រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបើកកិច្ចប្រជុំទាក់ទងនឹងការផ្តល់អត្តសញ្ញាណខ្មែរដល់ពលករខ្មែរត្រលប់មកពីប្រទេសថៃ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ។

លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធZoom ក្នុងកិច្ចប្រជុំនាថ្ងៃនេះ ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង២ធំៗ គឺទី១ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មានឯកសារអត្តសញ្ញាណ (សំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ដើម្បីប្រើប្រាស់ ទាំងប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ។

ទី២.ជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៥ឆ្នាំ និងពលរដ្ឋខ្មែរដែលពុំទាន់មានអត្តសញ្ញា​ណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងពលរដ្ឋខ្មែរ ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរខូចខាត បាត់បង់អស់ ឬជិតអស់សុពលភាព ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតសម្រាប់ឆ្នាំ២០២៧ និងឆ្នាំ២០២៨។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអានសេចក្ដីសម្រេចលេខ១៣២០០សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នា២០២៥ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ ជូនដល់សមាជិក សមាជិកា នៃកិច្ចប្រជុំ។

លោកបន្តថា ការផ្តល់ឯកសារអត្តសញ្ញាណ ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសារសំខាន់ណាស់ ព្រោះអត្តសញ្ញាណស្របច្បាប់ គឺជាមូលដ្ឋានគ្រឹះ ក្នុងការទទួលបានសិទ្ធិរស់រានមានជីវិត សិទ្ធិសង្គម សេដ្ឋកិច្ច និងសិទ្ធិបោះឆ្នោត និងទទួលបានសេវានានា រួមមាន សេវាអប់រំ  សេវាសុខាភិបាល សេវាគាំពារសង្គម និងឱកាសការងារ។

លោកបន្តថា ចក្ខុវិស័យនេះ គាំទ្រទាំងយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here