តំបន់​ផ្លូវជាតិ​លេខ១​ នឹង​ក្លាយ​ជា​បណ្តុំ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ការ​កំសាន្ត​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ តំបន់​ផ្លូវជាតិ​លេខ១បាន​និង​កំពុង​ក្លាយ​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំនៅ​ដ្ឋាន​ និង​មជ្ឈមណ្ឌល​កំសាន្ត​លំដាប់​អន្តរជាតិ​នា​ពេល​អនាគត​ខាងមុខនេះ​ ខណៈ​គំរោង​មួយចំនួន​បាន​បញ្ចប់​ និង​មួយចំនួន​ទៀត​បាន​និង​កំពុង​សាងសង់​។

ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ លឿន​ជាង​ការ​រំពឹង​របស់​អ្នកជំនាញ​ ដែល​ធ្លាប់​បាន​ធ្វើការ​ព្យាករណ៍​ថា​ សម្រាប់​​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ នឹង​មានការ​អភិវឌ្ឍ​លើ​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​យ៉ាង​ប្រសើរ​ ដែល​យ៉ាង​ហោចណាស់​នៅ​ត្រឹម​រយៈពេល៥ឆ្នាំ​ទៀត​នឹង​ក្លាយ​ទៅ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​កម្រិតខ្ពស់​ ជាពិសេស​ នឹង​កើតមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ដែល​ជា​អ្នក​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​នៅ​តំបន់​នោះ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ថា​ ការ​រីកចម្រើន​លឿង​ទាំងនេះ​ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​ ដែល​ដើរលឿន​ជាង​ការ​រំពឹង​ទុក​ ជាក់ស្ដែង​ដូចជា​គម្រោង​ប្លង់​មេ​ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ២០៣០នោះ​ ត្រូវ​បាន​យក​មក​អនុវត្ត​នៅ​ត្រឹម​ឆ្នាំ២០១៩នេះ​។ នៅពេល​វិស័យ​សេដ្ឋកិច្ច​មាន​ភាព​រីកចម្រើន​ លំហូរ​កំណើន​មនុស្ស​កាន់តែ​ច្រើន​ ចូល​មក​រស់នៅ​ក្នុង​ក្រុង​កាន់តែ​ច្រើន​ នោះ​វា​នឹង​ជំរុញ​សាយភាយ​ទៅកាន់​តំបន់​ជាយក្រុង​ដោយ​ស្វ័យប្រវត្តិ​ ដែល​ទាំងអស់​នេះ​ហើយ​ជា​កក្តា​ធ្វើ​ឱ្យ​វិស័យ​លំនៅ​ដ្ឋាន​មាន​តម្រូវ​ខ្ពស់​ ជាក់ស្ដែង​ដូចជា​តំបន់​ផ្លូវជាតិ​លេខ១នេះ​តែម្ដង​។

លោក​ឧកញ៉ា​បន្ត​ថា​ “វា​នៅ​មាន​មានក​ត្តា​សំ​ខាន់​ៗជាច្រើន​ទៀត​ ដែល​ធ្វើ​ឱ្យ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដែល​រាប់​ចាប់ពី​តំបន់​ច្បារអំពៅ​ រហូតដល់​ស្រុកលើ​កដែក​ នៃ​ទឹកដី​ខេត្តកណ្តាល​ មានការ​ផ្លាស់ប្ដូរ​រីកចម្រើន​ខ្លាំង​ ​និង​អភិវឌ្ឍ​លឿន​ មាន​មនុស្ស​ចូល​ទៅ​រស់នៅ​ច្រើន​”។ លោក​បន្ត​ថា​ “នៅ​តាម​តំបន់​ផ្លូវជាតិ​លេខ១​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ជា​បណ្តាញ​ផ្លូវ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​នោះ​ គឺ​នៅ​មាន​កក្តា​ភូមិសាស្ត្រ​ដ៏​ល្អ​មាន​ប្រភព​ទឹ​កហ៊ុ​ព័ទ្ធ​ជុំ​ ដែល​អំណោយផល​ដល់​ការរស់នៅ​ ជាជាង​ឧស្សាហកម្ម​ ក៏ដូចជា​វិស័យ​រោងចក្រ​”។

នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ផ្សារ​ទំនើប​បែប​សហគមន៍ ​The​ Park​ បាន​បើក​ដំណើរការ​កាលពី​ចុងឆ្នាំ​មុន​ ខណៈ​គំរោង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នៃ​បុរី​ប៉េង​ ហួត​កំពុង​សាងសង់​ ហើយ​មជ្ឈមណ្ឌល​កំសាន្ត​ EURO​ Park​ ក្នុង​បុរី​ប៉េង​ ហួត​បាន​និង​កំពុង​សាងសង់​ គម្រោង​មជ្ឈមណ្ឌល​កំ​សាន្ត​ព្រីនស៍​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ និង​គំរោង​មជ្ឈមណ្ឌល​កំសាន្ត​វឌ្ឍន​ក៏​ត្រៀម​នឹង​បើក​ដំណើរការ​នៅ​តំបន់​នេះ​ផង​ដែរ​។

ការ​រីកចម្រើន​ដ៏​លឿន​នេះ​ ក៏បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ផ្នែក​ចរាចរណ៍​ ដោយសារ​ប្រជាជន​ចូល​ទៅ​រស់នៅ​តាម​តំបន់​នេះ​កាន់់​តែ​ច្រើន​។

ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ឈឹម​ ផល្លា​ បាន​មានប្រសាសន៍​ យើង​ទទួលស្គាល់​ថា​ នៅពេល​បច្ចុប្បន្ន​នេះ​ កំណើនប្រជាជន​នៅក្នុង​តំបន់​ខាងលើ​នេះ​មាន​ចំនួន​ច្រើន​ពិតមែន​ ជាពិសេស​ នៅ​ត្រឹម​រយៈពេល​ប្រមាណ៣ឆ្នាំ​ចុងក្រោយ​នេះ​ ជាមួយ​ភាព​រីកចម្រើន​ផ្នែក​លំនៅ​ដ្ឋាន​ផង​ដែរ​។

​លោក​បាន​បន្ត​ថា​ “នៅពេល​មាន​កំណើន​ប្រជាសាស្ត្រ​ ការ​ចរាចរណ៍​នៅ​តាម​បណ្តា​ផ្លូវ​នានា​នឹង​កាន់តែ​មាន​ភាព​មមាញឹក​ច្រើន​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កើតមាន​ការ​កកស្ទះ​”។ លោក​បន្ត​ថា​ “ដូច្នេះ​ដើម្បី​ជួយ​សម្រួល​និង​បញ្ចៀស​បញ្ហា​កកស្ទះ​ កាលពី​ពេល​កន្លងទៅ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក៏បាន​ពិភាក្សា​ជាមួយ​រដ្ឋបាល​ក្រុងភ្នំពេញ​ ដោយ​រួមមាន​វិស័យ​ឯកជន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថា​ តើ​គួរ​សិក្សា​ទៅលើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវវាង​ ឬស្ថាបនា​ផ្លូវ​ក្រោម​ដី​នៅ​ចំណុច​ណា​ តំបន់​ណាមួយ​អាច​ផ្តល់​ភាព​ងា​យស​ស្រួល​ និង​ជម្រើស​អាទិភាព​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here