ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
លោកសួង ហេង រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហប្រធានគណៈកម្មាធិការ សម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការលើកទី៧ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មការ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
-->
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដានលទ្ធផលសម្រេចបាន និងមិនទាន់សម្រេចបាន នូវការងារដែលកិច្ចប្រជុំលើកទី៦ បានសម្រេចដាក់ចេញឱ្យភាគីពាក់ព័ន្ធអនុវត្ត និងពិភាក្សាលើសំណើថ្មីៗ ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដូចជា ការងារគ្រប់គ្រង ថែរទាំផ្លូវ ការងារសុវត្ថិភាពចរាចរណ៍ ការកកស្ទះពេលរដូវបុណ្យជាតិធំៗ និងការជំរុញឱ្យមានការកើនអ្នកប្រើប្រាស់ផ្លូវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដែលធ្វើយ៉ាងណាឱ្យការងារបំរើសេវាជូនអ្នកប្រើប្រាស់ផ្លូវបានល្អប្រសើរ។

អង្គប្រជុំបានកត់សម្គាល់ថា ក្រោមកិច្ចប្រឹងប្រែងពីអង្គភាព ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ បច្ចុប្បន្នអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនមានការកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកប្រើប្រាស់ផ្លូវមានការយល់ដឹងកាន់តែខ្ពស់ ស្របពេលដែលក្រុមហ៊ុនបានរៀបចំ វីដេអូអប់រំខ្លីៗ ផ្សព្វផ្សាយជាញឹកញាប់។
ទោះជាយ៉ាងណាការកកស្ទះចរាចរណ៍ នៅច្រកកំពង់សីលា នៅតែមានការកកស្ទះពេលរដូវបុណ្យជាតិ ដែលអង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាជាក់លាក់ ដោះស្រាយដាក់ចេញវិធានការឱ្យបានឆាប់។
លើសពីនេះករណីគ្រោះថ្នាក់ចរាចរណ៍ ក៏នៅតែជាបញ្ហាចម្បង ដោយសារកត្តាបើកបរហួសល្បឿនកំណត់ ទាមទារឱ្យក្រុមហ៊ុនធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ។ អង្គប្រជុំក៏បានកត់សម្គាល់ដែរថា អំពើចោរកម្មលួចកាត់ខ្សែភ្លើង ខ្សែកាប្លិ៍ ប៊ូឡុង បង្គោលសុវត្ថិភាពនៅតែមាននៅតាមបណ្តោលផ្លូវល្បឿនលឿន ស្នើឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន សហការជិតស្និទ្ធិជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់៕
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ
លោកសួង ហេង រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច