ដោយ វុត្ថា
ពិភពលោក៖ មហាសេដ្ឋីអចលនទ្រព្យចិនបាន និងកំពុងគ្របដណ្តប់៥០ភាគរយនៃមហាសេដ្ឋីពិភពលោកអចលនទ្រព្យពិភពលោក ដោយប្រទេសនេះមានមហាសេដ្ឋីអចលនទ្រព្យរហូតដល់ចំនួន១៣៩រូប នៃចំនួនមហាសេដ្ឋីអចលនទ្រព្យសរុប២៣៩រូប ដែលធ្វើឱ្យចំនួនមហាសេដ្ឋីអចលនទ្រព្យចិន បានវ៉ាដាច់ចំនួនមហាសេដ្ឋីអចលនទ្រព្យសហរដ្ឋអាមេរិក។
យោងតាមការឱ្យដឹងពីគេហទំព័រ Hurun Global Real Estate List បានចុះផ្សាយថា មហាសេដ្ឋីអចលនទ្រព្យសហរដ្ឋអាមេរិកមានចំនួន ២៦រូប និងតាមពីក្រោយដោយប្រទេសអង់គ្លេសដែលមានចំនួន១៧រូប។ ប៉ុន្តែបើនិយាយពីប្រទេសចិនវិញ គឺគ្រាន់តែនៅទីក្រុងហុងកុង មានមហាសេដ្ឋីអចលនទ្រព្យរហូតដល់ចំនួន ២៥រូបរួចទៅហើយ។
លោក Rupert Hoogewerf ប្រធាន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Hurun បានឱ្យដឹងថា ការរីកចំរើននៃការធ្វើនគរូបនីយកម្មនៅប្រទេសចិនបានជំរុញឱ្យមានការផ្ទុះឡើង នូវអ្នកមានលទ្រព្យសម្បត្តិច្រើន នៅក្នុងប្រវត្តិសាស្ត្រពិភពលោកដែលជាលទ្ធផលប្រទេសចិន មានអ្នកអភិវឌ្ឍន៍អចលនទ្រព្យច្រើនបំផុត នៅលើពិភពលោករហូតដល់សព្វថ្ងៃនេះ។
ក្រុមអ្នកអភិវឌ្ឍន៍ជនជាតិចិនចំនួន៤រូប បានដណ្ដើមយកនូវចំណាត់ថ្នាក់កំពូលនៅក្នុងតារាងមហាសេដ្ឋីអចលនទ្រព្យពិភពលោក ដែលមានរួមមានលោក Xu Jiayin ម្ចាស់ក្រុម Evergrande Group ដែលមានមូលដ្ឋាននៅ Shenzhen ជាប់ចំណាត់ថ្នាក់លេខ១ ដោយមានលុយសរុបចំនួន៣៧ពាន់លានដុល្លារ។
លោក Li Ka-shing ម្ចាស់ក្រុមហ៊ុន Cheung Kong Holdings របស់ហុងកុងបានជាប់ចំណាត់ថ្នាក់ទី ២ ដែលលោកមានលុយសរុបចំនួន២៩ពាន់លានដុល្លារ។
លោក Lee Shau Kee ម្ចាស់ក្រុមហ៊ុន Henderson Development មានមូលដ្ឋាននៅទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានទឹកប្រាក់២៧ពាន់លានដុល្លារ។ និងលោកស្រី Yang Huiyan ម្ចាស់ក្រុមហ៊ុន Garden Country ដែលមានមូលដ្ឋាននៅទីក្រុង Foshanបានជាប់ចំណាត់ថ្នាក់ទី៤ មានលុយប្រមាណចំនួន២៣ពាន់លានដុល្លារ ហើយលោកស្រី គឺជាមហាសេដ្ឋីអចលនទ្រព្យស្ត្រីតែម្នាក់គត់ ដែលស្ថិតនៅលំដាប់តារាងកំពូលទាំង១០។
មហាសេដ្ឋីអចលនទ្រព្យ ដែលមានលុយច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក គឺលោក Donald Bren ប្រធាននិងជាម្ចាស់តែមួយគត់ក្រុមហ៊ុនអភិវឌ្ឍន៍Irvine ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា មានទ្រព្យសម្បត្តិសុទ្ធចំនួន១៧ពាន់លានដុល្លារ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជាប់ចំណាត់ថ្នាក់ទី ៨២ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន៣ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា លោក Adam Neumann ពាណិជ្ជករជនជាតិអ៊ីស្រាអែល កាន់អាមេរិកជាសហស្ថាបនិក នៃក្រុមហ៊ុនចែកចាយការិយាល័យ WeWork ជាមហាសេដ្ឋីអចលនទ្រព្យតែមួយគត់ ដែលមានអាយុក្រោម៤០ឆ្នាំ ដែលមាន ទ្រព្យសម្បត្តិសុទ្ធ មានប្រមាណចំនួន៦,៥ពាន់លានដុល្លារ ពោលគឺកើនទ្វេដងបើធៀបនឹងឆ្នាំមុន។ ចំណូលថវិការបស់ក្រុមហ៊ុនលោក បានកើនឡើងទ្វេដងក្នុងរយៈពេលដូចគ្នារហូតដល់៤២ពាន់លានដុល្លារ៕