រដ្ឋមន្រ្តីក្រសួងដែនដីដាក់ចេញផែនការសកម្មភាពចំនួន១៤ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយនិរន្តរភាព

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់បានដាក់ចេញផែនការសកម្មភាពសំខាន់ៗចំនួន១៤ ដើម្បីធានាដល់ការរៀបចំដែនដី សំណ​ង់ ក្នុងន័យជម្រុញការអភិ​វឌ្ឍដោយចីរភាព។

លោកបានបង្ហាញពីផែនការនេះ ក្នុងពិធីបិទសន្និបាតការងារប្រចាំឆមាសទី១ នៅទីស្តីការក្រសូងកាលពីថ្ងៃទី២ ធ្នូកន្លងមកនេះ។

ក្រៅពីសមិទ្ធផល ដែលសម្រេចបាន​នាពេលកន្លងមក ការងារបន្ទាប់ដែល​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវងាកមកគិតគូរគឺការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន និងការងារអាទិភាពផ្សេងទៀត ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ចនិងខឿនការពារជាតិរឹងមាំ ខ្លួនទីពឹងខ្លួន និងឯករាជ្យម្ចាស់ការ ខណៈស្ថានភាពពិភពលោកប្រែប្រួលឥតឈប់ឈរ។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ណែនាំពីទិសដៅការងារបន្ត ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់ រួមមាន ទី១ ធានាដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ទី២ គិតគូរ និងផ្តល់ឱកាសដល់មន្ត្រី បង្កលក្ខណៈងាយស្រួល ឱ្យគាត់អាចបំពេញការងារបាន លើកតម្កើងអ្នកដែលខំប្រឹងប្រែងធ្វើការ។

ទី៣ ការងារសុរិយោដី៖ ជំរុញច្បាប់គ្រប់គ្រង​ការវាស់វែង​ និងការផលិត​ផែនទី ព្រោះក្រសួងនឹងក្លាយជាអង្គភាព ដែលត្រូវរៀបចំផែនទីផ្លូវការ សម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទី៤ តំបន់បឹងទន្លេសាប ៖ ជំរុញការធ្វើវារីវប្បកម្ម និងគិតគូរអ្វីដែលត្រូវធ្វើទៅមុខទៀត ក្រៅពីស្រូវនិងដំណាំដទៃទៀត។

ទី៥ តំបន់បេតិកភណ្ឌពិភពលោកអង្គរ៖ ជាប្រភពចំណូលកម្ពុជា ដូច្នេះត្រូវរក្សាមរតកដូនតាផង និងធានាថាប្រជាជននៅអង្គរទទួលបានប្រយោជន៍ពីអង្គរ និងហៅខ្លួនឯងថាអ្នកស្រុកអង្គរ ហើយចូលរួមថែរក្សាការពារអង្គរ។

ទី៦ ការងាររៀបចំដែនដី៖ ជំរុញការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការនៃការប្រើប្រាស់ដី នៅទូទាំងប្រទេស ដែលជាមុខងារចម្បងក្នុងការរៀបចំដែន​ដី ហើយផ្អែកលើមូលដ្ឋាននេះ អភិបាលរាជធានី-ខេត្ត នឹងអាចឯករាជ្យម្ចាស់ការដឹកនាំរៀបចំ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចនៅរាជធានី-ខេត្តរបស់ខ្លួន ដោយក្រសួងនឹងគាំទ្រផ្នែកបច្ចេកទេសបន្ថែម។

ទី៧ ការរៀបចំក្រុង និងទីប្រជុំជន៖ ផ្តោតលើការរៀបចំភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទីក្រុងជាទីក្រុងស្រួលរស់នៅ។ ទី៨ ការងារលំនៅឋាន៖ មិនមែនផ្តោតតែលើផ្ទះ និងស្ថាបត្យកម្មប៉ុណ្ណោះទេ តែជាកន្លែងបណ្តុះនូវទំនាក់ទំនង ឥរិយាបថល្អប្រពៃ​ ប្រពៃណី ទំនៀមទម្លាប់ល្អ​ សិល្បៈ និងវិទ្យាសាស្ត្រ ក្នុងសង្គមជាតិ។

ទី៩ គោលនយោបាយសម្បទាន ដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ប្រែក្លាយពីគម្រោង​សម្បទានដីសង្គមកិច្ច ទៅជាគោលនយោបាយសម្ប​ទាន​ដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ដោយជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្និងផ្តល់សេវា​ចាំបាច់ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន។

ទី១០ ការងារសំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព និងសោភណភាព ដែលសំណង់មិនមែន គ្រាន់តែផ្តោតលើសំណង់អគារ តែជាវិស័យ ដើម្បីធានានូវការផ្តល់ការងារធ្វើ ចំណូល និងកំណើន​និងដំណើរការសេដ្ឋកិច្ចរួមរបស់កម្ពុជា។

ទី១១ បន្តការអប់រំ​ផ្សព្វផ្សាយអំពីសកម្មភាព និងការងារក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដេីម្បីជំរុញការចូលរួម។

ទី១២ ការងារមូលដ្ឋាន៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) គួរផ្តោតលើសហគមន៍ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា។ ទី១៣ ការងារជាមួយវិស័យឯកជន៖ ត្រូវងាក​មកគិតគូរបន្ថែម លើឧស្សាហកម្មប្រាក់កម្ចី ក្នុងអត្រាការប្រាក់ប្រកួតប្រជែង ដើម្បីប្រែសង្គមនិងសេដ្ឋកិច្ច។ និងទី១៤ ឧស្សាហកម្មតុបតែងលម្អ៖ ជាការងារត្រូវធ្វើនិងថែរក្សានូវដង្ហើមសេដ្ឋកិច្ច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here