ដោយ នៅ ស៊ីវុត្ថា
អាស៊ី៖ ទំហំនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៩នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៥ភាគរយ បើទោះបីបន្តមានភាពតានតឹងពាណិជ្ជកម្មរវាងចិន-អាមេរិក រួមជាមួយនឹងបញ្ហានៅសហភាពអឺរ៉ុបជុំវិញនៃការចចារដកខ្លួនចេញរបស់ចក្រភពអង់គ្លេសយ៉ាងក្តី។
លោក Stuart Crow ប្រធានទីផ្សារនៃក្រុមហ៊ុន JLL Asia Pacific បានប្រាប់សារព័ត៌មានថៃកាលពីពេលថ្មីៗនេះថា
វិស័យអលចនទ្រព្យនៅក្នុងតំបន់អាស៊ី នៅតែបន្តមានភាពទាក់ទាញចំពោះអ្នកវិនិយោគដដែល ហើយនឹងទទួលផលប្រយោជន៍ច្រើន និងចំណូលខ្ពស់លើវិស័យមួយនេះ។
លោកបន្តថា តម្រូវការវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តកើនឡើងខ្លាំង ព្រោះវាមូលដ្ឋានគ្រឹះភូមិសាស្ត្រដែលមានការរីកចម្រើនខ្លាំង ហើយតំបន់នេះត្រូវបានគេរំពឹងថា នឹងមានចំនួនប្រជាពលរដ្ឋកើនដល់៤០០ លាននាក់នៅក្នុងឆ្នាំ២០២៧ ខណៈចំនួនមនុស្សចាប់ពីវ័យ៦៥ឆ្នាំឡើង នឹងកើន១៤៦ លាននាក់ក្នុងរយៈពេល១០ខាងមុខនេះ។







