ដោយគង់ សូរិយា
ភ្នំពេញៈ ការវិនិយោគក្នុងវិស័យអភិវឌ្ឍន៍លំនៅឋាន ដែលផ្តោតលើបទដ្ឋាននគរូបនីយកម្ម និងហេដ្ឋារចនាសម្ព័ន្ឋបែបសហគមន៍អេកូបៃតង គឺជាទស្សនទានថ្មីមួយដែលត្រូវគិតគូ យ៉ាងខ្លាំងចំពោះបរិស្ថាន និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋឲ្យទទួលបានផាសុកភាព និងសុខមាលភាព ទើបអាចជំរុញឲ្យមាននិរន្តរភាពនៃការអភិវឌ្ឍ ។

-->
លោកបណ្ឌិត សេង ប៊ុនរិទ្ឋ ទីប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ី និងជាអគ្គនាយកក្រុមហ៊ុន RLS International បានថ្លែងឲ្យដឹងកាលពីពេលកន្លងមកថា នៅតាមបណ្តាទីក្រុងរបស់កម្ពុជាភាគច្រើន មិនទាន់គិតគូពីការបែងចែកប្រព័ន្ឋញែករវាងលូទឹកភ្លៀង និងលូទឹកស្អុយនៅឡើយទេ ដោយសារកង្វះខាតធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ប៉ុន្តែការរៀបចំប្រព័ន្ឋបែបនេះគួរតែធ្វើឡើងឲ្យបានគ្រប់ខេត្ត ក្រុង នៃទីក្រុងទាំងអស់នៅប្រទេសកម្ពុជា ដើម្បីជួយលើកកំពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបន្តថា “ការបែងចែកប្រព័ន្ឋលូបង្ហូរទឹកភ្លៀង និងទឹកស្អុយដាច់ពីគ្នា គឺមានផលប្រយោជន៍ផ្សេងៗគ្នា ព្រោះពេលគេសិក្សា និងរៀបចំប្រព័ន្ធនេះឡើងគេត្រូវគិតពីកំពស់ទឹកភ្លៀងដែលនឹងធ្លាក់ចុះមក ដើម្បីធ្វើយ៉ាងណាការពារកុំឲ្យមានការលិចលង់នៅតំបន់ណាមួយ”។ លោកបន្តថា “ករណីចៃដន្យអាក្រក់មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ ឬ គម្រោងអភិវឌ្ឍន៍លំនៅឋានណាមួយដែលគ្មានការបែងចែករវាងទឹកភ្លៀង និងទឹកស្អុយជាមុន នឹងបណ្តាលឲ្យទឹកស្អុយខ្ពុរចេញពីលូឡើងមកខាងលើលាយលំជាមួយទឹកភ្លៀងបង្កឲ្យប៉ះពាល់បរិស្ថានរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋរួមមាន សោភណភាព ក្លិនស្អុយ និងការចម្លងមេរោគជាដើម”។
ការបែងចែករវាងលូទឹកភ្លៀង និងលូទឹកស្អុយ ក៏នឹងជួយបង្កាពីផលប៉ះពាល់លើគុណភាពទឹកក្រោមដី និងទឹកសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញ វានឹងមានហានិភ័យដល់សុខភាពខ្ពស់ ប្រសិនជាទឹកស្អុយមិនត្រូវបានចំរោះ ព្រោះតាមរយៈការសិក្សាបានរកឃើញថា ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានហានិភ័យខ្ពស់ណាស់ដល់សុខភាព ប្រសិនបើពួកគាត់បានជីកអណ្តូងយកទឹកមកប្រើប្រាស់ ព្រោះពួកគាត់ប្រើប្រាស់អាងផ្ទុកលាមក ឬ អាងទឹកក្រោមបង្គន់ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដោយគ្រាន់តែជាអាងធ្វើតាមនឹកឃើញ និងមិនបានបិទបាតអាង ដែលបង្កឲ្យទឹកស្អុយជ្រាបចូលប្រភពទឹកនៅខាងក្រោមដីដែលពួកគាត់កំពុងប្រើប្រាស់។
លោកបណ្ឌិត សេង ប៊ុនរិទ្ឋិ បានបញ្ជាក់ថា ការរៀបចំគំរោងអភិវឌ្ឍន៍បែបនេះ ពិតជាល្អខ្លាំងណាស់ ដោយសារមានការបង្កប់ខ្សែភ្លើងក្រោមដីដែលមិនបារម្ភពីការទាក់ដាច់ និងការឆក់ ព្រមទាំងជួយលើកកំពស់សោភ័ណភាពក្នុងគំរោងនេះ។ ពិសេសការរៀបចំប្រព័ន្ឋលូចែកដាច់ពីគ្នា និងមានទំហំលូទំហំ១.២០ម៉ែត្រ នឹងមិនធ្វើឲ្យគំរោងនេះប្រឈមការជន់លិចនៃទឹកភ្លៀងឡើយ ។ លោកបន្តថា គំរោងនេះអាចចាត់ទុកជាគំរោងគំរូដំបូងមួយនៅរាជធានីភ្នំពេញ ពិសេសគំរោងនេះមានប្រព័ន្ឋប្រព្រឹត្តិកម្មចម្រោះទឹកស្អុយ ដែលអាចចម្រោះទឹកបានប្រមាណ៣០០ម៉ែត្រគីប ក្នុងមួយថ្ងៃ។
លោកបន្តថា “អ្នកទិញគំរោងដីឡូតិ៍ ឬ លំនៅឋានណាមួយ គាត់គួរពិនិត្យ និងស៊ើបសួរពីសិក្សា និងរៀនចំប្រព័ន្ឋលូក្រោមដីឲ្យបានច្បាស់លាស់ ព្រោះតាមខ្ញុំឃើញមានគំរោងអភិវឌ្ឍន៍លំនៅឋាន និងពុះដីឡូត៍លក់ភាគច្រើនមានប្រព័ន្ឋលូ ដែលមានទំហំមិនសមស្របតាមបទដ្ឋាន និងមិនដឹងត្រូវបង្ហូរទឹកទៅទីណានោះទេ”។
លោក ជា ប៊ុនស៊ាង ស្ថាបត្យករសិក្សាប្លង់អាគារសន្តិភាព និងជាសាស្រ្តាចារ្យផ្នែកនគរូបនីយកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានថ្លែងថា អ្វីដែលលោកផ្តោត គឺរៀបចំសហគមន៍មួយដែលគិតគូដល់បរិស្ថាន និងសុភមង្គលរបស់អ្នករស់នៅ ប៉ុន្តែបច្ចុប្បន្ននៅតាមបុរី ឬគំរោងអភិវឌ្ឍន៍នានានៅរាជធានីភ្នំពេញភាគច្រើន មិនទាន់បានគិតគូពីបញ្ហានេះនៅឡើយ។

លោកបន្តថា “ការសាងសង់ប្រព័ន្ឋលូរួមបញ្ចូលគ្នារវាងទឹកភ្លៀង និងទឹកស្អុយដែលពេលភ្លៀងមកមានទឹកស្អុយពេញថ្នល់ ខ្វះអនាម័យនិងចម្លងមេរោគដូចជា រោគសើរស្បែក និងជំងឺផ្តាសាយជាដើម”៕