ដោយៈ គង់ សូរិយា
ភ្នំពេញៈ និយាយពីពន្ធមានភាពស្មុគ្រស្មាញ និងរឿងឈឺក្បាលជាច្រើនសម្រាប់អ្នកនៅក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មផ្សេងៗ។
តើនៅកម្ពុជារដ្ឋាភិបាលអនុវត្តន៍ពន្ធអ្វីខ្លះលើអចលនទ្រព្យ? ពន្ធសំខាន់ៗរួមមាន ដូចជា ពន្ធលើអចលនវត្ថុ ពន្ធលើដីទំនេរ(ដីមិនបានប្រើប្រាស់) ពន្ធលើការផ្ទេរអចលនទ្រព្យ និងពន្ធលើការជួល ក៏ដូចជាពន្ធចំណេញមូលធន។
-->
ដូច្នេះក្នុងនាមជាអ្នកលក់ អ្នកទិញ និងម្ចាស់អចលទ្រព្យ អ្នកគួរស្វែងយល់បន្ថែមអំពីពន្ធទាំងនេះ ដើម្បីជាចំណេះដឹងមូលដ្ឋានជៀសវាងរាល់ការចំណាយ និងការផាកពិន័យមិនចាំបាច់ផ្សេងៗ។
១ ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យសំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។ ពន្ធនេះចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ០.១ភាគរយ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹង២៥,០០០ ដុល្លារអាមេរិក។
តម្លៃទីផ្សារអចលនទ្រព្យ ត្រូវបានវាយតម្លៃដោយណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យ៉ាងណាក៏ដោយ ប្រភេទអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដូចជា៖ ដីកសិកម្ម ដីរបស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ អចលនទ្រព្យឧស្សាហកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងអគារដែលកំពុងសាងសង់ (សាងសង់ក្រោម៨០%) ហើយដែលមិនទាន់ត្រូវបានប្រើប្រាស់។

២ ពន្ធលើដីទំនេរ ឬដីមិនបានប្រើប្រាស់
ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៦ ត្រូវបានកំណត់លើដីប្រភេទលំនៅដ្ឋាន ដែលគ្មានសំណង់ និងដីដែលមានសំណង់តែត្រូវបានបោះបង់ ដែលស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយណា ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។
ពន្ធនេះត្រូវបានកំណត់ក្នុងអត្រា២% ទៅតាមតម្លៃទីផ្សារនៃដីក្នុងមួយម៉ែត្រការ៉េ។
៣ ពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេរអចលនទ្រព្យ)
ពន្ធប្រថាប់ត្រានេះត្រូវបានកំណត់ក្នុងអត្រា៤% ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ផ្អែកតាមតម្លៃទីផ្សារទិញលក់ និងផ្ទេរកម្មសិទ្ធនៃអចលនទ្រព្យនោះ។ ជាទូទៅពន្ធនេះ គឺជាកាតព្វកិច្ចរបស់អ្នកទិញ ប៉ុន្តែអាចផ្លាស់ប្ដូរបានអាស្រ័យលើកិច្ចសន្យាទិញលក់ ហើយអ្នកជាប់ពន្ធត្រូវបង់ក្នុងអំឡុងពេល ៣ខែក្រោយពីការផ្ទេរកម្មសិទ្ធិ។
៤ ពន្ធលើឈ្នួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ ត្រូវបានអនុវត្តន៍លើប្រជាជនខ្មែរ និងជនបរទេស ដែលជាម្ចាស់នៃអចលនទ្រព្យដាក់ជួល ប៉ុន្តែត្រូវបានកំណត់អត្រាពន្ធកាត់ទុកផ្សេងគ្នា។ ចំពោះប្រជាជនខ្មែរត្រូវបង់ពន្ធកាត់ទុកចំនួន១០% ចំណែកជនបរទេសត្រូវបង់ពន្ធ១៤% ពីប្រាក់ចំណូល ដែលពួកគេទទួលបានពីការជួលអចលនទ្រព្យជារៀងរាល់ឆ្នាំ៕
