ដូនពេញ​បាន​ក្លាយជា​ខណ្ឌ​ដែល​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ជាងគេ​ឬ​

0

ដោយៈ​ ​រ៉ា​ណេត​ ​

ភ្នំ​ពេញៈ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដោយសារតែ​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដូចជា​សំណង់​លំនៅ​ដ្ឋាន​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម​ ​បាន​ជ​ម្រុ​ញ​ឱ្យ​តម្លៃ​ដី​មាន​កំណើន​ខ្ពស់​ ​ជាពិសេស​នៅក្នុង​ខណ្ឌដូនពេញ​ ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​មានកម្រិត​ខ្ពស់​ជាងគេ​ ​បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ស្ថិត​ជាប់គ្នា​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៧​ ​មេសា​កន្លងមក​ថា​ ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌដូនពេញ​ ​គឺ​មានកម្រិត​ខ្ពស់​ ​ប៉ុន្តែ​មិនមែន​ស្មើគ្នា​គ្រប់តំបន់​នោះ​ទេ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅលើ​ទីតាំង​ពាណិជ្ជកម្ម​ពិសេស​ ​ទំហំ​ ​និង​ស្ថានភាព​ផ្លូវ​ផង​ដែរ​ថា​។​លោក​ថា​ ​ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូវ​ ​និង​មហាវិថី​សំ​ខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​មាន​តម្លៃ​ខុស​ៗ​ពីគ្នា​ ​ហើយក៏​មិនសូវ​មានការ​ទិញ​លក់​យ៉ាង​គគ្រឹកគគ្រេង​ ​ដូច​ដី​នៅ​តំបន់​ផ្សេងទៀត​នោះ​ដែរ​ ​រហូត​ត្រូវ​បាន​អ្នកជំនួញ​លើ​វិស័យ​មួយ​នេះ​ចាត់ទុកថា​ ​ជា​តំបន់​ដី​កម្រ​។​

ជាក់ស្ដែង​ដូចជា​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ​ដោយ​រាប់​គិត​ត្រឹមតែ​ពី​ម្ដុំ​ផ្សារថ្មី​មកដល់​តំបន់​ពេទ្យ​ចិន​ ​អាច​មានតម្លៃ​ចន្លោះ​ពី៥,០០០​ ​ទៅ៦,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ប្រសិនបើ​នៅ​កាន់​កៀ​គ​នឹង​តំបន់​ផ្សារ​ធំ​ថ្មី​ ​ឬ​ជុំវិញ​ផ្សារថ្មី​កាន់តែ​មានតម្លៃ​ថ្លៃជាង​នេះ​។​

ដោយឡែក​សម្រាប់​ដី​នៅក្នុង​ខណ្ឌដូនពេញ​រួមគ្នា​ ​ប៉ុន្តែ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​វិញ​ ​ត្រូវ​បាន​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​នាយក​ក្រុមហ៊ុន​ ​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ ​ខូ​អីល​ធី​ឌី​ ​ប្រាប់​ឱ្យ​ដឹង​ថា​ ​ខ័ណ្ឌ​ដូនពេញ​តម្លៃ​ដី​ហាក់​មាន​ភាព​ខ្ពស់​ជាង​ ​នៅ​តាម​បណ្តា​ផ្លូវ​ធំ​មួយចំនួន​ទៀត​។​ ​លោក​បាន​បញ្ជាក់​ថា​ដី​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ចាប់ពី​វិមានឯករាជ្យ​ ​ឆ្ពោះ​មកកាន់​តំបន់​វត្តភ្នំ​ពេញ​ ​គឺ​មិន​មាន​ដី​ទំនេរ​នោះ​ទេ​ ​ដែល​សូម្បី​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ជា​អគារ​ពាណិជ្ជកម្ម​ត្រឹម​ទំហំ១ហិ​ក​តា​ ​ក៏​ស្ទើរតែ​រក​មិនបាន​ផង​។​

​តម្លៃ​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​នេះ​ ​មានកម្រិត​ខ្ពស់​ជាក់ស្ដែង​ត្រឹម​ដី​ទំហំ២,០០០​ ​ម៉ែត្រការ៉េ​ចុះក្រោម​ ​អាច​មានតម្លៃ​រហូតដល់៨០០០ដុល្លារ​ ​ឬ​អាច​ឈាន​ដល់១០,០០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​តម្លៃ​ដីធ្លី​ខ្ពស់​ឬ​ទាប​ ​វា​អាស្រ័យ​ទៅលើ​ទីតាំង​ ​ដែល​អាច​មាន​ភាព​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​។

​ចំណែក​លោក​ ​សន​ ​សៀប​ ​នាយក​ក្រុមហ៊ុន​ ​Key​ ​Real​ ​Estate​ ​Co​,​.​Ltd​ ​ ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ចំពោះ​ដី​ដែល​ស្ថិតនៅ​តាម​ ​រុក្ខ​វិថិ​ក្រមួនស​ ​ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ​ធនាគារពាណិជ្ជ​ ​ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាដើម​។​

លោក​បន្ត​ថា​ ​ចាប់​គិត​ពី​ចំ​ណុច​ស្តុ​ប​ធនាគារ​កា​ណា​ឌី​យ៉ា​ ​រហូត​ដល់​ស្តុ​បម​ន្ទីរ​ពេទ្យ​អង្គឌួង​ ​បច្ចុប្បន្ន​ ​ក៏​មានតម្លៃ​ខ្ពស់​ផង​ដែរ​ ​ពោល​គឺ​គិតជា​មធ្យម​មាន​ចន្លោះ​ចាប់ពី៦,០០០​ ​ទៅ​ ​៧,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here