ដោយ វុត្ថា
ភ្នំពេញ៖ តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញបាននឹងកំពុងមានសក្តានុពលសេដ្ឋកិច្ចលើវិស័យអចលនទ្រព្យខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគច្រើនលើវិស័យបុរី លំនៅដ្ឋាន រោងចក្រ និងឃ្លាំងដាក់ទំនិញ បានធ្វើឱ្យតម្លៃដីនៅតំបន់នេះកើនឡើងលើសទ្វេរដង។

លោកស្រី Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានឱ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩នេះថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញកំពុងតែពុះកញ្ជ្រោលខ្លាំងនាពេលបច្ចុប្បន្ននេះដោយសារតែដោយសារមានការសាងសង់ផ្លូវល្បឿន និងគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែអភិវឌ្ឍន៍នៅតំបន់ទីនោះ។
លោកស្រីបន្តថា សម្រាប់តម្លៃដីវិញគឺមានការកើនឡើងពីរទៅ បី ដង ហើយតម្លៃដីនេះនឹងនៅតែបន្តកើនឡើងបន្ថែមទៀត នៅពេលដែលមានការសាងសង់ផ្លូវល្បឿនលឿនរួចរាល់ និងគម្រោងត្រូវបានបញ្ចប់។ លោកស្រីបន្ថែមទៀតថា បើដីនៅតាមបណ្តោយផ្លូវជាតិលេខ ៤ វិញសម្រាប់គីឡូទី១ គឺកើនឡើងដល់ ៤០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ នាពេលបច្ចុប្បន្ននេះ ។ តែយ៉ាងណាក៏ដោយលោកស្រីថា តម្លៃដីអាចប្រែប្រួល អាស្រ័យទំហំដីតាមតូចធំ និងតាមតំបន់នីមួយ។
លោកស្រីថា ដីនៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ គឺអាចអភិវឌ្ឍន៍បានជាបុរី លំនៅដ្ឋាន រោងចក្រ និងឃ្លាំងសម្រាប់ផ្ទុកទំនិញ ស្រប់តាមការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់រដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា (CVEA) បានថ្លែងឲ្យដឹងស្រដៀងគ្នាដែរថា តំបន់ភាគខាងលិចនៃរាជធានីភ្នំពេញគឺមានការរីកចម្រើន និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍បុរី លំនៅឋាន និងឃ្លាំងសម្រាប់ដាក់ទំនិញ ។
លោកបន្តថា តំបន់ភាគខាងលិចរាជធានីភ្នំពេញកំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍បណ្តើរៗ ដោយសារតែបន់កំពុងមានការទាក់ទាញវិនិយោគច្រើន ហើយនិងមិនមានបញ្ហាចោទខ្លាំងនោះទេ ។
ជាមួយគ្នានេះដែរ នៅក្នុងរយៈពេល ២-៣ឆ្នាំកន្លងមកនេះ តំបន់ភាគខាងលិចរាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងមានសកម្មភាពផុសផុលទៅលើការទិញ-លក់ដីធ្លី ជាពិសេស សកម្មភាពពុះដីឡូត៍លក់ជូនប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម សម្រាប់ទុកសង់ផ្ទះនៅពេលអនាគតផងដែរ ៕






