្លាំងនឹងការវាយប្រហារដោយជំងឺឆ្លង Covid-19 ប៉ុន្តែសម្រាប់ទីផ្សារខុនដូតម្លៃមធ្យម និងតម្លៃសមរម្យ នៅតែមានបន្តមានទីផ្សារដែលជាតម្រូវការនៅក្នុងស្រុកជាជនជាតិខ្មែរ”។

លោកស្រីបានបញ្ជាក់ថា “យើងទទួលស្គាល់នៅក្នុងដំណាក់កាលនៃការវាយប្រហារដោយជំងឺឆ្លង Covid-19 ពិតជាបានធ្វើឱ្យប៉ះពាល់ដល់វិនិស័យអចលនទ្រព្យនៅក្នុងកម្ពុជាមួយចំណែក ប៉ុន្តែសម្រាប់ផ្នែកការវិនិយោគលើវិស័យខុនដូកម្រិតមធ្យម និងកម្រិតសមរម្យ គឺនៅតែមានឱកាសដដែល ខណៈដែលអ្នកអភិវឌ្ឍន៍បានបែងចែកទីផ្សារគោលដៅបានយ៉ាងច្បាស់ ជាពិសេសមានការយកចិត្តទកដាក់ទៅលើទីតាំងផងដែរ។ តំបន់ដែលស្ថិតនៅក្នុងគោលដៅវិនិយោគ និងអភិវឌ្ឍន៍គឺស្ថិតនៅជាយក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជានៅក្នុងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌមានជ័យជាដើម ដោយសារតែតម្លៃដីនៅមានកម្រិត និងងាយស្រួលក្នុងការចេញចូលក្រុង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here