ដោយៈ សូរិយា
កំពតៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកប៉ាល់ ចន្ទតារា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ និងធ្វើការប្រគល់-ទទួលបញ្ចប់សុពលភាព ក្រោយពីបានដាក់ដំណើរការ១ឆ្នាំ។
ពិធីនេះមានការចូលរួមពីក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអានផងដែរ។
-->
បេសកកម្មនាឱកាសនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ចាប់ពីទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ក្នុងនោះរួមមាន៖ ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ ទីតាំងដាក់លូរំដោះទឹក ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងទីតាំងមួយចំនួនទៀត ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕
