ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនព្រីនហ៍គ្រុប។ រូបថត៖ ម៉ៃ វីរៈ
ដោយ ម៉ាណេត
ភ្នំពេញៈ ចំនួនវិនិយោគិនចិននឹងបន្តកើនឡើង ដោយយោងតាមការសិក្សារបស់វេបសាយធំមួយរបស់ចិនបានរកឃើញថា ចំនួនប្រជាជនចិនសាកសួរព៌តមានពីឳកាសវិនិយោគនៅកម្ពុជាមានការកើនឡើង ក្នុងរយៈពេល៥ខែដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Su Yuhang នាយកប្រតិបត្តិនៃក្រុមហ៊ុន Uoolu.com ជាវេទិការអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលភ្ជាប់អ្នកអភិវឌ្ឍកម្ពុជាជាមួយអ្នកជំនាញនៅទីក្រុងចិនស្វែងរកទ្រព្យសម្បត្តិនៅក្រៅប្រទេស បានប្រាប់ South China Morning Postកាលពីពេលថ្មីៗនេះថា ចំនួនអ្នកសួរពីការវិនិយោគនៅកម្ពុជា មានការកើនឡើងចំនួនជិតពីរដងរយៈពេល៥ខែនៅដើមឆ្នាំនេះ។
-->
យោងតាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុន Uoolu ជិត៨៤ភាគរយនៃអ្នកវិនិយោគចង់វិនិយោគក្នុងខុនដូខ្នាតតូច ហើយប្រហែលពាក់កណ្តាលនៃពួកគេមានថវិកាតិចជាង ៥០ម៉ឺនយ័ន (ប្រហែល ៧៣,០០០ ដុល្លារអាមេរិក)។
លោក Su បានមានប្រសាសន៍ថា “ការវិនិយោគបែបនេះគឺល្អប្រសើរ ដោយសារ កម្ពុជាមានប្រជាជនវ័យក្មេងច្រើន ដែលមានអាយុជាមធ្យម២៥ឆ្នាំ។ ពួកគេភាគច្រើនជួល ហើយការជួលនៅរាជធានីភ្នំពេញពិតជាថ្លៃណាស់”។លោកបានបន្តថា “ខុនដូដែលមានទំហំមធ្យមនៅកម្ពុជាមានតម្លៃ១១០,០០០ ដុល្លារ ប៉ុន្តែអាចទទួលបានផលចំណេញយ៉ាងហោច ណាស់ ៨ភាគរយក្នុងមួយឆ្នាំ ដែលជាការទាក់ទាញដ៏ធំមួយសម្រាប់វិនិយោគិនចិនបើធៀបនឹងផលចំណេញតិចជាង ២ ភាគរយនៅទីក្រុងប៉េកាំង និងសៀងហៃ”។
ក្រុមអ្នកសង្កេតការណ៍ទីផ្សារបាននិយាយថា ការរីកលូតលាស់សេដ្ឋកិច្ចដែលបានជំរុញឲ្យមានតម្រូវការលំនៅដ្ឋាននេះ បានជំរុញឲ្យការជួលកើនឡើងពី៨ ទៅ១០ភាគរយ ហើយអចលនទ្រព្យកើនឡើងដល់១៥ភាគរយ ក្នុងមួយឆ្នាំដែលធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាជាជម្រើសដ៏ល្អសម្រាប់វិនិយោគិនចិន ដែលស្វែងរកទ្រព្យសម្បត្តិនៅក្រៅប្រទេសជាការការពារប្រឆាំងនឹងការធ្លាក់ចុះប្រាក់យ័ន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មិថុនានេះថា រិនិយោគិនបាន និងកំពុងវិយោគចំរុះក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដោយការវិនិយោគរបស់ពួកគេមានតម្លៃទាបដល់តម្លៃខ្ពស់បំផុផត ខណៈលោករំពឹងថាការវិនិយោគចិន ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងទៀត។
លោកបានថ្លែងថា “ខ្ញុំមើលឃើញការវិនិយោគចិន គឺមានចំរុះក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ហើយចំនួនវិនិយោគិនចិននឹងកើនឡើងបន្តទៀត នៅរយៈពេល៣ឆ្នាំមុខ ដោយសារប្រទេសទាំងពីរមានទំនាក់ទំនងល្អ ហើយការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាទទួលបានផលខ្ពស់ បើធៀបនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់”។
លោកបន្តថា “ដោយមើលឃើញពីឱកាស ក្នុងការទទួលបានផលចំណេញពីវិស័យនេះ ពួកគេ(ចិន)នឹងបន្តមកវិនិយោគរយៈពេលវែងនៅកម្ពុជាបន្ថែមទៀត”
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង៧,៥ភាគរយ ហើយការនាំចេញបានកើនឡើង១៧,៦ភាគរយកាលពីឆ្នាំមុន ដោយសារតែលំហូរវិនិយោគទុនរបស់ចិន នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំដោយគម្រោងខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ និងរោងចក្រដែលផ្លាស់ប្តូរទីលំនៅពីដីគោក ដើម្បីទាញយកប្រយោជន៍ពីតម្លៃកម្លាំងពលកម្មទាប និងចៀសវាងការបង់ពន្ធ ដែលដាក់ដោយសារសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិនកំពុងបន្តកើតឡើង៕