ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្រោម​ដី​មាន​សារៈសំខាន់​ដូចម្តេច​ក្នុង​ការ​លើក​កំពស់​គុណភាព​ជីវិត​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​ក្នុង​វិស័យ​អភិវឌ្ឍន៍​លំនៅឋាន​ ដែល​ផ្តោត​លើ​បទដ្ឋាន​នគរូបនីយកម្ម​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បែប​សហគមន៍​អេកូ​បៃតង​ គឺជា​ទស្សនទាន​ថ្មី​មួយ​ដែល​ត្រូវ​គិត​គូ​ យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន​ និង​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ផាសុកភាព​ និង​សុខមាលភាព​ ទើប​អាច​ជំរុញ​ឲ្យ​មាន​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ ។

លោក​បណ្ឌិត​ សេង​ ប៊ុ​នរិទ្ឋ​ ទីប្រឹក្សា​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ RLS​ International​ បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​កន្លងមក​ថា​ នៅ​តាម​បណ្តា​ទីក្រុង​របស់​កម្ពុជា​ភាគច្រើន​ មិនទាន់​គិត​គូ​ពី​ការ​បែង​ចែ​កប្រព័​ន្ឋ​ញែក​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​ស្អុយ​នៅឡើយ​ទេ​ ដោយសារ​កង្វះខាត​ធនធានមនុស្ស​ និង​ធនធាន​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ការ​រៀប​ចំ​ប្រព័​ន្ឋ​បែបនេះ​គួរតែ​ធ្វើឡើង​ឲ្យបាន​គ្រប់​ខេត្ត​ ក្រុង​ នៃ​ទីក្រុង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ជួយ​លើក​កំពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ ​“ការ​បែង​ចែ​កប្រព័​ន្ឋ​លូ​បង្ហូរទឹក​ភ្លៀង​ និង​ទឹក​ស្អុយ​ដាច់​ពីគ្នា​ គឺ​មានផល​ប្រយោជន៍​ផ្សេង​ៗគ្នា​ ព្រោះ​ពេល​គេ​សិក្សា​ និង​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង​គេ​ត្រូវ​គិត​ពី​កំពស់​ទឹកភ្លៀង​ដែល​នឹង​ធ្លាក់ចុះ​មក​ ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​កុំ​ឲ្យ​មានការ​លិចលង់​នៅ​តំបន់​ណាមួយ​”។ លោក​បន្ត​ថា​ “ករណី​ចៃដន្យ​អាក្រក់​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​ ឬ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ណាមួយ​ដែល​គ្មាន​ការបែងចែក​រវាង​ទឹកភ្លៀង​ និង​ទឹក​ស្អុយ​ជាមុន​ នឹង​បណ្តាល​ឲ្យទឹក​ស្អុយ​ខ្ពុរចេញ​ពី​លូ​ឡើង​មក​ខាងលើ​លាយ​លំ​ជាមួយ​ទឹកភ្លៀង​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​រស់នៅ​ និង​សុខភាព​របស់​ប្រជាពលរដ្ឋ​រួមមាន​ សោភណភាព​ ក្លិនស្អុយ​ និង​ការ​ចម្លង​មេរោគ​ជាដើម​”។

ការបែងចែក​រវាង​លូ​ទឹកភ្លៀង​ និង​លូ​ទឹក​ស្អុយ​ ក៏​នឹង​ជួយ​បង្កា​ពី​ផល​ប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី​ និង​ទឹក​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។ ផ្ទុយទៅវិញ​ វា​នឹង​មាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់​ ប្រសិនជា​ទឹក​ស្អុយ​មិន​ត្រូវ​បាន​ចំរោះ​ ព្រោះ​តាមរយៈ​ការសិក្សា​បាន​រក​ឃើញថា​ ប្រជាពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព​ ប្រសិនបើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មក​ប្រើប្រាស់​ ព្រោះ​ពួកគាត់​ប្រើប្រាស់​អាង​ផ្ទុក​លាមក​ ឬ អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដោយ​គ្រាន់តែ​ជា​អាង​ធ្វើតាម​នឹកឃើញ​ និង​មិនបាន​បិទ​បាត​អាង​ ដែល​បង្ក​ឲ្យទឹក​ស្អុយ​ជ្រាបចូល​ប្រភព​ទឹក​នៅ​ខាងក្រោម​ដី​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​។

លោក​បណ្ឌិត​ សេង​ ប៊ុ​នរិទ្ឋិ​ បាន​បញ្ជាក់​ថា​ ការរៀបចំ​គំរោង​អភិវឌ្ឍន៍​បែបនេះ​ ពិតជា​ល្អ​ខ្លាំង​ណាស់​ ដោយសារ​មានការ​បង្កប់​ខ្សែភ្លើង​ក្រោម​ដី​ដែល​មិន​បារម្ភ​ពី​ការ​ទាក់​ដាច់​ និង​ការ​ឆក់​ ព្រមទាំង​ជួយ​លើក​កំពស់​សោភ័ណភាព​ក្នុង​គំរោង​នេះ​។ ពិសេស​ការ​រៀប​ចំ​ប្រព័​ន្ឋ​លូ​ចែក​ដាច់​ពីគ្នា​ និង​មាន​ទំហំ​លូ​ទំហំ១​.២០ម៉ែត្រ​ នឹង​មិន​ធ្វើឲ្យ​គំរោង​នេះ​ប្រឈម​ការ​ជន់​លិច​នៃ​ទឹកភ្លៀង​ឡើយ​ ។ លោក​បន្ត​ថា​ គំរោង​នេះ​អាច​ចាត់ទុកជា​គំរោង​គំរូ​ដំបូង​មួយ​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​គំរោង​នេះ​មា​នប្រ​ព័ន្ឋប្រព្រឹត្តិ​កម្ម​ចម្រោះ​ទឹក​ស្អុយ​ ដែល​អាច​ចម្រោះ​ទឹកបាន​ប្រមាណ៣០០ម៉ែត្រគីប​ ក្នុង​មួយថ្ងៃ​។

លោក​បន្ត​ថា​ “អ្នកទិញ​គំរោង​ដី​ឡូ​តិ៍​ ឬ លំនៅឋាន​ណាមួយ​ គាត់​គួរ​ពិនិត្យ​ និង​ស៊ើបសួរ​ពី​សិក្សា​ និង​រៀន​ចំ​ប្រព័​ន្ឋ​លូ​ក្រោម​ដី​ឲ្យបាន​ច្បាស់លាស់​ ព្រោះ​តាមខ្ញុំ​ឃើញ​មាន​គំរោង​អភិវឌ្ឍន៍​លំនៅឋាន​ និង​ពុះ​ដី​ឡូត៍​លក់​ភាគច្រើន​មា​នប្រ​ព័ន្ឋលូ​ ដែល​មាន​ទំហំ​មិន​សមស្រប​តាម​បទដ្ឋាន​ និង​មិនដឹង​ត្រូវ​បង្ហូរទឹក​ទៅ​ទីណា​នោះ​ទេ​”។

លោក​ ជា​ ប៊ុ​នស៊ាង​ ស្ថាបត្យករ​សិក្សា​ប្លង់​អាគារ​សន្តិភាព​ និង​ជា​សាស្រ្តា​ចារ្យ​ផ្នែក​នគរូបនីយកម្ម​ និង​ស្ថាបត្យកម្ម​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ថ្លែង​ថា​ អ្វី​ដែល​លោក​ផ្តោត​ គឺ​រៀបចំ​សហគមន៍​មួយ​ដែល​គិត​គូ​ដល់​បរិស្ថាន​ និង​សុភមង្គល​របស់​អ្នក​រស់នៅ​ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តាម​បុរី​ ឬគំរោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន​ មិនទាន់​បាន​គិត​គូ​ពី​បញ្ហា​នេះ​នៅឡើយ​។

លោក​បន្ត​ថា​ “ការ​សាង​សង់​ប្រព័​ន្ឋ​លូ​រួមបញ្ចូល​គ្នា​រវាង​ទឹកភ្លៀង​ និង​ទឹក​ស្អុយ​ដែល​ពេល​ភ្លៀង​មក​មាន​ទឹក​ស្អុយ​ពេញ​ថ្នល់​ ខ្វះ​អនាម័យ​និង​ចម្លង​មេរោគ​ដូចជា​ រោគ​សើរ​ស្បែក​ និង​ជំងឺ​ផ្តាសាយ​ជាដើម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here