គំរោងអាគារជាប់គាំងចំនួន១៣៤បានបញ្ចប់ការជួសជុល និងសាងសង់ឡើងវិញនៅខេត្តព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ គម្រោង​អាគារជាប់គាំងចំនួន១៣៤ ក្នុង​ចំណោម​គម្រោង​សរុប៤១២ ដែល​រាជរដ្ឋាភិបាលផ្តល់​អាទិភាព​ ឱ្យ​​​ស្ថិត​ក្រោម​​ “កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុងខេត្តព្រះសីហនុ” ​បញ្ចប់​ការសាងសង់ ឬ​ជួសជុល​រួចរាល់ហើយ។

ទោះជាយ៉ាងណាគំរោង​ចំនួន១១៦ នៅ​មិន​ទាន់​មាន​សកម្ម​ភាព​សាងសង់ ឬ​ជួសជុល​អ្វី​ទំង​អស់​។ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ (The Preah Sihanouk Province Investment Promotion Working Group) កាល​ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ ដែល​ដឹក​នាំ​ដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ពិធី​នេះក៏មាន​ការ​ចូលរួម​​​ពីលោក ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ រួមទាំង​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

​លោក សាហ៊ីប បាន​លើក​ឡើង​ថា រយៈពេល២​ឆ្នាំ គឺឆ្នាំ២០២៤​-២០២៥ ក្រុមការងារ​បានសម្រេចជាគោលការណ៍ ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង​ការសម្របសម្រួលដោះស្រាយវិវាទ​ចំនួន៤១២ គម្រោង ក្រោម​ទុនវិនិយោគប្រមាណ ៧,៩៧ ពាន់​លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២ ពាន់​កន្លែង។

លោក​បន្ត​ថា សម្រាប់​ក្នុងឆ្នាំ​២០២៥ ​​ក្រុមការងារ​បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ពិសេស​ចំនួន១៩៩​គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្ម ដែលបានកំណត់ត្រឹម ១៥០​ គម្រោង ដែល​ក្នុងនោះ​គម្រោងពាក់ព័ន្ធ នឹងអគារ​កំពុងជាប់គាំង​ចំនួន៩២គម្រោង គម្រោងគម្រោងថ្មី​ចំនួន៩០គម្រោង ការពង្រីកគម្រោង​ចំនួន៩គម្រោង និង​គម្រោង​វិនិយោគ/ធុរកិច្ចដែលមានស្រាប់​ចំនួន៨​គម្រោង ដោយគ្របដណ្តប់លើ​វិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ និង​អប់រំ ជាដើម​។

លោក​បាន​ថ្លែង​ថា “​សម្រាប់រយៈពេល ២​ឆ្នាំ​(២០២៤-២០២៥) ក្នុងចំណោម៤១២គម្រោង ​ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គឺ​គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មាន​ចំនួន១៣៤គម្រោង ស្មើនឹង៣៣​%។ សម្រាប់​គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន១៦២ គម្រោង ស្មើនឹង៣៩% និងគម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ជួសជុល និង/ឬកែលម្អ មាន១១៦គម្រោង ស្មើនឹង ២៨%។

លោក​បន្ថែម​ថា ផ្អែកលើកិច្ចខិតខំប្រឹងប្រែង និង​លទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តន៍ កម្មវិធីពិសេសនេះ​រយៈពេល២​ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ​២០២៧ ដោយរក្សាវិធានការដដែល និង​បន្ថែមវិធានការចំនួន៤ទៀត​រួមមាន ១. សម្របសម្រួល និង​ជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និង​បច្ចេកវិទ្យា និង៤. ជំរុញការ​ប្រើប្រាស់ធាតុផ្សំ និង​ទំនិញដែលផលិតក្នុងស្រុក​នៅតាមសហគ្រាស និង​រោងចក្រ​ក្នុងខេត្តព្រះសីហនុ ដោ​យសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុង​ឱកាស​នោះ​ផងដែរ លោក សាហ៊ីប ក៏បាន​ដាក់ចេញទិសដៅការងារបន្តសម្រាប់​​ឆ្នាំ​២០២៦ និងឆ្នាំ​២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារ​បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និង​យកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here