ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌ សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត។
ជនងាយរងគ្រោះទាំងនោះរួមមាន ដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។
-->
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ក្រុមការងារចុះប្រគល់អំណោយខាងលើ ជូនប្រជាជនងាយរងគ្រោះបំផុតទាំង៨១១គ្រួសារ នៅទីតាំងចំនួន៣ផ្សេងគ្នាក្នុងនោះ៖ លោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញចុះចែកចំនួន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅបរិវេណទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ចំនួន៤៨៤គ្រួសារ មកពី ក្រុងស្ទឹងសែន២០គ្រួសារ។ ស្រុកសណ្តាន់ ១០០គ្រួសារ, ស្រុកប្រាសាទបល្ល័ង្ក ១០២គ្រួសារ ស្រុកកំពង់ស្វាយ ១០៩ និងស្រុកប្រាសាទសំបូរ៨៣គ្រួសារ។

ទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាស្រុកស្ទោង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត៨០គ្រួសារ។ ដោយឡែកទីតាំងទី៣ ស្ថិតក្នុងបរិវេណវត្តព្រៃតាត្រាវ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ក្រោមវត្តមាន លោកវេជ្ជ. អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកអំណោយជូនប្រជាជន ងាយរងគ្រោះបំផុតចំនួន២៤៧គ្រួសារ មកពីស្រុកសន្ទុក៩០គ្រួសារ ស្រុកបារាយណ៍៨៥គ្រួសារ និងស្រុកតាំងគោក ៧២គ្រួសារ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរ សាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ដែលអញ្ជើញមកទទួលអំណោយនាឱកាសនេះ។
លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ លោកនួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាជន ដែលងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ធំ។
លោកជំទាវបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន បានយកចិត្តទុកដាក់ជាទីបំផុត ចំពោះប្រជាជនងាយរងគ្រោះមានការខ្វះខាតជីវភាព ក្នុងការរស់នៅដែលត្រូវការឱ្យជួយ។
ជាមួយនេះសំណូមពរឱ្យបងប្អូនទាំងអស់ ដែលអញ្ជើញមកថ្ងៃនេះត្រូវជួយផ្សព្វផ្សាយ បន្តឱ្យអ្នកដ៏ទៃបានដឹងបានយល់ថា កាកបាទក្រហមកម្ពុជា ជួយតែអ្នកដែលមានតម្រូវការពិតប្រាកដ ដោយអំណោយទាំងនេះ ដែលកាកបាទក្រហមកម្ពុជា យកមកផ្តល់ជូនគឺបានមកពីការបរិច្ចាគរបស់សប្បុរសជននានា ពីព្រោះថាសម្បុរសជនចង់ឱ្យកាកបាទក្រហមកម្ពុជា ជួយដល់អ្នកដែលមានការខ្វះខាតពិតមែន។
ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកមិនដែលខានក្នុងការផ្តល់ជូន មុង ភួយ សារុង ក្រមា នោះទេ មិនមែនមានន័យថាបងប្អូន គ្មានសម្ភារៈទាំងនេះប្រើប្រាស់នោះទេ ប៉ុន្តែលោកចង់ដាស់តឿនក្រើនរំលឹក ដល់បងប្អូនឱ្យគិតគូរពីសុខភាព ពីព្រោះថាកាកបាទក្រហមកម្ពុជា អាចផ្តល់ជូនអំណោយសម្រាលការលំបាកមួយរយៈពេលខ្លីបាន ប៉ុន្តែមិនអាចជួយសុខភាពរបស់បងប្អូនបានទេ មានតែបងប្អូនទេដែលអាចជួយខ្លួនឯងបាន។
ទន្ទឹមនឹងនេះសូមគិតគូរចំពោះសុខភាព ស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ប្រុងប្រយ័ត្នចំពោះជំងឺពេញនិយម ដែលអាចការពារបានគឺជំងឺមិនឆ្លងដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី ការទទួលទានភេសជ្ជៈកំប៉ុង ជាពិសេសគ្រឿងស្រវឹង និងបារី កុំដុតសំរាមប្លាស្ទិក ដែលបណ្តាលឱ្យខូចសុខភាព និងបំពុលបរិស្ថានថែមទៀត។
ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមសារអប់រំសុខភាព របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងឆ្លៀតពេលធ្វើការងារកុំនៅទំនេរព្រោះអាចជួយដល់សុខភាពយើងបានមួយផ្នែកផងដែរ។
អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)៕


