ដោយៈ រ៉ាណេត
ភ្នំពេញៈ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែកំណើននៃវិស័យអចលនទ្រព្យដូចជាសំណង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម បានជម្រុញឱ្យតម្លៃដីមានកំណើនខ្ពស់ ជាពិសេសនៅក្នុងខណ្ឌដូនពេញ ត្រូវបានក្រុមអ្នកជំនាញបញ្ជាក់ប្រាប់ថា មានកម្រិតខ្ពស់ជាងគេ បើប្រៀបធៀបជាមួយបណ្តាខណ្ឌមួយចំនួនដែលស្ថិតជាប់គ្នា។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ មេសាកន្លងមកថា តម្លៃអចលនទ្រព្យនៅក្នុងខណ្ឌដូនពេញ គឺមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនស្មើគ្នាគ្រប់តំបន់នោះទេ ដែលវាក៏អាស្រ័យទៅលើទីតាំងពាណិជ្ជកម្មពិសេស ទំហំ និងស្ថានភាពផ្លូវផងដែរថា។លោកថា ចំពោះតម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានតម្លៃខុសៗពីគ្នា ហើយក៏មិនសូវមានការទិញលក់យ៉ាងគគ្រឹកគគ្រេង ដូចដីនៅតំបន់ផ្សេងទៀតនោះដែរ រហូតត្រូវបានអ្នកជំនួញលើវិស័យមួយនេះចាត់ទុកថា ជាតំបន់ដីកម្រ។
ជាក់ស្ដែងដូចជាតាមបណ្តោយផ្លូវព្រះមុនីវង្ស ដោយរាប់គិតត្រឹមតែពីម្ដុំផ្សារថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី៥,០០០ ទៅ៦,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយប្រសិនបើនៅកាន់កៀគនឹងតំបន់ផ្សារធំថ្មី ឬជុំវិញផ្សារថ្មីកាន់តែមានតម្លៃថ្លៃជាងនេះ។
ដោយឡែកសម្រាប់ដីនៅក្នុងខណ្ឌដូនពេញរួមគ្នា ប៉ុន្តែស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមវិញ ត្រូវបានលោក ស៊ា ឆៃលីន នាយកក្រុមហ៊ុន ឆៃលីន ស៊ា រៀលធី ខូអីលធីឌី ប្រាប់ឱ្យដឹងថា ខ័ណ្ឌដូនពេញតម្លៃដីហាក់មានភាពខ្ពស់ជាង នៅតាមបណ្តាផ្លូវធំមួយចំនួនទៀត។ លោកបានបញ្ជាក់ថាដីដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចាប់ពីវិមានឯករាជ្យ ឆ្ពោះមកកាន់តំបន់វត្តភ្នំពេញ គឺមិនមានដីទំនេរនោះទេ ដែលសូម្បីដីសម្រាប់ធ្វើការអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្មត្រឹមទំហំ១ហិកតា ក៏ស្ទើរតែរកមិនបានផង។
តម្លៃដីនៅតាមបណ្តោយផ្លូវមួយនេះ មានកម្រិតខ្ពស់ជាក់ស្ដែងត្រឹមដីទំហំ២,០០០ ម៉ែត្រការ៉េចុះក្រោម អាចមានតម្លៃរហូតដល់៨០០០ដុល្លារ ឬអាចឈានដល់១០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីធ្លីខ្ពស់ឬទាប វាអាស្រ័យទៅលើទីតាំង ដែលអាចមានភាពអំណោយផលដល់ការធ្វើពាណិជ្ជកម្ម។
ចំណែកលោក សន សៀប នាយកក្រុមហ៊ុន Key Real Estate Co,.Ltd ក៏បានប្រាប់ឱ្យដឹងផងដែរថា ចំពោះដីដែលស្ថិតនៅតាម រុក្ខវិថិក្រមួនស ដែលជាតំបន់ប្រមូលផ្តុំដោយស្ថាប័នធនាគារឯកទេស ធនាគារពាណិជ្ជ ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុជាដើម។

លោកបន្តថា ចាប់គិតពីចំណុចស្តុបធនាគារកាណាឌីយ៉ា រហូតដល់ស្តុបមន្ទីរពេទ្យអង្គឌួង បច្ចុប្បន្ន ក៏មានតម្លៃខ្ពស់ផងដែរ ពោលគឺគិតជាមធ្យមមានចន្លោះចាប់ពី៦,០០០ ទៅ ៧,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕