ដោយ នៅ ស៊ីវុត្ថា
អាស៊ី៖ ទំហំនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៩នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៥ភាគរយ បើទោះបីបន្តមានភាពតានតឹងពាណិជ្ជកម្មរវាងចិន-អាមេរិក រួមជាមួយនឹងបញ្ហានៅសហភាពអឺរ៉ុបជុំវិញនៃការចចារដកខ្លួនចេញរបស់ចក្រភពអង់គ្លេសយ៉ាងក្តី។
លោក Stuart Crow ប្រធានទីផ្សារនៃក្រុមហ៊ុន JLL Asia Pacific បានប្រាប់សារព័ត៌មានថៃកាលពីពេលថ្មីៗនេះថា
វិស័យអលចនទ្រព្យនៅក្នុងតំបន់អាស៊ី នៅតែបន្តមានភាពទាក់ទាញចំពោះអ្នកវិនិយោគដដែល ហើយនឹងទទួលផលប្រយោជន៍ច្រើន និងចំណូលខ្ពស់លើវិស័យមួយនេះ។
លោកបន្តថា តម្រូវការវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តកើនឡើងខ្លាំង ព្រោះវាមូលដ្ឋានគ្រឹះភូមិសាស្ត្រដែលមានការរីកចម្រើនខ្លាំង ហើយតំបន់នេះត្រូវបានគេរំពឹងថា នឹងមានចំនួនប្រជាពលរដ្ឋកើនដល់៤០០ លាននាក់នៅក្នុងឆ្នាំ២០២៧ ខណៈចំនួនមនុស្សចាប់ពីវ័យ៦៥ឆ្នាំឡើង នឹងកើន១៤៦ លាននាក់ក្នុងរយៈពេល១០ខាងមុខនេះ។
លោកបន្ថែមថា សម្រាប់ទីផ្សារពាណិជ្ជកម្មអិឡិកត្រូនិក (E-commerce) ក្នុងតំបន់នេះ ត្រូវបានគេព្យាករណ៍ថា ក៏នឹងកើនដល់១.៦ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន JLL Asia Pacific បានបង្ហាញកាលពីចុងសប្តាហ៍កន្លងមកនេះថា ការកើនឡើងការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីប៉ាស៊ីប៉ាហ្វិក ដោយសារកត្តាចំនួន៥ រួមមាន ទី១ ការកើឡើងនៃចំនួនប្រជជន ដែលធ្វើអោយតម្រូវការអលចនទ្រព្យ ក៏មានការកើនឡើងដូចគ្នា ទី២ ការកើនឡើងនៃចំនួនពាណិជ្ជកម្មដែលធ្វើតម្រូវការនៃអគារជួល និងការិយាល័យធ្វើការ ទី៣ ការកើនឡើងលើវិស័យដឹកជញ្ជូន (Logistic) និង ឃ្លាំងស្តុកទំនិញ។

ទី៤ ការកើននៃធនាគារដែលអាចផ្តល់ប្រាក់កម្ចីផ្សេងៗ យកទៅបង្កើតអាជីវកម្ម និងពាណិជ្ជកម្មមកពីបណ្តាប្រទេសផ្សេងៗទាំងទ្វីបអាស៊ីអាមេរិក និងអឺរ៉ុប និងទី៥ គោលនយោបាយនៃការបង្កើតឡើងនូវទីក្រុងឆ្លាតវៃ (Smart City) ជាច្រើនរបស់ប្រទេសនៅក្នុងប្រទេសទាំងនោះ៕






