តើ​ការសាងសង់​អាគារ​កប់​ពពក​នៅ​រាជធានី​ភ្នំពេញ​សមស្រប​នឹងស្ថានភាព​នគរូបនីយកម្ម​ឬទេ​?

0
អគារខ្ពស់ៗជាច្រើនលេចចេញជារូបរាងនៅក្នុងក្រុងភ្នំពេញ។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ វត្តមាន​អា​គា​រកប់ពព​គ ដែល​បាន​និង​កំពុង​លូតលាស់​ឡើងជា​រៀងរាល់ថ្ងៃ​ កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ប្រទេស​នេះ​ និង​ធ្វើ​ឲម្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​ និង​កាន់តែ​ទុកចិត្ត​មក​លើ​កម្ពុជា​ ប៉ុន្តែ​សំណួរ​ដែល​មានការ​ចោទសួរ​មួយ​គឺថា​ តើ​ការសាងសង់​អា​គារ​ខ្ពស់​ៗ នៅ​រាជធានី​ភ្នំពេញ​នេះ​ពិតជា​ធ្វើឡើង​នៅ​ទីតាំង​ស័ក្តិសម​ ដែល​នឹង​មិន​មាន​បញ្ហា​ផ្នែក​នគរូបនីយកម្ម​នា​ពេល​អនាគត​ឬទេ​?។

សំណង់​អគារ​ខ្ពស់​ៗដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​សហកម្មសិទ្ធិ​ (ខុន​ដូ​) អា​ផា​តមិន​ ជាដើម​ សុទ្ធតែ​ត្រូវ​បាន​សាងសង់​ឡើង​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដែល​ត្រូវ​បាន​កំណត់​ និង​អនុញ្ញាត​ពី​ក្រសួង​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ខាងក្រោម​។

អ្នកវិភាគ​មួយចំនួន​បាន​លើកឡើង​ថា​ វត្តមាន​អគារ​ខ្ពស់​ៗហាក់​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​នៅ​តាម​តំបន់​មួយចំនួន​ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ ឬផ្លូវ​ថ្នល់​តូច​ៗនោះ​ទេ​ ដោយហេតុថា​ វិសាលភាព​នៃ​សំណង់​អគារ​ ដែល​មាន​មនុស្ស​ចេញចូល​ច្រើន​អាច​បង្ក​ផលវិបាក​ដល់​ការ​កកស្ទះ​ក្នុង​ការ​ធ្វើដំណើរ​ជាដើម​។ ការ​លើកឡើង​នេះ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​ច្បាប់​សំណង់​ពន្យល់​ថា​ ហាក់​មិន​ត្រឹមត្រូវ​នោះ​ទេ​ ផ្ទុយទៅវិញ​វត្តមាន​នៃ​សំណង់​អគារ​ខ្ពស់​ៗទាំងនេះ​ បាន​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​តំបន់​ ជាពិសេស​បាន​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈកម្ម​កា​រស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៦​ ខែមិថុនា​នេះ​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ មិនទាន់​មានច្បាប់​ណាមួយ​ដែល​ចែងថា​ គេ​មាន​ដី​ហើយ​ មិន​អនុញ្ញាត​ឱ្យ​សាងសង់​អគារ​ខ្ពស់​ៗនោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​ការ​អភិវឌ្ឍ​ ឬការសាងសង់​សំណង់​អគារ​គ្រប់​ប្រភេទ​ ជាពិសេស​អគារ​ដែល​មា​នក​ម្ពស់ៗ​ច្រើន​ជាន់​គឺ​ត្រូវ​បាន​រដ្ឋាភិបាល​លើកទឹកចិត្ត​ និង​ជម្រុ​ញប​ន្ថែម​។

​លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​ច្បាប់​សាងសង់​សំណង់​អគារ​ខ្ពស់​ៗ ត្រូវ​បាន​ក្រសួង​កំណត់​ ឱ្យ​មានការ​បែងចែក​គម្លាត​ ដែល​ជាទី​ធ្លា​នៅ​ជុំវិញ​បរិវេណ​នៃ​តួ​អគារ​ទាំងមូល​ ទាំង​ផ្នែក​ខាងមុខ​ ខាងក្រោយ​ និង​ចំហៀង​ ដើម្បី​ធានា​រក្សា​បាន​នូវ​បរិយាកាស​ល្អ​ បរិស្ថាន​ស្អាត​ និង​មាន​តំបន់​បៃតង​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ឱ្យ​កាន់តែ​ស្រស់​ស្អាត​”។ លោក​បន្ថែម​ថា​ “ម្ចាស់​កម្មសិទ្ធិ​ដី​សុទ្ធតែ​អាច​មាន​សិទ្ធិ​សាងសង់​ សំណង់​អគារ​ខ្ពស់​ៗបាន​ទាំងអស់គ្នា​ លើកលែងតែ​តំបន់ហាមឃាត់​មួយចំនួន​ដូចជា​ បរិវេណ​ជុំវិញ​ព្រះបរមរាជវាំង​ ជុំវិញ​វិមានឯករាជ្យ​ តំបន់​វត្តភ្នំ​ ក៏ដូចជា​តំបន់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ជាដើម​ ដែល​ត្រូវ​បាន​កំណត់​ពី​រយៈកម្ពស់​នៃ​អគារ​ដែល​អាច​សាងសង់​”។

ទោះជាយ៉ាងណា​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ បាន​បញ្ចេញ​របស់​ការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំមុន​ថា​ តំបន់​មួយចំនួន​ដូចជា​ តំបន់​បឹងកេងកង១​ មិន​ស័ក្តិសម​សំរាប់​សាងសង់​អា​គារ​ខ្ពស់​ៗនោះ​ទេ​ ដោយសារ​បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ដែល​ធ្វើឲ្យ​លំហូរ​ចរាចរណ៍​នៅ​តំបន់​នេះ​មាន​សភាព​កាន់តែ​អាក្រក់​នា​ពេល​អនាគត​។

យ៉ាងណាក៏ដោយ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ Century​ 21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គ្រប់ការ​សាងសង់​អគារ​ទាំងអស់​ សុទ្ធតែ​ត្រូវ​បាន​អនុញ្ញាត​ពី​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ បន្ទាប់ពី​បាន​សិក្សា​លម្អិត​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​រួចរាល់​។ លោកស្រី​បន្ត​ទៀត​ថា​ ជាទូទៅ​អគារ​ដែល​មាន​កម្ពស់​ចាប់ពី៧ជាន់ឡើង​ទៅ​ ត្រូវ​បាន​រាប់ថាជា​ប្រភេទ​សំណង់​អគារ​ដែល​ខ្ពស់​។

​លោកស្រី​បាន​បន្ត​ថា​ “មុន​ពេល​ចាប់ផ្តើម​សាងសង់​ អ្នក​អភិវឌ្ឍ​សុទ្ធតែ​ដាក់​លិខិតស្នើ​សុំ​សិទ្ធិ​សាងសង់​ទៅដល់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ទទួល​បាន​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ចុះ​ធ្វើការ​សិក្សា​លម្អិត​ និង​សមស្រប​ទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់​សាងសង់​ទាំងអស់​”។ លោកស្រី​បន្ត​ទៀត​ថា​“សំខាន់​បំផុត​អ្នក​អភិវឌ្ឍ​ចាំបាច់​ធានា​បាន​គុណភាព​សំណង់​ និង​បរិយាកាស​ជុំវិញ​ឱ្យ​ល្អ​ លើកលែងតែ​អ្នក​អភិវឌ្ឍ​មួយចំនួន​តូច​ ដែល​មានគំនិត​អវិជ្ជមាន​ចង់​ចំណេញ​ច្រើន​ ពី​ផ្ទៃ​អគារ​ដែល​ធ្វើការ​សាងសង់​បំពាន​នឹង​ច្បាប់​សាងសង់​ ដូចជា​ការ​គេង​លើ​ចំណែក​ទីធ្លា​ជុំវិញ​តួ​អគារ​ជាដើម​”។

​លោកស្រី​ Grace​ Rachny​បាន​បន្ត​ថា​ ជាក់ស្ដែង​ដូចជា​តំបន់​បឹងកេងកង១​ ដែល​បច្ចុប្បន្ន​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ចំរុះ​ ដែល​ពោរ​ពេល​ទៅ​ដោយ​សំណង់​អគារ​ធំៗ​ និង​ខ្ពស់​ៗ រួច​ទៅ​ហើយ​។ បឹងកេងកង១គឺ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​តំបន់​ពាណិជ្ជកម្ម​ក្នុង​តំបន់​ពិសេស​ ដោយសារតែ​មាន​អគារ​ការិយាល័យ​ជាច្រើន​ម៉ឺន​យូនី​ត ដែល​មនុស្សជា​ច្រើន​ប្រមូល​ផ្តុំ​នៅ​ទីនេះ​ ហើយ​នៅពេល​ខាងមុខនេះ​ នឹង​មាន​វត្តមាន​របស់​សំណង់​អគារ​ខ្ពស់​ៗជាច្រើន​ទៀត​ ខណៈ​ដែល​បច្ចុប្បន្ន​អគារ​មួយចំនួន​កំពុង​ តែ​សម្រុក​សាងសង់​បញ្ចប់​គម្រោង​របស់​ខ្លួន​។

ចំណែក​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​ វត្តមាន​អគារ​ខ្ពស់​ៗគ្រប់​ប្រភេទ​ សុទ្ធ​បាន​ចូលរួម​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​ជាតិ​ទាំងអស់​ ដែល​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការសាងសង់​។

ទោះជាយ៉ាងណា​លោក​បាន​ស្នើ​ឲ្យ​មានការ​ពិចារណា​ ចំពោះ​ទីតាំង​ដែល​ត្រូវ​សាងសង់​អគារ​ខ្ពស់​ៗ ក៏​ត្រូវ​ពិចារណា​ទៅលើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ ផ្លូវថ្នល់​ចេញចូល​ជាដើម​ ចៀសវាង​មាន​បញ្ហា​ណាមួយ​កើតឡើង​មិន​អាច​សង្គ្រោះ​បាន​ ដូចជា​ករណី​គ្រោះ​អគ្គីភ័យ​ជាដើម​។

លោក​បន្ត​ថា​ “ករណី​អា​គារ​ខ្ពស់​ៗដែល​រាំងស្ទះ​ច្រកចេញ​ចូល​ ហាក់​មាន​តិចតួច​បំផុត​ ព្រោះ​ម្ចាស់​អគារ​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​សុទ្ធតែ​បាន​សិក្សា​លម្អិត​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​ ដែល​ពួកគេ​មិន​យក​ទុន​វិនិយោគ​ ធ្វើ​ឱ្យទៅ​ជា​រឿង​ខាតបង់​ក្រោយពេល​សាងសង់​នោះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here