ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​ចិន​កំពុង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​

0

ដោយ​ វុត្ថា​

ពិភពលោក​៖ មហាសេដ្ឋី​អចលនទ្រព្យ​ចិន​បាន​ និង​កំពុង​គ្រប​ដណ្តប់៥០ភាគរយ​នៃ​មហាសេដ្ឋី​ពិភពលោក​អចលនទ្រព្យ​ពិភពលោក​ ដោយ​ប្រទេស​នេះ​មាន​មហាសេដ្ឋី​អចលនទ្រព្យ​រហូតដល់​ចំនួន១៣៩រូប​ នៃ​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​សរុប២៣៩រូប​ ដែល​ធ្វើ​ឱ្យ​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​ចិន​ បាន​វ៉ា​ដាច់​ចំនួន​មហាសេដ្ឋី​អចលនទ្រព្យ​សហរដ្ឋអាមេរិក​។

យោង​តាម​ការ​ឱ្យ​ដឹងពី​គេហទំព័រ​ Hurun​ Global​ Real​ Estate​ List​ បាន​ចុះផ្សាយ​ថា​ មហាសេដ្ឋី​អចលនទ្រព្យ​សហរដ្ឋអាមេរិក​មាន​ចំនួន ២៦រូប​ ​និង​តាម​ពីក្រោយ​ដោយ​ប្រទេស​អង់គ្លេស​ដែល​មាន​ចំនួន១៧រូប​។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រទេស​ចិន​វិញ​ គឺ​គ្រាន់តែ​នៅ​ទីក្រុង​ហុងកុង​ មាន​មហាសេដ្ឋី​អចលនទ្រព្យ​រហូតដល់​ចំនួន ២៥រូប​រួច​ទៅ​ហើយ​។

លោក​ Rupert​ Hoogewerf​ ប្រធាន​ និង​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Hurun​ បានឱ្យ​ដឹង​ថា​ ការ​រីក​ចំរើន​នៃ​ការ​ធ្វើ​នគរូបនីយកម្ម​នៅ​ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​មានការ​ផ្ទុះឡើង​ នូវ​អ្ន​កមាន​លទ្រព្យសម្បត្តិ​ច្រើន​ នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ដែល​ជា​លទ្ធផល​ប្រទេស​ចិន​ មាន​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ច្រើន​បំផុត​ នៅ​លើ​ពិភពលោក​រហូតដល់​សព្វថ្ងៃ​នេះ​។

ក្រុម​អ្នក​អភិវឌ្ឍន៍​ជនជាតិ​ចិន​ចំនួន៤រូប​ បាន​ដណ្ដើមយក​នូវ​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​តារាង​មហាសេដ្ឋី​អចលនទ្រព្យ​ពិភពលោក​ ដែល​មាន​រួមមាន​លោក​ Xu​ Jiayin​ ម្ចាស់​ក្រុម​ Evergrande​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ Shenzhen​ ជាប់​ចំណាត់ថ្នាក់​លេខ១​ ដោយមាន​លុយ​សរុប​ចំនួន៣៧ពាន់​លាន​ដុល្លារ​។

លោក​ Li​ Ka​-shing​ ម្ចាស់​ក្រុមហ៊ុន​ Cheung​ Kong​ Holdings​ របស់​ហុងកុង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ដែល​លោក​មាន​លុយ​សរុប​ចំនួន២៩ពាន់​លាន​ដុល្លារ​។

លោក​ Lee​ Shau​ Kee​ ម្ចាស់​ក្រុមហ៊ុន​ Henderson​ Development​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ជាប់​ចំណាត់ថ្នាក់​លេខ៣​ ដែល​មាន​ទឹកប្រាក់២៧ពាន់​លាន​ដុល្លារ​។ និង​លោកស្រី​ Yang​ Huiyan​ ម្ចាស់​ក្រុមហ៊ុន​ Garden​ Country​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Foshan​បាន​ជាប់​ចំណាត់ថ្នាក់​ទី៤​ មាន​លុយ​ប្រមាណ​ចំនួន២៣ពាន់​លាន​ដុល្លារ​ ហើយ​លោកស្រី​ គឺជា​មហាសេដ្ឋី​អចលនទ្រព្យ​ស្ត្រី​តែម្នាក់​គត់​ ដែល​ស្ថិតនៅ​លំដាប់​តារាង​កំពូល​ទាំង១០​។

មហាសេដ្ឋី​អចលនទ្រព្យ​ ដែល​មាន​លុយ​ច្រើនជាង​គេ​បំផុត​នៅ​សហរដ្ឋអាមេរិក​ គឺ​លោក​ Donald​ Bren​ ប្រធាន​និង​ជា​ម្ចាស់​តែមួយគត់​ក្រុមហ៊ុន​អភិវឌ្ឍន៍​Irvine​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​ មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន១៧ពាន់​លាន​ដុល្លារ​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ Donald​ Trump​ បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៨២​ ដោយមាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន៣ពាន់​លាន​ដុល្លារ​។

យោង​តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ លោក​ Adam​ Neumann​ ពាណិជ្ជករ​ជនជាតិ​អ៊ីស្រាអែល​ កាន់​អាមេរិក​ជា​សហ​ស្ថាបនិក​ នៃ​ក្រុមហ៊ុន​ចែកចាយ​ការិយាល័យ​ WeWork​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​តែមួយគត់​ ដែល​មាន​អាយុ​ក្រោម៤០ឆ្នាំ​ ដែល​មាន​ ទ្រព្យសម្បត្តិ​សុទ្ធ​ មាន​ប្រមាណ​ចំនួន៦​,៥ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើន​ទ្វេដង​បើ​ធៀប​នឹង​ឆ្នាំមុន​។ ចំណូល​ថវិកា​របស់​ក្រុមហ៊ុន​លោក​ បាន​កើនឡើង​ទ្វេដង​ក្នុងរយៈពេល​ដូចគ្នា​រហូតដល់៤២ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here