ដោយៈ ម៉ាណា
ភ្នំពេញៈ កម្ពុជា និងភាគីអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែង នៃសហគ្រាសនៅកម្ពុជា ដំណាក់កាលទី២ ICONE II រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាពរបស់ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Silke Rofer ឯកអគ្គរាជទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងមានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល មន្ត្រីនៃស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងក្រុមការងារនៃគម្រោងGIZ ICON II ផងដែរ។
គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយដៃគូអាល្លឺម៉ង់។ សូចនាករនៃគម្រោងនេះរួមមាន៖ ១. ចំនួននៃដៃគូសហការ ឬការវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ច រយៈពេលវែង ឬបង្កើតវត្តមានធុរកិច្ចស្ថានភាពមូលដ្ឋាន (Baseline)៖ ១ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
គោលដៅ (Target)៖ ៥ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (ត្រឹមខែ០៣ ឆ្នាំ២០៣០)។
២. ចំនួននៃវិធានការលើកកម្ពស់ការវិនិយោគ ដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូអាល្លឺម៉ង់៖ ស្ថានភាពមូលដ្ឋាន (Baseline)៖ ១ វិធានការ (គិតត្រឹមខែ១២ ឆ្នាំ២០២៥) គោលដៅ (Target)៖ ៨ វិធានការ (ត្រឹមខែ០៣ ឆ្នាំ២០៣០) ៣. ចំនួននៃសហគ្រាសធុនមធ្យម ឬធំដែលត្រូវបានជ្រើសរើស ដែលទទួលបានការកើនឡើងនូវផលិតភាព ឬប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន៖ ស្ថានភាពមូលដ្ឋាន (Baseline)៖ ១០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៣ សហគ្រាសដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥) គោលដៅ (Target)៖ ៤០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ១០ សហគ្រាសដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០) និងទី ៤. ចំនួននៃក្រុមហ៊ុនធុនមធ្យម ឬធំ ដែលបានដាក់ស្នើគម្រោងត្រៀមខ្លួនសម្រាប់ការវិនិយោគ (Investment-ready) ដែលមានសក្តានុពលអន្តរជាតិ អមដោយផែនការហិរញ្ញវត្ថុ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់សម្រាប់ការកៀរគរដើមទុន៖ ស្ថានភាពមូលដ្ឋាន (Baseline)៖៥សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ១ដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥)គោលដៅ (Target)៖ ២៥ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៥ ដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០)៕







