ដោយ វុត្ថា
កោះកុងៈ ខេត្តកោះកុងដែលជាខេត្តមាត់សមុទ្រ និងជាប់ព្រំដែនថៃ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយមន្ទីរវប្បធម៌ និង ទេសចរណ៍ ខេត្តជាលីន ដើម្បីបង្កើនចំណេះដឹងផ្នែកធនធានមនុស្ស លើវិស័យទេសចរណ៍ឱ្យរីកចម្រើន ក្នុងគោលដៅផ្លាស់ប្តូរមុខមាត់ខេត្តកោះកុង ឱ្យក្លាយទៅជាខេត្តទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។

-->
អភិបាលខេត្តកោះកុង លោកស្រីមិថុនា ភូថង បានឲ្យដឹងកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអភិបាលខេត្តជាលីន នៃសាធារណរដ្ឋប្រជាមានិតចិន និងខេត្តកោះកុង នៅតំបន់តារាសាគរ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះថា កន្លងមកខេត្តកោះកុង ទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ហើយខេត្តមានធនធានធម្មជាតិដ៏សម្បូរបែប ពិតជាមានសក្តានុពលអាចបម្រើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
លោកស្រីបន្តថា “ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហសប្រតិបត្តិការរវាងខេត្តជាលីននៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចងសម្ព័ន្ធមេត្រីភាពខេត្តជាបងប្អូន ។ កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង ទេសចរណ៍ ស្របតាមគោលបំណងរបស់ប្រទេសទាំងពីរ”។
សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានថ្លែងកន្លងមកនេះថា ខេត្តកោះកុងជាតំបន់ ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍ និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងដែរ។ បច្ចុប្បន្នមានមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។
សម្តេចបន្តថា គម្រោងវិនិយោគធំៗជាច្រើនប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាល ទេសចរណ៍តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសណ្ឋាគារផ្កាយ៥ ខុនដូ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិជាដើម។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។
ខេត្តកោះកុងកំពុងប្រែក្លាយខ្លួន ជាតំបន់អភិវឌ្ឍមួយកាន់តែមានសក្តានុពល តាមរយៈគម្រោងអភិវឌ្ឍនានា។ ជាមួយគ្នានោះ តាមរយៈកិច្ចសហប្រតិបត្តិការល្អតាមច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើអោយលំហូរទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានសន្តិភាពនិងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ៕