ដោយៈ ម៉ាលីនណា
កោះកុងៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកកឹម សុខុនបានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង”។
លោកអនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានអញ្ជើញជាគណៈអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម និងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” ដែលមានការចូលរួមពី លោកឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង លោក លោកស្រីប្រធានមន្ទីរខេត្តពាក់ព័ន្ធ តំណាងសាខា ក.ប.ប ខេត្តកោះកុង អ្នកជំនាញការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមន្រ្តីពាក់ព័ន្ឋ។
-->

ជាលទ្ធផល អង្គសិក្ខាសាលាបាន ប្រមូលធាតុចូលមួយចំនួនដូចជា ទី១. ពិនិត្យ និងផ្តល់ធាតុចូល លើសេចក្តីព្រាងសៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” រួមមាន៖ ការកំណត់ពូជ ប្រភេទក្តាមថ្ម វិធីសាស្រ្ត និងរដូវប្រមូលផល តំបន់នេសាទ និងចិញ្ចឹមក្តាមថ្មកោះកុង ព្រមទាំងលក្ខណៈពិសេសរបស់ក្តាមថ្មកោះកុង។
ទី២. បានពិនិត្យ និងផ្តល់ធាតុចូលលើលក្ខន្តិកៈសមាគម អំពីតួនាទី និងភារកិច្ចរបស់សមាគម និងការពិនិត្យលទ្ធភាពក្នុងការរួមបញ្ចូលគ្នារវាងសហគមន៍ក្នុងស្រុកចំនួន៥ និងការរៀបចំបង្កើតទីស្នាក់ការដាច់ដោយឡែកមួយ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យគុណភាព និងអនុលោមភាពនៃសៀវភៅបន្ទុក និងលក្ខន្តិកៈរបស់ខ្លួន និងទី៣. កំណត់កិច្ចប្រជុំបន្ត ដើម្បីពិនិត្យ និងសម្រេចលើសៀវភៅបន្ទុក និងលក្ខន្តិកៈសមាគម និងការបោះឆ្នោតជ្រើសរើសប្រធានសមាគម ដែលគ្រោងនឹងប្រព្រឹត្តទៅនាសប្តាហ៍ទី៣ នៃខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕
