[:km]ដោយនៅ វឌ្ឈនា
ភ្នំពេញ៖ គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់៣០លានដុល្លារ សម្រេចបាន៩៣ភាគរយហើយ និងគ្រោងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
គំរោងសាងសង់ស្ពាននេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះ បានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុនObayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Incជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ គម្រោងនេះសម្រេចបាន៩៣ភាគរយ លឿនជាងការគ្រោងទុក១៤ភាគរយ។
ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះ លឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន នៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកឈឹម ផល្លាប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ថា គំរោងជួសជុលស្ពាននេះលឿនជាងការគ្រោងទុក ទោះជាស្ពាននេះត្រូវបានជួសជុលនៅកន្លែងខ្លះ និងកន្លែងខ្លះទៀតបានវាយចោល និងសាងសង់ថ្មីក៏ដោយ។
លោកបន្តថា ក្រុមការងារវិស្វកម្មជប៉ុនបានធ្វើការងារនេះយ៉ាងម៉ត់ចត់ និងលឿនជាងការគ្រោងទុកដោយសារល្បឿននៃការសាងសង់ ប្រព្រឹត្តទៅដោយរលូន៕[:]