ដោយៈ ម៉ាណា
ព្រះសីហនុៈ គម្រោងអាគារជាប់គាំងចំនួន១៣៤ ក្នុងចំណោមគម្រោងសរុប៤១២ ដែលរាជរដ្ឋាភិបាលផ្តល់អាទិភាព ឱ្យស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” បញ្ចប់ការសាងសង់ ឬជួសជុលរួចរាល់ហើយ។
ទោះជាយ៉ាងណាគំរោងចំនួន១១៦ នៅមិនទាន់មានសកម្មភាពសាងសង់ ឬជួសជុលអ្វីទំងអស់។ នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ (The Preah Sihanouk Province Investment Promotion Working Group) កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៥ ដែលដឹកនាំដោយ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ ពិធីនេះក៏មានការចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ រួមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
-->
លោក សាហ៊ីប បានលើកឡើងថា រយៈពេល២ឆ្នាំ គឺឆ្នាំ២០២៤-២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទចំនួន៤១២ គម្រោង ក្រោមទុនវិនិយោគប្រមាណ ៧,៩៧ ពាន់លានដុល្លារ ដោយអាចបង្កើតការងារបានប្រមាណ ៥២ ពាន់កន្លែង។
លោកបន្តថា សម្រាប់ក្នុងឆ្នាំ២០២៥ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្ត ពិសេសចំនួន១៩៩គម្រោង ស្មើនឹង ១៣៣% លើសគោលដៅសូចនាករសមិទ្ធកម្ម ដែលបានកំណត់ត្រឹម ១៥០ គម្រោង ដែលក្នុងនោះគម្រោងពាក់ព័ន្ធ នឹងអគារកំពុងជាប់គាំងចំនួន៩២គម្រោង គម្រោងគម្រោងថ្មីចំនួន៩០គម្រោង ការពង្រីកគម្រោងចំនួន៩គម្រោង និងគម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ចំនួន៨គម្រោង ដោយគ្របដណ្តប់លើវិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរណ៍ និងអប់រំ ជាដើម។
លោកបានថ្លែងថា “សម្រាប់រយៈពេល ២ឆ្នាំ(២០២៤-២០២៥) ក្នុងចំណោម៤១២គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គឺគម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់មានចំនួន១៣៤គម្រោង ស្មើនឹង៣៣%។ សម្រាប់គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬកែលម្អ មាន១៦២ គម្រោង ស្មើនឹង៣៩% និងគម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ជួសជុល និង/ឬកែលម្អ មាន១១៦គម្រោង ស្មើនឹង ២៨%។
លោកបន្ថែមថា ផ្អែកលើកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានទំាងនេះ រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តន៍ កម្មវិធីពិសេសនេះរយៈពេល២ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៧ ដោយរក្សាវិធានការដដែល និងបន្ថែមវិធានការចំនួន៤ទៀតរួមមាន ១. សម្របសម្រួល និងជំរុញការវិនិយោគក្នុងស្រុក ២. សម្របសម្រួលការបណ្តុះបណ្តាលជំនាញដល់វិនិយោគិន ធុរជន និយោជិត និងកម្មករ ៣. ជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និងបច្ចេកវិទ្យា និង៤. ជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញដែលផលិតក្នុងស្រុកនៅតាមសហគ្រាស និងរោងចក្រក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និង រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះផងដែរ លោក សាហ៊ីប ក៏បានដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ សម្រាប់ក្រុមការងារដើម្បីអនុវត្ត ព្រមទាំងណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច និងយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការ ជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានផងដែរ៕
