មន្រ្តីជាន់ខ្ពស់បង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មានNikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។

ការជ្រើសរើសផ្តល់កិច្ចសម្ភាសន៍ជូន Nikkei Asia ដែលជាស្ថាប័នល្បីល្បាញខាងការវិភាគ ស៊ីជម្រៅលើចង្វាក់ផ្គត់ផ្គង់សកល និងភូមិសាស្ត្រនយោបាយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបញ្ជូនសារស្តីពី ការបង្កើនភាពជឿជាក់ កាលានុវត្តភាព និងឧត្តមភាពរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចអន្តរជាតិ។

ក្នុងជំនួបសម្ភាសន៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចគន្លឹះមួយចំនួន រួមមានដូចជា ទី១ បច្ចុប្បន្នភាពនៃបរិ​យាកាសវិនិយោគ៖ ការបង្ហាញពីភាពរឹងមាំនៃស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដែលមានភាពបត់បែន និងផ្តល់នូវកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

ទី២ ការធ្វើពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្ម៖ របត់នៃការវិនិយោគដែលកំពុងផ្លាស់ប្តូរពីឧស្សាហកម្មកាត់ដេរ ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ជាអាទិ៍ ឧស្សហកម្មបង្គុំគ្រឿងអេឡិកត្រូនិចឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មយានយន្ត ជាដើម។

ទី៣ ភាពធន់ក្នុងបរិការណ៍ប្រែប្រួលនៃពិភពលោក៖ ការត្រៀមលក្ខណៈរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ និងការបង្កើនការចាប់យកឌីជីថលូបនីយកម្មលើកំណែទម្រង់សេវាសាធារណៈ ដើម្បីឆ្លើយតបនឹងការប្រែប្រួលឥតឈប់ឈរនៃសេដ្ឋកិច្ចសកល។

ទី៤ យុទ្ធសាស្ត្រព្រំដែន និងស្ថិរភាពតំបន់៖ ការបញ្ជាក់ពីជំហរការទូត និងយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយផ្តោតលើការកសាងតំបន់ព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

កិច្ចសម្ភាសន៍នេះ គឺជាសក្ខីភាពនៃការបើកចំហ និងការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យមុតស្រួចរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ ជាពិសេសតាមរយៈបណ្តាញព័ត៌មានដែលមានវិជ្ជាជីវៈខ្ពស់ ដូចជាNikkei Asia ដើម្បីបង្កើនទំនុកចិត្ត សំដៅទាក់ទាញទុនវិនិយោគប្រកបដោយគុណភាព សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here