ដោយ វុត្ថា
ភ្នំពេញ៖ អាជ្ញាធរក្រុងភ្នំពេញ បានចាប់ផ្តើមរៀបចំក្រាលការឺឡាថ្មី ការឺឡាសម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុមដើមឈើ ដើម្បីកែលម្អសោភណភាព និងរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីកន្លងមកនេះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងក្រាលការឺឡាថ្មី ការឺឡាសម្រាប់ជនពិការនៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុដើមឈើ នៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
-->
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះមានគោលដៅធ្វើឡើង ដើម្បីកែលម្អសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈ និងដើម្បីឲ្យស្របតាមបទដ្ឋានបច្ចេកទេស បន្ទាប់ពីអាជ្ញាធរមើលឃើញថា ចិញ្ចើមផ្លូវនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនេះ មានសភាពចាស់ទ្រុឌទ្រោម ដោយសារប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ និងធ្វើចរាចរណ៍លើការឺឡាជាដើម។
ដើម្បីឲ្យការអនុវត្តដំណើរការដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យម្ចាស់អាជីវកម្ម និងស្ថាប័នរដ្ឋ-ឯកជនទាំងអស់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវដែលត្រូវជួលជុលនេះ រុះរើសំណង់របស់ខ្លួនដែលបានសាងសង់នៅលើចិញ្ចើមផ្លូវ និងស្នើឲ្យយោគយល់ចំពោះដំណើរចេញ-ចូលស្ថាប័ន ឬគេហដ្ឋានរបស់ខ្លួន៕



