ឥណ្ឌាសម្លឹងឃើញចំណែកទីផ្សាររបស់សហរដ្ឋអាមេរិកក្នុងការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនឥណ្ឌាកំពុងងាកទៅបំពេញចន្លោះប្រហោងមួយចំនួន បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធលើការនាំចូលទំនិញពីប្រទេសចិន ដោយទីក្រុងវ៉ាស៊ីនតោនបានបង្កើនការបង្ក្រាបលើក្រុមហ៊ុនផលិតបន្ទះសូឡាដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។

លោក Sumant Sinha ប្រធានប្រតិបត្តិក្រុមហ៊ុន ReNew ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញដ៏ធំបំផុតរបស់ឥណ្ឌា បានថ្លែងប្រាប់កាសែត Financial Times ថា ថាមពលពន្លឺព្រះអាទិត្យពីប្រទេសឥណ្ឌានឹងស្រូបទាក់ទាញបានតម្រូវការ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការពឹងផ្អែកផ្នែកថាមពលលើប្រទេសចិន។

លោក Sinha បានបន្តថា “សហរដ្ឋអាមេរិកកំពុងធ្វើពិពិធកម្មលើការនាំចូលទំនិញមួយចំនួនពីចិន ហើយឥណ្ឌាពិតជាអាចទាញបានផលប្រយោជន៍ពីយុទ្ធសាស្ត្តចិនបូកមួយ ដរាបណាឱ្យតែពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាបៃតង”។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន ReNew របស់លោក កំពុង​ពិចារណា​លើការ​នាំ​ចេញ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ខ្លួនពី​រោងចក្រ​​នៅក្នុង​ប្រទេស​ឥណ្ឌាទៅ​កាន់អាមេរិក​ ដើម្បីបំពេញចន្លោះប្រហោងរបស់ក្រុមហ៊ុនចិន។

បច្ចុប្បន្ន ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាចំពោះការយកពន្ធបន្ថែមទៀតលើការនាំចូលថាមពលពន្លឺព្រះអាទិត្យដើម្បីការពារឧស្សាហកម្មក្នុងស្រុក ដោយសារលំហូរបន្ទះសូឡាពីប្រទេសចិនបានជំរុញឱ្យតម្លៃបន្ទះសូឡានៅលើពិភពលោកដាំក្បាលចុះ។

កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មអាមេរិកបានចេញផ្សាយរបាយការណ៍ប៉ាន់ប្រមាណបឋមលើផែនការយកពន្ធចំនួន២៩៣ភាគរយលើការនាំចូលបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យពីបណ្តាប្រទេសចំនួន៤ នៅតំបន់អាស៊ាន ដោយសារអ្នកផ្គត់ផ្គង់ភាគច្រើនរបស់ពួកគេជាក្រុមហ៊ុនចិន។

លោក Subrahmanyam Pulipaka ប្រធានប្រតិបត្តិរបស់សហព័ន្ធថាមពលពន្លឺព្រះអាទិត្យថ្នាក់ជាតិនៃប្រទេសឥណ្ឌាបានមានប្រសាសន៍ឱ្យដឹងថា “ពុំមានក្រុមហ៊ុនផលិតបន្ទះសូឡាណាមួយនៅក្នុងប្រទេសឥណ្ឌា ដែលមិនគិតគូរអំពីការនាំចេញរបស់ខ្លួនពួកគេនោះទេ”៕ប្រភព: Financial Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here