សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤

0

(សៀមរាប)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធិនាមជា «អ្នកម្ដាយមនុស្សធម៌» ដ៏មាននូវព្រហ្មវិហារធម៌ និងទឹកចិត្ដសណ្ដោះប្រណីដ៏មហាសាលដល់ប្រជាជនប្រុសស្រី ក្មេងចាស់ គ្រប់រូប ពិសេសកូនចៅប្រុសស្រី ដែលជួបនូវបញ្ហាខ្វះខាត និងងាយរងគ្រោះបំផុត គឺអ្នកម្ដាយមិនដែលនៅស្ងៀម ដោយមិនបានយកចិត្ដទុកដាក់នោះឡើយ មានតែខ្វល់ខ្វាយ និងជួយចែករំលែករាល់ការលំបាកឱ្យអស់ពីលទ្ធភាព ទាំងការផ្ដល់ជាកម្លាំងកាយ-ចិត្ដ ថវិកា ស្បៀងឧបភោគបរិភោគ សម្ភារចាំបាច់ ខ្លះក៏មានផ្ដល់នូវផ្ទះសម្បែង និងផ្ដល់ការសិក្សារៀនសូត្រដល់កុលធីតាខ្មែរដែលចង់សិក្សាតែគ្មានលទ្ធភាពផងដែរនាពេលកន្លងមកនេះ។

សម្រាប់ក្នុងការគ្រាដ៏លំបាកនៃបញ្ហាព្រំដែនមួយរយៈកន្លងមកនេះ ទឹកចិត្ដរបស់អ្នកម្ដាយ ស្ទើរមិនបានសម្រាន្ដយប់ថ្ងៃ ព្រួយបារម្ដកាន់តែខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រុសស្រីគ្រប់រូបៗ ពិសេសរស់នៅតាមបណ្ដោយព្រំដែន ដែលត្រូវបង្ខំចិត្ដរត់ចេញពីផ្ទះសម្បែងដ៏កក់ក្ដៅរបស់ខ្លួន ទៅរកទីតាំងមានសុវត្ថិភាព ដើម្បីផុតពីគ្រាប់បែកទម្លាក់ ឬបាញ់គ្រប់រូបភាព និងពុលផ្សែងជាដើម ដែលបង្កឱ្យមានភាពអសន្ដិសុខ និងសុវត្ថិភាពរបស់ប្រជាជន មានទាំងស្លាប់ និងរបួស ក្នុងនោះរួមមានការពលីជីវិតរបស់វីរយុទ្ធជនយើងផងដែរ។

ដូច្នេះក្នុងគ្រាដ៏លំបាកមួយរយៈមកនេះ អ្នកម្ដាយបានយកចិត្ដទុកដាក់ទាំងយប់ថ្ងៃ ចាត់មន្ដ្រីក្រុមការងារកាកបាទក្រហមកម្ពុជា ចុះទៅជួយគ្រប់ទីតាំងដែលត្រូវការជួយ និងជំនួយនានា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនយើង រួមទាំងវីរយុទ្ធជនការពារជាតិមាតុភូមិរបស់យើង ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះសួរសុខទុក្ខដល់ដោយផ្ទាល់ដល់ប្រជាជនភៀសសឹក និងវីរយុទ្ធជនដែលរងរបួសសម្រាកនៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួននៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ដូចនេះក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤។

នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ផងដែរ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។

នាពេលនោះវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here