ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ផ្លូវជាតិលេខ១បាននិងកំពុងក្លាយជាបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មលំនៅដ្ឋាន និងមជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិនាពេលអនាគតខាងមុខនេះ ខណៈគំរោងមួយចំនួនបានបញ្ចប់ និងមួយចំនួនទៀតបាននិងកំពុងសាងសង់។
ការអភិវឌ្ឍនៅតាមបណ្តោយផ្លូវជាតិលេខ១ លឿនជាងការរំពឹងរបស់អ្នកជំនាញ ដែលធ្លាប់បានធ្វើការព្យាករណ៍ថា សម្រាប់តំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ នឹងមានការអភិវឌ្ឍលើហេដ្ឋារចនាម្ព័ន្ធយ៉ាងប្រសើរ ដែលយ៉ាងហោចណាស់នៅត្រឹមរយៈពេល៥ឆ្នាំទៀតនឹងក្លាយទៅជាបណ្តុំលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ជាពិសេស នឹងកើតមានមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យមនៅតំបន់នោះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះថា ការរីកចម្រើនលឿងទាំងនេះ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងនៃសេដ្ឋកិច្ច ដែលដើរលឿនជាងការរំពឹងទុក ជាក់ស្ដែងដូចជាគម្រោងប្លង់មេដែលត្រូវអនុវត្តនៅឆ្នាំ២០៣០នោះ ត្រូវបានយកមកអនុវត្តនៅត្រឹមឆ្នាំ២០១៩នេះ។ នៅពេលវិស័យសេដ្ឋកិច្ចមានភាពរីកចម្រើន លំហូរកំណើនមនុស្សកាន់តែច្រើន ចូលមករស់នៅក្នុងក្រុងកាន់តែច្រើន នោះវានឹងជំរុញសាយភាយទៅកាន់តំបន់ជាយក្រុងដោយស្វ័យប្រវត្តិ ដែលទាំងអស់នេះហើយជាកក្តាធ្វើឱ្យវិស័យលំនៅដ្ឋានមានតម្រូវខ្ពស់ ជាក់ស្ដែងដូចជាតំបន់ផ្លូវជាតិលេខ១នេះតែម្ដង។
លោកឧកញ៉ាបន្តថា “វានៅមានមានកត្តាសំខាន់ៗជាច្រើនទៀត ដែលធ្វើឱ្យតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ដែលរាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល មានការផ្លាស់ប្ដូររីកចម្រើនខ្លាំង និងអភិវឌ្ឍលឿន មានមនុស្សចូលទៅរស់នៅច្រើន”។ លោកបន្តថា “នៅតាមតំបន់ផ្លូវជាតិលេខ១ មានតំបន់សេដ្ឋកិច្ចពិសេស ជាបណ្តាញផ្លូវផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូននោះ គឺនៅមានកក្តាភូមិសាស្ត្រដ៏ល្អមានប្រភពទឹកហ៊ុព័ទ្ធជុំ ដែលអំណោយផលដល់ការរស់នៅ ជាជាងឧស្សាហកម្ម ក៏ដូចជាវិស័យរោងចក្រ”។
នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្សារទំនើបបែបសហគមន៍ The Park បានបើកដំណើរការកាលពីចុងឆ្នាំមុន ខណៈគំរោងផ្សារទំនើបលំដាប់អន្តរជាតិនៃបុរីប៉េង ហួតកំពុងសាងសង់ ហើយមជ្ឈមណ្ឌលកំសាន្ត EURO Park ក្នុងបុរីប៉េង ហួតបាននិងកំពុងសាងសង់ គម្រោងមជ្ឈមណ្ឌលកំសាន្តព្រីនស៍ ស្ថិតក្នុងស្រុកកៀនស្វាយ និងគំរោងមជ្ឈមណ្ឌលកំសាន្តវឌ្ឍនក៏ត្រៀមនឹងបើកដំណើរការនៅតំបន់នេះផងដែរ។
ការរីកចម្រើនដ៏លឿននេះ ក៏បានជួបបញ្ហាប្រឈមផងដែរផ្នែកចរាចរណ៍ ដោយសារប្រជាជនចូលទៅរស់នៅតាមតំបន់នេះកាន់់តែច្រើន។
ប្រធាននាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ឈឹម ផល្លា បានមានប្រសាសន៍ យើងទទួលស្គាល់ថា នៅពេលបច្ចុប្បន្ននេះ កំណើនប្រជាជននៅក្នុងតំបន់ខាងលើនេះមានចំនួនច្រើនពិតមែន ជាពិសេស នៅត្រឹមរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ ជាមួយភាពរីកចម្រើនផ្នែកលំនៅដ្ឋានផងដែរ។
លោកបានបន្តថា “នៅពេលមានកំណើនប្រជាសាស្ត្រ ការចរាចរណ៍នៅតាមបណ្តាផ្លូវនានានឹងកាន់តែមានភាពមមាញឹកច្រើន ដែលជាហេតុធ្វើឱ្យកើតមានការកកស្ទះ”។ លោកបន្តថា “ដូច្នេះដើម្បីជួយសម្រួលនិងបញ្ចៀសបញ្ហាកកស្ទះ កាលពីពេលកន្លងទៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានពិភាក្សាជាមួយរដ្ឋបាលក្រុងភ្នំពេញ ដោយរួមមានវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយថា តើគួរសិក្សាទៅលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវាង ឬស្ថាបនាផ្លូវក្រោមដីនៅចំណុចណា តំបន់ណាមួយអាចផ្តល់ភាពងាយសស្រួល និងជម្រើសអាទិភាព”៕