សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតជិត ១ពាន់គ្រួសារ នៅខេត្តក្រចេះ

0

(ក្រចេះ)៖ ដោយក្តីអាណិតអាសូរ ចំពោះប្រជាជនងាយរងគ្រោះបំផុត និងតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩១០គ្រួសារ រស់នៅស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន២ ទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអូរគ្រៀងសែនជ័យ និងទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ។

ក្នុងឱកាសនោះលោកអគ្គលេខាធិការរងទី២ បានពាំនាំនូវព្រះរាជសវនីយ៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅ ជាពិសេសការខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា និងបងប្អូនប្រជាជនងាយរងគ្រោះបំផុតដែលជាចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រេីន ជនមានពិការភាព កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។

លោកអគ្គលេខាធិការរងទី២ បានជម្រាបជូនពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដូចជាការចូលរួមលេីកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ តាមរយៈការផ្តល់ថវិកា ៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក និងការផ្តល់ថវិកា ១លានដុល្លារជារៀងរាល់ឆ្នាំ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជាដើម។

ទន្ទឹមនឹងនេះលោកអគ្គលេខាធិការរងទី២ បាននាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននិងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម។

ជាមួយគ្នានេះ សូមប្រជាជនទាំងអស់ត្រូវគេងក្នុងមុងជាប់ជានិច្ច និងលុបបំបាត់ជម្រកមូសខ្លាដើម្បីការពារពីជំងឺគ្រុនឈាម គ្រុមចាញ់។ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថាផ្សែងរបស់វា អាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាពយើង។

ដោយឡែក ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគោរមងារទាំង២ ទទួលបានពីអង្គការសហប្រជាជាតិ, បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិចណាស់ឱ្យបាន៤ដងមុនពេលសម្រាល ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូនជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូនពិសេសជំងឺអេដស៍។ ចំពោះស្ត្រីដែលទើបសម្រាលកូនរួចសូមទៅពិនិត្យសុខភាព ពិសេសនាំកូនទៅទទួលថ្នាំបង្កាឱ្យបានគ្រប់ចំនួនដើម្បីឱ្យកូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះក៏សូមចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ដែលបច្ចុប្បន្ននេះកេីត មានឡេីងចំពោះយុវវ័យ និងក្រុមប្រឈមខ្ពស់។

ទន្ទឹមនឹងនោះលោក យូ ឡាណា ក៏បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបដែលមានកូនតូចត្រូវប្រុងប្រយ័ត្នកុំឱ្យកូនផឹកគ្រឿងកំប៉ុងដែលមានជាតិផ្អែមច្រើន ពីព្រោះថាភេសជ្ជៈទាំងនេះមិនល្អសម្រាប់សុខភាពកុមារនោះទេ។ ម្យ៉ាងវិញទៀត សូមចូលរួមទប់ស្កាត់កូនចៅ ជៀសវាងការប្រេីប្រាស់បារីអេឡិចត្រូនិច ដែលបង្កផលប៉ះពាល់ដល់សុខភាពផងដែរ។

ជាមួយគ្នាបេះផងដែរ លោក វ៉ា ថន ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡេីយ បេីទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

សូមជម្រាបថាប្រជាជនងាយរងគ្រោះបំផុត ជិត១ពាន់គ្រួសារ នៅខេត្តក្រចេះនេះ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here